សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ តំណាងដៃគូអភិឌ្ឍន៍ និងអង្គសន្និបាត​ទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤»  នាពេលនេះ។ អង្គ​សន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចំាងលទ្ធផលការងារសម្រេចបាន និងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់  បន្ទាប់ពីការជួបជុំពិភាក្សា និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធនានាគ្រប់លំដាប់​ថ្នាក់ រយៈពេល ១ ថ្ងៃកន្លះ មកនេះ។ យោងតាមរបាយការណ៍បូកសរុប និងទិសដៅការងាររបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ចំពោះលទ្ធផលធំៗ ដែលក្រសួងសម្រេច​បានក្នុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសហការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា  រដ្ឋបាលថ្នាក់ក្រោមជាតិ  ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ  វិស័យឯកជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ [ផ្ដើមសេចក្ដីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះផងដែរ…