[…] ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើន យើងត្រូវពង្រឹងខ្លួនឯង។ ក្នុងន័យនេះ យើងកំពុងធ្វើការងារកែទម្រង់ពីរ៖ ទី១ ការកែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យើងបានធ្វើការវាយតម្លៃ រៀបចំ និងត្រូវធ្វើវិសោធនកម្មច្បាប់។ ទី២ គឺបង្កើនប្រសិទ្ធភាពរបស់ CDC។ នោះគឺការបង្កើនទម្ងន់នៅក្នុងការអនុវត្ត។ ត្រូវធ្វើនីតិវិធីមួយចំនួន។ ពេលនេះ មនុស្សកាន់ឯកសាររត់ទៅស្ថាប័ន។ បន្តិចទៀត មិនមានមនុស្សកាន់ឯកសាររត់ទៅស្ថាប័នទេ។ មនុស្សមកតែមួយកន្លែង ហើយឯកសារត្រូវរត់ទៅស្ថាប័នខ្លួនឯង តាមអនឡាញ (Online) ឬមួយ(ប្រព័ន្ធអវី)ផ្សេង … (យើង)ត្រូវការការពង្រឹង ការប្រទាក់ក្រឡាគ្នា ការកែសម្រួលនីតិវិធី និងបង្កើត SOP មួយចំនួន ដើម្បីឲ្យស្ថាប័នទាំងអស់ងាយស្រួល …
ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹង ប៉ុន្តែនៅចំពោះមុខ កិច្ចការទីពីរសម្រាប់ SME ត្រូវធ្វើការងារបន្ទាន់។ (វិបាកនៃ)សង្គ្រាមនិងការបិទព្រំដែន។ យើងចង់ឲ្យផលិតផលក្នុងស្រុករីកឲ្យលឿន។ (ដូចនេះត្រូវជំរុញ)ការចុះឈ្មោះ និងអ្វីៗ ផ្សេងៗ (ដែលពាក់ព័ន្ធ)ឲ្យវារលូន និងមានការគាំទ្រក្នុងកម្រិតមួយ។ យើងត្រូវធ្វើការងារច្រើន។ ប៉ុន្តែការងារដំបូងដែលត្រូវដោះស្រាយ ខ្ញុំគិតថា គឺរឿងចុះឈ្មោះឬការចុះបញ្ជី(SME)។ ការចុះបញ្ជីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)បានសាកល្បង។ យើងនឹងសាកល្បង(អនុវត្តគំរោង)ផលិតផលសាប៊ូ (Pilot Project) ឲ្យបានចេញក្នុងរយៈពេល ៦ថ្ងៃ។ បានន័យថា កាលមុនគាត់(ម្ចាស់គំរោង)រត់ទៅរកក្រសួងឧស្សាហកម្ម បានអាជ្ញាប័ណ្ណ(មកហើយ) ត្រូវរត់ទៅក្រសួងសុខាភិបាល ត្រូវរត់ទៅកន្លែង(ផ្សេងៗ)ទៀត …
ខ្ញុំឲ្យពិនិត្យមើលផលិតផល។ យើងត្រូវបែងចែកឲ្យច្បាស់រវាងផលិតផលហានិភ័យខ្ពស់ ផលិតផលហានិភ័យមធ្យម ផលិតផលហានិភ័យទាប។ ផលិតផលនេះ មិនមែនជាហានិភ័យខ្ពស់ទេ។ តែបើផលិតផលគ្រឿងហូប គ្រឿងប៉ះពាល់ស្បែកគីមី ហ្នឹងហានិភ័យខ្ពស់ ត្រូវឆ្លងកាត់(នីតិវិធីបែបណា)ឲ្យបានច្បាស់ កុំកាត់វា(នីតិវិធី) ប៉ុន្តែនីតិវិធីមួយៗ ហ្នឹង គឺត្រូវឲ្យបានលឿន។ ម្សិលមិញ បានជួប … (និងទទួលព័ត៌មាន)ថា ទាំងអស់ហ្នឹងឲ្យលក់សិនទៅ ចាំយើងទៅឆែកតាមក្រោយ។ មិនដូចនោះទេ។ ផលិតផលដែលគ្រោះថ្នាក់ សូមកុំឲ្យលក់សិន។ ដាក់មួយគ្រាប់ទៅពុលគេ ហើយបានថារដ្ឋឲ្យលក់ដោយមិនទាន់បានឆែក។ មិនបានទេ។ ត្រូវតែធ្វើ(ការត្រួតពិនិត្យ) ប៉ុន្តែយើងកំណត់ពេលវេលា។
បើត្រឹមតែចានឆ្នាំង មិនបាច់ទៅសុំអាជ្ញាបណ្ណផ្សព្វផ្សាយស្អីៗ (ទេ) ឲ្យធ្វើសិនទៅ។ ពេលខ្លះ បានផលិតហើយ តែត្រូវសុំអាជ្ញាបណ្ណផ្សព្វផ្សាយស្អីៗ ទៀត។ ការគ្រប់គ្រងអាជ្ញាបណ្ណផ្សព្វផ្សាយ គឺដើម្បីធានាថាការផ្សព្វផ្សាយហ្នឹងវាមិនខុសពីការពិត។ អញ្ចឹង ផលិតផលណាដែលទាមទារត្រូវ(ផ្សព្វផ្សាយ)។ កុំឲ្យថ្នាំធម្មតា តែផ្សព្វផ្សាយថាលេបថ្នាំហ្នឹងទៅ (ជួយ)បន្ថយអាយុ ២០ឆ្នាំ។ អត់កើតទេ។ វាអត់ត្រូវ។ តែបើថាចាន ឬអីៗ ហ្នឹងយើងអាចឲ្យចេញទៅ ហើយចាំសុំតាមក្រោយក៏បាន។ កន្លែងណាខ្លះ យើងកាត់ចោល(នីតិវិធី)តែម្តង មិនបាច់ទាមទារទេ …។
យើងសាកល្បងកន្លែងនេះដើម្បីឲ្យដើរ ដោយក្រសួង-ស្ថាប័នត្រូវតែធ្វើការងារនេះមួយឲ្យបានជាដាច់ខាត។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំមូរដៃអាវ(ធ្វើការងារ)ពីរហើយ (១)ដោះស្រាយរឿងព្រំដែន និង(២)រឿង Scam។ ឥឡូវរឿង SME នេះ ខ្ញុំក៏មូរដៃអាវដែរ។ (បញ្ហានេះ)ប៉ះពាល់ប្រជាពលរដ្ឋ។ យើងបានប្តេជ្ញាចិត្ត(ធ្វើកិច្ចការនេះរួចហើយ) យើងត្រូវតែធ្វើឲ្យបាន ដើម្បីជួយសម្រួលគាត់ ដោះស្រាយដើម្បីផលប្រយោជន៍រួម និងដើម្បីភាពជឿជាក់។ បើគង់តែដោះស្រាយ(ដដែល) កុំចាំយូរ។ ខ្ញុំនឹងចូលជួយ ដើម្បីជំរុញនិងបង្កើន(ការឈ្មុសឈ្មុលក្នុងការងារ)ហ្នឹង។ មូរដៃអាវ មិនមែនទៅធ្វើជំនួសទេ។ វាបានន័យថា ខ្ញុំនៅ(ជាបង្អែក)ដើម្បីជួយនិងជំរុញអង្គភាពដែលត្រូវទទួលខុសត្រូវ។
