- ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
- ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល!
- លោកជំទាវអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី!
- ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ!
- ភ្ញៀវកិត្តិយស!
- លោក លោកស្រី ជាទីគោរព!
ខ្ញុំសូមអនុញ្ញាតចាប់ផ្ដើមដោយពាក្យសាមញ្ញមួយឃ្លា៖ Bienvenue à Phnom Penh! សូមស្វាគមន៍មកកាន់រាជធានីភ្នំពេញ!
ទីក្រុងភ្នំពេញមានស្មារតីចងចាំជាប្រវត្តិសាស្ត្រមួយ…
នៅឆ្នាំ១៩៧០, អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានចាប់កំណើតឡើងនៅទីក្រុង នីយ៉ាម៉េ (Niamey)។ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គឺជាព្រះវររាជបិតាស្ថាបនិកមួយព្រះអង្គក្នុងចំណោមស្ថាបនិកដំបូងនៃអង្គការនេះ។ ប៉ុន្តែក្នុងឆ្នាំដដែលនោះ ប្រទេសរបស់យើងបានធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម ហើយប្រាំឆ្នាំបន្ទាប់មក ភ្នំពេញបានក្លាយជាទីក្រុងដែលស្ទើរតែគ្មានមនុស្សរស់នៅ។ អស់រយៈពេលជិត ៤ឆ្នាំ ទីក្រុងនេះបានធ្លាក់ក្នុងភាពស្ងប់ស្ងាត់។ យើងមិនភ្លេចឡើយនូវជនរងគ្រោះទាំងអស់ ហើយយើងក៏មិនបានភ្លេចនូវការបង្ខំឱ្យធ្វើការដោយគ្មានសេរីភាព, ការបង្ខំឱ្យផ្លាស់ទីលំនៅ និងអំពើប្រល័យពូជសាសន៍។
បន្ទាប់មក, ជីវិតក៏បានវិលត្រឡប់មកវិញ។ ក្រុមគ្រួសារជាច្រើនបានវិលត្រឡប់មកផ្ទះសម្បែងវិញ ដោយគ្មានអ្វីជាប់នឹងខ្លួនសោះ។ ប្រជាជនទាំងអស់បានចាប់ផ្តើមសាងសង់ឡើងវិញ នូវ ផ្ទះ, សាលារៀន, និងផ្សារ ជាមួយក្តីសង្ឃឹម។ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ការផ្សះផ្សាជាតិ និងនយោបាយឈ្នះ-ឈ្នះ បាននាំមកជូនកម្ពុជាវិញនូវឯកភាពជាតិ និងសន្តិភាព ហើយក្រោមព្រះរាជតម្រិះ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ ព្រះករុណា ព្រះមហាក្សត្រ, សន្តិភាពនេះត្រូវបានថែរក្សា និងពង្រឹងឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ដូចដែល ឯកឧត្តម លោកជំទាវ បានឃើញស្រាប់ហើយថា អគារខ្ពស់ៗបានលេចរូបរាងឡើង ឈរអមជាមួយប្រាសាទបុរាណ។ មហាវិថីទាំងឡាយដែលធ្លាប់តែស្ងាត់ជ្រងំ, ឥឡូវនេះពោរពេញទៅដោយយុវជនដែលមានភាពស្វាហាប់ក្នុងការកសាងអនាគតរបស់ពួកគេ។ កូនចៅរបស់យើងកំពុងសិក្សាភាសាអង់គ្លេស, ភាសាចិន, ភាសាកូរ៉េ ជាពិសេសភាសាបារាំង ដែលតែងតែស្ថិតនៅកន្លែងពិសេសមួយក្នុងចំណោមពួកយើង ពោលគឺជាភាសាដែលចូលរួមចំណែកកសាងប្រព័ន្ធអប់រំ, ប្រព័ន្ធច្បាប់ និងទំនាក់ទំនងមិត្តភាពរបស់យើង។
ភ្នំពេញយល់ច្បាស់បំផុតអំពីតម្លៃនៃសន្តិភាព ទោះបីជាត្រឹមតែមួយថ្ងៃក៏ដោយ ហើយថ្ងៃនេះ យើងបើកទ្វារទីក្រុងរបស់យើងដើម្បីទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ ទាំងអស់គ្នា។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមជម្រាបជូនមហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូលថា៖ ទីនេះ ជាផ្ទះរបស់ឯកឧត្តម លោកជំទាវ។
២៩ ឆ្នាំបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ, ហ្វ្រង់កូហ្វូនីបានវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍សាជាថ្មី ដែលជាតំបន់ស្ថិតនៅជួរមុខមួយនៃពិភពលោកដែលកំពុងតែផ្លាស់ប្តូរ។ អាស៊ី ជាកម្លាំងចលករនៃកំណើន ហើយអាស៊ីក៏ជាចំណុចប្រសព្វនៃអរិយធម៌ដែរ។ តំបន់នេះរំឭកយើងអំពីសច្ចភាពដ៏សាមញ្ញមួយថា៖ ភាពជាសកលមិនមែនមានន័យថាជាភាពដូចគ្នាទាំងស្រុងនោះទេ។
យើងមានបំណងប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ី និងលំហហ្វ្រង់កូហ្វូនី ពីព្រោះពិភពលោករបស់យើងកំពុងប្រឈមនឹងការបែកបាក់ ហើយទំនុកចិត្តក៏កំពុងធ្លាក់ចុះ។ ក្នុងកាលៈទេសៈនេះ, និងលើសពីពេលណាៗទាំងអស់, ហ្វ្រង់កូហ្វូនីត្រូវតែបន្តជាទីកន្លែងដែលយើងផ្តល់អាទិភាពលើកិច្ចសន្ទនា និងជាទីកន្លែងដែលមានច្បាប់ការពារដល់មនុស្សគ្រប់រូប។
កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាម។ កម្ពុជាដឹងច្បាស់ថា សង្គ្រាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ដែរថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ។ ហេតុនេះហើយបានជាកងទ័ពរបស់យើង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការ សហប្រជាជាតិ ហើយក៏ជាហេតុផលដែលក្រុមអ្នកជំនាញដោះមីនរបស់យើង ខិតខំប្រឹងប្រែងប្រគល់ដីសម្អាតមីនរួច ជូនប្រជាពលរដ្ឋវិញ។
ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨, កម្ពុជាទទួលបានសន្តិភាពដែលមានរយៈពេលយូរបំផុត បើគិតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ ប៉ុន្តែ នៅឆ្នាំ២០២៥, ការប៉ះទង្គិចដោយអាវុធបានកើតឡើង ២លើករវាងកម្ពុជានិងថៃ ដែលក្នុងនោះកម្ពុជាមិនមែនជាអ្នកផ្តើមបាញ់មុននោះទេ។ មនុស្សបានបាត់បង់ជីវិត, ក្រុមគ្រួសារជាច្រើនត្រូវបង្ខំចិត្តរត់ភៀសខ្លួន។ ព្រឹត្តិការណ៍នេះបានរំឭកយើងថា សន្តិភាពមិនមែនជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។
បទឈប់បាញ់ដែលបានព្រមព្រៀង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតែបន្តអនុវត្ត, ប៉ុន្តែស្ថានភាពនៅតែមានភាពស្មុគស្មាញនិងផុយស្រួយនៅឡើយ។ កងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា។ ដែនអធិបតេយ្យរបស់កម្ពុជាជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ ពីសំណាក់កងទ័ពថៃ។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០ នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ។ ការធានាឱ្យពួកគាត់អាចវិលត្រឡប់ទៅវិញដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់យើង។
យើងអំពាវនាវឱ្យមានការគោរពយ៉ាងខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងជាធរមានទាំងអស់រវាងកម្ពុជា និងថៃ។ ក្នុងន័យនេះ, យើងស្នើសុំឱ្យមានការចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោក។ ព្រំដែនកម្ពុជា-ថៃមិនមែនជាព្រំដែនថ្មីនោះទេ វាជាព្រំដែនអន្តរជាតិដែលទទួលស្គាល់ដោយក្របខ័ណ្ឌច្បាប់អន្តរជាតិ ហើយត្រូវបានគូសវាសយ៉ាងច្បាស់លាស់រួចហើយតាំងពីជាងមួយសតវត្សរ៍មុនមកម្លេះ។ ដូច្នេះ, នេះគឺជាខ្សែបន្ទាត់ព្រំដែនដែលភាគីទាំងអស់ត្រូវតែទទួលស្គាល់ និងគោរពយ៉ាងម៉ឺងម៉ាត់ ស្របតាមច្បាប់អន្តរជាតិ។
រីឯនៅតំបន់សមុទ្រវិញ, យើងបានជ្រើសរើសយកផ្លូវច្បាប់ តាមរយៈការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ប្រទេសថៃបានចូលរួមក្នុងនីតិវិធីនេះ ដែលនេះជាសញ្ញាដ៏មានក្តីសង្ឃឹមមួយ។
កម្ពុជាមានឆន្ទៈច្បាស់លាស់ គឺ យើងចង់បានព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសថៃ ជាខ្សែបន្ទាត់ព្រំដែនដែលការពារនិងនាំឱ្យប្រជាជននៃប្រទេសទាំងពីរកាន់តែខិតជិតគ្នាបន្ថែមទៀត។
គោលការណ៍នេះ គឺជាបញ្ហាដែលពាក់ព័ន្ធដល់សហគមន៍អន្តរជាតិទាំងមូល។ គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (Faits Accomplis) នោះឡើយ។ ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ។
ខ្ញុំសូមថ្លែងអំណរគុណដល់អាស៊ាន និងបណ្តាប្រទេសមិត្តទាំងអស់នៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។
ទាំងនេះហើយ ជាចំណុចស្នូលដ៏សំខាន់នៃមូលបទរបស់យើង៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង»។
ការរួមគ្នាបន្តកសាងសន្តិភាព គឺជាការបដិសេធចោលនូវភាពស៊ាំនឹងសង្គ្រាម។ ការការពារគឺប្រសើរជាងព្យាបាល ហើយការកសាងសន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត។ ទំនុកចិត្តទាក់ទាញការវិនិយោគហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព។
គ្មានរដ្ឋណាមួយអាចទទួលខុសត្រូវតែម្នាក់ឯងបានឡើយ។ ដូច្នេះ ខ្ញុំសូមស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺ៖ ការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព។
ទីមួយ៖ ការបង្ការ
ខ្ញុំស្នើបង្កើតឱ្យមានបណ្តាញហ្វ្រង់កូហ្វូនីសម្រាប់ការបង្ការ និងការសម្រុះសម្រួល ដែលបណ្តាញនេះនឹងប្រមូលផ្តុំអ្នកការទូត អ្នកជំនាញ និងស្ថាប័ននានារបស់យើង។ តាមសំណើរបស់រដ្ឋសមាជិក, បណ្តាញនេះនឹងជួយសម្របសម្រួលកិច្ចសន្ទនា មុនពេលអំពើហិង្សាផ្ទុះឡើង។ ការបង្ការទុកជាមុនតែងតែចំណាយតិចជាងការកសាងឡើងវិញ។
ទីពីរ៖ ការត្រៀមខ្លួន
យុវជនរបស់យើងកំពុងធំធាត់ឡើងក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត។ បច្ចេកវិទ្យានេះអាចជួយព្យាបាលជំងឺ, លើកកម្ពស់ការអប់រំ និងនាំមនុស្សឱ្យកាន់តែខិតជិតគ្នា ប៉ុន្តែវាក៏អាចត្រូវបានយកទៅប្រើប្រាស់ ដើម្បីបោកបញ្ឆោត និងបំបែកបំបាក់មនុស្ស។ ក្នុងន័យនេះ, ខ្ញុំសូមស្នើបង្កើតឱ្យមានកម្មវិធីហ្វ្រង់កូហ្វូនី ដើម្បីបណ្តុះបណ្តាលយុវជនរបស់យើង, ប្រមូលផ្តុំសាកលវិទ្យាល័យ និងចែករំលែកធនធានជាភាសាបារាំងរបស់យើង ដោយត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះប្រទេសដែលមានធនធានតិចតួចជាងគេ។
នៅកម្ពុជា ការងារនេះបានចាប់ផ្តើមរួចទៅហើយ។ ដោយមានកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), យើងកំពុងរៀបចំបង្កើត មជ្ឈមណ្ឌលជាតិសម្រាប់បញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ។ ភាសាបារាំងត្រូវតែមានភាពរស់រវើកនៅក្នុងការវិវត្តនៃបច្ចេកវិទ្យា នាពេលអនាគត ពីព្រោះភាសាមួយមិនអាចរស់រានមានជីវិតបានរហូត ដោយសារមរតកពីអតីតកាលរបស់ខ្លួនប៉ុណ្ណោះទេ។ ភាសានោះនឹងបន្តមានជីវិតរស់រវើក តាមរយៈការបន្តច្នៃប្រឌិតលើអនាគតកាលរបស់ខ្លួន។
ទីបី៖ ការកសាងវិបុលភាព
កម្ពុជាបានស្នើបង្កើតឱ្យមានការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីមួយ នៅរាជធានីភ្នំពេញ។ការិយាល័យនេះនឹងបំពេញបន្ថែមលើការងាររបស់តំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នៅទីក្រុងហាណូយ។ ការិយាល័យនេះនឹងទទួលស្វាគមន៍វិនិយោគិន ព្រមទាំងជួយពង្រឹងទំនាក់ទំនងរវាងសហគ្រាសនៃបណ្តាប្រទេសហ្វ្រង់កូហ្វូនី និងសហគ្រាសនៃតំបន់អាស៊ាន។ ការិយាល័យនេះ នឹងជាស្ពាននាំយើងទទួលបាននូវវិបុលភាពទាំងអស់គ្នា។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
ឯកឧត្តម លោកជំទាវ!
លោក លោកស្រី!
ជំនឿចិត្តដ៏មុតមាំដែលគ្មានសកម្មភាពជាក់ស្តែង គឺគ្រាន់តែជាពាក្យសម្តីមួយឃ្លា ដែលបានតែនិយាយប៉ុណ្ណោះ។ ការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព គឺជាអ្វីដែលភ្នំពេញស្នើទៅកាន់មហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូល។
ប្រវត្តិសាស្ត្របានបង្រៀនយើងនូវមេរៀនដ៏មានតម្លៃមួយគឺ នៅពេលដែលកម្លាំងយោធាមានឥទ្ធិពលលើសលុប, នោះយើងត្រូវតែជ្រើសរើសយកផ្លូវច្បាប់, ហើយនៅពេលដែលការមិនទុកចិត្តគ្នាកាន់តែកើនឡើង, យើងត្រូវតែជ្រើសរើសយកកិច្ចសន្ទនា។ នេះមិនមែនជាភាពឆោតល្ងង់នោះទេ ទោះបីកម្លាំងយោធាអាចបង្ខំឱ្យស្ថានភាពស្ងប់ស្ងាត់បានមួយគ្រា, ប៉ុន្តែកម្លាំងយោធាមិនអាចកសាងសន្តិភាពបាននោះឡើយ។
មនុស្សគ្រប់គ្នាទទួលបានសន្តិភាពជាមរតកដែលកសាងដោយ មនុស្សជំនាន់មុន ប៉ុន្តែយើងមិនត្រូវចាត់ទុកថា សន្តិភាពជាអ្វីដែលមានស្រាប់ និងគង់វង្សជារៀងរហូតនោះឡើយ។ ដូច្នេះ ជាការទទួលខុសត្រូវរួមរបស់យើង ដោយត្រូវខិតខំធ្វើយ៉ាងណា ដើម្បីឱ្យកូនចៅជំនាន់ក្រោយរបស់យើង មាន សន្តិភាព ហើយពួកគេមិនចាំបាច់ត្រូវតស៊ូដណ្តើមយកសន្តិភាពមកវិញជាថ្មីម្តងទៀត។
សូមអរគុណ!


