– ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
– គណៈធិបតី ភ្ញៀវកិត្តិយសជាតិ លោកគ្រូអ្នកគ្រូ សិស្ស និស្សិត
– អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាទឹកដីដ៏ស្រស់ត្រកាល ប្រកបដោយព្រៃភ្នំជ្រលងគិរីបុព្វតា, វប្បធម៌ដ៏សម្បូរបែប ជាពិសេស ជាចំណុចប្រសព្វនៃទន្លេ មេគង្គ សេកុង សេសាន និងស្រែពក នាពេលនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
អម្បាញ់មិញ ភ្ញាក់ដែរ (ត្បិត)បានឈ្មោះថ្មីគឺ “សប្បុរសជនលាក់មុខ”។ ដល់ពេលបង្ហើបមកចេញមួយឈុតធំតែម្ដង នៅមុខមនុស្ស ៥០០០នាក់។ អរគុណ។ អម្បាញ់មិញ ក៏បានជួបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួមនៅទីនេះ ហើយគរុសិស្សនៅសាលាភូមិភាគសុខាភិបាល និងមានឆ្មបច្រើន។ ត្រូវហើយខេត្តនៅភូមិភាគឦសាននេះ ត្រូវការកូនឱ្យកាន់តែច្រើន ព្រោះយើងមានគម្លាតជាមួយអ្នកខេត្ត/ក្រុងផ្សេងៗទៀត។ យើងនៅតិច ហើយដីធំ។ អញ្ចឹង យើងត្រូវការ(កំណើនប្រជាពលរដ្ឋ)។ បានជួបជាមួយក្មួយៗ(សិស្សានុសិស្ស) ដែលអម្បាញ់មិញមានម្នាក់ទើបប្រឡងបាក់ឌុប្លិ៍រួច។ សូមអបអរសាទរដែលបានបញ្ចប់ការប្រឡងពីរថ្ងៃ។ ខ្ញុំតាមមើលហ្វេសប៊ុកដែរ។ (មានរឿង)ប្លែកៗ។ ឃើញគេដាក់ក្មេងម្នាក់ស្ពាយកាតាបទៅរៀន។ គេថា «នេះហើយលទ្ធផលដែលមួយអាទិត្យទៅរៀនតែមួយថ្ងៃ»។ ក្មួយហ្នឹង អត់ប្រឡងទេ ប៉ុន្តែប្រហែលមួយអាទិត្យទៅរៀនតែមួយថ្ងៃ។ ដល់តែទៅដល់(សាលា ក៏)ឆ្ងល់(ថា) ចុះហេតុដូចម្តេច(ក៏មាន)មនុស្សច្រើននៅសាលា? ឯចំពោះសិស្សប្រឡងវិញ ឃើញសាលាខ្លះមានរូបអ្នកតា(ដែលមាន)សុទ្ធតែរបស់សែន។ មានចំណាត់ថ្នាក់ទៀតថា សែនផ្លែប៉ោមសុំនិទ្ទេសA សែនផ្លែចេកសុំនិទ្ទេសB។ ប្លែក។ ជំនាន់ខ្ញុំ គេថា «យកសៀវភៅទៅស្ងោរទឹកបី យកទឹកមួយផឹក»។ ថ្ងៃមុន ខ្ញុំឃើញក្មួយម្នាក់គាត់សមាធិ ដាក់សៀវភៅនៅនឹងមុខ។ សមាធិហើយយកសៀវភៅទៅវាយក្បាល។ ខ្ញុំថា “សម័យនេះ គេដោនឡូដ (Download) ខ្លាំងជាងកុំព្យូទ័រទៀត។ (យកសៀវភៅ)វាយ(ក្បាល) អក្សរហ្នឹងវារត់ចូលក្នុងខួរក្បាល។
(១) ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដំណើរការបានល្អ
ទោះជាយ៉ាងណា ការដឹកនាំអនុវត្តការប្រឡងនេះបាន(ដំណើរការយ៉ាង)ល្អ។ ខ្ញុំសូមកោតសរសើរដល់ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដែលបានផ្តួចផ្តើមនិងរៀបចំកិច្ចការនេះ ក៏ដូចជាដល់ការចូលរួមអនុវត្តពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសលោក/អ្នកគ្រូនៅគ្រប់កន្លែងទាំងអស់ ក្នុងការដឹកនាំនិងរៀបចំ រួមទាំងការធានានូវស្ថិរភាព សន្តិសុខ បរិស្ថានសម្រាប់ក្មួយៗ បានប្រឡងនៅទូទាំងប្រទេស។ សូមអរគុណចំពោះក្មួយៗ និងឪពុកម្តាយដែលបានជំរុញលើកទឹកចិត្ត ជាពិសេសអ្នកដែលទៅប្រឡងនៅឆ្ងាយ។ ឃើញម្តាយឪពុកវេចបាយទៅ អង្គុយបក់ផ្លិតឱ្យកូន បាំងឆត្រឱ្យ។ (នេះជាការ)បង្ហាញទឹកចិត្តឪពុកម្តាយដែលចង់ឃើញកូនជោគជ័យ។ កូនក៏ចង់ជោគជ័យតាមរយៈការខិតខំប្រឹងប្រែង។ មានអ្នកខ្លះសែនផងអីផង។ កាលពីជំនាន់ខ្ញុំក៏អញ្ចឹងដែរ។ ជិតប្រឡងនាំគ្នាទៅរកគ្រូទាយ។ គ្រូទាយថា «ចៅឯងជាប់ហើយតែចៅឯងរៀនផង»។ គ្រូទាយក៏គាត់ឆ្លាត។ គាត់ចងជើង។ (គាត់)ថាចៅឯងជាប់ តែចៅឯងត្រូវរៀនផង។ ដូច្នេះ បើប្រែជាមិនជាប់ ក៏មិនអាចបន្ទោសគាត់(បានទេ) ព្រោះគាត់បានដាក់លក្ខខណ្ឌ។ (តើខ្លួនយើង)មានរៀនអត់? អញ្ចឹង វានៅតែខ្លួនឯងទេ។ ការបន់ព្រះជួយ គ្រូទាយថាម៉េចក៏ដោយ ប៉ុន្តែនៅតែការខិតខំប្រឹងប្រែង(ផ្ទាល់ខ្លួន)។
[ចប់សេចក្ដីអធិប្បាយ១]
ផ្អែកតាមរបាយការណ៍ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, សមិទ្ធផលនានាដែលត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ រួមមាន ទីលានតេជោ-ធិបតី និងវេទិកានាគជ័យ, សួនបវរធិបតី, សួនសុវណ្ណភូមិ, និងសួនស្វាគមន៍រូបម្នាស់ទឹកឃ្មុំ ប្រកបដោយ គុណភាពរឹងមាំ, រចនាបថស្រស់ស្អាត និងសោភណភាពស្រស់បំព្រង ដែលនឹងចូលរួមលើកកម្ពស់សោភណភាពទីក្រុង, បង្កើនភាពទាក់ទាញសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ, និងបង្កើតទីកន្លែងសម្រាប់កម្សាន្ត សម្រាកលំហែ និងជួបជុំរបស់សាធារណជន។
ក្នុងន័យនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាជិតស្និទ្ធ ស្របតាមស្មារតី «រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ» ក្នុងការការពារសុខសន្តិភាព, ធានាស្ថិរភាពនយោបាយ, ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ, ព្រមទាំងបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងថែទាំសុខដុមជាតិពន្ធុ ក្នុងខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះ, ខ្ញុំក៏សូមសម្តែងនូវអំណរសាទរជាមួយលោកតា លោកយាយ អ៊ំពូមីង បងប្អូនប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ចំពោះសមិទ្ធផលថ្មីទាំងនេះ ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈ ការបង្កើតកាលានុវត្តភាពសេដ្ឋកិច្ច, ការទាក់ទាញវិនិយោគ ទាំងក្នុងស្រុក និងពីបរទេស, ការបង្កើតឱកាសការងារ និងកាត់បន្ថយចំណាកស្រុក និងការលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២) ប្រកួតប្រជែងរៀបចំទីលានសាធារណៈសំរាប់ពលរដ្ឋក្នុងខេត្ត/ក្រុងដែលជាធនធាននៅមូលដ្ឋាន
ក្នុងអាណត្តិកន្លងទៅ ជាពិសេសអាណត្តិនេះ ខ្ញុំឃើញថាតាមបណ្តាខេត្តជាច្រើននៅទូទាំងប្រទេស បានផ្តោតលើការកសាង(សមិទ្ធផលក្នុងខេត្តក្រុងរៀងខ្លួន)។ ខ្ញុំគិតថាការប្រកួតប្រជែងរៀបចំទីលានសម្រាប់សាធារណៈ ជាការល្អ (ទី១)សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត នៅក្នុងក្រុង។ យើងចាប់ផ្តើមពីខេត្ត ហើយទៅថ្ងៃក្រោយអាចឈានទៅដល់ស្រុក ទៅដល់ទីផ្សេងៗ ព្រោះ(សង្គម)ត្រូវការសុខុមាលភាព។ ការរៀបចំឱ្យល្អដើម្បីទាក់ទាញទេសចរពីក្រៅជារឿងមួយ ប៉ុន្តែជាអាទិភាពគួរតែផ្តោត(លើការរៀបចំ)សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន។ យើង(ខិតខំ)ទៅហៅអ្នកពីខាងក្រៅ។ អ្នកពីខាងក្រៅមក គេមកទាល់តែកន្លែងហ្នឹងជាកន្លែងដែលមានមនុស្សអ៊ូអរ។ មនុស្សអ៊ូអរមុនគេគឺប្រជាជនមូលដ្ឋានហ្នឹងឯង។
ទីពីរ, អ្នកដែលនៅមូលដ្ឋាន គឺជាធនធានរបស់ខេត្ត។ ដើរចូលមកអម្បាញ់មិញ បានសួរអ្នកគ្រូ(ម្នាក់)ថា ដែលគេរៀបចំអញ្ចេះហើយ តើកន្លែងហ្នឹងមានសកម្មភាពអីទេ។ គាត់ថា «ល្ងាចឡើង មនុស្សមករាំពេញកន្លែងហ្នឹង»។ ឥឡូវ មិនមែនរាំធម្មតាទេ។ គេរាំហ្នឹង(បែប)ហាត់កីឡា។ ហាត់កីឡាគោកពិបាក។ អញ្ចឹងដាក់ម៉ាញ៉េមួយគឺ(រាំហាត់ប្រាណ)។ ឃើញតាមហ្វេសប៊ុក កន្លែងខ្លះ ដូចនៅ Walk Street អីហ្នឹងរាំវង់។ ចំណេញទាំងពីរ។ កីឡាផង រៀនរាំបទប្រពៃណីថែមទៀត។ មានគ្រូបង្ហាត់។ បើក្មេងៗ គេមានក្បាច់ចូកកំពឹស ក្បាច់អន្ទង់អី។ ប៉ុន្តែវានៅតែជា(សកម្មភាពមានគោលដៅ)សុខុមាលភាព។ ចេញពីធ្វើការ ស្មុគនៅការិយាល័យមួយថ្ងៃពេញ ទៅដើរនៅសួនសាធារណៈ។
(៣) «សប្បុរសជនលាក់មុខ» ផ្តួចផ្តើមនិងប្រមូលអ្នកពាក់ព័ន្ធរៀនចំសួនសាធារណៈនៅស្ទឹងត្រែង
ខ្ញុំសូមធ្វើការកោតសរសើរចំពោះអភិបាលខេត្ត ឯកឧត្តម សរ សុពុត្រា ក៏ដូចជាមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ដែលកសាងកន្លែងនេះ។ កាលនៅទ័ពជើងគោក ខ្ញុំឧស្សាហ៍បានមកខេត្តនេះ ព្រោះមកភូមិភាគ១ ជាពិសេសក្នុងដំណាក់កាលរៀបចំកងពល១២៨។ មកកាលហ្នឹង មានហាងមួយកន្លែងនោះដែលមានត្រីប៉ាសេអ៊ីឆ្ងាញ់។ ខ្ញុំចូលហាងនៅកន្លែងហ្នឹងនិងនៅមុខផ្សារ។ ជិះមកក៏ឃើញស័ង្កសីបិទនៅការ៉ាស់សាំងហ្នឹង ហើយមួយជួរហ្នឹងទៅ។ ខ្ញុំ(ក៏សួរឯកឧត្តមអភិបាលខេត្ត)ថា ហ្នឹងគេបម្រុងធ្វើអី? បម្រុងធ្វើជាសួនសាធារណៈឬមួយអី? ពេលឯកឧត្តម សរ សុពុត្រា ឡើងមកជាអភិបាលខេត្តនេះ ក៏បានចូលទៅរាយការណ៍ឱ្យខ្ញុំរឿងការងារទូទៅ។ ខ្ញុំសួរអំពីកន្លែងហ្នឹង។ (គាត់)ថាកន្លែងហ្នឹងនៅដោះស្រាយមិនទាន់ចេញរឿងដី។ ដីមួយគឺពាក់ព័ន្ធជាមួយនឹងការ៉ាស់សាំង។ ក្រៅពីហ្នឹងគឺដីបម្រុងអភិវឌ្ឍ។ ខ្ញុំថា ទៅអភិវឌ្ឍអីកណ្តាលថ្នល់? កន្លែងហ្នឹងគួររៀបចំជាសួនសាធារណៈទៅ ទុកឱ្យប្រជាពលរដ្ឋព្រោះនៅជិតផ្សារផង។ ស្ទឹងត្រែងប្រមូលផ្តុំកន្លែងហ្នឹងធំ។ ជាមជ្ឈមណ្ឌលកណ្តាលហ្នឹងគួរតែរៀបចំជាកន្លែងសាធារណៈ ដូចនៅភ្នំពេញ នៅវិមានឯករាជ្យអញ្ចឹង។ ដូច្នឹងក៏បានផ្តួចផ្តើមនិងហៅអ្នកពាក់ព័ន្ធទាំងអស់មកសម្របសម្រួលគ្នា។ ដោយហេតុហ្នឹងហើយទើបបានជាគេហៅថា «សប្បុរសជនលាក់មុខ»ហ្នឹង។ ខ្ញុំថាធ្វើទៅ ហើយសម្របសម្រួលក៏បានចប់។
(៤) សួនសាធារណៈនៅស្ទឹងត្រែងអាចរៀបចំបានកម្មវិធីធំៗ
អរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យឯកជនផងដែរ ដែលបានចូលរួមជួយកសាងកន្លែងនេះ ដោយចាត់ចែងធ្វើតែក្នុងរយៈពេល ២៤ខែ។ ធ្វើ(លឿន)ខ្លាំង។ ខ្ញុំសួរអភិបាលខេត្តអម្បាញ់មិញថាស្រក ១៧គីឡូ។ ខ្ញុំថា រឿងមានតែពីរទេ ដែលអាវរលុង ឬមួយស្រកគីឡូ ឬមួយកាត់អាវថ្មីដែលធំជាងមុន។ គាត់ថា អាវនៅដដែលទេ តែស្រក ១៧គីឡូ។ (ការកសាងសមិទ្ធផលក្នុងខេត្ត)នេះជាកិច្ចការដែលត្រូវយកចិត្តទុកដាក់។ សូមអរគុណចំពោះការគិតគូរនេះ។ សួនសុខុមាលភាពរបស់ប្រជាពលរដ្ឋជាកន្លែងប្រមូលផ្តុំ។ កន្លែងនេះ អាចរៀបចំកម្មវិធី(ដែលមានវត្តមានចូលរួម)ចូលរាប់ពាន់នាក់ អាចដល់មួយម៉ឺននាក់ដូចថ្ងៃនេះបាន ព្រោះទីលាននៅសល់ពាក់កណ្ដាលទៀត។ (អាចរៀបចំ)កម្មវិធីធំ ឬមួយ concert ធំៗ នៅហ្នឹង។ World Cup ក៏ដាក់បញ្ចាំងស្លាយបាន។ រៀបចំបានកម្មវិធីធំៗ នៅកន្លែងនេះសម្រាប់ប្រជាពលរដ្ឋ។ ល្ងាចៗ មន្រ្តីសាលាខេត្ត ចេញមកដើរលេងនៅទីនេះមួយជុំ ហើយចាំទៅផ្ទះ។ បើខាងប្រុសៗ check in នៅមុខហ្នឹង ព្រោះប្រពន្ធថា យប់ម៉េះបានដល់ផ្ទះ? ថា ជាប់នៅដើរ(នេះ)។ បើចង់ដឹងសួរខេត្តមើលទៅ។ អភិបាលនៅទីនេះជាសាក្សី។
(៥) ខេត្តព្រះវិហារនឹងមានសួនសាធារណៈ៦ហិកតា បឹងកន្សែងខេត្តរតនៈគិរីស្អាត ក្រចេះមានមាត់ទន្លេ
ល្ងាចមិញនេះ ឯកឧត្ដម គឹម រិទ្ធី (អភិបាលខេត្តព្រះវិហារ) បានទៅរាយការណ៍រឿងរៀបចំសួនសាធារណៈនៅខេត្តព្រះវិហារ។ ខេត្តមានដីដល់ទៅ ៦ហិកតា មានស្រះធំបម្រុងស្ដារនិងធ្វើផ្លូវសម្រាប់ប្រជាពលរដ្ឋរត់។ ខ្ញុំថាបែបនេះជាការល្អ។ ទេសចរមកពីក្រៅជារឿងមួយ តែកុំភ្លេចអ្នកនៅក្នុងក្រុង។ រៀបចំបែបនេះវាត្រូវនឹងប្រជាពលរដ្ឋយើង ហើយក៏វាចូលទៅក្នុងការរៀបចំក្រុង/ស្រុក/ខេត្តឲ្យបានល្អ។ ឯកឧត្ដម ញ៉ែម សំអឿន(អភិបាលខេត្តរតនគិរី)ក៏មក។ ខ្ញុំមិនទាន់បានទៅមើល(បឹងកន្សែង)ទេ។ តែល្ងាចមិញ ឃើញវីដេអូមួយបង្ហោះអំពីបឹងកន្សែង។ ស្អាត។ ខ្ញុំមិនទាន់បានទៅ បានត្រឹមតែគេប្រាប់។ ដំបូងស្មានតែ AI ព្រោះវាស្អាតពេក។ ដល់តែ zoom មើល ដូចជាមនុស្សមែនទែនទេតើ។ កាលពីខ្ញុំទៅចុងក្រោយនោះ មិនទាន់បានធ្វើអីទេ។ មានហាងមួយនៅលើទួលបន្តិច មើលមកបឹងហ្នឹង។ បឹងហ្នឹងមានកោះមួយអណ្ដែត។ ឥឡូវបានរៀបចំជាសួននិងស្ដារ នេះគឺជាការល្អ។ នៅក្រចេះ ដូចជានៅមាត់ទន្លេអីអញ្ចឹងទៅ … ខ្ញុំថាប្រកួតគ្នារៀបចំសោភ័ណភាពក្រុងបែបនេះ(ជាការល្អ)។ ក្រុងយើងមិនមែនប្រកួតត្រឹមក្នុងប្រទេសទេតែ(នៅចេញ)ទៅយកពានរង្វាន់ឯក្រៅប្រទេសទៀត ដូចរាជធានីភ្នំពេញនិងខេត្តមួយចំនួន បានទៅយកពានរង្វាន់ក្រុងស្អាតនៅក្រៅប្រទេស នៅអាស៊ានជាដើម។ បានន័យថាលំដាប់អន្តរជាតិ។ បើលំដាប់អន្តរជាតិបានន័យថា ប្រជាពលរដ្ឋនៅមូលដ្ឋានទទួលបាននូវសមិទ្ធផលមានផាសុកភាពនិងស្តង់ដារមួយដែលល្អ និងជាមោទនភាព។
(៦) កូនចៅអ្នកស្ទឹងត្រែងបានចូលរួមអន្តរាគមន៍ក្នុងបុព្វហេតុការពារទឹកដីទិសភូមិភាគ៤
ចំពោះការរៀបចំថ្ងៃនេះ ក៏សុំឆ្លៀតឱកាសថ្លែងអំណរគុណនិងដឹងគុណចំពោះកូនចៅអ្នកស្ទឹងត្រែង ដែលបានចូលរួមក្នុងបុព្វហេតុការពារទឹកដី។ ជាពិសេស កងពល១២៨ ឯកឧត្ដម មៀច សាមុត ទៅរាយការណ៍ឲ្យខ្ញុំរាល់ថ្ងៃទាក់ទងនឹងស្ថានភាព(បូរណភាពទឹកដី) ហើយក៏បានប្រយុទ្ធការពារទឹកដី ដោយចេញទៅអន្តរាគមន៍នៅទិសភូមិភាគ៤។ អម្បាញ់មិញ របាយការណ៍ក៏បានលើកអំពីការសោកស្ដាយដោយសារមានអ្នកពលីនិងរបួសមួយចំនួន ហើយ ១៨នាក់ដែលថៃចាប់ទៅគឺភាគច្រើនអ្នក១២៨។ យើងបានធ្វើការជិត៦ខែជាង ដើម្បីដោះត្រឡប់មកវិញ។ ពេលជួបជាមួយក្រុមគ្រួសារ ខ្ញុំបានអះអាងថា ដាច់ខាតយើងត្រូវតែទាមទាររហូតមកវិញបាន។ ទោះជាយ៉ាងណាក៏ដោយ សូមយកឱកាសនេះថ្លែងអំណរគុណនិងដឹងគុណដល់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថ ដែលបាននិងកំពុងឈរជើងការពារទឹកដីនៅទីនោះ នៅតាមភូមិភាគជាប់ព្រំដែនថៃ និងក៏ដូចជានៅតាមព្រំដែនផ្សេងៗ។
(៧) អរគុណអ្នកស្ទឹងត្រែងដែលជឿទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
មិនថាព្រំដែនជាមួយប្រទេសណាទេ យើងនៅតែរក្សាបានស្ថិរភាព សន្តិសុខ ហើយកងទ័ពនិងកងកម្លាំងប្រដាប់អាវុធ ក៏ចូលរួមដោះស្រាយព្រំដែនដោយសន្តិវិធី ចូលរួមគាំទ្រដល់ការបោះបង្គោលព្រំដែនរបស់គណៈកម្មាធិការនិងរដ្ឋលេខាធិការកិច្ចការព្រំដែន (ដែលមាន)ឯកឧត្ដម ឡាំ ជា ក៏មកទីនេះ។ យើងបានចរចាដើម្បីដោះស្រាយបោះបង្គោលបន្ថែម។ នៅខាងវៀតណាមក៏ដូចគ្នា។ ក៏មានខាងកងវិស្វកម្មដែលបាននិងកំពុងពុះពារប្រឈមឧបសគ្គ ត្បិតតាម(គន្លង)ផ្លូវសុទ្ធតែមីន ដើម្បីធ្វើផ្លូវតាមបណ្ដោយព្រំដែន។។ មួយគីឡូៗ ដោះមីនមិនតិច(គ្រាប់)ទេ ជាពិសេស កន្លែងខ្លះដែលរងការទម្លាក់គ្រាប់បែកច្រើននៅជំនាន់សង្រ្គាមវៀតណាម។ យើងពុះពារ(បំពេញភារកិច្ចតាមមុខនាទី)ក្នុងការកសាងនិងអភិវឌ្ឍប្រទេស។ ខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកស្ទឹងត្រែងដែលបានជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោដឹកនាំកសាង(ការពារ)ប្រទេសតាំងពី១៩៧៩ រហូតដល់ចប់អាណត្តិមុននេះ ហើយនៅបន្តដឹកនាំ ផ្តល់ការងារជាច្រើន(ដល់ប្រជាពលរដ្ឋ) ដែលបោះឆ្នោតគាំទ្រសមិទ្ធផលដ៏ច្រើនលើសលប់ និងផ្ដល់ការទុកចិត្ត ផ្ដល់ឱកាសឱ្យដឹកនាំបន្ត។
[ចប់សេចក្ដីអធិប្បាយ២]
ឈរលើមាគ៌ានេះ យើងបានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃតាមរយៈ «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទំាងប្រទេស ចាប់ពីចុងឆ្នាំ១៩៩៨ មក។ សន្តិភាព ជា «មូលដ្ឋានគ្រឹះសម្រាប់ប្រជាពលរដ្ឋដាក់ក្តីស្រមៃនិងរៀបចំអនាគតរបស់ខ្លួន» ហើយបានបើកទ្វារឱ្យខេត្តស្ទឹងត្រែង ដែលធ្លាប់ជាតំបន់រងគ្រោះដោយសារសង្គ្រាម ប្រែក្លាយជាតំបន់ប្រកបដោយស្ថិរភាព សុវត្ថិភាព និងឱកាសសម្រាប់ការអភិវឌ្ឍ តាមរយៈការស្តារ និងកសាងមូលធនមនុស្ស ការដាំដុះ និងបង្កបង្កើនផល ការទាក់ទាញវិនិយោគ ទាំងក្នុងស្រុក និងពីបរទេស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងមិនមែនរូបវន្ត។
ជាមួយសន្តិភាពពេញលេញ, និងការធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស, រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន រួមមាន៖ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ គឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្តាលប្រទេស។ ជាក់ស្តែង រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍមូលធនមនុស្ស តាមរយៈ ការកែលម្អសេវាសាធារណៈ ជាពិសេស សុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រឹងប្រែងពង្រីកការតភ្ជាប់ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ បណ្តាខេត្តជុំវិញ និងប្រទេសជិតខាង តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេស ផ្លូវជាតិ ស្ពាន និងបានពុះពារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈ ការលើកកម្ពស់វិស័យកសិកម្ម កសិ-ឧស្សាហហកម្ម ទេសចរណ៍ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន និងការទាក់ទាញវិនិយោគ តាមរយៈ ការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(៨) ប៉ូលសេដ្ឋកិច្ចឦសាន មានសក្ដានុពលកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍
អម្បាញ់មិញ ខ្ញុំបានលើកថា ខេត្តនៅទិសឦសាននេះជាប៉ូលសេដ្ឋកិច្ច (តែបើ)ប្រៀបធៀបនឹងប៉ូលសេដ្ឋកិច្ចផ្សេងទៀត ដូចជាប៉ូលសេដ្ឋកិច្ចភ្នំពេញ សៀមរាប ព្រះសីហនុ យើងនៅមានកម្រិត។ កត្តាមួយចំនួនដែលមិនអាចប្រៀបធៀបបានជាមួយសក្ដានុពលរបស់ប៉ូលសេដ្ឋកិច្ចផ្សេង មានដូចជា ចម្ងាយឆ្ងាយពីទីប្រជុំជន ពីសមុទ្រ ពីមជ្ឈមណ្ឌលធ្វើដំណើរទាំងផ្លូវអាកាសនិងផ្លូវទឹក និងមានប្រជាជនតិច។ ប៉ុន្តែ ខេត្តនៅទិសឦសាននេះ ក៏មានសក្ដានុពលដែលខេត្តមួយចំនួន និងតំបន់ផ្សេងៗ មិនមាន។ ឧ. សក្ដានុពលកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍។ អ្វីដែលសំខាន់ គឺយើងត្រូវមើលអ្វីដែលយើងមាន ហើយព្យាយាមទាញយកផលដើម្បីអភិវឌ្ឍនៅកន្លែងនេះ។ កត្តាដែលយើងអាចធ្វើបាន (ជាដំបូងបង្អស់)គឺធានាបរិស្ថាន ស្ថិរភាព សន្តិសុខ សន្តិភាព។ យើងអាចនិយាយជាអាទិភាពធំបំផុតគឺសន្តិភាព។ ត្បិតថា តែ(កាលណា)អត់មានសន្តិភាពហើយ វាក៏គ្មានទេសន្តិសុខនិងស្ថិរភាព។ តែវាយគ្នាហើយ គ្មានទេពាក្យថាសន្តិសុខសណ្ដាប់ធ្នាប់។ មនុស្សរវល់តែរត់គេចគ្រាប់ (បើក)ការចំណាយលើការប្រយុទ្ធ។
(៩) កុំឱ្យបណ្តាខេត្តនៅភូមិភាគឦសាន ក្លាយជាតំបន់ឆ្លងកាត់នៃឧក្រិដ្ឋកម្ម ពាក់ព័ន្ធជាមួយសេដ្ឋកិច្ចខ្មៅ
ការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះគឺដើម្បីបញ្ចប់សង្រ្គាម ដែលទីនេះក៏(ធ្លាប់)ជាកន្លែងដែលមានពាក់ព័ន្ធដល់សង្រ្គាម ទាំងសង្រ្គាមផ្ទៃក្នុងនិងជំនាន់សង្រ្គាមវៀតណាម។ ខេត្តនៅខាងទិសឦសាននេះ បានរងនូវការប៉ះពាល់ តែក៏បានបញ្ចប់ដោយនយោបាយឈ្នះ-ឈ្នះ។ យើងធានាបានបរិស្ថានមួយដែល(ខ្មែរនិងខ្មែរ)ឈប់វាយគ្នា អាចប្រមូលផ្ដុំកម្លាំងកសាងនិងពង្រឹងវិនិយោគទៅលើការអប់រំ បណ្ដុះបណ្ដាល សុខាភិបាល និងវិស័យផ្សេងៗ ទាក់ទាញវិនិយោគយកមកក្នុងប្រទេស។ យើងអាចចាត់ទុកខេត្តស្ទឹងត្រែងនេះថាជាខេត្តអាទិភាពមួយក្នុងកិច្ចការសន្តិសុខ។ ខ្ញុំសូមកោតសរសើររដ្ឋបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត រាជអាវុធហត្ថខេត្ត ក៏ដូចជាតំបន់ប្រតិបត្តិការសឹករងខេត្ត ដែលចូលរួមក្នុងការថែរក្សាសន្តិសុខ។ កន្លែងនេះជាតំបន់ឆ្លងកាត់ធំនៃឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួន ទាក់ទងនឹងប្រទេសឡាវនិងប្រទេសមួយចំនួន ដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រង។ កន្លងទៅ មានការចាប់និងបំផ្លាញសកម្មភាពខុសច្បាប់ឆ្លងដែន រត់ពន្ធគ្រឿងញៀនឆ្លងដែន ចូលពីប្រទេសផ្សេងមក។ ការទប់ទល់នេះគឺជាកិច្ចការសំខាន់ ដែលខ្ញុំសុំឲ្យអាជ្ញាធរខេត្ត គ្រប់សមត្ថកិច្ចរបស់ខេត្ត បន្តកិច្ចការនេះដោយយកចិត្តទុកដាក់ ធ្វើឱ្យខេត្តរបស់យើងមិនមានការពាក់ព័ន្ធជាមួយគ្រោះថ្នាក់ និយាយរួមគឺសេដ្ឋកិច្ចខ្មៅមកក្នុងខេត្តឱ្យសោះ។
(១០) គ្មានសង្គ្រាម ធានាសន្តិសុខ ស្ថិរភាពនិងសុវត្ថិភាព ក៏ត្រូវមានគោលនយោបាយអភិវឌ្ឍត្រឹមត្រូវ
(ដោយសារជាខេត្តដែលនៅឆ្ងាយ)វាអាចជាបញ្ហាសម្រាប់មុខរបរខ្លះ ប៉ុន្តែវាក៏អាចជាអំណោយផលដល់មុខរបរដែលមិនចង់ឱ្យគេឃើញ មុខរបរដែលអាចប៉ះពាល់ទៅដល់សន្តិសុខសង្គម។ ត្រូវតែរួមគ្នាទប់ស្កាត់ទប់ទល់ក្រុមបណ្តាញឧក្រិដ្ឋកម្ម មិនថានៅក្នុងខេត្ត ឆ្លងខេត្ត ឬមួយឆ្លងប្រទេស ដោយអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់។ នេះគឺជាបរិស្ថានមួយដែលយើងចង់ធានា។ បើសិនជាខេត្តមានឈ្មោះប្រឡាក់ប្រឡូសហើយ គឺពិបាកលាងណាស់។ (ប្រៀបដូចថា)ឡានបើកកាត់មួយភ្លែត ភក់ខ្ទាតមកប្រឡាក់ ក៏ត្រូវការពេលវេលាដើម្បីបោសសម្អាតវា។ អញ្ចឹង កុំឱ្យវាប្រឡាក់ កុំដើរជិតភក់ កុំយកភក់មកដាក់ជាប់ខ្លួន ត្រូវថែរក្សាឱ្យបាន។ ទី១៖ (កត្តា)សង្គ្រាម។ ឥឡូវ បើយើងអត់មានសង្គ្រាមហើយ គឺ(យើងអាចធានា)រឿងសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ បើ(ប្រទេស)អសន្តិសុខ កន្លែងអសុវត្ថិភាព កេរ្ដិ៍ឈ្មោះមានបញ្ហា អត់មាននរណាមកទេ។ កុំថាហៅទេសចរមកលេង ឬមួយក៏វិនិយោគ សូម្បីតែអ្នកនៅក្នុងខេត្តក៏ពិបាករស់នៅដែរ។ នេះគឺជាបរិស្ថានដែលត្រូវការពារឱ្យបានដាច់ខាត។ ទី២៖ (កត្តា)គោលនយោបាយ។ បន្ទាប់ពីមានបរិស្ថានស្ថិរភាពហើយ បើអត់មានគោលនយោបាយត្រឹមត្រូវ ក៏មិនអាចអភិវឌ្ឍបានដែរ មិនថាកន្លែងហ្នឹងមានសក្តានុពលធម្មជាតិប៉ុណ្ណា ភូមិសាស្ត្រល្អយ៉ាងណានោះទេ។ បើគោលនយោបាយមិនត្រូវហើយ គឺមានបញ្ហាហើយ។
(១១) “សូមគិតថា នៅក្នុងតួនាទីជាអភិបាលខេត្ត តើខ្ញុំបានកសាងស្នាដៃអីខ្លះទុកឱ្យអ្នកខេត្តហ្នឹង”
ខ្ញុំចាំថាបានប្រាប់ ឯកឧត្តម សរ សុពុត្រា ពេលដែលបានទទួលតំណែងជាអភិបាលខេត្តថា “គោលការណ៍ធំមួយដែលបានទទួលការងារ សូមកុំគិតថា តើនៅក្នុងតួនាទីនេះ ខ្ញុំនឹងទទួលបាន/យកបានអីខ្លះ?”។ អត់ទេ។ ត្រូវគិតថា “នៅក្នុងការងារជាអភិបាលខេត្ត មិនថានៅប៉ុន្មានឆ្នាំទេ តើខ្ញុំបានកសាងស្នាដៃអីខ្លះបន្សល់ទុកឱ្យប្រជាជនអ្នកខេត្តហ្នឹង”។ នោះជាគោលដៅត្រឹមត្រូវ។ បើដាក់មកគ្រាន់តែបានតួនាទី គិតថា តើខ្ញុំនឹងបានផលស្អីខ្លះចូល(ជាប្រយោជន៍របស់)ខ្ញុំ តាមរយៈតួនាទីនោះ (គោលដៅ)ហ្នឹងចប់។ ត្រូវគិតថាតាមរយៈតួនាទីនេះ តើខ្ញុំអាចធ្វើអីខ្លះបន្សល់ទុកជូនប្រទេសជាតិជាភារកិច្ចស្នូលនៅក្នុងការបម្រើជាតិ។ (សំរាប់)មន្ត្រីរាជការទាំងអស់ ពិសេសអ្នកដឹកនាំស្ថាប័ន គោលនយោបាយត្រូវជាគោលការណ៍ធំណាស់។ ការរៀបចំនៅកន្លែងនេះ បានប្រែក្លាយពីការវិនិយោគឯកជនមកជាកន្លែងសាធារណៈ។ យើងអាចចែកកន្លែងឯកជនវិនិយោគនៅក្នុងខេត្តទៅកន្លែងដែល(បានបែងចែកជា) Zone ដោយកន្លែងណាទុកឱ្យសាធារណៈនិងដែលឱ្យផ្នែកឯកជន។ រស់ទាំងអស់គ្នា។ ចែកគ្នារស់។ ឧ. ក្នុងនាមជាអភិបាលខេត្ត អាចប្រគល់កន្លែងនេះឱ្យវិស័យឯកជនធ្វើការអភិវឌ្ឍ ហើយ(ខេត្ត)ទៅអភិវឌ្ឍកន្លែងផ្សេង។ អញ្ចឹង ការសម្រេចជ្រើសរើស អត់មានខុសមានត្រូវទេ ប៉ុន្តែត្រូវគិតគូរយកអ្វីដែលយើង(ធ្វើទៅបានផលជូនប្រជាពលរដ្ឋ)។
(១២) មិនថាក្នុងកាលៈទេសៈណា ជីវិតនិងការកសាងជីវភាពរស់នៅរបស់ប្រជាជនជាគោល
ការដាក់(ចេញគោល)នយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាខេត្តគឺយកប្រទេសជាតិ និងប្រជាជនជាគោល មិនថាក្នុងកាលៈទេសៈណាទេ។ ការរំដោះប្រទេសពីឆ្នាំ១៩៧៩ ក៏ដើម្បីជីវិតប្រជាជន និងការកសាងជីវភាពរស់នៅរបស់ប្រជាជនជាគោលដែរ។ បើមិនអញ្ចឹងទេ អ្នកស្នេហាជាតិដែលកាលពីពេលនោះ … (មានកម្លាំង)តែជាងមួយម៉ឺននាក់ទេដែលនៅសល់ពីស្លាប់ រត់ទៅ(ជ្រកកោននៅ)វៀតណាម ជាជាងបកមកប្រឈមមុខជាមួយគ្រាប់កាំភ្លើងដើម្បីរំដោះប្រទេស។ យ៉ាងណាក្តី ពួកគាត់បានយកជីវិតមកប្តូរដើម្បីរំដោះប្រទេស។ កសាងប្រទេសពីបាតដៃទទេ។ ពីមួយជំនាន់ទៅមួយជំនាន់ រាជរដ្ឋាភិបាលខិតខំបន្តអភិវឌ្ឍ។ សម្រាប់គោលនយោបាយភូមិភាគឦសានដូចគ្នា។ ម្សិលមិញ ប្រជុំឆមាសជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។ ប្រធានគណៈប្រតិភូគណបក្សមួយបានរំលឹកអំពី CLV-DTA។ បើវិភាគទៅវាអត់មានអី(អោយបារម្ភទេ)ទេ (គឺគ្រាន់)តែជាគោលនយោបាយអភិវឌ្ឍមូលដ្ឋានប៉ុន្តែការផ្សព្វផ្សាយព័ត៌មានវាធ្វើឱ្យខូច បង្កើត(ការយល់ច្រឡំ)ថាជារឿងដែលកាត់ប្រទេសខ្មែរ ៤ខេត្តឱ្យគេ នាំឱ្យបាត់អធិបតេយ្យភាព។ សួរថា “តើអ្នកស្ទឹងត្រែងមានបាត់អធិបតេយ្យភាពឬនៅ”។ ខ្ញុំមិនចង់រំលឹករឿងនេះនោះទេ ប៉ុន្តែមូលហេតុដើមចោទ ហេតុអ្វីបានជាយើងមាន CLV-DTA? សម្តេចតេជោ លោកបានពន្យល់(ហើយថា) លោកជាអ្នកផ្តើមគំនិត (ដែល)មិនមែនចង់យកប្រទេសយើងទៅឱ្យគេទេ។
(១៣) ផែនការអភិវឌ្ឍ CLV-DTA គឺជប៉ុនជាអ្នកជួយរៀបចំ
ប៉ុន្តែ ចប់សង្គ្រាមនៅឆ្នាំ១៩៩៨ ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី (សុទ្ធតែជាខេត្តនៅឆ្ងាយ) … ថាក្រចេះទៅចុះជិតបន្តិច បានផ្លូវជាតិលេខ ៧ ពីកំពង់ចាមទៅ មិនសូវអី។ តែរតនគិរី មណ្ឌលគិរី ស្ទឹងត្រែងនេះ ដាច់ឆ្ងាយមែនទែន។ ពីមណ្ឌលគិរីទៅរតនគិរី ជិះឡាន(ដេកផ្លូវ)។ មិនមែនដូចសព្វថ្ងៃ មានផ្លូវជាតិ ៧៦ ទៅ(មកបានលឿននោះទេ)។ សូមឱ្យតែបើកបរដោយប្រុងប្រយ័ត្នតែប៉ុណ្ណឹង។ ពីស្នួលទៅមណ្ឌលគិរី ផ្លូវជាតិលេខ៧ មកស្ពាន២ ជាប់ស្ទឹងត្រែងគឺស្ពានសេកុងនិងស្ពានមេគង្គ។ ពីមុនអត់នៅដាច់ពីគ្នា។ ដើម្បីពន្លឿនការកសាងអភិវឌ្ឍតំបន់នេះ តើយើងត្រូវធ្វើអី ភ្ជាប់សរសៃឈាមសេដ្ឋកិច្ចកន្លែងណា ដើម្បីឱ្យតំបន់ហ្នឹងមានសហថាមពលនិងរីកចម្រើនលឿន។ ឆ្នាំ១៩៩៩ យើងអភិវឌ្ឍទូទាំងប្រទេស។ (ទោះបី)ភ្នំពេញមិនទាន់រីកខ្លាំង ខេត្តព្រះសីហនុ ខេត្តសៀមរាបមិនទាន់រីកខ្លាំង(ក្តី ក៏)គ្រប់កន្លែងមានការអភិវឌ្ឍ។ កាលពីពេលនោះ យើងក៏បានផ្តួចផ្តើមរៀបចំ(ការសហការអភិវឌ្ឍ ដោយ)មាន ១៣ខេត្ត(ពីប្រទេស៣) ដែល៤ខេត្តខាងកម្ពុជា, ៤ខេត្តពីឡាវ និង៥ខេត្តពីវៀតណាម ផ្គុំគ្នារៀបចំជាផែនការមេមួយអភិវឌ្ឍតំបន់។ ផែនការអភិវឌ្ឍតំបន់នេះ មិនមែនយើងសរសេរ ឬវៀតណាមសរសេរ ឬប្រទេសណាទេ គឺដៃគូអ្នកជួយ។ ខ្ញុំជួបជាមួយជំនាញការជប៉ុនដែលជាអ្នកជួយរៀបចំគម្រោងហ្នឹង។ គាត់ថាសោកស្តាយណាស់។ គាត់មកពន្យល់យើងថា (សូម)កម្ពុជា(កុំ)យល់ច្រឡំថាគម្រោងហ្នឹងជប៉ុនសរសេរសម្រាប់កាត់ប្រទេសឱ្យនរណាហើយបាត់អធិបតេយ្យភាព។ (ផ្ទុយទៅវិញ ជាគំរោង)ដើម្បីបង្កើតសហថាមពលប្រទេសទាំង៣ តំបន់ដែលនៅដាច់ស្រយាលដូចគ្នា អោយតភ្ជាប់គ្នាដើម្បីរីក(ចំរើន)។ ខ្ញុំបានប្រាប់គាត់ថា “រាជរដ្ឋាភិបាលកម្ពុជា មិនមានការយល់ច្រឡំទេ។ ដឹកនាំដោយសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ផ្តួចផ្តើមគំនិត ហើយយើងបានធ្វើរាប់ឆ្នាំ ដោយមានវិនិយោគច្រើនទៅហើយ។
