- ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ និងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួម នៅក្នុងពិធីបើក «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិ-កម្ពុជា» ឆ្នាំ២០២៦ ដែលជាការជួបជុំដ៏មានសារៈសំខាន់ រវាងវិនិយោគិនបរទេស និងម្ចាស់រោងចក្រ-សហគ្រាស និងថ្នាក់ដឹកនាំធុរកិច្ច របស់កម្ពុជា នាពេលនេះ។
ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី, ភ្ញៀវកិត្តិយស, ម្ចាស់រោងចក្រ-សហគ្រាស និងថ្នាក់ដឹកនាំធុរកិច្ច, ជាពិសេស អ្នកជំនាញការ និងវិនិយោគិន អន្តរជាតិ ដែលបានធ្វើដំណើរពីគ្រប់ទិសទី ដើម្បីមកចូលរួមស្វែងយល់អំពីសក្តានុពលវិនិយោគ និងកសាងទំនាក់ទំនងល្អជាមួយវិនិយោគិន ម្ចាស់រោងចក្រ-សហគ្រាស និងថ្នាក់ដឹកនាំធុរកិច្ចរបស់កម្ពុជា, ឆ្ពោះទៅការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម ដ៏ពិតប្រាកដ នាពេលខាងមុខ។ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងអរគុណចំពោះសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា (CamTIPA), សហព័ន្ធធុរកិច្ចអន្តរជាតិ និងសមាគមអន្តរជាតិ, ក៏ដូចជា គណៈកម្មការរៀបចំ, សមាគមធុរកិច្ចជាតិ, និងអ្នកពាក់ព័ន្ធ ដែលបានរួមគ្នាគិត, រួមគ្នារៀបចំឱ្យមានវេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិកម្ពុជា ឆ្នាំ២០២៦ នេះឡើង ដើម្បីផ្តល់ឱកាសឱ្យវិស័យឯកជនជាតិ និងវិស័យឯកជនបរទេស បានជួបជុំគ្នា ដើម្បីផ្លាស់ប្តូរទស្សនៈ, កសាងភាពជាដៃគូ និងបង្កើតកាលានុវត្តភាពវិនិយោគជាក់ស្តែង។
កម្ពុជាបានកសាងជាតិ និងរដ្ឋមួយ ដែលមានមូលដ្ឋានគ្រឹះរឹងមាំ, សុខសន្តិភាព, ឯករាជ្យ, អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ខណៈដែលលទ្ធិប្រជាធិបតេយ្យ, នីតិរដ្ឋ និងសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់។ បច្ចុប្បន្ន, កិត្យានុភាព និងមោទនភាពជាតិ កំពុងងើបឈរឡើងវិញ ប្រកបដោយភាពរស់រវើក ស្របពេលដែលសហគមន៍ តំបន់ និងអន្តរជាតិ កំពុងទទួលស្គាល់កម្ពុជា ដោយស្មើភាព និងស្មើសិទ្ធិ ជាមួយបណ្តាប្រទេសនានាក្នុងសកលលោក។ ជាលទ្ធផល, កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូផ្លូវការ កន្លងមក ជាមួយសហគមន៍អន្តរជាតិ បានរួមចំណែកដល់ភាពជាដៃគូយុទ្ធសាស្រ្ត និងអំណាចចរចាជាសមូហភាព ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងផលប្រយោជន៍ជាតិ។
