សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, សមាជិក សមាជិកា រាជរដ្ឋាភិបាលលោកស្រី Jyotsana Varma (យ៉ូតសាណា រ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាគណៈធិបតី ភ្ញៀវកិត្តិយស បណ្ដាដៃគូអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងអង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំមានសេចក្ដីរីករាយ ដោយបានមកចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “កំពង់ផែទេសចរណ៍អន្តរជាតិកំពត” ដ៏អធិកអធមនេះ ។ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ដែលយើងកំពុងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ជូនដល់លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ រស់នៅខេត្តកំពតផ្ទាល់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស, ជាពិសេស ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានតម្រូវការប្រើប្រាស់សេវាកម្មកំពង់ផែទេសចរណ៍នេះ ធ្វើដំណើរទៅកាន់តំបន់គោលដៅទេសចរណ៍ផ្សេងៗ ។ ដូចដែល ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានរាយការណ៍មុននេះបន្តិច, កាលពីដើមខែ ធ្នូ ឆ្នាំ ២០២៤ កន្លងទៅ ខ្ញុំបានសម្រេចអនុញ្ញាតឱ្យបើកដំណើរការប្រតិបត្តិការសាកល្បងកំពង់ផែទេសចរណ៍អន្តរជាតិកំពតនេះ រយៈពេល ៣ ខែ…