ក្រសួងការងារ ជូនដំណឹងពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥
FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរកម្ពុជា សម្រាប់ឆ្នាំ២០២៥ នឹងត្រូវដំឡើងដល់ ២០៨ដុល្លារ ដែលក្នុងនោះ តួលេខ២០៦ដុល្លារ កើតចេញពីការចរចាត្រីភាគី និង២ដុល្លារ ត្រូវបានផ្តល់គោលការណ៍បន្ថែមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ រសៀលថ្ងៃទី១៩ ខែកញ្ញានេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប ក្នុងឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសម្រេចចុងក្រោយចំពោះការពិភាក្សារឿងប្រាក់ឈ្នួលនេះ។ ប្រាក់ឈ្នួលរបស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរកម្ពុជានេះ បានកើនឡើងចំនួន៤ដុល្លារបន្ថែមទៀត បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួន២០៤ដុល្លារ ក្នុង១ខែ។ ការចរចាប្រាក់ឈ្នួលលើកចុងក្រោយ បង្អស់ បានធ្វើឡើងរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងកាបូប៕