សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី «សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨គីឡូម៉ែត្រ»

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកឧត្តម ភារធារីស្ថានទូតចិនប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សលោកយាយ លោកតា អ៊ុំ ពូមីង បងប្អូនប្រជាពលរដ្ឋ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ១០ ក្រោមក្របខ័ណ្ឌឥណទានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ ជាមួយឯកឧត្តម ជាំង ណាន ភារធារីស្ថានទូតចិនប្រចាំកម្ពុជា និងឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ អ៊ំ ពូមីង បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សនៅពេលនេះ។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ផ្លូវលេខ១០ សាងសង់លើតម្រាយផ្លូវនិងភូមិសាស្ត្រក៏លំបាក (ខ្ញុំក៏មានការ)សប្បាយរីករាយដែលបានត្រឡប់មកវិញ។ ខ្ញុំចាំ (កាលពី)មួយឆ្នាំជាងមុន ខែ៥ បានមកសម្ពោធនៅកន្លែងនេះដែរ គឺសមិទ្ធផលនៅវិទ្យាល័យប្រមោយ។ កាលនោះមុនសង្គ្រាម សក់ខ្មៅ។ ឥឡូវប៉ះគ្នាមួយប្រាវពីរប្រាវទៅ សក់ស។ អម្បាញ់មិញ មើលរូបថតទៅ កាលបើកការដ្ឋានសាងសង់ឆ្នាំ២០២០…