ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សាស្រ្តាចារ្យ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និង
និស្សិតជ័យលាភីទាំងអស់ ជាទីមេត្រី !
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និង បរិញ្ញាបត្រជាន់ខ្ពស់ ដល់និស្សិតជ័យលាភី ចំនួន ៤ ០០១ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច (ផែ្នកនីតិសាស្ត្រ ចំនួន ២ ០៧៤ នាក់, ផ្នែករដ្ឋបាលសាធារណៈ ចំនួន ១ ០៦៨ នាក់, ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ចំនួន ៨២០ នាក់, និង ផ្នែកសេដ្ឋកិច្ចព័ត៌មានវិទ្យា ចំនួន ៣៩ នាក់), និង សម្ពោធអគារសិក្សា ចំណត និង ការិយាល័យកម្ពស់ ៦ ជាន់ ក្នុងបរិវេណសាកលវិទ្យាល័យ នាពេលនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
ខ្ញុំសូមយកឱកាសនេះ ធ្វើការអបអរសាទរជាមួយនឹងនិស្សិតជ័យលាភីទាំងអស់ ក៏ដូចជាក្រុមគ្រួសារ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រង បុគ្គលិកសិក្សា ដែលបានរួមគ្នានៅក្នុងការបង្កលក្ខណៈឱ្យនិស្សិតបានបញ្ចប់ការសិក្សា រួមជាមួយនឹងការសិក្សាខិតខំប្រឹងប្រែងផ្ទាល់របស់និស្សិត។
[ចប់សេចក្ដីអធិប្បាយ១]
តាមរបាយការណ៍ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា, និស្សិតជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រក្នុងថ្ងៃនេះ ប្រមាណ ៩២,៧% មានការងារធ្វើ, ក្នុងនោះ ៩១,៧% ជានិស្សិតថ្នាក់បរិញ្ញាបត្រ, និង ៩៧,២៣% ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ គិតចាប់ពីឆ្នាំ១៩៨២ ដល់បច្ចុប្បន្ន, និស្សិត និង សិក្ខាកាមដែលបានបញ្ចប់ការសិក្សាជាស្ថាពរពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច មានចំនួនជិត ៧ម៉ឺន ៥ពាន់នាក់ (និស្សិត បរទេស ចំនួន ២៦៨នាក់) ដែលកំពុងបម្រើការងារនៅតាមក្រសួងស្ថាប័នរដ្ឋ, វិស័យឯកជន, និង អង្គការមិនមែនរដ្ឋាភិបាលជាតិ និង អន្តរជាតិ, និង មួយចំនួនទៀតកំពុងប្រកបអាជីវកម្មផ្ទាល់ខ្លួន។ បច្ចុប្បន្ន, សាកលវិទ្យាល័យកំពុង បណ្តុះបណ្តាលនិស្សិតសរុបចំនួនជាង ២ ម៉ឺននាក់( ២០ ០១៦នាក់), ក្នុងនោះ និស្សិតបរទេសមានចំនួន ៩៣ នាក់, មកពីបារាំងចំនួន ៤៥ នាក់, អេស៉្បាញចំនួន ១ នាក់, កាតេម៉ាឡាចំនួន ១ នាក់, កូរ៉េចំនួន ១ នាក់, ចិនចំនួន ៦ នាក់, វៀតណាមចំនួន ១ នាក់, ហៃទីចំនួន ១ នាក់ និង ឡាវចំនួន ៣៧ នាក់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
ការចែករំលែកការសិក្សា និងចំណេះវិជ្ជា គឺមិនត្រឹមតែកម្ពុជាទេ។
[ចប់សេចក្ដីអធិប្បាយ២]
ក្នុងន័យនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការប្រឹងប្រែង និងការទទួលខុសត្រូវ របស់ក្រសួងអប់រំ យុវជន និង កីឡា ក្នុងការសិក្សាដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និង កម្មវិធីកែទម្រង់នានា ទាក់ទងនឹងការអប់រំបណ្តុះបណ្តាល និង សិក្សាស្រាវជ្រាវ ដែលបាននិងកំពុងកែលម្អវិស័យអប់រំនៅកម្ពុជា ជាលំដាប់ និង សូមកោតសរសើរចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ និង បុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ ជាពិសេស ការពង្រឹងអភិបាលកិច្ច, ការកែលម្អកម្មវិធីអប់រំបណ្តុះបណ្តាល, ការអភិវឌ្ឍសមត្ថភាពក្នុងការស្រាវជ្រាវ និងការបង្រៀនរបស់សាស្ត្រាចារ្យ, ការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ, ការលើកកម្ពស់បរិយាកាសសិក្សាស្រាវជ្រាវ, និង ការពង្រីកកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យបរទេស និង ដៃគូពាក់ព័ន្ធ។
ជាក់ស្តែង, ហេដ្ឋារចនាសម្ព័ន្ធថ្មី រួមមាន អគារសិក្សា ចំណត និង ការិយាល័យកម្ពស់ ៦ ជាន់ ដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ កំពុងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពឥតឈប់ឈរ និង ការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លា របស់សាកលវិទ្យាល័យ ក្នុងការអភិវឌ្ឍស្ថាប័នឱ្យក្លាយជាមជ្ឈមណ្ឌលឧត្តមភាព (Center of Excellence) ដ៏ពិតប្រាកដមួយនៅកម្ពុជា។ ក្នុងន័យនេះ, ខ្ញុំក៏សូមលើកទឹកចិត្តដល់ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ និង បុគ្គលិក នៃសាកលវិទ្យាល័យ បន្តខិតខំលើកកម្ពស់គុណភាព ប្រសិទ្ធភាព និង នវានុវត្តន៍, ទាំងផ្នែកអប់រំ បណ្តុះបណ្តាល ស្រាវជ្រាវ និង សិក្សាពេញមួយជីវិត, សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្សកម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច នីតិសាស្រ្ត យុត្តិធម៌ និង រដ្ឋបាលសាធារណៈ ប្រកបដោយចំណេះដឹងទូលំទូលាយ, ជំនាញច្បាស់លាស់, សីលធម៌ និង វិន័យ, ព្រមទាំង មនសិការស្នេហាជាតិ និង ប្រជាពលរដ្ឋ។
ក្រោមម្លប់សុខសន្តិភាពពេញលេញ ទូទាំងប្រទេស ក្នុងរយៈពេលជិត ២៨ ឆ្នាំនេះ, កម្ពុជា បានពូនជ្រំសមិទ្ធផលដ៏ត្រចះត្រចង់ជាច្រើនរាប់មិនអស់, និង កំពុងបង្កើតស្នាដៃថ្មីៗ បន្ថែមទៀត ស្របតាមនិន្នាការប្រែប្រួលយ៉ាងឆាប់រហ័ស នៃស្ថានការណ៍ នយោបាយ សង្គម សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យា សុខភាពសាធារណៈ និង ការប្រែប្រួលអាកាសធាតុ។