ចំពោះវិស័យសេដ្ឋកិច្ចជាតិ, កម្ពុជាបានប្រែក្លាយពីការអនុវត្តសេដ្ឋកិច្ចផែនការ ទៅជាសេដ្ឋកិច្ចទីផ្សារ, ពីសេដ្ឋកិច្ចពឹងផ្អែកស្ទើរតែទាំងស្រុងលើវិស័យកសិកម្ម ទៅជាសេដ្ឋកិច្ចមានពិពិធកម្មធំទូលាយ និងពីប្រទេសមានទំនាក់ទំនងតិចតួចជាមួយសហគម៍អន្តរជាតិ គួបផ្សំជាមួយការហ៊ុមព័ន្ធសេដ្ឋកិច្ច ទៅជាប្រទេសមានសមាហរណកម្មពេញលេញក្នុងកិច្ចការ តំបន់ និងសកល។ ជាលទ្ធផល, ក្នុងរយៈពេលពីរទសវត្សរ៍មុនវិបត្តិជំងឺកូវីដ១៩, សេដ្ឋកិច្ចកម្ពុជា បានមានកំណើនក្នុងរង្វង់ ៨% ជាមធ្យមក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ចាកផុតពីភាពក្រីក្រស្ទើរទូទាំងប្រទេស ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មកក្នុងរង្វង់ ១០% មុនវិបត្តិជំងឺកូវីដ១៩ ជាមួយការរួមតូចជាបន្តបន្ទាប់ នៃគម្លាតសមភាពសេដ្ឋកិច្ច, ព្រមទាំងបានប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងគ្រោងចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ខាងមុខ។
មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា បានផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកស្ទើរទាំងស្រុងលើវិស័យកសិកម្មបែបប្រពៃណី ទៅជាប្រទេសដែលមានមូលដ្ឋានសេដ្ឋកិច្ចទូលាយ និងរឹងមាំ ដែលអាចចាប់យកឧស្សាហកម្មថ្មីៗ និងមានតម្លៃខ្ពស់ តាមរយៈ ការដាក់ចេញ និងអនុវត្តយ៉ាងសកម្ម និងទាន់ពេល នូវគោលនយោបាយ ត្រឹមត្រូវ, មុតស្រួច និងចំទិសដៅ។
អង្គពិធីជាទីមេត្រី !
ក្នុងឋានៈជាប្រទេសតូច និងបើកចំហ, កម្ពុជាងាយប្រឈមនឹងឥទ្ធិពលនៃនិន្នាការសកល ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស, ជាពិសេស ចរន្តសកលធំៗចំនួន ៥ ដែលកំពុងមានឥទ្ធិពលមកលើដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា រួមមាន ៖ ទី១. ការប្រែប្រួលសណ្តាប់ធ្នាប់សកល, ទាំងក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ; ទី២. សេដ្ឋកិច្ចសកល ដែលកំពុងនាំមុខដោយអាស៊ី, ការរីកលូតលាស់ទីក្រុង, និងក្នុងសង្គមវ័យចំណាស់; ទី៣. ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក្នុងបរិការណ៍បដិវត្តឧស្សាហកម្មទី៤; ទី៤. ការប្រែប្រួលអាកាសធាតុ និងការរេចរឹលធនធានធម្មជាតិ; និងទី៥. ការកើនឡើងថ្លៃខ្ចី នៃហិរញ្ញប្បទានអភិវឌ្ឍ។
ក្នុងន័យនេះ, រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ខ្ពស់ចំពោះការកែលម្អបន្ថែមទៀតនូវបរិយាកាសប្រកួតប្រជែងនយោបាយ ផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងពីខាងក្រៅ; ការពង្រឹងសមត្ថភាព និងគណនេយ្យភាពស្ថាប័នសាធារណៈ ផ្អែកលើគោលការណ៍ប្រតិតុល្យការអំណាច, គុណាធិបតេយ្យ និង«ឧត្តមនិយម» ផលប្រយោជន៍ជាតិ និងប្រជាជន និងការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព, បរិយាប័ន្ន និងចីរភាព ផ្អែកលើគោលការណ៍ទីផ្សារបើកចំហ និងគាំទ្រវិស័យឯកជន។
រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យឯកជន ជា «ក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ» និងជាដៃគូមិនអាចខ្វះបាន ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេស សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈ ការលើកស្ទួយការប្រើប្រាស់ និង, ការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈ ការបង្កើតការងារ និងជំនាញ, ការជំរុញប្រសិទ្ធភាព និងនវានុវត្តន៍ តាមរយៈ ការចាប់យកបច្ចេកវិទ្យាថ្មី និងការធ្វើសមាហរណកម្មផលិតកម្មកម្ពុជាទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកល តាមរយៈ ការតភ្ជាប់ឧស្សាហកម្មអនុគមន៍ និងឧស្សាហកម្មប្រតិគមន៍។
កន្លងមក, រាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងជាបន្តបន្ទាប់នូវបរិយាកាសវិនិយោគ និងធុរកិច្ច តាមរយៈ ការកែលម្អក្របខ័ណ្ឌគតិយុត្ត ដោយបានដាក់ឱ្យអនុវត្តនូវច្បាប់ស្តីពីវិនិយោគថ្មី ក្នុងឆ្នាំ២០២១; ការកែសម្រួលនីតិវិធីនៃការផ្តល់សេវាធុរកិច្ច និងវិនិយោគ ដោយបានពង្រឹងយន្តការច្រកចេញចូលតែមួយ, ប្រព័ន្ធបញ្ជរតែមួយជាតិ និងសេវាគាំទ្រ ថែទាំវិនិយោគ, ព្រមទាំង បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន, ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា, និងយន្តការសហបង្កើតធុរកិច្ច (Business Co-Creation); ការជំរុញការតភ្ជាប់សេដ្ឋកិច្ច និងការធ្វើពិពិធកម្មទីផ្សារ ដោយបានពង្រីកការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងសេដ្ឋកិច្ចតំបន់ និងសកល, និងកែលម្អប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក; និងការលើកកម្ពស់វិនិយោគបៃតង និងឌីជីថល ដោយបានជំរុញការវិនិយោគលើថាមពលកកើតឡើងថ្មី ប្រសិទ្ធភាពថាមពល និងបច្ចេកវិទ្យាស្អាត, លើកកម្ពស់សេដ្ឋកិច្ចចក្រា, ការគ្រប់គ្រងសំណល់ និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព, និងលើកទឹកចិត្តឱ្យមានការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ, បច្ចេកវិទ្យាឌីជីថល, សន្តិសុខសាយប័រ និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន។
បច្ចុប្បន្ន, រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងធ្វើទំនើបកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម និងជំនាញទាប ទៅជាឧស្សាហកម្មផ្អែកលើជំនាញ និងបច្ចេកវិទ្យាខ្ពស់ តាមរយៈ ការកសាងមូលដ្ឋានឧស្សាហកម្មដែលមានភាពប្រកួតប្រជែង, ពិពិធកម្ម និងភាពធន់ ដោយតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃសកល, ធ្វើសមាហរណកម្មទៅក្នុងបណ្តាញផលិតកម្មតំបន់, និងលើកកម្ពស់សមត្ថភាពផលិតកម្មក្នុងស្រុក។ ដើម្បីសម្រេចមហិច្ឆតានេះ, រាជរដ្ឋាភិបាលនឹងលើកកម្ពស់ការវិនិយោគដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងបង្កើតការងារដែលមានផលិតភាពកាន់តែខ្លាំង, បង្កើនពិពិធកម្មមុខទំនិញនាំចេញ និងមិស្សភាពនៃសេដ្ឋកិច្ច(Mixed Economy), ពង្រឹងការតភ្ជាប់ និងការធ្វើមូលដ្ឋានូបនីយកម្មឧស្សាហកម្ម, អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្នែករឹង និងទន់, ពង្រឹងការអភិវឌ្ឍជំនាញបច្ចេកវិទ្យា និងទីផ្សារការងារ, និងបង្កើនហិរញ្ញប្បទានសមស្រប ដោយផ្តោតលើឧស្សាហកម្មសំខាន់ៗមួយចំនួន រួមមាន៖ កសិ-ចំណីអាហារ, យានយន្ត, អេឡិចត្រូនិក, កង់ និងគ្រឿងបង្គុំ, គ្រឿងសង្ហារិម ឈើ Veneer និងផលិតផលធ្វើពីឈើ, បច្ចេកវិទ្យាឌីជីថល និងថាមពលបៃតង, ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម, វាយនភណ្ឌ និងកាត់ដេរ និងទេសចរណ៍។
ផ្អែកលើមូលដ្ឋាននេះ ខ្ញុំសូមលើកទឹកចិត្តឱ្យវិស័យឯកជន, ធុរជន និងវិនិយោគិនទាំងអស់ ប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ដែលកម្ពុជាជាសមាជិក ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសាធារណរដ្ឋប្រជាមានិតចិន, សាធារណរដ្ឋកូរ៉េ និងអេមីរ៉ាតអារ៉ាប់រួម កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានបូក ក៏ដូចជាក្រោមក្របខណ្ឌពហុភាគីនៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលទាំងនេះនឹងរួមចំណែកក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការត្រៀមចាកចេញដោយរលូនពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ ដោយរលូន បរិយាបន្ន និងចីរភាព។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]
នៅត្រង់ចំណុចនេះ ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋរបស់យើង ក៏ដូចជាវិនិយោគិនបន្តិច។ ប៉ុន្មានថ្ងៃមុន យើងឃើញប្រទេសឡាវបានចាកចេញពី LDC នៅឆ្នាំ២០២៦។ ខ្ញុំសូមធ្វើការអបអរសាទរចំពោះមិត្តឡាវដែលបានចាកចេញ។ ប៉ុន្តែពេលជាមួយគ្នាក៏មានការសួរអំពីថា ហេតុអ្វីបានជាកម្ពុជាមិនចេញ? តើកម្ពុជាខ្វះលក្ខខណ្ឌអ្វី? តើនេះវាដោយសារបញ្ហាស្អី? តើស្អីខ្លះទៀតដែលយើងត្រូវធ្វើសម្រាប់ចាកចេញ? យើងគ្រោងចេញនៅចុងឆ្នាំ ២០២៩ ខាងមុខ។