យើងនឹងរៀបចំអង្គភាពមួយ ដែលនៅក្រោម CDC ឬក្រោម(ស្ថាប័ន)ណា(មួយ) … ដើម្បីជាអង្គភាពសម្របសម្រួលរួម។ ឥឡូវ យើងមាន(អង្គភាព)មួយហៅថា CamDX ប៉ុន្តែអត់មានមនុស្ស។ CamDX ជាថ្នាលបច្ចេកវិទ្យា ដែលដាក់ទៅវាជួយសម្រួលការងារបានមួយផ្នែក។ ប៉ុន្តែ បើអត់មានមនុស្សតាមដានត្រួតពិនិត្យ និងដោះស្រាយបញ្ហាគឺទៅអត់រួចទេ។ យើងនឹងបង្កើតជាអង្គភាពមួយដែលទទួលការងារដោះស្រាយបញ្ហា។ នេះជានីតិវិធីត្រូវធ្វើ។ ទៅថ្ងៃក្រោយ អ្នកសុំអាជ្ញាបណ្ណ មកដាក់(ពាក្យសុំ)តែមួយកន្លែងហ្នឹងទេ។ អង្គភាពនេះមានភារកិច្ច(បញ្ជូនេកសារ) មិនថាតាមរយៈ CamDX ឬការដាក់ឯកសារទេ។ ពេលខ្លះត្រូវដាក់ sample សាប៊ូ ឬអីជាដើម ដើម្បីបញ្ជូនទៅក្រសួងឧស្សាហកម្ម ដែលមានមន្ទីរពិសោធន៍ដោយមិនបាច់រត់ទៅក្រសួងផ្ទាល់ទៀតទេ។ គឺដាក់តែមួយកន្លែង។
កន្លែងហ្នឹងគឺទទួលខុសត្រូវក្នុងការរត់(ឯកសារ)និងធ្វើការងារ។ ជាអ្នកដែលត្រូវទៅធ្វើការជាមួយក្រសួង-ស្ថាប័ន។ ដំណាក់កាលមានពីរ។ ដំណាក់កាលទី១៖ យើងទុកសិន រាល់លិខិតបទដ្ឋានដែលមានស្រាប់។ កុំអាលស្មុគស្មាញ។ ត្រូវឱ្យការតភ្ជាប់ដើរសិន។ កន្លែងខ្លះ ការងារវាត្រួតគ្នាផងអីផង។ ទីមួយ យើងតភ្ជាប់សិន។ ដូចឥឡូវ គាត់រត់ទៅក្រសួងសុខាភិបាល គាត់រត់ទៅក្រសួងឧស្សាហកម្ម គាត់កាន់ឯកសាររត់ទៅ។ ព័ត៌មានខ្លះវាជាន់គ្នាអីអញ្ចឹងទៅ។ យើងឲ្យគាត់ធ្វើតាមហ្នឹង តែដាក់ពេលវេលា(ជាកំណត់ ដូចជាថា)ក្រសួងឧស្សាហកម្មត្រូវឲ្យចម្លើយមកត្រឹម ២៤ម៉ោង ហើយកន្លែងណាដែលត្រូវតេស្តយូរ ឲ្យរយៈពេលប៉ុណ្ណា … បូកសរុបមក ឲ្យប៉ុន្មានថ្ងៃ។ យើងនឹងធ្វើកិច្ចការហ្នឹង។ ដូច្នេះ ក្រសួងពាក់ព័ន្ធនីមួយៗ ត្រូវត្រៀមកម្លាំង។ នាយកដ្ឋានដែលត្រូវដោះស្រាយ(កិច្ចការ)ហ្នឹង ត្រៀមកម្លាំង ត្រៀមមធ្យោបាយ។ បើខ្វះអ្វី ប្រាប់ឲ្យហើយ ដើម្បី(រកវិធី)ធ្វើ ហើយឲ្យអ្នកហ្នឹងត្រៀមចាំសម្រួល។ មិនអាចឱ្យ(ម្ចាស់គំរោង)ទៅដាក់នៅហ្នឹង ហើយមន្ត្រី(ទទួលពិនិត្យនៅ)កន្លែងហ្នឹង ទៅប្រជុំនៅបារាំង(បាត់ទេ)។ អត់ទៅណាទេ។ ត្រូវឆ្លើយតបវិញយ៉ាងម៉េច។ ធ្វើឲ្យហើយ។
យើងមាននីតិវិធីអស់ហើយ។ បញ្ហាឥឡូវគឺការថ្ពក់ទិន្នន័យមក CamDX នេះ។ យើងប្រកាសអំពី CamDX តាំងពីឆ្នាំ២០២០។ ឥឡូវ មកដល់ឆ្នាំ២០២៦ មានរយៈពេល ៦ឆ្នាំ ទើបតែ(ចុះបញ្ជី)បាន ២០០សេវាទេ។ យើងមាន ១៥០០សេវាថ្នាក់ជាតិដែលត្រូវចុះ(បញ្ជី) និង ១៤០០សេវាថ្នាក់ក្រោមជាតិដែលត្រូវចុះបញ្ជី។ យើងអត់និយាយថ្នាក់ក្រោមជាតិទេ យើងនិយាយតែនៅថ្នាក់ជាតិ។ ក្រសួង(ពាក់ព័ន្ធ)ដែលត្រូវបញ្ជូលសំរាប់បម្រើឲ្យ SME ត្រូវធ្វើឲ្យបាននៅដំណាច់ខែកញ្ញា(២០២៦)។ មិនចាំដល់ឆ្នាំ ២០២៨ទេ។ សេវាដែលនៅសល់ប៉ុន្មាន យើងនឹងធ្វើឲ្យបាននៅដាច់ឆ្នាំ ២០២៦នេះ។ ខ្ញុំតាម(មើលការងារនេះ)ផ្ទាល់តែម្ដង។ រដ្ឋមន្ត្រីដែលមានបញ្ហាចូល(CamDX)មិនបាន ត្រូវរាយការណ៍ទៅក្រសួងបច្ចេកទេសថាខ្វះអីៗ។
យើងសហការគ្នា។ ជម្រើសមានពីរ។ ទី១ ក្រសួងដែលមានប្រព័ន្ធរបស់ខ្លួន អាច Hook បានទៅ CamDX ក៏ចូលមក។ យើងសម្របសម្រួលបច្ចេកទេសឲ្យស៊ីចង្វាក់ជាមួយគ្នា។ ទី២ ក្រសួងដែលគ្មានសមត្ថភាពធ្វើ … ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាចជួយថ្ពក់ឲ្យបាន មាន Template ហើយ។ អញ្ចឹងសូមឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំក្រុមការងារ ដោយឯកឧត្តម គង់ ម៉ារី ដឹកនាំធ្វើការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីថ្ពក់ទៅ CamDX។ ក្រសួងដែលពាក់ព័ន្ធនេះ គឺចុងខែកញ្ញា(២០២៦) ត្រូវ(ធ្វើឱ្យបាន)ហើយទាំងអស់ សេវាពាក់ព័ន្ធនឹងការបម្រើឲ្យ SME។ សូមឲ្យក្រសួងស្ថាប័នចាត់ចែងក្រុមការងារជំនាញរបស់ខ្លួន ត្រៀមធ្វើការជាមួយ។
សូមបញ្ជាក់ថា យើងមាន ១៥ក្រសួងដែលត្រូវ … បើមិនភ្ជាប់ចូល CamDX ទេ កុំថាប្រើសេវាជួយ SME ឬមួយ CDC ហ្នឹង(អាចធ្វើទៅកើត)កើត។ ចង់កែទម្រង់យ៉ាងម៉េច ក៏អត់ទៅរួចដែរ។ មនុស្សនៅតែកាន់ឯកសារដើរទៅក្រសួងមួយៗ ដដែល។ កាលពីកែទម្រង់ CDC យើងមានជម្រើសពីរ។
ជម្រើសទី១ ដូចនៅតាមប្រទេសមួយចំនួន ដូចជា Rwanda គេហៅថា “One Roof”។ កាលពីមុន Rwanda មានបញ្ហាច្របូកច្របល់ដូចយើងអញ្ចឹង។ ប្រធានាធិបតី បង្កើតអគារមួយ ៩ជាន់ យកនាយកដ្ឋានពាក់ព័ន្ធការសម្រេចរបស់ក្រសួងស្ថាប័ន មកដាក់នៅក្រោមអគារហ្នឹង ហើយប្រតិភូកម្មសិទ្ធិដោយមិនបាច់ឆ្លងរដ្ឋមន្ត្រី។ ប្រធានាធិបតីអង្គុយពីលើផ្ទាល់ ចាំសម្រួលចេញ។ Approve តែរឿង business ទេ។ រឿងអីផ្សេង ទៅ(តាមនីតិវិធីធរមាន)ចុះ។ ហ្នឹងជម្រើសទីមួយ។