រាជរដ្ឋាភិបាលបានសិក្សាដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ» ដែលជាយុទ្ធសាស្រ្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិរយៈពេលវែង ដោយបន្តផ្តល់អាទិភាពទី១ ដល់ «មនុស្ស» និង បន្ថែមអាទិភាពថ្មី គឺ «បច្ចេកវិទ្យា» សំដៅផ្លាស់ប្តូរខឿនសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចពឹងផ្អែកលើកម្លាំងពលកម្ម ទៅជាសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និង បច្ចេកវិទ្យា។
ក្នុងក្របខ័ណ្ឌអភិវឌ្ឍមូលធនមនុស្ស, រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃការអប់រំ និង ការបណ្តុះបណ្តាលវិជ្ជាជីវៈ; ការអភិវឌ្ឍជំនាញ, ទាំងជំនាញរឹង និង ជំនាញទន់; ការរៀបចំកម្លាំងពលកម្មឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការផ្លាស់ប្តូរនៃ និម្មាបនកម្មសេដ្ឋកិច្ច, តម្រូវការទីផ្សារការងារ, និង បច្ចេកវិទ្យាឌីជីថល តាមរយៈ ការផ្លាស់ប្តូរ ជំនាញ និង ការបង្កើនជំនាញ; និង ការលើកកម្ពស់សុខភាពសាធារណៈ។ ជាមួយនេះ, រាជរដ្ឋាភិបាលក៏កំពុងកែលម្អលក្ខខណ្ឌការងារ, ទាំងក្នុងវិស័យសាធារណៈ និង វិស័យឯកជន, តាមរយៈ ការកែទម្រង់ស្ថាប័ន និង អភិបាលកិច្ច, ការលើកកម្ពស់គុណាធិបតេយ្យ និង ការកែសម្រួលប្រព័ន្ធលើកទឹកចិត្តផ្សេងៗ។
ក្នុងក្របខ័ណ្ឌអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល, រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព សមាហរណកម្ម សហថាមពល និងនវានុវត្តន៍ តាមរយៈការដាក់ចេញនូវ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីដលកម្ពុជា ២០២១–២០៣៥» ដើម្បីកសាងសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក, «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២–២០៣៥» ដើម្បីកសាងរដ្ឋាភិបាលឆ្លាតវៃ ព្រមទាំង គោលនយោបាយ និង យុទ្ធសាស្រ្តចាំបាច់ដទៃទៀត សំដៅឆ្លើយតបនឹងដំណើរការនៃបដិវត្តឧស្សាហកម្ម៤.០ ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត។
ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យអប់រំកម្ពុជា ឱ្យមានគុណភាព, ប្រសិទ្ធភាព, សមធម៌ និង នវានុវត្តន៍, ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួងអប់រំ យុវជន និង កីឡា ដូចខាងក្រោម ៖
ទី១. ត្រូវបន្តលើកកម្ពស់ការអប់រំឌីជីថល ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម៤.០ តាមរយៈ ការកែលម្អវេទិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល, ការផលិតវីដេអូបង្រៀនមុខវិជ្ជាគោល និង សម្រាប់ថ្នាក់ប្រឡង, ការបញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងការរៀន និង ការបង្រៀន, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅតាមសាលារៀន, និង ការបង្កើតកម្មវិធីអប់រំឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និង ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ, បរិវត្តកម្មបច្ចេកវិទ្យា, និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល។
ទី២. ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្ស ឱ្យឆ្លើយតបកាន់តែប្រសើរ ទៅនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងទីផ្សារការងារ ព្រមទាំងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ជាពិសេស ក្នុងបរិការណ៍នៃការប្រកួតប្រជែងលើគ្រប់ទិដ្ឋភាព, ទាំងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម, ក៏ដូចជា ការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា, ការអភិវឌ្ឍវិស័យសង្គមសេដ្ឋកិច្ច ដែលលម្អៀងទៅរកការប្រើប្រាស់បច្ចេកវិទ្យា និង ការផ្លាស់ប្តូរនិម្មាបនកម្មសកល ក្នុងគោលបំណងចម្បងបង្កើនភាពធន់ និង កសាងសង្គមសេដ្ឋកិច្ចឌីជីថលរឹងមាំ។
ទី៤. ត្រូវបន្តលើកកម្ពស់គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយកសាលា ដោយផ្តោតលើវិធីសាស្រ្តបង្រៀន កម្មវិធីបង្រៀន និង សម្ភារបរិក្ខារ ឱ្យបានសមស្របនឹងចក្ខុវិស័យនៃការអប់រំសតវត្សទី២១។ ទន្ទឹមនេះ, ត្រូវបន្តខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និង បរិស្ថាន ជាពិសេស ការរៀបចំឱ្យមានបណ្ណាល័យដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និង ឯកសារគ្រប់គ្រាន់សម្រាប់ការសិក្សារៀនសូត្រ និង ការស្រាវជ្រាវ នៅតាមគ្រឹះស្ថានសិក្សា, ទាំងរដ្ឋ និង ឯកជន។
ជាមួយគ្នានេះ, ថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ និង បុគ្គលិកសិក្សា ត្រូវបន្តដើរតួនាទីនាំមុខ ជាទីប្រឹក្សា, ជាអ្នកតម្រង់ទិស, ជាអ្នកស្រាវជ្រាវ, និង ជានវានុវត្តជន ដែលត្រូវប្រឹងប្រែងអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ, ទាំងផ្នែក ចំណេះដឹង ចំណេះធ្វើ វិធីសាស្ត្របង្រៀន និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង។
