សេចក្តីដកស្រង់ប្រសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពីការដាក់ចេញវិធានការមុតស្រួចមួយចំនួនស្តីពី SME

[…] ដើម្បីឲ្យសេដ្ឋកិច្ចរីកចម្រើន យើងត្រូវពង្រឹងខ្លួនឯង។ ក្នុងន័យនេះ យើងកំពុងធ្វើការងារកែទម្រង់ពីរ៖ ទី១ ការកែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យើងបានធ្វើការវាយតម្លៃ រៀបចំ និងត្រូវធ្វើវិសោធនកម្មច្បាប់។ ទី២ គឺបង្កើនប្រសិទ្ធភាពរបស់ CDC។ នោះគឺការបង្កើនទម្ងន់នៅក្នុងការអនុវត្ត។ ត្រូវធ្វើនីតិវិធីមួយចំនួន។ ពេលនេះ មនុស្សកាន់ឯកសាររត់ទៅស្ថាប័ន។ បន្តិចទៀត មិនមានមនុស្សកាន់ឯកសាររត់ទៅស្ថាប័នទេ។ មនុស្សមកតែមួយកន្លែង ហើយឯកសារត្រូវរត់ទៅស្ថាប័នខ្លួនឯង តាមអនឡាញ (Online) ឬមួយ(ប្រព័ន្ធអវី)ផ្សេង … (យើង)ត្រូវការការពង្រឹង ការប្រទាក់ក្រឡាគ្នា ការកែសម្រួលនីតិវិធី និងបង្កើត SOP មួយចំនួន ដើម្បីឲ្យស្ថាប័នទាំងអស់ងាយស្រួល … ខ្ញុំគ្រាន់តែបញ្ជាក់ប៉ុណ្ណឹង ប៉ុន្តែនៅចំពោះមុខ កិច្ចការទីពីរសម្រាប់ SME  ត្រូវធ្វើការងារបន្ទាន់។ (វិបាកនៃ)សង្គ្រាមនិងការបិទព្រំដែន។ យើងចង់ឲ្យផលិតផលក្នុងស្រុករីកឲ្យលឿន។ (ដូចនេះត្រូវជំរុញ)ការចុះឈ្មោះ និងអ្វីៗ ផ្សេងៗ (ដែលពាក់ព័ន្ធ)ឲ្យវារលូន និងមានការគាំទ្រក្នុងកម្រិតមួយ។ យើងត្រូវធ្វើការងារច្រើន។ ប៉ុន្តែការ​ងារដំបូងដែលត្រូវដោះស្រាយ ខ្ញុំគិតថា គឺរឿងចុះឈ្មោះឬការចុះបញ្ជី(SME)។ ការចុះបញ្ជីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ (ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)បានសាកល្បង។ យើងនឹងសាកល្បង(អនុវត្តគំរោង)ផលិតផលសាប៊ូ (Pilot Project)…

សម្ដេចធិបតី ស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (សារលើហ្វេសប៊ុកផេចសម្ដេចធិបតី)

ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ខ្ញុំសូមកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សារធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា។