សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្ពោធ​​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរហ្រ្វេសមីល (Khmer Fresh Milk)

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា សមាជិក សមាជិកា រាជរដ្ឋាភិបាលគណៈធិបតី ភ្ញៀវកិត្តិយស គណៈគ្រប់គ្រងក្រុមហ៊ុនខ្មែរហ្រ្វេសមីល (Khmer Fresh Milk)លោកគ្រូអ្នកគ្រូ ក្មួយៗសិស្សានុសិស្ស បងប្អូនកម្មករ កម្មការិនីទាំងអស់ ជាទីស្រលាញ់! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធី «សម្ពោធ​​កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌របស់ក្រុមហ៊ុនខ្មែរហ្រ្វេសមីល (Khmer Fresh Milk)» ដែលជាសមិទ្ធផលថ្មី, ផ្តល់នូវគុណតម្លៃជាប្រវត្តិសាស្រ្ត សម្រាប់វិស័យ​កសិកម្ម​កម្ពុជា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ កសិដ្ឋានគិរីសួគ៌​ ជាមួយនឹងគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។ [ចាប់ផ្ដើមសេចក្ដីអធីប្បាយ១] (១) តាកែវល្បីឈ្មោះដោយពងទាកូន និងបង្កង ពេលនេះមានទឹកដោះគោស្រស់ថែមទៀត សូមអរគុណ និងសូមអបអរសាទរដល់អ្នកខេត្តតាកែវ ដែលមានផលិតផលប៉ូវកម្លាំងបន្ថែមទៀត។ អម្បាញ់មិញ ឯកឧត្តមអភិបាលខេត្តអួតថា ខេត្តតាកែវឥឡូវមានផលិតផលប៉ូវមួយទៀតហើយ។ ពីមុនធ្លាប់មានតែពងទាកូន។ បើពងទាកូន គឺល្បីណាស់ ល្បីឆ្លងប្រទេស។ ពងទាកូនតាកែវ ហើយមានបង្កង។ កាលមុន ធ្លាប់មានពងមាន់(ចិញ្ចឹម​ក្នុងកសិដ្ឋាន)សម្ដេចវិបុលបញ្ញា។ ផលិតផល(ទឹកដោះគោ)បន្ថែមនៅខេត្តតាកែវ ចែកចាយទូទាំងប្រ​ទេស ធ្វើឱ្យល្បីស្រុកខ្មែរទៀត។ សូមអបអរសាទរ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមជាអធិបតីក្នុង ពិធីបិទ​សន្និបាត​បូក​សរុប​​ការងារ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៣ និងលើកទិសដៅ ឆ្នាំ២០២៤។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលការងារដែលមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបានក្នុងឆ្នាំ២០២៣ ដូចដែលឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានរាយការណ៍ជូនអង្គពិធីមុននេះ។ ជាការពិត  វិស័យកសិកម្មកម្ពុជា នៅតែបន្តរក្សាបាននូវភាពរឹងមាំ រក្សាបាននូវភាពរឹងមាំ និងរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ធូរបន្ថយភាពតានតឹងផ្នែកសេដ្ឋកិច្ច ជាពិសេស ធានាបាននូវសន្តិសុខស្បៀង បញ្ចៀសបាននូវវិបត្តិស្បៀងអាហារ និងកាត់បន្ថយបញ្ហាអតិផរណា នៃតម្លៃស្បៀងក្នុងប្រទេស ទោះបីក្នុងស្ថានភាពដែលពិភពលោកជួបប្រទះនូវវិបត្តិជាបន្តបន្ទាប់ ដូចជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាស្មុគស្មាញផ្នែកភូមិសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់​ស្ថានភាពសង្គមសេដ្ឋកិច្ចកម្ពុជាយ៉ាងណាក្តី។ ក្នុងស្មារតីបុរេសកម្ម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយមួយចំនួន សំដៅជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញយ៉ាងឆាប់រហ័ស ជាមួយនឹងកំណើន ៥,៦% នៅឆ្នាំ២០២៣ និងការរំពឹងទុកថាអាចសម្រេចបានកំណើនប្រមាណ ៦,៦% នៅឆ្នាំ២០២៤នេះ។ ខណៈពេលដែលពិភពលោកប្រឈមនឹងបញ្ហាប្រែប្រួលអាកាសធាតុកាន់តែខ្លាំង ដែលបណ្តាលឱ្យមានវិបត្តិស្បៀងអាហារ និងការព្រួយបារម្ភអំពីសន្តិសុខស្បៀង ដែលញ៉ាំង​ឱ្យប្រទេសមួយចំនួនឈានទៅដល់ការដាក់កម្រិត​ការនាំចេញស្បៀងអាហារក្តី ក៏វិស័យកសិកម្មកម្ពុជានៅតែសម្រេចបាននូវកំណើនល្អក្នុងឆ្នាំ២០២៣​។ ជាក់ស្តែង អនុវិស័យដំណាំសម្រេចបាន ៣៦,៨១ លានតោន កើនឡើងប្រមាណ ៦%…

សេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត សំណេះសំណាលជាមួយសហគមន៍ខ្មែរ នៅប្រទេសក្នុងសហភាពអឺរ៉ុបនិងប្រទេសអង់គ្លេស

សូមក្រាបបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈឯកឧត្តម​ លោកជំទាវ លោក លោកស្រី លោកអ៊ំ ពូមីងបងប្អូនសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុបទាំងអស់ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមនស្សរីករាយដែលបានជួបគ្នាជាថ្មីម្ដងទៀតជាមួយលោកអ៊ំ ពូមីង បងប្អូនមួយចំនួន ដែលយើងធ្លាប់ជួបគ្នាពីលើកមុន ហើយក៏រីករាយដែលបានជួបជាមួយនឹងលោកអ៊ំ ពូមីង បងប្អូន ដែលទើបតែជួបគ្នាលើកទី១។ ពេលចូលមកនេះ បានជួបក្មួយដែល(លើកមុន)ម្ដាយឪពុកបានមក។ ក្មួយប្រាប់ថា ជួបលើកមុនទើបបាន(អាយុ) ៤ខែ ឥឡូវ ៥ឆ្នាំបាត់ហើយ។ បានន័យថាខ្ញុំកាន់តែចាស់ទៅដែរ។ ថ្ងៃនេះ ដោយសារមុនចេញមកបានលាបសក់ កុំអីស្កូវ(ពេញ)។ ១៥នាទី បន្ថយអាយុប្រហែលជា ១០ឆ្នាំ។ បើពីមុន មើលមក(អាយុ)ប្រ​ហែល ៥០ឆ្នាំ ឥឡូវសល់ ៤០ឆ្នាំ។ នៅក្នុងប្រទេសក៏ដូចគ្នា។ ក្នុងពេលជួបជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនី អាយុកើនកាន់តែវែង សម្រស់កាន់តែក្មេង ដោយសារតែងតែ(ត្រូវបានចាប់ថើប)។ ចុងក្រោយនេះ នៅខេត្តកោះកុង។ ឡើងវេទិកា មានអ្នកមកខ្សឹបប្រាប់ថា ក្រែមជាប់ថ្ពាល់ច្រើនណាស់ … ប្រពន្ធគាត់លែងខឹង រឿងតែកូនខ្ញុំគាត់ខឹង។ គាត់ថា “ប៉ាប៉ា! ឃើញគេថើបប៉ាប៉ានៅលើហ្វេសប៊ុក” ហើយគាត់ថា…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសកម្មវិធីទី៥និងទី៦នៃ កម្មវិធីគោលនយោបាយអាទិភាព៦ រៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលគណៈអធិបតី ភ្ញៀវកិត្តិយស លោក លោកស្រី តំណាងវិស័យឯកជនអង្គពិធីទាំងមូល និងជនរួមជាតិទាំងអស់ជាទីមេត្រី! [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] ថ្ងៃនេះ ខ្ញុំមានកិត្តិយសនិងសប្បាយរីករាយចូលរួមជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនាពេលនេះ។ កម្មវិធីអាទិភាពទី៥ និងទី៦ គឺជាកម្មវិធីចុងក្រោយនៅក្នុងកម្មវិធីអាទិភាព៦ របស់រាជរដ្ឋាភិបាលថ្មី ដែលត្រូវរៀបចំនិងប្រកាសដាក់ឲ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣។ នៅក្នុងដំណាក់កាលនេះ ខ្ញុំសូមកោតសរសើរចំពោះគណៈកម្មាការគោលនយោ​បាយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក្រុមការងារ ក៏ដូចជាគ្រប់បណ្តាស្ថាប័នក្រសួងទាំងអស់ ដែលបានរួមគ្នា រៀបចំចេញជាគោលនយោបាយ និងដាក់ឲ្យអនុវត្ត (ក្នុងពេល)មិនដល់៩០ ថ្ងៃផង។ នៅសល់ ២ថ្ងៃទៀត ទើបរាជរដ្ឋាភិបាលគ្រប់៩០ ថ្ងៃ។ យើងគិតថា deadline សំរាប់គោលការណ៍នេះគឺនៅមុនដំ​ណាច់ឆ្នាំ២០២៣ ប៉ុន្តែយើងបានរួមគ្នាគិតគូរនិងខិតខំធ្វើកិច្ចការនេះយូរមកហើយៗ (ទីបំផុត)បានចេញជារូបរាងនៅក្នុងដំណាក់កាលដែលមិនដល់៩០ ថ្ងៃនេះ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេ​នា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលលោកបានផ្តួចផ្តើមគោលគំនិតមួយចំនួន រួមទាំងកិច្ចការ​ងារ​ពាក់ព័ន្ធវិស័យកសិកម្មនេះ ដែល(ជួយអោយ)យើងអាចរៀបចំ​ការត្រៀមលក្ខណៈ និងជាមូលដ្ឋានដែលយើងបានកសាងក្នុងរយៈពេល ៤០ឆ្នាំមកនេះ ធ្វើកំណែទម្រង់និងការពង្រឹងបន្តសម្រាប់អាណត្តិទី៧ នេះ។ [ចប់សេចក្តីអធិប្បាយ១] ខ្ញុំសូមអបអរសាទរ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសំ​ណេះសំណាលជាមួយកម្មករ និយោជិត មកពីរោងចក្រ/សហគ្រាសនានា ចំនួន ១៨,០០០នាក់ នៅស្រុកបាទី ខេត្តតាកែវ

គោរពឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តម  លោកជំទាវ ជាសមាជិករាជរដ្ឋាភិបាល!ឯកឧត្តម លោកជំទាវ គណៈអធិបតី ភ្ញៀវកិត្តិយស និងបងប្អូនកម្មករ/ការិនីទាំងអស់ជាទីស្រឡាញ់​រាប់អាន! (១) មាននិស្ស័យច្រើនជាមួយខេត្តតាកែវ ពិសេសខាងកម្មវិធីសាសនា ថ្ងៃនេះ ខ្ញុំមានសេចក្ដីសោមន្សរីករាយ ដែលបានមកចូលរួមកម្មវិធីនៅខេត្តតាកែវ។ ជាទូទៅ ខេត្តតាកែវ ខ្ញុំមាននិស្ស័យច្រើនខាងពុទ្ធសាសនា ព្រោះបានមកសម្ពោធវត្ដច្រើន។ ខេត្តតាកែវមានការរីកចម្រើនច្រើន​។ ខ្ញុំបានមក​សម្ពោធ​វត្ដ ក្នុងកំឡុងនៃការដឹកនាំតរបស់អភិបាលខេត្ត ៤ តាំងពីឯកឧត្តម ស្រី បេន ឯកឧត្តម ឡាយ វណ្ណៈ ឯកឧត្តម អ៊ូច ភា និងឯកឧត្តម ស៊ូ ភិរិន្ទ។ អរគុណអ្នកខេត្តតាកែវ។ កុំតែបានបងប្អូនទូទាំងប្រទេស ជាពិសេសលោកតាលោកយាយខេត្តតាកែវជួយជូនពរកុំអីគ្មានបានកូនប្រុស​មួយទីបីមកទេ។ រកមិនបាន។ បានតែកូនស្រី។ ថ្ងៃនេះមកជួបជិត ៧០០ នាក់ ជាអ្នកមានផ្ទៃពោះ ហើយ ៥នាក់ភ្លោះ បានកូនស្រី ៤គូ និងកូនស្រីប្រុស ១គូ។ (២) បានអ្នកតាកែវជួយបួងសួងទើបបានកូនទី៣ជាកូនប្រុស សុំនិយាយរឿងផ្ទៃពោះបន្ដិចចុះ។…