សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ឯកឧត្តម, លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាលោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីរាប់អាន! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “អគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារ” និងសូមចូលរួមសម្ដែងការអបអរសាទរចំពោះសមិទ្ធផលនេះ។ សមិទ្ធផលដ៏ស្គឹមស្កៃថ្មីសន្លាងនេះ ស្ដែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) អគារទីស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែទំនើប តែមានការគិតគូរគ្រប់ជ្រុងជ្រោយ អម្បាញ់មិញ មុននឹងចាប់ផ្តើមកម្មវិធី (ខ្ញុំ)បានធ្វើទស្សនកិច្ចនៅជាន់មួយចំនួននៅក្នុងអគារ។ ខ្ញុំសូមធ្វើការកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេងនេះ ដែលកើតឡើងពីការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ (រួមមាន)ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមជំរុញ ជាពិសេសឯកឧត្តមអគ្គនាយកអគ្គនាយកដ្ឋានពន្ធដារផ្ទាល់តែម្តង។ សូម្បីតែ(ការ)រើសកៅអី ក៏រើសខ្លួនឯង តថ្លៃខ្លួនឯង។ សូមអរគុណចំពោះការគិតគូរ ហើយក៏សូមអរគុណ ហើយក៏សូមកោតសរសើរចំពោះក្រុមហ៊ុនសំណង់ (ដែលសម្រេចបានសមិទ្ធផល)ជាមោទនភាពមួយ។ សួរទៅថា សឹងតែ ១០០ភាគរយនៃអ្នកសាងសង់ ទាំង architect ជាដើម…

