កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
FB ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Mark Joseph Carney នាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនៃជំនួប, សម្ដេចធិបតីបានសម្ដែងនូវការអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដា និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ក៏ដូចជាចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅកម្ពុជា។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់កាណាដាលើការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់កិច្ចប្រជុំកំពូលលើកទី២០ នេះ ព្រមទាំងបានអបអរសាទរកាណាដា ដែលនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២១ នៅ ឆ្នាំ២០២៨។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្ររបស់ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាមកកាន់កម្ពុជានាពេលនេះ នឹងប្រែក្លាយការប្ដេជ្ញាចិត្តនានាឱ្យទៅជាសកម្មភាពជាក់ស្ដែង ក្នុងការជំរុញការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងដំណើរការស្ដារ កសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការគាំទ្ររបស់កាណាដាលើការកសាងមូលធនមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍, ការកសាងសមត្ថភាពលើវិស័យការពារជាតិ និងវិស័យបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយសង្កត់ធ្ងន់ថា កាណាដាគឺជាមិត្ត…

