- សូមអរគុណ ឯកឧត្តមប្រធាន
- ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស លោក លោកស្រី!
ជាបឋម ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) ដែលប្រព្រឹត្តទៅនៅទីក្រុងបាគូ ដែលជាទីក្រុងប្រវត្តិសាស្ត្រដ៏រស់រវើក នៃសាធារណរដ្ឋអាស៊ែបៃហ្សង់។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមប្រធានាធិបតី Aliyev រដ្ឋាភិបាល និងប្រជាជនអាស៊ែបៃហ្សង់ ចំពោះការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូរបស់ខ្ញុំ។ ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះភាពជាអ្នកដឹកនាំរបស់ប្រទេសអាស៊ែបៃហ្សង់ ហើយសូមសម្តែងនូវការអបអរសាទរចំពោះការបន្តធ្វើជាប្រធានសន្និសីទ CICA សម្រាប់ឆ្នាំ ២០២៦-២០២៨។ ខ្ញុំក៏សូមកោតសរសើរផងដែរចំពោះប្រធាន និងលេខាធិការដ្ឋាន CICA ដែលបានរៀបចំកិច្ចប្រជុំកំពូលនេះឡើងយ៉ាងល្អប្រសើរ។
កម្ពុជាក៏សូមសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានក្លាយជា រដ្ឋសមាជិកនៃសន្និសីទ CICA។ ការចូលរួមរបស់ឡាវក្នុងនាមជារដ្ឋសមាជិក នឹងពង្រឹងបន្ថែមទៀត នូវភាពជាតំណាង បរិយាបន្ន និងភាពស្វាហាប់នៃសន្និសីទរបស់យើង។ កម្ពុជាក៏សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងផងដែរ ចំពោះអគ្គលេខាធិការថ្មីនៃសន្និសីទ CICA។
យើងជួបជុំគ្នានៅចំពេលនៃការផ្លាស់ប្តូរយ៉ាងខ្លាំងក្លាផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ច។ ការប្រកួតប្រជែងជាយុទ្ធសាស្ត្រដ៏ខ្លាំងក្លា ជម្លោះអូសបន្លាយ ការបែកបាក់ផ្នែកសេដ្ឋកិច្ច និងការរំខានដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល ឧក្រិដ្ឋកម្មឆ្លងដែន និងបញ្ហាប្រឈមផ្នែកសន្តិសុខថ្មីៗ កំពុងធ្វើឲ្យចុះខ្សោយនូវទំនុកចិត្តអន្តរជាតិ និងកំពុងសាកល្បងភាពធន់នៃពហុភាគីនិយម។
នៅក្នុងបរិបទនេះ គោលការណ៍នានាដែលបានបញ្ជាក់ឡើងវិញនៅក្នុងសេចក្តីថ្លែងការណ៍ទីក្រុងបាគូ រួមមាន៖ ការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ សមភាពអធិបតេយ្យភាព បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី មិនមែនគ្រាន់តែជាបំណងប្រាថ្នានោះទេ ប៉ុន្តែគឺជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថិរភាព។ កម្ពុជាជឿជាក់យ៉ាងមុតមាំថា គោលការណ៍ទាំងនេះត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងប្រកបដោយសមភាពសម្រាប់រដ្ឋទាំងអស់។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
បទពិសោធនាពេលថ្មីៗនេះរបស់កម្ពុជាផ្ទាល់ បានពង្រឹងការជឿជាក់របស់យើងថា សន្តិភាពមិនមែនជាអ្វីដែលបានមកដោយឯកឯងនោះទេ ហើយជម្លោះរវាងរដ្ឋនានាត្រូវតែដោះស្រាយតាមរយៈមធ្យោបាយសន្តិវិធី ការសន្ទនា និងច្បាប់អន្តរជាតិ។ ព្រំដែន និងអធិបតេយ្យភាព មិនត្រូវត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំង ឬ ការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែង (faits accomplis) ឡើយ។ បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅតែបន្តគោរពបាន ប៉ុន្តែស្ថានការណ៍នៅតែមានភាពស្មុគស្មាញ។ បញ្ហាស្នូល គឺបូរណភាពទឹកដី និងអធិបតេយ្យភាព ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលមានជាធរមាន នៅមិនទាន់ត្រូវបានបានដោះស្រាយនៅឡើយ។ កម្ពុជានៅតែមានក្ដីបារម្ភចំពោះស្ថានភាពជាក់ស្ដែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។
ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលជាយន្តការគន្លឹះសម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងយ៉ាងច្បាស់នៅក្នុងកិច្ចព្រមព្រៀងរវាងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសេចក្តីប្រកាសរួម នៅមិនទាន់ត្រូវបានអនុវត្តជាក់ស្តែងនៅលើទីតាំងនៅឡើយ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ បានរារាំងប្រជាពលរដ្ឋខ្មែរប្រមាណជាង ២ម៉ឺននាក់ ក្នុងការត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។
ទោះបីជាស្ថានការណ៍នេះនៅតែមានភាពស្មុគស្មាញក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់ដោយសន្តិវិធីជាមួយថៃ តាមរយៈយន្តការ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ និងស្របតាមច្បាប់អន្តរជាតិ ព្រមទាំងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ យើងជឿជាក់ថា ការសន្ទនា ការកាត់បន្ថយភាពតានតឹង ការអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីដោយស្មោះត្រង់ ជាពិសេស ការខណ្ឌសីមាព្រំដែន តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) និងវិធានការជាក់ស្ដែងដើម្បីកសាងទំនុកចិត្ត គឺជាកត្តាចាំបាច់ក្នុងការបង្កើតលក្ខខណ្ឌអំណោយផល សម្រាប់ការដោះស្រាយជម្លោះប្រកបដោយយុត្តិធម៌ ស្ថិតស្ថេរ និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី។
នេះគឺជាស្មារតីនៃការសន្ទនា ការកសាងទំនុកចិត្ត និងការរួមរស់ជាមួយគ្នាដោយសន្តិវិធី ដែល CICA ខិតខំជំរុញ នៅទូទាំងទ្វីបរបស់យើង។
នៅក្នុងបរិបទដ៏ទូលំទូលាយនេះ CICA បានសម្រេចនូវវឌ្ឍនភាពគួរឱ្យកោតសរសើរក្នុងការលើកកម្ពស់សារៈសំខាន់ និងការរួមចំណែករបស់ខ្លួន ក្នុងនាមជាវេទិកាសម្រាប់តំបន់អាស៊ីទាំងមូល សម្រាប់ការសន្ទនា ការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការសម្រេចចិត្តដោយផ្អែកលើការសម្រេចជាឯកច្ឆន្ទ។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ដោយស្មារតីសម្លឹងឆ្ពោះទៅមុខ ខ្ញុំសូមលើកឡើងនូវអាទិភាពចំនួន ៤ សម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់យើង៖
ជាដំបូង កម្ពុជាបញ្ជាក់សាជាថ្មីនូវការគាំទ្រយ៉ាងមុតមាំ ចំពោះការប្រែក្លាយ CICA ទៅជាអង្គការអន្តរជាតិពេញលេញមួយ។ កម្ពុជានឹងធ្វើការរួមគ្នាជាមួយរដ្ឋសមាជិកដទៃទៀត ដើម្បីជំរុញការអនុវត្ត «ផែនទីបង្ហាញផ្លូវសម្រាប់បរិវត្តកម្ម CICA» និងសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត ក្នុងការចរចាលើធម្មនុញ្ញរបស់ CICA។ កម្ពុជាមានក្ដីសោមនស្សដែលបានផ្ដល់សច្ចាប័នលើ «អនុសញ្ញាស្តីពីឯកសិទ្ធិ និងអភ័យឯកសិទ្ធិរបស់លេខាធិការដ្ឋាន CICA បុគ្គលិក និងតំណាងរបស់ខ្លួន» ហើយលិខិតុបករណ៏នៃការផ្ដល់សច្ចាប័ននេះ ក៏ត្រូវបានតម្កល់ទុកនៅលេខាធិការដ្ឋាន CICA រួចរាល់ផងដែរ។
ទី២៖ កម្ពុជាផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែស៊ីជម្រៅ ដែលរួមមានការជំរុញសកម្មភាពពាណិជ្ជកម្មក្នុងចំណោមសមាជិក CICA ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ សន្តិសុខថាមពល ការតភ្ជាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងក៏ស្វាគមន៍ផងដែរ ចំពោះកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ លើវិស័យទេសចរណ៍ អប់រំ បរិវត្តកម្មនិងនវានុវត្តន៍ឌីជីថល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។
ទី៣៖ យើងគួរតែពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ នៅក្នុងពិភពលោកដែលកាន់តែមានភាពរីកចម្រើនផ្នែកឌីជីថល ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ការឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដែលពាក់ព័ន្ធផ្សេងទៀត កាន់តែមានភាពស្មុគស្មាញ និងមិនអាចដោះស្រាយប្រកបដោយប្រសិទ្ធភាព ដោយប្រទេសណាមួយធ្វើសកម្មភាពតែម្នាក់ឯងនោះទេ។ ដូច្នេះ កម្ពុជាគាំទ្រដល់ការចែករំលែកព័ត៌មាន កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តច្បាប់ ការកសាងសមត្ថភាព និងភាពធន់ក្នុងវិស័យសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការបែបនេះ គួរតែត្រូវបានអនុវត្តដោយគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាពជាតិ ច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគួរតែផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ជាជាងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ។
កាលពីថ្មីៗនេះ កម្ពុជាទើបតែបានធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមានការចូលរួមពីតំណាងនៃប្រទេសចំនួន ២៦ និងអង្គការអន្តរជាតិចំនួន ៧ រួមមាន៖ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC), អង្គការនគរបាលព្រហ្មទណ្ឌអន្តរជាតិ (INTERPOL), និងមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ ឡានឆាង-មេគង្គ (LMLECC) ព្រមទាំងការអនុម័ត សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ដើម្បីបង្ក្រាបបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ការពារជនរងគ្រោះ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ទី៤៖ កម្ពុជាលើកទឹកចិត្តឱ្យមានការបំពេញបន្ថែមគ្នាកាន់តែរឹងមាំ រវាង CICA និងអង្គការក្នុងតំបន់ និងអន្តរជាតិដទៃទៀត ជាពិសេស អង្គការសហប្រជាជាតិ ដែលនៅតែមានតួនាទីស្នូលនៅក្នុងប្រព័ន្ធពហុភាគី។ កិច្ចសហប្រតិបត្តិការអន្តរជាតិដែលកាន់តែរឹងមាំ អាចរួមចំណែកដល់ការកសាងសណ្តាប់ធ្នាប់អន្តរជាតិមួយ ដែលកាន់តែមានបរិយាបន្ន មានភាពជាតំណាងសមស្រប មានសមធម៌ និងភាពធន់។
កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុម័ត «សេចក្តីថ្លែងការណ៍ទីក្រុងបាគូ នៃកិច្ចប្រជុំកំពូល CICA លើកទី៧» និង «សេចក្តីថ្លែងការណ៍ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុវត្ថិភាព និងសុខភាពការងារ»។
- ឯកឧត្តម លោកជំទាវ លោក លោកស្រី!
ជាទីបញ្ចប់ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិក CICA ទាំងអស់ ដើម្បីសម្រេចឱ្យបានពេញលេញនូវសក្ដានុពលរបស់សន្និសីទយើង និងដើម្បីជំរុញឱ្យអាស៊ីកាន់តែមានសន្តិភាព ភាពធន់ បរិយាបន្ន និងវិបុលភាព។ នៅក្នុងពេលវេលាដែលទំនុកចិត្តកាន់តែមានភាពផុយស្រួយ CICA បានពង្រឹងការប្តេជ្ញាចិត្តរបស់យើង ក្នុងការបន្តកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយទាត់ចោលនូវការប្រឈមនូវការប្រឈមមុខដាក់គ្នា ការបែកបាក់ និងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង។
ដូច្នេះ យើងត្រូវបន្តរួមគ្នាផ្សារភ្ជាប់ភាពខុសគ្នារបស់យើងតាមរយៈកិច្ចសន្ទនា ការពង្រឹងទំនុកចិត្តទៅវិញទៅមកតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង និងត្រូវគោរពខ្ជាប់ខ្ជួននូវច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះរួមនៃទំនាក់ទំនងរវាងប្រជាជាតិ។
សូមអរគុណ ឯកឧត្តមប្រធាន!

