សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករមកពីស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស បងប្អូនកម្មករ/ការិនីទាំងអស់​ ជាទីស្រឡាញ់រាប់អាន! ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានមកជួបបងប្អូននៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងក្រុងតាខ្មៅ។ ហើយជាលើកទី២ ដែលជួបជាមួយបងប្អូនមកពីខេត្តកណ្ដាល ក្រោយបោះឆ្នោតសកលឆ្នាំ២០២៣ និងការបង្កើតរាជរដ្ឋាភិបាលថ្មី។ អរគុណណាស់ចំពោះការស្វាគមន៍ដ៏កក់ក្ដៅរបស់បងប្អូន … អរគុណណាស់ចំពោះការជួបជុំ … ខ្ញុំសូមអរគុណចំពោះក្រសួងការងារ អាជ្ញាធរមូលដ្ឋាន​ ស្ថាប័នពាក់ព័ន្ធទាំងអស់ចំពោះការរៀបចំកម្មវិធីនេះឡើង ជាពិសេសបងប្អូនដែលត្រូវសម្របសម្រួលការធ្វើដំណើរ និងបងប្អូនកម្មករ/ការិនី ដែលអញ្ជើញចូលរួមតាំងពីព្រលឹម។ ខ្ញុំក៏សូមពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនកម្មករ/ការិនី និយោជិតគ្រប់រូប ប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅបំផុត។ថ្ងៃនេះ យើងមានបងប្អូនស្រីដែលមានផ្ទៃពោះជាង ៦០០នាក់ ហើយក្នុងនោះមានភ្លោះប្រុសដល់ទៅពីរ … ឥឡូវភ្លោះដូចមិនសូវមានឆ្លាស់ ប្រុសៗទាំងពីរ ស្រីៗទាំងពីរ តែឆ្នាំនេះ ឆ្នាំប្រុសច្រើន​ ព្រោះខ្ញុំទៅគ្រប់កន្លែងសុទ្ធតែប្រុសទ។ ធនធានមនុស្សកាន់តែច្រើន អញ្ចឹងគឺអបអរសាទរណាស់ ហើយសំខាន់បានសុខភាពល្អ។ នេះជាការកិច្ចសំខាន់របស់រាជរដ្ឋាភិបាល និងការយកចិត្តទុកដាក់ទាំងម្ដាយទាំងកូន។ (១) បន្តប្រពៃណីជួបសំណេះសំណាលជាមួយកម្មករ/ការិនីពីសម្ដេចតេជោ ខ្ញុំក៏សូមថ្លែងអំណរគុណចំពោះឧកញ៉ា ជា រិទ្ធី ដែលបានផ្ដល់ទីតាំង…