សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនានា ប្រចាំកម្ពុជា;គណៈធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍ និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ ២០២៣ និង ឆ្នាំ ២០២៤ និង ទិសដៅការងារឆ្នាំ ២០២៥ របស់ក្រសួងរ៉ែ និង ថាមពល» ដែលជាវេទិកាដ៏មានសារៈសំខាន់ សម្រាប់ពង្រឹងភាតរភាពការងារ និង ជាយន្តការដ៏ចាំបាច់មួយ សម្រាប់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ស្វែងយល់ស៊ីជម្រៅ អំពីវឌ្ឍនភាព, បញ្ហាប្រឈម និង ជម្រើសដំណោះស្រាយ ដើម្បីលើកកម្ពស់អភិបាលកិច្ច, សមត្ថភាព និង គុណភាព ស្ថាប័ន ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ ផ្អែកតាមរបាយការណ៍ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងរយៈពេលជាង ១ ឆ្នាំ…

សារសម្លេង សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្តីពី ព័ត៌មានប្រឌិតអំពីករណីរថយន្តតាក់ស៊ីអគ្គិសនី

ជូនបងប្អូនជនរួមជាតិទាំងអស់ បងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យ បានជ្រាប! ខ្ញុំទើបទទួលបានព័ត៌មានពីប្រភពច្បាស់ការមួយថា មានមនុស្សមួយក្រុមតូចបាននិងកំពុងធ្វើការកៀងគរបងប្អូនអ្នករត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ធ្វើបាតុកម្មប្រឆាំងជាមួយរដ្ឋាភិបាល ដោយចោទថា រដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុម​ហ៊ុនរថយន្តតាក់ស៊ីអគ្គិសនីមកពីវៀតណាម ឬចិន បើកធ្វើអាជីវកម្មតាក់ស៊ី(ដឹកភ្ញៀវ)នៅកម្ពុជា។ អំពីបញ្ហានេះ ខ្ញុំបានបញ្ជាក់ច្បាស់រួចហើយពីពេលកន្លងទៅ រួមទាំងមានសុន្ទរកថារបស់ខ្ញុំ ផ្សាយផ្ទាល់នៅពេលជួបប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ដែលខ្ញុំបានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាលមិនដែលបានផ្ដល់អាជ្ញាបណ្ណឲ្យរថយន្តតាក់ស៊ីអគ្គិសនីពីវៀតណាម ឬពីប្រទេសណាមួយ មកធ្វើអាជីវកម្មនៅកម្ពុជាទេ។ កម្ពុជាមិនទាន់មានតម្រូវការឲ្យក្រុមហ៊ុនបរទេសមកធ្វើការវិនិយោគ ដើម្បីធ្វើក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ។ ពេលនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ កំពុងយកចិត្តទុកដាក់ជួយដល់បងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប និងរ៉ឺម៉កកង់បី ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឲ្យបានល្អប្រសើរ។ ខ្ញុំសូមជូនព័ត៌មាននេះឲ្យបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប និងរ៉ឺម៉កកង់បីឲ្យបានជ្រាប និងកុំជឿតាមការញុះញង់របស់ក្រុមមនុស្សមួយក្រុមតូច។ ខ្ញុំសូមបញ្ជូនសារនេះ ទៅក្រុមមនុស្សមួយចំនួនតូចដែលកំពុងបំភ្លៃការពិត ហើយមានចេតនាយកព័ត៌មានមិនពិតនេះប្រមូលផ្ដុំមនុស្សធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។ សូមអស់លោកស្ដាប់ឲ្យបានច្បាស់ និងកុំចេះប៉ុន្តែធ្វើល្ងង់ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់អស់លោក។ បើអស់លោកនៅតែបន្តសកម្មភាពយកព័ត៌មានបំភ្លៃការពិតនេះ ធ្វើជាកម្មវត្ថុប្រើប្រាស់ក្នុងចេតនាអាក្រក់ តាមរយៈការប្រមូលផ្ដុំមនុស្សធ្វើបាតុកម្ម អស់លោកនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ រាជរដ្ឋាភិបាលមិនអាចឲ្យអស់លោកធ្វើអ្វីស្រេចតែចិត្ត ជាពិសេសសកម្មភាពគ្មានសុច្ចរិតភាព ដែលនាំឲ្យបំផ្លាញសណ្ដាប់ធ្នាប់សង្គម ដើម្បីតែកេងចំណេញផលប្រយោជន៍​ខាងនយោបាយរបស់អស់លោកនោះទេ៕