សុន្ទរកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល,ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ,កីឡាករ កីឡាការិនី និងអង្គពិធីទាំងមូល និងបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រី, ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក្រោមប្រធានបទ «កីឡាដើម្បីឯកភាពជាតិ» នាពេលនេះ។ ការរៀបចំឲ្យមានការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការជាប្រចាំ ជាគំនិតផ្ដួចផ្ដើមប្រកបដោយឆន្ទៈមោះមុត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក្នុងគោលបំណងដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមកពី រាជធានី-ខេត្ត ទាំង២៥ បញ្ចេញសមត្ថភាព ទេពកោសល្យ ព្រមទាំងបណ្តុះបណ្តាលស្មារតី ឆន្ទៈ និង​សាមគ្គីភាពនេះម្យ៉ាង។ ម្យ៉ាងទៀត ក៏ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃដ៏វិសេសវិសាលរបស់កីឡាករ កីឡាការិនី ជាពិសេសជំរុញការផ្លាស់ប្តូរឥរិយាបថសង្គមចំពោះជនមានពិការភាព សំដៅបង្កើតបរិយាកាសសង្គមកម្ពុជា ប្រកបដោយបរិយាបន្ន សុខដុមនី និងសុខដុម ដោយមិនទុកពលរដ្ឋណាម្នាក់ចោល។ បន្ថែមលើការវាស់ស្ទង់សមត្ថភាព និងដុសខាត់ស្មារតីអត្តពលិកទូទាំងប្រទេស ការរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ក៏មានគោលបំណងសំខាន់មួយទៀតគឺត្រៀមលក្ខណៈសម្បត្តិឲ្យ​បាន​រួចរាល់ និងកាន់តែប្រសើរឡើងថែមទៀតសម្រាប់ចូលរួម ក៏ដូចជាជួយរៀបចំព្រឹត្តិការណ៍កីឡាកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខ។ រាជរដ្ឋាភិបាលបានដាក់ចេញនូវទិសដៅច្បាស់លាស់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃការរៀបចំ៖ ១.…