សម្ដេចមហាបវរធិបតី បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ

កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំបានឯកភាពឱ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយឱ្យជូនដំណឹងទៅភាគីថៃវិញផងដែរ។ ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។ វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឱ្យមានការចរចាបើកច្រកព្រំដែនឱ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។ ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចាទ្វេភាគីដើម្បីបើកច្រកឱ្យប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។ ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។ ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺ មិនមានការចាំបាច់ក្នុងការចរចាទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។ បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ…

សុន្ទរកថានិងសេចក្តីដកស្រង់ប្រសាសន៍សង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតី «បិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;ឯកឧត្តម លោកជំទាវ គណៈអធិបតី លោក លោកស្រី ភ្ញៀវកិត្តិយស;ថ្នាក់ដឹកនាំ និង ប្អូនៗសមាជិក សមាជិកា កាយរឹទ្ធិជាតិកម្ពុជាទំាងអស់ ជាទី-មេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមក្នុង «ពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទិ្ធជាតិកម្ពុជា» ដែលបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ប្រកបដោយជោគជ័យ និង ទទួលលទ្ធផលគួរជាទីមោទនៈ ។ [ផ្តើមសេចក្តីអធិប្បាយទី១] ខ្ញុំនិងភរិយាសូមថ្លែងអំណរគុណចំពោះការផ្តល់កិត្តិយសដល់រូបខ្ញុំនិងភរិយា ក៏ដូចជាគរុគណនៃកាយរឹទ្ធិជាតិកម្ពុជា។ ខ្ញុំសូមអបអរសាទរនូវសមិទ្ធផលដែលកាយរឹទ្ធិជាតិកម្ពុជាសម្រេចបាននាពេលកន្លងមក។ អម្បាញ់​មិញ (មានអារម្មណ៍)ចង់ភ្ញាក់ ព្រោះធម្មតាធ្លាប់តែឃើញសិស្សៗ នៅតាមសាលាទះដៃ ៣ដង។ ដល់ថ្ងៃនេះឃើញសុទ្ធតែនាយក សុទ្ធតែថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទះដៃ ៣ដង។ គាត់ទះដៃខ្លាំងជាងក្មេងៗទៀត។ គ្រួសារខ្ញុំងាកមកអម្បាញ់មិញថា កាយរឹទ្ធិនារី ចាញ់កាយរឹទ្ធិជាតិ ត្រង់ទះដៃ ៣ដង។ អញ្ចឹង សូមអបអរសាទរចំពោះសមិទ្ធផលនេះ។ [ចប់សេចក្តីអធិប្បាយ១] មហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា ពិតជាមានសារៈសំខាន់ សម្រាប់ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា…

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានាក្នុងខេត្តរតនគិរី

[ផ្ដើមសេចក្តីអធិប្បាយ១] អរគុណណាស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ អម្បាញ់មិញថា ប្រជាពលរដ្ឋនៅទីនេះជិតស្មើគ្នា ទាំងស្រីនិងប្រុស។ អញ្ចឹងល្អហើយ កុំឱ្យពិបាកទៅរកប្ដីប្រពន្ធនៅក្រៅខេត្ត។ មានបញ្ហានៅប្រទេសចិន ខ្ញុំមើល(ឃើញព័ត៌មាន) កាលពីមុនគោលនយោបាយរបស់គាត់ គឺឱ្យមានកូនតែមួយទេ។ អញ្ចឹង(គ្រួសារ)ភាគច្រើនចង់បានតែកូនប្រុស ដើម្បីបន្តត្រកូល។ ដល់ពេលឥឡូវនេះ កូនទាំងអស់ហ្នឹងចាប់ផ្ដើមគ្រប់អាយុរៀបការ អត់មាន ខ្វះស្រី។ អញ្ចឹងខ្លះត្រូវទៅរកនៅខេត្តផ្សេង ខ្លះក៏យកប្រពន្ធពីខ្មែរពីអីទៅ ព្រោះអត់គ្រប់​។ នៅខេត្តរតនគិរីនេះ កុំឱ្យពិបាកធ្វើដំណើរឆ្ងាយ (ចំនួនប្រុសនិងស្រ្តី) ៤៩%-៥១% អញ្ចឹងល្មម។ គេថា សន្សំទ្រព្យ កុំឱ្យបែកទ្រព្យ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកក្រុងបានលុង ខេត្តរតនគិរីទាំងអស់! ខ្ញុំមានការរីករាយដែលបានមកខេត្តរតនគិរីម្ដងទៀត។ តាំងពីទទួលកិច្ចការថ្មី នេះជាលើកទីមួយ ប៉ុន្តែកាលពីនៅកងទ័ព និងការងារយុវជន គឺបានមកច្រើនដង…

សុន្ទរកថានិងសង្កថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ប្រវែង ២០១,៣៨៥គីឡូម៉ែត្រ

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្ដីរីករាយ ដែលបានចូលរួមសាជាថ្មីជាមួយឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី  ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ដ៏អធិកអធមនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] ក្នុងខែ៤នេះ យើងបានសម្ពោធសមិទ្ធផលជាច្រើន។ មុនចូលឆ្នាំ យើងសម្ពោធសមិទ្ធផលធំ២។ ទី១ ទំនើបកម្មមូលដ្ឋានយោធាជើងទឹក ដែលពង្រីងនូវវិស័យការពារជាតិ ជាកិច្ចសហប្រតិបត្តិការជាមួយចិន។ ទី២ គឺការសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវជាតិលេខ៧១សេ ដែលតភ្ជាប់ខេត្តត្បូងឃ្មុំ ជាមួយខេត្តកំពង់ចាម ហើយឆ្ពោះទៅខេត្តកំពង់ធំ ដែលតភ្ជាប់ជាមួយស្ពាន(ស្ទឹងត្រង់-ក្រូចឆ្មារ)។…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាលលោកស្រី Jyotsana Varma (យ៉ូតសាណា រ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស បណ្ដាដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” ដ៏អធិកអធមនេះ ។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលយើងកំពុងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជូនដល់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកំពតផ្ទាល់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, ជាពិសេស ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានតម្រូវការប្រើប្រាស់សេវាកម្មកំពង់ផែទេសចរណ៍នេះ ធ្វើដំណើរទៅកាន់តំបន់គោលដៅទេសចរណ៍ផ្សេងៗ ។ ដូចដែល ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍មុននេះបន្តិច, កាលពីដើមខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ខ្ញុំបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការប្រតិបត្តិការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ រយៈពេល ៣ ខែ…

សុន្ទរកថានិងសង្កថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម មជ្ឈមណ្ឌលភស្តុភារនិងហ្វឹកហ្វឺនរួមគ្នាកម្ពុជា ចិន-ផែរាម

សម្តេចពិជ័យសេនា ទៀ បាញ់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្ ឯកឧត្តម ឧត្តមសេនីយ៍ឯក Cao Qingfeng នាយរងសេនាធិការចម្រុះ គណៈកម្មាធិការយោធាមជ្ឈឹមនៃសាធារណរដ្ឋប្រជាមានិតចិន​ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត  អនុព័ន្ធយោធា សេនានុព័ន្ធយោធា តំណាងអង្គទូត នៃបណ្តាប្រទេសនានា គណៈអធិបតី ភ្ញៀវកិត្តិយស នាយទាហានថ្នាក់ដឹកនាំយោធិនទាំងអស់នៃកងយោធពលខេមរភូមិន្ទ​ និងអង្គពិធីជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជាចិន-ផែរាម» ដែលជាសមិទ្ធផលជាប្រវត្តិសាស្រ្តថ្មីមួយទៀត ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព និងផលប្រយោជន៍ទៅវិញទៅមក ស្មើភាព និងស្មើសិទ្ធិ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។​ [ផ្ដើមសេចក្ដីអធិប្បាយ១] ពិធីសម្ពោធថ្ងៃនេះ ប្រារព្ធឡើងក្នុង​ពេលប្រហែលជាពីរសប្ដាហ៍ទៀត មុននឹងថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ឯកឧត្តមប្រ​ធានាធិបតី ស៊ី ជីងភីង នឹងមកទស្សនកិច្ចជាផ្លូវការនៅកម្ពុជា…

សុន្ទរកថា និងសេចក្ដីអធិប្បាយ សម្តេចមហាបវរធិបតី ថ្លែងក្នុងពិធីបើក «ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស» លើកទី១៨ ឆ្នាំ២០២៤

សូមថ្វាយបង្គំសម្តេចព្រះរាជាគណៈ ព្រះមន្រ្តីសង្ឃ គ្រប់ឋានានុក្រម និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ !សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល លោកឧកញ៉ា អ្នកឧកញ៉ា ឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្រ្តាចារ្យ បញ្ញវ័ន្តឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានី ខេត្ត មន្រ្តីរាជការឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការ អគ្គស្នងការរង មេបញ្ជាការ មេបញ្ជាការរងនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងប្រចាំនៅកម្ពុជាឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន ឬតំណាងអង្គការសហប្រជាជាតិ អង្គការ-អន្តរជាតិអង្គការសង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជាតំណាងគ្រប់និកាយសាសនា សិស្ស និសិ្សត បងប្អូន កូន ក្មួយ និងសមាជិក សមាជិកានៃអង្គពិធីទាំងអស់ជាទីស្រឡាញ់រាប់អាន ថ្ងៃនេះ ខ្ញុំ  មានក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដោយបានមកចូលរួម ក្នុងកម្មវិធី ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលត្រូវបានប្រារព្វធ្វើឡើងក្នុងន័យជាការប្រកាសផ្សព្វផ្សាយជាឱឡារិក…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យា​ល័យវិទ្យាសាស្រ្តសុខាភិបាល

ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្ដម ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិតំណាងដៃគូអភិវឌ្ឍន៍សមាជិក សមាជិកា អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង«ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល» ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខភាព និងការបណ្តុះបណ្តាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អ និងសុខុមាលភាពពលរដ្ឋជំនាន់ក្រោយ។ យោងតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យសាកលវិទ្យាល័យដែលនឹងត្រូវសាងសង់ មានហេដ្ឋារចនាសម្ព័ន្ធសំណង់ និង ការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារសម្រាប់ការផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ មុខងារទំាងនេះ មិនត្រឹមតែឆ្លើយតបនឹងការកើនឡើងជាបន្តបន្ទាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ ថែមទំាងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល​តាមវិធីសាស្រ្តរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញវិទ្យាសាស្រ្ត និងនវានុវត្តន៍ថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ការបំពាក់សម្ភារៈឧបករណ៍ទំនើបនិងទាន់សម័យ ជាការគិតគូររយៈពេលវែង អម្បាញ់មិញ មិនត្រឹមតែគ្រោងបុកគ្រឹះទេ គឺគ្រោងពង្រីករួចទៅហើយ។ អញ្ចឹងផែនការគឺគិត២ជំហានរួចទៅហើយ។ សេវាសុខាភិបាលសំខាន់សម្រាប់ប្រជាពលរដ្ឋយើង។…

សុន្ទរកថារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរ តាមរយៈការអភិវឌ្ឍដែលជំរុញដោយនាវានុវត្តន៍»

ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ម៉ាសាតស៊ូហ្គុ អាសាកាវ៉ា​ (Masatsugu Asakawa)  ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី​ ឯកឧត្តម,លោកជំទាវ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសមហាអនុតំបន់មេគង្គ អង្គពិធីទាំងមូល! ខ្ញុំមានសេចក្តីរីករាយ ដោយបានចូលរួមក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ លើកទី៨ ក្រោមមូលបទ «ឆ្ពោះទៅកាន់សហគមន៍កាន់តែប្រសើរឡើង តាមរយៈការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍» នៅទីក្រុងគុនមិញដ៏ស្រស់ស្អាតនាពេលនេះ។ កម្ពុជាសូមគាំទ្រមូលបទនៃកិច្ចប្រជុំកំពូល លើកទី៨នេះ ដែលផ្តួចផ្តើមរួមគ្នាដោយសាធារណរដ្ឋប្រជាមានិតចិន និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលស្របទៅនឹងចក្ខុវិស័យ និងបំណងប្រាថ្នារួមរបស់យើងក្នុងការកសាងមហាអនុតំបន់មេគង្គ ប្រកបដោយសមាហរណកម្ម វិបុលភាព ចីរភាព និងបរិយាប័ន្ន។ ចាប់តាំងពីកិច្ចប្រជុំកំពូលលើកចុងក្រោយរបស់យើង កាលពីខែកញ្ញា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មហាអនុតំបន់មេគង្គបន្តប្រឈមនឹងបញ្ហានានា ដែលបណ្តាលមកពីភាពមិនច្បាស់​លាស់នៃសេដ្ឋកិច្ចសកល ភាពតានតឹងភូមិសាស្ត្រនយោបាយ និងជម្លោះប្រដាប់អាវុធ ការគំរាមកំហែងដល់ពាណិជ្ជកម្មសេរី និងនិន្នាការគាំពារនិយម។ ទន្ទឹមនឹងនេះ ហានិភ័យផ្នែកបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក៏បានបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិ ដល់ប្រទេសជាសមាជិកមួយចំនួនក្នុងអនុតំបន់ ព្រមទាំងបានជះឥទ្ធិពលដល់កំណើនសង្គម-សេដ្ឋកិច្ចរបស់យើងផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការ​យ៉ាងរឹងមាំ ប្រទេសនៃមហាអនុតំបន់មេគង្គ បានបន្តបង្ហាញនូវភាពធន់ក្នុង ការដោះស្រាយបញ្ហាប្រឈមទាំងនោះ ​ដោយទទួលបានលទ្ធផលផ្លែផ្កាដូចដែលបានរៀបរាប់នៅក្នុង «របាយការណ៍​​ស្តីពីសមិទ្ធផលថ្មីៗ…

សារលើហ្វេសប៊ុក ស្ដីពី ការបិទបញ្ចប់ការទទួលចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន”

កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មកក្រុម​ការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅ​ប្រទេស ។ ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់​ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់​ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាគ និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លារអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការ​គ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បី​គ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំ​ដោយ​ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករង​ខុទ្ទកាល័យ​នាយករដ្ឋ​មន្ត្រី។ បន្ថែមលើនេះ នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា…