សូមគោរព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា,
សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ និង
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាទីគោរពដ៏ខ្ពង់ខ្ពស់,
ឯកឧត្តមអនុប្រធានរដ្ឋសភា, ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត តំណាងរាជរដ្ឋាភិបាល និងអង្គសភាទាំងមូល!
ថ្ងៃនេះ, ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយ ដែលបានមកចូលរួមធ្វើ បទអន្តរាគមន៍ជូនអង្គសភាដ៏ឧត្តុង្គឧត្តម អំពីច្បាប់ស្តីពី កាតព្វកិច្ចយោធា នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ នាពេលនេះ ។ ខ្ញុំសូមថ្លែងអំណរគុណ ជូនចំពោះសម្តេចប្រធានរដ្ឋសភា និង គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបានទទួលយកសេចក្តីស្នើសុំរបស់រាជរដ្ឋាភិបាលលើការកោះប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ព្រមទាំងបានពិនិត្យ និងសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា ដែល ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មាធិការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភា ទើបបានរាយការណ៍ជូនអង្គសភាដ៏ឧត្តុង្គឧត្តម និងបានអនុញ្ញាតឱ្យខ្ញុំ ធ្វើបទអន្តរាគមន៍ មុនអង្គសភា យកមកពិចារណាអនុម័ត។
ស្ថិតក្នុងបរិការណ៍ដែលស្ថានភាពតាមតំបន់ និង ពិភពលោក កាន់តែមានភាពតានតឹង, ស្មុគស្មាញ និង ប្រកបដោយភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការកើនឡើងនូវទំនាស់ព្រំដែន, ទំនាស់ពាណិជ្ជកម្ម, ជាមួយនឹងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាកាន់តែស្រួចស្រាវ ដើម្បីយកឈ្នះគ្នាទៅវិញទៅមក រហូតស្ទើរតែលែងគោរពកិច្ចព្រមព្រៀង, គួបផ្សំនឹងការធ្លាក់ចុះ នៃពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់, ប្រទេសជាច្រើនបាន និង កំពុងត្រឡប់មកអនុវត្តគោលនយោបាយគាំពារនិយម និងប្រកាន់យកជំហរអាត្មានិយម ។ ក្នុងបរិបទនេះ, កម្ពុជា ពិតជាមានសេចក្តីត្រូវការចាំបាច់ និង បន្ទាន់ជាងពេលណា ណាទាំងអស់, ក្នុងការពង្រឹង និងបង្កើនសមត្ថភាពរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីការពារឱ្យបាននូវសន្តិភាព, អធិបតេយ្យជាតិ និង ផលប្រយោជន៍សង្គមសេដ្ឋកិច្ចជាតិ។ ដើម្បីកសាងប្រទេសមួយឱ្យរីកចម្រើនរឹងមាំ, ពលរដ្ឋម្នាក់ៗត្រូវតែខិតខំកសាងខ្លួនឱ្យក្លាយជាធនធានមានតម្លៃសម្រាប់សង្គមជាតិ និងមិនគួរបណ្តោយខ្លួនឱ្យក្លាយជាបន្ទុកនៃសង្គមជាតិនោះឡើយ។ “សង្គមមួយអាចរីកចម្រើន រឹងមាំបាន, លុះត្រាតែបុគ្គលម្នាក់ៗដែលជាកោសិកានៃសង្គម មានវិន័យ, មានសមត្ថភាព និងមានសុច្ឆន្ទ:បម្រើសង្គមយ៉ាងពិតប្រាកដ“។ កម្ពុជា, ត្រូវតែរួមគ្នាជាធ្លុងឯកភាពសង្គមជាតិមួយ ក្នុងការ-កសាងធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ ដែលមានវិន័យ, មានសមត្ថភាព និងមានសុច្ឆន្ទៈបម្រើជាតិមាតុភូមិ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានសិក្សាស្វែងយល់ ពីបទពិសោធអន្តរជាតិក្នុងការកសាងកម្លាំងទ័ព ដើម្បីរក្សាសន្តិភាព, ការពារអធិបតេយ្យជាតិ និងផលប្រយោជន៍សង្គមសេដ្ឋកិច្ចជាតិ តាមគំរូ ៣យ៉ាងគឺ៖គំរូទី ១ ជាប្រព័ន្ធពលរដ្ឋម្នាក់ជាយោធាម្នាក់ ដែលអនុវត្តនៅប្រទេសស្វីស និងអ៊ីស្រាអែល (តាមរយៈការបណ្តុះបណ្តាលជាប្រចាំ ទោះជាមិនពេញម៉ោង, រក្សាតុល្យភាពល្អរវាងជីវិតស៊ីវិល និងសន្តិសុខជាតិ, រក្សាភាពអព្យាក្រឹត ប៉ុន្តែត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុបម្រើជាតិ, និងបណ្តុះស្មារតីឱ្យប្រជាជនមានអារម្មណ៍ស្រឡាញ់ និង ទទួលខុសត្រូវរួមចំពោះជាតិ)។ គំរូទី ២ ជាប្រព័ន្ធកាតព្វកិច្ចតាមសេចក្តីត្រូវការដែលអនុវត្តនៅបណ្តាប្រទេសមួយចំនួនដូចជាសិង្ហបុរី