ខ្ញុំសូមរំព្ញកបន្តិចថា កម្ពុជាត្រូវបានចាត់ចូលនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ១៩៩១ នៅឆ្នាំ២០២១ យើងបានបំពេញលក្ខខណ្ឌវិនិច្ឆ័យលើកទី១ ដែល ៣ឆ្នាំ ម្តងគឺថាវាយតម្លៃ។ លើកទី២ គឺយើងវាយតម្លៃនៅឆ្នាំ ២០២៤ ហើយបានអនុម័តឱ្យចាកចេញ។ ខ្ញុំចាំបានថានៅចុងឆ្នាំ២០២៣ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើរបាយការណ៍ឱ្យខ្ញុំមួយ សុំការសម្រេចចិត្ត។ ពេលនោះយើងមានជម្រើស ២។ នៅឆ្នាំ២០២៤ ក្រោយពីវាយតម្លៃឱ្យកម្ពុជាអាចចាកចេញបាន គឺយើងមានរយៈពេលថិរវេលានៃការរៀបចំខ្លួននៅក្នុងការចេញ ពេលនោះបានលើកជម្រើស ២ ឱ្យខ្ញុំ។ ជម្រើសទី១៖ គឺ ៣ ឆ្នាំ យើងចេញនៅចុងឆ្នាំ២០២៧, ជម្រើសទី២ គឺ ៥ ឆ្នាំ នៅឆ្នាំ២០២៩។ ក្រោយពីការវិភាគ សិក្សាដ៏ហ្មត់ចត់របស់គណៈកម្មាធិការគោលនយោបាយរបស់យើងគ្រប់ពាក់ព័ន្ធជាមួយនឹងការសិក្សាពិគ្រោះយោបល់ជាមួយដៃគូ ក៏យើងសម្រេចចិត្តយកការត្រៀមរយៈពេល ៥ ឆ្នាំដើម្បីចាកចេញ។
ហេតុនេះហើយបានជាយើងចេញនៅឆ្នាំ២០២៩។ មូលហេតុអី? ពាក្យសាមញ្ញទេ អត់ចង់ត្រឹមល្អមើល ហើយអត់ល្អស៊ីនោះទេ។ និយាយពាក្យខ្មែរថា ចង់បានទាំងល្អមើល និងល្អស៊ី។ បានន័យថាម៉េច? ពេលដែលយើងចាកចេញ យើងត្រូវត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីរត់ទៅប្រកួតប្រជែងក្នុងបរិបទថ្មី ជាសមាជិក ឬមួយជាប្រទេសនៅក្នុងក្រុមអភិវឌ្ឍន៍តិចតួច។ ឈ្មោះអភិវឌ្ឍន៍តិចតួច ប៉ុន្តែក៏មានផលមួយចំនួន ការអនុគ្រោះមួយចំនួន ខ្ញុំឃើញបណ្ឌិត ជ័យ តិច គាត់លើក ហើយក៏មានប្រជាពលរដ្ឋលោកបានយល់ច្រើន។ ឧ. ការប្រាក់ និងកិច្ចការជំរុញការនាំចេញដោយការអនុគ្រោះមួយចំនួន។ ប៉ុន្តែរាជរដ្ឋាភិបាលយើងបានសម្រេចហើយ ខ្ញុំធ្លាប់លើកថាកម្ពុជាបានសម្រេចជាយុទ្ធសាស្ត្រត្រូវតែចាកចេញពី LDC យើងមិនអាចរស់នៅក្នុងក្រោមឈ្មោះជាប្រទេសក្រីក្រ ហើយស្រណុកស្រួលឱ្យគេអាណិតគ្រប់ពេលជួយនោះទេ។ យើងត្រូវតែពង្រឹងខ្លួនឯង។ នេះគឺជាទិសដៅនយោបាយដែលសម្តេចតេជោបានសម្រេច (ហើយ)រាជរដ្ឋាភិបាលអាណត្តិទី៧ ក៏បានបន្ត គឺយើងសម្រេចចិត្តជាយុទ្ធសាស្ត្រ ចាកចេញពី LDC នៅថ្ងៃអនាគត ដើម្បីពង្រឹងខ្លួនយើងកាន់តែរឹងមាំ។ នេះគឺជាការពិត។
អ្វីដែលសំខាន់ គឺថិរវេលា ដូចខ្ញុំបញ្ជាក់ តើយើង(កំណត់)យក(ប៉ុន្មានឆ្នាំដើម្បីចាកចេញ)។ យើងឃើញហើយថា មុនកូវីដ-១៩ យើងមានការរីកចម្រើនច្រើន ប៉ុន្តែកូវីដ-១៩ និងបរិបទប្រែប្រួលនៃសេដ្ឋកិច្ចមួយចំនួនក៏អាចប៉ះពាល់ដល់ការត្រៀមលក្ខណៈរបស់យើងនៅក្រោយឆ្នាំ២០១៩-២០២១ ហើយបានទាមទារឱ្យកម្ពុជាពង្រឹងខ្លួន។ ព្រោះយើងត្រូវនៅក្នុងរយៈពេលដែលយើងពន្យារ ២ ឆ្នាំនេះ មិនមែនពន្យារដើម្បីយើងស្រណុកបាន ២ ឆ្នាំនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាជាការយកពេលវេលាដើម្បីទៅរៀបចំ យើងធ្វើការចរចាជាមួយបណ្តាដៃគូមួយចំនួន ក្រសួងពាណិជ្ជកម្មយើង (មាន)លោកជំទាវ ចម និម្មល បានធ្វើការជាមួយប្រទេសអឺរ៉ុប (និង)ប្រទេសមួយចំនួនដើម្បីយើងរៀបចំទីលាន។ ពេលដែលយើងចាកចេញពី LDC យើងនឹងទៅដល់បរិស្ថានថ្មីមួយនៃការប្រកួតប្រជែង ដែលយើងបានត្រៀមលក្ខណៈរួច។ ដែលខ្ញុំថា មិនត្រឹមតែល្អមើលទេ តែល្អស៊ីទៀត សុំទោសប្រើពាក្យហ្នឹង ព្រោះកម្ពុជាមិនអាចប្រើល្អមើល ហើយល្អញ៉ាំ អាហ្នឹងវាដូចមិនពិរោះ តែពាក្យសាមញ្ញគឺអញ្ចឹង។
ប៉ុន្តែ ចង់និយាយថា នៅក្នុងការប្រកួតប្រជែងកម្រិត LDC យើងមានការប្រឈមមួយចំនួន និងការអនុគ្រោះមួយចំនួន។ ពេលដែលយើងចេញពី LDC យើងត្រូវមានការអនុគ្រោះមួយចំនួន និងផលមួយចំនួនដែលយើងអាចទាញបាន ប៉ុន្តែ យើងត្រូវប្រឈមការប្រកួតប្រជែងកាន់តែតឹងរ៉ឹង (ដោយសារ)ភាពអនុគ្រោះមួយចំនួនត្រូវបានដកចេញ។ ប៉ុន្តែ វានឹងជួយយើងឱ្យខិតខំកាន់តែខ្លាំង វាបង្កើតឱកាសថ្មីឱ្យកម្ពុជា … សម្រាប់ទាក់ទាញវិនិយោគពីខាងក្រៅ និងបង្កើតការវិនិយោគនៅខាងក្នុង និងទីផ្សារនៅខាងក្រៅកាន់តែរឹងមាំ។ នេះហើយជាការសម្រេចចិត្តរបស់កម្ពុជា។
សួរថា កម្ពុជាអត់គ្រប់លក្ខណៈ(ក្នុងការចូលឬ)? អត់ទេ! គឺយើងមានគ្រប់លក្ខណៈរួចទៅហើយ។ ឥឡូវ ឧ. សូចនាករ ៣ ដែលទាមទារដើម្បីធ្វើការវាយតម្លៃថា តើប្រទេសមួយអាចចេញឬទេ … មាន៖ ទី១ គឺចំណូលផលទុនជាតិសម្រាប់មនុស្សម្នាក់ៗ ដែលគេហៅថា GNP per capita (Gross National Product per capita) ដែលលក្ខខណ្ឌនៃការចេញ ប្រទេសមួយៗត្រូវមានយ៉ាងហោចណាស់មនុស្សម្នាក់ៗមានចំណូល ១ ២២២ ដុល្លារ។ នៅឆ្នាំ២០២៦នេះ កម្ពុជាមានរហូតទៅដល់ ២ ៧៥០ ដុល្លារ បានន័យថា ខ្ពស់មួយគុណជាពីររួចទៅហើយ។ សូចនាករទី២ ដែលប្រទេសដែលអាចចេញពី LDC បានគឺសន្ទស្សន៍នៃទ្រព្យមនុស្ស (Human Assets Index) ដែលគេទាមទារឱ្យប្រទេសមួយៗចង់ចេញ ទាល់តែ(មាន) ៦៦ យ៉ាងហោចណាស់។ ហើយកម្ពុជាមានរហូតទៅដល់ ៧៧,៥៣។ សូចនាករទី៣ គឺទាមទារឱ្យសន្ទស្សន៍ភាពងាយរងគ្រោះសេដ្ឋកិច្ច និងបរិស្ថានត្រូវតូចជាង ៣២ ពិន្ទុ បានន័យថា ភាពធន់នៃសេដ្ឋកិច្ចរបស់យើង និងបរិស្ថាន។ សម្រាប់កម្ពុជា ពិន្ទុរបស់យើងមាន ២២,១៥ បានន័យថា ១០ ពិន្ទុទាបជាងនូវអ្វីដែលគេទាមទារ(ផង)។ អញ្ចឹងលក្ខខណ្ឌយើងគ្រប់អស់ហើយ។
យើងចង់ចេញសម្រេចកាលនោះយកឆ្នាំ២០២៧ ក៏បាន យកឆ្នាំ២០២៩ ក៏បាន។ ប៉ុន្តែយើងសម្រេចយកឆ្នាំ២០២៩ ដើម្បីយើងត្រៀមលក្ខណៈឱ្យប្រសើរ ពេលដែលយើងដើរ កុំឱ្យមានភាពរអាក់រអួលក្នុងការធានានៃចីរភាពការអភិវឌ្ឍប្រទេស។ ព្រោះចំណុចមួយៗនៃការត្រៀមលក្ខណៈរបស់យើងវាបង្កើតស្អី?…។ ជាឱកាស ឬការប្រឈម បើយើងត្រៀមខ្លួនមិនល្អទេ យើងទៅប្រកួត យើងប្រឈម តែបើយើងត្រៀមខ្លួនបាន យើងចេញទៅ យើងជាឱកាស។ តើការប្រឈម និងឱកាសរបស់កម្ពុជាវាប្រែក្លាយទៅជាអី? វាប្រែជាឱកាសការងារ (និង)ឱកាសវិនិយោគបន្ថែមនៅកម្ពុជា ឬមួយក៏ការថយចុះ? បើយើងត្រៀមមិនបាន រអាក់រអួល ប្រកួតមិនទាន់ គឺវានឹងថយចុះ (ហើយ)វា(នឹង)ប៉ះពាល់ដល់ជីវភាព និងការងាររបស់ប្រជាពលរដ្ឋយើង។ តែបើយើងត្រៀមលក្ខណៈបាន ពេលដែលយើងចូល (បង្កើត)ជាឱកាសបន្ថែម បង្កើតការងារបន្ថែម ទាញវិនិយោគបន្ថែម។ នេះហើយគឺការសម្រេចចិត្តរបស់យើង។
