បទអន្តរាគមន៍ និងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងសម័យប្រជុំរដ្ឋសភាជាតិវិសាមញ្ញ នីតិកាលទី៧ អំពី សេចក្តីព្រៀងច្បាប់ ស្តីពីកាតព្វកិច្ចយោធា
សូមគោរព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា,សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាទីគោរពដ៏ខ្ពង់ខ្ពស់,ឯកឧត្តមអនុប្រធានរដ្ឋសភា, ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត តំណាងរាជរដ្ឋាភិបាល និងអង្គសភាទាំងមូល! ថ្ងៃនេះ, ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយ ដែលបានមកចូលរួមធ្វើ បទអន្តរាគមន៍ជូនអង្គសភាដ៏ឧត្តុង្គឧត្តម អំពីច្បាប់ស្តីពី កាតព្វកិច្ចយោធា នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នាពេលនេះ ។ ខ្ញុំសូមថ្លែងអំណរគុណ ជូនចំពោះសម្តេចប្រធានរដ្ឋសភា និង គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបានទទួលយកសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាលលើការកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ព្រមទាំងបានពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែល ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ទើបបានរាយការណ៍ជូនអង្គសភាដ៏ឧត្តុង្គឧត្តម និងបានអនុញ្ញាតឱ្យខ្ញុំ ធ្វើបទអន្តរាគមន៍ មុនអង្គសភា យកមកពិចារណាអនុម័ត។ ស្ថិតក្នុងបរិការណ៍ដែលស្ថានភាពតាមតំបន់ និង ពិភពលោក កាន់តែមានភាពតានតឹង, ស្មុគស្មាញ…