និងហ្វាំងឡង់ (តាមរយៈការកំណត់កាតព្វកិច្ចបម្រើជាតិចំពោះបុរស និងដោយស្ម័គ្រចិត្តចំពោះស្រ្តី, ផ្តោតលើការបណ្តុះបណ្តាល ខ្លាំង និងត្រៀមកម្លាំងបម្រុង, និងរក្សាកងយោធាពេញម៉ោងតូចល្មម ប៉ុន្តែអាចប្រមូលកម្លាំងបានលឿនក្នុងករណីមានតម្រូវការចាំបាច់), និង គំរូទី ៣ ជាប្រព័ន្ធស្ម័គ្រចិត្ត ដែលអនុវត្តនៅសហរដ្ឋអាមេរិក (តាមរយៈការផ្តោតលើការកសាងកម្លាំងយោធាដែលមានជំនាញខ្ពស់, ការវិនិយោគលើបច្ចេកវិទ្យា និងបច្ចេកទេសជំនាញខ្ពស់, និងការបង្កើតឧស្សាហកម្មយោធា ដែលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់វិស័យសិក្សាស្រាវជ្រាវ និងបង្កើតអាជីពការងារ)។
សម្រាប់កម្ពុជាដែលជាប្រទេសតូច និងធនធាននៅមានកម្រិត, ប្រព័ន្ធកាតព្វកិច្ចតាមសេចក្តីត្រូវការជាក់ស្តែង គឺជាជម្រើសដែលសមស្រប ក្នុងការពង្រឹង និងបង្កើនកងទ័ពពេញម៉ោង(ពេញ-សិទ្ធិ/អាជីព)ផង និងបង្កើតកងទ័ពបម្រុងផង ដើម្បីធានាឱ្យរាជរដ្ឋាភិបាលអាចប្រមូលផ្តុំកម្លាំងទ័ពបានលឿន និងគ្រប់គ្រាន់ សម្រាប់បម្រើសេចក្តីត្រូវការចាំបាច់ និងបន្ទាន់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
នេះផ្អែកទៅលើបទពិសោធន៍ជាតិស្ដែង និងការប្រឈមនៅពេលថ្មីៗ នេះ។
[ចប់សេចក្ដីអធិប្បាយ១]
អាស្រ័យហេតុនេះ, រាជរដ្ឋាភិបាល បានរៀបចំច្បាប់ស្តីពីកាតព្វកិច្ចយោធាថ្មី ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្តែង និងដោយឈរលើច្បាប់កំពុងមានជាធរមាន ដែលត្រូវបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រាយ និងក្លាយជាឧបករណ៍គតិយុត្តរឹងមាំ, ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត ហើយបានគោរពស្នើសុំការអនុម័តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម នាពេលនេះ។
ពិតណាស់ថា, មានហេតុផលមួយចំនួនដែលកន្លងមករាជរដ្ឋាភិបាលមិនទាន់ជំរុញការអនុវត្តកាតព្វកិច្ចយោធា ទោះបីជាកម្ពុជាមានច្បាប់ហើយក៏ដោយ, ប៉ុន្តែហេតុផលដែលសំខាន់ជាងគេនោះ គឺដោយសារ៖ម្យ៉ាង, សភាពការណ៍នាពេលនោះមិនត្រឹមតែមិនមានភាពចាំបាច់ក្នុងការបង្កើនកម្លាំងទ័ពប៉ុណ្ណោះទេ ថែមទាំងជាដំណាក់កាលដែលរាជរដ្ឋាភិបាលត្រូវឆ្លងកាត់កម្មវិធីរំសាយកងទ័ព និងកាត់បន្ថយចំនួនកងទ័ព ដើម្បីផ្ទេរចំណាយមកផ្តោតលើការអភិវឌ្ឍក្នុងវិស័យសង្គម-សេដ្ឋកិច្ច ដែលជាអាទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ម្យ៉ាងទៀត, រាជរដ្ឋាភិបាលផ្តល់តម្លៃខ្ពស់បំផុតលើសន្តិភាព និងការជឿជាក់លើប្រព័ន្ធពហុភាគីនិយម ច្បាប់អន្តរជាតិ និងសណ្តាប់អន្តរជាតិផ្អែកលើច្បាប់ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និងពិភពលោក។
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត និងអង្គសភា ជាទីគោរព!
ពិភពលោកបានឈានដល់របត់ថ្មី (Paradigm Shift) និងកំពុងស្វែងរកសណ្តាប់ធ្នាប់ថ្មី (New Order) ដោយសារតែកំណើននៃទំនាស់ព្រំដែន, ទំនាស់ពាណិជ្ជកម្ម, និងការប្រកួតប្រជែងយកឈ្នះចាញ់លើសេដ្ឋកិច្ច ព្រមទាំងការប្រឡងប្រណាំងផ្នែកបច្ចេកវិទ្យាកាន់តែស្រួចស្រាវ ដូចជាការប្រើប្រាស់ដ្រូន, បញ្ញាសិប្បនិមិត្ត (AI), និងអាវុធសាយប័រ ជាដើម ដែលជាសម្ពាធ និងជាការប្រឈមផង ព្រមទាំងជាវិញ្ញាសា និងជាឱកាសផង។ កម្ពុជា, មិនខុសពីបណ្តាប្រទេសលើ សកលលោក, ត្រូវតែពង្រឹងសមត្ថភាពដើម្បីអាចប្រែក្លាយបញ្ហាទាំងនេះ ឱ្យទៅជាឱកាស, ជាពិសេសក្នុងការរក្សាសន្តិភាព, ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងមាតុភូមិជាទីស្រឡាញ់របស់យើង ក្នុងដំណើរនៃការឆ្លងកាត់របត់ថ្មី និងសណ្តាប់ធ្នាប់ថ្មីនេះ ប្រកបដោយភាពធន់ និងជោគជ័យ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ
យើងមិនអាចអង្វរសុំ “សន្តិភាព ” ពីគេទេ។ បទពិសោធន៍ក្នុងរយៈពេល ១ឆ្នាំនេះ បានប្រាប់ហើយៗ ក៏គ្មានអ្នកណាអាចជួយយើងទាំងស្រុង គ្រប់ពេលវេលាបានទេ ក្រៅពីយើងរឹងមាំខ្លួនឯង។ នេះជាអ្វីដែលកម្ពុជាត្រូវធ្វើ។ ការអនុវត្តច្បាប់កាតព្វកិច្ចយោធាក៏ជាផ្នែកមួយសំខាន់។ សម័យនេះ មានប្រទេសជាច្រើនបានប្រើពាក្យ និងទ្រឹស្ដីថា “សន្តិភាពដោយកម្លាំង”។ នេះគឺជារបត់ថ្មី ដែល(ទោះជា)ស្រលាញ់ ឬមិនស្រលាញ់ពាក្យនេះ(ក៏ដោយ) តែកម្ពុជាត្រូវទទួលស្គាល់ថាវាជាការពិត ហើយត្រូវតែវិវត្តខ្លួនឯង។ ខ្ញុំសូមបញ្ជាក់ម្ដងទៀត ការស្វែងរកសន្តិភាព និងថែរក្សាសន្តិភាព មិនអាចសុំអ្នកណាជួយយើង ក្រៅពីយើងជួយខ្លួនឯង(ឡើយ)។
[ចប់សេចក្ដីអធិប្បាយ២]
បរិការណ៍នេះហើយ ដែលជំរុញឱ្យរាជរដ្ឋាភិបាល ត្រូវតែមានច្បាប់កាតព្វកិច្ចយោធាមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រាយ និងជាឧបករណ៍គតិយុត្តរឹងមាំ ព្រមទាំងមានគោលនយោបាយ និង យុទ្ធសាស្រ្តការពារជាតិ ប្រកបដោយសមត្ថភាពជំនាញខ្ពស់ និងប្រកបដោយប្រសិទ្ធភាព សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ ដូច្នេះ, ច្បាប់នេះ នឹងមិនត្រឹមតែជាឧបករណ៍ចាំបាច់ក្នុងការកសាងកម្លាំងទ័ពសម្រាប់ការពារជាតិ និងមាតុភូមិ ប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយដ៏សំខាន់ក្នុងការកសាងកម្លាំងពលរដ្ឋប្រកបដោយវិន័យ, សមត្ថភាព, និងសុច្ឆន្ទៈបម្រើសង្គមជាតិ ដែលជាប្រភពនៃកងកម្លាំងត្រៀមបម្រុង និង ជាធនធានដ៏រឹងមាំមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សង្គមជាតិទៀតផង។ ស្ថិតគោលដៅនេះហើយដែលរាជរដ្ឋាភិបាល បាន និងកំពុងរៀបចំគោលនយោបាយស្តីពីការធ្វើទំនើបកម្មវិស័យយោធា ដោយផ្តោតជាសំខាន់លើ៖ (១) ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ, (២) ការធ្វើទំនើបកម្មការងារហ្វឹកហ្វឺន, និង (៣) ការធ្វើទំនើបកម្មសម្ភារៈ និងគ្រឿងបំពាក់។
ការដាក់ឱ្យអនុវត្តច្បាប់កាតព្វកិច្ចយោធាក្នុងឆ្នាំ ២០២៦ នេះ គឺពិតជាចាំបាច់ និងមិនអាចខ្វះបាន ក្នុងការរួមចំណែកធានាភាពរស់រានមានជីវិតរបស់ជាតិ (National Survivability) និង ការឯកភាពជាតិ (National Unity) របស់កម្ពុជាទាំងមូល ព្រោះវានឹងមិនត្រឹមតែរួមចំណែកក្នុងការពង្រឹង និង បង្កើនសមត្ថភាពរក្សាសន្តិភាព, ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងមាតុភូមិប៉ុណ្ណោះទេ ថែមទាំងនឹងជួយពង្រឹងសមត្ថភាពធនធានមនុស្សប្រកបដោយវិន័យ, សីលធម៌, វិជ្ជាជីវៈ, សមត្ថភាព និងសុច្ឆន្ទៈបម្រើជាតិមាតុភូមិ ដែលជាមូលធនដ៏ប្រសិដ្ឋ សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ ស្ថិតក្នុងកាលៈទេសៈដែលតម្លៃនៃការគោរពច្បាប់អន្តរជាតិកាន់តែថយចុះ បានធ្វើឱ្យប្រទេសតូច ដូចកម្ពុជា ដែលប្រកាន់ជំហរអព្យាក្រឹត និងមិនចូលបក្សសម្ព័ន្ធ កាន់តែត្រូវបង្កើនសមត្ថភាព និងភាពធន់របស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងលើសន្តិភាព, សុវត្ថិភាព, អព្យាក្រឹតភាព និងបូរណភាពទឹកដី។ ជាក់ស្តែង, ការគំរាមកំហែងមកលើអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា នាពេលបច្ចុប្បន្ននេះ គឺជាឧទាហរណ៍ស្រាប់ ដែលកម្ពុជាមានភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន នៅក្នុងស្ថានភាពដ៏លំបាក និងដ៏ស្មុគស្មាញនេះ។ ទន្ទឹមនេះ, ការធ្វើទំនើបកម្មយោធាបានជោគជ័យ គឺអាស្រ័យលើប្រសិទ្ធភាពកម្លាំងទ័ពរបស់កម្ពុជា ក្នុងការចាប់យកបច្ចេកវិទ្យាសមស្រប និង ទំនើបទាន់សម័យ ដែលមានន័យថា យើងចាំបាច់ត្រូវបង្កើនកម្លាំងទ័ពវ័យក្មេងដែលមានថាមពល និងចំណេះដឹងផ្នែកបច្ចេកវិទ្យា ដែលអាចជាធនធានសម្រាប់យោធិនអាជីពផង និងសម្រាប់បម្រើឱ្យវិស័យស៊ីវិលផង តាមរយៈយន្តការកាតព្វកិច្ចយោធានេះ។
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត និងអង្គសភា ជាទីគោរព!
