អត្ថបទដកស្រង់សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ

សូមក្រាបថ្វាយបង្គំ​ព្រះតេជព្រះគុណទាំងទ្វេអង្គ​​ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះ! ថ្ងៃនេះគឺខ្ញុំមានសេចក្ដីសប្បាយរីករាយដែលបានជួបគ្នាសាជាថ្មី បងប្អូនខ្លះធ្លាប់បានជួបគ្នាច្រើនដង បងប្អូនខ្លះជួបគ្នាលើកទី១។​ តែទោះជាយ៉ាងណាក៏មានការសប្បាយរីករាយ កម្មវិធីនេះគឺជាកម្មវិធីចុងក្រោយមួយមុនឡើងយន្តហោះដែលភាសាអង់គ្លេសគេថា save the best for last ទុកអាល្អជាងគេបំផុតចុងក្រោយ។ ថ្ងៃនេះ ខ្ញុំសូមឆ្លៀតឱកាសពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនចំពោះបងប្អូនទាំងអស់។ ជាពិសេស សម្ដេចពេលដែលគាត់ធ្វើដំណើរមកកូរ៉េម្ដងៗ តែងតែឆ្លៀតជួបជាមួយប្រជាពលរដ្ឋបងប្អូ​នពលករ និស្សិត​ បងប្អូនដែលរៀបការហើយរស់នៅទីនេះទាំង​សញ្ជាតិ និង PR (Permanent Resident)។ ជាទូទៅ ក៏លោកតែងតែបានជួបផ្ទាល់. ឥឡូវខ្ញុំបន្តកិច្ចការជួបនេះ។ តាមពិត យើងជួបគ្នាពីមុនជាច្រើន នៅ Busan នៅ Seoul នេះ ២ទៅ៣ដងដែរ ប៉ុន្តែកាលនោះនៅក្មេងនៅឡើយ សក់មិនទាន់ស្កូវ។ មើលរូបថតកាលពីឆ្នាំ២០១៤ នៅមានចង្កេះ …។ (១) មានឈាមជ័រជាខ្មែរ នៅគ្រប់ទីកន្លែង ត្រូវពង្រឹងស្មារតីជាខ្មែរសាមគ្គីគ្នា  អរគុណចំពោះការរៀបចំជួបជុំនេះ អរគុណដល់ក្រុមការងាររៀបចំ អង្គការចាត់តាំងយុវជនរបស់ឯកឧត្តម ហេង…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត ពីរោងចក្រសហគ្រាស នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ឯកឧត្ដម លោកជំទាវ សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺឯកឧត្ដម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសបងប្អូនកម្មករ និយោជិតទាំងអស់ជាទីស្រឡាញ់រាប់អាន! (១) នឹងចុះជួបកម្មករ អាជីវករក្រៅប្រព័ន្ធ វិស័យទេសចរណ៍និងវិស័យដទៃទៀត ថ្ងៃនេះខ្ញុំមានកិត្តិយសដែលបានមកជួបបងប្អូននៅក្នុងខេត្តកំពង់ស្ពឺសាជាថ្មី ហើយនេះគឺជាកម្មវិធីទី៣នៃការចុះជួបជាមួយកម្មករ និយោជិតទាំងអស់ដែលមកពីបណ្ដារោងចក្រផ្សេងៗ។ ទីតាំងទី១ គឺភ្នំពេញ ទី២​គឺខេត្តកណ្ដាល និងទី៣ គឺខេត្តកំពង់ស្ពឺ ហើយនឹងចុះតាមបន្តទៀត។ មានរៀបចំ ១០កម្មវិធី ដែលកម្មវិធីនេះត្រូវបានរៀបចំដំបូងឡើយសម្រាប់សម្ដេចតេជោនាយករដ្ឋមន្រ្តី។ លោកបានខិតខំចុះជួបជាមួយកម្មករ កម្មការិនី កូនចៅ ក្មួយៗរបស់លោក