សម្ដេចធិបតី៖ អរគុណនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ

Facebook Page ៖ បន្ទាប់ពីបញ្ចប់កិច្ចសន្ទនាតាមទូរស័ព្ទជាមួយ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី រួចមក សម្ដេចធិបតីបានសរសេរលើ Facebook Page ថា៖ “ល្ងាចនេះ ខ្ញុំបានពិភាក្សាតាមទូរស័ព្ទជាមួយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥។ ខ្ញុំសូមចូលរួមអបអរសាទរចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានកំពូលលើកទី៤៦ ប្រកបដោយជោគជ័យ និងអរគុណឯកឧត្តមចំពោះការយកចិត្តទុកដាក់ លើស្ថានការណ៍ដែលកំពុងកើតមានពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ។ ខ្ញុំបានបញ្ជាក់ជូនឯកឧត្តម Anwar អំពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ÷ ១. កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ២. ការសម្រេចចិត្តរបស់កម្ពុជាដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះដោយសន្តិវិធីអោយបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី ៣. បន្តសហការជាមួយភាគីថៃដើម្បីជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពីតំបន់ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ ៤. បន្តរក្សាទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរកម្ពុជា-ថៃ”។

សុន្ទរកថា និងសេចក្ដីអធិប្បាយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ និងសមិទ្ធផលនានាក្នុងខេត្តរតនគិរី

[ផ្ដើមសេចក្តីអធិប្បាយ១] អរគុណណាស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី។ អម្បាញ់មិញថា ប្រជាពលរដ្ឋនៅទីនេះជិតស្មើគ្នា ទាំងស្រីនិងប្រុស។ អញ្ចឹងល្អហើយ កុំឱ្យពិបាកទៅរកប្ដីប្រពន្ធនៅក្រៅខេត្ត។ មានបញ្ហានៅប្រទេសចិន ខ្ញុំមើល(ឃើញព័ត៌មាន) កាលពីមុនគោលនយោបាយរបស់គាត់ គឺឱ្យមានកូនតែមួយទេ។ អញ្ចឹង(គ្រួសារ)ភាគច្រើនចង់បានតែកូនប្រុស ដើម្បីបន្តត្រកូល។ ដល់ពេលឥឡូវនេះ កូនទាំងអស់ហ្នឹងចាប់ផ្ដើមគ្រប់អាយុរៀបការ អត់មាន ខ្វះស្រី។ អញ្ចឹងខ្លះត្រូវទៅរកនៅខេត្តផ្សេង ខ្លះក៏យកប្រពន្ធពីខ្មែរពីអីទៅ ព្រោះអត់គ្រប់​។ នៅខេត្តរតនគិរីនេះ កុំឱ្យពិបាកធ្វើដំណើរឆ្ងាយ (ចំនួនប្រុសនិងស្រ្តី) ៤៩%-៥១% អញ្ចឹងល្មម។ គេថា សន្សំទ្រព្យ កុំឱ្យបែកទ្រព្យ។ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ ក្មួយៗ សិស្សានុសិស្ស អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋអ្នកក្រុងបានលុង ខេត្តរតនគិរីទាំងអស់! ខ្ញុំមានការរីករាយដែលបានមកខេត្តរតនគិរីម្ដងទៀត។ តាំងពីទទួលកិច្ចការថ្មី នេះជាលើកទីមួយ ប៉ុន្តែកាលពីនៅកងទ័ព និងការងារយុវជន គឺបានមកច្រើនដង…