ក្នុងករណីដែលអង្គសភាដ៏ឧត្តុង្គឧត្តមរបស់យើង អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះមកពិចារណា និងពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ សីហា តំណាងឱ្យរាជរដ្ឋាភិបាលនឹងបកស្រាយពន្យល់លម្អិត ទៅតាមជំពូក និងមាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់ ព្រមទាំងឆ្លើយទៅនឹងសំណួររបស់តំណាងរាស្រ្តនៃអង្គសភាដ៏ឧត្តុង្គឧត្តម។ ទោះជាយ៉ាងណា, ខ្ញុំសូមការអនុញ្ញាតពីអង្គសភាដើម្បីគូសរំលេចនូវគោលកាណ៍សំខាន់ៗ និងអត្ថប្រយោជន៍ ក្នុងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ។
គោលការណ៍សំខាន់ៗ ៥ ដែលខ្ញុំសូមគូសរំលេច រួមមាន៖ ទីមួយ, គោលការណ៍កាតព្វកិច្ចតាមតម្រូវការជាក់ស្តែង ដែលអាចអនុវត្តតាមការស្ម័គ្រចិត្ត ទៅតាមស្ថានភាពជាក់ស្តែង ចំពោះពលរដ្ឋអាយុពី ១៨ ទៅ ២៥ឆ្នាំ និងត្រូវក្លាយជាយោធិនបម្រុងរហូតដល់អាយុ ៤៥ឆ្នាំ ក្រោយបញ្ចប់ការបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ខែ។ ទីពីរ, គោលការណ៍កាតព្វកិច្ចចំពោះបុរស និងគោលការណ៍ស្ម័គ្រចិត្តចំពោះស្រ្តី។ ទីបី, គោលការណ៍ហ្វឹកហាត់ជាប្រចាំ ចំពោះយោធិនបម្រុងតាមកម្មវិធី និងការកំណត់ជាក់ស្តែង ។ ទីបួន, គោលការណ៍រក្សាក្របខ័ណ្ឌដើម និងមុខតំណែងក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈឬឯកជន ចំពោះប្រជាពលរដ្ឋដែលបានបញ្ចប់កាតព្វកិច្ចយោធាដោយជោគជ័យ អាចវិលត្រឡប់ទៅបម្រើការងារនៅអង្គភាព និងស្ថាប័នដើមវិញ ក្នុងក្របខ័ណ្ឌ និងមុខតំណែងដដែល។ បែបបទនិងនីតិវីធីក្នុងការទទួលយកប្រជាពលរដ្ឋដែលបញ្ចប់កាតព្វកិច្ចយោធាឱ្យចូលបម្រើការងារ ឬបន្តការសិក្សាវិញ នឹងកំណត់ដោយអនុក្រឹត្យ។ និង ទីប្រាំ, គោលការណ៍ត្រៀមចូលរួមបេសកកម្ម នៅពេលប្រទេសជាតិមានតម្រូវការ ចំពោះយោធិនបម្រុង ។ ការអនុវត្តតាមគោលការណ៍ទាំង ៥ នេះ ទើបយើងអាចរួមចំណែកក្នុងការកសាងធនធានយុវជនរបស់យើង ឱ្យមានកាយសម្បទារឹងមាំ, មានវិន័យ, មានសីលធម៌, មានវិជ្ជាជីវៈ, និងមានសុច្ឆន្ទៈបម្រើសង្គមជាតិមាតុភូមិ មិនថាក្នុងវិស័យយោធា, វិស័យសាធារណៈ, ឬវិស័យស៊ីវិលឯកជននោះទេ ព្រោះយើងបានប្រែក្លាយធនធានយុវជនរបស់យើងឱ្យទៅជាមូលធនមនុស្សពិតប្រាកដ និងមានតម្លៃសម្រាប់សង្គមរួចជាស្រេច។
ពិតណាស់, ការអនុវត្តច្បាប់នេះ ជាមួយនឹងគោលនយោបាយ, យុទ្ធសាស្រ្ត និងកម្មវិធីពង្រឹង និងបង្កើនសមត្ថភាពការពារជាតិ, នឹងធ្វើឱ្យមានតម្រូវការចំណាយថវិការដ្ឋបន្ថែម, ប៉ុន្តែ នឹងផ្តល់នូវអត្ថប្រយោជន៍ចម្បងៗ ស្ទើរតែមិនអាចកាត់ថ្លៃបាន, ដែលខ្ញុំយកឱកាសនេះ លើកឡើងជូនអង្គសភាដ៏ឧត្តុង្គឧត្តម និងសាធារណជនឱ្យបានជ្រាបថា៖
ទីមួយ, អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិ៖ បង្កើតបានជាប្រព័ន្ធ និងយន្តការមួយច្បាស់លាស់ ដែលជាប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំ ប្រកបដោយសមត្ថភាព, មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាព អាចឆ្លើយតបបានគ្រប់គ្រាន់ និងទាន់ពេលទៅនឹងសេចក្តីត្រូវការជាក់ស្តែង ពិសេសការគំរាមកំហែងពីខាងក្រៅ បានដោយភាពជឿជាក់ និងស័ក្តិសិទ្ធិភាពខ្ពស់។
ទីពីរ, អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ៖ ក្លាយជាយុវជនដែលមានកាយសម្បទារឹងមាំ និងមានការអប់រំផ្លូវចិត្ត ប្រកបដោយ សីលធម៌, សុជីវធម៌ និងឥរិយាបទល្អ ទទួលបានការតម្រង់ទិសក្នុងការកំណត់គោលបំណង និងអត្តសញ្ញាណច្បាស់លាស់ មានភាពជឿជាក់ និងភាពម្ចាស់ការ និង ទទួលបានការបំពាក់ស្មារតី និងទម្លាប់រស់នៅ និង ធ្វើការជាក្រុម ព្រមទាំងភាពពេញវ័យ និងចាស់ទុំប្រកបដោយការទទួលខុសត្រូវ និងគុណតម្លៃសម្រាប់ខ្លួនឯង និងគ្រួសារ ។ និង
ទីបី, អត្ថប្រយោជន៍សម្រាប់សង្គមសេដ្ឋកិច្ចជាតិ៖ ទទួលបានយុវជនដែលជាពលរដ្ឋល្អ និងជាកម្លាំងចលនករប្រកបដោយថាមពល; ទទួលបានយុវជនដែលជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍ និងស្រឡាញ់ការងារសង្គម; និង ទទួលបានយុវជនដែលជាពលរដ្ឋមានផ្នត់គំនិត “បម្រើជាតិជាចម្បង” ។
[ចាប់ផ្ដើមសេចក្ដីអប្បាយ៣]
ត្រង់ចំណុចនេះ ខ្ញុំសុំបញ្ជាក់ថា កន្លងទៅ មានការលើកឡើង(នានា) ក៏ដូចជាតាមរយៈឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មការ នូវសំនួរជាច្រើនអំពីអត្ថប្រយោជន៍(នៃច្បាប់កាតព្វកិច្ចយោធា)ថាតើ ទី១ (មាន)អត្ថប្រយោជន៍អ្វីខ្លះដែលអ្នកបំពេញកាតព្វកិច្ចបានទទួល, ទី២ ការបំពេញកាតព្វកិច្ចប៉ះពាល់អ្វីខ្លះ? (ដោយលើក)ហេតុផលច្រើន ដូចជាប៉ះពាល់ការសិក្សា ការងារ។ នេះគឺជាកង្វល់, ទី៣ (មាន)កង្វល់ថា(តើ)ជ្រើសរើសយ៉ាងម៉េច ដើម្បីឲ្យមានតម្លាភាព និងយុត្តិធម៌ (ដើម្បី)កុំឲ្យកូនអ្នកមានអត់ទៅ ឯកូនអ្នកក្រទើបទៅ។ ហេតុអីក៏អត្ថប្រយោជន៍ និងនីតិវិធីជាច្រើន មិន(ត្រូវបាន)ដាក់នៅក្នុងច្បាប់? (ឃើញមាន)ដាក់(តែ)នៅក្នុងអនុក្រឹត្យ?
