សន្ទរកថានិងសេចក្តីអធិប្បាយ សម្តេចមហាបវរធិបតី «អញ្ជើញបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចជំនាន់ទី១ ឆ្នាំ ២០២៦»
[ផ្ដើមសេចក្ដីអធិប្បាយ១] អរគុណសន្តិភាព!អរគុណនយោបាយឈ្នះឈ្នះ!ដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាពនិងការឯកភាពជាតិពេញលេញ!ផែនទាំងមូល សម្រាក! ប្រុង! សម្រាក! ទើបតែចូលបាន ៤ ថ្ងៃ? ខ្ញុំអត់ដឹង … ខាងក្បួនយើងយ៉ាងម៉េច។ ទម្លាប់ខ្ញុំ ពេល “សម្រាក” ហ្នឹងស្ដាប់បានយូរជាង។ “ប្រុង” រវល់តែឈរប្រុង ខ្លាចដួល ហើយជាពិសេសរយៈពេលវែង។ [ចប់សេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា វគ្គដំបូង ឆ្នាំ ២០២៦ នៅសាលាហ្វឹកហ្វឺនការពារកោះឆ្នេរ នាពេលនេះ។ ជាមួយនឹងការនាំមកនូវការនឹករព្ញក និងការសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស កងកម្លាំងប្រដាប់អាវុធ យោធិនកាតព្វកិច្ចយោធា និងអាណាព្យាបាល លោកយាយ លោកតា អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋ ដែលកំពុងចូលរួមធ្វើជាសាក្សីប្រវត្តិសាស្ត្រ ចំពោះការចាប់ផ្តើមការអនុវត្តកាតព្វកិច្ចយោធារបស់យុវជនកម្ពុជា ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជននៃយើងទាំងអស់គ្នា។ ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនាស្នេហារាប់អាន និងការកោតសរសើរយ៉ាងក្រៃលែង ចំពោះយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធាទាំងអស់ និងក្រុមគ្រួសារដែលមានភាពក្លាហាន ឆន្ទៈមោះមុត ជាពិសេសគឺស្មារតីភ្ញាក់រលឹក និងការទទួលខុសត្រូវខ្ពស់…

