សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករក្នុងស្រុកព្រៃឈរ និងកំពង់សៀម ខេត្តកំពង់ចាម

(១) កម្មវិធីជួបជាមួយបងប្អូនកម្មករ/ការិនីលើកទី៦ នៅខេត្តកំពង់ចាម ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានមកជួបជាមួយនឹងបងប្អូននៅខេត្តកំពង់ចាម។ លើកទីមួយហើយ ក្រោយដែលរដ្ឋាភិបាលថ្មីបានបង្កើតឡើង បានមកជួបអ្នកកំពង់ចាម។ តាមពិត ពីមុនបោះឆ្នោត ពីឆ្នាំ២០១១មក ខ្ញុំបានចុះជួបច្រើន ព្រោះមូលដ្ឋានការងាររបស់ខ្ញុំ គឺនៅខេត្តកំពង់ចាម តាំងពីមុនត្បូងឃ្មុំមិនទាន់កើតជារូបរាងពីឆ្នាំ២០១១។ នេះក៏ជាកម្មវិធីលើកទី៦ ជួបជាមួយនឹងបងប្អូនកម្មករកម្មការិនី ក្រោយពីរដ្ឋាភិបាលថ្មីបង្កើតឡើង។ ខ្ញុំសប្បាយរីករាយបានជួបជាមួយបងប្អូន។ អ្នកខ្លះមកតាំងពីម៉ោង១ តាមខ្ញុំដឹង។ បងប្អូនខ្លះមិនគេងទេ … មានប្អូនស្រីម្នាក់ថា “ខ្ញុំសុំថតមួយផ្ញើម៉ែ”។ មានប្អូនមួយទៀតប្រាប់ថា “កូនខ្ញុំប្រាប់ថា​ មក ត្រូវតែថត” … ជាការសប្បាយរីករាយណាស់។ មិនដឹងម៉េច ៦កម្មវិធីនេះ ឱ្យតែមុនជួបបងប្អូន កម្មករ កម្មការិនី គឺអត់ដែលគេងមុនម៉ោង ២ទេ។ ដូចជារំភើបឬយ៉ាងម៉េច … អ្នកទូរទស្សន៍បើថត ថ្ងៃក្រោយវាយ color ម៉េចឱ្យក្មេងផង … ទើបឡើង ៤៦ ឆ្នាំផង។ ហេតុអ្វីបានជាក្មេង? ទី១ លាបសក់។ តែអត់លាប ចាស់ហើយ។ តែទី២ ឧស្សាហ៍បានថ្នាំប៉ូវធម្មជាតិ…

សារពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិក្នុងប្រទេស និងនិស្សិតនៅអ៊ីស្រាអែល អំពីការរៀបចំផ្លាស់ទីនិស្សិតទៅកាន់តំបន់មានសុវត្ថិភាព(ជាប់ប្រទេសអេហ្ស៊ីបនិងហ្សកដេន) តាមការស្ម័គ្រចិត្ត

ជូនចំពោះ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនបងប្អូនជនរួមជាតិ អំពីស្ថានភាពរបស់និស្សិតខ្មែរ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុខសុវត្ថិភាពរបស់បងប្អូននិស្សិតខ្មែរ គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ មាននិស្សិតខ្មែរដែលមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៤៥២ នាក់ ហើយមកទល់នឹងពេលនេះ ប្អូនៗមានសុវត្ថិភាពទាំងអស់គ្នា ដោយមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងរបស់អ៊ីស្រាអែលនៅក្នុងតំបន់ដែលពួកគាត់រស់នៅ ក៏ដូចជាពីសំណាក់កសិដ្ឋានដែលពួកគាត់កំពុងស្នាក់នៅ និងហាត់ការ។ ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា អគ្គនាយកដ្ឋានចារកិច្ចក្រសួងការពារជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត បានតាមដានយ៉ាងយកចិត្តដាក់នូវរាល់ការវិវឌ្ឍនៃសភាពការណ៍នៅក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិតជាប់ជាប្រចាំ ដើម្បីក្ដាប់បាននូវសុខទុក្ខ ជាពិសេស នូវសុវត្ថិភាពរបស់ប្អូនៗទាំងយប់ទាំងថ្ងៃ ចាប់តាំងពីស្ថានការណ៍ផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា គឺមួយសប្ដាហ៍មុននេះ។ ដោយសារតែស្ថានភាពវិវឌ្ឍប្រែប្រួលនៅក្នុងប្រទេសអ៊ីស្រាអែល ជាពិសេស នៅតំបន់កាហ្សា ដែលមិនទាន់មានភាពច្បាស់លាស់នៅឡើយ និងដើម្បីត្រៀមជាយថាហេតុ ខ្ញុំបានប្រគល់ភារកិច្ចឲ្យក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំនូវទីកន្លែងសុវត្ថិភាពបណ្ដោះអាសន្នមួយ ស្ថិតនៅភាគត្បូងនៃប្រទេសអ៊ីស្រាអែល ជាប់ព្រំប្រទល់ជាមួយប្រទេសអេហ្ស៊ីប និងប្រទេសហ្សកដេន ដែលមានចម្ងាយជិត ៣០០គីឡូម៉ែត្រ ពីតំ​បន់កាហ្សា។ ចំពោះប្អូនៗនិស្សិតដែលមានបំណងចាកចេញពីតំបន់ដែលខ្លួនកំពុងស្នាក់នៅ​ និងហាត់ការ​មួយរយៈ ទៅកាន់ទីសុវត្ថិភាពនោះ គឺរាជរដ្ឋាភិបាលបានត្រៀមមធ្យោបាយដឹកជញ្ជូន ក៏ដូចជាទទួលខុសត្រូវលើការស្នាក់នៅ…

សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអនុវត្តកម្មវិធីគោលនយោបាយ អាទិភាពចំនួន៦(កម្មវិធីទី៤) របស់រាជរដ្ឋាភិបាល

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ សមាជិក​ សមាជិការាជរដ្ឋាភិបាល!ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងអង្គពិធីទាំងមូលជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឱ្យអនុវត្តជាផ្លូវការនូវយុទ្ធសាស្រ្តជាតិស្ដីអំពី “ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨” ដែលជាឯកសារដ៏មានសារសំខាន់ ដែលត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីគោលនយោបាយអាទិភាពមួយ ក្នុងចំណោម អាទិភាព ៦ របស់រាជរដ្ឋាភិបាល ដែលត្រូវចាប់ផ្ដើមអនុវត្តឱ្យបាននៅមុនដំណាច់ឆ្នាំ ២០២៣។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម ក្នុងការផ្ដួចផ្ដើម និងចង្អុលបង្ហាញឱ្យរៀបចំនូវយុទ្ធសាស្រ្តជាតិនេះឡើង។ [ចាប់ផ្ដើមសេចក្ដីអត្ថាធិប្បាយ ១] (១) សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ពិសេសរបស់និស្សិត ជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល មុននឹងចូលដល់ប្រធានបទ ដែលយើងជជែកគ្នាអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាងនាមឱ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខក្រៀមក្រំបំផុត​ជាមួយនឹងគ្រួសារសព​នៃនិស្សិតខ្មែររបស់យើងម្នាក់ឈ្មោះ ចាន់ ឧត្តម​ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នា រវាងកងទ័ពអ៊ីស្រាអែល និងកងទ័ព (Hamas) ហាម៉ាសដែលចាប់ផ្ដើមតាំងពីថ្ងៃទី ០៧ ខែតុលា កន្លងមកនេះ។ សូមយកឱកាសនេះ បញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសនិស្សិតដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល ក៏ដូចជាគ្រួសាររបស់ខ្លួននៅប្រទេសកម្ពុជាថា…

សារពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិអំពីករណីនៅប្រទេសអ៊ីស្រាអែល

ជូនចំពោះជនរួមជាតិទាំងអស់ជាទីស្រឡាញ់! ខ្ញុំសូមយកឱកាសនេះដើម្បីជម្រាបជូនពីការវិវត្តពាក់ព័ន្ធនឹងប្រជាពលរដ្ឋខ្មែរ ជាពិសេស ប្អូនៗ និងក្មួយៗនិស្សិតខ្មែរ​ ដែលកំពុងរស់នៅ និងធ្វើការសិក្សា​នៅក្នុងប្រទេសអ៊ីស្រាអែល។ ជាដំបូង ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយនឹងគ្រួសារសពរបស់និស្សិតខ្មែរយើងម្នាក់ គឺប្អូនប្រុស ចាន់ ឧត្ដម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុម​ហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ ខ្ញុំសូមយកឱកាសនេះធ្វើការបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេស និស្សិតរបស់យើង និងប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាក្រុមគ្រួសារនៅកម្ពុជាថា សុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពិសេស និស្សិតរបស់យើងដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ នៅក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធដែលមានក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នចារកិច្ចនៃក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានតាមដានសភាពការណ៍ទាំងអស់ ទាំងយប់ ទាំងថ្ងៃ ចាប់តាំងពីសភាពការណ៍ផ្ទុះឡើងនៅប្រទេសអ៊ីស្រាអែល ហើយបានខិតខំគ្រប់មធ្យោបាយដើម្បីធានានូវសុវត្ថិភាពបងប្អូនយើងនៅទីនោះ។ នៅពេលដែលសភាពការណ៍ផ្ទុះឡើង ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងស្ថាប័នចារកិច្ចក្រសួងការពារជាតិ…