ទី១ ខ្ញុំសូមបញ្ជាក់ថា ច្បាប់នេះគឺជាគោល។ បញ្ជាក់តែចំណុចគោលៗ មួយចំនួនទេ។ ដោយឡែកកិច្ចការប្រតិបត្តិជាក់ស្ដែង យើងដាក់នៅក្នុងអនុក្រឹត្យដើម្បីឲ្យមានភាពបត់បែន។ ឧទាហរណ៍ អត្ថប្រយោជន៍ដែលត្រូវទទួលបានត្រូវបត់បែនតាមសភាពការណ៍។ យើងមិនចង់ថា បើឆ្នាំណាមួយត្រូវបន្ថែមអត្ថប្រយោជន៍ផ្សេង(ទៀត) (ក៏)ត្រូវមកឆ្លងសភា(ទៀត)នោះទេ។ យើងទុក(អនុវត្ត)នៅក្នុងការរៀបចំ។ នីតិវិធីក្នុងការរើសក៏ដូចគ្នា។ តើយើងធ្វើយ៉ាងណា ដាក់បែបណា អនុវត្តកម្រិតណា គឺទុកក្នុងនីតិវិធីនៃអនុក្រឹត្យ និងប្រកាសរបស់ក្រសួងដើម្បីឲ្យមានភាពបត់បែន ធានាប្រសិទ្ធភាព។ អ្វីដែលចាំបាច់ធ្វើជាគោលដៅសំខាន់ គឺការគិតគូរពីប្រយោជន៍របស់បុគ្គល និងគ្រួសារ ព្រោះបុគ្គលជាគន្លឹះនៃប្រទេសជាតិ។ អញ្ចឹង ការអនុវត្តច្បាប់កាតព្វកិច្ចនេះគឺជាឱកាសដែលរាជរដ្ឋាភិបាល និងប្រទេសជាតិយើង អាចយកយុវជនមួយផ្នែកណាទៅធ្វើការបណ្ដុះបណ្ដាល ទាំងវិន័យ និងសណ្ដាប់ធ្នាប់ ជំនាញ និងបំណិនក្នុងកងទ័ព។ ពិតណាស់ គាត់បម្រើក្នុងកងទ័ពមួយរយៈ ប៉ុន្តែការបម្រើក្នុងកងទ័ពមិនមែនជាការបម្រើអត់ប្រយោជន៍ ឬខ្ជះខ្ជាយពេលវេលានោះទេ។ ផ្ទុយទៅវិញ គឺជាការខិតខំពង្រឹងធនធានមនុស្សមួយ(ចំណែក)នេះ ក្នុងរយៈពេល ២៤ខែ ឱ្យទទួលបានការហ្វឹកហ្វឺន ជាពិសេសការទទួលខុសត្រូវ វិន័យ សណ្ដាប់ធ្នាប់ និងឆន្ទៈស្នេហាជាតិ។ នេះគឺជាគន្លឹះដែលនឹងធ្វើ(អោយមាន)ការប្រែប្រួល។
ទី២ គឺការប៉ះពាល់។ ក្នុងការរៀបចំច្បាប់នេះ ក្រុមការងារបានជជែកគ្នាលម្អិតណាស់។ មានការលើកឡើងថាតើមានការប៉ះពាល់កន្លែងណាខ្លះ ដែលអាចអនុគ្រោះ។ ឧទាហរណ៍ ចំពោះព្រះសង្ឃ តើគួរមានលើកលែងជូនព្រះសង្ឃឬទេ? មានរហូតទៅដល់ការលើកថា ពោះម៉ាយកូនច្រើនក៏គួរត្រូវបានលើកលែង។ តែយើងមិនអាចធ្វើបាននោះទេ។ អ្វីដែលសំខាន់គឺការលើកលែងមួយចំនួនតូចតែប៉ុណ្ណោះ … ជាទូទៅ គឺយើងខិតខំរៀបចំច្បាប់នេះនៅកម្រិតដែលមានភាពបត់បែន។ ឧទាហរណ៍ ការអនុគ្រោះការស្នើសុំមួយឆ្នាំម្ដង មានរយៈពេលប៉ុន្មានឆ្នាំ ក្នុងការគិតគូរដល់ការរៀនសូត្រ ឬអ្នកដែលសំខាន់មួយចំនួន ពាក់ព័ន្ធនឹងស្ថានភាពចាំបាច់។
នេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាល របស់ក្រសួងការពារជាតិ ដើម្បីកាត់បន្ថយផលប៉ះពាល់ និងបង្កើននូវអត្ថប្រយោជន៍ ព្រោះយោធិនម្នាក់ (ទោះដោយ)កាតព្វកិច្ច ឬមិនកាតព្វកិច្ច គឺជាធនធានរបស់កម្ពុជា។ (វិស័យ)ការពារជាតិខ្លាំង ទាល់តែធនធានមនុស្សខ្លាំង ហើយធនធានមនុស្សនេះ ពេលចប់(កាតព្វកិច្ចយោធា)ក្លាយជាធនធានមនុស្សរបស់សង្គម ដែលចេញមកបំពេញភារកិច្ចនៅតាមស្ថាប័នរដ្ឋ ឯកជន ឬផ្ទាល់ខ្លួន។
ជាការពិតណាស់ថា ខ្ញុំមិនហ៊ានធានាថា ១០០នាក់ ឯកភាពទាំង ១០០នាក់ទេ។ (បើ) ១០០នាក់ទទួលយកលក្ខខណ្ឌ បានន័យថា ការលើកលែង ការយោគយល់ មានតែចំណុចមួយចំនួន។ ក្រៅពីហ្នឹងសុទ្ធតែជាកាតព្វកិច្ច។ ពាក្យថា កាតព្វកិច្ចនេះគឺត្រូវអនុវត្ដនៅក្នុងច្បាប់។ អញ្ចឹង អ្នកខ្លះអាចមានហេតុផលច្រើន អាចប្រៀបធៀបច្រើន។ នៅពេលដែលប្រជុំគ្នានោះ យើងអាចគិតថា ប្រសិនបើយើងយកហេតុផលទាំងអស់មកដាក់ជាគោល យើងអត់អាចអនុវត្ដច្បាប់នេះកលតតែម្ដង (ព្រោះ) មនុស្ស ១០០នាក់ មានបញ្ហា ១០០ជំពូក។
ប៉ុន្ដែ ខ្ញុំឃើញថាខ្វះសំណួរ(ដែល)មានសារៈសំខាន់។ សួរថា តើយើងបានអ្វី? ហើយយើងអាចខាតអ្វី? (មានការ)បារម្ភរឿងជីវភាព ពេលវេលា និងការងារ។ ប៉ុន្ដែ មានសំណួរមួយដែលខ្ញុំមិនបានឃើញក្នុងបណ្ដាញសង្គមក្ដី ក្នុងការចោទសួរក្ដីថា តើត្រូវធ្វើយ៉ាងណាដើម្បីបណ្ដុះផ្នត់គំនិតស្នេហាជាតិខ្ពស់ចំពោះប្រជាពលរដ្ឋ ជាពិសេសយុវជនដែលហ៊ានលះបង់គ្រប់បែបយ៉ាង គ្រប់ពេលវេលាដោយគ្មានលក្ខខណ្ឌសំរាប់ជាតិ។ នេះជាសំណួរដែលត្រូវសួរ។