មុននឹងបញ្ចប់, ខ្ញុំសូមចូលរួមអបអរសាទរជាមួយនិស្សិតជ័យលាភីទាំង ៤ ០០១ អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានខិតខំសិក្សារៀនសូត្រ រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។ ចាប់ពីពេលនេះតទៅ,សិស្សនិស្សិត ជ័យលាភីនៅថ្ងៃនេះ នឹងក្លាយជាអ្នកជំនាញផ្នែកច្បាប់ រដ្ឋបាលសាធារណៈ និង សេដ្ឋកិច្ច ដែលនឹងត្រូវចូលរួមបំពេញការងារជាក់ស្តែងនៅក្នុងសង្គម។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា សិស្សនិស្សិតជ័យលាភីទាំងអស់នឹងយកចំណេះដឹងដែលទទួលបានពីសាកលវិទ្យាល័យនេះ ទៅអនុវត្តការងារ ក្នុងគោលដៅបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារ ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិ ទៅតាមសេចក្តីត្រូវការជាក់ស្តែងក្នុងវិស័យនីមួយៗ ជាការងារក្នុងស្ថាប័នរដ្ឋ ការងារក្នុងវិស័យឯកជន ឬ អង្គការជាតិ និងអន្តរជាតិ។
ខ្ញុំសង្ឃឹម និង ជឿជាក់យ៉ាងមុតមាំថា ប្អូនៗជ័យលាភីទាំងអស់ នឹងខិតខំពុះពារជម្នះរាល់ឧបសគ្គទាំងឡាយ ដើម្បីកសាងខ្លួនឱ្យកាន់តែស័ក្ដិសមជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ ដោយប្រើជំនាញ ចំណេះដឹង និង ចំណេះធ្វើពិតប្រាកដរបស់ខ្លួន ប្រកបដោយមនសិការវិជ្ជាជីវៈ ការទទួលខុសត្រូវក្នុងការងារ សីលធម៌ល្អ និងដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ និងដោយឥតងាករេ ដើម្បីបុព្វហេតុជាតិមាតុភូមិដ៏ថ្លៃថ្លារបស់យើង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(១) សាលាដើរតួនាទីសំខាន់ក្នុងការអប់រំឥរិយាបថសិស្ស/និស្សិត
សូមបន្តការសិក្សាស្រាវជ្រាវ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងពេលអនាគត។ កិច្ចការសំខាន់ គឺវិស័យអប់រំក្នុងនេះក៏បានឃើញថា ក្រៅពីពង្រឹងហេដ្ឋារចនាសម្ព័ន្ធរឹងនិងផ្ដោតទៅលើការបង្រៀននូវចំណេះដឹងនិងបំណិន គឺសាលាដើរតួនាទីសំខាន់ក្នុងការអប់រំឥរិយាបថរបស់និស្សិត។ ការរៀបចំ ដែលយើងគិតថាចង់ឱ្យរៀនចប់ ៤ឆ្នាំយកបរិញ្ញាបត្រឬបន្ថែមបរិញ្ញាបត្រជាន់ខ្ពស់ តាមពិតសាលាដើរតួនាទីសំខាន់ដោយយើងអត់ដឹងខ្លួន។ របៀបបង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា ទម្ងន់នៃកម្រិត academic ទាំងអស់នេះមានឥទ្ធិពលសំខាន់ពាក់ព័ន្ធទៅនឹងឥរិយាបថដែលសិស្សចេញទៅធ្វើការបន្ត។ ដាក់កម្រិតណា សិស្សអត់ដឹងទេ ដឹងតែខិតខំប្រឹងប្រែងធ្វើឱ្យចប់។ នេះជាចំណុចគន្លឹះមួយ ដែលខ្ញុំគិតថា ការបង្រៀន ការកសាងសាលា គឺដាក់ទិសដៅបែបនេះ មិនសំខាន់តែត្រឹមថាសិស្សរៀនអ្វី បានពិន្ទុ Grade យ៉ាងម៉េចទេ តែត្រូវធានាថាសិស្ស (ក្រោយពីបញ្ចប់ការសិក្សា)ចេញទៅ មានឥរិយាបថនិងសមត្ថភាពពិតប្រាកដ ចាប់យកការងារនិងជោគជ័យក្នុងជីវិត។
(២) ពេលប្រកួតប្រជែងក្នុងជីវិត ក្នុងសង្គម គ្មានគ្រូឱ្យពិន្ទុ
រីឯសិស្សវិញក៏ដូចគ្នា។ មិនគួរទៅរៀន ចង់បានតែពិន្ទុ និងសញ្ញាបត្រនោះទេ។ យើងមិនត្រូវទៅរៀនគ្រាន់តែចង់បាន(និទ្ទេស) A និងបានសញ្ញាបត្រ តែអត់(មានឥរិយាបថនិងសមត្ថភាព) ពេញ(លេញ)នោះទេ។ បានន័យថាម៉េច? អ្នកខ្លះចង់ឱ្យបានសាលាស្រួល ដើម្បីមិនបាច់រៀន។ ទៅដល់បាន A ហើយពេលចប់ (ក៏បាន)សញ្ញាបត្រតែម្ដង។ សម័យឥឡូវគឺដាក់ homework មក បើប្រើ AI បាន, ក៏ប្រើតែម្ដង មិនបាច់(ធ្វើខ្លួនឯង)។ សូមកុំភ្លេចណា បានអាហ្នឹង(និទ្ទេស A និងសញ្ញាបត្រ)មែន ប៉ុន្តែពេលដែលទៅប្រកួតប្រជែងក្នុងជីវិត គ្មានគ្រូជួយ គ្មានអ្នកណាឱ្យពិន្ទុទេ។ (ការស្វែងរក)ពិន្ទុក្នុងសង្គមគឺពិបាកហើយ។ សូមយកបទពិសោធន៍ខ្ញុំ មកចែករំលែក។ កាលនៅរៀន យើងជាសិស្សអត់ដឹងទេ តែដល់ពេលយើងរៀនចប់ មកធ្វើជាមេ(ដឹកនាំ)គេ រៀបចំប្រព័ន្ធការងារ បទបញ្ជានិងការរៀបចំប្រព័ន្ធគិតគូរអប់រំ ឬមួយអង្គភាពដូចគ្នា។ ខ្ញុំយកបទពិសោធន៍សាលាយោធាចុះ។
(៣) មេរៀនក្នុងសៀវភៅ ខ្ញុំភ្លេច … តែ មេរៀនក្នុងជីវិតនិងឥរិយាបថ ខ្ញុំមិនភ្លេចទេ
កាលនៅអាមេរិក សាលាយោធានេះខុសពីគេ ខុសពីសាលាធម្មតានៅអាមេរិកផង ប៉ុន្តែមានគោលដៅច្បាស់លាស់ គឺបណ្តុះសមត្ថភាពជំនាញនិងឥរិយាបថទៅជាមេទ័ព។ ខ្ញុំគិតថាទៅជាមេទ័ពក្នុងកងទ័ព ឬមួយក៏ចេញមកធ្វើក្នុងការងារស៊ីវិលមិនខុសគ្នាទេ។ ខ្ញុំតែងនិយាយថា មេរៀនក្នុងសៀវភៅដែលខ្ញុំរៀននៅ(សាលា)នោះ ៤ឆ្នាំ ខ្ញុំភ្លេចអស់ហើយ … ប៉ុន្តែ មេរៀនក្នុងជីវិត ឥរិយាបថ ខ្ញុំអត់ភ្លេចទេ ហើយក៏មិនមានច្រើនដែរ។ ឧទាហរណ៍ សិស្សចូលចូលទៅថ្ងៃដំបូង ក្នុងបទបញ្ជារបស់សាលា ដកសិទ្ធិនិយាយ គឺ(អនុញ្ញាត)ឱ្យនិយាយតែ ៤ម៉ាត់ គឺ Yes, sir!, No, sir!, No excuse, sir! និង sir, I do not understand!។ មួយឆ្នាំដំបូង អត់ឱ្យសិទ្ធិនិយាយអី្វទាំងអស់។ អាចឆ្លើយតែ បាទ, ទេ, អត់មានលេសទេ, និងខ្ញុំអត់យល់ទេ សូមសួរម្តងទៀត។ អាទី៤ នេះគ្រាន់តែបន្ទាប់បន្សំ។ (ជាញឹកញយ)មានតែ ៣ទេ។ អ្នកឯងធ្វើការជោគជ័យ មិនជោគជ័យ គេសួរអ្នកឯងធ្វើចប់នៅ? មានសិទ្ធិឆ្លើយតែ ៣ទេ! បើចប់ ប្រាប់ថា “Yes, sir!” បើថាមិនចប់ថា “No, sir!” និងអត់មានថែមថា ដោយសារអី្វទេ។ គេសួរថា មូលហេតុអីអ្នកឯងធ្វើមិនចប់? អត់ឱ្យសិទ្ធិពន្យល់ស្អីទាំងអស់ គឺឱ្យសិទ្ធិនិយាយត្រឹមតែ “No excuse”។ អត់មានហេតុផលអីដែលថាខ្ញុំធ្វើមិនទាន់ចប់ទេ។ ខ្ញុំត្រូវខិតខំធ្វើឱ្យចប់។
