សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ២០២៦

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួម នៅក្នុងពិធីបើក «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិ-កម្ពុជា» ឆ្នាំ២០២៦ ដែលជាការជួបជុំដ៏មានសារៈសំខាន់ រវាងវិនិយោគិនបរទេស និងម្ចាស់រោងចក្រ-សហគ្រាស និងថ្នាក់ដឹកនាំធុរកិច្ច របស់កម្ពុជា នាពេលនេះ។ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី, ភ្ញៀវកិត្តិយស, ម្ចាស់រោងចក្រ-សហគ្រាស និងថ្នាក់ដឹកនាំធុរកិច្ច, ជាពិសេស អ្នកជំនាញការ​ និងវិនិយោគិន អន្តរជាតិ ដែលបានធ្វើដំណើរពីគ្រប់ទិសទី ដើម្បីមកចូលរួមស្វែងយល់អំពីសក្តានុពលវិនិយោគ និងកសាងទំនាក់ទំនងល្អជាមួយវិនិយោគិន ម្ចាស់រោងចក្រ-សហគ្រាស និងថ្នាក់ដឹកនាំធុរកិច្ចរបស់កម្ពុជា, ឆ្ពោះទៅការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម ដ៏ពិតប្រាកដ នាពេលខាងមុខ។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអរគុណចំពោះសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA), សហព័ន្ធធុរកិច្ចអន្តរជាតិ និងសមាគមអន្តរជាតិ, ក៏ដូចជា គណៈកម្មការរៀបចំ, សមាគមធុរកិច្ចជាតិ, និងអ្នកពាក់ព័ន្ធ…