ប្រសិនបើយើងអាចបណ្ដុះឆន្ទៈនេះបាន រឿងខាតពីរឆ្នាំ ខ្វះនេះខ្វះនោះ លែងជាចំណុច(ប្រឈម)ហើយ។ សំណួរដែលបានសួរ ហាក់បីដូចជា(ការ)ចូលកាតព្វកិច្ចនេះជាបន្ទុក។ (យើង)ត្រូវប្ដូរផ្នត់គំនិតនេះ។ ការចូលកាតព្វកិច្ចជាមហាកិត្ដិយសដែលគ្រប់គ្នាត្រូវចង់ធ្វើ។ នេះជាអ្វីដែលអង្គសភា ថ្នាក់ដឹកនាំ តំណាងរាស្ដ្រ ដែលត្រូវចុះជួបប្រជាពលរដ្ឋ និងឆ្លើយសំណួរប្រជាពលរដ្ឋ។ ពិតណាស់ ការដាក់ចេញគោលនយោបាយដើម្បីដោះស្រាយបញ្ហាផលប្រយោជន៍ដែលត្រូវទទួលបាន និងកាត់បន្ថយផលប៉ះពាល់ភ្លាមៗ ប៉ុន្ដែអត់អាចថាលុបបំបាត់ ១០០% ទេ។ អ្វីដែលសំខាន់គឺការបណ្ដុះបណ្ដាលធនធានមនុស្ស ឆន្ទៈ មិនសំរាប់តែយុវជនទេ តែគឺទាំងគ្រួសារអោយមើល(ឃើញថា)ច្បាប់កាតព្វកិច្ច(យោធា) ការបម្រើជាតិដោយការបំពេញកាតព្វកិច្ច(យោធា)នេះ គឺជាកិត្តិយសដ៏ធំសំរាប់បុគ្គល និងគ្រួសារ។ យើងត្រូវរួមគ្នាបំផុសស្មារតីជាគន្លឹះនេះឲ្យបាន។
ប្រសិនបើថាខាតពីរឆ្នាំមិនបានផង តើហៅឱ្យទៅលះបង់ជីវិតប្រយុទ្ធការពារទឹកដីម៉េចកើត? នេះគឺជារឿងមួយ។ បើថាទៅ(បំពេញកាតព្វកិច្ច)ខ្លាចអញ្ចេះអញ្ចុះ បាត់ប្រាក់ខែ(ជាដើម) តើត្រូវលះបង់យ៉ាងម៉េច? (សូម)សួរយុវជនដែលកំពុងឈរជើងរាប់ពាន់ រាប់ម៉ឺននាក់នៅព្រំដែន ការពារទឹកដីនៅពេលនេះ តើពួកគេយ៉ាងណា? វិរៈកងទ័ព វិរៈនគរបាលជាតិ វិរៈអាវុធហត្ថ ដែលឈរជើងនៅទីនោះ ជាយុវជនដូចគ្នា មានបញ្ហាគ្រួសារដូចគ្នា ប៉ុន្ដែហ៊ានលះបង់មិនមែនដើម្បីប្រាក់ខែទេ។ បើ(តែដើម្បី)ប្រាក់ខែ គេមិនហ៊ានលះបង់ជីវិតទេ។ គេមិនចាំបាច់ទៅទេ។ គេអាចមកធ្វើការងារនៅភ្នំពេញ ឬទៅទីណាផ្សេង។ ប៉ុន្ដែនេះ គេ(បែរ)ជាហ៊ានទៅ(ការពារទឹកដី)។
នេះជាគោលដៅនៃច្បាប់កាតព្វកិច្ច។ យើងចង់ពង្រីកធនធានមនុស្សដែលមានស្មារតីលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ ហើយអាចបំពេញភារកិច្ចពេលណាជាតិត្រូវការ ហ៊ានលះបង់គ្រប់បែបយ៉ាង និងដែលធំបំផុតហ៊ានលះបង់ជីវិតដើម្បីជាតិមាតុភូមិ។ នេះជាគោលដៅនៃស្មារតីដែលយើងទាំងអស់គ្នាត្រូវបំផុសឱ្យបាន។ នេះជាគោលដៅធំនៃច្បាប់កាតព្វកិច្ច។ ក្រោយរយៈពេល ២ឆ្នាំ ពួកគាត់នឹងមានឆន្ទៈ មានមនសិការ និងត្រៀមលក្ខណៈជាប់ជានិច្ច ដើម្បីជាតិមាតុភូមិ។
អង្គសភាដ៏ឧដុង្គឧត្តម
ប្រទេសកម្ពុជាមួយនេះ បានផ្ដល់ច្រើនណាស់ឱ្យយើង។ ដូចខ្ញុំបាននិយាយ បើគ្មានកូនខ្មែរជាអ្នកការពារជាតិទឹកដី(ទេ) គ្មាន(បរទេសណាមក)ការពារ(ឱ្យយើង)ទេ ជាពិសេសបទពិសោធន៍ឈឺចាប់ក្នុងរយៈពេលមួយឆ្នាំនេះ ជាពិសេសពេល(មាន)សង្រ្គាមឈ្លានពាន ដែលយើងទាំងអស់គ្នាត្រូវចងចាំថា “កម្ពុជាត្រូវតែពង្រឹងខ្លួនឯង” ហើយកូនខ្មែរទាំងអស់ ជាពិសេសយុវជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ ត្រូវត្រៀមទឹកចិត្តដើម្បីចូលរួម។
ខ្ញុំសូមអរគុណ(ដែលបាន)ឃើញស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋយើងក្នុងពេលផ្ទុះអាវុធ ២លើក។ យើង(បាន)ឃើញ(ថា)ទាំងចាស់/ក្មេង ទាំងអ្នកនៅក្រៅប្រទេសនិងក្នុងប្រទេស ទាំងមន្រ្តីរាជការ អ្នកនៅក្នុងវិស័យឯកជន ទាំងអ្នកសុំទាន បានចូលរួមដើម្បី(គាំទ្រ)កងទ័ពយើង(ដែលកំពុងប្រយុទ្ធ)ការពារជាតិ។ យ៉ាងណាក្តី យើងមិនចង់ឱ្យស្មារតីនេះ(មានកម្លាំង)ត្រឹមតែ(ដូច)ភ្លើងចំបើងទេ។ យើងចង់ឱ្យស្មារតីនេះប្រែក្លាយជាសកម្មភាព(ដែលបន្តជាប់ជានិច្ច) ដើម្បីត្រៀមលក្ខណៈ(ឱ្យបាន)ពេញលេញ។
ដោយហេតុនេះ ខ្ញុំសូមឱ្យអង្គសភា ជាពិសេសសម្ដេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងជាតំណាងរាស្រ្ត ដែលត្រូវជួបជាមួយប្រជាពលរដ្ឋ ជួយផ្សព្វផ្សាយបណ្ដុះផ្នត់គំនិត បំផុសស្មារតីស្នេហាជាតិ និងត្រៀមលក្ខណៈលះបង់ខ្ពស់ដើម្បីការពារជាតិ។ បើសិនជាយើងពន្យល់ហើយគាត់យល់លើតម្លៃ(នៃកាតព្វកិច្ចយោធា)នេះ ខ្ញុំយល់ថា សំណួរអំពីការខ្លាច ទៅអ្នកនេះអត់អ្នកនោះ បាត់ពីរឆ្នាំ រៀនមិនចប់ ស្អីៗ មិនទៅជារឿងធំ។ ការការពារជាតិនិងឱកាសនៃការចូលរួម ក្លាយទៅជាកិត្តិយសមហាសាល ក្លាយទៅជារបស់មួយដែលមានតម្លៃ ដែលយុវជនគ្រប់រូបប្រជែងគ្នាចង់បាន ហើយលែងសួរសំណួរ(បង្ហាញការបារម្ភ)ថា “តិចមានតែកូនអ្នកក្រទៅធ្វើកាតព្វកិច្ច និងឱ្យតែកូនអ្នកមាន(មិនជាប់កាតព្វកិច្ច)”។ យើងចង់បានឱ្យច្បាប់កាតព្វកិច្ច និងការបម្រើកាតព្វកិច្ច ក្លាយទៅជារបស់ដែលចង់បាន។ បើគ្មានឆន្ទៈ យើងពង្រឹងកម្លាំងមិនរឹងទេ។ (ការធ្វើ)ទំនើបកម្មសព្វាវុធ និងគ្រឿងបំពាក់ យើងអាចទិញបាន។ ការហ្វឹកហាត់ យើងចំណាយបាន។ ប៉ុន្តែ បើគ្មានឆន្ទៈពិតប្រាកដ ពេលដែលមានសង្រ្គាមផ្ទុះឡើង ពេលដែលជាតិមានតម្រូវការ (យើងនឹងជួបនូវការប្រឈមដែល)អត់មានមនុស្ស ឬមួយមានមនុស្សដែលមិនហ៊ានលះបង់។
ខ្ញុំចង់(លើក)ឃ្លាមួយរបស់អតីតប្រធានាធិបតីអាមេរិក John F. Kennedy ដែលតែងតែនិយាយមកបញ្ជាក់ចំណុចគន្លឹះនៃច្បាប់កាតព្វកិច្ច(នេះ និង)ដែលខ្ញុំនៅចាំ គឺ “កុំសួរថា ប្រទេសជាតិរបស់អ្នកឱ្យអ្វីខ្លះទៅអ្នកគ្រប់គ្នា។ ត្រូវសួរថា តើអ្នកអាចផ្ដល់អ្វីខ្លះដល់ប្រទេសជាតិរបស់អ្នកឯង”។ កុំសួររឿងបាន គឺគិតអ្វីដែលយើងផ្ដល់ឱ្យផង។ អញ្ចឹង ច្បាប់កាតព្វកិច្ចមួយនេះជាមធ្យោបាយ ជាការបណ្ដុះឆន្ទៈសម្រាប់យុវជន ក៏ដូចជាគ្រួសាររបស់ប្រជាពលរដ្ឋយើង ជាពិសេសការចូលបម្រើទ័ពដោយមានគ្រួសារ ប្រជាជនទាំងមូល គ្រប់វិស័យទាំងអស់ មិនថារដ្ឋឬឯកជន គាំទ្រពីក្រោយ ព្រោះក្នុងច្បាប់ក៏តម្រូវឱ្យមានការចូលរួមពីគ្រប់វិស័យរួមគ្នាផ្ដល់ទៅឱ្យជាតិដែលជាប្រទេសដ៏តូចរបស់យើងនេះ។ នេះជាចំណុចទាក់ទងនឹងអត្ថប្រយោជន៍(នៃច្បាប់កាតព្វកិច្ចយោធា) ដែលខ្ញុំចង់បញ្ជាក់។
[ចប់សេចក្ដីអធិប្បាយ៣]
បច្ចុប្បន្ននេះ, ប្រទេសកម្ពុជាយើងមានប្រជាពលរដ្ឋជិត៤៥% ដែលមានអាយុក្រោម២៥ឆ្នាំ។ នេះ គឺជាពេលវេលាដ៏សមស្របបំផុត ក្នុងការប្រែក្លាយសក្តាពលនៃធនធានយុវជនរបស់យើង ឱ្យក្លាយជាមូលធនមនុស្សមានតម្លៃសម្រាប់សង្គមជាតិ។ ទន្ទឹមនេះ, សង្គមជាតិនឹងផ្តល់នូវកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនពួកគេវិញ, ហើយទៅថ្ងៃមុខ ពួកគេនឹងក្លាយជានិមិត្តរូបសម្រាប់យុវជនជំនាន់ក្រោយ យកជាគំរូតាម។ លើសពីនេះ, ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ក៏មានអំណោយផលសមល្មម ឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពក្នុងការអនុវត្តវិធានការនានា ដើម្បីពង្រឹងសមត្ថភាពវិស័យការពារជាតិ ជាពិសេសការបំពេញបន្ថែមកងកម្លាំងប្រដាប់អាវុធដោយកម្លាំងយុវជន និងការធ្វើទំនើបកម្មយោធា ជាបណ្តើរៗ ក្នុងគោលដៅប្រែក្លាយវិស័យយោធារបស់យើង ឱ្យទៅជាយោធាទំនើប ជាជំហានៗ ឱ្យអស់ពីលទ្ធភាពដែលអាចធ្វើបាន។
សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត និងអង្គសភា ជាទីគោរព!
