ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ពីរោងចក្រសហគ្រាស ១៨,០០០នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល
ឯកឧត្ដម លោកជំទាវ គណៈកម្មាធិការទី៨ព្រឹទ្ធសភា ឯកឧត្ដមសមាជិករដ្ឋសភានិងជាអ្នកតំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ សមាជិក/ជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូន កម្មករ និយោជិតទាំងអស់ ជាទីស្រឡាញ់រាប់អាន! (១) សមាជិករាជរដ្ឋាភិបាលមានការងារត្រូវធ្វើបន្ទាន់ សូមចាត់អ្នកតំណាងមកជំនួស ថ្ងៃនេះ ខ្ញុំមានកិត្តិយសដែលបានមកចូលរួមណាត់ជួបជាមួយប្រជាពលរដ្ឋ ជាពិសេសកម្មករ/ការិនីនៅក្រុងតាខ្មៅពេលនេះ។ សូមអរគុណផងដែរជូនដល់ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ជាពិសេសសមាជិករាជរដ្ឋាភិបាល ដែលបានចូលរួមក្នុងថ្ងៃនេះច្រើនកុះករ។ កម្មវិធីទី១ ក៏បានច្រើន។ ខ្ញុំអរគុណណាស់ដែលបានឆ្លៀតឱកាសនេះ ក៏ប៉ុន្តែគិតថាម៉ោងនេះម៉ោងវិលជុំ ត្រូវធ្វើការងារជាប្រចាំដើម្បីដោះស្រាយ ឯកឧត្ដមខ្លះត្រូវលើកពេលប្រជុំកិច្ចការសំខាន់ដើម្បីមកចូលរួមនេះ ខ្ញុំគិតថា ទន្ទឹមនឹងការអរគុណដើម្បីឆ្លៀតពេលនេះ ខ្ញុំក៏សុំផ្ដល់គោលការណ៍ថា … បើសិនជាមានកិច្ចការត្រូវប្រជុំអី គឺមិនចាំបាច់(មក)ចូលរួមទេ ហើយសូមពិធីការចាត់ចែងតាមហ្នឹង ដើម្បីទុកឲ្យឯកឧត្ដម លោកជំទាវ ជាពិសេសសមាជិករាជរដ្ឋាភិបាលត្រូវការដឹកនាំដោះស្រាយ(កិច្ចការនៅក្រសួង)។ ប៉ុន្តែ គ្រាន់ថាក្នុងករណីឯកឧត្ដម លោកជំទាវ ជារដ្ឋមន្រ្តីមិនបានចូលរួម សូមចាត់រដ្ឋលេខាធិការប្រចាំការ ឬថ្នាក់ដឹកនាំរដ្ឋលេខាធិការណាមួយ ចូលរួមដើម្បីបានក្ដាប់នូវការងារ ហើយក្រែងលោខ្ញុំមានសំណួរចាំឆ្លើយផង។ (២) យកប្រជាជនជាធំ ជាប្រពៃណីនិងទិសដៅសំខាន់បំផុតរបស់គណបក្សប្រជាជន អរគុណសាជាថ្មី ការចូលរួមរបស់អស់ឯកឧត្ដម…