ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា;
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល;
គណៈធិបតី ភ្ញៀវកិត្តិយស និងអង្គពិធី ជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្ស ដែលបានមកចូលរួមក្នុង «ពិធីសម្ពោធជាផ្លូវការរោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)» ជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា, និងឯកឧត្តម លោកជំទាវ លោក លោកស្រី នាពេលនេះ។ ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើន ឆាប់រហ័ស, ព្រមទាំង បង្ហាញពីទំនុកចិត្ត និងភាពជឿជាក់ របស់វិនិយោគិន, ទាំងខ្មែរ និងបរទេស, មកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋចិន ដែលតែងតែបានចូលរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជាលើគ្រប់វិស័យ និងនៅគ្រប់កាលៈទេសៈ តាមរយៈ ការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើន, រួមទាំង ការដាក់ទុនវិនិយោគយ៉ាងសន្ធឹកក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង, ក្រុមហ៊ុន គីមស៍រ៉ាប់ប៊ើរ (ខេមបូឌា) របស់ចិន បានបោះទុនវិនិយោគសរុបប្រមាណ ៣០ លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូនេះ លើផ្ទៃដីជិត ១៥ ហិកតា ដែលមានសមត្ថភាពផលិតជ័រកៅស៊ូសរុបប្រមាណ ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ, ព្រមទាំងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាសន្ធឹកសន្ធាប់, ក្នុងនោះ ការងារផ្ទាល់ ប្រមាណ ៣០០នាក់ និងការងារប្រយោល (អ្នកចៀរជ័រកៅស៊ូ)ប្រមាណជាង៥ម៉ឺននាក់។
ក្នុងន័យនេះ, ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមប្រឹក្សាភិបាល ថា្នក់ដឹកនាំ និងបុគ្គលិក របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីបង្កើតរោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុបសម្រាប់ធ្វើការនាំចេញ និងផ្គត់ផ្គង់ជ័រកៅស៊ូដល់រោងចក្រនានានៅក្នុងស្រុក សម្រាប់ផលិតសំបកកង់ និងសម្ភារៈផ្សេងៗទៀត។ ជាមួយនេះ, ខ្ញុំសូមស្វាគមន៍ និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោង សាងសង់ រោងចក្រផលិតកែច្នៃកៅស៊ូទី២ ក្នុងខេត្តរតនគិរី របស់ ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ជាមួយទុនវិនិយោគសរុប ៣០ លានដុល្លារអាមេរិក, និងមានសមត្ថភាពផលិតជ័រកៅស៊ូចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចគម្រោងទី១ ផងដែរ។
ទន្ទឹមនេះ, ខ្ញុំក៏សូមចូលរួមអបអរសាទរ វិនិយោគិន ធុរជន និងប្រជាពលរដ្ឋ ជាពិសេស ក្នុងខេត្តត្បូងឃ្មុំ ចំពោះ សមិទ្ធផលថ្មី គឺ រោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ ដែលនឹងចូលរួមលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ និងផលចំណេញរបស់វិនិយោគិន និងធុរជនក្នុងស្រុក តាមរយៈ ការពង្រីកទីផ្សារជ័រកៅស៊ូ, ការបង្កើតការងារ, និងការកាត់បន្ថយការពឹងផ្អែកលើឈ្មួញកណ្តាល។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្រ្តបញ្ចកោណ–ដំណាក់កាល ទី១» ដោយសម្លឹងឆ្ពោះទៅសម្រេច «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្រ្តនេះ, រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ និងមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា, ខណៈដែលការកែច្នៃផលិតផលកសិកម្ម ត្រូវបានចាត់ទុកជាការងារអាទិភាព ដើម្បី បង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិ, លើកកម្ពស់ភាពប្រកួតប្រជែង, បង្កើតការងារ, និងលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបាននិងកំពុងខិតខំកែលម្អបរិយាកាស ធុរកិច្ច និងវិនិយោគ នៅកម្ពុជា ដែលបានសម្រាលបន្ទុកអាជីវកម្ម ជាបន្តបន្ទាប់, និងសម្រួលប្រតិបត្តិការអាជីវកម្ម ជាលំដាប់។
ទន្ទឹមនេះ, រាជរដ្ឋាភិបាលបានដាក់ចេញ, និងកំពុងជំរុញការអនុវត្ត គោលនយោបាយ និងផែនការសកម្មភាព ក្នុងវិស័យកសិកម្ម និយាយជារួម, និងអនុវិស័យកសិ-ឧស្សាហកម្ម និយាយដោយឡែក, សម្រាប់ជំរុញការកែច្នៃផលិតផលកសិកម្ម សំដៅប្រែក្លាយពីការនាំចេញវត្ថុធាតុដើមទាំងស្រុង ឱ្យទៅជាការកែច្នៃវត្ថុធាតុដើមក្នុងស្រុកទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបម្រើដល់ការនាំចេញ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ដើម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈ ការកែលម្អខ្សែច្រវាក់ផលិតកម្មកសិកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកសិកម្ម, ការផ្តល់ឥណទានសម្បទាន, ការសម្រួលដល់កសិពាណិជ្ជកម្ម, ការកែទម្រង់ការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល, ការពង្រឹងអភិបាលកិច្ចស្ថាប័ន, និងការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យកសិកម្ម។