ជម្រើសទី២ គឺដែលយើងយក គឺទុកសិទ្ធិឲ្យក្រសួងស្ថាប័ន រដ្ឋមន្ត្រីធ្វើដដែល មិនបាច់បញ្ជូនមន្ត្រីមកទេ យើងដាក់តែប្រព័ន្ធមួយនៅកន្លែងនេះ ទុកឲ្យមន្ត្រីកន្លែងនេះ(ធ្វើ) ប៉ុន្តែក្រសួងមួយៗ ត្រូវបង្កើតក្រុមការងារ។ ឆ្លងនីតិវិធីផ្ទៃក្នុងយ៉ាងម៉េច … (យកតាមនីតិវិធីដែល)មានស្រាប់ ឬកាត់បន្ថយ ដើម្បីឆ្លងរដ្ឋមន្ត្រី ឬមួយស្អីតាមឋានានុក្រមអីយ៉ាម៉េច ក៏សូមតែធ្វើម៉េចឲ្យបាន ក្នុងរយៈពេលដែលយើងកំណត់។
អ្នកដាក់ពាក្យ អត់ទៅជាន់(គ្នា)នៅក្រសួងនោះទេ។ បើចង់បានអី សួរមកកន្លែងនេះ។ ចង់ sample សាប៊ូ អត់មានឲ្យជិះម៉ូតូយកទៅឲ្យ Lab ទេ។ យកមកដាក់នៅកន្លែងរួមនេះ។ កន្លែងរួម ជិះម៉ូតូយកទៅឲ្យ។ នេះគឺជាការដាក់ទិសដៅកែទម្រង់ អត់នៅលើក្រដាសទេគឺត្រូវធ្វើផ្ទាល់។ ខ្ញុំយល់ថា ការងារដែលទាក់ទងអន្តរស្ថាប័ន ត្រូវការមានទម្ងន់។ ដោយហេតុនេះហើយ ខ្ញុំមូរដៃអាវ ចុះមក(ធ្វើការ)ជាមួយគ្នា។ តែ ខ្ញុំមិនបានទៅធ្វើជំនួសទេ។ អង្គភាពជាអ្នកធ្វើ និងត្រូវទទួលខុសត្រូវ។
រឿង Registration (ក៏សូម)ធ្វើម៉េចកុំឲ្យមានបញ្ហាទៀត។ (ការ)ដាក់ពាក្យ SME ហ្នឹង (ក៏)ឲ្យគាត់ចូលទៅ បានន័យថាដាក់តែមួយកន្លែង។ យើងប្រាកដជាហ៊ានសន្យាជាមួយប្រជាពលរដ្ឋថា យើងធ្វើបាន។ ត្រូវធ្វើកិច្ចការហ្នឹងមួយ។ ហេតុអីបានជាយើងត្រូវធ្វើ SME ជាការងារបន្ទាន់ ក៏ព្រោះតែថានេះជាអ្វីដែលយើងចង់បាន។ ផលិតផលក្នុងស្រុកជំនួសទំនិញពីក្រៅស្រុក។ ត្រូវទេ? យើងស្រែក(ពីបំណងនេះ) តែធ្វើមិនចេញ។ យើងត្រូវមើលថាមូលហេតុអី? មួយផ្នែកគឺការជួយដល់ក្នុងស្រុក។ រឿងធនធាន រឿងច្បាប់ រឿងពន្ធ យើងនឹងគិតគូរបន្តទៅទៀតជូនគាត់ តែសំខាន់ដោះស្រាយរឿង(នីតវិធីចុះបញ្ជី)នេះមួយសិន។ ដោះស្រាយរឿងហ្នឹងមួយឲ្យចេញ។ យករឿងហ្នឹងដើម្បីទាញការទុកចិត្តរបស់ប្រជាជន។
ដូចយើងធ្វើ(យុទ្ធនាការបង្ក្រាប) Scam។ ធ្វើការងារមួយចំនួនអញ្ចឹង។ (ដោះស្រាយការងារ)ហ្នឹង វានឹងជួយយើងដើម្បីឲ្យយើងពង្រឹងខ្លួនឯង។ យើងចង់ឲ្យមាន(ការវិនិយោគកើនឡើង) ទាល់តែយើងដោះស្រាយ(សំអាត)ផ្ទះឲ្យបានស្អាត។ បើយើងចង់ឲ្យមាន(ការបិនិយោគកើនឡើង វាទាល់តែ)វិស័យឯកជនដើរ ហើយ(ពេល)វិស័យឯកជនដើរ (វា)បង្កើតការងារ និងបង់ពន្ធឲ្យរដ្ឋ …៕