ខ្ញុំសូមបញ្ជាក់នូវជំហរច្បាស់លាស់ និងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត, សាធារណជនគ្រប់ស្រទាប់វណ្ណៈ និង មិត្តបរទេសរបស់កម្ពុជា ឱ្យបានជ្រាបថា៖ តាមរយៈការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ក៏ដូចជាការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួន, រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សូមអះអាងថា “កម្ពុជា ជាប្រជាជាតិស្រឡាញ់សន្តិភាព” ហើយ “ការដឹកនាំរបស់រាជរដ្ឋាភិបាល គឺផ្អែកលើគោលការណ៍សន្តិភាព និងការអភិវឌ្ឍនិយម” ពោលគឺប្រកាន់ខ្ជាប់នូវសីលធម៌, យុត្តិធម៌ និងគុណធម៌ ក្នុងការដោះស្រាយវិវាទដោយសន្តិវិធី, ដោយគោរពច្បាប់ និងក្របខ័ណ្ឌគតិយុត្ត ជាធរមាន។ ការពង្រឹង និងការធ្វើទំនើបកម្មវិស័យយោធារបស់យើង មិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយឡើយ ព្រោះកម្ពុជាមិនត្រឹមតែផ្តល់តម្លៃលើសន្តិភាពលើសអ្វីៗនោះទេ តែកម្ពុជាពិតជាស្គាល់ច្បាស់នូវតម្លៃនៃសន្តិភាពជាងអ្វីៗទាំងអស់ ហើយកម្ពុជាក៏មិនដែលចង់មានសង្គ្រាមម្តងណា និងជាមួយនរណាឡើយ។ នេះគឺជាជំហរ និងជាគោលការណ៍គ្រឹះនៃសង្គមកម្ពុជាដែលប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាដោយសន្តិវិធី, សច្ចៈ, ខន្តី និង បញ្ញា។
កម្ពុជានៅតែបន្តជំរុញ និងបង្កើនកិច្ចសហការ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដែលមានព្រំប្រទល់ជាប់គ្នា ដើម្បីធ្វើយ៉ាងណាធានាឱ្យតំបន់តាមព្រំដែន មិនត្រឹមតែជាតំបន់ដែលមានសន្តិសុខ និងសុវត្ថិភាពប៉ុណ្ណោះទេ តែត្រូវប្រែក្លាយតំបន់ទាំងនោះឱ្យទៅជាតំបន់ដែលមានសន្តិភាព និងការអភិវឌ្ឍ។ ដូច្នេះ កម្ពុជាពិតជាត្រូវការកិច្ចសហការ និងកិច្ចសហប្រតិបត្តិការប្រកបដោយសុចរិតភាព, ការគោរពគ្នាទៅវិញទៅមកដោយស្មើភាព, ការគោរពច្បាប់ និងក្របខ័ណ្ឌគតិយុត្តដែលមានជាធរមាន, និងការដោះស្រាយបញ្ហាដោយសន្តិវិធីពីគ្រប់ភាគីទាំងអស់។
មុននឹងបញ្ចប់, ខ្ញុំសូមសង្កត់ធ្ងន់ថា ពេលនេះពិតជាសំខាន់ និងចាំបាច់ជាងពេលណាទាំងអស់ ដែលកម្ពុជាត្រូវតែប្រមូលផ្តុំរាល់កម្លាំងចលករ និងតាមគ្រប់មធ្យោបាយ ដើម្បីភាពរស់រានមានជីវិត និងភាពថ្កុំថ្កើង នៃប្រជាជាតិ ជាពិសេសក្នុងបុព្វហេតុថែរក្សាសន្តិភាព, ការពារអធិបតេយ្យជាតិ និងបម្រើផលប្រយោជន៍ជាតិមាតុភូមិជាទីស្រឡាញ់របស់យើង។ កិច្ចការពារជាតិមិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ តែកិច្ចការនេះ គឺពិតជាទាមទារដាច់ខាតនូវការចូលរួមចំណែកពីគ្រប់ភាគី និងគ្រប់កោសិកានៃសង្គម ទាំងពីវិស័យឯកជន និងពីប្រជាពលរដ្ឋគ្រប់ៗរូប។ ការគាំទ្រពីគ្រប់ទិសទី និងប្រកបដោយស្មារតីស្នេហាជាតិខ្ពស់ ចំពោះវីរកងទ័ព និងវីរនគរបាល ជួរមុខរបស់យើង ក្នុងបញ្ហាព្រំដែនកន្លងមកនេះ បានបង្ហាញឱ្យឃើញថា ខឿនការពារជាតិរបស់យើងរឹងមាំ ដោយសារស្មារតីរួបរួមរបស់ពលរដ្ឋយើងគ្រប់ៗគ្នា។ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ នឹងធ្វើឱ្យខឿនការពារជាតិយើង កាន់តែរឹងមាំ និងមានភាពធន់បន្ថែមទៀត។
ជាទីបញ្ចប់, ខ្ញុំសូមគោរពជូនពរ សម្ដេចប្រធាន សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ តំណាងរាស្រ្ត តំណាងរាជរដ្ឋាភិបាល និងអង្គសភាដ៏ឧត្តុង្គឧត្តមទាំងមូល សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕


