- លោកជំទាវ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)
- ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងប្រតិភូទាំងអស់
- លោក លោកស្រី អ្នកនាងកញ្ញា ជាទីមេត្រី!
ជម្រាបសួរ! សូមស្វាគមន៍មកកាន់រាជធានីភ្នំពេញ!
ខ្ញុំពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តម និងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានអញ្ជើញបើក «ភូមិហ្វ្រង់កូហ្វូនី» នាឱកាសនេះ។
នេះជាលើកទីមួយហើយ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ហើយក៏ជាលើកទីមួយផងដែរ ចាប់តាំងពីកិច្ចប្រជុំនៅទីក្រុងហាណូយ ក្នុងឆ្នាំ១៩៩៧ ដែលកិច្ចប្រជុំកំពូលនេះបានវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍សាជាថ្មី។ សម្រាប់ប្រទេសយើង នេះគឺជាមោទនភាព ជាពេលវេលានៃសាមគ្គីភាព និងជាពេលវេលានៃការអបអរសាទរដ៏វិសេសវិសាល។
ចាប់ពីទីក្រុងដាកា (Dakar) ដល់ទីក្រុងយេរេវ៉ាន់ (Yerevan) ពីកោះជែបា (Djerba) ដល់ទីក្រុងប៉ារីស «ភូមិហ្វ្រង់កូហ្វូនី» តែងតែរួមដំណើរជាមួយកិច្ចប្រជុំកំពូលជានិច្ច។ ភូមិនេះ គឺជាទ្វារបើកចំហរបស់កិច្ចប្រជុំកំពូល។ នៅឯកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំជួបពិភាក្សាគ្នា រីឯនៅក្នុងភូមិនេះវិញ ប្រជាជននៃបណ្តាប្រទេសនានាបានជួបជុំគ្នា។ ថ្ងៃនេះ គឺដល់វេនរាជធានីភ្នំពេញហើយ ដែលជាអ្នកបើកទ្វារស្វាគមន៍នេះ។
ភូមិរបស់យើង ស្ថិតនៅចំបេះដូងនៃរាជធានី ក្បែរតំបន់ទន្លេចតុមុខ ដែលជាទីប្រសព្វរវាងទន្លេសាប និងទន្លេមេគង្គ។ តាំងពីដើមរៀងមក រាជធានីរបស់យើងតែងតែជាទីកន្លែងនៃការជួបជុំគ្នា ពោលគឺទន្លេហូរមកប្រសព្វគ្នានៅទីនេះ ហើយប្រជាជនក៏មកជួបជុំគ្នានៅទីនេះដូចគ្នា។
កម្ពុជា និងហ្វ្រង់កូហ្វូនី មានប្រវត្តិទំនាក់ទំនងជាមួយគ្នាជាយូរលង់ណាស់មកហើយ។ ប្រទេសរបស់យើងបានចូលរួមក្នុងអង្គការហ្វ្រង់កូហ្វូនី ក្នុងឋានៈជាអ្នកសង្កេតការណ៍នៅឆ្នាំ១៩៩១ មុននឹងក្លាយជាសមាជិកពេញសិទ្ធិនៅឆ្នាំ១៩៩៣។ សម្រាប់យើង ភាសាបារាំងគឺជាភាសានៃការចងចាំ ហើយក៏ជាភាសានៃការសិក្សា ចំណេះដឹង និងមិត្តភាពផងដែរ។
កម្ពុជាស្គាល់ច្បាស់អំពីតម្លៃនៃសន្តិភាព។ យើងដឹងថា សន្តិភាពត្រូវបានកសាងឡើងជារៀងរាល់ថ្ងៃ ដោយការអត់ធ្មត់។ ហេតុដូច្នេះហើយ ទើបមូលបទនៃកិច្ចប្រជុំកំពូលលើកនេះ បានចាក់ដោតយ៉ាងជ្រៅមកក្នុងបេះដូងរបស់យើង គឺ៖ «ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពប្រកបដោយចីរភាព»។