(១៤) ទោះមិនមានក្របខណ្ឌអភិវឌ្ឍ CLV-DTA តំបន់ឦសាននៅតែស្ថិតក្នុងអាទិភាពនៃរាជរដ្ឋាភិបាល
ដែលយើងសម្រេចចិត្តដកខ្លួនចេញនៅឆ្នាំ២០២៤ មិនមែនដោយសារកម្មវិធីនេះខុសនោះទេ ប៉ុន្តែ(ក៏ក្នុងបំណង)កុំឱ្យនៅមានការមិនអស់ចិត្តពីប្រជាពលរដ្ឋថាកម្មវិធីយ៉ាងម៉េច? (លើការជាក់ស្តែង)កិច្ចសហប្រតិបត្តិការនៅតែមានទេ។ យើងមិនអាចកាត់ផ្តាច់កិច្ចសហប្រតិបត្តិការបានឡើយ។ ឥឡូវ យើងមានបញ្ហាជាមួយអ្នកជិតខាងនៅខាងលិចដោយសារសង្គ្រាម។ យើងកាត់ផ្តាច់(ទំនាក់ទំនង)មួយចំនួនតែក៏មិនទាន់ផ្តាច់អស់ដែរ។ បិទព្រំដែនគោក ទម្លាក់កម្រិតទូត ប៉ុន្តែប្រជាជនឆ្លងកាត់ ទំនិញតាមទឹកឬមួយក៏ស្អីៗ ព្រោះយើងមិនអាចលើកប្រទេសចេញ ហើយក៏មិនអាចបិទរបង ១លានឆ្នាំនោះទេ។ តាមបណ្តោយព្រំដែន ប្រជាជនដែលរស់នៅតាមព្រំដែនឆ្លងទៅមក។ ជួនកាលត្រូវទៅពេទ្យទៅទិញឥវ៉ាន់ខាងណោះមកខាងនេះ។ ខ្ញុំទៅកំពង់ស្រឡៅ២ កាលនោះសម្ពោធសាលាមួយ។ ឆ្លងតែទឹកទៅ គឺប្រទេសឡាវ។ អញ្ចឹង ពេលខ្លះជិះទូកទៅរៀន។ ចុះឡើងគឺប្រទាក់ក្រឡាភូមិសាស្ត្រនេះឯង។ អ្វីដែលសំខាន់គឺការអភិវឌ្ឍរបស់យើង។ ទោះមានឬមិនមានក្របខ័ណ្ឌសហប្រតិបត្តិការ CLV-DTA យើងមិនមែនបាត់អធិបតេយ្យភាពទេ។ ខ្ញុំនិយាយថា ទោះមានមិនមានការអភិវឌ្ឍ(ក្នុងក្របខ័ណ្ឌ CLV-DTA) ក៏តំបន់ឦសាននេះស្ថិតនៅក្នុងគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបាលដែរ។
(១៥) ចក្ខុវិស័យស្ពានទន្លេល្ពៅ និងផ្លូវលេខ ៧៨,៥ ឆ្ពោះទៅតំបន់កន្ទុយនាគ
ឯកឧត្តម សរ សុពុត្រា បានរាយការណ៍សង្ខេបសមិទ្ធផលធំៗមួយចំនួន ដែលយើងកសាងតាំងពីក្រោយឆ្នាំ១៩៧៩ មក ដោយគ្រាន់តែក្រោយសង្គ្រាម យើងចាប់ផ្តើមកសាងតាមដំណាក់កាលដែលយើងមានលទ្ធភាព។ ហេដ្ឋារចនាសម្ព័ន្ធនៅទីនេះ ផ្លូវតភ្ជាប់ខេត្តទាំង ៤ហ្នឹង យើងមានច្រើនរួចទៅហើយៗ កំពុងតែធ្វើបន្ថែមទៀត។ ឥឡូវ ផ្លូវជាតិលេខ៧ តភ្ជាប់ពីកំពង់ចាម មកក្រចេះ ឡើងមកដល់ស្ទឹងត្រែង បុកទៅត្រពាំងគ្រៀល តាមស្ពានសេកុង។ ឥឡូវ យើងចងភ្ជាប់ជាមួយឡាវដើម្បីថែមស្ពានមួយទៀតនៅ ទន្លេល្ពៅ (ដែល)កំពុងចរចា … ថ្ងៃក្រោយ យើងនឹងតភ្ជាប់។ គិតរឿងផ្លូវដែកអីទៀត។ ក្រសួងកសិកម្មបានចរចាជាមួយភាគីឡាវ ដើម្បីអាចដឹកទំនិញកសិផលទៅទីផ្សារចិន តាមផ្លូវគោកត្រង់កាត់ឡាវតែម្តង។ ថ្ងៃក្រោយ កសិ-ឧស្សាហកម្មនៅខេត្តឦសាននេះ មិនបាច់ដឹកទៅខេត្តព្រះសីហនុទេ។ ឡើងពីនេះទៅ(កាត់ឡាវ)តែម្តង។ ពីឡាវក៏ចុះមកវិញ។ មានការផ្លាស់ប្តូរទាំងទេសចរណ៍ទាំងអីផ្សេងៗ។ ការតភ្ជាប់ផ្លូវលេខ៧, ផ្លូវ៧៦ … យើងកំពុងដាក់ក្នុងគម្រោងរៀបចំផ្លូវ ៧៨,៥ ពីបានលុងទៅកន្ទុយនាគ។ កន្ទុយនាគជាតំបន់ដែលមិនទាន់មានអ្នកណាដែលទៅដល់ពីខាងដីយើងទេ។ កន្លែងចោតពេក។ ទាល់តែសុំចូលពីខាងវៀតណាមមកវិញ។ ខ្ញុំបានឲ្យគោលការណ៍ទៅឯកឧត្តម ខ្វាន់ ស៊ាម ពេលដែលយើងធ្វើផ្លូវព្រំដែនថា “ពូត្រូវពុះពារធ្វើឲ្យបាន មិនថាវ័ណ្ឌចំងាយណាទេ។ ត្រូវធ្វើឲ្យបាន ដើម្បីបានចូលពីដីខ្មែរដល់(តំបន់)កន្ទុយនាគ ឲ្យកូនខ្មែរបានចូលទៅមើលកន្លែងចុងប៉ូចមុំបីរវាងកម្ពុជា វៀតណាម ឡាវ ដោយមិនចាំបាច់ចូលទៅខាងវៀតណាម ឬប្រទេសណាទេ”។ ថែមផ្លូវ ៧៨,៥ ទៀត (បណ្តាញ)កាន់តែប្រទាក់ក្រឡាទៅទីនោះ។
(១៦) នឹងសម្ពោធផ្លូវខេត្ត ៣៧៧អា-ក្រចេះ ហើយតំបន់ឦសានមានសក្តានុពលថាមពលបៃតង
ផ្លូវប្រៀបបានសរសៃឈាម។ ទៅដល់ទីណាចិញ្ចឹមសរីរាង្គកន្លែងនោះ។ អញ្ចឹង គេថាមានផ្លូវមានសង្ឃឹម។ ពេលដែលផ្លូវទៅដល់កន្លែងណា ជីវភាពរស់នៅរបស់ប្រជាជន(កាន់តែប្រសើរ) ចាប់ផ្ដើមបង្កើតភូមិ សេដ្ឋកិច្ចកើតនៅកន្លែងហ្នុង រួមទាំងការពារទឹកដី។ ពីរអាទិត្យទៀត ខ្ញុំត្រូវទៅសម្ពោធផ្លូវបន្ថែមនៅក្រចេះ គឺផ្លូវ ៣៧៧A ជាផ្លូវក្នុងខេត្ត ប៉ុន្ដែវែងដែរ និងស្ពានមួយទៀតនៅព្រែកប្រសព្វដែលតភ្ជាប់ពីក្រចេះទៅកំពង់ចាម ដើម្បីឲ្យរីកចំរើននៅខាងហ្នុង។ យើងនៅបន្ដធ្វើ(ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ)តទៅទៀត។ ក្រៅពីសា្ពន យើងមាននៅទំនប់អូរតេមណ្ឌលគិរី យើងធ្វើវារីអគ្គិសនីនៅទីនេះ។ អញ្ចឹង មានការទាក់ទាញមួយចំនួន ដោយនៅជិតប្រភពដើមនៃវារីអគ្គិសនី។ យើងអាចនិយាយរឿងភ្លើងហ្នឹងដែរ។ ជាគោលការណ៍អនុគ្រោះមួយ ដែលអាចទាក់ទាញវិនិយោគដែរ។ ឥឡូវគេត្រូវការភ្លើងពីប្រភពស្អាតទៀត។ រឿងតំលៃមួយប៉ុន្ដែគេចង់បានភ្លើងពីប្រភពបៃតង ដែលហៅថា(ថាមពល)កកើតឡើងវិញពីខ្យល់ ទឹក សូឡា។ នៅប្រទេសខ្លះគាត់ចងថាបើក្រុមហ៊ុនហ្នឹងទិញផលិតផលពីក្រុមហ៊ុនប្រើប្រាស់ភ្លើងអគ្គិសនី គេឲ្យក្រេឌីត ឬឲ្យនាំចេញនាំចូលទៅស្រុកគេធូរ។ ថាមពលបៃតងនៅបណ្តាខេត្តតំបន់ឦសាន អាចជាការទាក់ទាញបែបនេះ។ យើងកំពុងសិក្សានៅទន្លេស្រែពក នៅមណ្ឌលគិរី ដោយគ្រោងធ្វើ(ការផលិតថាមពល)ដើរដោយខ្យល់។ ដោយហេតុនេះ ការវិនិយោគលើថាមពល ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ គឺសំខាន់នៅទីនេះ។
(១៧) គ្រោងផ្លូវក្រវាត់ ៤ខ្សែថ្មី ក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរី និងរតនគិរី ព្រមទាំងសំណង់សិល្បៈការ
ឆ្លៀតឱកាសនេះ ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងក្រៅប្រទេសដែលកន្លងទៅបានចូលរួមជាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដោយកន្លងទៅផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ដល់ម៉ោងនេះ ខ្ញុំបានឆែកជាមួយកងវិស្វកម្ម ដែលបានធ្វើចលនាមហាជនចូលរួមរយៈពេល ៦៦ថ្ងៃ មានប្រជាពលរដ្ឋនិងព្រះសង្ឃក្នុងនិងក្រៅប្រទេស ៧២ម៉ឺននាក់ និង១០៥អង្គ/នាក់ ដោយទទួលបានថវិកាជិត ២៧ លានដុល្លារ។ យើងគ្រោងធ្វើផ្លូវខ្សែក្រវាត់ថ្មី ៤ខ្សែ ក្នុងភូមិសាស្ដ្រខេត្តមណ្ឌលគិរីប្រវែង១៤៧,៤២ គីឡូម៉ែត្រ រតនគិរីប្រវែង ៩៧,៤៨គីឡូម៉ែត្រ ព្រមទាំងការកសាងសំណង់សិល្បៈការជាច្រើនកន្លែង។ មកដល់បច្ចុប្បន្ន លទ្ធផលការងារសំរេចបានជាង៩៥% ក្នុងនោះខេត្តមណ្ឌលគិរី សំរេចបាន១០០% ខណៈដែលខេត្តរតនគិរី ឈូសឆាយដល់គោលដៅរួចរាល់ ប៉ុន្ដែនៅបន្ដកែសំរួលនិងកសាងសំណង់សិល្បៈការ មានស្ពានជាដើម។ ខ្ញុំបានប្រាប់ទៅខាងវិស្វកម្មឲ្យធ្វើសិលាចារិកឱ្យធំ (ដាក់នៅ)កំណាត់ផ្លូវហ្នឹងថា “ផ្លូវត្រូវបានកសាងក្រោមមូលនិធិចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស” និងសូមអញ្ជើញប្រជាពលរដ្ឋមកមើលផ្លូវដែលខ្លួនបានចូលរួមកសាង។ អ្នកដែលមិនបានចូល(រួមក៏មកមើលបានដែរ ព្រោះ)ក៏ជាផ្លូវសំរាប់ប្រទេសជាតិរបស់យើងដែលកើតពីស្មារតីនៃការចូលរួមពីប្រជាពលរដ្ឋដែលព្រួយបារម្ភពីរឿងព្រំដែន។ ឥឡូវ បានចូលរួមតាមរយៈការកសាងនេះ អត់មានរឿងអីដែលថាគ្មានតម្លាភាពនោះទេ។ ខ្ញុំសូម update (ជូន)ប៉ុន្ដែការពិតមានផេករបស់គេ ដែលខ្ញុំថាត្រូវតែមានតម្លាភាព។ ទទួលបានថវិកាប៉ុន្មាន ត្រូវធ្វើសន្និសីទកាសែត ធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ខ្ញុំចង់ឲ្យឃើញថាជាស្នាដៃនៃការចូលរួមរបស់មហាគ្រួសារខ្មែរជួយអភិវឌ្ឍតំបន់ខេត្តទាំង៤ បូកជាមួយតំបន់ព្រំដែនរបស់យើង។
(១៨) ប្រជាពលរដ្ឋទូទាំងប្រទេសអាចដើរមើលការអភិវឌ្ឍក្នុងស្រុក តាមប្រព័ន្ធផ្លូវដែលបានតភ្ជាប់
នេះជារឿងដែលយើងនៅបន្ដធ្វើ។ យើងមានបញ្ហានៅព្រំដែនថៃក្នុងពេលបច្ចុប្បន្ន ដែលថាផ្លូវមួយចំនួនវាប៉ះពាល់ ដូចជាផ្លូវ៥៨ ប៉ុន្ដែដាច់ខាតយើងមិនអាចបោះចោលការគិតគូរនេះទេ។ ត្រូវតែបន្ដធ្វើ។ យើងចោលម្តេចកើត។ ត្រូវមានមនុស្សទៅនៅ។ រឿងកើតឡើងម្ដងម្កាលដោះស្រាយវាទៅ។ ប៉ុន្ដែត្រូវមានមនុស្ស មានការប្រើប្រាស់។ មិនថាកងកំលាំងប្រដាប់អាវុធ កងនគរបាល ដែលចល័តដើម្បីល្បាតការពារជាប្រចាំ។ ប្រជាពលរដ្ឋរស់នៅកសាងជីវភាព ជាពិសេស(វានឹងបាន)ជាមោទនភាពដែលថាកន្លែងច្រើនដែលពីមុនមកយើងមិនដែលទៅដល់ ប៉ុន្ដែទៅថ្ងៃក្រោយកូនចៅរបស់យើងនឹងទៅដល់។ ខ្ញុំសូមឲ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ដែលត្រូវធ្វើដំណើររកតំបន់ទេសចរណ៍(ដើរលេងក្នុងស្រុកព្រោះ) ក្នុងមួយឆ្នាំបងប្អូនខ្លះគាត់ទៅក្រៅច្រើន។ សូមធ្វើដំណើរនៅក្នុងប្រទេស ហើយធ្វើដំណើរតាមបណ្ដាខេត្តផ្សេងៗ តាមប្រព័ន្ធផ្លូវដែលយើងតភ្ជាប់។ កាលពីជំនាន់កូវីដ-១៩ អ្នកខ្លះអត់ដឹងថាកម្ពុជាអភិវឌ្ឍបានប៉ុណ្ណឹង។ កូវីដ-១៩ បិទជើងយន្ដហោះចេញទៅក្រៅមិនរួច ពួកគាត់នាំគ្នាមកលេងមណ្ឌលគិរី។ មណ្ឌលគិរីអស់ផ្ទះសំណាក់ ដោយសារមនុស្សមកច្រើន ក៏ទៅនៅអូតែលផ្កាយមួយពាន់។ ក្រាលកន្ទេលលើស្មៅមើលផ្កាយ ១ពាន់លើមេឃ។ កន្លែងខ្លះ គាត់មិនអាចនៅ ២យប់បាន អញ្ចឹងឲ្យតែមានផ្លូវគាត់បន្ដដំណើរ។ គាត់បើកកាត់មកដល់រតនគិរី តាមផ្លូវដល់ស្ទឹងត្រែង ឡើងស្ពានដល់ត្រពាំងក្រៀល ត្រឡប់មកវិញតាមស្ពានទន្លេមេគង្គ ទៅដល់ថឡាបរិវាត់ ដល់ព្រះវិហារ។ អ្នកខ្លះទៅព្រះវិហារ ពាក់ស្នែង កាត់ផ្លូវ៥៨ ទៅបន្ទាយមានជ័យ។ អញ្ចឹងការតភ្ជាប់គឺសំបូរបែប។