តាំងពីមុនបោះឆ្នោត ប៉ុន្តែដោយសារពេលវេលាចង្អៀត លោកមិនអាចធ្វើបានចប់។ ទោះបីជាលោកបានចេញទៅជាសមាជិកសភា ហើយបញ្ចប់ពីតួនាទីជាប្រមុខរាជរដ្ឋាភិបាល ក៏គាត់នៅផ្ដល់គោលការណ៍ និងលើកទឹកចិត្តថ្នាក់ដឹកនាំជាន់ក្រោយធ្វើការងារបន្ត។ ការ​ងា​រ​នេះមិនមែនចប់ត្រឹម ១០កម្មវិធីនេះទេ។ យើងនឹងរៀបចំតទៅទៀត … ខ្ញុំគិតថាមិនមែនតែក្នុងវិស័យកាត់ដេរ ឧស្សាហកម្មនោះទេ យើងនឹងគិតមើលនៅក្នុងវិស័យផ្សេងៗទៀត។ នៅខែ១១នេះ ខ្ញុំនឹងជួបជាមួយខាងអាជីវករ។ យើងគិតមើលពីការជួបជាមួយខាងក្រៅប្រព័ន្ធ​ ឬវិស័យទេសចរណ៍ ឬអ្វីផ្សេងទៀតដែលអាចជួបបាន។ ជួបជាមួយបងប្អូនអ្នកលក់ដូរមួយចំនួនដើម្បីស្ដាប់។ ខ្ញុំចូលចិត្តជួបហើយជួយផ្ទាល់តែម្ដង។ អ្នកខ្លះគេថា នាយករដ្ឋមន្រ្តីមិនគួរណាចំណាយពេលទៅចុះជួបអញ្ចឹងទេ ទុកឲ្យរដ្ឋមន្រ្តីការងារធ្វើទៅ។…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត ពីរោងចក្រសហគ្រាស ១៨,០០០នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល

ឯកឧត្ដម លោកជំទាវ គណៈកម្មាធិការទី៨ព្រឹទ្ធសភា ឯកឧត្ដមសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ សមាជិក/ជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូន កម្មករ និយោជិតទាំងអស់ ជាទីស្រឡាញ់រាប់អាន! (១) សមាជិករាជរដ្ឋាភិបាលមានការងារត្រូវធ្វើបន្ទាន់ សូមចាត់អ្នកតំណាងមកជំនួស ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានមកចូលរួមណាត់ជួបជាមួយប្រជាពលរដ្ឋ ជាពិសេសកម្មករ/ការិនីនៅក្រុងតាខ្មៅពេលនេះ។ សូមអរគុណផងដែរជូនដល់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ជាពិសេសសមាជិករាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងថ្ងៃនេះច្រើនកុះករ។ កម្មវិធីទី១ ក៏បានច្រើន។ ខ្ញុំអរគុណណាស់ដែលបានឆ្លៀតឱកាសនេះ ក៏ប៉ុន្តែគិតថាម៉ោងនេះម៉ោងវិលជុំ ត្រូវធ្វើការងារជាប្រចាំដើម្បីដោះស្រាយ ឯកឧត្ដមខ្លះត្រូវលើកពេលប្រជុំកិច្ចការសំខាន់ដើម្បីមកចូលរួមនេះ ខ្ញុំគិតថា ទន្ទឹមនឹងការអរគុណដើម្បីឆ្លៀតពេលនេះ ខ្ញុំក៏សុំផ្ដល់គោលការណ៍ថា … បើសិនជាមានកិច្ចការត្រូវប្រជុំអី គឺមិនចាំបាច់(មក)ចូលរួមទេ ហើយសូមពិធីការចាត់ចែងតាមហ្នឹង ដើម្បីទុកឲ្យឯកឧត្ដម លោកជំទាវ ជាពិសេសសមាជិករាជរដ្ឋាភិបាលត្រូវការដឹកនាំដោះស្រាយ(កិច្ចការនៅក្រសួង)។ ប៉ុន្តែ គ្រាន់ថាក្នុងករណីឯកឧត្ដម លោកជំទាវ ជារដ្ឋមន្រ្តីមិនបានចូលរួម សូមចាត់រដ្ឋលេខាធិការប្រចាំការ ឬថ្នាក់ដឹកនាំរដ្ឋលេខាធិការណាមួយ ចូលរួមដើម្បីបានក្ដាប់នូវការងារ ហើយក្រែងលោខ្ញុំមានសំណួរចាំឆ្លើយផង។ (២) យកប្រជាជនជាធំ ជាប្រពៃណីនិងទិសដៅសំខាន់បំផុតរបស់គណបក្សប្រជាជន ​ អរគុណសាជាថ្មី ការចូលរួមរបស់អស់ឯកឧត្ដម…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៖ “កិច្ចការធំ៣ ដើម្បីបង្កើតការងារ សំដៅកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ”

[…] គោលដៅរបស់កម្ពុជាគឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងទូទាំងប្រទេស។ មិនមែនសម្រាប់តែ(ការមានបានរបស់)ក្រុមហ៊ុន អ្នកវិនិយោគ ឬអ្នកមានទុននោះទេ។ យើងត្រូវវិនិយោគ […] ដើម្បីពង្រីកនូវសក្តានុពលរបស់ជាតិ […] ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ន ១៧លាននាក់។ អញ្ចឹង កិច្ចការសំខាន់មួយក្នុងការកាត់បន្ថយភាពក្រីក្រគឺការបង្កើតការងារ។ ជាទស្សនៈរបស់ខ្ញុំ ការបង្កើតការងារនេះគឺមានគោលដៅ […] ធ្វើកិច្ចការធំៗ ៣ […]។ ទី១៖ គឺ(បង្កើន)បរិមាណ(ការងារ)។ បរិមាណ(ការងារនេះ)គឺយើងមិនត្រូវតែប្រមូលផ្តុំតែនៅភ្នំពេញទេ ​មិនត្រូវប្រមូលផ្តុំនៅ(តែ)ខេត្តព្រះសីហនុ ឬមិនត្រូវប្រមូលផ្តុំនៅ(តែ)ទីណា(មួយនោះ)ទេ។ បរិមាណ(ការ​ងារជា)គោលដៅគឺបង្កើតការងារឱ្យបានច្រើន និងរុញការងារឱ្យដល់មូលដ្ឋាន។ នេះគឺជាកិច្ចការសំខាន់។ ពីដើមឆ្នាំ ១៩៩០ នៅទីនេះជាវាលស្រែ។ ភ្នំពេញមានតែមួយដុំទេ។ នៅទីនេះគឺផ្លូវជាតិលេខ៤ តូចមួយ […] ពេលនោះ រាជរដ្ឋាភិបាលរបស់យើងចាប់ផ្តើមធ្វើឯកជនភាវរូបនីយកម្ម។ យើងបើកឱ្យប្រជាពលរដ្ឋមានសិទ្ធិទិញដូរលក់ដីដើម្បីបើក(អោយមានការ)ធ្វើវិនិយោគ។ ពេលនោះមានការរិះគន់ច្រើនណាស់ថា កម្ពុជាបើកលក់ដី (នាំ)ឱ្យខ្មែរលក់ដីឱ្យចិន ឱ្យបរទេស។ មានការវាយប្រហារនិងរិះគន់ច្រើន។ ប៉ុន្តែបើយើងមិនបើកឱ្យទីផ្សារក្នុងការដំណើរការ ថ្ងៃនេះយើងគ្មានតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះទេ គ្មានការកម្មករជាង ៣ម៉ឺននាក់ ធ្វើការនៅទីនេះទេ ហើយគ្មានប្រាក់បៀវត្សរ៍រាប់លានដុល្លារដែលចូលទៅក្នុងហៅប៉ៅប្រជាពលរដ្ឋនៅទីនេះ និងនៅគ្រប់ខេត្ត រួមទាំងជាពិសេសខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនេះ។ មិនត្រឹមតែ(នៅ)ទីនេះទេ យើង(នឹង)រុញ(ការវិនិយោគ)ទាំងអស់(ទៅគ្រប់ទិសទី)ឥឡូវ។ ថ្ងៃមុនខ្ញុំទៅបាវិត…