ឯកឧត្តម, លោកជំទាវ, សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា, រាជរដ្ឋាភិបាល
គណៈអធិបតី, ភ្ញៀវកិត្តិយស, សាស្ត្រាចារ្យ, បុគ្គលិកសិក្សា, មាតាបិតា, អាណាព្យាបាល និង
និស្សិតជ័យលាភីជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង, បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីចំនួន ១ ៥០០ នាក់ នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅពេលនេះ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ជោគជ័យក្នុងការសិក្សាជាសមិទ្ធផលនៃបួនភាគី
កាលពីឆ្នាំទៅ យើងក៏បានជួបគ្នាម្តងដែរក្នុងការចែកសញ្ញាបត្រ។ ខ្ញុំសូមអបអរសាទរចំពោះសមិទ្ធផលដែលនៅថ្ងៃនេះ យើងគិតថាជាសមិទ្ធផលរួម។ ទី១៖ ជាសមិទ្ធផលរបស់និស្សិតផ្ទាល់។ ជ័យលាភីដែលបានខិតខំនៅក្នុងការរៀនសូត្រ ប្រឈមគ្រប់ឧបសគ្គ ដើម្បីសម្រេចនូវកិច្ចការរបស់ខ្លួន។ ទី២៖ ជាសមិទ្ធផលរបស់ឪពុកម្តាយ អាណាព្យាបាល។ ខ្ញុំជឿថា ការសម្រេចរបស់កូនៗ របស់ក្មួយៗ របស់ប្តី របស់ប្រពន្ធ របស់ឪពុក និងថ្ងៃនេះប្រហែលជាមានលោកអ៊ំដែរ សុទ្ធតែមានការគាំទ្រ ផ្តល់កម្លាំងចិត្តពីគ្រួសារ អាណាព្យាបាលរបស់ខ្លួន និងការបង្កលក្ខណៈឱ្យរៀន ឱ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីអាចរៀនចប់។ បើមិនមែនប្រឡូកផ្ទាល់សម្រាប់ ៤ ឆ្នាំនេះ ក៏បានប្រឡូកផ្ទាល់តាំងពីកូនកើតមក ចិញ្ចឹមរហូតដល់ធំ និងបង្កលក្ខណៈឱ្យចូលរៀន។ (អាចនឹងថា) “៤ឆ្នាំនេះ ខ្ញុំរៀន ធ្វើការខ្លួនឯង ជួយខ្លួនឯង អត់មានពឹងគាត់ទេ”។ ប៉ុន្តែឪពុកម្តាយបានចិញ្ចឹមតាំងពីតូចមក។
បើមិនគាត់ឱ្យយើងរៀនពីថ្នាក់ទី១ផង យើងមិនទាន់ចេះ តើរកអីបាន។ អញ្ចឹង ខ្ញុំជឿថាឪពុកម្តាយសប្បាយចិត្តនៅពេលដែលឃើញកូន ឬមួយប្អូន ឬអ្នកនៅក្នុងបន្ទុករបស់ខ្លួន បានទទួលភាពជោគជ័យថ្ងៃនេះ។ នៅខាងក្រៅអម្បាញ់មិញ ក៏មានអ៊ំពូមីងច្រើន ហើយខាងមុខនោះ មានលក់ប៉េងប៉ោងរូបបេះដូងរូបអី។ ខ្ញុំជឿថា ចប់ពីនេះទៅ ប្រហែលជាមានកម្មវិធីពេញខេត្តសៀមរាបហើយ លើកលែងតែព្រះតេជព្រះគុណ ត្រូវនិមន្តត្រឡប់ទៅវត្តវិញដើម្បីឆាន់។ អ្នកផ្សេង ប្រហែលជាទៅកន្លែងមាន់អាំង ទៅប្រាសាទ ទៅថតនៅអង្គរវត្ត ជុំគ្នា ជាមួយគ្រួសារ។ ទី៣៖ សមិទ្ធផលថ្ងៃនេះ ក៏ជារបស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំចែករំលែកចំណេះដឹង ចំណាយពេលវេលាស្រាវជ្រាវ ចងក្រង និងរៀបចំមេរៀនមកបង្រៀនសិស្ស។
(ការពុះពារការ)លំបាក មិនមែនតែសិស្សទេ។ សិស្សត្រៀម១០ គ្រូត្រៀម១១។ ខ្ញុំធ្លាប់ជាសិស្ស ហើយធ្លាប់ជាគ្រូជំនួយ កាលនៅអង់គ្លេស។ បើសិស្សត្រៀម១០ អាចទៅធ្វើតេស្តយកតែ១០ ឯគ្រូត្រូវត្រៀម១១ ព្រោះមិនមែនអានហើយ កូពីហើយ សរសេរហើយ មិនមាត់ទេ។ ត្រូវតែចាំឆ្លើយសំណួររបស់សិស្សនិស្សិត។ អញ្ចឹង ការត្រៀមលក្ខណៈរបស់គ្រូសាស្ត្រាចារ្យ គឺជាការជោគជ័យរបស់សិស្ស។ បើគ្រូស្រាវជ្រាវកាន់តែច្រើន កាន់តែទូលំទូលាយ (នោះការបង្រៀននឹង)កាន់តែមានគុណភាព ដែលខ្ញុំថា “ក្នុងការបណ្តុះបណ្តាល គុណភាពធំគឺគ្រូ”។ ឯឧបករណ៍សម្ភារជាមធ្យោបាយបន្ទាប់បន្សំ។ គុណភាពនៃខិតខំប្រឹងប្រែងចែករំលែក ម៉ោងពេលស្រាវជ្រាវ ត្រៀមលក្ខណៈនិងលើកពន្យល់ ផ្តល់ការណែនាំដល់សិស្ស គឺជាធាតុចូលយ៉ាងសំខាន់មួយសម្រាប់ជោគជ័យ។ អញ្ចឹង ជោគជ័យរបស់សិស្សនៅថ្ងៃនេះ ក៏ជាជោគជ័យរបស់លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ។
(ទី៤)៖ ជោគជ័យមួយទៀតគឺរបស់គណៈគ្រប់គ្រងសាលា ចាប់ពីនាយក រហូតដល់បុគ្គលិកសិក្សា ទាំងខាងធានាទាំងខាងបង្កលក្ខណៈឱ្យសាលាអាចដំណើរការទៅបាន។ អញ្ចឹង ថ្ងៃនេះយើងអបអរសាទរ (អ្នកបានឆ្លងកាត់ការសិក្សា) ១៥០០នាក់នេះ ប៉ុន្តែក៏ជាការអបអរសាទរសមិទ្ធផលដែលបានកើតចេញពីការរួមគ្នាជាច្រើន ដែលរួមទាំងសិស្ស មាតាបិតា លោកគ្រូអ្នកគ្រូ សាស្ត្រាចារ្យ គណៈគ្រប់គ្រងសាលា ហើយជាលទ្ធផលរួមមួយ សំខាន់បំផុតរបស់ប្រទេសជាតិខ្មែររបស់យើង ដែលមានធនធានមនុស្ស កាន់តែមានគុណវុឌ្ឍិ (ជំនាញ)ខ្ពស់បន្ថែមទៀត។ នេះជាអត្ថន័យនៃការអបអរសាទរថ្ងៃនេះ។
[ចប់សេចក្ដីអធិប្បាយ១]
យោងតាមរបាយការណ៍បណ្ឌិត សៀន សុវណ្ណា ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ, ខ្ញុំសូមកោតសរសើរដល់សាកលវិទ្យាល័យដែលមានចក្ខុវិស័យវែងឆ្ងាយ, ជាមួយបេសកកម្មច្បាស់លាស់ និងគុណតម្លៃត្រឹមត្រូវ ដែលជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សានេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការអប់រំ និងការបណ្តុះបណ្តាលដល់យុវជនកម្ពុជា ឱ្យក្លាយជាទំពាំងស្នងឫស្សី និងជាអ្នកបន្តវេនដ៏មានសក្ដានុពលរបស់ប្រទេសជាតិ ចាប់តាំងពីឆ្នាំ ២០០៦។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យដែលបានខិតខំចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា ជាពិសេសនៅមូលដ្ឋានខេត្តសៀមរាប លើវិស័យសេដ្ឋកិច្ច, សង្គមកិច្ច, ធុរកិច្ច, វិទ្យាសាស្រ្ត, បច្ចេកវិទ្យា, ច្បាប់, កសិកម្ម និង អភិវឌ្ឍជនបទ ស្របតាមយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(២) សម្តេចតេជោនិងសម្តេចគតិព្រឹទ្ធបណ្ឌិត ទទួលបានអាហារូបករណ៍ ៣៤២កន្លែងសំរាប់កូនចៅប្រជាពលរដ្ឋក្រីក្រ
ខ្ញុំសូមអរគុណផងដែរ ចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ដល់គណៈកម្មាធិការអាហារូបករណ៍សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលចាប់តាំងពីឆ្នាំសិក្សា ២០១២-២០១៣មក មានចំនួន ៣៤២កន្លែង។ ថ្ងៃនេះ ក៏មាន ២៧នាក់ចូលរួមទទួលសញ្ញាបត្រផងដែរ។ នេះជាការចូលរួមចំណែកដើម្បីផ្តល់ទៅឱ្យកូនចៅរបស់ប្រជាពលរដ្ឋ ដែលត្រូវការឱកាសរៀនសូត្រជាចាំបាច់។
[ចប់សេចក្ដីអធិប្បាយ២]
ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការដាក់ចេញនូវគោលនយោបាយ, ផែនការ និងកម្មវិធី កែទម្រង់នានា ដើម្បីបង្កើនការចូលរៀន និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិត ជាពិសេសការកែទម្រង់ឧត្តមសិក្សា។ ជាលទ្ធផល, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្តុះបណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជា ចូលរួម និងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និងសកលលោក។
រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេស យុវជន និងកុមារ ឱ្យមានចំណេះដឹងទូលាយ ជាមួយជំនាញពិតប្រាកដ, សីលធម៌ និងវិន័យ, ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរនិងទាន់ពេល ទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ, ទីផ្សារការងារ និងកិច្ចការពារជាតិមាតុភូមិ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព, ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងកម្មវីធី កែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៣) ប្រទេសក៏ដូចជាគ្រួសារ មិនមានអ្វីផ្តល់ឱ្យកូនដែលល្អជាងឱកាសរៀនសូត្រ កសាងសមត្ថភាព
អត់មានអី្វពិបាកយល់ទេ។ ប្រទេសក៏ដូចជាគ្រួសារ ក៏ដូចជាឪពុកម្តាយរបស់កូនៗ (មិនមានអ្វី)ផ្តល់ឱ្យកូន(ដែលល្អ)ជាងឱកាសរៀនសូត្រ កសាងសមត្ថភាពរស់ខ្លួនឯង នៅថ្ងៃណាមួយដែលមិនមានឪពុកម្តាយ។ មិនថាក្រឬមានទេ មិនថាអ្នកនៅជនបទឬអ្នកនៅទីក្រុងទេ អ្នកណាក៏ដោយតែងតែខិតខំផ្តល់ឱកាស(រៀនសូត្រដល់កូនចៅ)។ ពីដើម ដែលយើងអត់មានសាលារៀនទៅដល់ស្រុកទៅដល់អី ដូចជំនាន់ឪពុករបស់ខ្ញុំ (ឪពុកម្តាយ)សុខចិត្តបញ្ជូនកូនទៅនៅវត្តអារាម តាំងពីអាយុ ១៤ឆ្នាំ ឬ១៥ឆ្នាំ នៅក្រុង ឬទីនៅឆ្ងាយ ដើម្បីឱ្យមាន(ឱកាសនិង)កន្លែងរៀនសូត្រ។ អញ្ចឹង ការអប់រំមានអត្ថន័យជាទ្រព្យមិនខ្ចាត់បាត់ ដែលឪពុកម្តាយអាចផ្តល់តាមរយៈការផ្តល់ឱកាសនិងការខិតខំប្រឹងប្រែង។ អម្បាញ់មិញ ខ្ញុំថាសញ្ញាបត្រថ្ងៃនេះមិនមែនសម្រាប់តែកូនដែលខំប្រឹងរៀនទេ ប៉ុន្តែ(ក៏សំរាប់)ឪពុកម្តាយ អាណាព្យាបាល ដែលបង្កលក្ខណៈ(ដូចបានរៀបរាប់)នេះ។ ពួកគាត់សប្បាយចិត្តជាងអ្វីទាំងអស់។ យ៉ាងហោចណាស់ ពួកគាត់គិតថា ពេលដែលអត់ពីគាត់ទៅ កូនក៏មានមូលដ្ឋានយល់បាន អាចហើបដៃហើបជើងខ្លះដែរ។
(៤) ធនធានមនុស្សជាទ្រព្យ អាចជួយប្រទេសជាតិអភិវឌ្ឍរីកចម្រើន ដោយនិរន្តរភាពនិងចីរភាព
(សំរាប់)ប្រទេសជាតិក៏ដូចគ្នា។ សារៈសំខាន់នៃការអប់រំធនធានមនុស្ស គឺជាទ្រព្យសំខាន់បំផុតរបស់ប្រទេសជាតិដែលអាចឱ្យប្រទេសអភិវឌ្ឍរីកចម្រើន ដោយនិរន្តរភាពនិងចីរភាព។ ធនធានមនុស្សដែលមានសមត្ថភាព ដែលមានសុខភាពល្អ អាចធ្វើឱ្យប្រទេសមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេង ក្នុងបរិបទសកលភាវូបនីយកម្ម។ តាំងពីឆ្នាំ១៩៩៣, ដែលប្រទេសយើងបើកឆាកតភ្ជាប់ជាមួយពិភពលោក, ក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងយុទ្ធសាស្ត្រត្រីកោណនៃរាជរដ្ឋាភិបាលដែលមានចក្ខុវិស័យវែងឆ្ងាយ អាទិភាពដំបូងមួយនៃយុទ្ធសាស្ត្រត្រីកោណនោះ គឺសមាហរណកម្ម(ប្រទេសចូល)ក្នុងសកលលោក។ យើងចូល WTO យើងព្យាយាមចូលអាស៊ាន។ ឥឡូវ យើងបានចូលក្នុងយន្តការច្រើន (ដូចជា)RCEP។ យើងចរចាពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗ ព្រោះយើងយល់ថាមិនអាចរស់បានតែម្នាក់ឯងទេ។
(៥) ទន្ទឹមនឹងការសហការគ្នាលើកិច្ចការរួម ប្រទេសអាស៊ានទាំង១១ ក៏ប្រកួតប្រជែងគ្នា
ប៉ុន្តែ ទន្ទឹមនឹងការចូលរួមយើងក៏ត្រូវប្រឈមដែរ។ យើងត្រូវប្រឈមជាមួយការប្រកួតប្រជែងដោយស្មើភាព។ (កាលណា)យើងចង់បើកទីផ្សារទៅក្រៅប្រទេស (ក៏)ទាល់តែយើងបើកឱ្យគេចូលមកដែរ។ យើងចង់ឱ្យសិស្សយើងទៅ(សិក្សានៅ)ក្រៅ ទាល់តែឱ្យ(បើកឱ្យ)គេចូលមកដែរ។ យើងចង់សុំឱ្យប្រជាពលរដ្ឋយើងមានវីសា(ចេញ)ទៅក្រៅ(ប្រទេស) ទាល់តែយើងឱ្យវីសាគេ(ចូល)មកដែរ។ នេះជាការជាក់ស្តែង។ បច្ចុប្បន្ន យើងមានការជំរុញជាសហគមន៍អាស៊ាន ប៉ុន្តែ ទន្ទឹមនឹងការសហការគ្នាលើកិច្ចការរួមមួយ ប្រទេសអាស៊ានទាំង១១ នេះក៏ជាអ្នកប្រកួតប្រជែងដែរ។ នេះខ្ញុំនិយាយតែរឿងផ្នែកសេដ្ឋកិច្ច។ ខណៈយើងទាក់ទាញការវិនិយោគ ១០ប្រទេសទៀត ក៏ទៅទាក់ទាញដែរ។ ថ្ងៃមុន ក្នុងការជួបប្រជុំជាមួយ ឯកឧត្តម (វ្លាឌីមៀរ) ពូទីន នៅ Kazan ប្រទេសរុស្ស៊ី យើងនិយាយអំពីការពង្រឹងទំនាក់ទំនងវិនិយោគទៅវិញទៅមក។ មេដឹកនាំ ១០ប្រទេសទៀតដែលជួបគាត់ ក៏និយាយដូចគ្នា។ យើងទៅបារាំង ចិន ជប៉ុន ក៏ដូចតែគ្នាទេ។
(៦) ធនធានមនុស្សជាកត្តាទាក់ទាញសំខាន់នៃការទាក់ទាញវិនិយោគពីក្រៅប្រទេស
អញ្ចឹង តើធ្វើម៉េចដើម្បីឱ្យយើង(ក្លាយ)ជាជម្រើស(នៃការវិនិយោគ)? យើងត្រូវមានភាពទាក់ទាញ ក្នុងនោះ ធនធានមនុស្សនេះគឺជាកត្តាសំខាន់។ ធនធានមនុស្សនឹងជួយឱ្យប្រទេសយើងអាចចាប់ឱកាស និងកាត់បន្ថយគម្លាតជាមួយប្រទេសផ្សេង ក្នុងការទាក់ទាញវិនិយោគពីក្រៅប្រទេស។ ថ្ងៃមុន ក្នុងទស្សនកិច្ចការងារនៅប្រទេសចិន ខ្ញុំបានជួបជាមួយមេដឹកនាំចិន បូកជាមួយចូលរួមក្នុងវេទិកាកិច្ចប្រជុំ AI ដែលចិនដឹកនាំបង្កើតហើយកម្ពុជាបានចូលជាសហស្ថាបនិក។ ហេតុអ្វីបានជាយើងត្រូវចូលក្នុងវេទិកានោះ? ព្រោះថាវេទិកានោះ មិនពាក់ព័ន្ធទៅនឹងសន្តិសុខដែលបង្កើតដើម្បីឈ្លោះគ្នាជាមួយប្រទេសណាមួយទេ។ គោលការណ៍របស់យើង គឺ “មិនចូលក្នុងយន្តការ ឬមួយកិច្ចការណាដែលបង្កើតនូវជម្លោះ ឬមួយក៏បញ្ហាភូមិសាស្ត្រ”។
(៧) AI គឺជាបច្ចុប្បន្ននិងអនាគត … បើមិនត្រៀមលក្ខណៈ មិនចាប់ឱកាសពីឥឡូវ នឹងដើរមិនទាន់គេ
វេទិកានេះបង្កលក្ខណៈឱ្យយើងចូលរួម និងទាញផលប្រយោជន៍ពី AI ពីយន្តការផ្សេងៗ មកពង្រឹងខ្លួនយើង។ AI គឺជាបច្ចុប្បន្ននិងអនាគត។ បើយើងមិនទទួលស្គាល់ បើយើងមិនត្រៀមលក្ខណៈ បើយើងមិនចាប់ឱកាសពីឥឡូវ យើងនឹងដើរមិនទាន់គេ។ ជាប្រទេសមួយតូច ការប្រឹងប្រែងអភិវឌ្ឍលើកកម្ពស់ការអភិវឌ្ឍ AI ផ្ទៃក្នុងជាការមួយល្អ ប៉ុន្តែត្រូវទទួលស្គាល់នូវគម្លាតបច្ចុប្បន្ន។ ប្រទេសខ្លះវិនិយោគលឿនជាងយើង។ អញ្ចឹង ដើម្បីធានាឲ្យលំហូរនៃបច្ចេកវិទ្យាឬហៅថា Technology Transfer មកយើងៗ ត្រូវចូលរួមក្នុងយន្តការនានា … សម័យឥឡូវ ពេលខ្លះមនុស្សមិនបាច់រៀនជិះកង់ទេ គឺចាប់ផ្តើមជិះម៉ូតូតែម្តង ព្រោះកង់ពីរដូចគ្នា និងលទ្ធភាពអាចលោតរំលងទៅ(មានម៉ូតូ)ហើយ។ ពីមុន ដោយសារលទ្ធភាពសេដ្ឋកិច្ច មុននឹងមានម៉ូតូ មនុស្សត្រូវជិះកង់សិន។ តែឥឡូវ មិនបាច់ចាំរៀន Basic កុំព្យូទ័រ Program ក៏ចេះប្រើ Smartphone ចេះប្រើឧបករណ៍ AI។ រៀនរបស់ទាំងហ្នឹងតែម្តង។
(៨) គណៈប្រតិភូធុរកិច្ចកូរ៉េខាងត្បូងភាគច្រើន រកឱកាសវិនិយោគផលិតបង្គុំអគ្គិសនីនិងបច្ចេកវិទ្យា AI
ប៉ុន្តែ (ដើម្បីរៀនរបស់)ទាំងអស់នេះបាន និងលឿនទាន់ពេល ទាល់តែយើងបើកខ្លួន ទាញយកការផ្ទេរបច្ចេកវិទ្យានេះ(ឱ្យបាន)លឿន។ និយាយត្រឡប់មកវិញ ខ្ញុំបានជួបជាមួយក្រុមហ៊ុនចិនធំៗ ដែលមួយចំនួន(កំពុង)ធ្វើ(ការវិនិយោគ)នៅ(ប្រទេស)យើង និងមួយចំនួនក៏ចាប់អារម្មណ៍(ក្នុងការវិនិយោគ)នៅយើង។ កាលពីម្សិលមិញ បានជួបជាមួយគណៈប្រតិភូ Business ធំៗ របស់កូរ៉េខាងត្បូងមួយចំនួន(ដែលមានការវិនិយោគ)នៅយើង មួយចំនួន(ដែលមានការវិនិយោគ)នៅវៀតណាម និងដែលមករកឱកាសវិនិយោគនៅកម្ពុជា ដើម្បីជាការតភ្ជាប់ ឬមួយក៏ឱកាសផ្សេងៗ តភ្ជាប់ជាមួយគ្នា។ ការចាប់អារម្មណ៍គឺ ការ(ស្វែងរកឱកាស)វិនិយោគទាំងនោះ ភាគតិចបំផុតដែលសុំវិនិយោគ(លើការ)ដាំដំណាំកសិកម្ម។ អ្នកធ្វើកសិកម្មមានមកដែរ តែគេចង់ធ្វើកសិ-ឧស្សាហកម្ម បើករោងចក្រផលិតជាផលិតផលសម្រេច។ ភាគច្រើនគឺមករកឱកាសវិនិយោគនៅក្នុងការផលិតបង្គុំអគ្គិសនី និងបណ្ដុះបណ្តាលបច្ចេកវិទ្យា AI។ ហេតុអី?
(៩) គ្មាននិស្សិតបញ្ញវន្តមានចំណេះដឹងបច្ចេកវិទ្យា ក៏នឹងមិនមានការស្វែងរកវិនិយោគបណ្តុះបណ្តាល AI
បើកម្ពុជាគ្មានមូលដ្ឋាននិស្សិតបញ្ញវន្ត ដែលមានចំណេះដឹងបច្ចេកវិទ្យាទេ គ្មាននរណាមកសួររឿងមកវិនិយោគលើការបណ្តុះបណ្តាលរឿង AI ទេ … តើគេមកសួររឿងកសិ-ឧស្សាហកម្មទេ បើនៅក្នុងប្រទេសយើង ប្រជាពលរដ្ឋនៅភ្ជួរស្រែនឹងរទេះគោ? បានន័យថា (មាន)គម្លាតបច្ចេកវិទ្យា។ បើយើងមិនឈោងចាប់(ឱកាសបច្ចេកវិទ្យា)យកទេ គេ(អ្នកវិនិយោគ)មិនអាចចាប់(យកការវិនិយោគថ្មី)បន្ទាប់ទៀតទេ។ បើប្រជាពលរដ្ឋយើង យុវជនយើងរៀនបានត្រឹមតែថ្នាក់ទី១០ តើគេអាចយកបច្ចេកវិទ្យាដែលត្រូវការយ៉ាងហោចណាស់(អ្នកសិក្សាមានកម្រិត)បាក់ឌូប្លិ៍ មកបានឬទេ? មិនបានទេ។ អញ្ចឹង ជាតថភាពជាក់ស្តែង និងដែលយើងអាចទាក់ទាញ ក្រុមហ៊ុនទាំងអស់នេះមកបាន គឺគេនាំបច្ចេកវិទ្យាថ្មីមក មិនមែនមកទាំងក្រុមការងារ ឬមួយនាំកម្មករពីស្រុកគេមកទេ។ គេយកតែបច្ចេកវិទ្យាមក និងអាចយកអ្នកគ្រប់គ្រងមួយចំនួនមក តែសំខាន់បំផុតគេនឹងជ្រើសរើសធនធានមនុស្សនៅកម្ពុជាទៅបណ្តុះបណ្តាល ដើម្បីបម្រើកិច្ចការ ដូចជាពាក់ព័ន្ធជាមួយ AI ជាមួយប្រតិបត្តិការរោងចក្រ ឬមួយក៏សហគ្រាសដែលប្រើ Robot ជាដើម។
(១០) ធ្វើការវិនិយោគសង្គមកិច្ចដើម្បីមនុស្សមានសុខភាពល្អ មានចំណេះដឹង/បំណិន និងឱកាសការងារ
ដោយហេតុនេះ ការបណ្តុះបណ្តាលធនធានមនុស្សនេះ ជួយឲ្យយើងចាប់ឱកាសកាន់តែខ្ពស់ តម្លៃបន្ថែមកាន់តែរឹងមាំ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលតែងតែវិនិយោគលើវិស័យអប់រំនិងសុខាភិបាល។ យើងហៅថាជាការវិនិយោគសង្គមកិច្ច។ វិស័យសង្គមកិច្ច និយាយរួម ធនធានមនុស្ស។ ខ្ញុំនិយាយតែ ៣ទេ ជាគោលដៅរបស់រដ្ឋាភិបាល។ ទី១ មនុស្សមានសុខភាពល្អ ទី២ មនុស្សមានចំណេះដឹងនិងបំណិន និងទី៣ មនុស្សមានឱកាសការងារ មិនថាការងារជាម្ចាស់ខ្លួនឯង ឬការងារក្នុងវិស័យណានោះទេ។ យើងជួយប្រជាពលរដ្ឋ៣ហ្នឹង ដើម្បីឲ្យគាត់ឯករាជ្យម្ចាស់ការខ្លួនឯង។ រដ្ឋមិនចិញ្ចឹមផ្គត់ផ្គង់(គាត់រហូតទៅទេ) … យើងអនុវត្តទីផ្សារសេរី។ យើងអត់អនុវត្តសេដ្ឋកិច្ចផែនការដូចពីកាលមុន … ដែលភាគច្រើន មិនមានទ្រព្យសម្បត្តិឯកជន។ កាលចេញពីរបប ប៉ុល ពត (យើងអនុវត្ត)សេដ្ឋកិច្ចផែនការ ដែលអ្វីៗទាំងអស់ជារបស់រដ្ឋ។ បានចូលមក យើងចែកទៅវិញរួម។ ឥឡូវគឺ(សេដ្ឋកិច្ចទីផ្សារ ដែល)យើងលើកទឹកចិត្តដល់វិស័យឯកជន និងទ្រព្យសម្បត្តិឯកជន។
(១១) ជាលើកទី១ នៃប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាពលរដ្ឋមានប័ណ្ណអចលនទ្រព្យរបស់ខ្លួន
ប្រហែលនៅថ្ងៃ២៩(កក្កដា)នេះ ខ្ញុំត្រូវទៅចែកបញ្ចប់ប័ណ្ណ(សម្គាល់កម្មសិទ្ធ)ដីធ្លី នៅខេត្តកណ្តាល។ យើងនឹងខិតខំមួយអាណត្តិនេះឲ្យប្រជាពលរដ្ឋទូទាំងប្រទេសបានប័ណ្ណដីធ្លី។ ខ្ញុំគិតថា នេះជាលើកទី១ នៃប្រវត្តិសាស្ត្រកម្ពុជា ដែលគ្រប់គ្នាមានប័ណ្ណឯកជន ជាប័ណ្ណអចលនទ្រព្យរបស់ខ្លួន។ ពីមុន ប្រជាជនមានសិទ្ធិអាស្រ័យផល តែដីជារបស់រដ្ឋ។ ក្រោយមក មុនសង្គ្រាម យើងបានចែកខ្លះនៅក្នុងក្រុង ទីប្រជុំជន តែនៅជនបទ យើងអត់ទាន់មានទេ។ ជំនាន់ ប៉ុល ពត ក៏លុប(កម្មសិទ្ធ)អស់។ ក្រោយពី ប៉ុល ពត យើងចាប់ផ្តើមកសាងឡើងវិញជាបណ្ដើរៗ ដោយយើងយល់ថា ផលនិងទ្រព្យរបស់ប្រជាជន កម្មសិទ្ធិឯកជននេះ មានសារៈសំខាន់ក្នុងការជួយលើកកម្ពស់ និងភាពបត់បែននៃការប្រើប្រាស់។ សេដ្ឋកិច្ចយើងដូចគ្នា។ ដើម្បីធានានូវ ៣ចំណុចនេះ ជូនប្រជាពលរដ្ឋ។
(១២) ផែនការហិរញ្ញវត្ថុរយៈមធ្យមបញ្ជាក់ពីកំណើនវិភាជថវិកាជាតិសុខាភិបាលនិងអប់រំ ឆ្នាំ២០២៧-២៩
(ដើម្បីមានមនុស្ស)សុខភាពល្អ រាជរដ្ឋាភិបាលបានវិនិយោគច្រើនជាអាទិភាព។ ពាក់ព័ន្ធជាមួយការបណ្តុះ បណ្តាល តាមរូបមន្ត TVET ទាំងតាមក្រសួងអប់រំ ទាំងក្រសួងពាក់ព័ន្ធហ្នឹង មាន ៤ក្រសួងដែលអាចចេញសញ្ញាបត្រ (រួមមាន) ក្រសួងអប់រំ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងធម្មការនិងសាសនា និងក្រសួងសុខាភិបាល។ គ្រប់ស្ថាប័នអប់រំ ត្រូវលើកកម្ពស់វិនិយោគបន្ថែមជានិច្ច។ ថ្ងៃមុន វិទ្យុភាសាខ្មែរមួយបានផ្សាយដោយច្រឡំទិន្នន័យតួលេខកញ្ចប់ថវិកាដែលត្រូវយកទៅចរចា ដើម្បីចេញជាថវិកាប្រចាំឆ្នាំរបស់ក្រសួងអប់រំនិងសុខាភិបាល។ គាត់បានគណនាថា រដ្ឋាភិបាលកាត់លុយពីវិស័យអប់រំនិងសុខាភិបាលជាង១០០លាន (ដុល្លារ)សម្រាប់ឆ្នាំ២០២៧ ទៅជួយវិស័យការពារជាតិ។ (រដ្ឋាភិបាល)មិនទាន់ចរចាចប់ផង គាត់សន្និដ្ឋានជាតួលេខបានទៅហើយ។ មិនដូច្នោះទេ។ ក្នុងផែនការ MTFF (Medium-Term Fiscal Framework for 2027-2029) ហិរញ្ញវត្ថុរយៈពេលមធ្យម បានបញ្ជាក់ហើយ កំណើនការវិនិយោគថវិកាជាតិដែលវិភាជទៅសុខាភិបាលនិងអប់រំ(សំរាប់ឆ្នាំ)២០២៧-២០២៩ មានការកើនឡើង។ មិនថមថយទេ។
(១៣) ប្រើថវិកាពីប្រភពផ្សេងបង្កើនចំណាយលើវិស័យការពារជាតិ បន្ថយពន្ធសំរាលបន្ទុកវិស័យសង្គមកិច្ច
(ថវិកាសំរាប់)វិស័យការពារជាតិក៏កើន តែយើងមានលុយផ្សេង មិនទាន់ខ្វះលុយ ហើយទៅកាត់ពីអប់រំ និងសុខាភិបាលទេ។ ជាពិសេស ក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកំពុងមានការប្រឈមនេះ យើងត្រូវបញ្ចេញលុយច្រើនទៀតសម្រាប់ទប់អតិផរណា។ ក្នុងមួយខែៗ រដ្ឋត្រូវខាតពន្ធប្រហែលជា ៥០ ទៅ៦០លានដុល្លារ តាមរយៈការបន្ថយពន្ធប្រេង ឬបន្ថយពន្ធពីសម្ភារៈអគ្គិសនីដែលប្រើថាមពលអគ្គិសនី ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ទាក់ទងនឹងវិស័យសង្គមកិច្ចនេះឯង។ ប្រជាពលរដ្ឋដែល(ត្រូវបានចាត់)ចូលក្នុងអត្រាក្រីក្រ តាំងពីក្រោយកូវីដ-១៩ រដ្ឋត្រូវជួយឧបត្ថម្ភសាច់ប្រាក់ ដែលឯកឧត្តម ជា សុមេធី បានរាយការណ៍ឲ្យខ្ញុំប្រចាំខែ។ ទោះបីថាបានតិចឬច្រើន យើងបានបញ្ចេញសាច់ប្រាក់ មួយខែៗ រាប់សិបលានដើម្បីជួយឧបត្ថម្ភ។ ជនភៀសសឹកក៏យើងជួយ។ នេះគឺជាការធានាទប់លំនឹង។ មិនថាបានតិចឬបានច្រើន យើងត្រូវជួយប្រជាពលរដ្ឋរបស់យើង។ ក្នុងគ្រាលំបាក យើងត្រូវលំបាក និងប្រឈមទាំងអស់គ្នា។ មិនបោះបង់ចោលប្រជាពលរដ្ឋទេ។
(១៤) យកចិត្តទុកដាក់វិនិយោគលើវិស័យអប់រំនិងសុខាភិបាល បើកឲ្យមានការចូលរួមពីវិស័យឯកជន
ក្នុងវិស័យអប់រំ និងសុខាភិបាល(នេះដែរ) សូម្បីតែនៅក្នុង “ភូមិរង់ចាំ” ដែលបង្កើតថ្មី យើងត្រូវតែបង្កើតសាលារៀន។ ត្រូវបង្កើតសាលារៀនឱ្យ មិនថាចេញពីភូមិជោគជ័យ ពីបឹងត្រកួន ពីទីណាក៏ដោយ ដែលទៅនៅភូមិថ្មី។ ផ្សារទុកសិន វត្តទុកសិន។ ធ្វើសាលារៀន និងកន្លែងព្យាបាលសុខភាពមុនគេ ក្រោយពីសង់ផ្ទះហើយ។ ទោះបីជាសាលារៀនហ្នឹងធ្វើពី Smartboard ក៏ដោយ ត្រូវតែធ្វើឲ្យមានដំបូលដើម្បីក្មួយៗ រៀនសូត្រ។ ក្នុងជំរំជនភៀសសឹក ពេលដែលវាយគ្នា នៅក្នុងវត្តក៏ដោយ ត្រូវបើកតង់សម្រាប់បង្រៀននៅទីនោះ។ មិនទុកចោលទេ។ នេះគឺជាការយកចិត្តទុកដាក់ ត្បិតធនធានមនុស្សមិនអាចរំខានបានទេ។ បើក្មួយៗ ដែលវេទនាដោយសារសង្គ្រាម ហើយត្រូវខាតអត់បានរៀនទៀត នេះជាការខាតធំ។ ខាតរៀនមួយឆ្នាំ សម្រាប់ជីវិតមនុស្សម្នាក់ៗ សំរាប់គ្រួសារនីមួយៗ គឺខាតរយៈពេលវែង។ រដ្ឋមិនអាចមិនយកចិត្តទុកដាក់បានទេ។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវយកចិត្តទុកដាក់និងការវិនិយោគទៅលើវិស័យអប់រំនិងសុខាភិបាលនេះ។ យើងក៏ស្វាគមន៍ការចូលរួមរបស់វិស័យឯកជន ទាំងក្នុងនិងក្រៅប្រទេស។ យើងចង់លើកកម្ពស់វិស័យអប់រំក្នុងប្រទេស ដោយធ្វើសមាហរណកម្មជាមួយប្រព័ន្ធអប់រំនៅលើពិភពលោក។ ការណ៍ដែលរាជរដ្ឋាភិបាលបើកគោលនយោបាយឲ្យមានការចូលរួមរបស់វិស័យឯកជនគឺជាកិច្ចការដែលសំខាន់។ សុខាភិបាលក៏ដូចគ្នា ពេលដែលយើងចេញ ប.ស.ស. ដំបូងយើងឲ្យអនុវត្តតែមណ្ឌលរបស់រដ្ឋទេ។ ក្រោយមក យើងទទួលស្គាល់ថា យើងមានសមត្ថភាព/Capacity មិនគ្រប់ មិនអាច(ធ្វើទាំងអស់)បានទេ។ យើងត្រូវចែករំលែកទៅដៃគូវិស័យឯកជនចូលរួមធ្វើ។
(១៥) សាលាឈ្មោះល្អ មានកម្មវិធីនិងគ្រូល្អ លើកកំពស់សមត្ថភាពសិស្ស ឆ្លុះបញ្ចាំងអំពីគុណភាពអប់រំ
ក្នុងន័យនេះ ខ្ញុំសូមអរគុណនិងកោតសរសើរសាជាថ្មីម្ដងទៀត ចំពោះវិស័យឯកជនដែលចូលរួមក្នុងការលើកកម្ពស់វិស័យអប់រំតាំងពីថ្នាក់បឋម រហូតដល់ឧត្តមសិក្សា។ ឥឡូវ មានការចូលរួមបន្ថែមក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ TVET នៅតាមសាលាមួយចំនួន។ ខ្ញុំស្វាគមន៍ការខិតខំរៀបចំ TVET បន្ថែមតាមសាលាឯកជនផ្សេងៗទៀត រួមជាមួយក្រសួងការងារ ដើម្បីយើងបង្កើតឱកាស រួមគ្នាបង្កើនគុណភាពនិងសមត្ថភាព ឲ្យប្រជាពលរដ្ឋនិងយុវជនយើង មានឱកាសរៀនសូត្រទាំងពីរនេះ។ នេះជាការបើកចំហនិងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែ ត្រូវធានាគុណភាព។ សូមកុំប្រកួតគ្នាយកបរិមាណ។ សុខចិត្តបើកជាសន្សឹមៗ តែរក្សាគុណភាពដើម្បីឲ្យសិស្សចេញពីសាលានីមួយៗ (មានការចេះដឹង)ប្រាកដប្រជា ព្រោះ(សមិទ្ធផលបែប)ហ្នឹង នឹងជួយសាលា,(ឱ្យអាចបន្តប្រតិបត្តិការ)រយៈពេលវែង។ បើសិស្សចេញពីកន្លែងហ្នឹង កាន់សញ្ញាបត្រមួយ ចូលទៅកន្លែងធ្វើការ ឃើញថាមិនទំនង ដូចជាចេញពី TVET តែតខ្សែភ្លើងមិនបានល្អ វានឹងមានផលសងវិញ(ដល់សាលា) ត្បិតសាលានិងសិស្សយោងគ្នាទៅវិញទៅមក។ សាលាឈ្មោះល្អ មានកម្មវិធីនិងគ្រូល្អ ក៏ជួយលើកកំពស់សមត្ថភាពសិស្ស។ សិស្សចេញទៅធ្វើការ មានលទ្ធផលល្អ គឺឆ្លុះបញ្ចាំងអំពីគុណភាពនៃការអប់រំ។
(១៦) ការពង្រីកបរិមាណជាការល្អ ប៉ុន្តែត្រូវតែជាបរិមាណប្រកបដោយគុណភាព
អញ្ចឹង វិនិយោគលើការអប់រំ ជាវិនិយោគរយៈពេលវែង។ កុំបង្ខំ។ តិចៗ តក់ៗ ពេញបំពង់។ នេះមិនថាតែនៅក្នុងវិស័យអប់រំ មិនថានៅក្នុងវិស័យរដ្ឋ ឬនៅក្នុងវិស័យណាទេ ជាឯកជនក៏ដោយ ទាល់តែយើងមានស្ថិរភាពនៃគុណភាព ហើយចាប់ផ្តើមការរីកចម្រើន។ (និយាយពី)ចុងភៅ បើទៅថ្ងៃហ្នឹងម្ហូបឆ្ងាញ់ ស្អែកទៅម្ហូបប្រៃ គេលែងចូលហាងហ្នឹងហើយ។ ដោយហេតុនេះ ការធានាគុណភាពពិតប្រាកដ ការពង្រីកបរិមាណជាការល្អ ប៉ុន្តែត្រូវជាបរិមាណប្រកបដោយគុណភាព។ បានន័យថា យើងសុខចិត្តថាបាន៥ ល្អទាំង៥ កុំឱ្យបាន២០ តែប្រើបានតែ១០។ ៥លើ៥ វាស្មើនឹង១០០%។ វាតិចជាង១០ ប៉ុន្តែ ១០លើ២០ វាបានតែ៥០%ទេ។ ពាក្យខ្មែរថា «មួយដឹងមួយ»។ អញ្ចឹង ខ្ញុំគិតថា ការចូលរួមនិងការពង្រឹងនេះ (ជាការល្អ ត្បិត)យើងមិនអាចធ្វើតែម្តងចប់ទេ។ ការរីកចម្រើនវាសន្សឹមៗ។ ប៉ុន្តែ ដាក់ទិសដៅគុណភាពជាគោលដើម្បីធានាគុណភាព និងបើខាងធុរកិច្ច គេហៅ Brand (ម៉ាកសញ្ញា)របស់យើង។
(១៧) សិស្សមានគុណភាព ពេលទៅធ្វើការ ភ្ជាប់ជាមួយនឹង Brand របស់សាលា មិនថារដ្ឋឬឯកជន
ចេញទៅថ្ងៃនេះ ១៥០០នាក់ មាន Brand មួយ គឺ South East Asia (សញ្ញាបត្រពីនេះ)។ ប៉ុន្មាននាក់ដែលមានគុណភាព ពេលទៅកន្លែងធ្វើការ សមត្ថភាពយ៉ាងម៉េច ក៏វាភ្ជាប់ជាមួយនឹង Brand របស់សាលាដែរ … នេះជាទិសដៅដែលវិស័យអប់រំ និងគ្រឹះស្ថានអប់រំមិនថារដ្ឋឬឯកជនដែលត្រូវដាក់។ យើងបានធ្វើច្រើនក្នុងបរិមាណនៃគុណភាពទាំងអស់នេះ។ ចំពោះប្អូនៗ ក្មួយៗ ដែលទទួលសញ្ញាបត្រ ខ្លះជាក្មួយចុះ ព្រោះក្មួយខ្ញុំក៏មានអាយុ២០ ជាងហើយៗ បើនៅទីនេះមានអាយុ២០ ជាង ក៏ប្រហែលជាអាយុស្មើក្មួយខ្ញុំដែរទេ។ ថ្ងៃនេះ មកពាក់អាវហ្នឹងទៅគឺត្រូវជាមួយសក់។ តែក៏គ្រាន់បើដែរ បងវណ្ណា ខ្ញុំអត់បាននិយាយបងឯងទេណា។ សក់ស ប្រសើរជាងអត់សក់។ ក៏មិនសំដៅព្រះអង្គ … ខ្ញុំបង្អាប់ជាមួយប្អូនៗ។ សម្រាប់អ្នកធ្វើសុន្ទរកថាតែងតែសួរខ្លួនឯងថា ក្នុងកម្មវិធីមួយៗ និយាយអំពីអ្វី? ប្រធានបទអ្វី? សម្រាប់អ្នកបញ្ចប់ការសិក្សានោះ សម្រាប់ការចែកសញ្ញាបត្រ និងគោលនយោបាយអប់រំ ខ្ញុំបាននិយាយបន្តិចបន្តួចហើយ។
(១៨) “លើកលែងតែមេរៀនដែលប្រើប្រាស់ធ្វើការជាប់ បើមិនអញ្ចឹង ក្នុងរយៈពេល១៥ ឆ្នាំ នឹងភ្លេច”
សំខាន់ចង់ចែករំលែកបទពិសោធ ព្រោះប្អូនៗ បានសញ្ញាបត្រនឹងចូលទៅប្រឡូកការងារ។ បទពិសោធរបស់ខ្ញុំ មិនមែនត្រូវ១០០% ទេ ប៉ុន្តែគ្រាន់តែជាការចែករំលែកទស្សនៈ ស្ដាប់ ទទួលឬមិនទទួល (អាស្រ័យលើប្អូនៗឬក្មួយៗ)។ មិនខុសពីកាលខ្ញុំទទួលសញ្ញាបត្រ Speaker(វាគ្មិន)ក៏ចែករំលែកតែទស្សនៈ ព្រោះគេអត់និយាយគោលនយោបាយទេ។ ខ្ញុំគិតថា ជាគោលនយោបាយ បងប្អូនអ្នកស្រាវជ្រាវអាចដឹងហើយ។ បើនិយាយពីគោលនយោបាយ សូមអញ្ជើញឯកឧត្តម ហង់ជួន ណារ៉ុន មកឧទ្ទេសនាមចុះ ឬមួយក៏ស្រាវជ្រាវចូលក្នុងគេហទំព័ររបស់ក្រសួងអប់រំចុះ។ ថ្ងៃនេះ ខ្ញុំនិយាយអំពីអ្នកចេញពីការសិក្សាបានទទួលសញ្ញាបត្រនេះទៅ។ លើកលែងតែបងប្អូនជាអ្នកដែលមាន Photographic Memory (ការចងចាំដូចរូបថត)។ បើក្រៅពីហ្នឹង មេរៀនជាច្រើនដែលបងប្អូនបានរៀនមកដល់ពេលនេះ នឹងត្រូវភ្លេចក្នុងរយៈពេល១៥ ឆ្នាំ លើកលែងតែមេរៀនមួយចំនួនដែលបងប្អូនយកទៅធ្វើការជាប់។
(១៩) «ជោគជ័យធំ កើតចេញពីជោគជ័យតូចៗ ច្រើនផ្គុំគ្នា»
ក្នុងការរៀន មានរៀនពីសៀវភៅដែលយើងមានមូលដ្ឋានត្រូវរៀន ប៉ុន្តែអ្វីដែលត្រូវរៀនជាប់សម្រាប់ខ្ញុំគឺផ្នត់គំនិតនិងរបៀបរបបនៃការគិតមួយចំនួនដែលបានមកពីការរៀន។ អញ្ចឹង ការទទួលសញ្ញាបត្រ ឆ្លុះបញ្ចាំងមេរៀនមួយចំនួន ហើយប្រហែលជាបងប្អូនបានធ្លាប់ឮហើយ ដែលខ្ញុំបានលើក … ទី១ «ជោគជ័យធំ កើតចេញពីជោគជ័យតូចៗ ច្រើនផ្គុំគ្នា»។ វាជាមេរៀនសម្រាប់ជីវិតរបស់បងប្អូននៅក្នុងការសិក្សា … វាជាមេរៀនរបស់បងប្អូននៅក្នុងគ្រប់ការងារ។ សូម្បីតែខ្ញុំជានាយករដ្ឋមន្ត្រី ភាពជោគជ័យរបស់រាជរដ្ឋាភិបាលគឺវាអាស្រ័យលើសេវាមួយៗ តូចៗ ដែលវាជោគជ័យ … បើយើងនិយាយថា រាជរដ្ឋាភិបាលជោគជ័យ យើងនិយាយអំពីស្អី? វិស័យសេដ្ឋកិច្ច? ក្នុងវិស័យសេដ្ឋកិច្ចហ្នឹង ជោគជ័យស្អីខ្លះ? វិស័យទេសចរណ៍ ជោគជ័យស្អីខ្លះ? ស្អីខ្លះដែលមិនទាន់ជោគជ័យ? ត្រូវរកវិធីដើម្បីដោះស្រាយ ហើយក្នុងវិស័យមួយៗ មានចំណែកតូចៗ ទៀត។
(២០) «គិតឱ្យទូលំទូលាយ ពេលអនុវត្ត ត្រូវផ្ដោតលើការងារតូចៗ» ឬ Think Big, Act Small
អញ្ចឹង ដែលយើងប្រើពាក្យថា «គិតឱ្យទូលំទូលាយ ដល់ពេលអនុវត្ត ត្រូវអនុវត្តផ្ដោតទៅលើការងារតូចៗ» ឬ Think Big, Act Small ហ្នឹងពាក្យខ្ញុំបង្កើត។ តែនេះគឺជាទស្សនវិស័យនិងរបៀបខ្ញុំធ្វើការ។ អ្នកធ្វើការជាមួយខ្ញុំៗ ល្អិតណាស់។ កាន់តែធំ កាន់តែល្អិត។ កាលខ្ញុំនៅមេទ័ពជើងគោក ខ្ញុំនិយាយមួយចំនួន និយាយខុស និយាយត្រូវអត់បញ្ហា ប៉ុន្តែបើនាយករដ្ឋមន្ត្រី និយាយខុសមួយម៉ាត់ ក្លាយទៅជាបទបញ្ជាអនុវត្តខុស។ អញ្ចឹង ជំនួយការខ្ញុំ ឬមួយក្រុមទីប្រឹក្សាខ្ញុំ ដែលត្រៀមសុន្ទរកថាឱ្យខ្ញុំ ត្រូវឱ្យច្បាស់ ឱ្យប្រាកដ កុំឱ្យខ្ញុំអានអ្វីមួយខុស។ នេះគឺថា ការងារតូចៗ ឱ្យច្បាស់ ឱ្យប្រាកដ វានាំឱ្យជោគជ័យ។ ប្អូនៗ ម្នាក់ៗ ចេញទៅធ្វើការក៏ដូចគ្នា។ យកចិត្តទុកដាក់ទៅលើចំណុចនេះ។ បើសិនជាខ្ញុំមានជំនួយការដែលមានការងារល្អិតឱ្យខ្ញុំ ខ្ញុំទុកចិត្តអ្នកហ្នឹង ខ្ញុំអត់ហត់។ បើសិនជាខ្ញុំត្រូវអង្គុយលម្អិតខ្លួនឯង (ដោយសារ)ជំនួយការដែលសរសេរឯកសារ សរសេរហើយ ខ្ញុំលែងទុកចិត្ត យប់ឡើងត្រូវមកកែដល់ម៉ោង២ ខ្លួនឯង តើខ្ញុំទៅធ្វើអី?
(២១) ការប្រគល់ភារកិច្ចជាបន្តបន្ទាប់ ត្រូវផ្ដោតលើការងារតូចៗ ជា Guidelines បំភ្លឺផ្លូវសកម្មភាព
អញ្ចឹង ដើម្បីទទួលជោគជ័យ និងការប្រគល់ភារកិច្ចជាបន្តបន្ទាប់ យើងត្រូវផ្ដោតទៅលើការងារតូចៗ។ រឿងនេះ ខ្ញុំនិយាយហើយនិយាយទៀត ព្រោះវាជា Guidelines (គោលការណ៍ណែនាំ) ឬជាប្រទីបបំភ្លឺផ្លូវសកម្មភាពរបស់ខ្ញុំ។ ខ្ញុំឃើញថា ការហ្នឹងជួយខ្ញុំ ហើយសម្រេចបានការងារច្រើន។ អ្នកដែលធ្វើការឱ្យខ្ញុំ ក៏យក(វិធីសាស្ត្រ)ហ្នឹងទៅធ្វើ ហើយក៏បានជោគជ័យ។ សម្រាប់ខ្ញុំជាមេ ខ្ញុំក៏ធ្លាប់ធ្វើការឱ្យគេ (ដែល)គុណភាពនិងការយកចិត្តទុកដាក់តូចៗនេះ គឺជារឿងសំខាន់។ សូម្បីតែអ្នក Draft (ព្រៀង) ពេលខ្លះ ខ្ញុំឱ្យក្រុមកាន់ Page ផ្លូវការរបស់ខ្ញុំ អ្នកខ្លះ Draft អត់ត្រូវ បើដាក់ចេញទៅ គឺមានបញ្ហា។ គាត់មិនយល់គំនិត ប្រើពាក្យខុសតែមួយម៉ាត់ មានបញ្ហា។ ជាក់ស្ដែងថ្ងៃមុន ទៅសេប៊ូ (Cebu) ហ្វីលីពីន ខ្ញុំចាប់ដៃជាមួយនាយករដ្ឋមន្ត្រី Anutin Charnvirakul នៅកន្លែងរង់ចាំនិយាយគ្នាធម្មតា។ ដល់ចេញមក ឃើញកាសែតថៃវ៉ៃ Anutin Charnvirakul ដោយសួរ «ម៉េចបានទៅលួចជួបអីផ្តេសផ្តាស?»។
ខ្ញុំមើលទៅ Page របស់ខ្ញុំ មានដាក់ថា «ជួបពិភាក្សាក្រៅផ្លូវការ»។ ក្រុមការងារកាន់ Page សរសេរច្រឡំ។ គេថា Informal Meeting ហ្នឹងស្មើនឹង «លួចជួបក្រៅផ្លូវការ»។ ខ្ញុំថា «កែ! អត់ត្រូវទេអាហ្នឹង»។ នេះបានខ្ញុំថា ការងារតូចៗ បើសិនជាកម្រិតនយោបាយ បង្កើតជម្លោះ ឬមួយប្រតិកម្មនយោបាយធំ ពិសេសក្នុងដំណាក់កាលនេះ។ សូមឱ្យបងប្អូនទាំងអស់យកចិត្តទុកដាក់ ហើយយកពីមេរៀនដែលយើងរៀននេះ។ យើងចប់បរិញ្ញាបត្រ ដោយសារយើងខិតខំរៀនតាំងពីថ្ងៃទី១ ថ្នាក់ទី១ ចប់គ្រប់ថ្នាក់ បានយើងឡើងមកដល់នេះ។ បើយើងធ្លាក់ថ្នាក់នីមួយៗ យើងក៏មិនបានមកទទួលសញ្ញាបត្រដែរ។ ដើម្បីជាប់ថ្នាក់នីមួយៗ ទាល់តែយើងឆ្លងផុតការធ្វើតេស្ត(Test) លើគម្រោង(Project) មេរៀន ឬមួយ Coursework មួយចំនួន។
(២២) «ភាពជោគជ័យ ត្រូវការប្រើពេលវេលាយូរ»
ទី២ គឺ «(ដើម្បីទទួលបាន)ភាពជោគជ័យ (ត្រូវការ)ប្រើពេលវេលាយូរ» ហើយគ្មាននរណាឱ្យយើងទេ។ ឧទាហរណ៍ សូម្បីតែឪពុកម្តាយក៏ដោយ ជួយឱ្យកូនចូលធ្វើការឬមួយឱ្យកូនទទួលការងារ ទទួល Business (អាជីវកម្ម)ប៉ុន្តែគ្មានឪពុកម្តាយណាអាចទៅដឹកដៃឱ្យយើងធ្វើរាល់ថ្ងៃទេ។ យើងត្រូវធ្វើការងារខ្លួនឯង រយៈពេលវែង ដើម្បីបង្កើតបានជា «ទំនុកទុកចិត្ត» ឬ (Credibility)។ នេះជាឥទ្ធិពល។ ឪពុកម្តាយអាចឱ្យអំណាច តែអ្នកឯងគ្មានសមត្ថភាពយកអំណាច គឺអ្នកឯងគ្មានឥទ្ធិពល។ បានន័យថា ឱ្យធ្វើមេក្រុមហ៊ុនមែន ប៉ុន្តែយកទៅចាត់ចែងរញ៉េរញ៉ៃ បុគ្គលិកអត់គោរព ខាតក្រុមហ៊ុន គេលែងគោរព … ឧទាហរណ៍ ចេញពីសាលា South East Asia ឃើញមានបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ គេថា «Okay បានបរិញ្ញាបត្រជាន់ខ្ពស់ ឱ្យចូលធ្វើការ» ប៉ុន្តែការតស៊ូនៅក្នុងនោះ វាត្រូវបូកពិន្ទុឡើងវិញ។ រាល់ភារកិច្ចដែលយើងទទួលគឺដូចប្រឡងចឹង។ ធ្វើមិនល្អ ពិន្ទុធ្លាក់ … ដល់បូកសរុបចុងក្រោយ បានមធ្យមភាគ ឡើងប្រកួតប្រជែងជាមួយអ្នកផ្សេង។