សារសម្លេងពិសេស របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងមរណភាពរបស់និស្សិតខ្មែរមួយរូប ដោយសារហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់

ជូនចំពោះបងប្អូនជនរួមជាតិជាតីមេត្រី! រាជរដ្ឋាភិបាលបានទទួលដំណឹងដ៏ក្រៀមក្រំបំផុតចំពោះមរណភាពនិស្សិតខ្មែរ ដែលទទួលរងគ្រោះក្នុងហេតុ​ការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានផ្ទុះឡើងកាលពីថ្ងៃទី៧ តុលា ២០២៣ កាលពីម្សិលមិញនេះ។ តាំងពីសភាពការណ៍ផ្ទុះឡើងនៅអ៊ីស្រាអែល រាជរដ្ឋាភិបាលបានចាត់វិធានការទំនាក់ទំនងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីធ្វើការធានាដល់សុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ។ជាលទ្ធផល​ នៅក្នុងពេញមួយយប់នេះ យើងបានធ្វើការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរយើងបានភាគច្រើន និងបានកំណត់ទីតាំងរបស់ពួកគាត់ ហើយក្នុងនោះយើងក៏បានខិតខំជួយសង្គ្រោះនិស្សិត ៣ រូប នៅក្នុងចំណោម ៤ រូប ដែល ១ នាក់ បានស្លាប់ នៅសល់ ៣ រូប ចេញពីតំបន់ក្រហម ហើយបានយកគាត់មកតំបន់សុវត្ថិភាព ហើយស្នាក់នៅជាមួយកុងស៊ុលកិត្តិយសរបស់កម្ពុជានៅអ៊ីស្រាអែល។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិទាំងអស់ឲ្យបានជ្រាបថា កិច្ចការនេះជាកិច្ចការសំខាន់បំផុតរបស់រាជរដ្ឋាភិបាល​ក្នុងការធានានូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋខ្មែរដែលមានវត្ដមាននៅអ៊ីស្រាអែល ជាពិសេសនិស្សិតរបស់យើង។ ក្នុងន័យនេះរាជរដ្ឋាភិបាល ក្រសួងការបរទេស ក្រសួងកសិកម្ម ក្រសួងពាក់ព័ន្ធបានធ្វើការជាប់ជាប្រចាំ​ មកដល់ម៉ោងនេះជាមួយដៃគូរបស់ខ្លួននៅអ៊ីស្រាអែល ដើម្បីព្យាយាមធ្វើយ៉ាងណា ទី១ គឺធ្វើការសហការជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល សមត្ថកិច្ចអ៊ីស្រាអែលដើម្បីផ្ដល់ការការពារនូវសុវត្ថិភាពប្រជាពលរដ្ឋខ្មែរយើងដែលនៅទីនោះ។ ទី ២ គឺទាក់ទងនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅទីនោះទាំងនិស្សិត ទាំងបងប្អូនផ្សេង ធ្វើយ៉ាងណាយើងអាចទាក់ទង​និងដឹងសុខទុក្ខរបស់គាត់ និងអាចផ្ដល់នូវការសហការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែលជួយគាត់ក្នុងករណីចាំបាច់នានា ដែលកើតមាននៅទីនោះ ធ្វើយ៉ាងណាធានានូវសុវត្ថិភាព និងជាពិសេសអាយុជីវិតរបស់ពួកគាត់​។ ទន្ទឹមនឹងនេះ ខ្ញុំសូមឲ្យបងប្អូនខ្មែរយើងដែលមានវត្ដមាននៅអ៊ីស្រាអែលជាថ្មីម្ដងទៀត ធ្វើយ៉ាងណារក្សានូវកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយស្ដាប់…

សារសំឡេងពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនជនរួមជាតិ ពិសេសជូនចំពោះប្រជាជន និងនិស្សិតខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែល

ផ្ញើជូន ជនរួមជាតិទាំងអស់ជាទីមេត្រី​ ជាពិសេសជូនដល់បងប្អូនជនរួមជាតិខ្មែរដែលកំពុងមានវត្ដមាននៅអ៊ីស្រាអែល ដែលភាគច្រើនជានិស្សិតដែលកំពុងសិក្សា​នៅទីនោះ ក៏ដូចជាក្រុមគ្រួសារនៅប្រទេសកម្ពុជាបានជ្រាប នៅថ្ងៃ​ទី៧ ខែតុលា ២០២៣ នេះ គឺមានការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់កាហ្សា ដែល​បណ្ដាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើនរយនាក់ ទាំងសងខាង។ បច្ចុប្បន្នយើងមានប្រជាពលរដ្ឋរបស់យើងខ្មែរ​ជាង ៤៥០ នាក់ ដែលកំពុងរស់នៅទីនោះ ភាគច្រើនជានិស្សិតកំពុងតែសិក្សា។ កិច្ចការងារនេះរាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់ណាស់តាំងពីស្ថានភាពដែលផ្ទុះមក ខ្ញុំបានប្រគល់ភារកិច្ចឲ្យឯកឧត្តមរដ្ឋមន្ដ្រីក្រសួងការបរទេស រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏ដូចជាស្ថាប័នសន្ដិសុខរបស់យើង ធ្វើការទាក់ទងជាប់ជាប្រចាំជាមួយនឹងអាជ្ញាធរអ៊ីស្រាអែល​ ដើម្បីខិតខំធ្វើយ៉ាងណាខិតខំជួយប្រជាពលរដ្ឋយើង ជាពិសេសនិស្សិតរបស់យើងនៅទីនោះឲ្យបានល្អ ដើម្បីថែ​រក្សា​នូវសុវត្ថិភាព និងអាយុជីវិតរបស់ពួកគាត់។​ កិច្ចការងារនេះ គឺយើងបានតាមដានជាប់ជាប្រចាំ និងសម្របសម្រួល ហើយខ្ញុំផ្ទាល់ក៏បានទាក់ទងផ្ទាល់ជាមួយប្អូនៗជានិស្សិតដែលកំពុងនៅទីនោះមួយចំនួន ហើយក៏ដូចជាឯកឧត្តមរដ្ឋមន្ដ្រីការបរទេស ឯកឧត្តមរដ្ឋមន្ដ្រីកសិកម្ម និងស្ថាប័នចារកិច្ចរបស់យើងក៏បានធ្វើការជាមួយអ៊ីស្រាអែល​ ក៏ដូចជាទាក់ទងផ្ទាល់ជាមួយនិស្សិតយើង និងបងប្អូន ដែលកំពុងរស់នៅទីនោះ។ អញ្ចឹង ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋរបស់យើងដែលមានវត្ដមាននៅប្រទេសអ៊ីស្រាអែល ជាពិសេសប្អូនៗ ក្មួយ​ៗ ជានិស្សិត ដែលកំពុងរៀន​នៅទីនោះ សូមព្យាយាមរក្សានូវសុវត្ថិភាពរបស់ខ្លួន ជាពិសេសត្រូវអនុវត្ដតាមគោលការណ៍ណែនាំរបស់អាជ្ញាធរ​អ៊ីស្រាអែល ហើយដាក់ខ្លួននៅកន្លែងសុវត្ថិភាពឲ្យបានខ្ជាប់ខ្ជួន ព្រោះស្ថានភាពច្របូកច្របល់ អញ្ចឹងត្រូវធ្វើយ៉ាង​ណាព្យាយាមខិតខំនៅក្នុងការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួននៅក្នុងទីតាំងសុវត្ថិភាព និងស្ដាប់តាមការណែនាំរបស់អាជ្ញាធរ​អ៊ីស្រាអែល។ រាជរដ្ឋាភិបាលនឹងបន្ដតាមដានយ៉ាងយកចិត្តទុកដាក់លើកិច្ចការងារនេះ ហើយខិតខំឲ្យអស់លទ្ធភាព និងធ្វើការ​សម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋយើង…