សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់​កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅ​ប្រទេស​រយៈពេលមួយសប្តាហ៍

(FN)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមក​ដល់​ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងារក្រៅប្រទេសយ៉ាងមមាញឹក​រយៈ​ពេល​មួយសប្តាហ៍នៅប្រទេសចំនួន៣ អាស៊ែបៃហ្សង់ តួកគីយ៉េ និងកាហ្សាក់ស្ថាន។ វេលាម៉ោងជិត៦ព្រឹកស្រាងៗ ថ្ងៃអាទិត្យ ទី១៨ ខែតុលា ឆ្នាំ២០២៦នេះ យន្តហោះពិសេសរបស់​ព្រះរាជាណាចក្រកម្ពុជាលេខ០០១ បានចុះចតលើទីលានអាកាសយាន​ដ្ឋាន​​អន្តរជាតិ​តេជោ​ដ៏ប្រណីតរបស់កម្ពុជាដោយជោគជ័យ។ ក្រុមការងារបច្ចេកទេស បានម្នីម្នារៀប​ចំ​បច្ចេកទេសឱ្យយន្តហោះបានចតនៅទីតាំងដែលបានរៀបចំ។ យន្តហោះចតរួចរាល់ គណៈ​ប្រតិភូអមដំណើរសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ក៏បានរូតរះចុះពីលើ​យន្ត​ហោះ។ គ្រាគណៈប្រតិភូអមអញ្ជើញចុះពីលើយន្តហោះ ដូចទម្លាប់សព្វដងដែរ មន្ត្រីជាន់ខ្ពស់រាជ​រដ្ឋា​ភិបាលកម្រិតឧបនាយករដ្ឋមន្ត្រី មេទ័ព មេនគរបាល អភិបាលខេត្តកណ្តាល បាន​អញ្ជើញរង់ចាំដំណើររបស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត។ យន្តហោះចត​រួចរាល់ ការរៀបចំទទួលដំណើរស្រេចបាច់ហើយនោះ សម្តេចមហាបវរធិបតី និងលោក​ជំទាវបណ្ឌិត បានអញ្ជើញចាកចេញពីយន្តហោះ។ បើទោះបីមួយសប្តាហ៍កន្លងទៅមមា​ញឹក ធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ​ទាំង​យប់​​អាធ្រាត្រ ថាមពលចំណាយច្រើន​យ៉ាង​ណាក្តី តែថាម​ពលផ្លូវចិត្តមិនស្រកស្រុត​នោះ​ឡើយ។ សម្តេចមហាបវរធិបតី និង​លោកជំទាវ បានចាក​ចេញពីយន្តហោះដោយស្នាម​ញញឹម ស្នាមញញឹមដែលបាននាំមក​នូវផ្លែផ្កាជាឧត្តមប្រយោជន៍សម្រាប់ជាតិ និងប្រជា​ជនតាមរយៈដំណើរបំពេញការងារមួយ​សប្តាហ៍​កន្លងទៅនេះ។ ផ្លែផ្កានៃការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមជាមួយប្រទេសជាមិត្ត ដែល​មិនមានទំនាក់ទំនងកាលពីពេលមុន ជាពិសេសប្រទេសកាហ្សាក់ស្ថានដែលមិនធ្លាប់មាន​នាយករដ្ឋមន្ត្រីកម្ពុជារូបណា បានបំពេញដំណើរទស្សនកិច្ចនោះឡើយ។…