(២៣) អ្នកខ្លះចាប់ផ្តើមខ្លាំង ដល់ចុងបំផុតធ្លាក់ទឹកដៃ «លែងសូវ» ផ្ចិតផ្ចង់និងយកចិត្តទុកដាក់លើការងារ
បើជាមេ ខ្ញុំមិនប្រគល់ភារកិច្ចឱ្យនរណាដែលឱ្យខ្ញុំហត់ទេ។ អ្នកដែលពន្យល់ឱ្យធ្វើឆ្វេង បែរជាធ្វើស្ដាំ ត្រូវតាមរហូត … ប្រគល់ពីជំហានតូចធ្វើបាន ឡើងទៅលើ ដល់កម្រិតមួយទៀត។ បើថាប្រគល់ឱ្យធ្វើ តែចេញមកត្រូវអង្គុយបែកញើស ដូចថាឱ្យសរសេរសុន្ទរកថា ចុងបំផុតត្រូវអង្គុយសរសេរឡើងវិញរហូតដល់ម៉ោង២ ភ្លឺដដែល… អញ្ចឹង យើងត្រូវធ្វើយ៉ាងម៉េច? ទំនុកទុកចិត្តហ្នឹងគឺត្រូវការសន្សំពិន្ទុ។ មនុស្សខុសៗ គ្នា។ ខ្ញុំគ្រប់គ្រងដឹកនាំអ្នកដែលមាន PhD (បណ្ឌិត) តាំងពីនៅក្រៅប្រទេសនិងក្នុងប្រទេស។ អ្នកខ្លះឡើងពីល្មម ឡើងទៅខ្លាំង ប្រហែលជា១០%។ អ្នកខ្លះគឺចាប់ផ្តើមឡើងខ្លាំង ល្អ ដល់ចុងបំផុតមួយចំនួនគឺចាប់ផ្តើមធ្លាក់ទឹកដៃ។ មិនមែនអត់សមត្ថភាពទេ ប៉ុន្តែការផ្ចិតផ្ចង់និងការយកចិត្តទុកដាក់លើការងារមួយៗ តូចៗ ហ្នឹង យូរៗ ទៅហៅថា «លែងសូវ» ព្រោះធ្វើដដែលៗ អញ្ចឹងគុណភាពវាតាមហ្នឹង។
(២៤) ចេញទៅប្រឡូកការងារ សូមធានាភាពអំណត់ជា «ម៉ារ៉ាតុង» ដែលសំខាន់បានយូរនិងដល់ទីមុន
ខ្ញុំជឿថា អ្នកដែលធ្លាប់គ្រប់គ្រងមនុស្ស មើល ១០នាក់ មើល ៥នាក់ ដឹងហើយ។ ខុសគ្នាត្រង់ហ្នឹង។ យើងនឹងឱ្យអ្នកណាដែលផ្ចិតផ្ចង់គ្រប់ពេល ធ្វើការងារល្អិតល្អន់តូចតាច ហើយមានចីរភាព និងពង្រីក។ សម្រាប់និស្សិតដែលចប់ការសិក្សា ពេលដែលយើងចេញទៅប្រឡូកការងារ មិនថាយើងធ្វើការឱ្យគេ មិនថាយើងគ្រប់គ្រង សូមធានាភាពអំណត់ជា «ម៉ារ៉ាតុង» (Marathon) មិនមែនរត់ ១០០ម៉ែត្រទេ។ រត់លឿន ១០០ ម៉ែត្រ ធ្លាក់អណ្ដាត។ រត់ត្រឹកៗ រត់បាន ៣គីឡូម៉ែត្រ។ ទីបំផុតបូកសរុបទៅ អ្នកដល់ ៣គីឡូម៉ែត្រខ្ពស់ជាងអ្នកឯង។ វាមិនសំខាន់អ្នកឯងរត់លឿនពីដំបូងទេ … សំខាន់រត់បានយូរ និងអ្នកណាទៅដល់ទីមុន។ អ្នកណាថ្ងៃមុន ប្រាប់ខ្ញុំថា គេរត់ម៉ារ៉ាតុង ៤០គីឡូម៉ែត្រហ្នឹង រត់តែកន្លះម៉ោង។ សួរចុះសួរឡើង គាត់មិនភូតទេ តែរត់តែន្លះម៉ោង ឯនៅសល់ ៥ម៉ោងទៀត គាត់ដើររហូត។ គាត់ចេញពីដេប៉ាមកលឿនជាងគេ ដល់បានកន្លះម៉ោងក៏ធ្លាក់អណ្តាត ដើររហូត ៥ម៉ោង។ រត់ម៉ារ៉ាតុងយឺតៗ ប៉ុន្តែវាថេរ។
(២៥) ភាពជោគជ័យ ប្រើពេលវេលាយូរនិងភាពអត់ធ្មត់ មានការប្រឈម ត្រូវការច្នៃប្រឌិត មិនបោះបង់
ជួនកាល ជិតដល់ទីកាន់តែលឿនទៅទៀត ព្រោះយើងសន្សំ(កំលាំង) ដែលសំខាន់ឱ្យមានចីរភាព ទឹកដៃ និងបង្កើន។ កុំរត់ម៉ារ៉ាតុងកន្លះម៉ោង ដើរ ៥ម៉ោងកន្លះ។ សុខចិត្តរត់ត្រឹកៗ ទៅបាន ៤ម៉ោងក៏បានដែរ។ យើងចប់៤ម៉ោង តែរត់ត្រឹកៗ ល្អជាង។ ភាពជោគជ័យប្រើពេលវេលាយូរអង្វែង និងភាពអត់ធ្មត់ ត្រូវការប្រឈម ត្រូវការច្នៃប្រឌិត មិនមែនបោះបង់ទេ។ ភារកិច្ចមួយហ្នឹង ពេលខ្លះធ្វើតាមផ្លូវហ្នឹងអត់ហើយទេ។ ខិតខំអស់លទ្ធភាពក៏មិនរួចដែរ ប៉ុន្តែយើងមិនបោះបង់និងច្នៃវិធីដើម្បីធ្វើ។ ពេលខ្លះដើរត្រង់ជិត ប៉ុន្តែទៅមិនរួចវាត្រូវការពីរជំហាន។ ការងារនេះតាំងពីតូចដល់ធំ ពីយើងធ្វើការផ្ទាល់ខ្លួន រហូតទៅដល់ចរចាសន្តិភាព ចរចាបទឈប់បាញ់ ពេលខ្លះក៏ដូចតែគ្នាដែរ។ ជួនកាលវាទៅត្រង់ ផ្លូវហ្នឹងវាមិនផ្តល់ផលប្រយោជន៍ឱ្យយើង សុខចិត្តឆ្ងាយបន្តិចដើរតាមផ្លូវណា(ផ្សេង) តែយើងមិនបោះបង់នៅក្នុងការចង់បានអ្វីដែលយើងចង់សម្រេចនោះទេ។
(២៦) “If it is impossible, make it possible” ឬអ្វីដែលមិនអាចធ្វើកើត ធ្វើវាឱ្យកើត
ខ្ញុំបានប្រគល់ភារកិច្ចមួយចំនួនជូនថ្នាក់ដឹកនាំ ថ្នាក់រដ្ឋមន្ត្រីមួយចំនួនឱ្យសិក្សាកិច្ចការងារមួយដែលថា គ្រប់គ្នាគិតថាមិនអាចទៅរួច។ ពេលខ្លះយើងត្រូវច្នៃប្រឌិត។ ឯកឧត្តម វង្ស ពិសេន នៅទីនេះ។ ថ្ងៃទី២៨ ខែ៧ ពេលដែលវាយគ្នាបាន ៥ថ្ងៃ ពេលដែលខ្ញុំចេញចរចា មន្ត្រីខ្ញុំសឹងតែ៩០% មិនមាននរណាជឿថាចប់ទេ ពេលហ្នឹង។ ពេលដែលចរចា ខ្ញុំមិនប្រាប់គន្លឹះទេ។ បើសិនជាយើងមិនច្នៃប្រឌិត យើងទៅជំហរត្រង់ៗ មិនអាចចប់បានទេថ្ងៃហ្នឹង។ អ្នកដែលចូលប្រជុំជាមួយខ្ញុំដឹង។ យើងថ្ពក់ទាញភ្ជាប់យ៉ាងម៉េច … នរណាខ្លះចូល? ចរចាត្រូវមានស្អីខ្លះ? មានកត្តាអីខ្លះ? ពីការងារតូចរហូតដល់ការងារធំ។ ម្សិលមិញជួបជាមួយអ្នកវិនិយោគកូរ៉េ ខ្ញុំប្រាប់ថា៖ “ខ្ញុំស្រឡាញ់ទ្រឹស្ដីមួយរបស់បញ្ជាការដ្ឋានទ័ពពិសេសកូរ៉េ ដែលជាស្លោកថា “Make Impossible Possible” (If it is impossible, make it possible) បានន័យថាអ្វីដែលមិនអាចធ្វើកើត ធ្វើវាឱ្យកើត។
(២៧) ដើម្បីធ្វើបាន ត្រូវដាក់ចក្ខុវិស័យឱ្យច្បាស់ មានការព្យាយាម អត់ធ្មត់ មិនបោះបង់ និងច្នៃប្រឌិត
ពាក្យនេះមានន័យជ្រៅ។ បានន័យថា នៅក្នុងបេសកកម្មណាដែលគ្រប់គ្នាផ្សេងទៀតគិតថាទៅមិនរួច តែទ័ពពិសេសជាអ្នកដែលអាចធ្វើរួច។ វាទាមទារទីមួយ ដាក់ចក្ខុវិស័យឱ្យច្បាស់។ ទីពីរ មានការព្យាយាម អត់ធ្មត់ មិនបោះបង់ និង ទីបី មានភាពច្នៃប្រឌិត។ ភាគច្រើន ទ័ពពិសេសទ្រង់ទ្រាយធំ អត់ប្រើក្បួនច្រើន។ ក្បួនគេគឺច្នៃប្រឌិត ប្រើគ្រប់ល្បិច។ ទៅកន្លែងចោរ រៀនវិធីចោរ។ ចូលក្នុងកន្លែងចោរ ត្រូវចេះគាស់សោ។ ពេលខ្លះយើងច្នៃប្រឌិត មិនមែនថាឱ្យទៅធ្វើអញ្ចឹង ឱ្យធ្វើស្អីក៏បាន។ មិនអញ្ចឹងទេ។ វានៅក្នុងក្រឹត្យក្រម។ សូម្បីទ័ពពិសេសហ្នឹងក៏មានច្បាប់សង្គ្រាមដែរ។ ប៉ុន្តែ ការច្នៃប្រឌិតនៅក្នុងនេះ វាប្រើប្រាស់នូវអ្វីដែលគេគ្រប់គ្នាគិតថាមិនកើត។ ថ្ងៃមុន ខ្ញុំជជែកជាមួយឯកឧត្តម ឌិត ទីណា និងទីប្រឹក្សាម្នាក់នៅលើយន្តហោះ ឱ្យគិតគូរពីរឿងជីផលិតក្នុងស្រុក ធ្វើការជាមួយវិស័យឯកជន។ យើងជាប្រទេសតូច កម្លាំងទិញតិច បរិមាណតូច ពិបាកទៅទិញ។ ខ្ញុំថាឥឡូវ កុំអាលគ្រវីក្បាល កុំចេញមកថាធ្វើអត់បានទេ។ ត្រូវសួរថា ធ្វើរបៀបម៉េចដើម្បីឱ្យបានសិន ឱ្យអស់លទ្ធភាព។ ខ្ញុំចង្អុលប្រាប់គាត់ថា (យន្តហោះ)យើងកំពុងជិះនេះប៉ុន្មានតោន ប៉ុន្តែអាចហោះបាន។
(២៨) Book Smart និង Street Smart ត្រូវដើរទន្ទឹមគ្នា
បើតាមទ្រឹស្ដីរូបវិទ្យា វាហោះមិនរួចទេ មានទំនាញផែនដី តែគេធ្វើវាឱ្យហោះបាន ដោយសារគេច្នៃប្រឌិត ឱ្យយន្តហោះយើងជិះនេះ ប៉ុន្មានរយតោនហោះបាន។ ចក្ខុវិស័យ និងគោលដៅ វាត្រូវតែទៅហើយ តែកុំងាប់ក្រឡា។ ភាពរស់រវើកជាកិច្ចការសំខាន់។ នៅក្នុងក្របខ័ណ្ឌប្រតិបត្តិស្រួលបួល ប៉ុន្តែយើងច្នៃប្រឌិតវា។ មិនមែនបានន័យថាឱ្យទៅលួចទៅប្លន់គេទេ។ ប៉ុន្តែក្នុងក្របខ័ណ្ឌអនុវត្តច្បាប់។ យើងច្នៃប្រឌិតសម្រេចកិច្ចការរបស់យើង ដោយមិនបោះបង់ទិសដៅ។ រៀនគឺអញ្ចឹង។ អ្វីដែលយើងរៀន មិនមែនចម្លង/កូពីពីសៀវភៅមកដាក់ទេ។ ហ្នឹងគេហៅថា Book Smart។ មួយទៀត អ្នក Street Smart។ ពីរហ្នឹងត្រូវដើរជាមួយគ្នា។ យកមូលដ្ឋាននៃសៀវភៅជាមូលដ្ឋានសម្រាប់ច្នៃប្រឌិតដោះស្រាយបញ្ហាដែលជួបប្រទះក្នុងការងារជីវិតជាក់ស្ដែងប៉ុន្តែកុំងាប់ក្រឡាតាមហ្នឹង។ បើអ្នកខាងវិទ្យាសាស្ត្រពិតប្រាកដ ឧទាហរណ៍ដោះស្រាយបញ្ហាកុំព្យូទ័រ រឿង Algorithm ហ្នឹងប្រហែលជាគេមានរូបមន្តគេមួយច្បាស់លាស់។ តែទោះជាយ៉ាងណាក៏ដោយ ពេលខ្លះគេមានវិធីកាត់ តាមលិចឬតាមកើត។ នេះគឺជាការច្នៃប្រឌិត និងការមិនបោះបង់ចោល(ភាពអត់ធ្មត់)។
(២៩) “បើប្រគល់ភារកិច្ចឱ្យជំនួយការណាម្នាក់ធ្វើ សង្ឃឹមថាគាត់អាចច្នៃដោះស្រាយឱ្យលឿនបាន”
ខាងទ័ពពិសេសហ្នឹង ត្រឡប់ទៅវិញ គឺថាក្រុមតូចធ្វើការបានដោយមានចក្ខុវិស័យ ការតស៊ូ មិនបោះបង់ បូកជាមួយការច្នៃប្រឌិតដើម្បីសម្រេចភារកិច្ច។ បើប្រគល់ភារកិច្ចឱ្យជំនួយការណាម្នាក់ធ្វើអីមួយ ខ្ញុំសង្ឃឹមថាគាត់អាចច្នៃបាន ដោះស្រាយបញ្ហាឱ្យលឿនបាន។ ដូចខ្ញុំធ្លាប់បានលើក កាលខ្ញុំនៅមេជើងគោក ខ្ញុំសាកល្បងប្រគល់ភារកិច្ចនៅម៉ោង ៤:៣០នាទីល្ងាច ឱ្យជំនួយការ ៣នាក់ ទៅរត់ឯកសារមួយ។ វាដូចជាការសាកល្បងផង តែពេលនោះវាមានតម្រូវការចាំបាច់មែន។ ជំនួយការទី១ប្រាប់ថា បង ម៉ោង៤:៣០ ស្ទះទៅមិនទាន់ទេ សុំថ្ងៃច័ន្ទ។ ជំនួយការទី២ ជិះទៅដែរ តែទៅដល់គេបិទបាត់។ ជំនួយការទី៣ ទូរស័ព្ទទៅប្រាប់គេមុនថា “ចាំផង ខ្ញុំទៅ”។ បីនាក់ដូចគ្នា ម្នាក់ដាក់ឧបសគ្គនៅមុខ អត់ទៅទេ។ ចាំថ្ងៃច័ន្ទ។ យឺត ៤៨ម៉ោង។ ម្នាក់ទៀតទៅដែរ ខំប្រឹងប៉ុន្តែអត់បានច្នៃប្រឌិត ភ្លេចទូរស័ព្ទទៅប្រាប់ឱ្យចាំ។ គេទៅបាត់។ តែម្នាក់ចុងក្រោយ គាត់ច្នៃ។ គាត់ដឹងថាបញ្ហាអញ្ចឹង ដោះស្រាយយ៉ាងម៉េចធ្វើឱ្យបាន។ ចម្លើយស្រួល។ បើបងប្អូនជាអ្នកគ្រប់គ្រង តើយកមួយណា?
