សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យា​ល័យវិទ្យាសាស្រ្តសុខាភិបាល

ឯកឧត្តម Park Jung-wook ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព សាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្ដម ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិតំណាងដៃគូអភិវឌ្ឍន៍សមាជិក សមាជិកា អង្គពិធីទាំងមូលជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្ស ដោយបានចូលរួមជាអធិបតីក្នុង«ពិធីបញ្ចុះបឋមសីលាបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅទីតាំងទី៣ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល» ដើម្បីពង្រឹង និងពង្រីកការផ្តល់សេវាសុខភាព និងការបណ្តុះបណ្តាល សំដៅកែលម្អស្ថានភាពសុខភាពពលរដ្ឋនាពេលបច្ចុប្បន្ន និងធានាបាននូវសុខភាពល្អ និងសុខុមាលភាពពលរដ្ឋជំនាន់ក្រោយ។ យោងតាមរបាយការណ៍សង្ខេបរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្ទីរពេទ្យសាកលវិទ្យាល័យដែលនឹងត្រូវសាងសង់ មានហេដ្ឋារចនាសម្ព័ន្ធសំណង់ និង ការបំពាក់សម្ភារៈឧបករណ៍ពេទ្យ ដែលមានលក្ខណៈទំនើប ទាន់សម័យ ស្របតាមស្តង់ដាអន្តរជាតិ និងត្រូវប្រើប្រាស់ជាអគារពហុមុខងារសម្រាប់ការផ្តល់សេវាថែទាំ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ។ មុខងារទំាងនេះ មិនត្រឹមតែឆ្លើយតបនឹងការកើនឡើងជាបន្តបន្ទាប់នូវតម្រូវការរបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែ ថែមទំាងជួយបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យសុខាភិបាល​តាមវិធីសាស្រ្តរៀន ការបង្រៀន និងការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តសុខាភិបាល ដែលនឹងនាំមកនូវរបកគំហើញវិទ្យាសាស្រ្ត និងនវានុវត្តន៍ថ្មីៗ សម្រាប់ជាធាតុចូលសំខាន់ ក្នុងការធ្វើបច្ចុប្បន្នភាពគោលនយោបាយសុខាភិបាល ឈានទៅដល់ការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។ [ផ្ដើមសេចក្ដីអធិប្បាយ១] (១) ការបំពាក់សម្ភារៈឧបករណ៍ទំនើបនិងទាន់សម័យ ជាការគិតគូររយៈពេលវែង អម្បាញ់មិញ មិនត្រឹមតែគ្រោងបុកគ្រឹះទេ គឺគ្រោងពង្រីករួចទៅហើយ។ អញ្ចឹងផែនការគឺគិត២ជំហានរួចទៅហើយ។ សេវាសុខាភិបាលសំខាន់សម្រាប់ប្រជាពលរដ្ឋយើង។…