(៤) មុននឹងរកលេសពីក្រៅខ្លួន ត្រូវដឹងថា អ្វីៗ ក៏ដោយ គឺនៅក្នុងខ្លួនយើង
មើលពេលនោះ ជាសិស្សចូលទៅថ្មី ទាំងខ្ញុំទាំងគេ គិតថា វាអយុត្តិធម៌។ ហេតុអីក៏ឯងត្រូវរហូត? System (នៃការសិក្សា)ហ្នឹង ដាក់មកដើម្បីឱ្យមេៗ ធ្វើបាបកូនចៅ។ គិតថា មិនមានយុត្តិធម៌ទេ។ ប៉ុន្តែ ទោះបីជាយើង complain យើងរអ៊ូយ៉ាងម៉េចក៏ដោយ យើងនៅតែត្រូវតែធ្វើ។ ដោយហេតុនេះ មួយរយៈពេលទៅ គឺឈប់គិតពីរឿងរកហេតុផល និងរកលេសថា “មូលហេតុអី្វ” និងដឹងតែពីថា ខំប្រឹងធ្វើឱ្យចប់។ បើធ្វើមិនចប់គឺខំប្រឹង។ មិនមានការដាក់បន្ទុកពីកត្តាក្រៅខ្លួនថាមកពីអ្នកហ្នឹងៗ (នោះទេ គឺ)ដឹងតែថា (ជា)កំហុស(របស់)យើង (និងត្រូវ)កែខៃឱ្យចប់។ គេចង់បង្រៀនថា មុននឹងទៅរកលេសពីក្រៅខ្លួន យើងត្រូវជឿទុកចិត្តខ្លួនឯងថា ស្អីក៏ដោយគឺនៅក្នុងយើងទាំងអស់។ បើសិនជាយើងចាប់ផ្តើមយកមូលហេតុក្រៅខ្លួនមកដាក់នោះយើងអត់ខំប្រឹង។ យើងគិតថាបាត់ម្ចាស់ការរួចទៅហើយ។ តាមពិត គេចង់ឱ្យយើង(គិតថា) “មិនមែនជាកំហុសអ្នកណាទេ។ គឺម្ចាស់ការនៅក្នុងខ្លួន។ ច្នៃរក(វិធី)ធ្វើ ដើម្បីបញ្ចប់ការងារ ៤ឆ្នាំ”។
(៥) គោលគំនិត និងបទបញ្ជារបស់សាលា ជាកត្តាសំខាន់សម្រាប់អប់រំមនុស្ស
នៅក្នុងជីវិតពិត (ក្រោយពីបញ្ចប់ការសិក្សា)ចេញមក ដូចតែគ្នាទេ។ នៅលើសមរភូមិ គ្មានជម្រើសទេ។ បើគេឱ្យទ័ពប៉ុណ្ណឹង ថ្នាក់លើអត់បញ្ជូនស្អីមកជួយ ត្រូវតែរក(វិធី)ដោះស្រាយ។ អត់អង្គុយស្លាប់(ក្រឡា) អង្គុយ(ទទួលយក)បរាជ័យ ហើយស្រែកប្រាប់ថា ថ្នាក់លើមិនឱ្យកាំភ្លើង មិនឱ្យសម្ភារៈមកជួយទេ (គឺត្រូវរកវិធី)ដោះស្រាយខ្លួនឯង។ (ក្នុងការ)បង្រៀន គេមានមូលហេតុ។ កាលយើងនៅសិស្ស យើងរអ៊ូ ប៉ុន្តែដល់ពេលយូរទៅ យើងដឹងថា នេះគឺជា(គោលដៅនៃ)ការបង្រៀន។ គេមិនត្រឹមតែឱ្យយើងចេះបាញ់កាំភ្លើង ចេះវាស់មុំ ចេះ(យុទ្ធវិធី)អីទេ ប៉ុន្តែត្រូវមានឥរិយាបថទទួលខុសត្រូវ និងច្នៃប្រឌិតដោះស្រាយខ្លួនឯង។ ដែលខ្ញុំថា ការរៀបចំគោលគំនិត បទបញ្ជារបស់សាលាសំខាន់ គឺសម្រាប់អប់រំមនុស្សរស់រាល់ថ្ងៃ។
(៦) Honor Code … មិនឱ្យភូត មិនឱ្យលួច មិនឱ្យបោកគេ ឬក៏ចូលដៃជាមួយអ្នកបោក
ទី២ ចូលទៅដល់ថ្ងៃដំបូង ត្រូវរស់ក្រោមពាក្យថា Honor Code។ Honor Code ហ្នឹងគឺនិស្សិតដែលរៀននៅទីនោះ មិនឱ្យភូត មិនឱ្យលួច មិនឱ្យបោកគេ ឬក៏ចូលដៃជាមួយអ្នកបោក។ កំហុសអី្វផ្សេងៗ ជាប់ពិន័យលាងបង្គន់ តែកំហុសភូតនេះ គឺត្រូវដេញចេញដោយស្វ័យប្រវត្តិ (honor code)។ មិត្តភក្តិរបស់ខ្ញុំ ដែលរៀននៅ Compagnie ជាមួយគ្នា នៅវរកងអនុសេនាធំជាមួយគ្នា ត្រូវបានបណ្ដេញចេញ ដោយសារវាធ្វើ paper មួយ ឱ្យសាលា ហើយមានមួយផ្នែកនោះ វាចម្លងចេញពីអ៊ីនធើណិត។ គេចាប់បាន គេហៅទៅសួរ។ វាភូតថា វាអត់ចម្លងទេ។ គេដេញចេញ ដោយសារវាភូត។ វាអត់ទទួលខុសត្រូវ … ឥឡូវ សម័យ AI។ កាលខ្ញុំរៀននោះ អត់ទាន់មាន AI ទេ។ វាចូលអ៊ីនធឺណិត ទៅចម្លងចេញពីអ៊ីនធឺណិតមកដាក់ … ប៉ុន្តែ គ្រូមានកម្មវិធីសម្រាប់ចាប់ (ការចម្លងនេះ)។ ដាក់ឯកសារចូល ហើយ scan មក គេដឹងថា នេះជាឯកសារចម្លង។
(៧) មិនថាការងារលំបាកដូចម្តេចទេ ត្រូវតែបណ្តុះមនុស្សកុំឱ្យយកផ្លូវកាត់
មានប្រធានជំនាន់មួយនោះ ត្រូវបានបណ្ដេញចេញមួយអាទិត្យ។ មិនធម្មតាទេ ប្រធានជំនាន់លេខ១ ក្នុងថ្នាក់ផង។ ដូចគ្នា នៅសល់តែ ២អាទិត្យគត់ គាត់សរសេរនិក្ខេបបទចុងក្រោយ នៅក្នុងជំនាញមួយនោះ ដោយបានចម្លងខ្លះដូចគ្នា។ រួចហើយ (ក៏ត្រូវ)គេចាប់ដូចគ្នា។ គាត់ត្រូវបណ្ដេញចេញ។ ទទួលការបណ្ដេញនៅឆ្នាំទី៤ ត្រូវជំពាក់រដ្ឋ ព្រោះរដ្ឋចេញលុយឱ្យរៀន ១ឆ្នាំ ២០ម៉ឺនដុល្លារ។ គាត់ត្រូវធ្លាក់ទៅពាក់ដោយមួយជាន់ ហើយទៅធ្វើការសងរដ្ឋវិញប៉ុន្មានឆ្នាំ។ មិនមាន(ការអនុគ្រោះ)ថា អ្នកឯងសិស្សធម្មតា ឬប្រធានជំនាន់ទេ។ អ្នកដែលដឹងរឿងហ្នឹងហើយ អត់ព្រមរាយការណ៍ ក៏គេដេញចេញដូចគ្នា។ បានន័យថាម៉េច? (មិនថា)ការងារលំបាក(ដូចម្តេចទេ ត្រូវ)តែបណ្តុះមនុស្សកុំឱ្យយកផ្លូវកាត់។ ត្រូវហ៊ានស្មោះត្រង់។ បានប៉ុន្មាន(ក៏ជាការប្រឹងប្រែងផ្ទាល់ខ្លួន) ប្រសើរជាង(ចម្លងអ្វីមិនមែនរបស់ខ្លួននិងត្រូវ)គេដេញចេញ។ នេះជាបទបញ្ជាផ្ទៃក្នុងសាលា …។
មួយទៀត ពេលដែលទៅថ្នាក់រៀន នៅសាលាទាហានហ្នឹង យើងអត់និយាយពីគេត្រួតពិនិត្យទាហានទេ។ យើងនិយាយតែពី academic។ សិស្សនៅនោះ បើប្រៀបធៀបជាមួយសាលាធម្មតា មួយគុណនឹងពីរ។ បានន័យថា បើធម្មតាមួយ semester ហ្នឹង មួយឆមាសឱ្យយក ៦ថ្នាក់ នៅនោះមានពី១០ ទៅ១២ថ្នាក់។ ទីពីរ តាំងពីម៉ោង ៥ព្រឹក តាំងភ្លើងបើក រហូតទៅដល់ម៉ោង ១០យប់ ត្រូវបិទភ្លើង គឺមានកម្មវិធីផ្សេងៗ រហូត។ ថ្នាក់ដំបូង ងើបម៉ោង៥ ដើររត់ ទៅយកឯកសារ ដើរបោះកាសែតឱ្យថ្នាក់លើ យកខោអាវប្រឡាក់របស់ថ្នាក់លើ … រៀនតែ ៤ម៉ោងទេ។ ក្រៅពីហ្នឹង គឺមានកម្មវិធីកីឡា ស្អីផ្សេងៗ។ សិស្សនៅសាលានោះ (នាំគ្នានិយាយ)ថា អត់យុត្តិធម៌។ សិស្សដែលចេញពីសាលាហ្នឹង បើប្រៀបធៀប GPA ពិន្ទុនៅសាលាផ្សេង គេបូកឱ្យមួយឬពីរ។ ឧ. នៅនេះបាន C ចេញទៅសាលាផ្សេង គេបូកឱ្យបាន B។ មិត្តភក្តិខ្ញុំដែលរៀន(នៅ)ហ្នឹង វាបាន C-minus។ វាធ្លាក់។ ដោយសារវាចម្លង។ ដល់ចេញទៅក្រៅមួយអាណត្តិ វារៀន straight A រហូត។ កម្រិតវាខ្ពស់។
(៨) ជានាយទាហានចេញពីសាលា ត្រូវមានសមត្ថភាពសម្រេចចិត្ត ដោយចេះធ្វើអាទិភាវូបនីយកម្ម
ដែលគេ design របៀបហ្នឹង មិនមែនដោយចៃដន្យទេ។ គេមិនធ្វើបាបសិស្សទេ។ គេដឹងថា ជានាយទាហានចេញ(ពីសាលា)ទៅ មិនមែនរឿងអ្នកឯងរៀនអី ចេះអីទេ ប៉ុន្តែគឺអ្នកឯងត្រូវមានសមត្ថភាពក្នុងការសម្រេចចិត្ត នៅពេលដែលមានព័ត៌មានមក(ពី)ច្រើន(ប្រភព) មានការងារច្រើន និងត្រូវសម្រេចចិត្តដូចម្តេច? គេបង្រៀនឱ្យចេះធ្វើអាទិភាវូបនីយកម្ម … ហើយកុំខ្លាចសិស្សរត់ កុំខ្លាចលំបាក ព្រោះ(មានជា)បទពិសោធហើយ។ មនុស្សយើង (ថ្វីបើ)មានសមត្ថភាព មានសក្តានុពលធំ តែសំខាន់គឺដាក់នៅក្នុងបរិស្ថាន(ណាមួយក៏)អាចធ្វើបាន។ ហ្នឹងដែលពេលខ្លះខ្ញុំនិយាយលេងថា (ក្នុងករណីធម្មតា)របង(កំពស់) ២ម៉ែត្រ លោតមិនរួច។ ដាក់ជណ្ដើរ ក៏(ឡើង)មិនរួច។ តែពេលឆ្កែដេញ លោតរួច។ ហាត់ទាហានដំបូង ចូលទៅដល់ ងើបតែពីដេករត់ រត់តែកន្លះគីឡូម៉ែត្រ រត់មិនរួច។ ចូលទៅ ៣ខែ រត់បាន ៥គីឡូម៉ែត្រ ដោយសារគេជំរុញអ្វីដែលមាននៅក្នុងខ្លួនឱ្យទៅដល់(កម្រិតនោះ)។ ថ្នាក់រៀនមួយៗ រៀនខុសពីសាលាធម្មតា។ សាលាធម្មតា គឺចាំតែគ្រូឡើងមេរៀន កត់ ហើយយកទៅទន្ទេញ។ នៅនោះគេប្រើ វិធីសាស្ត្រ ហៅថា Thayer Method។ នាយកសាលាដំបូងរបស់សាលានាយទាហានអាម៉េរិកហ្នឹង គឺបារាំង។ មិនមែនអាម៉េរិកទេ។ អាម៉េរិកបានសុំឱ្យបារាំងជួយបង្កើតសាលានាយទាហានឱ្យ។ អ្នកដែលបង្កើតដំបូង គឺជនជាតិបារាំងឈ្មោះ Sylvanus Thayer។ គាត់យក system ពីបារាំង យកមកដាក់។
(៩) ការបំពេញកាតព្វកិច្ច បត់មនុស្សទៅមានឥរិយាបថ
ដូចឥឡូវយើងស្រាវជ្រាវបន្ថែម។ របៀបបង្រៀនយកពីក្រៅពី IB (International Baccalaureate) ស្អីៗ មកបន្ថែមហ្នឹងដូចគ្នា ដើម្បីយើងអភិវឌ្ឍនិងរីកចម្រើន។ ប៉ុន្តែ កម្មវិធីនោះ គឺថ្នាក់ច្រើនហើយ ឯសិស្សត្រូវរៀនខ្លួនឯងមុន ទៅដល់(ថ្នាក់)គឺក្នុងថ្នាក់ហ្នឹងគ្រាន់តែអង្គុយពិភាក្សាទេ។ មិនមែនគ្រូទៅដល់ ជួយឡើងថ្នាក់/បង្រៀនទេ។ គ្រូអត់សរសេរមេរៀនស្អីៗ ដាក់លើក្តារខៀនឱ្យយើងទេ។ គេរំពឹងថាសិស្សទាំងអស់ ពេលទៅដល់(ថ្នាក់) បានរៀនរួចហើយ។ ចូលទៅគឺត្រូវពិភាក្សា។ អ្នកណាអត់ចេះ មិន(ចូលរួម)ពិភាក្សា ត្រូវពិន័យ។ ខ្ញុំនិយាយពីបទពិសោធនេះ (ដើម្បីបង្ហាញថា)កាលនៅរៀន សិស្សរអ៊ូដូចតែគ្នា។ មើលសិស្សណា (ដែលមាន)មេរៀនច្រើន អត់រអ៊ូ? តែ (ទោះជារអ៊ូក៏)ត្រូវតែធ្វើ។ គឺកាតព្វកិច្ចហ្នឹងហើយ ដែលបត់យើងទៅមាន/ជាឥរិយាបថ។ ដំបូងថា ៖ «អើ! វាមិនដែលអ្នកណាបង្រៀនអី ឱ្យឯងមកម្ដង ស្មើនឹងគេ២ដង ហើយមិនឱ្យមានពេលទៀត។ យប់ម៉ោង១០ ដឹងតែបិទភ្លើង ហ៊ានតែបើកភ្លើង គេមកឆែកឃើញ! ងាប់»។ ទាំងខ្ញុំទាំងគេ ភ្លើងសល់តែមួយកន្លែងគត់គឺបន្ទប់ទឹក។ យប់ឡើង កន្លែងបន្ទប់ទឹក ឬបង្គន់ហ្នឹង (មាន)មនុស្សពេញ។ មិនមែនទៅបត់ជើងអី(ដល់)មួយម៉ោងទេ។ គឺទៅអង្គុយរៀន។
(១០) សាលាជាកន្លែងបង្រៀននិងបណ្តុះលក្ខខណ្ឌឱ្យសិស្សយកបានសញ្ញាបត្រជាជំនាញពិតប្រាកដ
អ្វីដែលខ្ញុំចង់លើកគឺថា ការរៀបចំសំខាន់។ សាលាមិនមែនគ្រាន់តែជាមជ្ឈមណ្ឌលផ្តល់សញ្ញាបត្រ ឬមួយផ្តល់ពិន្ទុល្អឱ្យសិស្សទេ។ សាលាគួរតែជាកន្លែងដែលដាក់នូវរបៀបបង្រៀន និងលក្ខខណ្ឌបែបណា ដើម្បីឱ្យសិស្សយកសញ្ញាបត្រនោះ បូកជាមួយជំនាញដែលគាត់បាន(រៀន មិនថាបាន)ពិន្ទុប៉ុន្មានក៏ដោយ ចេញទៅវិញគឺរបៀបរបបនៃការយកពិន្ទុ និងចំណេះរបស់គាត់នេះ (ពិតជាបានធ្វើ)ច្បាស់លាស់។ បើគាត់ពឹងតែ AI ហើយយើងឱ្យជាប់ដែរ គាត់ទៅធ្វើការអត់កើតទេ។ កុំភ្លេចថា បើសិស្សម្នាក់ៗ ចេញទៅអត់ច្បាស់លាស់ ប្រទេសជាតិមួយនឹងមានធនធានមនុស្សដែលលំបាក(យកទៅប្រើប្រាស់)។ យើងនិយាយពីការប្រកួតប្រជែងស្អី? ឥឡូវ AI មិនទាន់បានអីផង គេឈានទៅដល់ត្រៀម AGI ទៀតហើយ។ ឥឡូវយើងគិតថា Artificial Intelligence ហ្នឹងឆ្លាត។ ពេលខ្លះ ខ្ញុំត្រូវការសួរសំណួរអ្វី ក៏សួរ AI ហ្នឹង។ កាលមុន Google គ្រាន់តែវាយទៅ គេស្រាវជ្រាវអត្ថបទដែលមានស្រាប់ អត់យកអក្សរមកផ្គុំជាអត្ថបទឱ្យយើងទេ។ ឥឡូវ AI នេះ យកអត្ថបទផ្សេងៗ ផ្គុំគ្នា រៀបលំដាប់លំដោយ ហូរហែល្អ។
(១១) មនុស្សមានគុណធម៌ និងសីលធម៌ ដែលអាចសម្រេចកិច្ចការ ដែលម៉ាស៊ីនមិនអាចសម្រេចបាន
AGI នេះ Artificial General Intelligence ថ្ងៃក្រោយដូចមនុស្ស។ ឆ្លាតជាងមនុស្សទៀត ព្រោះ AI មានកំណត់ តែ AGI គឺវារៀន។ បានន័យថា វាឆ្លើយម្ដង ថ្ងៃក្រោយវារៀនពីបទពិសោធ ពីអី។ គេថា កុំព្យូទ័រចេះរៀនដូចមនុស្ស។ ទោះជាយ៉ាងណាក៏ដោយ មនុស្សនៅតែជាអ្នកគ្រប់គ្រង AI។ កាលពីម្សិលមិញ បើកកិច្ចប្រជុំប្រមុខ មុខងារសាធារណៈអាស៊ាន និងបូក៣ ក៏និយាយពី AI និងការអភិវឌ្ឍ AI។ យ៉ាងណាក្តី មនុស្សនៅតែចាំបាច់គ្រប់គ្រង ព្រោះមនុស្សមានតម្លៃ។ បានន័យថា មានគុណធម៌ សីលធម៌ ដែលអាចសម្រេច(កិច្ចការ ដែល)ម៉ាស៊ីនមិនអាចសម្រេចបានទេ។ ហ្នឹងដែលកន្លងទៅគេថា (បើ)ប្រើ(AI)នៅក្នុងសង្គ្រាម ដូចជា robot មិនមានការសម្រេចចិត្តទេ តែថាបាញ់គឺបាញ់។ បើជាមនុស្ស អាចថា ពេលណាដែលមិនសម្លាប់ និងយកជាឈ្លើយសឹក។ បើជា robot ដាក់ទៅគឺដឹងតែអត់មានមនោសញ្ចេតនាជាមួយទេ។ ប្រើវាបាន តែពេលខ្លះត្រូវតែមានការសម្រេចចិត្ត។
