សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍លោកគ្រូ អ្នកគ្រូ[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] សូមស្វាគមន៍ ហើយអរគុណ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី ដែលបានអញ្ជើញមកពីតាមបណ្ដាស្រុកផ្សេងៗ មានពីស្រុកកែវសីមា សែនមនោរម្យ អូរាំង ចំពោះការចូលរួមអបអរសាទរនៅថ្ងៃនេះ។ សូម្បីតែទេវតាក៏សប្បាយចិត្តជាមួយយើងដែរ។ ឮសូរប៉ុន្មានថ្ងៃមុន មានភ្លៀង (តែថ្ងៃនេះបើកថ្ងៃ ) អបអរសាទរសមិទ្ធផលថ្មីទាំងបីរបស់ខេត្តមណ្ឌលគិរី សម្រាប់បម្រើឱ្យតម្រូវការរបស់ប្រជាពលរដ្ឋយើង។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមជាអធិបតីក្នុង «ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ដែលអនុវត្តដោយក្រសួងធនធានទឹក និង ឧតុនិយម ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការអបអរសាទរ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ប្រពៃទាំងនេះ ដើម្បីជាប្រយោជន៍របស់ប្រជាពលរដ្ឋយើងក្នុងខេត្តមណ្ឌលគិរី និង ដើម្បីជំរុញការធ្វើបរិវត្តកម្មកម្ពុជាឆ្ពោះទៅ «ជាប្រទេសមួយដែលធានាបាននូវសន្តិសុខទឹក,ទាំងបរិមាណ និង គុណភាព សម្រាប់ចូលរួមចំណែកដល់ការអភិវឌ្ឍលើគ្រប់វិស័យ»។…