សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យបន្ថែម ២ដុល្លារ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតវិស័យកាត់ដេរ ឡើងដល់ ២១២ដុល្លារ ក្នុង១ខែ សម្រាប់ឆ្នាំ២០២៧

(FN)៖ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៧ ត្រូវបានកំណត់ជាផ្លូវការចំនួន ២១២ដុល្លារអាមេរិក ក្នុងមួយខែ បន្ទាប់ពីទទួលបានការសម្រេចឱ្យបន្ថែម ២ដុល្លារ ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំពិភាក្សាជាលើកចុងក្រោយ ដើម្បីពិភាក្សា និងពិនិត្យលើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៧។ នៅក្នុងកិច្ចប្រជុំនេះ មានតួលេខចំនួន២ ត្រូវបានដាក់ឲ្យបោះឆ្នោតក្នុងនោះមាន២១០ដុល្លារ ស្នើដោយនិយោជក តួលេខ២២៥ដុល្លារស្នើដោយភាគីសហជីព។ ជាលទ្ធផល នៃកិច្ចប្រជុំចរចាត្រីភាគី និងការបោះឆ្នោ តួលេខចំនួន ២១០ដុល្លារ ដែលជាប្រាក់ឈ្នួលបរមាឆ្នាំ២០២៦ ទទួលបានសំឡេងគាំទ្រច្រើនជាងគេ ៤៧/៥១សំឡេង ។ ទោះជាយ៉ាងណា ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះជីវភាពរបស់បងប្អូនកម្មករនិយោជិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២ដុល្លារ លើតួលេខចរចានេះ។ ការសម្រេចដ៏ថ្លៃថ្លានេះ បានធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត កើនឡើងពីចំនួន ២១០ដុល្លារ (ក្នុងឆ្នាំ២០២៦) ទៅដល់ ២១២ដុល្លារ ក្នុងមួយខែ (សម្រាប់ឆ្នាំ២០២៧)។…

សារលើហ្វេសប៊ុក របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ/ការិនី សម្រាប់ឆ្នាំ២០២៧

ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ ខ្ញុំបានតាមដាន និងទទួលបានរបាយការណ៍បច្ចុប្បន្នភាពជាបន្តបន្ទាប់ អំពីវឌ្ឍនភាពនៃការពិភាក្សាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧  ពីឯកឧត្តម ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ យោងតាមគោលជំហរចុងក្រោយរបស់តំណាងភាគីនិយោជក និងតំណាងភាគីបងប្អូនកម្មករនិយោជិត និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ខ្ញុំបានសម្រេចឱ្យបន្ថែមតួលេខ ២ដុល្លារអាម៉េរិក​ លើតួលេខ ២១០ដុល្លារអាម៉េរិក​ ដែលសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាភាគច្រើនបានគាំទ្រ។ ទន្ទឹមនឹងនេះ ខ្ញុំក៏បានឯកភាពរក្សា “ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នលើសោហ៊ុយធ្វើដំណើរ និងថ្លៃស្នាក់នៅ” ចំនួន ២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ ទៅអនុវត្តបន្តនៅឆ្នាំ២០២៧នេះ ស្របតាមស្មារតីនៃកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ផងដែរ។ អត្ថប្រយោជន៍ផ្សេងៗទៀត ក៏ត្រូវបានរក្សាជូនបងប្អូនផងដែរ។ ដូច្នេះ សម្រាប់ឆ្នាំ២០២៧ខាងមុខនេះ ប្រាក់ឈ្នួលគោល ដែលជាផលបូកនៃប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ ដែលបងប្អូនកម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ​ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ត្រូវទទួលបានពិតប្រាកដ គឺស្ថិតក្នុងចន្លោះពីចំនួន ២៣១,៥ដុល្លារអាម៉េរិក ដល់ ២៤២,៥ដុល្លារអាម៉េរិក ក្នុងមួយខែ។ ខ្ញុំសូមអរគុណដល់សមាជិក នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលបានខិតខំប្រជុំពិភាក្សាគ្នាប្រកបដោយវិជ្ជាជីវៈ ក្នុងស្មារតីរួម គឺគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតផង ភាពប្រកួតប្រជែងរបស់ជាតិផង…