(១២) សិស្សត្រូវមានចំណេះដឹង បំណិន ឥរិយាបថ ពិសេសតម្លៃនៃការប្រកួតប្រជែងនិងសមត្ថភាពពិត
ទោះជាយ៉ាងណាក៏ដោយ ការរៀបចំស្ថាប័នគ្រប់គ្រងទាំងអស់ ខ្ញុំឃើញថាវិស័យឯកជន ក៏ដូចជាសាលារដ្ឋបានពង្រឹងការស្រាវជ្រាវបន្ថែមច្រើន។ អ្វីដែលយើងយកជាចំណេះដឹង បំណិន hard skills នេះ សូមឲ្យគិតអំពី លក្ខខណ្ឌ និងរបៀបរបបក្នុងការបង្រៀន ដើម្បីធានាថា សិស្សចេញទៅ មានទាំងចំណេះដឹង និងបំណិនច្បាស់លាស់ បូកជាមួយឥរិយាបថ ជាពិសេសតម្លៃនៃការប្រកួតប្រជែង និងតម្លៃនៃសមត្ថភាពពិត កុំឲ្យបានសញ្ញាបត្រ និង GPA (ព្រោះវា)មិនប្រាកដថាជួយយើងទេ។ ខ្ញុំលើកអំពីសញ្ញាបត្រនៅសាលាទាហាន គេដឹងថាវាតឹង អញ្ចឹងបានចេញទៅក្រៅគេឲ្យបូក(ពិន្ទុ ដូចជា) C នៅ(សាលាទាហាន)នេះស្មើនឹង B ឬមួយអី នៅកន្លែងនោះ ព្រោះវាស្ទើរតែ equivalent។ អ្វីដែលសំខាន់សម្រាប់និស្សិត គឺពឹងទៅលើប្រការថាត្រូវធ្វើម៉េចថ្ងៃក្រោយ (ដើម្បី)ប្អូនៗ ដែលបានសញ្ញាបត្រនេះ ប្រែក្លាយទៅជាសញ្ញាឃើញពិតប្រាកដ។ រៀនយកចំណេះដឹង មានបំណិនឲ្យច្បាស់។ កុំចាំបាច់ចេះច្រើនពេក។ ចេះអ្វីមួយឬពីរ ជាគោលធំ។ ឯចំណេះផ្សេងទៀត យើងរៀនបន្ទាប់បន្សំ … តែមួយឬពីរ(មុខ)ហ្នឹងឲ្យបានច្បាស់ទៅ។ យកទៅប្រើបាន អភិវឌ្ឍ ពង្រីកខ្លួនទៀត ហើយស្រាវជ្រាវបន្ថែមទៅ។
(១៣) ត្រូវមានសមត្ថភាពគ្រប់គ្រងនិងប្រើប្រាស់បច្ចេកវិទ្យា ទើបមនុស្សជោគជ័យ
សមត្ថភាពនិងលទ្ធភាពរបស់យុវជនយើងឥឡូវមិនខ្វះទេ សំខាន់ឲ្យតែចេះមើល និងដាក់ចិត្តមើល។ សម័យឥឡូវ នៅក្នុងដៃយើងទាំងអស់ហ្នឹង។ នៅក្នុងដៃយើង បានន័យថា វានៅក្នុងទូរស័ព្ទយើងហ្នឹងឯង។ ចង់ដឹងអី(សរសេរសួរ)ភ្លាម។ តែកុំឲ្យទូរស័ព្ទធ្វើការជំនួសយើងឲ្យសោះ។ បានន័យថា កុំពឹងផ្អែកលើបច្ចេកវិទ្យាខ្លាំងពេក ដែលយើងអត់មានស្អីក្នុងខ្លួន ហើយសង្ឃឹមថាបច្ចេកវិទ្យានឹងជួយឲ្យយើងជោគជ័យក្នុងជីវិត។ អត់ទៅរួចទេ។ យើងត្រូវមានសមត្ថភាពគ្រប់គ្រងបច្ចេកវិទ្យា គ្រប់គ្រងការប្រើប្រាស់វា តាមសមត្ថភាពរបស់យើង ទើបជោគជ័យ។ ប្រទេសមួយត្រូវការមនុស្សដែលចេះធ្វើការ។ បើសិនជាត្រឹមតែយកមនុស្សចេះចុចកុំព្យូទ័រ ហើយសំណួរនិងចម្លើយទាំងអស់ គឺបានត្រឹមតែចេញពីទូរស័ព្ទដដែល អញ្ចឹងគេអត់ត្រូវការមនុស្សទេ។ គេប្រើកុំព្យូទ័រជំនួសមនុស្សហើយ ព្រោះបើយកមនុស្សមក សួរអីក៏អត់ដឹងៗ។ សួរអីទៅ ចាំខ្ញុំសួរ AI ដដែលហ្នឹង។ អញ្ចឹងគេនឹងប្រើ AI តែម្តងកុំឲ្យលំបាក។
(១៤) សិស្ស/និស្សិតត្រូវមានបំណិនក្នុងខ្លួនជាមូលដ្ឋាន ឯបច្ចេកវិទ្យាជួយជំរុញបន្ថែម
ខ្ញុំគិតថា ការស្រាវជ្រាវ ការរៀបចំប្រព័ន្ធអប់រំរបស់យើង ជាពិសេសគុណភាពនៃការអប់រំ ពាក្យថា «គុណភាព» មិនសំដៅតែទៅលើ សមត្ថភាព បំពាក់កុំព្យូទ័រ ធ្វើអគារខ្ពស់(ទេ ប៉ុន្តែ)ក៏ជាសមត្ថភាពមួយនៅក្នុងការបង្កើនមធ្យោបាយដើម្បីពង្រឹងគុណភាពអប់រំ។ ប៉ុន្តែវាមិនមែនជាគោលដៅចុងក្រោយរបស់យើងទេ។ បើមានអគារល្អ ប្រព័ន្ធអប់រំល្អ តែសិស្សមិនបានប្រើរបស់ទាំងហ្នឹងសម្រាប់បង្កើនអ្វីដែលនៅក្នុងខ្លួនពួកគេនោះ គឺលំបាក។ បានន័យថា យើងឲ្យសិស្សប្រើប្រាស់បច្ចេកវិទ្យា តែយើងអត់ដាក់លក្ខខណ្ឌឲ្យគាត់ធ្វើកម្រិតណាដោយខ្លួនឯង កម្រិតណាដែលឲ្យប្រើបច្ចេកវិទ្យា យើង(នឹងមាន)បញ្ហា។ ថ្ងៃមុន នៅខ្សាច់កណ្ដាល ខ្ញុំសួរថាសិស្សថ្នាក់ទីប៉ុន្មានឲ្យប្រើ calculator ហើយប៉ុន្មាននាក់ចេះគុណលេខ បូកលេខនឹងដៃ។ គ្រូប្រាប់ថា រៀនទាល់តែចប់បានឲ្យប្រើ calculator។ ហ្នឹងដែលត្រូវចាំបាច់។ ត្រូវតែមានបំណិនក្នុងខ្លួន បំណិនមូលដ្ឋាន ដោយបច្ចេកវិទ្យាជួយជំរុញបន្ថែម។ យើងថា វិស័យឯកជនក្នុង(វិស័យ)អប់រំ ជា Business ប៉ុន្តែជាធុរកិច្ចដែលចាំបាច់ ខុសពីធុរកិច្ចផ្សេងទៀត។ ខុសពីហាងគុយទាវ ខុសពីរោងចក្រផលិតរថយន្ត។
(១៥) រដ្ឋាភិបាលដាក់ចេញគោលនយោបាយពង្រឹងធនធានមនុស្ស ឯគ្រឹះស្ថានអប់រំឯកជន/រដ្ឋជាអ្នកអនុវត្ត
(វិស័យឯកជនក្នុង(វិស័យ)អប់រំ )គឺជាធុរកិច្ចដែលកសាងធនធានមនុស្ស ដែលទៅបង្កើន(សមត្ថភាពជាតិ)បន្ថែមទៀត។ យើងបានធ្វើ(ការខំប្រឹងប្រែង)ជាប្រចាំ ដោយមានការចូលរួមពីគ្រប់សាកលវិទ្យាល័យទាំងអស់ ទាំងរដ្ឋនិងឯកជន ក្នុងការស្រាវជ្រាវបន្ថែមជាប្រចាំ។ ធនធានមនុស្សយើង ពឹងលើយើង។ ប្រទេសជាតិយើងពឹងលើយើង។ រដ្ឋាភិបាល បានត្រឹមតែដាក់ចេញគោលនយោបាយពង្រឹងធនធានមនុស្ស ប៉ុន្តែធ្វើយ៉ាងម៉េចគឺពឹងទៅលើស្ថាប័នអប់រំ គ្រឹះស្ថានអប់រំឯកជន/រដ្ឋ(ជាអ្នកអនុវត្ត)។ គ្រឹះស្ថានឯកជននិងរដ្ឋនេះហើយ ដែលត្រូវ(អនុវត្តគោលនយោបាយពង្រឹងធនធានមនុស្ស)។ សូមកុំទម្លាក់គុណភាព ដើម្បីប្រកួតប្រជែង។ (អ្វីដែល)បារម្ភបំផុតគឺទម្លាក់គុណភាពដើម្បីប្រកួតប្រជែង។ អត់បានចូលរៀនក៏បានសញ្ញាបត្រ នេះជាបញ្ហា។ អត់តម្លៃ។ ថ្ងៃក្រោយ ខ្ញុំថា Brand របស់យើងនឹងមិនល្អតែម្តង។ Brand របស់យើង បានន័យថាម៉េច? ពីដំណាក់កាលមួយទៅដំណាក់កាលមួយ មិនខុសពីហាងកាហ្វេទេ។ ពេលមុន គឺបើសិនជាមានម៉ាស៊ីនត្រជាក់ អត់ចូលទេ។ ហាងទាំងហ្នឹងថ្លៃ។ ក្រោយមក ចាប់ផ្តើម(ផ្លាស់ប្តូរ)។ បានន័យថាជីវភាពរបស់ប្រជាជនធូរធារ គាត់ស្វែងរកគុណភាពរកកន្លែង(ល្អ)។ អញ្ចឹង គាត់សុខចិត្តទៅតកន្ទុយគ្នា នៅចាំកន្លែងដែលមានអ្វីដែលផ្តល់គុណភាពពិតប្រាកដឲ្យគាត់។
