សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកពិព័រណ៍ខួប ១០០ឆ្នាំ បណ្ណសារដ្ឋានជាតិនៃកម្ពុជា (១៩២៦ – ២០២៦)

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា ឯកឧត្តម គណៈធិបតី​ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង «ពិធីបើកកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិកម្ពុជា» (១៩២៦-២០២៦) ដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនាពេលនេះ។ ទន្ទឹមនឹងកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Francophonie 2026)នៅសប្ដាហ៍ក្រោយនេះ ព្រឹត្តិការណ៍ពិព័រណ៍ខួបមួយសតវត្សរ៍នៃបណ្ណសារដ្ឋានជាតិនេះ មិនត្រឹមតែជាការរំលឹកអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាថ្លែងការណ៍ជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាយ៉ាងមុតមាំរបស់រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការអភិរក្ស ការថែរក្សា និងការធ្វើទំនើបកម្មមរតកបេតិកភណ្ឌឯកសារ និងការចងចាំរបស់ជាតិ។ ការរៀបចំពិព័រណ៍នេះ បានប្រែក្លាយបរិវេណប្រវត្តិសាស្ត្រនៃបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ឱ្យទៅជា «បរិវេណបេតិកភណ្ឌសាធារណៈ» រយៈពេលមួយខែពេញ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងអំពីស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការថែរក្សា កេរមរតកឯកសារ បណ្ណសារ​និងបណ្ណ​សារដ្ឋាន ដែលជាទ្រព្យសម្បត្តិ និងជាខ្សែច្រវាក់នៃការចងចាំរបស់ជាតិមិនឱ្យបាត់បង់ ឬខូចខាត។ ដូចសុភាសិតខ្មែរបានរំលេចថា «ដើមឈើមានឬសទើបឈរបាន ឯកសារបណ្ណសារទាំងនេះហើយ គឺជា «ឫសគល់» ឬ «ឫសកែវ»…