ចំណែកឯមូលបទនៃភូមិរបស់យើង ក៏បានបង្ហាញអត្ថន័យនេះតាមរបៀបរបស់ខ្លួនដែរ គឺ៖ «ស្នាមញញឹមខ្មែរ ស្នាមញញឹមនៃហ្វ្រង់កូហ្វូនី»។
នៅប្រទេសកម្ពុជា ស្នាមញញឹមមានន័យលើសពីពាក្យជម្រាបសួរ។ វាគឺជាភាពកក់ក្តៅ ជាសន្តិភាព និងជាក្តីសង្ឃឹម។ ថ្ងៃនេះ ស្នាមញញឹមរបស់យើងបានផ្សារភ្ជាប់ជាមួយស្នាមញញឹមនៃគ្រួសារហ្វ្រង់កូហ្វូនី។
នៅទីនេះ ក្រោមដំបូលមេឃតែមួយ ប្រទេសរបស់យើងបានមកជួបជុំគ្នា។ លោកអ្នកនឹងបានទស្សនាស្តង់ពិព័រណ៍របស់បណ្តាប្រទេសជាសមាជិក បានភ្លក្សរសជាតិម្ហូបអាហារដ៏សម្បូរបែប បានស្តាប់តន្ត្រី និងកោតសរសើរស្នាដៃសិល្បកររបស់យើង។ លោកអ្នកក៏នឹងបានឃើញផងដែរ នូវស្នាដៃរបស់សិប្បករ ផលិតករ និងសហគ្រិនវ័យក្មេងរបស់យើង។
ពីព្រោះថា ហ្វ្រង់កូហ្វូនី មិនមែនគ្រាន់តែជាភាសាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវប្បធម៌ដ៏រស់រវើក ជាលំហនៃការផ្លាស់ប្តូរ ពាណិជ្ជកម្ម និងនវានុវត្តន៍ ព្រមទាំងជាគុណតម្លៃរួម ដែលរួមមាន សន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសាមគ្គីភាព។
ខ្ញុំសូមរំលឹកជាពិសេសដល់យុវជនរបស់យើង។ ហ្វ្រង់កូហ្វូនីនាថ្ងៃអនាគត គឺជាយុវជនរបស់យើងនេះឯង។ ពួកគេគឺជាអ្នករៀនសូត្រ ជាអ្នកបង្កើតថ្មី និងជាអ្នកច្នៃប្រឌិត។ ភូមិនេះ ក៏ត្រូវបានរៀបចំឡើងសម្រាប់ពួកគេផងដែរ។
ដូចគ្នានឹងទន្លេរបស់យើងដែរ វប្បធម៌របស់យើងបានមកជួបប្រសព្វគ្នានៅទីនេះ។ វប្បធម៌នីមួយៗរក្សាបាននូវអត្តសញ្ញាណរៀងៗខ្លួន ហើយរួមគ្នាឆ្ពោះទៅរកសេចក្តីប្រាថ្នាតែមួយ គឺ៖ សន្តិភាព ការគោរពគ្នា និងវឌ្ឍនភាពរួម។
ចំពោះភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកពីគ្រប់ទិសទីលើពិភពលោក ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានរបស់លោកអ្នកនៅទីនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមជូនពរឱ្យលោកអ្នកស្នាក់នៅប្រកបដោយភាពសប្បាយរីករាយបំផុត។ សូមអញ្ជើញស្វែងយល់អំពីបដិសណ្ឋារកិច្ចរបស់យើង ទស្សនារាជធានីដ៏ស្រស់ស្អាតរបស់យើង ភ្លក្សរសជាតិម្ហូបអាហាររបស់យើង និងទទួលយកមិត្តភាពដ៏កក់ក្តៅពីប្រជាជនរបស់យើង។
សូមឱ្យភូមិនេះ បង្កើតបាននូវភាពជាដៃគូថ្មីៗ!
សូមឱ្យវប្បធម៌របស់យើង បានជួបប្រសព្វគ្នានៅទីនេះ!
សូមឱ្យយុវជនរបស់យើង កសាងបាននូវមិត្តភាពអស់មួយជីវិតនៅទីនេះ!
សូមឱ្យមហាគ្រួសាររបស់យើង កាន់តែមានសាមគ្គីភាពរឹងមាំថែមទៀត!
ខ្ញុំសូមប្រកាសបើក «ភូមិហ្វ្រង់កូហ្វូនី» ជាផ្លូវការ ចាប់ពីពេលនេះតទៅ!
ជយោ ហ្វ្រង់កូហ្វូនី! ជយោ មិត្តភាពរវាងប្រជាជនយើង!
អរគុណ! និងសូមស្វាគមន៍មកកាន់ព្រះរាជាណាចក្រកម្ពុជា!