(១៦) វិស័យឯកជនចូលរួមជួយសំរេច គោលនយោបាយសម្តេចតេជោ ក្នុងការពង្រីកសេវាសិក្សាគ្រប់ថ្នាក់
ក្នុងការបណ្តុះបណ្តាលនេះ មិននិយាយតែថ្នាក់ឧត្តមសិក្សាទេ គឺគិតទាំងថ្នាក់ទាបមក។ រដ្ឋយើងកំពុងតែខិតខំដើម្បីពង្រឹងនិងពង្រីកបន្ថែម។ ដោយសារខ្វះហេដ្ឋារចនាសម្ព័ន្ធគ្រូ យើងរករូបមន្តពង្រីក។ អាណត្តិនេះ យើងយកគ្រូចុះកុងត្រាផ្អែកលើកិច្ចព្រមព្រៀងផងដើម្បីពង្រីកទៅដល់មូលដ្ឋាន កុំឲ្យសិស្សបោះបង់(ការសិក្សា)។ កន្លែងខ្លះឆ្ងាយ(គាត់)បោះបង់។ យើងពង្រីករូបមន្តទៅកន្លែងដែលអាចរកគ្រូបាន។ គ្រូបឋមស្រួលរកជាងគ្រូមធ្យមនិងគ្រូវិទ្យាល័យ។ យើងរកមើលរូបមន្តដើម្បីធ្វើ។ គ្រូបឋម បើគាត់ចូលនិវត្តន៍ យើងរើសថ្មីមកថ្នាក់បឋមអត់លំបាកទេ។ បើគុណវុឌ្ឍិ ក៏មិនខ្ពស់ដែរ។ តែគ្រូវិទ្យាល័យ ឧ. គ្រូរូបវិទ្យា គីមីវិទ្យា គ្រូអីហ្នឹងសំខាន់។ អញ្ចឹងយើងបណ្តុះបណ្តាលយ៉ាងម៉េច … គ្រូដែលមានសមត្ថភាព មានគុណវុឌ្ឍិដែលចូលនិវត្តន៍ហើយ អាចរករូបមន្តកុងត្រាគាត់ចូលមកវិញ ដើម្បីយកមកបំពេញសាលាហ្នឹង។ បើមិនអញ្ចឹងទេ (យើងមិនអាចស្រាយ)បញ្ហាគុណភាព(នេះបានទេ)។ យ៉ាងណាក្តី ភាគច្រើនគឺនៅសាលារដ្ឋ នៅថ្នាក់ក្រោមឧត្តម។ ដល់ថ្នាក់ឧត្តម សាលាឯកជនដើរតួនាទី(ជួយ)បំពេញច្រើន។ ដោយសារការចូលរួមរបស់វិស័យឯកជន គោលនយោបាយដែលសម្តេចតេជោបានដាក់ចេញនោះ យើងបានពង្រីក(សេវាផ្តល់ការសិក្សារហូត)ទៅដល់ខេត្ត។ បើពឹងសាលារដ្ឋ យើងមានការលំបាក។ ដោយមានការចូលរួមពីវិស័យឯកជនគឺល្អ។
(១៧) ការរៀបចំវិធីសាស្ត្របង្រៀន បទបញ្ជាផ្ទៃក្នុង ជួយឲ្យសិស្សរៀនបានពិន្ទុ និងបណ្តុះគំនិតផ្សេងៗ
ថ្ងៃមុន ជាមួយឯកឧត្តម ហង់ជួន ណារ៉ុន ខ្ញុំបានទៅសម្ពោធកម្មវិធីបង្រៀនតាមប្រព័ន្ធ Zoom ដែលថា នៅខេត្តអត់មានគ្រូទេ តែអាចចូលទៅក្នុង(ប្រព័ន្ធ)ជាមួយការសហការក្នុងសាលាដែលមានគ្រូអាចបង្រៀនពីខាងនេះទៅ។ មួយឆ្នាំឡើងមកភ្នំពេញប៉ុន្មានដងអីហ្នឹង … ហ្នឹងជាការល្អហើយ។ បច្ចេកវិទ្យាជួយឲ្យមាន(លទ្ធភាពធ្វើដូចនេះ)។ សូមឲ្យសាលាដែលទទួលបាន(ការបង្រៀនតាម ប្រព័ន្ធ Zoom)នៅទីនោះ កុងត្រូលសិស្សផង។ វិន័យដូចគ្នា។ ទោះបីគ្រូបង្រៀនពីភ្នំពេញទៅក៏ដោយ តែសូមឲ្យមានវិន័យដូចគ្នា។ មកអង្គុយក្នុងថ្នាក់ ឬមួយក៏អាចការជួយបន្ថែមតាមរូបភាពទៀត។ នេះជាការជួយធានានូវគុណភាពអប់រំ និងគុណភាពរៀបចំ។ ដែលខ្ញុំថា ការរៀបចំវិធីសាស្ត្របង្រៀន បទបញ្ជាផ្ទៃក្នុងរបស់សាលា គឺវាមិនត្រឹមតែជួយឲ្យសិស្សរៀន រៀនបានពិន្ទុប៉ុន្មាននោះទេ ប៉ុន្តែបណ្តុះនូវគំនិតផ្សេងៗ ទៀត។ ក្នុងសម័យបច្ចេកវិទ្យា ដែលកាន់តែងាយស្រួលទៅ គឺត្រូវធ្វើឱ្យសិស្សចេញទៅ (មានការ)ធានាបាននូវគុណភាព។
(១៨) ប្រសិទ្ធភាព គុណភាព បំណិន និងឥរិយាបថ ស្មើនឹងផលិតភាព Productivity
ពាក្យថា គុណភាព មិនមែនបានន័យថាទិន្នន័យ ៩៧% (មានការធ្វើតែមួយទេ)។ ៩៧% មានការងារធ្វើ ជាការល្អ (ព្រោះជាអ្វី)ដែលយើងចង់បាន។ បងៀ្រនហើយ ចេញទៅមានការងារធ្វើ។ ប៉ុន្តែ(វានឹងកាន់តែល្អថែមទៀត នៅពេលដែល) គុណភាព(អ្នក)៩៧% នេះ ដែលចេញពីសាលាទៅ កាន់សញ្ញាបត្រទៅ ជួយទៅដល់ស្ថាប័ន អង្គភាពរដ្ឋ/ស៊ីវិលរបស់គាត់កាន់តែប្រសើរ។ បង្កើនផ្នត់គំនិតនៃការរៀនរបស់គាត់ ភ្ជាប់ជាមួយការតស៊ូធ្វើការជាក់ស្តែង នេះគឺជាជោគជ័យពិតប្រាកដ។ (មាន)គុណភាព បំណិន និងឥរិយាបថ ចេញពីនេះទៅគឺប្រសើរ។ បានន័យថាប្រសិទ្ធភាព គុណភាព បំណិន និងឥរិយាបថ វាស្មើនឹងផលិតភាព Productivity។ ខំប្រឹងរៀន ធ្វើការខ្លាំងម៉េចក៏ដោយ តែបើមានកម្រិតផលិតភាព (នោះ)គាត់ជួយបានត្រឹមតែប៉ុណ្ណឹង។ គាត់អត់អាចទៅមុខទៀតទេ។ រៀនយ៉ាងម៉េចក៏ដោយ ចេះយ៉ាងម៉េចក៏ដោយ តែគាត់អត់មានការជម្រុញលើកទឹកចិត្ត ឬរបៀបគិតគូរធ្វើ គាត់អត់អាចបញ្ចេញអស់(សមត្ថភាព) ក៏ Productivity វាទាប។ តែទាំងពីរនេះ បើទៅជាមួយគ្នាគឺខ្ពស់។ ចេះនិងមានឆន្ទៈ ហើយខំប្រឹង ហ្នឹងគឺល្អ។ មានឆន្ទៈ ប្រឹង តែមានកម្រិត អាចជួយបានមួយកម្រិត។ បើមានឆន្ទៈហើយ អត់មានការខំប្រឹងដោយត្រឹមត្រូវ ទៅធ្វើការ មានការប៉ែងជើង កាច់កុងគ្នា វាធ្វើឱ្យច្របូកច្របល់ស្ថាប័ន។
(១៩) ទម្លាប់ហ្មត់ចត់ ដោយផ្តោតពីចំណុចតូចៗ ជួយឲ្យធ្វើការបានជោគជ័យ
ខ្ញុំលើកពីបទពិសោធន៍កាលពីខ្ញុំនៅរៀន។ ខ្ញុំអត់ដឹងទេ ហេតុអ្វីបានជាសាលាហ្នឹងដាក់លើសគេ? ហេតុអ្វីក៏ចាំបាច់ព្រឹកឡើងត្រូវរៀបចំគ្រែហ្នឹងឱ្យវាស់មុំ ខុសតែបន្តិចក៏ត្រូវពិន័យ។ បន្តិចៗ ដែលគេឱ្យធ្វើ គឺវាមិនមែនគេធ្វើបាបសិស្សទេ។ គេចង់ឱ្យមនុស្សផ្ដោតទៅលើចំណុចតូចៗ។ ទោះបីពេលវេលាចង្អៀតម៉េចក៏ដោយ គឺត្រូវដាក់អាទិភាពឱ្យធំធ្វើការងារ បន្តិចៗ អញ្ចឹងដែរមក។ មកដល់ម៉ោងនេះ សល់តាំងពី ២៥ឆ្នាំមុនមកដល់ឥឡូវ មេរៀនខ្ញុំភ្លេចអស់ហើយ ប៉ុន្ដែរបៀបរបបរស់នៅ ធ្វើការ ខ្ញុំបានយកដាក់ក្នុងខ្លួន(ជាប់រហូត)សម្រាប់ពង្រឹងក្នុងការងារគ្រប់គ្រងរបស់ខ្ញុំទៀត។ វាមានមេរៀនខ្លះ។ មិនមែនល្អឥតខ្ចោះ។ នេះខ្ញុំនិយាយតែ(បទពិសោធន៍)របស់ខ្ញុំទេ។ អ្នកផ្សេងគេមានវិធីសាស្ត្ររបស់គេផ្សេង។ អ្វីដែលខ្ញុំចង់និយាយ គឺថាអ្វីដែលខ្ញុំរៀនពីថ្ងៃទី១ ចូលសាលា ២៥ ឆ្នាំមុន មើល១៩៩៥ គឺ ៣១ឆ្នាំហើយ។ ស្មានតែនៅក្មេងជាងអាយុ។ ចូលខែកក្កដា ឆ្នាំ១៩៩៥។ ឥឡូវយើងចូលខែសីហា ឆ្នាំ២០២៦ (មានរយៈពេល) ៣១ឆ្នាំ។ អ្វីដែលខ្ញុំរៀន ៣ខែដំបូង ហើយរស់ ៤ឆ្នាំ គឺវានៅបន្តជួយឱ្យខ្ញុំ(ដល់សព្វថ្ងៃ)។ ពេលដែលខ្ញុំនៅពេលនោះ ខ្ញុំអត់ដឹងទេថា ទម្លាប់តិចៗហ្នឹង វាជួយខ្ញុំនៅពេលធ្វើការ (ឲ្យ)បានជោគជ័យទេ …។