ពិតណាស់ (នៅសល់)២ ឆ្នាំ(ទៀត) យើងនៅប្រទេស LDC អាចបងប្អូនមួយចំនួនមើលតែចំណងជើងហាក់ដូចជាយើងតែរាងអន់បន្តិច។ អត់ទេ! សូមកុំមើលតែឈ្មោះ ឬមួយប្រភេទប្រទេសអភិវឌ្ឍន៍តិចតួចឬអី ត្រូវមើលលក្ខខណ្ឌសូចនាករ និងលក្ខណៈនៅខាងក្រោម និងទិសដៅសំខាន់។ បានជាខ្ញុំសូមបញ្ជាក់ថ្ងៃនេះជូនប្រជាពលរដ្ឋរបស់យើង និងវិនិយោគិនរបស់យើង ជាមិត្តរបស់យើង ថាកម្ពុជាមិនទាន់បានចេញពី LDC មែន ប៉ុន្តែសូចនាករ និងលក្ខណៈសម្បត្តិរបស់កម្ពុជា លក្ខខណ្ឌទាំង ៣ ចំណុច(របស់)យើងខ្ពស់ជាងអ្វីជាលក្ខខណ្ឌតម្រូវការ(រួចទៅហើយ)។ ប៉ុន្តែការសម្រេចចិត្តរបស់យើង ពន្យារពេលនៅក្នុងការចេញជាជាង ២០២៧ យើងយក ២០២៩ នេះ គឺដើម្បីត្រៀមលក្ខណៈបង្កើតបរិយាបន្ន បង្កើតឱកាស បង្កើតលក្ខខណ្ឌ និងបរិស្ថានវិនិយោគឱ្យកាន់តែរឹងមាំ ត្រៀមខ្លួនដើម្បីបម្រើប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនយើងឱ្យបានច្រើន។ នេះជាការសម្រេចចិត្តនៅឆ្នាំ២០២៩ របស់កម្ពុជា។
សូមយកឱកាសដើម្បីបញ្ជាក់ប៉ុណ្ណេះ ព្រោះប្រជាពលរដ្ឋយើងមួយចំនួនធំគាត់យល់។ ប៉ុន្តែ នៅមានការឆ្ងល់មួយចំនួន ហើយមូលហេតុអីបានជាកម្ពុជាមិនចេញនៅឆ្នាំ២០២៦? ហេតុអីកម្ពុជានៅរហូតដល់ ២០២៩? តើលក្ខខណ្ឌស្អីខ្លះដែលកម្ពុជាត្រូវធ្វើដើម្បីចេញ? គឺយើងគ្រប់អស់ហើយនៅពេលនេះ។ ពេលជាមួយគ្នានេះ គ្រប់ក្រសួង-ស្ថាប័នរបស់យើងបន្តធ្វើម៉េចត្រៀមលក្ខណៈឱ្យកាន់តែប្រសើរ ត្រៀមលក្ខណៈឱ្យកាន់តែរួចរាល់ ដើម្បីឈានទៅដល់ការប្រកួតប្រជែងដោយជោគជ័យនៅពេលដែលយើងចេញពី LDC នៅចុងឆ្នាំ២០២៩ ខាងមុខ។
[បញ្ចប់សេចក្ដីអធិប្បាយ]
មុននឹងបញ្ចប់, ខ្ញុំសូមជូនពរឱ្យ «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិ-កម្ពុជា» ឆ្នាំ២០២៦ ទទួលបានជោគជ័យ និងសម្រេចបានផ្លែផ្កា សម្រាប់ផលប្រយោជន៍ប្រជាជន និងប្រទេសកម្ពុជា, និងសូមលើកទឹកចិត្តដល់ជំនាញការ និងវិនិយោគិនអន្តរជាតិ ស្វែងយល់អំពីសក្តានុពលវិនិយោគនៅកម្ពុជា ជាពិសេស បង្កើតទំនាក់ទំនងល្អជាមួយវិនិយោគិន ម្ចាស់រោងចក្រ-សហគ្រាស និងថ្នាក់ដឹកនាំធុរកិច្ច របស់កម្ពុជា, ឆ្ពោះទៅការបង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងផ្គូផ្គងអាជីវកម្ម ដ៏ពិតប្រាកដ នាពេលខាងមុខ។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី សូមមានសុខភាពល្អបរិបូរណ៍, សុខសុភមង្គលក្នុងក្រុមគ្រួសារ, និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងាររៀងៗខ្លួន។
ខ្ញុំសូមប្រកាសបើក «វេទិកាធុរកិច្ច និងវិនិយោគអន្តរជាតិ-កម្ពុជា ឆ្នាំ២០២៦» ចាប់ពីពេលនេះតទៅ !



