សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រាជរដ្ឋាភិបាល, ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត តំណាងអង្គទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គពិធីទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមក្នុង “ពិធីទទួលវត្ថុបុរាណខ្មែរដែលបានប្រគល់ជូនព្រះរាជាណាចក្រកម្ពុជាវិញ” ដែលជាព្រឹត្តិការណ៍ប្រកបដោយមោទនភាព ទាំងសម្រាប់ប្រជាជាតិខ្មែរ និងសហគមន៍អន្តរជាតិទំាងមូល។ ពិធីនេះជាសក្ខីភាពនៃការទទួលស្គាល់គុណតម្លៃដ៏ល្អឯកនៃអត្តសញ្ញាណកេរដំណែលវប្បធម៌ និងប្រវតិ្តសាស្ត្រ ដែលដូនតាខ្មែរបានបន្សល់ទុក សម្រាប់កូនចៅជំនាន់ក្រោយ ក៏ដូចជាសម្រាប់មនុស្សជាតិគ្រប់រូបនៅលើសកលលោក។ ខ្ញុំពិតជាមានក្តីរំភើប ជាពិសេស ដោយសារថ្ងៃនេះ ក៏ជាថ្ងៃគម្រប់ខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។ វត្ថុបុរាណដែលយើងទទួលបានមកវិញនាពេលនេះ ជាមរតកវប្បធម៌ជាតិ ដែលមានតម្លៃពុំអាចកាត់ថ្លៃបាន សម្រាប់ប្រជាជនកម្ពុជា ដែលជាម្ចាស់ដើមដ៏ពិតប្រាកដនៃសម្បត្តិវប្បធម៌ទាំងនេះ។ ការទទួល បានវត្ថុបុរាណទំាងនេះ ក៏ជានិមិត្តរូបនៃការជួបជុំគ្នាឡើងវិញ នៃព្រលឹងបុព្វបុរសខ្មែរ ដែលតែងស្ថិតនៅជាប់ជាមួយប្រជាជាតិ និងប្រជាជនកម្ពុជាគ្រប់កាលវេលា។ ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា គឺជាមង្គលរបស់ជាតិ ដែលជួយប្រោះព្រំ និងព្យាបាលស្នាមរបួសផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ដែលបានរងគ្រោះឈឺចាប់ នៅក្នុងអំឡុងសង្គ្រាមស៊ីវិលរាប់ទសវត្សរ៍ និងសោកនាដកម្មនៃអំពើប្រល័យពូជសាសន៍ខ្មែរក្រហម នាពេលកន្លងមក។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១)…