(៣០) “ជួបឧបសគ្គជាក់ស្ដែង ត្រូវរៀនដោះបន្ថែមទៀតដើម្បីបង្ហាញសមិទ្ធកម្ម …”
សម្រាប់យើងជាអ្នកទទួលភារកិច្ច ច្នៃ ខិតខំដោះ។ កុំយកឧបសគ្គដាក់មុខ។ នេះគឺជាគន្លឹះធំ។ សម្រាប់ខ្ញុំ មានបទពិសោធខ្លួនឯង ពេលខ្លះក៏យើងនៅមាន(ការខ្វះចន្លោះ) … ហើយក៏រៀនច្រើនពីមេដែរ ពីមុន។ ខ្ញុំក៏បានរៀនច្រើនពីអ្នកដែលធ្វើការឱ្យខ្ញុំមួយចំនួន។ ពេលខ្លះគាត់មានវិធីសាស្ត្រ។ និយាយរួមគេថា យើងរៀនពីគ្រប់គ្នា អំពីវិធីសាស្ត្រធ្វើ វិធីសាស្ត្រដោះ ធ្វើរបៀបម៉េចដើម្បីយើងបង្រៀន១០ ឱ្យចេះទាំង១០ បង្រៀន១០ ឱ្យគាត់អាចធ្វើការបាន ហើយចេះលើសយើង ១១ទៀត។ គាត់មកប្រាប់យើងធ្វើរបៀបនេះល្អជាងគេ។ ពេលខ្លះយើងលួចរៀនពីគាត់។ ភាពបត់បែនគឺការច្នៃប្រឌិត ការដោះស្រាយបញ្ហាប្រឈមមុខ យកមូលដ្ឋានដែលយើងចេះពីសាលាយកទៅការអនុវត្តការងារ។ ដល់ជួបឧបសគ្គជាក់ស្ដែង ត្រូវរៀនបន្ថែមទៀត ដោះបន្ថែមទៀត ដើម្បីបង្ហាញសមិទ្ធកម្ម។ កុំចាំធ្វើធំបានបញ្ចេញស្នាដៃ។ ខុសធំណាស់។ ទាល់តែខ្ញុំធ្វើរដ្ឋលេខាធិការ បានខ្ញុំបញ្ចេញស្នាដៃ បើមិនអញ្ចឹងទេខ្ញុំអត់ធ្វើទេ។ ខ្ញុំរៀនបានប៉ុណ្ណឹងដែរ ឱ្យខ្ញុំធ្វើ Photocopy ម៉េច។ មិនអញ្ចឹងទេ។
(៣១) “កុំប្រកាន់ការងារ ធ្វើឱ្យល្អ … មានសញ្ញាបត្រ តែគ្មានសញ្ញាឃើញ ថ្នាក់លើមិនទាន់ទុកចិត្ត”
មានរឿងពិតមួយ ដែលមាននាយទាហានយើងម្នាក់ទៅរៀននៅក្រៅប្រទេស។ ថ្នាក់លើគ្រោងថ្ងៃក្រោយឱ្យគាត់ទៅកាន់ជំនាញមួយថ្នាក់ធំ តែគេចាប់ផ្តើមឱ្យគាត់ទៅជាជំនួយការនៅក្នុងកន្លែងនោះ។ ចាប់ផ្តើមឡើង គេឱ្យគាត់ធ្វើ Photocopy សុទ្ធ។ គាត់អត់ធ្វើ។ គាត់ថា ឱ្យគេរៀនបើក MIG មកវិញ ឱ្យបរទេះគោ។ ខ្ញុំចង់និយាយថាកុំប្រកាន់ការងារ។ ធ្វើអី ធ្វើពេលណា ធ្វើឱ្យល្អទៅ កុំគិតថាទាល់តែខ្ញុំមកធ្វើប្រធាន ព្រោះខ្ញុំមានសញ្ញាបត្រប៉ុណ្ណឹង ទាល់តែអញ្ចេះបានធ្វើ … សញ្ញាបត្រមាន តែគ្មានសញ្ញាឃើញ មិនទាន់បានទំនុកទុកចិត្តពីថ្នាក់លើ គេមិនទាន់ដឹងថាអ្នកឯង(អាចធ្វើ)បានអីផង។ ក្រែងចេះតែសរសេរ ដល់ពេលមកឱ្យដោះស្រាយបញ្ហាចំពោះមុខ អត់ដឹងថាតើដោះយ៉ាងម៉េច ព្រោះចេះតែរូបមន្ត។ ទីពីរ តើប្រកាន់ខ្លួនឬអត់? តើចេះបង្ហាញស្នាដៃឬអត់ (បើ) គ្រាន់តែធ្វើការងាររដ្ឋបាលបន្តិចបន្តួច (ក៏ប្រកាន់)ថា Photocopy … តែបើយើងមិនបានខិតខំកន្លែង(ការងារតូចៗ)នេះទេ យើងអត់មានឱកាសបង្ហាញអ្នកខាងលើទេ។ ខ្ញុំសូមជម្រាប។
(៣២) “ធ្វើជាមេដឹកនាំ ត្រូវចេះលើកទឹកចិត្តខ្លួនឯង និងលើកទឹកចិត្តអ្នកក្រោម …”
បើជា manager គ្រប់ថ្នាក់ដូចតែគ្នាទេ។ មានអ្នកនៅពីលើដែរ។ បើយើងជាប្រធានស្ថាប័ន ប្រធានក្រុមហ៊ុន កុំចាំទាល់តែទៅ(ថ្នាក់)លើទៀត។ ធ្វើម៉េចឱ្យការងាររបស់ខ្លួនច្បាស់ ដើម្បីយើងប្រកួតឈ្នះគេ។ កុំចាំថាទាល់តែ High Season បានខ្ញុំចាប់ផ្តើម។ ឧទាហរណ៍ វិស័យទេសចរណ៍។ ប្រឹងទាំងរដូវ Low season និង High Season ទាំងបៃតង មិនបៃតង។ ប្រឹងដើម្បីធានាគុណភាព។ បើម្តងឡើងម្តងចុះ ទឹកដៃឡើងចុះ អត់មាននរណាជឿទុកចិត្តទេ។ កុំភ្លេច អត់មាននរណាមកអង្គុយលើកទឹកចិត្តយើងគ្រប់ពេលទេ។ ខ្ញុំធ្លាប់(អាន)… សៀវភៅ(និយាយអំពីការ)គ្រប់គ្រងនេះដូចជាអយុត្តិធម៌ម៉្លេះ។ សៀវភៅ Management និយាយតែពីលើកទឹកចិត្តបុគ្គលិកនៅខាងក្រោម ប៉ុន្តែអត់មាននរណាលើកទឹកចិត្តអ្នកគ្រប់គ្រងផង។ អត់មានសៀវភៅទ្រឹស្ដីណាថា តើលើកទឹកចិត្តមេយ៉ាងម៉េចទេ។ បានន័យថា មេត្រូវចេះលើកទឹកចិត្តខ្លួនឯងទៅ ហើយលើកទឹកចិត្តអ្នកក្រោមផង។ នេះគឺជាបន្ទុកនៃមេដឹកនាំ។ បើជនណាចង់ក្លាយជា Leader ទាល់តែរៀនជំរុញទឹកចិត្តខ្លួនឯង។
(៣៣) “កុំធ្វើដើម្បីបង្ហាញអ្នកដទៃ … បើមិនមានសមត្ថភាពគ្រប់គ្រាន់ មិនអាចឱ្យធ្វើមេក្រុម …”
ឃើញមន្ត្រីនៅជុំវិញខ្ញុំ។ អ្នកខ្លះនៅក្នុងការិយាល័យការងារសួរថាអត់មានការងារធ្វើឬ? បើយកតួនាទីភារកិច្ចរបស់ស្ថាប័នមកមើល ធ្វើមិនអស់ទេ។ ប៉ុន្តែ ពេលខ្លះយើងសល់ពេលច្រើន ហើយអង្គុយបាក់ទឹកចិត្ត។ ដល់មេអត់ឃើញយើងធ្វើ កាន់តែអសកម្ម អត់ដឹងត្រូវធ្វើអី រឹតតែអត់ទៀត។ ម្នាក់ៗសុទ្ធតែមានរឿងរៀងៗខ្លួន។ ពេលខ្លះត្រូវសម្របសម្រួលអ្វីដែលខ្លួនមាន និងបញ្ចេញស្នាដៃ។ មិនមែនថាទាល់តែមេនៅបានធ្វើទេ បញ្ចេញស្នាដៃដើម្បីខ្លួនឯងសម្រេចភារកិច្ចដែលខ្លួនទទួលខុសត្រូវ។ យកហ្នឹងជាគោល។ កុំធ្វើដើម្បីបង្ហាញអ្នកដទៃ … ពេលខ្លះ គេស៊ីញ៉ូគ្នា។ ថ្ងៃណាឡានមេទៅគឺហ្វឹកហ្វឺនសកម្ម។ កុំអញ្ចឹង។ ពេលមានប្រយុទ្ធ អ្នកទទួលខុសត្រូវចំពោះមុខគ្រាប់កាំភ្លើងខ្លួនឯង គ្មានមេទៅជាមួយទេ។ មេបញ្ជា តែបើអ្នកមិនពឹងខ្លួនឯង ត្រៀមប្រយុទ្ធ ហ្វឹកហ្វឺន អ្នកនឹងគ្រោះថ្នាក់។ បើអ្នកមិនមានសមត្ថភាពគ្រប់គ្រាន់ មិនអាចឱ្យឡើងធ្វើមេក្រុមទេ នេះគឺជាកត្តាសំខាន់។
(៣៤) “ធ្វើឱ្យចប់ ឱ្យហើយ ឱ្យមានគុណភាព”
(អ្វីដែល)ខ្ញុំចង់ចែករំលែកចំពោះការចែកសញ្ញាបត្រ(ថ្ងៃនេះ)គឺពីបទពិសោធការងារ។ ខ្ញុំមិនមានច្រើនទេ ប៉ុន្តែមានបទពិសោធការងារ ទាំងធ្វើការឱ្យគេ តាំងពីខ្ញុំនៅក្រៅប្រទេស ធ្វើការនៅធនាគារពិភពលោក ធ្វើការនៅធនាគារ … ជាបុគ្គលិក ជាជំនួយការគេដូចតែគ្នា។ កាលនៅរៀនក៏ដូចគ្នា ជំនួយការឱ្យសាស្ត្រាចារ្យ។ គេប្រគល់ភារកិច្ចឱ្យធ្វើ។ ប្រធានខ្ញុំមួយមកពី Nigeria នៅធនាគារពិភពលោក។ គាត់ប្រគល់(ការងារ)ឱ្យខ្ញុំធ្វើ(សំរាប់ពេល) ៣ថ្ងៃ។ ខ្ញុំធ្វើហើយ(តែក្នុងពេល) ១ថ្ងៃកន្លះ។ គាត់ថាម៉េច(លឿនមុនកាលកំណត់)អញ្ចឹង? ខ្ញុំថា មិន(អោយហើយមុនកាលកំណត់)យ៉ាងម៉េច បើធ្វើទល់នឹងម៉ោង ៤ភ្លឺ។ ព្រឹកឡើងម៉ោង៦ ជិះតែរទេះភ្លើងទៅទៀត។ ចង់ឱ្យចប់ ឱ្យហើយ ឱ្យបានគុណភាព។ យើងផ្ចិតផ្ចង់ច្រើនដើម្បីឱ្យចប់។ ហ្នឹងគឺការងារ។ ដល់គេប្រគល់ឱ្យថែមទៀតថា “កុំធ្វើច្រើន តែធ្វើច្រើន គេថាយើងពូកែ ហត់ខ្លាំង”។ ហ្នឹងកាន់តែយ៉ាប់។
(៣៥) មេដឹកនាំត្រូវលត់ដំអត្តចរិតនិងផ្ចិតផ្ចង់ការងារ ទទួលខុសត្រូវខ្លួនឯង អ្នកក្រោមបង្គាប់ និងអ្នកនៅលើ
បើចង់ស្រណុកស្រួល កុំចង់ធ្វើមេដឹកនាំ។ ពេលធ្វើមេដឹកនាំ យើងត្រូវទទួលខុសត្រូវខ្លួនឯងហើយ ទទួលខុសត្រូវអ្នកនៅក្រោមយើងទៀត ហើយទទួលខុសត្រូវសម្រាប់អ្នកនៅលើ។ មេដឹកនាំហត់ជាងគេច្រើនដង ទទួលខុសត្រូវច្រើនជាងគេច្រើនដង។ ត្រូវលត់ដំខ្លួនឯង នូវអត្តចរិត និងការខិតខំផ្ចិតផ្ចង់។ បើយើងផ្ចិតផ្ចង់ មេដឹកនាំយើងមានការផ្ចិតផ្ចង់ហើយ យើងបង្រៀនកូនចៅយើងឲ្យផ្ចិតផ្ចង់ ថ្ងៃក្រោយការងារវាទៅតាមហ្នឹង។ កន្លែងខ្លះការងារផ្ចិតផ្ចង់វាជះឥទ្ធិពលធំ … ថ្ងៃមុននរណាថតរូបស្អីមួយ … ប៉ាណូនៅមុខទីស្តីការនៅកន្លែងណា «ទិវាអប់រំ» ម៉េចក៏ភ្លេច «រ»? អត់បានមើល។ អត់បានត្រួតពិនិត្យការងារឲ្យផ្ចិតផ្ចង់។ ចេញទៅ សរសេរអក្សរខុសអក្ខរាវិរុទ្ធ។ សរសេរបាត់ «រ» ហើយ បោះពុម្ពមក ៣-៤ តង់។ ការត្រួតពិនិត្យគ្រប់តង់ … សួរថា អ្នកដែលបោះពុម្ព អ្នកត្រួតពិនិត្យហ្នឹង ថ្ងៃក្រោយមេទុកចិត្តទៀតអត់? អត់ទេ។ មេត្រូវមើល …
(៣៦) “ចេះ ១ ឬ២ ប៉ុន្តែចេះឲ្យប្រាកដ”
នេះគឺភាពជោគជ័យនៅក្នុងជីវិត មិនថាបងប្អូនធ្វើនៅក្នុងវិស័យណាទេ។ បើនៅក្នុងវិស័យកសិកម្ម ត្រូវផ្ចិតផ្ចង់ ប្រើជីឲ្យត្រូវ គុណភាពយ៉ាងម៉េច ដើម្បីទិន្នផលល្អ ស្អីយ៉ាងម៉េច ប្រកួតប្រជែង កាត់បន្ថយចំណាយ។ បើនៅក្នុង(ការងារ)ជាអ្នកបកប្រែ ចាប់ឲ្យបានច្បាស់ ចេះឲ្យច្បាស់។ កុំបាច់ចេះច្រើន។ ចេះ ១-២ ប៉ុន្តែឲ្យប្រាកដ … រឿងបកប្រែភាសាហ្នឹង ខ្ញុំវិះអត់បាយម្ដង ដោយសារអ្នកបកប្រែ។ កាលហ្នឹង កម្មវិធីយុវជននៅវៀតណាម។ ខាងម្ចាស់ផ្ទះរៀបចំ។ គេចង់រៀបចំបាយជូន ប៉ុន្តែមានកន្លែងមួយទៀត ជិះឡាន ២ម៉ោង(បានទៅដល់)។ ចង់នាំទៅមើល … គិតថា ២ម៉ោងអត់ស្រួលទេ … ក៏ប្រាប់ថា មិនអីទេ មិនបាច់រៀបបាយនៅកន្លែងនោះទេ។ អ្នកបកប្រែក៏បកថា “មិនបាច់រៀបបាយ” ទេ។ វិះអត់បាយ។ ចេះតែគេសួរថា បានរៀបហើយ។ យើងកាត់យល់។ ខ្ញុំថា “អត់ទៅបាយកន្លែង២ម៉ោងទៀតនោះទេ។ ខ្ញុំថា បាយនៅហ្នឹង”។ វិះ(អត់បាយ)។ បាត់តែមួយពាក្យ។ ហ្នឹងរឿងជាក់ស្ដែង(កាលទៅកម្មវិធី)យុវជន។
ថ្ងៃមុន ចរចាថ្នាក់ដឹកនាំកំពូលជាមួយឯកឧត្តម ពូទីន។ រឿងអ្នកបកប្រែទៀត។ ឯកឧត្តម ហង់ជួន ណារ៉ុន … ចេះភាសា។ យើងចរចាលើកិច្ចការមួយដែលចរចាមកជាង ១០ឆ្នាំហើយ។ ខាងរុស្ស៊ីថា តាមច្បាប់ខាងគាត់គឺចុះបានត្រឹមហ្នឹង។ អញ្ចឹងសូមឲ្យរកវិធីដោះស្រាយ ដើម្បីយើងបញ្ចប់ … ពេលជាមួយគ្នា យើងធ្វើការងារសហប្រតិបត្តិការផ្សេងៗ។ ដល់អ្នកបកប្រែប្រាប់ថា តាមច្បាប់របស់ខ្ញុំបើសិនមិនដោះស្រាយរឿងហ្នឹងទេ គឺមិនឲ្យធ្វើអីទៀត។ រវាង(ករណីដែលជាកម្មវិធី)យុវជន(អាច)អត់បាយនិង(ករណីកម្រិត)ប្រទេសដែល(បកប្រែ)ខុសបែបនេះ ធ្ងន់ណាស់។ យើងគិតថាសារដែលអ្នកបកប្រែបានប្រាប់ គឺធ្ងន់និងតឹងណាស់ ព្រោះថា “បើមិនដោះ(កិច្ចការ)ហ្នឹង(ជាមុន)ទេគឺច្បាប់ខាងរុស្ស៊ីមិនឲ្យធ្វើអីទៀត(បានទេ)”។ ពេលនោះឯកឧត្តម ហង់ជួន ណារ៉ុន (ក៏អន្តរាគមន៍)ថា “មិនបកអញ្ចឹងទេ។ គេថាច្បាប់អនុញ្ញាតឲ្យចរចាត្រឹមប៉ុណ្ណឹង មិនអាចចុះទៀតទេ។ សូមកម្ពុជារកជំនួបដើម្បីដោះរឿងហ្នឹងទៅ។ ឯកិច្ចសហការផ្សេងទៀត យើងពង្រីក …”។ រឿងតូចមួយ។
(៣៧) “មិនមានសាលាបង្រៀនអំពីការកសាងអង្គភាពទេ”
ការចេះឲ្យច្បាស់ ការបកស្រាយនិងការធ្វើការងារឲ្យប្រាកដប្រជាគឺជាចំណុចរបស់ខ្លួន ហើយត្រូវរៀនបន្ថែមទៅលើអ្វីដែលជាគោល(ដៅ)របស់យើង បូកជាមួយអ្វីដែលយើងនឹងត្រូវទទួលរៀនសូត្រហើយរៀនពីគ្រប់គ្នា រៀនពីគ្រប់មជ្ឈដ្ឋានទៅ។ ចេញមកធ្វើការ … ភារកិច្ចដំបូងរបស់ខ្ញុំគឺកសាងអង្គភាពមួយ។ ដំបូងឡើយគឺទទួលភារកិច្ចត្រឹមតែថាធ្វើជាអ្នកវិភាគទេ … មកស្រាវជ្រាវ អង្គុយមុខកុំព្យូទ័រ ស្រាវជ្រាវសេដ្ឋកិច្ច វិភាគ ព្យាករណ៍ … ជាមួយឯកឧត្តម ឱម យ៉ិនទៀង។ គាត់ថាមានកម្លាំង ៤២នាក់ មានបន្ទាយមួយនៅក្រោយពោធិ៍ចិនតុង។ ខ្ញុំថា “ឲ្យធ្វើអី?”។ កសាងអង្គភាពប្រឆាំងភេរវកម្ម។ អត់មានសាលាណាបង្រៀនកសាងអង្គភាពទេ។ យើងធ្វើអី? ខ្លួនឯង ម្នាក់ឯងចាប់ផ្ដើមទាញក្រដាសទៅជួបបុគ្គលិកក្រសួង បុគ្គលិកអគ្គបញ្ជាការ ជួបមេបញ្ជាការអង្គភាព … រៀនសូត្ររៀបចំរចនាសម្ព័ន្ធ ថាមានស្អីខ្លះ? ក មួយ, ក ពីរ, ក បី បុគ្គលិកយ៉ាងម៉េច? ទីមួយ។
(៣៨) រៀបចំបណ្ដើរ បង្រៀនបណ្ដើរ … អង្គភាពប្រឆាំងភេរវកម្ម រស់តាំងពី២០០៨ មកដល់ពេលនេះ
ទីពីរ អង្គភាពប្រឆាំងភេរវកម្មគឺជារចនាសម្ព័ន្ធថ្មីសុទ្ធ។ សង្គ្រាមថ្មីបែបមិនប្រពៃណី អត់មាននរណាមានបទពិសោធទេ។ អញ្ចឹង ត្រូវរៀបចំកម្លាំងយ៉ាងម៉េច? ខុសពីថ្មើរជើង។ ថ្មើរជើង មានកាំភ្លើងយន្ត … ប្រឆាំងភេរវកម្ម មិនមានទេ។ តើរៀបប៉ុន្មាននាក់? សិក្សាស្រាវជ្រាវធ្វើការជាមួយភាគីមិត្ត។ ឲ្យតែ ៤២នាក់រៀបចំអង្គភាព (ហើយ)កម្លាំងរៀន(តែពីការ)វាយតប់សុទ្ធ តែត្រូវរៀបចំស្ថាប័នចំណុះ … ត្រូវទៅសុំរកធនធានមនុស្សរបស់គេ នរណាទទួលបុគ្គលិក នរណាហិរញ្ញវត្ថុ។ យើងមានបានអ្នកដែលចាស់ៗ ឯណា? យើងបានអ្នកថ្មីៗ ទាំងអស់។ មានមូលដ្ឋានមួយចំនួន … យកមកយើងត្រូវរៀនបន្ថែម។ រៀបចំបណ្ដើរ បង្រៀនបណ្ដើរ … នៅថ្ងៃប្រគល់-ទទួល មាននាយទាហានជាន់ខ្ពស់ជាពូៗ ច្រើនណាស់ ដែលមិនជឿថាអង្គភាពមួយនេះរស់បានមួយឆ្នាំ។ តែទីបំផុត អង្គភាពមួយនេះ(រស់)តាំងពី២០០៨ មកដល់(ពេលនេះ) … មានអគារដូចជា ៣-៤ របស់ឯកឧត្តម សៅ សុខា។ ខ្ញុំត្រូវតែរៀនធ្វើមេវិស្វកម្ម។ ទៅឈរជាមួយជាងធ្វើបន្ទាយ ៣ខែឡើងខ្មៅ ហើយស្រក(គីឡូ) …។
(៣៩) ស្វែងរកភាពជោគជ័យ មានតែសញ្ញាបត្រហើយ មានសញ្ញាឃើញ ដែលត្រូវបង្កើតនិងរៀនខ្លួនឯង
បើមិនបើកចិត្តទៅរៀនពីគ្រប់គ្នា ទៅរកគេជួយ ទៅច្បាមលើអ្វីៗនោះទេ (យើងមិនអាចសំរេចកិច្ចការនេះទេ) … នេះខ្ញុំនិយាយពីបទពិសោធរបស់ខ្ញុំ។ ទោះបីជាថ្នាក់លើប្រគល់ភារកិច្ចឲ្យក៏ដោយ ឲ្យសិទ្ធិខ្ញុំក៏ដោយ តែបើធ្វើមិនមានប្រសិទ្ធភាព(ក៏លំបាក) … ខ្ញុំអាចនិយាយថា “ខ្ញុំអត់ធ្វើទេ ឲ្យនរណាធ្វើទៅ។ ចាំកសាងហើយ ចាំហៅខ្ញុំមក … អត់ទេ។ ឈរធ្វើ។ កសាងពី ៤២នាក់ រៀបចំ … ឡើងចង់ប៉ុនកងពលទៅហើយ។ យើងបានធ្វើការបំពាក់ ការហ្វឹកហ្វឺន … សុទ្ធតែយើងច្បាម យើងរៀនពីគេទាំងអស់ … ខ្ញុំទៅជួបភាគីមិត្ត។ ខ្ញុំពាក់ស័ក្តិ៥ ភាគីមិត្តដោយ ៣ជាន់ ដែលគាត់មានជំនាញ។ ខ្ញុំសួរពីគាត់ថា តើកិច្ចការហ្នឹងរៀបយ៉ាងម៉េច? ចក្ខុវិស័យយ៉ាងណា? មិនមែនថា “ទេ! ខ្ញុំស័ក្តិ៥ ទាល់តែសួរផ្កាយ១ ទេ”។ សួរ និងរៀនសូត្រ ព្រោះយកមកពង្រឹងខ្លួនយើង។ នេះគឺជាអ្វីដែលខ្ញុំសូមឲ្យបងប្អូនចេញទៅស្វែងរកភាពជោគជ័យ កុំមានតែសញ្ញាបត្រត្រូវមានសញ្ញាឃើញ ឯសញ្ញាឃើញ ភាគច្រើនគឺត្រូវបង្កើតខ្លួនឯង រៀនខ្លួនឯង ទើបបាន។ ជឿខ្ញុំចុះ។ គ្មានមេរៀនណាមួយបង្រៀនទេ … មកធ្វើមេបញ្ជាការកម្លាំងប្រឆាំងភេរវកម្មជាមួយកម្លាំង ៤២នាក់ មិនមាននរណាបង្រៀនខ្ញុំទេ។
(៤០) ៣ឆ្នាំនៃការប្រឈមវិបត្តិសកល ការឈ្លានពាន ការចរចាច្បាប់អន្តរជាតិ … ត្រូវគិតគូរជាសមូហភាព និងប្រើជំនាញឲ្យចំ
(តើ)កាលនៅសាលា West Point (គេបង្រៀន)ឲ្យរៀបចំ/បង្កើតអង្គភាពទេ? (មិនមានទេ)។ យើងត្រូវធ្វើខ្លួនឯង។ ៣ឆ្នាំនេះ យើងបានប្រឈមជាមួយវិបត្តិច្រើន ទាំងសកល តាំងការឈ្លានពានផ្សេងៗ ការចរចាដោយច្បាប់អន្តរជាតិ … មិនមាននរណាបង្រៀនយើងទេ។ តែយើងត្រូវធ្វើការគិតគូរនិងដោះស្រាយជាសមូហភាព ប្រើជំនាញឲ្យចំ ច្បាមរៀនពីគេ។ បើយើងអត់មានក្នុងស្រុក និងអត់ចេះ យើងរកជំនួយពីខាងក្រៅដើម្បីសិក្សាពិគ្រោះយោបល់ដឹកនាំការងារនេះដើម្បីដោះស្រាយបញ្ហាប្រឈម។ បើជាអ្នកធ្វើការឲ្យគេ យើងទទួលខុសត្រូវចំពោះខ្លួនយើង ប៉ុន្តែកុំភ្លេចថាក៏ជាការទទួលខុសត្រូវចំពោះភាពជោគជ័យរបស់អង្គភាពដែរ។ មិនមែនទាល់តែធ្វើមេបានទទួលខុសត្រូវទេ។ បើជាងអគ្គិសនីម្នាក់ គាត់មិនយកចិត្តទុកដាក់ តភ្លើងមិនភ្លឺនៅទីនេះ ឬមួយក៏ឆេះអគារ វាបំផ្លាញអង្គភាព។ បើអ្នកសម្អាតមិនសម្អាតបន្ទប់ទឹកឱ្យស្អាត តើអាចជាសណ្ឋាគារផ្កាយ៥ ទេ? ការទទួលខុសត្រូវលើខ្លួនឯងចាប់ផ្ដើមពីនេះ ឯថ្នាក់លើនឹងវាយតម្លៃ … ពេលនៅចំណុចនីមួយៗ សូមពង្រឹង។
(៤១) សញ្ញាបត្រមិនប្រាកដធានាភាពជោគជ័យទេ ទាល់តែឥរិយាបថការងារ និងការទទួលខុសត្រូវរស់រវើក
ខ្ញុំចាំឯកឧត្តម ម៉ម សម នៅជើងគោក និយាយថា «មនុស្សទឹកកក។ ដាក់នៅឯណា រឹងកំព្រឹសនៅហ្នឹង ហើយរលាយ» មានន័យថា ចេញមកមានមូលដ្ឋានរឹងមាំ តែយូរទៅអត់កម្រើកអត់អីទាំងអស់។ យូរៗ កាន់តែស្ពោតទៅៗ។ អញ្ចឹង បងប្អូន ក្មួយៗ ដែលចេញទៅ … ខ្ញុំមានបទពិសោធចែករំលែកប៉ុណ្ណេះ ទាក់ទងទៅនឹងផ្នត់គំនិត ព្រោះអ្វីដែលមានក្នុងខ្លួនជាចំណេះដឹងហើយ ប៉ុន្តែអ្វីដែលធ្វើឲ្យជោគជ័យគឺចំណេះទន់គឺផ្នត់គំនិត។ ៥ នាក់ចេញមកជាមួយគ្នា ធ្វើការជាមួយខ្ញុំ។ ម្នាក់បាន PhD ពីបារាំង ម្នាក់បាន PhD ពីអាមេរិក និងម្នាក់បាន Master ពីអាមេរិក ម្នាក់បាន Master ពី NUM … ទីបំផុត ខ្ញុំប្រគល់ភារកិច្ចឲ្យម្នាក់បាន Master ពី NUM។ មិនមែនប្រៀបធៀបបទពិសោធថា សាលាស្រុកគេល្អ(ឬមិនល្អ)ជាងស្រុកយើងទេ។ ចំណេះដឹង រៀនសូត្រ វាខុសគ្នាពីប្រទេសជឿនលឿន ប៉ុន្តែ(ការជ្រើសរើស)វាអាស្រ័យកត្តាបន្ទាប់បន្សំគឺឥរិយាបថនៃការងារ។ អ្វីដែលខ្ញុំនិយាយគឺ«ឥរិយាបថ»។ យកមនុស្សដែលមានការសិក្សាត្រឹមតែ Master ជាជាងអ្នករៀនដល់ PhD ពីព្រោះអ្នកនេះមានឥរិយាបថចង់រៀន ចង់ចេះ ចង់ទទួលខុសត្រូវ លឿនជាង។ អ្នកដែលមាន PhD ចេះ ប៉ុន្តែគាត់ផ្ដោតលើជំនាញគាត់ ភាពបត់បែនដោះស្រាយទូទៅ … អញ្ចឹង ប្រើគាត់សម្រាប់ធ្វើស្អីដែល Fix … ប៉ុន្តែ ចាត់ចែងទូទៅ គឺអ្នក(មាន Master)នោះ ព្រោះគាត់ឆ្លាតលើដី ដោះស្រាយបញ្ហាប្រឈមមុខ។ អ្នកផ្សេងទៀត យើងប្រើតាមជំនាញដូចគ្នា ប៉ុន្តែសញ្ញាបត្រមួយមិនប្រាកដថាធានាភាពជោគជ័យទេ ទាល់តែឥរិយាបថការងារ និងការទទួលខុសត្រូវរស់រវើកដែលយើងចង់បាន។
(៤២) “អ្នកមានទ្រព្យក្នុងចិត្ត មិនបញ្ចេញ មិនប្រើ ឬប្រើមិនមានប្រសិទ្ធភាព ខ្ញុំមិនឲ្យតម្លៃទេ …”
មាន PhD និងមិនមាន PhD តើវាខុសគ្នាយ៉ាងម៉េច? ខុសគ្នា ទី១ មានឱកាសរៀនសូត្រ ហើយចំណាយ ៥ឆ្នាំ ផ្ដោតទៅលើប្រធានបទតែមួយហ្នឹង។ នៅពេលដែលប្រធានបទរាប់សែនទៀតអត់បានមើល។ អ្នកដែលមិនមាន PhD តែមាន PhD ក្នុងជីវិត(សញ្ញាឃើញ) ក្នុងពេលជាមួយគ្នាអត់មានឱកាសរៀនសូត្រ តែបានឆ្លងកាត់ការដោះស្រាយបញ្ហាចំពោះមុខ យកបទពិសោធហ្នឹងជាគោលច្រើន។ ការឲ្យតម្លៃគឺផ្ដោតទៅលើ «លទ្ធផល» ចង់បានការទុកចិត្ត បង្កើតលទ្ធផលវិជ្ជមានឲ្យច្រើន នោះនឹងបានទទួលការទុកចិត្តហើយ។ រឿងអ្នកឯងមាន PhD អ្នកឯងមានស្អី … រឿងរបស់អ្នកឯង។ តែអ្នកឯងមកធ្វើការឲ្យខ្ញុំ ត្រូវយល់ពីគោលគំនិតខ្ញុំ ហើយធ្វើលទ្ធផលឲ្យខ្ញុំ។ បើអ្នកមានតែទ្រព្យក្នុងចិត្ត មិនបញ្ចេញ មិនប្រើ ឬប្រើអត់មានប្រសិទ្ធភាព ខ្ញុំអត់ឲ្យតម្លៃទេ។ ខ្ញុំឲ្យតម្លៃអ្នកធ្វើការងារកម្រិតមួយ … តែបើប្រៀបធៀបជាមួយអ្នកដែលបានលទ្ធផលខ្ពស់ អ្នកលទ្ធផលខ្ពស់នឹងត្រូវទទួលបានលទ្ធផលខ្ពស់ជាង។ កុំថា “ម៉េចក៏ឲ្យខ្ញុំ(ដែលមាន) PhD ក្រោមអ្នក(មាន) Master?”។ អ្នកមាន PhD ខ្ញុំប្រគល់ភារកិច្ចជូនកម្រិតណា។
(៤៣) “ធ្វើឱ្យបានល្អគ្រប់កិច្ចការដែលបានទទួល មិនថាការងារតូចការងារធំ …”
ខ្ញុំផ្តល់ការលើកទឹកចិត្ត (ចំពោះ)អ្នកបានខិតខំរៀនសូត្រ។ មិនមែនអត់តម្លៃសោះទេ ប៉ុន្តែចំពោះលទ្ធផលការងារ ខ្ញុំជឿចិត្តអ្នក(មាន Master)នេះជាង ព្រោះគាត់ធ្វើកិច្ចការហ្នឹងឲ្យខ្ញុំ បានត្រូវជាង។ បើអ្នក PhD វិភាគល្អ ពេលត្រូវការវិភាគ ខ្ញុំឲ្យគាត់ធ្វើការងារហ្នឹង។ គាត់ពូកែខាងវិភាគ ខាងស្រាវជ្រាវ ដល់ពេលប្រតិបត្តិការជាក់ស្ដែង លទ្ធផលជាក់ស្ដែង គឺអ្នកដែល(មាន Master) … អញ្ចឹង ការប្រើមនុស្ស គឺប្រើឱ្យចំគោលដៅ … វាអាស្រ័យទៅលើអី? មនុស្សម្នាក់ៗ បញ្ចេញ(សមត្ថភាព)។ កុំលាក់ថា “ទាល់តែឲ្យខ្ញុំធ្វើប្រធានក្រុម បានខ្ញុំបញ្ចេញ(សមត្ថភាព)”។ មិនដូចហ្នឹងទេ។ ហ្នឹងដែលខ្ញុំនិយាយ ផ្ដោតលើការងារ។ ធ្វើ(ឱ្យបាន)ល្អគ្រប់(កិច្ចការ)អ្វីដែលបានទទួល មិនថាការងារតូច ការងារធំ។ ជឿខ្ញុំចុះ ការងារទាំងអស់ យើងមិនបានប្រាប់ មិនបានរៀន … ខ្ញុំមិនបានរៀននៅសាលាទាហាន ដែលគេជេររាល់ថ្ងៃ ស្រែករាល់ថ្ងៃ ដោយសារតែខ្ញុំរំពឹងថា(បាន)ធ្វើនាយករដ្ឋមន្ត្រីទេ? កាលនោះ មួយថ្ងៃៗ ខ្ញុំចង់តែកុំឱ្យថ្នាក់លើរករឿងតែប៉ុណ្ណឹង។ ធ្វើម៉េចធ្វើឱ្យតែត្រូវ ព្រោះនៅនោះគេលត់(ដំ)។ មិត្តភក្តិនៅបន្ទប់ជាមួយខឹងខ្ញុំ … រឿងអី? ខឹងខ្ញុំដែលខ្ញុំមិនប្រាប់គាត់ថាឪពុកខ្ញុំជានាយករដ្ឋមន្ត្រីខ្មែរ … ទាល់តែថ្ងៃចូល(ទទួល)សញ្ញាបត្រ បានពុកទៅ មានអង្គរក្សមានអី បានវាដឹង។ «វាថាម៉េចក៏មិនប្រាប់អញ?» ចុះ(ឯង)មានដែលសួរថាឪ(អញ)ធ្វើអី? (សុំទោសពាក្យបកប្រែ)។
(៤៤) “ … មិនមែនបានការប្រគល់ភារកិច្ចដោយសារជាកូននាយករដ្ឋមន្ត្រីទេ តែពីការវាយតម្លៃ …”
យើងក៏មិនដែលសួរថាឪគេធ្វើអី។ ខ្ញុំក៏មិនដែលប្រាប់ថា(ឪពុកខ្ញុំ)ធ្វើអី … ប្រាប់ឬមិនប្រាប់! គេលត់ដូចតែគ្នាហ្នឹង។ ខំប្រឹងធ្វើឱ្យចប់ទៅ ឱ្យត្រូវទៅ។ អ្វីដែលយើងខំប្រឹងធ្វើត្រូវ បំពេញភារកិច្ចត្រូវ ចប់ហើយ ឡើងថ្នាក់ រៀនឱ្យជាប់ទៅ។ នេះបទពិសោធរបស់ខ្ញុំ។ នៅសាលា មិត្តភក្តិខ្ញុំខឹងខ្ញុំរឿងហ្នឹង។ មានតែថ្នាក់ដឹកនាំសាលាទេដែលដឹង។ ខ្ញុំមិនឱ្យនរណាដឹង ព្រោះវាអត់មានសំខាន់។ ថ្នាក់ទី១ រៀនធ្វើទី១, ថ្នាក់ទី២ គេឱ្យធ្វើមេក្រុមមានកូនចៅម្នាក់ ពង្រឹងខ្លួនឯង មើលកូនចៅឱ្យបានល្អ បង្ហាត់គេឱ្យល្អ។ ថ្នាក់ទី៣ គេឱ្យកាចបន្ដិច កាន់ ១២នាក់។ ថ្នាក់ទី៤បានឡើងធ្វើអ្នកទទួលខុសត្រូវមួយវរៈសេនាតូចខាងកីឡា។ យើងទទួលផែនការកីឡាសំរាប់មួយវរៈ។ អញ្ចឹងគេឱ្យធ្វើអី ធ្វើទៅ ដឹកនាំឱ្យជោគជ័យ។ មិនមែនគេប្រគល់ភារកិច្ចដោយសារខ្ញុំជាកូននាយករដ្ឋមន្ត្រីទេ គឺជាការវាយតម្លៃ។ មួយឆមាសៗ មានការវាយតម្លៃយោធាកីឡា។ អញ្ចឹង បើយើងមិនប្រឹងខ្លួនឯង គ្មាននរណាយោគយល់ទេ។ ខ្ញុំចែករំលែកនេះ ដោយសារខ្ញុំឆ្លងកាត់ខ្លួនឯង។
(៤៥) “សញ្ញាបត្របូកជាមួយសញ្ញាឃើញ” យកលទ្ធផលជាគោល ព្យាយាមដាក់ទិសដៅវិជ្ជមាននិងដូរផ្នត់គំនិត
អ្នកខ្លះថា «កូននាយករដ្ឋមន្ត្រីស្រួលតាំងពីតូច។ ស្អីក៏ដោយ …»។ ពាក្យហ្នឹងហើយដែលខ្ញុំធ្លាប់។ ប៉ុន្ដែ ខ្ញុំជំនះពាក្យនេះ។ ខ្ញុំរៀននៅវិទ្យាល័យ។ មិត្តភក្តិខ្ញុំមួយចំនួនថា «ណែត! អ្ហែងមិនបាច់រៀនក៏ជាប់ដែរ»។ ដើម្បីជំនះ យើងមិនដឹងធ្វើម៉េច … ទាល់តែខំប្រឹងរៀនឱ្យបានពូកែ ដើម្បីគ្រូជាសាក្សី។ ពេលនោះយើងគិតថា អ្វីដែលយើងធ្វើគ្រប់ជំហាន មិនថាការរៀន ការធ្វើការងារ ជាគ្រូជំនួយ ជាមេទ័ព … គឺខិតខំបំពេញឱ្យចប់។ សម្រាប់មេដែល(ដាក់ការងារ)ឲ្យធ្វើ គឺរំពឹងដូចគ្នា។ បានសញ្ញាបត្រទៅបូកជាមួយសញ្ញាឃើញ ហើយយកលទ្ធផលជាគោល។ ដើម្បីសម្រេចលទ្ធផល គឺព្យាយាមហើយដាក់ទិសដៅវិជ្ជមាន។ ដូរផ្នត់គំនិត។ បើយើងធ្លាប់គិតអីដែលថាខ្មៅងងឹតទាំងអស់ គិតវាទៅជាសវិញ ដើម្បីព្យាយាមធ្វើ … មិនស្រួលទេ។ ការលំបាកមានដូចគ្នា គ្មាននរណាស្រួលទេ តែការប្រឈមខុសគ្នា។ បងប្អូនអាចប្រឈមជាមួយការរៀនសូត្រ ជីវភាពប្រចាំថ្ងៃ។ នាយករដ្ឋមន្ត្រីត្រូវប្រឈមជាមួយការដោះស្រាយរឿងទឹកដី ជីវិតរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ ទាក់ទាញ(ការវិនិយោគ) កំណែទំរង់ … បន្ទុកខុសគ្នា ប៉ុន្ដែជាបញ្ហាប្រឈមដូចគ្នា។ គ្រាន់តែថា ខ្ញុំមានមន្ត្រីច្រើននិងធនធានជួយ ប៉ុន្តែនៅតែប្រឈមការទទួលខុសត្រូវខ្លួនឯង។ អញ្ចឹង គ្មាននរណាម្នាក់ស្រួលទេ។
(៤៦) សូមបន្តការប្រឹងប្រែង និងត្រូវមាន«មហិច្ឆតា» ធ្វើឱ្យរីកចម្រើនឡើង ក្នុងន័យវិជ្ជមាន
អ្វីដែលសំខាន់ ខ្ញុំគិតថាសម្រាប់បងប្អូនដែលជាជ័យលាភីនឹងបន្ត(ការប្រឹងប្រែងត)ទៅទៀត … សម្រាប់ទម្លាប់ជោគជ័យនេះ (មានការ)គិតគូរប៉ុណ្ណឹង។ ចំពោះចំណុចដែលខ្ញុំសូមផ្តាំ គឺត្រូវមានពាក្យមួយម៉ាត់នេះបើស្តាប់ភ្លាម ន័យអវិជ្ជមានច្រើន ប៉ុន្តែបើយើងគិត(គឺត្រឹមត្រូវ)។ គឺ «ត្រូវមានមហិច្ឆតា»។ មហិច្ឆតាជាភាសាខ្មែរច្រើនតែភ្ជាប់ជាមួយ(ន័យ)អវិជ្ជមាន តែបើភាសាអង់គ្លេសពាក្យថា Ambition គឺការចង់ធ្វើឱ្យខ្លួនប្រសើរឡើង រីកចម្រើនឡើង ប៉ុន្ដែត្រូវធ្វើវានៅក្នុងន័យវិជ្ជមាន។ បងប្អូនបញ្ចប់បានសញ្ញាបត្រថ្ងៃនេះ ដោយសារខ្លួនមានមហិច្ឆតាចង់បានសញ្ញាបត្រ បានជាខំតស៊ូដើម្បីបញ្ចប់(ការសិក្សា)។ (បងប្អូន)ចង់បានមហិច្ឆតាដើម្បីយើងចូលធ្វើការមានការអភិវឌ្ឍ … លួចស្រឡាញ់គេ មានមហិច្ឆតាថា ត្រូវតែទៅដណ្តឹងគេឱ្យបាន មានកូនមួយ ត្រូវមានមហិច្ឆតាចង់បានកូនប្រាំ។ ការរីកចម្រើន ការកើនឡើង ប៉ុន្តែកើនឡើងក្នុងន័យវិជ្ជមាន ជួយពង្រឹងខ្លួន ស្របតាមស្ថានភាពប្រទេសជាតិ/អង្គភាពដើម្បីរួមគ្នារស់។ កុំមានមហិច្ឆតារីកចម្រើនខ្លួនឯង ហើយប៉ែងជើង ឬមួយបង្កលក្ខណៈឱ្យបរិស្ថានប្រទេសជាតិមានការលំបាក។ វាពិបាកទាំងអស់គ្នា។ សូមជៀសវាងពីបញ្ហាទាំងអស់នេះ។
(៤៧) “សុភាពរាបសារ” និងបើកទស្សនៈទទួលគំនិតអ្នកដទៃ កុំគិតថាចេះគ្រប់រឿងឬត្រូវគ្រប់ពេល
ចំណុចចុងក្រោយគឺ(សុភាព)រាបសារ ដែលភាសាអង់គ្លេសថា Be humble។ ចំណុចនេះជាកត្តាគុណធម៌ សីលធម៌របស់មនុស្ស។ ត្រូវមានមោទនភាពចំពោះខ្លួនឯង ប៉ុន្តែកុំមានអំនួតពេក។ មានមោទនភាព ខុសពីមានអំនួត។ បើកទស្សនៈទទួលគំនិតអ្នកដទៃ កុំគិតថាខ្លួនចេះគ្រប់រឿង ឬត្រូវគ្រប់ពេល។ (យើង)ត្រូវមានភាពរឹងមាំ ប៉ុន្តែកុំរឹងរូស។ បើកគំនិតរៀនសូត្រ។ បើយើងជាមេ ដឹកនាំប្រជុំ កុំនិយាយតែម្នាក់ឯង។ (យើង) ដាក់ចោទជាបញ្ហា រួមគ្នាដោះស្រាយ ឱ្យគេលើកមក ហើយយើងសម្រេចចិត្តចុងក្រោយ។ រកដំណោះស្រាយ។ កន្លែងខ្លះហៅគេទៅប្រជុំ តែទៅដល់ មេចាប់ផ្តើមនិយាយគ្មាននរណាហ៊ានត។ បើយើងទៅសួរយោបល់គេថា «ឥឡូវដោះស្រាយយ៉ាងម៉េចរឿងហ្នឹង? ជម្រើសហ្នឹងមួយណាល្អមួយណាមិនល្អ។ សូមបញ្ចេញមតិ ចាំយើងបូកសរុបចុងក្រោយ»។ ប៉ុន្ដែ បើយើងចេញមកថា «ខ្ញុំគិតថាយើងត្រូវយកជម្រើសនេះ ដោយសារអញ្ចេះៗ … តើអស់លោកមានយោបល់យ៉ាងម៉េចខុសពីហ្នឹង?» អត់នរណាហ៊ានទេ ជាពិសេសនៅក្នុងវប្បធម៌ខ្មែរយើង ភាគច្រើនអត់ជល់ទេ ជាពិសេសចំពោះមេ … បើក(ចិត្តទូលាយ និងទទួល)យកតែម្តង។ ដោះស្រាយបញ្ហា។
(៤៨) តំណមមួយរបស់អ្នករៀនសូត្រ ឬសូម្បីតែប្រជាជនធម្មតា គឺកុំមើលងាយអ្នកដទៃ
តំណមមួយរបស់អ្នករៀនសូត្រ ឬមួយរបស់ប្រជាជនធម្មតា ពិសេសអ្នករៀនសូត្រកាន់តែខ្ពស់ … កុំមើលងាយអ្នកដទៃ។ ខ្ញុំឃើញបណ្ឌិតខ្លះ … (ក្នុងការ)វិភាគភ្លាមឡើង(ក៏ថា)រដ្ឋាភិបាលល្ងង់ រដ្ឋាភិបាលចោលម្សៀត មិនចេះដោះស្រាយ មានតែ(ខ្លួន)គេ(ប៉ុណ្ណោះទើស)ចេះដោះស្រាយ … (ឬថា) មេទ័ពជួរមុខអត់ចេះដោះស្រាយទេ ឱ្យគេព័ទ្ធបន្លាលួស។ បើជាគេ(ដឹកនាំ)វិញ នឹងយកកាំភ្លើងទៅបាញ់រប៉េះរប៉ោះឱ្យរត់។ ឯកឧត្តម អ៊ី ឈាន (ដឹងដែរហើយ) … បណ្ឌិតជើងដប់នៅក្រៅប្រទេស … មានបណ្ឌិតម្នាក់នោះ ជេររាល់ថ្ងៃ។ សួរទៅថាបទពិសោធយោធាគឺធ្លាប់លីអង្ករឱ្យទាហាន។ បទពិសោធដែលធ្លាប់លីអង្ករ នៅជាមួយទាហាន កាលពីជំនាន់មុន (អះអាង)ដឹងច្បាស់ថា ប្រើយុទ្ធសាស្ត្រខុសក្នុងការដោះស្រាយ(បញ្ហា)យោធានេះ។ នេះគេហៅថាអំនួត។ វិភាគចុះ ប៉ុន្ដែកុំមើលងាយគេ។ អ្នកឯងបញ្ចេញមតិចុះ។ ខ្ញុំសូមបញ្ចប់ដោយរឿង បណ្ឌិតនិងអ្នកចែវទូកចុះ។ ម្សិលមិញ បានជួបជាមួយប្អូន ញ៉ិល រដ្ឋា ទទួលទានបាយជាមួយគ្នា ចន្លោះប្រជុំព្រឹក។ (ខ្ញុំ)ទទួលកូរ៉េហើយ ល្ងាចប្រជុំមួយទៀត ពេលថ្ងៃជួបគ្នាបន្តិច។
(៤៩) រឿង «អ្នកនេសាទនិងបណ្ឌិត» មានក្នុងអក្សរសាស្ត្រចិន និងក្នុងអក្សរសាស្ត្រដ៏ទៃមួយចំនួន
មុនចេញទៅចិន ខ្ញុំកំពុងធ្វើកំណែទម្រង់កិច្ចការមួយចំនួនដើម្បីជួយ SME ហើយឃើញគាត់វិភាគសិក្សារឿង SME និង FDI ការទាក់ទាញវិនិយោគ។ ក៏គ្រោងថាមកពីចិននឹងជួប។ តែវាចៃដន្យ ថ្ងៃសៅរ៍ហ្នឹង … ដោយចូលចិត្តអានអត្ថបទរបស់ មេទ័ព លី ពូ ដែលសរសេរសាបៗ តែងាយយល់។ ខ្ញុំទើបយល់ពាក្យសាបៗ។ ថ្ងៃហ្នឹង គាត់យកអារឿង «អ្នកនេសាទនិងបណ្ឌិត» ដែលនៅក្នុងអក្សរសាស្ត្រចិនក៏មាន នៅក្នុងអក្សរសាស្ត្រមួយចំនួន(ក៏មាន) និងសូម្បីតែគ្រួសារខ្ញុំទៅវិបស្សនានោះ ក៏គេមានបង្រៀន … ខ្ញុំក៏មិនដឹងដែរ។ និយាយត្រង់ ពេលដែលគាត់សរសេរនៅចុងក្រោយកន្ទុយហ្នឹង មានដាក់ឱ្យបណ្ឌិតណាកាន់មេក្រូ។ ខ្ញុំមិនដឹងគាត់និយាយពីបណ្ឌិតណាទេ។ ខ្ញុំគិតថាក្រែងគាត់និយាយអំពីបណ្ឌិតជើងដប់នៅក្រៅប្រទេសដែលតែងតែជេរស្អីៗ ធ្លាប់លីអង្ករឱ្យទាហាន យល់ពីយុទ្ធសាស្ត្រយោធាជាងមេទ័ពប្រយុទ្ធ … អ្វីដែលខ្ញុំនិយាយមិនសំដៅលើអ្នកណាទេ។ ហើយខ្ញុំក៏មិនដឹងជានរណា។ អ្វីដែលខ្ញុំចង់ដឹងគឺទស្សនៈនៃរឿងនេះ។
(៥០) រឿង «អ្នកនេសាទនិងបណ្ឌិត» អប់រំអំពីឥរិយាបថរបស់អ្នកចេះដឹង ដែលមិនត្រូវទៅវាយតម្លៃអ្នកផ្សេង
គេអប់រំអំពីឥរិយាបថ ភាពរាបសាររបស់អ្នកចេះដឹង។ គ្មានអ្នកចេះដឹងណាដែលអាចទៅវាយតម្លៃអ្នកផ្សេងបានទេ។ (ទោះបីថា)ខ្លួនរៀន(ដល់ថ្នាក់)បណ្ឌិត តែមិនអាចវាយតម្លៃថាគេអន់ជាង ដោយសារគេគ្រាន់តែជាអ្នកចែវទូកទេ។ បើវិភាគតែគ្នាឯង ៥នាក់ទៅ តើវាកើតអី? មាននរណានឹងលោតចោលទូក ឱ្យអ្នកឯងហែលទឹក តែវាមកតែអ្នកឯងអស់អីនិយាយ ទៅសួរដេញដោលវាយប្រហារគេនោះ។ គេអត់ដឹងអីផង។ ខឹងក៏លោតទឹកបាត់។ (គឺ)គុណធម៌និងសីលធម៌របស់អ្នកចេះដឹងជាបញ្ញវន្តហ្នឹងដែលជាគោលគំនិតខ្ញុំចង់(និយាយ) … ហើយខ្ញុំស្មានថា ប្រហែលជាគាត់និយាយអំពីអ្នកដឹងគ្រប់រឿង បូកជាមួយអ្នកមើលងាយគេ ព្រោះរឿងពីរ(គឺ) ដឹងគ្រប់រឿង និងមើលងាយគេទៀត។ (នេះ)ជាតំណមរបស់អ្នកចេះដឹង និងប្រជាពលរដ្ឋយើង។ សីលធម៌ខ្មែរ មិនឱ្យធ្វើអញ្ចឹង។ រឿងគុណធម៌ រឿងសីលធម៌ ខ្ញុំនិយាយ(ប៉ុណ្ណេះ) … ចេះទៅ តែឱ្យក្រែងចេះគេផង។
(៥១) នឹងដឹកនាំប្រជុំវះកាត់បញ្ហាស្តីពី MMSMEs មួយចំនួន បន្ទាប់ពីបានសំយោគមតិយោបល់ពីប្រជាជន
បើគ្មានអ្នកចែវទូក អ្នកមិន(អាចឆ្លងទន្លេ)រួចទេ។ បើគ្មានអ្នកចេះតភ្លើង … ដែលជួនកាលមិនបានរៀនមានបរិញ្ញាបត្រអគ្គិសនីទេ តែតភ្លើងឱ្យយើងប្រជុំថ្ងៃនេះ(ក្នុងម៉ាស៊ីន)ត្រជាក់បាន។ កុំអីបក់ផ្លិតហើយ។ ខ្ញុំនិយាយមិនស្រួល ដួលបាត់ បើអត់អ្នកតភ្លើង។ តាមពិត ខ្ញុំជួបជាមួយគាត់សួររឿង FDI និង SME ត្បិតចង់ដឹងអំពីបញ្ហាប្រឈមមានស្អីខ្លះ? ខ្ញុំអត់ត្រូវការចំណុចល្អៗ ទេ។ ចំណុចល្អៗ ខ្ញុំដឹងហើយ។ ថ្ងៃមុន ខ្ញុំបានបង្ហោះនៅលើ(បណ្ដាញសង្គម)ឱ្យមានការចូលរួមមតិពីមហាជន។ ខ្ញុំក៏អរគុណបងប្អូនដែលបានចូលរួមខម្មិន។ ជំនួយការខ្ញុំបានប្រមូលហើយធ្វើសំយោគដើម្បីបញ្ជូនជាធាតុផ្សំ។ ខ្ញុំប្រគល់ភារកិច្ចឱ្យឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ ក្នុងនាមជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច ធ្វើការជាមួយក្រសួងស្ថាប័ន និងវិស័យឯកជន ព្រោះយើងមានប្រទាក់ក្រឡាជាមួយសមាគម SME រកវិធីដោះស្រាយ។ ប្រហែលជាខ្ញុំត្រូវដឹកនាំ(ប្រជុំ)ដើម្បីវះកាត់(បញ្ហា)មួយចំនួន បន្ទាប់ពីបានសំយោគ។ យើងត្រូវការមតិយោបល់ពីប្រជាជន។
(៥២) រដ្ឋសម្រួលច្រើនហើយ ប៉ុន្តែតើមានអ្វីទៀតដែលនៅសេសសល់ជាបញ្ហា និងដោះស្រាយយ៉ាងម៉េច?
ខ្ញុំអត់បានសួរថា «យើងល្អអីខ្លះទេ?»។ យើងទទួលស្គាល់ថាយើងបានដាក់ចេញការវិនិយោគ ដើរសម្រួលច្រើនហើយ ប៉ុន្តែ (មាន)អ្វី(ទៀត)ដែលនៅសេសសល់ដើម្បីយកជាមូលដ្ឋាន។ ខ្ញុំសួរពីរចំណុច។ «ស្អីដែលជាបញ្ហា? និងដោះស្រាយយ៉ាងម៉េច?»។ ឱ្យប្រជាពលរដ្ឋចូលរួម។ មិនថាគាត់រៀនបានប៉ុណ្ណាទេ។ មិនថាគាត់មានសហគមន៍ ជាឧកញ៉ាធំ ឬមួយគាត់មាន Small business ហាងគុយទាវមួយ ឬមួយអាជីវកម្មអីតូចមួយ ឱ្យតែគាត់ទៅដោះស្រាយ។ នេះគឺជារបៀបដោះស្រាយ។ ជជែកគ្នាហ្នឹងហើយ ក៏ឆ្លៀតទៅសួររឿងហ្នឹង។ តាមពិតយើងជជែករឿងឯនោះទេ។ ខ្ញុំសួរថា «រដ្ឋា ដឹងទេ បងហៅមកមានអី?»។ គាត់ថា «ខ្ញុំមើលទៅប្រហែលជានិយាយតែរឿងហ្នឹងហើយ។ ដល់អញ្ចឹង ខ្ញុំអត់បានត្រៀមសំណួរបងរឿង SME និង FDI» … ខ្ញុំក៏សួរគាត់រឿងហ្នឹង។ ខ្ញុំមិនថាគាត់វិភាគខុសឬត្រូវទេ។ វាជាសិទ្ធិ(និង)ការសន្និដ្ឋានរបស់គាត់។ ខ្ញុំសួរថា «ក្នុងនាមជាអ្នកសិក្សាដូចគ្នា ប្អូនឯងផ្អែកលើសូចនាករស្អី? ទិន្នន័យស្អីយកមកវិភាគវាយតម្លៃ? ប្រៀបធៀបរវាង អ្នកចែវទូកនិងបណ្ឌិត?
