ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ចាប់ផ្តើមហោះហើរឡើងវិញ នាំអ្នកដំណើរចម្រុះជាតិសាសន៍ជិត ១៨០នាក់មកកាន់កម្ពុជា
FN៖ ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលបានចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណជិត១៨០នាក់ ពីទីក្រុងឌួបៃ មកភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះ បានសម្រេចចិត្តតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជាឡើងវិញ។ ជើងហោះហើរលេខ EK348 ដោយយន្តហោះ Boeing 777-300ER របស់ក្រុមហ៊ុនអាកាសចរណ៍ Emirates បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃទី ១ ខែឧសភា នាវេលាម៉ោង៤ និង៣៥នាទី ត្រូវបានស្វាគមន៍ដោយលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងមានការសម្តែងរបាំប្រពៃណីខ្មែរ និងចែកជូនក្រម៉ា ដល់អ្នកដំណើរផងដែរ។ លោក Nabil Sultan អនុប្រធានប្រតិបត្តិផ្នែកលក់ និងអ្នកគ្រប់គ្រងប្រចាំ ប្រទេសរបស់ក្រុមហ៊ុន Emirates បានអត្ថាធិប្បាយលើប្រតិបត្តិការឡើងវិញរបស់ Emirates មកកាន់ទីក្រុងភ្នំពេញថា «បេតិកភណ្ឌវប្បធម៌ដ៏សំបូរបែប និងសេដ្ឋកិច្ចដែលកំពុងរីកចម្រើនរបស់កម្ពុជាធ្វើឱ្យប្រទេសនេះក្លាយជាគោលដៅទាក់ ទាញសម្រាប់ការធ្វើដំណើរកម្សាន្ត និងអាជីវកម្ម។ យើងពិតជារំភើបរីករាយណាស់សម្រាប់ផ្លូវហោះហើរដ៏ល្អនេះ ដើម្បីផ្សារភ្ជាប់ម្ដងទៀតនូវបណ្តាញហោះហើរនៅតំបន់ចុងបូព៌ាដ៏ធំទូលាយរបស់យើងដែលមានស្រាប់»។ លោកបន្តថា តាមរយៈសេវាកម្មភ្ជាប់រវាង ប្រទេសសិង្ហបុរី និងភ្នំពេញ នឹងអាចគាំទ្រសកម្មភាពពាណិជ្ជកម្ម និងពាណិជ្ជកម្មរវាងមជ្ឈមណ្ឌលក្នុងតំបន់ទាំងពីរ និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញនាំចូល និងនាំចេញដ៏ងាយស្រួលរវាងសិង្ហបុរី…