សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត បណ្ឌិតកិត្តិយសនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
សូមថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គ;ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;គណៈធិបតី ភ្ញៀវកិត្តិយស, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា, មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភី ជាទីមេត្រី ! ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី សរុបចំនួន ២ ៥៧៣ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងជាគ្រឹះស្ថានឯកជនមួយ ដែលបានរួមចំណែកយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាងពីរទសវត្សរ៍កន្លងមក។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែលភាពជោគជ័យរបស់ប្អូនៗ ក្មួយៗ នាពេលនេះ គឺជាលទ្ធផលផលផ្លែផ្កានៃការខិតខំប្រឹងប្រែងផ្ទាល់ខ្លួន ការបង្ហាត់បង្រៀនរបស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងការគាំទ្រយ៉ាងសំខាន់ពីមាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ។ ខ្ញុំក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការកសាងសាកលវិទ្យាល័យ អាស៊ី…