(៥៣) “សូចនាករ HDI មានច្រើនជ្រុង, បើយកជ្រុងណា ក៏បានលទ្ធផលបែបហ្នុង”
បើយើងដាក់សូចនាករខុស បានន័យថាខុស។ ឧទាហរណ៍៖ សូចនាករ(ថា)នរណារៀនបានច្រើនជាងគឺបណ្ឌិតហើយ ប៉ុន្តែសួរថាតើអ្នកណាមានសុភមង្គលជាង មិនប្រាកដថាបណ្ឌិតទេ ព្រោះគាត់ស្ដ្រេស(Stress)… នៅប៊ូតាន មាន Gross Happiness Index ជាគោលនយោបាយ។ គេហាមមិនឱ្យមានការអភិវឌ្ឍលើស ឬមិនឱ្យទេសចរចូលលើសពីចំនួនប៉ុន្មានទេ ដើម្បីកុំនាំរឿងឱ្យគេបែកបាក់សង្គម។ គេសុខចិត្តអភិវឌ្ឍតិចចុះ តែឱ្យសហគមន៍នៅស្រឡាញ់គ្នា។ ខ្ញុំសួរគាត់ៗ ថាផ្អែកការវិភាគរបស់គាត់ទៅលើសូចនាករ HDI (Human Development Index) របស់ធនាគារពិភពលោក។ គេយកប៉ុន្មានចំណុចមកបូកចូលគ្នាហើយឱ្យពិន្ទុ។ ហេតុនេះខ្ញុំថា … រឿងបូកសរុប វាមានច្រើនជ្រុង … យកសូចនាករជ្រុងណា វាបានលទ្ធផលហ្នឹង។ តែការពន្យល់បកស្រាយរបស់គាត់ (ហាក់ដូចជា)វាយអួ(សរុប)ពេក … អញ្ចឹង យើងបានសួរដេញដោលគ្នារឿងសិក្សាទេ។ រឿងនេះត្រូវបានគេយកទៅ(វែកញែកបន្ត) … ខ្ញុំឃើញ។ ខ្ញុំថាគួរបញ្ចប់ទៅ(ការវែកញែក)តាម Facebook។
(៥៤) “រៀនសប្បាយនឹងជីវិត កុំស្ដ្រេសពេក … កុំវិភាគក្នុងទស្សនៈចង្អៀតពេក”
ការបញ្ចេញមតិ ខ្ញុំក៏ទទួល។ រដ្ឋាក៏ទទួលថាអត់មានអីទេ។ ខ្ញុំថាអូនឯងមានអារម្មណ៍យ៉ាងម៉េច? គាត់ថាអត់មានអីទេ។ គាត់សប្បាយចិត្តវិញទេ ដែលគេយកប្រធានបទនេះទៅជជែកវែកញែក។ ខ្ញុំក៏បានឃើញទស្សនៈទាំងសងខាង … ខ្ញុំនិយាយរឿងជិះទូកទេតើ។ ខ្ញុំមិនដឹងថាហ្នឹងជារឿងរបស់ រដ្ឋា ទេ។ បងប្អូនខ្លះថា នេះជាការបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិយោបល់របស់បណ្ឌិត។ ខ្ញុំថា “អឺ! ចប់បាត់ហើយ”។ គ្រាន់តែថ្ងៃសៅរ៍ចង់និយាយរឿងជិះទូក និយាយពីរឿងគុណធម៌ ស្អីៗ ភ្ជាប់ឯងទៅជាមួយអីផ្សេង។ សូមកុំយកដាក់ខ្លួនខ្លាំងពេក។ ស្ដ្រេសណាស់។ ពេលខ្លះទាល់តែរៀនសប្បាយនឹងជីវិត។ កុំស្ដ្រេសខ្លាំងពេក។ ខ្ញុំធ្លាប់ហើយ។ ស្ដ្រេសក៏តែប៉ុណ្ណឹង។ បញ្ហានៅតែប៉ុណ្ណឹង។ កាលនៅរៀន មានមិត្តភក្តិខ្ញុំម្នាក់បាន A+។ មុនប្រឡងធំ ពួកម៉ាកខ្ញុំហ្នឹងទាត់សី នៅពេលដែលគ្រប់គ្នារៀនទល់ម៉ោង១ ម៉ោង២ ម៉ោង៥ ភ្លឺ។ ព្រឹកឡើងខួរក្បាលឡើងណែន។ ម្នាក់ហ្នឹងទាត់សី។ វារៀនមុនទៅទាត់សី។ អញ្ចឹងវាធូរ។ ពេលខ្លះកុំស្ដ្រេសពេក។ កុំវិភាគនៅក្នុងទស្សនៈចង្អៀតពេក។
(៥៥) អ្នកស្រាវជ្រាវត្រូវទទួលខុសត្រូវ “មិនល្មើសច្បាប់ និងកំណត់នូវតម្លៃរបស់ខ្លួន”
ខ្ញុំសួរទៅថា “ចុះម៉េចទៅ?”។ គេថា “បង! ខ្ញុំភ្ញាក់។ មានអ្នកខ្លះ ទូរស័ព្ទមកប្រាប់ខ្ញុំថា រដ្ឋា ឯងប្រយ័ត្នខ្លួន។ តិចទៀតអាជីព រដ្ឋា ឯងនឹងបាត់ហើយ។ ត្រូវគេបិទហើយ”។ ខ្ញុំថា “បងគ្រាន់តែបញ្ជាក់។ បងមិនដឹងថា ម៉េចទេ ប៉ុន្តែសម្រាប់រដ្ឋាភិបាល (ប្អូនមិនមានអ្វីត្រូវបារម្ភទេ)” ព្រោះ ទី១ គាត់វិភាគផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ ផ្អែកលើសូចនាកររបស់គាត់ គាត់មិនបានទៅបំផុសបំផុល ឬបង្ហាញអីញុះញង់ រញ៉េរញ៉ៃ។ អត់មានខុសទេ។ ទី២ ជារបកគំហើញរបស់គាត់។ ខ្ញុំគ្រាន់តែសួរថា តើផ្អែកលើអីបានជាចេញការសន្និដ្ឋានហ្នឹងតែប៉ុណ្ណោះ។ ខ្ញុំប្រាប់ថា “រឿងអ្នកស្រាវជ្រាវ ត្រូវទទួលខុសត្រូវខ្លួនឯង។ ទី១ កុំឱ្យល្មើសច្បាប់ រញ៉េរញ៉ៃ តែទី២ ប្អូនជាអ្នកកំណត់នូវតម្លៃខ្លួនឯង។ បើយើងជាបណ្ឌិតស្រាវជ្រាវ ដាក់សូចនាករអត់ច្បាស់លាស់ ចេះតែនិយាយពីអារម្មណ៍ គ្មាននរណាស្តាប់ប្អូនឯងទេ”។ អ្នកមើលហ្នឹងក៏មានបញ្ញវន្តច្រើនដែរ។ គេក៏ដឹងដែរ។ បើតាំងខ្លួនជាបញ្ញវន្ត មិនបាច់ចាំនរណាធ្វើទេ តែបាត់ប្រជាប្រិយភាព បាត់ការទុកចិត្ត ប្អូនឯងចេះតែនិយាយអត់មានហេតុផល គេនឹង(មិន)ជឿ។ បើនិយាយទៅប៉ះអ្នកនោះអ្នកនេះ ធ្វើឱ្យគេមានបញ្ហា អ្នកឯងទទួលខុសត្រូវ។
(៥៦) ជាអ្នកស្រាវជ្រាវ ប្រកាន់ខ្ជាប់គោលការណ៍របកគំហើញ មិនវិភាគស៊ីអារម្មណ៍ តែផ្អែកលើវិទ្យាសាស្ត្រ
ការបញ្ចេញមតិ គេឡងមតិមកវិញ ហ្នឹងក៏ជាសិទ្ធិរបស់គេ។ ធ្វើទៅ។ គាត់ក៏អត់មានបញ្ហាអីទេ។ និយាយរួម ពេលខ្លះ សាមីខ្លួនអត់មានអីទេ ដល់ពេលអ្នកដែលអត់សាម៉ីខ្លួន វិភាគបែកម៉ាំទៅវិញ។ វិភាគយូរៗទៅ គឺទៅជាតតាំងគ្នាចុះឡើង។ ខ្ញុំថា គួរបញ្ចប់សង្គ្រាម(វែកញែកហ្នឹង)ទៅ។ យើងស្វែងយល់ពីការបញ្ចេញទស្សនៈ … ជាការលើកទឹកចិត្ត ខ្ញុំថា បញ្ចេញមតិទៅ ហើយវិធីសាស្ត្រនិយាយវាក៏ខុសគ្នា។ អ្នកខ្លះនិយាយទន់។ សូម្បីតែខ្ញុំមួយពុកហ្នឹងក៏អញ្ចឹងដែរ គាត់តែងតែនិយាយថា ខ្ញុំនិយាយញញឹមរហូត។ បើមិនញញឹមរហូតម៉េច បើកាត់ទៅម៉ែ។ គាត់មានប្រសាសន៍ចេញមក … បងប្អូនដឹងហើយ។ ខ្ញុំអត់ហ៊ានបកស្រាយ ល្ងាចហ្នឹងទៅបាយផ្ទះគាត់ផង។ សិល្ប៍វិធីនៅក្នុងការនិយាយ (និងការអះអាង)ទឡី្ហករណ៍ ប៉ុន្តែផ្អែកលើស្ថានភាពជាក់ស្តែងគាត់ធ្វើទៅ តែប្រកាន់ខ្ជាប់គោលការណ៍ជាអ្នកស្រាវជ្រាវ ប្រកាន់ខ្ជាប់របកគំហើញ កុំវិភាគស៊ីអារម្មណ៍ តែវិភាគផ្អែកលើវិទ្យាសាស្ត្រ …
(៥៧) បណ្ឌិតកិត្តិយស និងបណ្ឌិត Academic ផ្តល់ផលដល់សង្គម ឬមួយចូលរួមចែករំលែកសមត្ថភាព
ខ្ញុំបានណែនាំដែរឱ្យមើលការប្រើពាក្យសម្តី កុំមើលងាយមនុស្ស។ កុំយកទឡី្ហករណ៍១ ឬ២ ទៅបកស្រាយប៉ះដល់អ្នកផ្សេង។ តែថា ចុះ ឧកញ៉ា បណ្ឌិត … នៅប្រទេសផ្សេងក៏មាន ឧទាហរណ៍ នៅម៉ាឡេស៊ី មាន Datuk, Tan Sri, Professor។ ពេលខ្លះគេដាក់ដើម្បីជាងារកិត្តិយស។ បណ្ឌិតគឺតំណាងទៅលើភាពចេះដឹង ឬរបកគំហើញដែលជួយ(ដល់សង្គម)។ Bill Gates អត់រៀនចប់ពី Harvard ក៏បានបណ្ឌិតកិត្តិយសពី Harvard ដែរ។ វាមិនសំដៅថាទាល់តែអ្នកអង្គុយសរសេរនិក្ខេបបទ ទើបបានបណ្ឌិតទេ។ ហ្នឹងបណ្ឌិតតាមសាលា តាមការសិក្សា។ បណ្ឌិតកិត្តិយស បានន័យថា (ធ្វើឱ្យមាន)លទ្ធផលក្នុងសង្គម។ មួយលទ្ធផលជា Academic មួយលទ្ធផលដែលផ្តល់ទៅដល់សង្គម ឬមួយក៏ការចូលរួមសមត្ថភាពដែលចែករំលែក។ នេះគេហៅថាបណ្ឌិត។ សូម្បីតែព្រះសង្ឃ ពេលដែលសឹកទៅ ក៏គេហៅ អន្ទិត។ ខ្ញុំករុណាខ្ញុំក៏អន្ទិតដែរ។ ភ្លេចងារជាសង្ឃ។ បួសបានមួយអាទិត្យដែរ។ អ្នកចេះដឹង។ ងារអញ្ចឹង។ យើងប្រើសូចនាករវាយតម្លៃឱ្យច្បាស់។ បើយើងជាអ្នកស្រាវជ្រាវ កុំវាយអួ ឱ្យមានទឡី្ហករណ៍ច្បាស់។
(៥៨) សូមឈប់ភ្ជាប់ «អ្នកចែវទូកនិងបណ្ឌិត» ជាមួយសិទ្ធិសេរីភាពបញ្ចេញមតិរបស់អ្នកចេះដឹង
អញ្ចឹងបានសុំឈប់ រឿងយកទៅភ្ជាប់ជាមួយសិទ្ធិសេរីភាពការបញ្ចេញមតិរបស់អ្នកចេះដឹង។ មិនអញ្ខឹងទេ។ យើងលើកទឹកចិត្ត។ ខ្ញុំមិនសួរយោបល់ត្រឹមអ្នកសេដ្ឋកិច្ចទេ។ រឿង SME ខ្ញុំសួរទាំងបណ្ឌិតនៅរាជបណ្ឌិត្យសភាក៏មាន ឱ្យក្រុមការងារចុះទៅសួរផ្ទាល់នៅផ្សារទួលទំពូងនៅកន្លែងលក់ក៏មាន សួរតាម Facebook ក៏មាន ឯអ្នកដែលមានចំណេះដឹង យើងស្វាគមន៍បើក។ រឿងបណ្ឌិត និងអ្នកចែវទូកនេះ សម្រាប់ខ្ញុំសន្មត់ថាចប់តែប៉ុណ្ណេះ។ អត់មានចេតនាសំដៅទៅលើ លោក ញ៉ិល រដ្ឋា ឬមួយក៏ស្អីទេ ព្រោះខ្ញុំអត់ទាំងដឹងពីគាត់ផង។ សំខាន់ គឺសំដៅទៅលើគុណធម៌ ឥរិយាបថ ចរិយាធម៌របស់មនុស្ស និងអ្នកចេះដឹង។ រឿងហ្នឹង មិនមែនតែរឿងទើប លីពូ បង្កើតទេ។ រឿងហ្នឹងមាននៅក្នុងអក្សរសាស្ត្រចិន និងអក្សរសាស្ត្រមួយចំនួន។ បានន័យថា វាមាននៅក្នុងគ្រប់សង្គម។ សង្គមមនុស្សវាមានអញ្ចឹង បានគេអប់រំមនុស្សឱ្យមានភាពរាបសារឬ Humble ដែលស្លោកខ្មែរថា “ងើយស្កក ឱនដាក់គ្រាប់”។
(៥៩) “រៀនមិនអស់ រៀនទៀត ដើម្បីជោគជ័យ” … រៀន Soft Skills ដើម្បីលើកទឹកចិត្តខ្លួនឯង និងលើកទឹកចិត្តអ្នកផ្សេង
(រៀន)អត់ចេះអស់ទេ។ រៀនតទៅទៀតដើម្បីជោគជ័យ។ ពាក្យជោគជ័យហ្នឹង ខ្ញុំឃើញអ្នកខ្លះឱ្យតែលឺជោគ ជ័យហ្នឹង ចេះតែសើច។ កុំ។ កាលមុន វាជាប់ជាមួយរឿងគ្រូជោគជ័យរឿងអី។ រឿងកន្លែងនេះ មិនមែនតែនៅក្នុងស្រុកខ្មែរទេ។ គ្រូជោគជ័យភាគច្រើនបង្រៀនពី Soft Skills។ នៅស្រុកណាក៏ដោយ មុខវិជ្ជាហ្នឹងត្រូវប៉ាន់ណាស់ Soft Skills ហ្នឹង។ សុទ្ធតែ CEO ទៅរៀន។ រៀនដើម្បីចេះជំរុញលើកទឹកចិត្តខ្លួនឯង ហើយចេះមកលើកទឹកចិត្តអ្នកផ្សេង។ ជំរុញចំណេះដឹងក្នុងខ្លួនមាន ប៉ុន្តែពេលខ្លះ ទាល់តែរកគន្លឹះក្នុងការរុញ រុញទាំងខ្លួនឯង ទើបរវាងអ្នកធ្វើការត្រឹមម៉ោង៤ ត្អូញថាហត់ ជាមួយអ្នកធ្វើការទាល់ម៉ោង ១២យប់ ហើយមិនហត់។ ខុសគ្នាត្រង់ហ្នឹង។ រវាងដាក់ការងារទៅ យកឧបសគ្គដាក់មុខ ចាញ់គេ ៤៨ម៉ោងបាត់ នៅពេលដែលអ្នកផ្សេងទៀត គេច្នៃ។ ចំណុចបន្តិចៗ ហ្នឹង គឺជាឥរិយាបថនៃភាពជោគជ័យ។ អញ្ចឹងសូមបញ្ចប់។ រឿងបណ្ឌិតនិងអ្នកចែវទូកក៏ចប់។ បូកជាមួយនិងការចូលរួមអបអរសាទរថ្ងៃនេះ ដូចចង់ស៊ីម៉ោងដែរ។ ចង់បែកញើសហើយ។ តែខ្ញុំមិននិយាយរឿងគោលនយោបាយអប់រំអីទេ គ្រាន់តែការបំប៉នចែករំលែកមួយចំនួនសម្រាប់បងប្អូនស្តាប់ទៅ។ កំប្លែងលេងទៅ។ បើទទួលបានយកទៅចុះ បើយកមិនបានក៏ហីចុះ។ ស្ថានភាពខុសគ្នា។ អ្វីដែលខ្ញុំប្រាប់ជាអ្វីដែលខ្ញុំធ្វើបានជោគជ័យមកដល់ម៉ោងនេះ ហើយក៏មិនមែនជោគជ័យគ្រប់ពេលដែរ។ ចែករំលែកទាំងអស់គ្នា។ ប្រធានបទដែលលើកក្នុងពេលទទួលសញ្ញាបត្រ និងដែលប្អូនៗបញ្ចប់មួយជំហាននៃជីវិត ចេញទៅធ្វើការ ឬរៀនបន្ត គឺមានតែប៉ុណ្ណឹង។
ជាថ្មីម្តងទៀត សូមអបអរសាទរ ថ្វាយប្រគេនព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ចំពោះនិស្សិត ទាំងអស់ដែលបានទទួលជ័យលាភីថ្ងៃនេះ ក៏ដូចជាអាណាព្យាបាល ក៏សូមជូនពរ និងថ្វាយប្រគេនពរនិងជូនពរជូនព្រះតេជព្រះគុណទាំងអស់ ក៏ដូចជានិស្សិតយើងទាំងអស់ ឱ្យទទួលបានជោគជ័យបន្តទៀត នៅក្នុងការសិក្សា ក្នុងការងារ និងក្នុងដំណើរជីវិតរបស់ខ្លួន។ សូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ឱ្យទទួលបាននូវជោគជ័យ ទទួលបានសុខភាពល្អ និងរួមគ្នាដើម្បីកសាងប្រទេសយើង ក្រោមម្លប់សន្តិភាព កសាងអភិវឌ្ឍន៍ប្រទេសយើង ដើម្បីកាន់តែសំបូរសប្បាយ រឹងមាំទាំងអស់គ្នា។
ថ្ងៃនេះ សម្រាប់និស្សិតជ័យលាភី ១,៥០០នាក់ ម្នាក់ៗ ទទួលថវិកា ៥០,០០០រៀល។ ដោយឡែក មាន់គុម្ពឫស្សី កន្លែងហ្នឹង ខ្ញុំមានប្រវត្តិម្តង។ មាន់ហ្នឹងឆ្ងាញ់ តែម្តងហ្នឹង។ ខ្ញុំជិះម៉ូតូពីព្រះវិហារម្តងមកឈប់នៅអង្គរវត្ត ហើយឱ្យគេទិញមាន់ពីម្លប់ឫស្សីយកទៅហូប ហើយជិះមកដល់កំពង់ធំ។ យើងគិតថា យើងម្នាក់ឯងងងុយដេក ដល់ឈប់ម៉ូតូ គ្រប់គ្នាងងុយដេកទាំងអស់។ បានសួរថាគេដាក់ស្អី? ឱ្យកាន់តែឆ្ងាញ់។ តែ ទៅចុះ។ អត់មានអីទេ។ ខ្ញុំអត់ថាអីទេ។ ហូបជំនួសខ្ញុំផង។ ហើយជួបជុំគ្រួសារ។ សម្រាប់ជូននិស្សិតស្ត្រីមានផ្ទៃពោះ ១៣នាក់ ម្នាក់ៗថវិកា ១លានរៀល អត់មានអ្នកណាមានភ្លោះទេ? បើភ្លោះ ២នាក់ ជូន ២លាន ដែលជាកម្លាំងចលករបង្កើនប្រជាជនឱ្យច្រើន។ ប្អូនៗ ស្រីៗ បើថាគ្រួសារសុំមានកូនបន្ថែមអី សូមគិតថាចិត្តល្អឱ្យគ្នាទៅ កុំឱ្យដូចបង ចរចាបានតែ៣។ ចំពោះនិស្សិតចូលរួមក្នុងអង្គពិធី ១,៣០០នាក់ ម្នាក់ៗថវិកា ២០,០០០រៀល។
ជូនសាស្ត្រាចារ្យ បុគ្គលិកសរុប ៣៨៧នាក់ ម្នាក់ៗ ថវិកា ១០,០០០រៀល។ ជូនសាកលវិទ្យាល័យ (South-East Asia) ថវិកា ១០លានរៀល។ គ្រូពេទ្យប្រចាំពិធី ៣លានរៀលផងដែរ៕