(២០) អ្វីដែលសាលាផ្តល់ឱ្យ គឺការចេះចាំក្រោយពីបញ្ចប់ការសិក្សា ដើម្បីត្រៀមខ្លួនរីកចំរើនក្នុងជីវិត
ប្រសិនជាសាលាបន្ធូរ មិនបាច់ទៅរៀន ក៏បានសញ្ញាបត្រ ពេលនោះ ប្រាកដជាចង់បានហើយ (ដោយសារ) ពេលខ្ញុំនៅជាសិស្ស(នោះ) នរណាក៏ចង់បានដែរ បើគ្រូឱ្យ A នោះ។ គ្រូតឹង (សិស្ស)រអ៊ូ តែដល់ពេលយើងរៀនចប់(ទម្លាប់ល្អទាំងនោះនឹងនៅជាមួយយើង)។ ហ្នឹងដូចទាហានអញ្ចឹង។ ខ្ញុំចាំថា សិស្សសក្ខាកាមត្រូវបញ្ជូនទៅក្រៅ យកទៅដាក់សាលាក្រាំងចេក។ ទៅដល់សាលាក្រាំងចេក គ្រូលត់។ គ្រូនៅនោះ សុទ្ធតែបាតដៃព្រះយូឡាយ បាតជើងស្អីណាព្រះអីណានោះ។ (សិក្ខាកាម)រអ៊ូ ចង់បាតុកម្ម … ដល់ពេលសិស្សហ្នឹងរៀនចប់ ចេញទៅក្រៅប្រទេស (នៅក្រៅប្រទេស)គេលត់ខ្លាំងជាងហ្នឹងទៀត។ មកវិញ សុំអរគុណគ្រូ សុំទោសគ្រូ “កុំតែបានគ្រូលត់ កុំអីខ្ញុំទៅបាក់នៅក្រៅ”។ ទៅក្រៅ(ការហ្វឹកហាត់)លត់លើសខ្លាំងជាង(នៅ)ក្រាំងចេក(ហ្នឹងទៀត)។ នៅក្រាំងចេក យើងនៅអាណិតនៅអាសូរ។ ទាហានយើងនៅមានមនោសញ្ចេតនា។ ទោះបីបាតដៃព្រះយូឡាយម្តងម្កាល។ ពេលខ្លះទុយោឥន្ទ្រីយ៍។ រឿងហ្នឹងបន្តិចបន្តួច(តែងមាន ជា)ការលត់(ដំ)។ ខ្ញុំជឿថា បងប្អូន ដែលរៀនគឺចង់បានសញ្ញាបត្រ។ យើងចង់ឆ្លងកាត់ តែសំខាន់បំផុត ស្អីដែលសាលាផ្តល់ឱ្យយើង គឺអ្វីដែលយើង(ចេះចាំ)ក្រោយពី(បញ្ចប់ការសិក្សាពី)សាលាទៅ ដើម្បីត្រៀមឱ្យយើងឱ្យកាន់តែរីក(ចំរើន)នៅក្នុងជីវិត។ នេះគឺជាគោលបំណងរបស់សិស្ស ដែលចំណាយថវិកា ពេលវេលាមកអង្គុយរៀន ៤ឆ្នាំ …។
(២១) នៅសាលា អាចសុំធ្វើតេស្តឡើងវិញ ឯការប្រកួតឱកាសក្នុងជីវិត មិនអាចធ្វើដូច្នឹងបានទេ
សាលាជាកន្លែងដែលយើងអាចធ្វើតេស្ត អត់ជាប់ អាចធ្លាក់។ យើងសុំគ្រូ(ប្រឡង)ឡើងវិញបាន។ ធ្លាក់តេស្តហ្នឹង ធ្វើអាមួយទៀត។ តែពេលទៅប្រកួតក្នុងជីវិត អត់(អាចធ្វើដូច្នឹង)បានទេ។ ជឿខ្ញុំចុះ។ តែអស់ឱកាស អស់ហើយ គ្មាននរណាឱ្យទេ។ ឱ្យធ្វើ Manager បើធ្លាក់ហើយ ឆ្នាំក្រោយឱ្យមកប្រឡងធ្វើ Manager អត់មានទៀតទេ ព្រោះកន្លែងហ្នឹងគេយកបាត់ហើយ។ អញ្ចឹង ធ្វើការមិនមែនតែបំណិនទេ តែត្រូវការមានឥរិយាបថ។ ចុងភៅម្នាក់ ដែលពូកែធ្វើម្ហូបឆ្ងាញ់ក៏ដោយ តែបើឥរិយាបថមិន(ល្អ) គាត់(វាយ)រឹក (និង)អួត(អាង) គាត់ថា ហាងហ្នឹង បើសិនជាគាត់ចេញទៅនឹងរលំ។ អញ្ចឹង អត់ធ្វើអីគាត់(បានទេ)។ គាត់ចង់មកប៉ុន្មានក៏បាន។ ជឿខ្ញុំ អត់យូរទេ។ អ្នកឯងទៅណាទៅៗ គេនឹងរកមេចុងភៅថ្មីមកហើយ។ បើមានមេចុងភៅ ឥរិយាបថអត់(ល្អ) ពិបាកដដែល គេសុខចិត្តរកអ្នកផ្សេង។ លំបាកចុះ តែការដឹកនាំវាស្រួល។
(២២) រួមគ្នាបង្កើនការអប់រំដើម្បីប្រទេសរឹងមាំ យូរអង្វែង មានចីរភាព មានភាពធន់ ចំពោះគ្រប់ស្ថានការណ៍
នេះជាសារដែលខ្ញុំសូមចែករំលែកដល់បងប្អូននិស្សិតនៅទីនេះ។ (ក្រោយចប់ការសិក្សានិង)ចេញទៅ ៩៧% សុទ្ធតែអ្នកបាន(ការងារធ្វើ)។ ព្រះតេជព្រះគុណ មានគ្រោងសឹកក្រោយពីហ្នឹងទេ? ខ្ញុំធ្លាប់ចែកសញ្ញាបត្រនៅក្រចេះ។ អ្នកដែលត្រូវឡើងមកជាតេជគុណ តែដល់នៅលើសញ្ញាបត្រគេដាក់ពាក់អាវធំនិងក្រវ៉ាត់ក។ ខ្ញុំថា ខុសហើយ ឱ្យរូបព្រះសង្ឃ។ (ប៉ុន្ដែ)ក្រុមការងារខ្សឹបថា អត់ទេ ត្រូវហើយ ព្រោះតេជគុណ ជិតសឹកហើយ។ ទទួលបានសញ្ញាបត្រ (លោកនឹង)សឹកហើយ។ ឥឡូវយើង(ផ្ដល់)សិទ្ធិសេរីភាព។ មានទៅទាស់អី។ កាលមុនយើងចង់រៀន នៅតាមខេត្តទៅបួសជាសង្ឃ ទៅរៀនតាមសាលានៅវត្ត។ ខេត្តយើងអត់សូវមានសាលា។ សូមចូលរួមបន្ថែមប៉ុណ្ណេះ និងសូមឱ្យធ្វើម៉េចរួមគ្នា ទាំងបរិមាណនិងគុណភាព ដើម្បីបង្កើនការអប់រំ បង្កើនសមត្ថភាពប្រជាពលរដ្ឋ ដើម្បីធ្វើឱ្យប្រទេសយើងកាន់តែរឹងមាំ យូរអង្វែង មានចីរភាព មានភាពធន់ជាមួយនឹងគ្រប់ស្ថានការណ៍ទាំងអស់។
[បញ្ចប់សេចក្ដីអធិប្បាយ៣]
ជាទីបញ្ចប់ ជាមួយនឹងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា ចំណត និងការិយាល័យកម្ពស់ ៦ ជាន់ ក្នុងបរិវេណភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និងសម្រេចបានជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន ព្រមទាំងសមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។
ក្នុងថ្ងៃនេះ សម្រាប់និស្សិតជ័យលាភី ៤,០០១ អង្គ/នាក់ ក្នុងម្នាក់ៗ ប្រគេន និងជូន ៥០,០០០ រៀល, ជូនសាស្ត្រាចារ្យ បុគ្គលិក ចំនួន ៨៧៣ នាក់ ម្នាក់ៗ ថវិកា ១០០,០០០ រៀល, ដោយឡែក បន្ថែមជូននិស្សិតស្ត្រីមានផ្ទៃពោះ សរុប ៤២ នាក់ ម្នាក់ៗ ថវិកា ១ លានរៀលបន្ថែម, ហើយអ្នកមានពិការភាព ១៣ នាក់ ម្នាក់ៗ ថវិកា ៥០០,០០០ រៀល, ហើយជូនសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថវិកា ១០ លានរៀល, ហើយក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៣ លានរៀលផងដែរ។ សូមអរគុណ៕



