សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែង
FN ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបំភ្លឺ៣ចំណុច ពាក់ព័ន្ធនឹងការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ សម្តេចបានបញ្ជាក់ថា គោលដៅនៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ន មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ ប៉ុន្តែគោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែង។ ខាងក្រោមនេះជាសារទាំងស្រុងរបស់សម្តេចបវរធិបតី៖ ជូនចំពោះបងប្អូនជនរួមជាតិ។ បញ្ហាព្រំដែន គឺជាបញ្ហាដែលមានភាពស្មុគស្មាញ ដែលបានបន្សល់ទុករាប់រយឆ្នាំមកហើយ ដែលយើងត្រូវរួមគ្នាដោះស្រាយ ដើម្បីប្រជាពលរដ្ឋនៃប្រទេសទាំងពីរអាចរស់នៅជាមួយគ្នាតាមបណ្ដោយព្រំដែនដោយសុខសាន្ត ក្នុងរយៈពេលវែងទៅខាងមុខ។ ខ្ញុំធ្លាប់បានបញ្ជាក់ជូនបងប្អូនជនរួមជាតិម្តងរួចហើយ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយមួយដែលត្រឹមត្រូវសម្រាប់រយៈពេលវែង និងជួយអោយបញ្ហាដូចដែលបានកើតឡើងនៅភូមិជោគជ័យនិងព្រៃចាន់អាចដោះស្រាយបញ្ចប់បាន ហើយប្រជាពលរដ្ឋអាចរស់នៅប្រកបរបរចិញ្ចឹមជីវិតជាប្រក្រតីឡើងវិញបាន ជៀសវាងអូសបន្លាយបញ្ហាអោយបន្តនៅរ៉ាំរ៉ៃរយៈពេលវែងទៅមុខ។ ដំណោះស្រាយបែបនេះ គឺមិនអាចសម្រេចបានតាមរយៈការប្រើប្រាស់មធ្យោបាយហិង្សា ឬតាមរយៈការប្រើប្រាស់កម្លាំងប្រដាប់អាវុធនោះទេ។ ផ្ទុយទៅវិញ មានតែការដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ ទើបធានាបាននូវលទ្ធផលដូចចង់បានខាងលើ។ ក្នុងន័យនេះ ស្របតាមស្មារតីដែលបានឯកភាពគ្នារវាងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) ភាគីកម្ពុជា និងភាគីថៃបានឯកភាពគ្នាបញ្ជូនក្រុមវាស់វែងចម្រុះចុះអនុវត្តការងារវាស់វែងនិងបោះបង្គោលព្រំដែន បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ៤២-៤៧ នៅខេត្តបន្ទាយមានជ័យ និង លេខ៥២-៥៩ នៅខេត្តបាត់ដំបង។ ខ្ញុំបានសង្កេតឃើញនៅតាមបណ្ដាញសង្គមមានការជជែកវែកញែក ក៏ដូចជាការបញ្ចេញមតិ ការចោទជាសំណួរ និងការបង្ហាញពីកង្វល់…