(១៩) មេសា២០២៥ ជំរុញវិនិយោគមកឦសាន ព្រោះមានហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន និងស្ថិរភាពល្អ
ទេសចរក្នុងស្រុកជាមូលដ្ឋានសំខាន់។ អាស្រ័យហេតុនេះ សូមកុំភ្លេចទេសចរនៅនឹងកន្លែង។ អ្នកនៅខេត្ត(មាន)កន្លែងស្អាត អ្នកនៅជុំវិញខេត្តតាមស្រុកមកលេង។ អ្នកនៅក្នុងប្រទេសក៏មានអ្នកតាមខេត្តនីមួយៗ មកលេង។ កន្លែងនេះមានការរៀបចំកន្លែងទេសចរណ៍ដែលមានសក្ដានុពល សុទ្ធតែអាចស្រូបទាញឲ្យគេមកស្គាល់។ មុនគេមកវិនិយោគ ឬមកធ្វើអី គេមកលេងមកមើលសិន។ ជួនកាលទាល់តែមានមនុស្សមកច្រើន ទើបគេចាប់ផ្ដើមធ្វើហេដ្ឋារចនាសម្ព័ន្ធ។ ខ្ញុំគិតថា ខេត្តស្ទឹងត្រែងឬខេត្តទាំងបួននេះ(នឹងបានផលរីកលូតលាស់ ដោយសាររាជរដ្ឋាភិបាលដាក់)គោលនយោបាយធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ការរៀបចំផ្សេងៗ… ហើយចរចាបើកច្រកផ្សេងៗ ជាមួយប្រទេសជិតខាងដើម្បីធ្វើតំបន់សេដ្ឋកិច្ចពិសេស ធ្វើពាណិជ្ជកម្មឲ្យបានស្រួល។ ថ្ងៃក្រោយរាល់ទំនិញឆ្លងកាត់ទៅវិញទៅមកកាន់តែស្រួលនិងបង្កើនភាពទាក់ទាញ។ ឆ្នាំទៅ ខ្ញុំបានប្រកាសមុននឹងផ្ទុះសង្គ្រាមជាមួយថៃ ដូចខែមេសា ឆ្នាំ២០២៥ ជំរុញការវិនិយោគនៅក្នុងខេត្តទាំង៤ នៅភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥ និង២០២៨ ដើម្បីជំរុញលើកទឹកចិត្តការវិនិយោគមកតំបន់នេះ ព្រោះមានហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ស្ថិរភាពល្អហើយ។ គោលនយោបាយរួមទាក់ទាញក៏មានច្រើន ប៉ុន្ដែដើម្បីសម្រួចការទាក់ទាញវិនិយោគមកខេត្តភូមិភាគឦសាន រាជរដ្ឋាភិបាលក៏បានចេញគោលការណ៍។
(២០) វិធាន៣ គាំទ្រនិងជំរុញការវិនិយោគនៅភូមិភាគឦសាន
កិច្ចការនេះ ខ្ញុំបានឲ្យ(ធ្វើការ)សាកល្បងមួយនៅខេត្តព្រះសីហនុ គឺកម្មវិធីជំរុញការស្ដារឡើងវិញនៅខេត្តព្រះសីហនុពីឆ្នាំ២០២៤ ដោយរៀបចំក្រុមការងារពិសេសតែម្ដង។ ការវិនិយោគមួយចំនួនត្រូវឆ្លងកាត់នីតិវិធី សុំទៅ CDC។ អញ្ចឹងទៅ ឥឡូវរៀបចំក្រុមការងារមួយមានយន្ដការអន្ដរក្រសួងនៅក្នុងហ្នឹង មានសិទ្ធិជំរុញសំរេចកម្រិតណាមួយ ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ពិនិត្យ ដើម្បីសំរួលដល់ការអនុវត្តគម្រោងវិនិយោគ។ អញ្ចឹង បើតាមរបាយការណ៍ដែលឆែកជាមួយឯកឧត្តម ហ៊ាន សាហ៊ីប មកដល់ពេលនេះ គិតត្រឹមខែ៧ កម្មវិធីដែលគ្របដណ្ដប់លើវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ យើងបានប្រើប្រាស់វិធានគាំទ្រនិងជំរុញការវិនិយោគចំនួន៣ គឺ ទី១ វិធានការផ្នែកពន្ធដារ និងពន្ធគយ ដោយអនុគ្រោះលើកទឹកចិត្តសំរាប់អ្នកវិនិយោគនៅកន្លែងនេះ ទី២ ការផ្ដល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់ទីផ្សារ បានន័យថាឲ្យខ្ចីលុយការប្រាក់ទាប ប៉ុន្ដែសំរាប់តែមកតំបន់នេះទេដើម្បីលើកទឹកចិត្ត ព្រោះនៅឆ្ងាយ និងតំលៃដឹកជញ្ជូនអីផ្សេងៗ … និងទី៣ ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម ការជួយសំរួលនីតិវិធីនិងគាំទ្រសកម្មភាពវិនិយោគ កុំឲ្យមាននីតិវិធីស្មុគស្មាញ កុំឲ្យឆ្លងច្រើនជាន់ ច្រើនក្រសួង ស្ថាប័ន។ ឱ្យគណៈកម្មការនេះសម្រេចតែម្ដង។ យើងបានបង្កើតក្រុមការងារដើម្បីធ្វើកិច្ចការនេះ។
(២១) ឦសានទទួលបានការស្នើសុំវិនិយោគ ៧២គម្រោង មានទុន ២,៧ពាន់លានដុល្លារ និងបង្កើតការងារជាង ៨ម៉ឺនកន្លែង
គោលនយោបាយនេះត្រូវបានដាក់ចេញ ហើយគិតត្រឹមថ្ងៃទី៧ សីហា ឆ្នាំ២០២៦ សម្រាប់ ៤ខេត្តនៅឦសាននេះ យើងទទួលបានការស្នើសុំវិនិយោគសរុប ៧២គម្រោង ក្នុងនោះ គម្រោងស្នើសុំចំនួន៥៧ បានពិនិត្យនិងបន្តនីតិវិធី។ ក្នុងចំនួន ៧២គម្រោងដែលបានដាក់នេះ ទុនវិនិយោគសរុបគឺ ២,៧ ប៊ីលានដុល្លារ (២,៧ ពាន់លាន)។ នៅពេលគម្រោងនេះអនុវត្តនៅខេត្តទាំង៤ នឹងបង្កើតការងារជាង ៨ម៉ឺនកន្លែង (ជិត ៨ម៉ឺន៣ពាន់នាក់)។ បើនិយាយពីទូទាំងប្រទេស នៅឆ្នាំ២០២៦ គិតត្រឹមថ្ងៃទី៧ សីហា គម្រោងវិនិយោគពីក្រៅមកមាន ២១៤គម្រោង គិតជាទឹកប្រាក់ជិត ៤ពាន់លានដុល្លារ និងបង្កើតការងារបាន ១៤០ពាន់កន្លែង។ បើតាមទិន្នន័យឆ្នាំ២០២៣, ២០២៤ និង២០២៥ “គម្រោងដែលចុះ ខុសពីគម្រោងដែលធ្វើ។ ចុះច្រើន ប្រយ័ត្នធ្វើតិច”។ ក្នុងរយៈពេល ៣ ឆ្នាំដែលធ្វើការចុះ(បញ្ជី)នេះ គម្រោងដែលចុះឈ្មោះដើម្បីសុំគោលការណ៍វិនិយោគក្លាយទៅជាការពិតមាន៩៥,៧៥%។ បានន័យថា ក្នុង ១០០គម្រោងដែលសុំគោលការណ៍វិនិយោគ ៩៥បានចាត់តាំងធ្វើ តែ៥គំរោងទេ ដែលមិនបានធ្វើ។
(២២) “កម្ពុជានៅតែមានភាពទាក់ទាញវិនិយោគ គោលនយោបាយនិងសក្ដានុពលនៅតែមានភាពប្រកួតប្រជែង …”
នេះគឺជាសមិទ្ធផលសំខាន់។ មានអ្នកថា “ប្រទេសយើងឮសូរតែសង្គ្រាម។ ប្រទេសយើងឮសូរតែ Scam ឮសូរតែអី។ អត់មានអ្នកណាមក”។ មិនដូច្នោះទេ។ កាលពីម្សិលមិញ ប្រជុំឧត្តមក្រុមប្រឹក្សា(ពិគ្រោះនិងផ្តល់យោបល់)ក៏មានប្រតិភូគណបក្សខ្លះយល់ថា៖ “អត់មានអ្នកណាមក”។ មិនដូច្នោះទេ។ រឿងតូចរឿងធំ យើងត្រូវទទួលដោះស្រាយ ប៉ុន្តែការវិនិយោគ(នៅតែមានការ)ទាក់ទាញ។ កម្ពុជា នៅតែមានភាពទាក់ទាញ។ គោលនយោបាយរបស់យើង ប្រជាពលរដ្ឋយើង សក្ដានុពលរបស់យើង នៅតែមានភាពប្រកួតប្រជែង ហើយយើងបន្តខិតខំដោះស្រាយបញ្ហាមួយចំនួនសម្រួលការវិនិយោគនិងទាក់ទាញបន្ថែមបង្កលក្ខណៈ វិនិយោគបន្ថែម ទាំងអ្នកវិនិយោគមកពីក្រៅ ទាំងការវិនិយោគក្នុងប្រទេស មិនថាតែខ្នាតតូច ខ្នាតមធ្យម ខ្នាតធំនោះទេ។ យើងនឹងខិតខំបន្តជួយដល់ធុរកិច្ចក្រៅប្រព័ន្ធ ដើម្បីធ្វើឱ្យកម្លាំងសេដ្ឋកិច្ចផ្ទៃក្នុងកើន។ យើងបានធ្វើនៅទូទាំងប្រទេស ហើយនៅខេត្តទិសឦសាននេះ រួមទាំងខេត្តស្ទឹងត្រែងយើងផង ឯកឧត្តម សរ សុពុត្រា ក៏បានរាយការណ៍ថា ខេត្តយើងបានទទួល ៩គម្រោង ហើយប្រឹងទាក់ទាញថែមទៀត។ ៩គម្រោង ស្រកអស់១៧គីឡូ។ ប្រសិនជាអស់ថែម១៧ ទៀត បាន ២០គម្រោង កាន់តែល្អ។
(២៣) ខេត្តភាគឦសាន ត្រូវពង្រឹងនីតិវិធីនិងសេវាផ្ទៃក្នុងប្រកួតប្រជែងទាញការវិនិយោគមកក្នុងប្រទេស
ការរៀបចំ ពង្រឹង នីតិវិធីផ្ទៃក្នុងនិងសេវាផ្ទៃក្នុងរបស់ខេត្តគឺជាកត្តាសំខាន់ ព្រោះយើងពង្រឹងក្នុងក្របខ័ណ្ឌជាតិដើម្បីប្រកួតប្រជែងជាមួយប្រទេសផ្សេង ទាញ(ការវិនិយោគ)មកក្នុងប្រទេស។ ការចូលមកក្នុងប្រទេសយើង គេត្រូវរើសរវាងទៅរាជធានី ឬទៅខេត្ត? បើទៅខេត្ត ទៅខេត្តណា? កត្តាហេដ្ឋារចនាសម្ព័ន្ធ រឿងភ្លើងជាដើម វាជារឿងមួយ ប៉ុន្តែសំខាន់ កត្តាសេវាផ្ទៃក្នុងខេត្តដែលថាបើមកកុំឱ្យគេពិបាក។ គ្រាន់តែថាទៅដល់ខេត្តស្ទឹងត្រែង គឺកុំព្រួយរឿងហ្នឹង។ ខេត្តមានក្រុមការងារទទួលជួយដូច VIP។ ឯកសារចាត់ចែងឱ្យលឿន គ្មានបញ្ហា ឱ្យអាជ្ញាបណ្ណយកទៅដោះស្រាយ។ គាត់ដោះស្រាយ អត់មានបញ្ហាដីធ្លី បញ្ហាអីផ្សេងៗ ហើយធ្វើប្រតិបត្តិការ អត់មានឈឺក្បាលរឿងអីទៀត មានរឿងអី ទៅជួបគាត់ ដោះស្រាយឱ្យបានភ្លាមៗ។ ហ្នឹងហើយ គឺជាភាពប្រកួតប្រជែង។ ថ្ងៃនេះក៏មានដែរ ខេត្តប៉ុន្មាននៅក្បែរគ្នានេះ។ ទន្ទឹមថា ខេត្តឦសានហ្នឹង ជាប្លុកមួយហើយដែលត្រូវរៀបចំប្រកួត ប៉ុន្តែខេត្តទាំង៤ ហ្នឹង ក៏ប្រកួតគ្នាដែរ តែប្រកួតគ្នាកុំប៉ែងជើងគ្នា … កុំប្រកួតគ្នា ដោយយកស្អីទៅគូស … ដើម្បីកុំឱ្យទាក់ទាញជាង ទៅគូសប្រឡាក់របស់គេនោះ។ អត់ទេ … ប្រកួតប្រជែងវិជ្ជមាន ហើយសេវាសាធារណៈ សេវាជួយទៅដល់អ្នកវិនិយោគទាំងក្រៅ ទាំងក្នុង ទាំងសេវា SME ស្អីផ្សេងៗ នេះ ដែលយើងត្រូវរៀបចំបង្កលក្ខណៈ …។
(២៤) ការចូលរួមកសាងប្រទេស ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការទាក់ទាញរបស់ខេត្ត នឹងស្ថិតស្ថេរក្នុងបេះដូងរបស់ប្រជាពលរដ្ឋគ្រប់ជំនាន់
យើងធ្វើកត្តាទាំងអស់នេះដើម្បីអី? គឺដើម្បីខេត្តយើងបានរីកចម្រើន ដើម្បីខេត្តបានដើរលឿន។ ខ្ញុំប្រាប់ ពុត្រា ថា៖ “នែ! ហ្នឹងហើយដែលយើងត្រូវធ្វើក្នុងជំនាន់យើង។ មិនថា ១អាណត្តិ មិនថា ២អាណត្តិ តែធ្វើម៉េចឱ្យរបស់អស់ហ្នឹងត្រូវបានបង្កើតជំនាន់អភិបាលខេត្តនេះ”។ យើងត្រូវគិតថា នេះជាអ្វីដែលយើងបានពីឱកាសក្នុងការបម្រើប្រជាជន ក្នុងការកាន់តួនាទីនេះ។ យើងមិននៅកន្លែងហ្នឹងមួយជីវិតទេ។ នរណាក៏មិនអាចនៅមួយជីវិតដែរ ប៉ុន្តែយើងបានចូលរួមក្នុងការកសាង ជាដំណាក់កាលវដ្តវិជ្ជមានកសាងប្រទេស។ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការទាក់ទាញរបស់ខេត្តដើម្បីប្រែប្រួលជាអ្វីដែលនឹងនៅស្ថិតស្ថេរ ក្នុងបេះដូងរបស់ប្រជាពលរដ្ឋ និងការចងចាំរបស់ប្រជាពលរដ្ឋគ្រប់ជំនាន់។ គេអាចចាំថា ក្នុងអភិបាលខេត្តទាំងអស់ មានតែអភិបាលខេត្តជំនាន់នេះទេមានលើស ១០០គីឡូ អភិបាលខេត្តធំ តែកុំឱ្យគេចាំតែអំពីមាឌ។ យើងជួយមិនមែនតែខេត្តទេ គឺក្នុងគ្រប់ស្ថាប័ន គ្រប់អង្គភាព គ្រប់ថ្នាក់ទាំងអស់ មិនថាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ។ ពេលដែលយើងនិវត្តន៍ទៅ ទោះបីជាយើងចប់ក៏ដោយ ក៏យើងអាចសប្បាយចិត្តថា យើងបានចូលរួមធ្វើនិងបន្សល់នូវអ្វីសំរាប់ប្រជាពលរដ្ឋ ហើយទុកឱ្យអ្នកមកក្រោយមានមូលដ្ឋានកាន់តែរឹងមាំតទៅទៀត សម្រាប់ខេត្តទាំងអស់គ្នា។ ការខិតខំកែសម្រួលនិងពង្រឹងសេវាសាធារណៈ ដើម្បីជួយពង្រឹងការភ្ជាប់ប្រទេស ថ្នាក់ជាតិខំដោយថ្នាក់ជាតិ ថ្នាក់ក្រោមជាតិខំដោយថ្នាក់ក្រោមជាតិ។ វាមិនល្អឥតខ្ចោះទេ។
(២៥) ការពង្រីកវិមជ្ឈការសិទ្ធិ ត្រូវទៅជាមួយវិមជ្ឈការនៃការទទួលខុសត្រូវ
គ្មានអីដែលល្អឥតខ្ចោះទេ។ ពាក្យថា ពេលដែលយើងមានភាពល្អឥតខ្ចោះគឺពេលដែលយើងចាប់ផ្តើមធ្លាក់។ បានន័យថាម៉េច? យើងចាប់ផ្តើមព្រលែងដៃថាស្អីក៏វាល្អ យើងអត់ទទួលស្គាល់ការពិតអំពីអ្វីដែលយើងត្រូវពង្រឹងបន្ថែមទៀត។ យើងគិតថាវាល្អឥតខ្ចោះហើយ។ ពាក្យ “ឥតខ្ចោះ” នេះហើយ ជាចំណុចដែលធ្លាក់។ (គប្បី)ថា៖ “បានធ្វើល្អហើយ ប៉ុន្តែនៅអាចធ្វើបានល្អជាងហ្នឹងទៀត” … ខេត្តក៏ដូចគ្នា។ ប្រកួតប្រជែងទាញបាន ៩គម្រោងហើយ ប៉ុន្តែអត់ទាន់គ្រប់ទេ។ ចង់ឱ្យបាន ២០គម្រោង ក្នុងរយៈពេល ១២ខែទៀត។ ទាញស្អីខ្លះ? ហ្នឹង គេថាកសាងបានកន្លែងនេះមួយហើយ មានមហិច្ឆតាថាឱ្យតាមស្រុកនីមួយៗ (ក៏ទាក់ទាញបានដែរ)។ មានកន្លែងសម្រាប់ជួយរុញស្រុកធ្វើដែរ។ ឥឡូវ ច្រកចេញចូលតែមួយ។ អញ្ចឹង យើងជាកន្លែងមួយដែលខិតខំធ្វើវិមជ្ឈការឱ្យបានដល់ខេត្ត។ ទៅមុខទៀត យើងអាចឈានទៅដល់ស្រុក។ ពង្រឹងសមត្ថភាពស្រុក ដើម្បីយើងធ្វើឱ្យមានភាពបត់បែន។ ប្រជាជនកាន់តែច្រើន សេវាកាន់តែកើន។ ទាក់ទងនឹងការពង្រីកវិមជ្ឈការសិទ្ធិនិងសមត្ថភាព និងការទទួលខុសត្រូវ សូមឱ្យមើលឱ្យបានច្បាស់។ វិមជ្ឈការសិទ្ធិ ត្រូវទៅជាមួយវិមជ្ឈការនៃការទទួលខុសត្រូវ។ ប៉ុន្មានថ្ងៃនេះ ឃើញរឿងបង្គោលភ្លើង២,០០០ ដុល្លារ ស្អីៗនោះ។ ហ្នឹង ហេតុផលយ៉ាងម៉េច? ខេត្តត្រូវពិនិត្យមើលថាតើមានហេតុយ៉ាងម៉េច? គាត់ថា ហ្នឹងគេដាក់ខ្ពស់ដើម្បីដេញថ្លៃ តែទម្លាក់ថ្លៃលូថ្លៃអីទៅ។ ខ្ញុំមិនដឹងទេ ប៉ុន្តែត្រូវពង្រឹង។ វិមជ្ឈការ មិនមែនវិមជ្ឈការតែសិទ្ធិស្នើទេ វិមជ្ឈការទាំងសិទ្ធិចាយទៀត ការគ្រប់គ្រងដើម្បីផ្តល់ទៅឱ្យខាងក្រោម។
(២៦) ដាក់គោលនយោបាយលើកទឹកចិត្តជាការត្រឹមត្រូវ ប៉ុន្តែការធ្វើឱ្យមានភាពកក់ក្តៅកាន់តែប្រសើរ
សូមមើលកិច្ចការទាំងអស់នេះដើម្បីបង្កើនទំនុកចិត្ត ហើយបានផលច្រើនទៅដល់មូលដ្ឋាន ទៅដល់ប្រជាពលរដ្ឋរបស់យើង។ នេះគឺជាគោលនយោបាយដែលយើងត្រូវដាក់ចេញ និងដែលខ្ញុំនិយាយថា បរិស្ថាន សំខាន់គឺសន្តិភាព ស្ថិរភាព សន្តិសុខ ត្រូវតែធ្វើជាប្រចាំ។ មួយទៀត ត្រូវដាក់ចេញគោលនយោបាយលើកទឹកចិត្តឱ្យគេមក ជាការត្រឹមត្រូវហើយ។ ប៉ុន្តែ គោលនយោបាយសំខាន់គឺឱ្យសេវា ការដោះស្រាយឱ្យភ្ញៀវដែលមកមានភាពកក់ក្តៅ … មានភាពស្មុគស្មាញ មានបញ្ហា ដោះឱ្យបាន។ មិនមែនតែអ្នកវិនិយោគ ឬទេសចរដែលមកលេងទេ អ្នកនៅក្នុងខេត្ត ប្រជាពលរដ្ឋយើង ដែលចង់បើកអាជីវកម្មក្នុងខេត្ត បើកសាលារៀន បើកគ្លីនិក បើកអាជីវកម្ម ឬមួយក៏ធ្វើអីមួយ ក៏(ត្រូវតែជួយសំរួល)កាន់តែប្រសើរឡើង។ សូមអរគុណចំពោះការខិតខំរបស់មន្ត្រីរាជការគ្រប់ថ្នាក់ ខេត្ត ស្រុក ឃុំ ដែលបានជួយពង្រឹងគ្រប់វិស័យនៅក្នុងខេត្ត ហើយត្រូវបន្តធ្វើតទៅទៀត។ ប្រៀបធៀបទៅ ១០ឆ្នាំមុន ខេត្តស្ទឹងត្រែងខុសគ្នាឆ្ងាយ ប៉ុន្តែ ១០ឆ្នាំទៅមុខ ក៏ត្រូវតែខុសជាងនេះឱ្យឆ្ងាយទៀត ទៅខាងទិដ្ឋភាពវិជ្ជមាន។ វាអាចនៅទ្រឹង វាអាចធ្លាក់ចុះឬវាអាចកើនឡើង មិននៅថេរទេលើគ្រប់ទិដ្ឋភាព សេដ្ឋកិច្ច សន្តិសុខសណ្ដាប់ធ្នាប់ បញ្ហាផ្សេងៗ។
(២៧) ត្រូវទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន កុំឱ្យកើតមានក្នុងខេត្ត
បើយើងមើលនៅប្រទេសដែលខ្ញុំធ្លាប់ទៅ … កាល(ធ្វើការឱ្យ)ធនាគារពិភពលោក ទៅសាធារណរដ្ឋកុងហ្គោ ប្រទេសនេះ កាលពីឆ្នាំ១៩២០-១៩៣០ ជាប្រទេសប៊ែលហ្សិក (Belgium) នៃអាហ្វ្រិក។ ដល់ពេលខ្ញុំទៅឆ្នាំ ២០០០ជាង ជាប្រទេសមានសង្គ្រាមហែកហួរគ្នា … ហ្នឹងរឿងសង្គ្រាម … រឿងសន្តិសុខ ពេលនេះប្រទេសនៅអឺរ៉ុបមួយចំនួន … ខ្ញុំមិនថាប្រទេសណា សុទ្ធតែប្រទេសមហាអំណាច … ១០ឆ្នាំមុន សន្តិសុខអត់បញ្ហា តែដល់ឥឡូវទៅមិនស្រួលបាត់កាបូបឥឡូវ។ ខ្ញុំជួបមហាក្សត្របច្ចុប្បន្នរបស់ម៉ាឡេស៊ីជាស៊ុលតង់របស់ Johor (នៅម៉ាឡេស៊ី)គេដូរវេនគ្នាធ្វើអាកុង (Agong) ព្រោះមានព្រះអង្គម្ចាស់ច្រើន។ អញ្ចឹងដូរវេនគ្នា។ លោកថាធ្លាប់នៅប្រទេសអឺរ៉ុបខាងលិចមួយ។ កន្លែងហ្នឹងមានជាងគេបំផុត។ តែក្រោយនេះ មុនឡើងសោយរាជ្យ លោកទៅ ត្រូវគេលួចនាឡិការ៉ូលិច(Rolex)មួយ។ កាល ១០ឆ្នាំមុនគឺល្អ។ អញ្ចឹងវាអាស្រ័យទៅលើគោលនយោបាយនិងការខិតខំប្រឹងប្រែង មិនថាប្រទេសមានឬប្រទេសក្រទេ។ អញ្ចឹង ការថែរក្សា(សុខសន្តិភាព សន្តិសុខ)នេះសំខាន់។ មិនអាចភ្លេចខ្លួនទេ។ ខេត្តស្ទឹងត្រែង បើមិនប្រយ័ត្ន មិនទប់ស្កាត់រឿងបទឧក្រិដ្ឋឆ្លងព្រំដែនឆ្លងស្អីៗនេះ អាចក្លាយជាខេត្តឆ្លងកាត់ធំណាស់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។ ទប់ឱ្យជាប់កុំឱ្យមានកើតនៅក្នុងខេត្ត។
(២៨) កុំក្លាយទៅជាខេត្តសំបុកសេដ្ឋកិច្ចខ្មៅ ទោះយឺតបន្តិចក៏ដោយ ត្រូវបង្កើតសេដ្ឋកិច្ចស
ស្នងការខេត្ត ដូចទើបមកថ្មីទេ… មកពីជំនាញខាងត្រូវជំនាញហ្នឹងស្រាប់ ដូចជាអនុប្រធានមន្ទីរគ្រឿងញៀន ដែលយកមកកាន់ជំនាញហ្នឹង។ ថ្ងៃមុន យើងដកប៉ុន្មានដូចជា ៩នាក់ដែលពាក់ព័ន្ធ … ដកចេញតែម្តង។ ឱ្យធ្វើការឱ្យច្បាស់។ អត់ឱ្យខេត្តនេះ ក្លាយទៅជាខេត្តដែលជាកន្លែងសំបុកសេដ្ឋកិច្ចខ្មៅនោះទេ។ បង្កើតសេដ្ឋកិច្ចស។ យឺតបន្តិចក៏ដោយប៉ុន្តែផ្ទះយើងនៅស្អាត។ ពេលដែលវារីកទៅខ្មៅហើយ ពិបាកណាស់។ ខេត្តមួយចំនួនក្នុងប្រទេសរបស់យើងដែល កាសែតបានវាយឈ្មោះ(លាបពណ៌) … យើងពិបាកក្នុងការបោសសម្អាតឱ្យគេជឿឡើងវិញ។ ខំរុញអ្នកទេសចរមក អ្នកវិនិយោគមក រុញទៅដើម្បីស្ដារ។ យើងខិតខំធ្វើ តែជម្រើសល្អកុំឱ្យវាប្រឡាក់ កុំឱ្យជាប់ភក់មកខ្មែរ។ ខេត្តដែលខ្ញុំនិយាយនៅក្នុងចំណោមខេត្តឦសានទាំង៤ ខេត្តនេះគឺជាខេត្តដែលប្រទាក់ក្រឡា ហើយឆ្លងកាត់ច្រើនជាងគេ ក្នុងរឿងហ្នឹង ព្រោះវាមកពីភូមា មកពីអីឆ្លងកាត់។ មួយទៀត មានផ្លូវទឹក។ ពិបាក។ (លាតសន្ធឹង)ចង់ ១០០គីឡូ … អញ្ចឹងយើងពង្រាយកម្លាំង។ ពួកហ្នឹងគ្រាន់តែឆ្លងទូកបន្តិចមកបាន។ ហ្នឹងដែលថាជាភាពស្មុគស្មាញ។ តែការសហការ នគរបាល អាវុធហត្ថ បើត្រូវការប្រើកងទ័ពៗ ចូលជួយ។ ទោះបីថាកងទ័ពមិនមែនមន្ត្រីអនុវត្តច្បាប់នគរបាលយុត្តិធម៌ ប៉ុន្តែគាំទ្រដល់មន្ត្រីអនុវត្តច្បាប់ ក៏ធ្វើបានដែរ ព្រោះជាការងារសន្តិសុខជាតិ … រឿងឧក្រិដ្ឋកម្មឆ្លងដែន រឿងគ្រឿងញៀនស្អីៗនេះ គឺជារឿងសន្តិសុខជាតិ។ អញ្ចឹងរួមគ្នាធ្វើ … ដូចឯកឧត្តម តន ឆៃ មេស៊ប់ចុងក្រោយគេ ដែលខ្ញុំប្រកាសមុននឹងខ្ញុំទៅ … ជាមួយឯកឧត្តម ទន់ ញាន … គាត់ឈឺ។ អញ្ចឹងគឺយើងសហការគ្នា ក្នុងការធ្វើ។
(២៩) ភូមិភាគឦសាន តំរង់ទិសអ្នកវិនិយោគកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍
កិច្ចការទាំងអស់នេះគឺដើម្បីផលប្រយោជន៍ទាញយកសក្តានុពលឱ្យបាន។ នៅទីនេះ ឆ្ងាយពីសមុទ្រពិត ប៉ុន្តែនៅជិតព្រំដែនគោកទៅចិនជាទីផ្សារធំ។ អត់មានកន្លែងធ្វើ High-tech ឬមួយក៏ធ្វើរថយន្តទេ តែកន្លែងដែលធ្វើរថយន្តអត់មានដីធំអាចធ្វើកសិ-ឧស្សាហកម្ម។ ហ្នឹងយើងមើលផលរបស់យើង។ ខេត្តមួយចំនួនអាចធ្វើឧស្សាហកម្ម តែគ្មានតំបន់ទេសចរណ៍ល្អអញ្ចេះទេ។ អាចទាញសក្តានុពលនេះបាន។ អញ្ចឹង សូមកុំមើលអ្វីដែលយើងអត់មាន។ សូមមើលអ្វីដែលយើងមាន ហើយដាក់ទិសដៅ … ខេត្តព្រះសីហនុ យើងដាក់ទិសដៅទៅឧស្សាហកម្ម ទៅភស្តុភារកម្ម។ ខេត្តឦសាន យើងដាក់កសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដើម្បីឱ្យចំគោលដៅ ហើយអ្នកដែលវិនិយោគក្នុងវិស័យហ្នឹង យើងជួយជាករណីពិសេស … តាមលទ្ធភាពអាចធ្វើបាន ពន្ធអនុគ្រោះស្អីអញ្ចឹងទៅ ខ្ចីលុយការប្រាក់ទាបស្អីៗ អញ្ចឹងទៅ ដើម្បីឱ្យគាត់មកបង្កើត (ផលិតកម្មនិងការងារ)។ គោលដៅធំ គឺប្រជាពលរដ្ឋ។ ធុរកិច្ចគឺជាឧបករណ៍ … វិស័យឯកជនគឺជាឧបករណ៍។ រដ្ឋចង់បង្កើតការងារ ចង់ឱ្យជីវភាពរស់នៅប្រជាពលរដ្ឋរីកចម្រើន ត្រូវពឹងផ្អែកលើវិស័យឯកជន ដើម្បីគាត់ដើរតួនៅក្នុងការ(ផលិតនិងផ្តល់ការងារ) … មានអ្នកប្រាប់ថា “រដ្ឋគួរតែធានាដើម្បីឱ្យប្រជាជនយើងមានការងារគ្រប់គ្នា អ្នកជាប់បាក់ឌុប្លិ៍ទាំងអស់ រដ្ឋយកធ្វើបុគ្គលិករដ្ឋទាំងអស់” … ខ្ញុំថា ចប់បាត់។ មិនដូច្នោះទេ។ រដ្ឋមិនអាចមានមន្ត្រី ២លាននាក់ទេ។ ឥឡូវគ្រាន់តែប៉ុន្មាននាក់ហ្នឹង អត់កៅអីអង្គុយផង ទំរាំតែ ២លាននាក់ទៀត។ ខេត្តយកមន្ត្រី មួយខេត្ត ៥ម៉ឺននាក់អី ចប់បណ្តោយ។
(៣០) កាតព្វកិច្ច៣ របស់រដ្ឋ ចំពោះប្រជាជនម្នាក់ៗ
អញ្ចឹង ត្រូវការការងារ គ្រប់វិស័យទាំងអស់ ក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធ វិស័យឯកជន … អង្គការសង្គមស៊ីវិល … ធ្វើស្វ័យនិយោជន៍ បើក business(អាជីវកម្ម)ខ្លួនឯងបង្កើតការងារដែលរដ្ឋបង្កលក្ខណៈឱ្យ។ កាតព្វកិច្ចរបស់រដ្ឋសម្រាប់ប្រជាជនម្នាក់ៗ សម្រាប់ខ្ញុំ មានតែ៣ ទេ។ ទី១ ធានាសុខភាពគាត់ … តាំងពីមុនកើត រហូតដល់គាត់ស្លាប់ទៅវិញ។ បានន័យថា ពេលដែលចាប់កំណើតក្នុងពោះម្ដាយ ធ្វើម៉េចឱ្យម្ដាយមានសុខភាព … យើងមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីមានផ្ទៃពោះមួយចំនួនដែលរួមទាំងមន្ត្រីរាជការនិងប្រជាពលរដ្ឋក្រីក្រ កម្មការិនី។ កូនកើតដល់អាយុ ២ ឆ្នាំ មានកម្មវិធីឧបត្ថម្ភ … និងបណ្ដើរៗ ជួយផ្សេងទៀត។ ទី២ ធានាឱ្យគាត់មានចំណេះដឹង បំណិន បង្កើតសាលា រុញសាលាទៅដល់មូលដ្ឋាន តាមលទ្ធភាពដែលធ្វើបាន ដូចជាបង្កើតគ្រូបន្ថែម។ ទី៣ ធានាជីវភាពរបស់គាត់។ បានន័យថា បង្កើនសុខភាពឱ្យគាត់មាំមួន មានចំណេះដឹង មានលំនឹង អាចមានសមត្ថភាព … បង្កើតឱកាសការងារឱ្យគាត់ … (ឬបង្កើតមុខរបរ)ខ្លួនឯង ជាសេរីភាពក្នុងការប្រកបរបររបស់គាត់។ ធ្វើប៉ុណ្ណឹងបាន រដ្ឋចប់ភារកិច្ចហើយ។ បើគាត់បរាជ័យ ករណីពិសេសយើងត្រូវជួយគាត់។ ឱ្យគាត់ចូលនៅក្នុងទីផ្សារ ដែលយើងធានាបរិស្ថានមួយ ប្រកួតប្រជែងបានល្អទៅ។ គាត់ទៅបង្កើតការងារបន្ត … គាត់ជួយគ្នាហ្នឹងទៅ។
(៣១) សង្ឃឹមថាប្រជាជនកម្ពុជានឹងកើនដល់ ៣០លាននាក់ ក្នុងរយៈពេល ២០ឆ្នាំ
បង្កើតកូនបន្ថែមទៀត …យើងមាន ១៧លាននាក់។ សង្ឃឹមថានឹងកើនដល់ ៣០លាននាក់ ក្នុងរយៈពេល ២០ឆ្នាំ។ ប្រទេសខ្លះចាប់ផ្ដើមថយ … ដោយសារចំនួនអ្នកស្លាប់ច្រើនជាងអ្នកកើត។ ក្មេងៗ អត់ចង់មានកូនទេ។ ឥឡូវអត្រាកើតកូនរបស់យើង ខ្ញុំមើលថ្ងៃមុន … មកត្រឹមមួយក្បៀស។ នៅកន្លែងខ្លះ ដូចក្រុងអី មិនស្រួលចូលក្រោមមួយក្បៀសផង។ ជួបជាមួយនាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ឈាង (Li Qiang) កាលពីទៅចិនខែមុន អង្គុយបាយជាមួយគ្នា គាត់ថា ឆ្នាំនេះចិនថយប្រជាជន ៣លាននាក់ … កាលពីមុន ឱ្យមានកូនតែមួយ(ក្នុងមួយគ្រួសារ) ឥឡូវឱ្យកូន២ ហើយ អត់មានអ្នកចង់បានទៀត។ មូលហេតុគឺ ទី១ ធ្លាប់តែរស់នៅរបៀបហ្នឹង … មានកូន១។ គាត់ក៏កូន១ ដែរ។ កូនទោល។ អញ្ចឹងជំនាន់គាត់ចង់បានកូនទោល។ ទី២ លែងចង់ការលែងចង់អីហើយ។ ម្នាក់ៗរវល់រៀងៗខ្លួន។ តែមានកូនត្រូវចំណាយទៅលើចិញ្ចឹមកូន … ដល់អញ្ចឹងថយ។ រដ្ឋាភិបាលចិន ចេញលុយជួយឱ្យ តែអត់គ្រប់ … កូន១ ជួយប៉ុន្មានអញ្ចឹង។ តែអត់គ្រប់ទេ។ អម្បាញ់មិញចូលមក ឃើញឆ្មបច្រើន។ សង្ឃឹមថាខេត្តនៅឦសាននេះ នឹងមានកូនកាន់តែច្រើន។ កុំឱ្យចាញ់អ្នកភ្នំពេញ។ កុំឱ្យចាញ់អ្នកបាត់ដំបង អ្នកបន្ទាយមានជ័យ។ ថ្ងៃមុន ទៅ ស្រុកភ្នំព្រឹក នៅខេត្តបាត់ដំបង យកគ្រូពេទ្យស្ម័គ្រចិត្តទៅ។ ក្នុងនោះមានអ្នកពិនិត្យអេកូទៅ … គ្រាន់តែស្ត្រីមានផ្ទៃពោះ ២៥០នាក់។ ពេទ្យពិនិត្យឡើងចុកដៃ។ មានបងស្រីម្នាក់នៅខេត្តណា កូនគាត់ប្រុស ៣នាក់ … គាត់តាមយកស្រី … ដល់ពេទ្យពិនិត្យមើលឃើញប្រុសទៀត គាត់ថាលោកគ្រូពេទ្យយកទៅអាមួយហ្នឹង។ គេថាចង់បានកូនស្រីកូនប្រុសរកវិធីសាស្ត្រអីយ៉ាងណានោះ។ ខ្ញុំអត់ដឹងទេ។ កាលមុនចង់សួររដ្ឋមន្ត្រីក្រសួងសុខាភិបាល … បងឯងរៀនពេទ្យ តើធ្វើម៉េចបានកូនស្រី? ទៅសួរគាត់ម៉េច បើគាត់កូនប្រុសទាំងអស់។
ខ្ញុំចង់បានកូនប្រុស … ហើយអ្នកទៅបន់ៗ បាន(កូនឯ)អ្នកទៅជួយបន់ទៅវិញ។ ប្រពន្ធខ្ញុំទៅបន់ នៅព្រះអង្គចេក ព្រះអង្គចម សុំបានកូនប្រុស។ ដល់ចុងបញ្ចប់ ពួកម៉ាកគេ ២នាក់មានផ្ទៃពោះមុន។ អ្នកទៅជួយបន់ … តែអ្នកជួយបន់បានមុន។ ប្រហែលជា ព្រះអង្គចេកព្រះអង្គចម មើលច្រឡំ។ ឥឡូវ ស្រួលទេ។ យើងមើលដឹង … មើលតាមអេកូ មើលអីនោះ។ អ្នកខ្លះគេមិនចង់ដឹង ចាំ surprise (ភ្ញាក់ផ្អើល) ចុងក្រោយ។ ហ្នឹងរឿងរបស់គេ។ រឿងហ្នឹងមិនមែនមើលតែរឿងភេទទេ មើលរឿងសុខភាព … ប៉ុន្មានខែ វិវត្តកម្រិតណា ពេទ្យអាចទាយបាន ថាវិវត្តត្រឹមត្រូវ មិនត្រឹមត្រូវ ខ្វះស្អីៗ យ៉ាងម៉េច? ជួនកាលអត់គ្រប់ ពេទ្យគេថា អូ! ខ្វះជាតិដែក ឱ្យទៅដាក់ជាតិដែកទៅ។ ពេលកូន ៥-៦ ខែ កើតមកវាល្អ។ បច្ចេកវិទ្យាយើងអញ្ចឹង។ បើអ្នកទៅមើលអេកូ ខ្ញុំណែនាំផ្តល់យោបល់ក្រោយ ៤ខែ ចាំទៅ។ បើមុន ៣ខែ អត់ច្បាស់ទេ។ កូនខ្ញុំទី២ ហ្នឹងហើយ ៣ខែប្រញាប់ទៅមើល ព្រោះអាទីមួយស្រី។ ចង់បានប្រុស។ កើតមកស្រី។ ដល់អាទី២ ៣ខែប្រញាប់ទៅមើល។ ពេទ្យថាប្រុសហើយ ៧០%។ រត់ទៅប្រាប់តា។ កាលហ្នឹងតា ឪពុករបស់ឪពុកខ្ញុំ គាត់មិនទាន់ខូចទេ។ គាត់នៅសម្រានលើគ្រែពេទ្យ។ ទៅជំរាបគាត់ថា “តា ខ្ញុំបានកូនប្រុសហើយ”។ ពេលដែលប្រពន្ធខ្ញុំចូលមកគាត់ហៅឱ្យប្រពន្ធខ្ញុំងាកមើលស្មាស្តាំស្មាឆ្វេង។ គាត់ថាស្រី។ ខ្ញុំថាតាសម័យឥឡូវសម័យវិទ្យាសាស្ត្រ។ គាត់មើលតាមទម្លាប់។ អញ្ចឹងបានថាទម្លាប់នេះ មិនមែនថាអត់មានទេណា។ ខ្លាំងជាងអេកូ។ ដល់បាន ៤ខែ ជាង៥ខែ ទៅមើលម្តងទៀត ពេទ្យថាបងអើយ! ៧០% កូនស្រី។ កាលមុនថា ៧០% ប្រុស ហើយចុះកុយវាបាត់ទៅណា? បងអើយ! ខ្ញុំច្រឡំ អាហ្នឹងឆ្អឹងភ្លៅវាស្មានតែកុយ។ តែទោះជាយ៉ាងណា ស្រីក៏កូន ប្រុសក៏កូន ឱ្យតែសុខភាពល្អ ចេញមកចិញ្ចឹមថែទាំបីបាច់ជាធនធានសម្រាប់យើងទាំងអស់គ្នា។ យើងត្រូវការឱ្យប្រជាជនកើត(កូនបាន)ច្រើនផងដែរ។ សូមជូនពរ ហើយអ្នកណាដែលមិនទាន់មានគូសូមជូនពរឱ្យមានគូឆាប់ៗ … ប្រហែលជាមានច្រើន។
[ចប់សេចក្តីអធិប្បាយ៣]
បន្តនេះក្នុងគោលបំណងដើម្បីពន្លឿនការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ប្រកបដោយ ប្រសិទ្ធភាព, ភាពស័ក្តិសិទ្ធ, បរិយាបន្ន និងនវានុវត្តន៍, ខ្ញុំសូមដាក់ចេញនូវអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
ទី១. រដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវបន្តថែរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈ ការរក្សាទំនាក់ទំនងល្អ និងទំនុកចិត្តជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសជិតខាង, ព្រមទាំងប្រឹងប្រែងពង្រឹងសន្តិសុខមូលដ្ឋាន, សណ្តាប់ធ្នាប់សាធារណៈ, សុវត្ថិភាពសង្គម, ស្របតាមស្មារតីនៃ «គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។
ទី២. រដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវបន្តខិតខំកែលម្អការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ តាមរយៈ ការពង្រឹងសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំ របស់មន្រ្តី តាមទិសស្លោក «មន្ត្រីជាអ្នកបម្រើរាស្ត្រ, មិនមែនជាចៅហ្វាយរាស្ត្រទេ»; លើកកម្ពស់ការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយខេត្ត, ការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក, និងយន្តការច្រកចេញចូលតែមួយឃុំ សង្កាត់; និងគ្រប់គ្រងគ្រោះមហន្តរាយ តាមរយៈ ការពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការត្រៀមធ្វើអន្តរាគមន៍ឆ្លើយតបគ្រោះមហន្តរាយធម្មជាតិដែលអាចកើតមានឡើង ជាពិសេស ក្នុងរដូវវស្សានេះ។
ទី៣. ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការផ្តល់កិច្ចសហការជិតស្និទ្ធដល់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីជំរុញការអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨» ប្រកបដោយ ប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។
ទី៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវសហការគ្នាជិតស្និទ្ធជាមួយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បង្កើតជំនាញ, បង្កើនជំនាញ និងផ្លាស់ប្តូរជំនាញ ដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងបួននៅភូមិភាគឦសាន សំដៅអភិវឌ្ឍមូលធនមនុស្ស ជាពិសេស ក្នុងវិស័យកសិ-ឧស្សាហកម្ម, ទេសចរណ៍ និងសេវាកម្មគាំទ្រផលិតកម្ម ដែលមានជំនាញបច្ចេកទេសពិតប្រាកដ និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលអាចឆ្លើយតបនឹងសេចក្តីត្រូវការរបស់វិនិយោគិន ទាំងបច្ចុប្បន្ន និងអនាគត។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៤]
(៣២) ទោះបីគ្មាន CLV-DTA តំបន់មានសក្តានុពលប្រហែលៗគ្នា ប្រទាក់ក្រឡាបង្កើតសហថាមពលក្នុងគ្រប់វិស័យ
នៅនេះក៏មានក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ផងដែរ។ កន្លងទៅ នៅក្នុងសហគមន៍ទេសចរណ៍មួយចំនួនក៏ចូលរួមពង្រឹងសមត្ថភាពនិងរៀបចំសេដ្ឋកិច្ចដែរ។ ថ្ងៃមុន ឃើញធ្វើពិធីអីមួយនៅទីនេះ(រដូវកាលបៃតង)។ អញ្ចឹងមានបុណ្យទន្លេបុណ្យអី។ កម្មវិធីព្រឹត្តិការណ៍អីផ្សេងៗ ខេត្តទាំងបួនហ្នឹងដូរវេនគ្នាធ្វើ … បើមិនបានអ្នកមកពីក្រៅ ក៏អ្នកទាំងបួនហ្នឹង។ កុំឱ្យអ្នកស្ទឹងត្រែងពិបាកទៅឆ្ងាយ ទៅតែត្រឹមមណ្ឌលគិរី រតនគិរី … អញ្ចឹងវិលជុំវិញចុះឡើង។ តែសំខាន់បំផុតធ្វើការជាមួយខាងវិស័យទេសចរណ៍រៀបចំ Package tour អ្វីផ្សេងៗ … ធ្វើម្នាក់ឯងបានមួយកម្រិត តែបើធ្វើរួមគ្នា គឺអាចជួយគ្នាបានច្រើន។ យើងកំពុងតែតភ្ជាប់ទេសចរណ៍ជាមួយប្រទេសឡាវ និងវៀតណាមទៀត។ ក្នុងតំបន់នេះ គឺជាសក្តានុពលហើយ ទោះបីយើងគ្មាន CLV-DTA តែកិច្ចសហប្រតិបត្តិការតំបន់ ពិសេសនៅក្នុងតំបន់ដែលមានសក្តានុពលប្រហែលៗគ្នានេះអាចជួយច្រើន។ ហ្នឹងទាញយកពីគ្រប់(ប្រភព)។ កុំប្រកាន់។ រឿងអធិបតេយ្យភាពនៅតែមាន គ្មានបាត់ដីទៅណាទេ។ ចូលមកគឺត្រូវតែសុំទិដ្ឋាការ … សូមកុំមានការភ័យខ្លាច។ យើងធានាបាន ទាញសក្តានុពលសេដ្ឋកិច្ច គោរពគ្នាទៅវិញទៅមក ហើយអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ អ្វីដែលសំខាន់ គឺប្រទាក់ក្រឡាគ្នាដើម្បីបង្កើតជាសហថាមពលក្នុងគ្រប់វិស័យទាំងអស់។
[ចប់សេចក្តីអធិប្បាយ៤]
ទី៥. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងរដ្ឋបាលខេត្តទាំងបួននៅភូមិភាគឦសាន ត្រូវសហការជិតស្និទ្ធជាមួយ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដើម្បីសិក្សាស្រាវជ្រាវ និងកំណត់ផលិតផលកសិឧស្សាហកម្មសក្តានុពលរបស់ខេត្តទាំងបួននៅភូមិភាគឦសាន សំដៅសិក្សាដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្ត និងវិធានការចាំបាច់នានា សម្រាប់ជំរុញការអភិវឌ្ឍឧស្សាហកម្មសក្តានុពលទាំងនោះ ឱ្យបានឆាប់រហ័ស។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]
(៣៣) ដើម្បីឧស្សាហកម្មដើរ ផ្គុំបណ្តាខេត្តរៀបចំ «គោលនយោបាយជំរុញការវិនិយោគ» រួមគ្នា
ហ្នឹងដូចយើងមានចុះកម្មសិទ្ធិបញ្ញាមួយចំនួនដែរ។ ដូចមាន GI កាហ្វេមណ្ឌលគិរី។ យើងចុះដែរ។ ផលិតផលណាដែលយើងអាច(ធ្វើ GI) ពិសេសនៅយើង ចុះកម្មសិទ្ធិបញ្ញា ដើម្បីធានាតាមភូមិសាស្ត្រ … ព្រោះម្យ៉ាងវាអាស្រ័យទៅលើដី ប៉ុន្តែបច្ចេកវិទ្យាអាចយកពូជហ្នឹងយកទៅផ្សាំដើម្បីធានាបាន(គុណភាព)។ បើយើងអត់ចុះទេ ហ្នឹងដូចពូជស្វាយចន្ទីយើងមួយចំនួនត្រូវចុះឱ្យទាន់។ បើអញ្ចឹងទេ វាទៅជារឿងអ្វីផ្សេង។ ហ្នឹងជាផលធំយើងដើម្បីធានានូវគេ(ប្រភពកម្មសិទ្ធិបញ្ញា) … បើនិយាយពីកសិកម្ម យើងមិនអាចនិយាយគ្រប់មុខទេ។ ខេត្តណា តំបន់ណា ត្រូវរៀបចំជាមាត្រដ្ឋាន ព្រោះយើងមិនអាចធ្វើគ្រប់មុខ ហើយតូចៗទេ។ ខ្ញុំថា ដើម្បីឱ្យកសិកម្មដើរ ត្រូវគិតពីកសិ-ឧស្សាហកម្មទៅ។ បើខេត្តតែមួយធ្វើមិនអស់ ធ្វើ ២-៣ខេត្តចូលគ្នាទៅ ព្រោះជួនកាលដាំមួយខេត្ត មានតែប៉ុន្មានពាន់ហិកតា។ ដើម្បីឱ្យឧស្សាហកម្មវាដើរ ត្រូវការ ៣ម៉ឺនហិកតា (ដូច្នេះ)ផ្គុំខេត្តជាមួយគ្នា រៀបចំគោលនយោបាយរួមជាមួយគ្នា តាមអ្វីដែលយើងហៅថា «គោលនយោបាយជំរុញការវិនិយោគ» ទាញសក្តានុពលជាមួយគ្នា។ បើគេជិះឡានមកមួយថ្ងៃ មកមណ្ឌលគិរីយូរ គេមិនមកទេ តែបើមកបាន ៣ថ្ងៃ គេមកដើរ ៤ខេត្ត ហ្នឹងអាចមានកន្លែងលេងឱ្យគេមក … ជួនកាលគេជិះយន្តហោះដែលយើងភ្ជាប់ ៣ប្រទេស ជួនកាលគេជិះយន្តហោះ ទៅលេងវៀតណាម ពីអឺរ៉ុបមក គេចង់ចំណាយ ៤ថ្ងៃ តែគេអត់ចង់នៅតែមួយប្រទេសទេ គេចង់មកប្រទេសជិតខាង។ អញ្ចឹងគេមកថែមអាហ្នឹង។ (សួរអ្នកចូលរួម)ថ្នាក់ទីប៉ុន្មានហ្នឹង?(ថ្នាក់ទី១១)។ អញ្ចឹងឆ្នាំក្រោយជាប់ហើយ។ ទេវតាប្រោះព្រំ តែរៀនផង …។
[ចប់សេចក្តីអធិប្បាយ៥]
មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ, មន្ត្រីរាជការ, កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែងទាំងអស់ ដែលតែងតែជឿទុកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងគ្រប់អាណត្តិកន្លងទៅ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងគាំទ្រទៅដល់រដ្ឋាភិបាលអាណត្តិទី៧នេះ។ ការគាំទ្រនេះ គឺជាកម្លាំងចិត្តដ៏ធំបំផុតសម្រាប់រូបខ្ញុំ និងរាជរដ្ឋាភិបាល ក្នុងការបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ «កោះសន្តិភាព» ប្រកបដោយ វិបុលភាព, សុភមង្គល និងរុងរឿង។
ជាទីបញ្ចប់, ជាមួយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបាននូវជោគជ័យក្នុងភារកិច្ចរៀងៗខ្លួន ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព, ព្រមទាំងសមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។
[ចាប់ផ្តើមសេចក្តីអធិប្បាយ៦]
សម្រាប់ព្រឹកនេះ គឺមានយុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក. យុវជនគណបក្សខេត្ត យុវជនស្រឡាញ់សន្តិភាព យុវជន ១៥៧ គណៈចលនាយុវជនមូស្លីម គរុសិស្ស និងនិស្សិត ចំនួន ១ ៩១៦ នាក់ ក្នុងម្នាក់ៗ ថវិកា ២០០០០ រៀល។ អាចផ្តុំគ្នា ជប់លៀងបាន។ ជូនលោកគ្រូ អ្នកគ្រូ ក្រុងស្ទឹងត្រែង ៤៩៧ នាក់ ក្នុងម្នាក់ៗ ថវិកា ៥០ ០០០ រៀល។ ជូនសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ខេត្តស្ទឹងត្រែង និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគឦសាន សាលានីមួយៗ ថវិកា ៥លានរៀល។ ជូនសាលាក្រុងស្ទឹងត្រែង ថវិកា ២លានរៀល ក្រុមគ្រូពេទ្យប្រចាំអង្គពិធី ថវិកា ៣លានរៀល និងក្រុមតន្ត្រីសម័យ ថវិកា ១០លានរៀល ផងដែរ។
ថ្ងៃនេះ មានបងប្អូនសិល្បករ សិល្បការិនី ធ្វើដំណើររាប់រយគីឡូម៉ែត្រមកដែរ។ ខាងណាអញ្ចេះ? ឆ្វេង ឬស្តាំ? លោកស្រី ម៉េង កែវពេជ្ជចិន្តា, អ្នកនាង សួន លីដា អ្នកសរសេរហ្នឹងស៊ីសំណូកហ្មង អត់ព្រមហៅ អ្នកនាង ម៉េង កែវពេជ្ជចិន្តា … អ្នកនាង សុង សេនីតា, លោក យ៉ែម សំអូន, លោក ជឹម ជឿន, លោក បុស្បា សត្យាលីវអាន, កញ្ញា សួស រដ្ឋា, អ្នកនាង ហ៊ុន សុរ៉ន, លោក ហេង ប៊ុនលៀប, លោក វ៉ាន់ ផាន់ណារ៉ា, លោក ហែម មុនីរិទ្ធ និងអ្នកនាង មឿន និមល … ហៅ ប៉េងប៉ោង។ អ្នកខ្លះអត់ស្គាល់ទេ មឿន និមល តែបើ «ប៉េងប៉ោង» ស្គាល់។ ហ្នឹងដូច ជឿន ចាន់រ៉ា អញ្ចឹង។ ខ្ញុំចុះទៅពាក់មេដាយថា អត់ឃើញពាក់មីមក? អានឈ្មោះគេសោះហ្នឹង … ក្មេងៗ ក្មួយៗ Idol យើងមក កុំភ្លេចថតរូបផង មុនគាត់ទៅវិញ ធ្វើដំណើរឆ្ងាយ កម្រមកបានជួប។ អរគុណបានចូលរួមថ្ងៃនេះ។ មានក្រុមតន្ត្រីអង្គភាពប្រឆាំងភេរវកម្ម មានអ្នកចម្រៀងនិងតារាសម្តែងចូលរួមផងដែរ។ អរគុណសាជាថ្មី ជូនដល់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកពូ អ្នកមីង បងប្អូនទាំងអស់ ដែលបានអញ្ជើញចូលរួមថ្ងៃនេះ ហើយក៏សូមធ្វើដំណើរបានសុវត្ថិភាពត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ ហើយជូនពរសុខភាពល្អ និងជោគជ័យ។ សូមអរគុណ៕