ជាមួយនេះ, រាជរដ្ឋាភិបាលបន្តចាត់ទុកកៅស៊ូជាដំណាំយុទ្ធសាស្រ្ត ដោយបានដាក់ចេញ ផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជា ២០១១-២០២០, និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍកៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីលើកកម្ពស់សក្តានុពលដំណាំកៅស៊ូ ឱ្យដល់កម្រិតសក្តានុពល, ទាំងបរិមាណ និងគុណភាព, និងធ្វើឱ្យប្រសើរទ្បើងនូវខ្សែច្រវ៉ាក់តម្លៃផលិតផលកៅស៊ូ ប្រកបដោយ ទំនុកចិត្ត និងភាពប្រកួតប្រជែង។
ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា ប្រកបដោយភាពប្រកួតប្រជែងខ្ពស់ តាមរយៈ ការពង្រឹង ប្រសិទ្ធភាព ភាពធន់ ពិពិធភាព និងនវានុវត្តន៍, ខ្ញុំសូមផ្តល់ជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនិង រដ្ឋបាលថ្នាក់ក្រោមជាតិ ជំរុញការអនុវត្ត គោលនយោបាយជាតិអភិវឌ្ឍ វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍកសិ-ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៩-២០៣០, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍកៅស៊ូជាតិឆ្ពោះទៅឆ្នាំ២០៣០, ព្រមទាំងត្រូវពន្លឿនការរៀបចំច្បាប់ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីបង្កើនទំនុកចិត្តរវាង កសិករ និងក្រុមហ៊ុនប្រមូលទិញ។ ជាមួយនេះ, ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវផ្តល់កិច្ចសហការជិតស្និទ្ធដល់ក្រុមការងារជំរុញការវិនិយោគ ក្នុងភូមិភាគឦសាន ដើម្បីជំរុញការអនុវត្តកម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ប្រកបដោយភាពស័ក្តិសិទ្ធ, ប្រសិទ្ធភាព, តម្លាភាព និងគណនេយ្យភាព។
ទី២. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងក្រសួងពាណិជ្ជកម្ម ត្រូវបន្តសហការគ្នាជិតស្និទ្ធ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីលើកកម្ពស់ឧស្សាហកម្មប្រតិគមន៍ (Backward Linkages)។ ក្នុងន័យនេះ, ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) អាចពិនិត្យលទ្ធភាពចាប់ដៃគូជាមួយក្រុមហ៊ុន ឬ សិប្បកម្មក្នុងស្រុក ដើម្បីពង្រីកការប្រើប្រាស់ផលិតផល និងវត្ថុធាតុដើម ដែលមានស្រាប់ក្នុងស្រុក, ក្នុងនោះ ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) អាចពិនិត្យលទ្ធភាពចុះកិច្ចសន្យាកសិកម្ម (Contract Farming) ជាមួយសហគមន៍កៅស៊ូគ្រួសារ ដើម្បីធានាបាននូវការផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយស្ថិរភាព និងក្នុងតម្លៃសមរម្យ។
ទី៣. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងក្រសួងពាណិជ្ជកម្ម ត្រូវសហការគ្នាជិតស្និទ្ធ បន្តធ្វើទំនើបកម្មខ្សែច្រវាក់ផលិតកម្មកៅស៊ូ ដោយផ្តោតលើការផ្ទេរបច្ចេកវិទ្យាដំណាំកៅស៊ូ, ការអភិវឌ្ឍសហគមន៍កសិកម្មកៅស៊ូគ្រួសារ, ការធ្វើពិពិធកម្មផលិតផលកៅស៊ូ, និងការពង្រឹងតម្លៃផលិតផលកៅស៊ូ ដើម្បីបង្កើនផលិតភាពកៅស៊ូធម្មជាតិសម្រាប់ការផ្គត់ផ្គង់សកម្មភាពផលិត និងកែច្នៃក្នុងស្រុក, ក៏ដូចជា ការបម្រើឱ្យការនាំចេញ ជាពិសេស ការជ្រៀតចូលទីផ្សារអន្តរជាតិឱ្យបានជាអតិបរមា តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងក្របខ័ណ្ឌអនុគ្រោះពាណិជ្ជកម្ម ដែលមានស្រាប់។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ចំណូលពីការលក់កៅស៊ូដល់អ្នកប្រើប្រាស់ក្នុងស្រុកកើនឡើង
តាមរបាយការណ៍ដែលខ្ញុំបានទទួល(ស្តីពី)ការងារក្នុងវិស័យកសិកម្ម ឃើញថា បើប្រៀបធៀបនឹងឆ្នាំ២០២៥ (អំពី)ការនាំចេញ ចំណូលសរុបនៃការលក់ផលិតផលមាន ៨៣៣លានដុល្លារ គឺកើនឡើងប្រមាណ២៤% ធៀបនឹងឆ្នាំ២០២៤។ (កំណើននេះ)មួយផ្នែក គឺដោយសារតម្លៃកៅស៊ូឡើង។ ឥឡូវបើយើងមើលផ្ទៃដីដាំដុះក៏មានការកើនឡើង អញ្ចឹងមានបរិមាណនិងគុណភាព។ អ្វីដែលខ្ញុំចាប់អារម្មណ៍នោះ គឺបានឃើញថាចំណូលពីការនាំចេញជ័រកៅស៊ូមានប្រមាណ ៦០៤លានដុល្លារ (ឬ)ថយចុះ៩,១% សម្រាប់ការនាំចេញ ប៉ុន្តែចំណូលពីការលក់កៅស៊ូក្នុងស្រុកមានប្រមាណ ២២៣លានដុល្លារ ឬកើនឡើង១៣១%។ នេះបានន័យថា ការលក់កៅស៊ូបានបម្រើ(ដល់អ្នកប្រើប្រាស់ក្នុងស្រុក)ជាជាងនាំចេញទៅក្រៅ។ យើងលក់នៅក្នុងស្រុក ហើយបំពេញតម្រូវការផលិតផលក្នុងស្រុក។ នេះជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្ម។
(២) គោលដៅគឺរក្សាបានតម្លៃបន្ថែមក្នុងស្រុក តាមរយៈការកែច្នៃពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច
ការអភិវឌ្ឍវិស័យកសិកម្មមានដំណាក់កាលរបស់វា។ ដំបូងការផលិតនិងនាំចេញវត្ថុធាតុដើម, បន្ទាប់មកគឺការនាំចេញនិងផលិតពាក់កណ្ដាលសម្រេច និងទី៣ គឺផលិតផលសម្រេច ដែលជំរុញឱ្យមានកសិ-ឧស្សាហកម្ម ។ គោលដៅសំខាន់គឺរក្សាតម្លៃសរុប តម្លៃបន្ថែមនៅក្នុងប្រទេស។ បើយើងផលិតនិងនាំចេញតែវត្ថុធាតុដើមទៅក្រៅ ទៅដល់ប្រទេសផ្សេងគេយកទៅកែច្នៃ ច្រកបាវវាយផ្លាក(ផលិតដោយ)ស្រុកគេ តម្លៃវា(កើន)តាមហ្នឹង។ ដោយហេតុនេះ ផលនិងតម្លៃទៅដល់កសិករក៏វាបានតិច។ គោលដៅធំសម្រាប់យើង គឺរក្សា(បានតម្លៃបន្ថែម)នៅក្នុងស្រុក តាមរយៈការកែច្នៃជាវត្ថុពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច។ ប្រសិនបើយើងអាចជំរុញការកែច្នៃឱ្យបាននៅនឹងកន្លែង មិនត្រឹមតែកសិកម្ម គឺកសិ-ឧស្សាហកម្ម បានន័យថា មិនមែនតែកសិករ ឬម្ចាស់ចំការ ម្ចាស់ស្រែទេ ប៉ុន្តែអ្នកដែលធ្វើការក្នុងរោងចក្រកែច្នៃ បង្កើតការងារដឹកជញ្ជូនផ្សេងៗ គឺជាខ្សែច្រវាក់ផលិតកម្មដែលយើងចង់បាន។ បើផ្អែកទៅលើទិន្នន័យ យើងឃើញថាកើនឡើង ២៤% នេះ។
(៣) រោងចក្រផលិតកង់រថយន្តក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក មិនចាំបាច់នាំកៅស៊ូពីក្រៅប្រទេស
កាលពីពីរឆ្នាំមុន ខ្ញុំបានសួរឯកឧត្តម ស៊ុន ចាន់ថុល រោងចក្រផលិតកង់ឡាននៅស្រុកយើងប្រើប្រាស់វត្ថុធាតុដើមពីក្រៅច្រើន (និងប្រើប្រាស់វត្ថុធាតុដើម)ក្នុងស្រុកតិច។ តែឥឡូវ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ យើងបានភ្ជាប់កិច្ចការ(ឲ្យមានការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក)នេះ។ កាលពីឆ្នាំ២០២៤ ខ្ញុំបានឱ្យឯកឧត្តម ឌិត ទីណា និងឯកឧត្តម ស៊ុន ចាន់ថុល សិក្សាជាមួយសហគមន៍ផលិតកៅស៊ូ រួមទាំងក្រុមហ៊ុនផលិតកង់ឡានថា តើយើងធ្វើយ៉ាងណាដើម្បីភ្ជាប់ខ្សែច្រវាក់ហ្នឹង ដោយមិនចាំបាច់នាំកៅស៊ូពីថៃពីអីមកទៀត។ កាលនោះ យើងនាំចូលកៅស៊ូពីថៃចង់៣០%។ ឯកៅស៊ូក្នុងស្រុក យើង(នាំ)ចេញតាមច្រកផ្សេង។ អត់ចូលក្នុងរោងចក្រ(ក្នុងស្រុកទេ)។ ធ្វើយ៉ាងម៉េចភ្ជាប់គ្នា … ព្រោះមានរបស់(វត្ថុធាតុដើម)នៅក្នុងប្រទេសហើយ ចាំបាច់ទៅដឹកពីក្រៅរាប់រយគីឡូមកធ្វើស្អី។ (វាទៅជា)របស់/វត្ថុធាតុដើមនៅក្នុងប្រទេស (បែជា)រុញទៅក្រៅ។ ពិតហើយថា កៅស៊ូមានកម្រិតរបស់វា។ កៅស៊ូប្រភេទខ្លះមានកម្រិតខ្ពស់ ដូចជាប្រភេទ L ប្រភេទអីអញ្ចឹងទៅ គេត្រូវនាំចេញ។ ឯប្រភេទមួយចំនួនទៀត អាចប្រើសម្រាប់រោងចក្រកង់ឡាន។ យើងភ្ជាប់យ៉ាងណាឱ្យសហគមន៍ជាមួយរោងចក្រ អាចផលិតបានជាមួយគ្នា។
(៤) ការដាំដុះក្នុងស្រុកធានាសន្តិសុខស្បៀងជាបឋម និងអាចជួយធានាមួយផ្នែកដល់សន្តិសុខស្បៀងក្នុងតំបន់
ខ្ញុំបានទទួលរបាយការណ៍ពី CDC របាយការណ៍ពីឯកឧត្តម ស៊ុន ចាន់ថុល ថា កាលពីអាណត្តិមុនដូចគ្នា មានការកើនឡើងជាបន្តបន្ទាប់ ហើយក្នុងរយៈពេល២ ឬ៣ឆ្នាំនេះ ក៏មានការប្រើប្រាស់កៅស៊ូក្នុងស្រុកផលិតជាផលិតផលនាំចេញ។ វាជាគោលដៅសំខាន់ ហើយក៏មិនមែនតែកៅស៊ូមួយដែរ។ កៅស៊ូជាដំណាំយុទ្ធសាស្រ្តមួយ។ យើងមានដំណាំយុទ្ធសាស្រ្តច្រើនទៀត ដែលក្រសួងកសិកម្ម ក្រសួងឧស្សាហកម្ម ក្រសួងពាណិជ្ជកម្ម ត្រូវគិតគូរជាមួយគ្នា ដើម្បីបង្កើនផលិតភាព និងតម្លៃបន្ថែមជូនទៅដល់កសិករ។ ការដាំដុះនៅក្នុងស្រុក ដែលជាការផលិតវត្ថុធាតុដើម វាចាំបាច់ណាស់ជាបឋមគឺធានាសន្តិសុខស្បៀង។ រឿងស្វាយចន្ទីនិងដំណាំមួយចំនួន មិនអាចច្នៃដាក់កំប៉ុង ឬនាំចេញទាំងអស់ទេ ត្រូវបំរើការហូបក្នុងស្រុកខ្លះ ដើម្បីធានាសន្តិសុខស្បៀងនៅខាងក្នុង។ យើងក៏ដើរតួជាអ្នកអាចជួយធានាសន្តិសុខស្បៀងក្នុងតំបន់មួយផ្នែក។
(៥) ជួយកសិករឱ្យបានប្រាក់ចំណេញច្រើន និងកាត់បន្ថយថ្លៃដើម ពីការដាំដុះក្នុងស្រុក
ក្រៅពីធានាសន្តិសុខស្បៀងនេះ អ្វីដែលសំខាន់ យើងត្រូវធ្វើឱ្យ (ទី១) មានតម្លៃចូលមកវិញ(return)នៃផលិតផលក្នុងដីដដែលនេះកាន់តែកើន និងចំណូលដល់កសិករកាន់តែកើន។ បានន័យថា ដីមួយហិកតាធ្លាប់តែបានចំណូល ១០០០ដុល្លារក្នុងមួយឆ្នាំ (ត្រូវរកវិធី)បង្កើនឱ្យដីមួយហិកតាដដែល កន្លែងដដែលហ្នឹង(បង្កើនចំណូល)បាន ១៥០០ដុល្លារក្នុងមួយឆ្នាំ។ ទី២ ធ្វើយ៉ាងណាកាត់(បន្ថយ)ថ្លៃ(ដើម)ផលិត។ បើក្នុងមួយហិកតាហ្នឹង ប្រើដើមទុនអស់៨០០ ក្នុងការដាំ ទម្រាំបានប្រមូលផល។ ត្រូវធ្វើយ៉ាងណាឱ្យ(ដើមទុន)ថយទៅត្រឹម៦០០ … កន្លងទៅ មានការចរចារកវិធីដោះស្រាយតម្លៃភ្លើងផង មិនយកពន្ធផង, ធ្វើផ្លូវផង ដើម្បី(បន្ថយថ្លៃ)ដឹកជញ្ជូន កុំឱ្យ(ថ្លៃដឹក)ទៅដល់កន្លែងលក់វាថ្លៃពេក បូកជាមួយថ្លៃជី។ ឥឡូវកំពុងចរចា។
(៦) រកវិធីសាស្រ្តផលិតជីសិរីរាង្គដោយសមត្ថភាពខ្លួនឯង
សូមអរគុណដល់រដ្ឋាភិបាលចិន ដែលបានឯកភាពជួយដោះស្រាយការងារមួយចំនួន ដើម្បីយើងអាចធ្វើ(ឱ្យជីមានតម្លៃទាប)។ ថ្ងៃមុន ខ្ញុំជួបជាមួយនឹងអ្នកឧកញ៉ា ម៉ុង ឫទ្ធី។ ខ្ញុំចាប់អារម្មណ៍ (អំពីការ)រកវិធីសាស្រ្តផលិត(ជី) ត្បិតការផលិតជីគីមីហ្នឹង ភាគច្រើនយើងយកវត្ថុធាតុដើមពីក្រៅ។ (តើការផលិតនិងផ្គត់ផ្គង់)ជីសរីរាង្គបានកម្រិតណា។ ថ្ងៃមុនបាននិយាយជាមួយនឹងឯកឧត្តម ម៉ុង ឫទ្ធី។ អ្នកកាសែតសួរច្រើនពេក ក៏បែកធ្លាយ។ ខ្ញុំបានជួបអ្នកឧកញ៉ា ម៉ុង ឫទ្ធី, អ្នកឧកញ៉ាខាង ផែ ហុកឈួន ជាប្រចាំ។ ថ្ងៃមុន ជួបជាមួយឧកញ៉ា សួរ វីរៈ។ ឲ្យតែឃើញគេផ្សាយផលិតកម្មនៃការផលិតជីនៅក្នុងស្រុក ខ្ញុំតែងតែសួរ តើក្នុងការធ្វើជីហ្នឹង ប៉ុន្មានភាគរយជាវត្ថុធាតុដើមក្នុងស្រុក? គាត់ថា ១០០% បូក ១។ ខ្ញុំសួរថាតើគ្រប់ឬទេ? មានចីរភាពឬទេ? ជួនកាល អាចផលិតផលជីសរីរាង្គបាន តែវាមិនគ្រប់(ធាតុផ្សំ និង/ឬផលិតមិនបានគ្រប់តាមតម្រូវការ)។ ឧទាហរណ៍ ជីអាចម៍គោ។ បើប្រមូលបានតែប៉ុន្មានលានតោន វាមិនអាច(ផ្គត់ផ្គង់)តម្រូវការគ្រប់ទេ។ អញ្ចឹង មានវិធីសាស្រ្តលាយជាមួយសារធាតុផ្សេងៗ ទើបអាចធានា(ឱ្យមានបរិមាណគ្រប់គ្រាន់នឹងប្រើប្រាស់)បាន។ ខ្ញុំថា (បើ)មិនអាចជំនួស១០០% ក៏បាន ឱ្យតែអាចជំនួសបាន៣០% ទៅ៤០%។ និយាយរួម (ផ្អែកលើ)សមត្ថភាពផលិតខ្លួនឯង។
(៧) រក្សាស្ថិរភាពខ្សែច្រវាក់ផលិត ធានាការដឹកជញ្ជូន តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីស្ថេរភាពថ្លៃ
(ដូច)យើង(បាន)ឃើញជាបទពិសោធ(ស្រាប់)ហើយ គ្រាន់តែវាយគ្នានៅអ៊ីរ៉ង់សោះ យើងបារម្ភអំពីការនាំចូលប្រេង និងឧស្ម័ន។ (នេះក៏)ដោយសារយើងមិនមានផលិត(កម្មប្រេងនិងឧស្ម័ន)ខ្លួនឯង។ រីឯក្នុងវិស័យកសិកម្ម បើគ្មានជីយើងពិបាកដោះស្រាយ(ឲ្យមានកំណើនផលិតផល)។ អញ្ចឹង (យើងត្រូវ)ធានាម្ចាស់ការផលិតខ្លួនឯងកម្រិតណាមួយ ធ្វើយ៉ាងណាឲ្យវត្ថុធាតុដើមមានតម្លៃទាប (ដើម្បី)នាំឲ្យការចំណាយក្នុងការផលិតរបស់កសិករក្នុងមួយហិកតា មិនថាស្វាយចន្ទី ស្រូវ ឬកៅស៊ូ កាន់តែថយ។ ដែលថាតម្លៃទីផ្សារនៃកសិផលឡើងចុះ យើងមិនអាចគ្រប់គ្រងបានទេ។ គ្មានប្រទេសណាគ្រប់គ្រងតម្លៃស្រូវមិនឲ្យឡើងឬចុះ ឆ្នាំនេះសណ្ដែកមិនឲ្យឡើងឬចុះបានទេ។ វាឡើងចុះតាមឆ្នាំ។ តែបើយើងរក្សាស្ថិរភាពនៃខ្សែច្រវាក់ផលិត បានន័យថា ធានាជីនិងធាតុផ្សំផ្សេងៗ មិនព្រួយបារម្ភពីការដាច់ស្តុក នោះតម្លៃអាចថេរបាន។ ធានាការដឹកជញ្ជូនភ្ជាប់ទៅទីផ្សារបាន ដោយការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ (ដើម្បីឲ្យមានតម្លៃ)កាន់តែទាប។
(៨) ព្រែកជីកហ្វូណន នឹងធានាចរន្ត និរន្តរភាព និងតម្លៃដឹកជញ្ជូនតាមផ្លូវទឹកកាន់តែល្អសម្រាប់កសិករ
អម្បាញ់មិញ និយាយជាមួយឯកឧត្ដមអគ្គរដ្ឋទូត(វ៉ាង វិនពីន) ខ្ញុំថា ឥឡូវការដឹក(ទំនិញធ្វើ)ពីខេត្តកំពង់ចាម ទៅកំពង់សោម ភាគច្រើនតាមឡាន ព្រោះមិនមានអ្វីភ្ជាប់។ នៅពេលដែលព្រែកជីកហ្វូណនធ្វើរួច យើងនឹងស្ដារក្លងនៅក្រចេះ កំពង់ឆ្នាំងជាដើម។ យើងសង្ឃឹមថា ការភ្ជាប់ជាមួយគ្នា (នឹងជួយឱ្យ)ការដឹកកសិផលពីនេះទៅ(នឹងអាចទៅរួច) ព្រោះការដឹកកសិផលតាមទឹកអត់ស្ទះចរាចរណ៍ទេ។ ទន្លេយើងធំ។ ខ្ញុំជឿថាបើស្ទះក៏មិនស្ទះដូចឡានដែរ។ រីឯឱកាសនៃការដែលកប៉ាល់បុកគ្នាមិនសូវមាននោះទេ។ អញ្ចឹង ការ(ដឹកជញ្ជូនតាមផ្លូវទឹក)ធានាចរន្ត និរន្តរភាព និងតម្លៃកាន់តែល្អសម្រាប់កសិករ។ បើតម្លៃដឹកជញ្ជូនទាប អ្នកទិញក៏ហ៊ានឲ្យថ្លៃដែរ។ តម្លៃសរុបគឺតម្លៃដែលអាចយកទៅប្រកួតប្រជែង ដោយបូកតម្លៃទិញពីកសិករ និងតម្លៃដឹកជញ្ជូន។ ហ្នឹងហើយដែលថាយើងបង្កើនខ្សែច្រវាក់ក្នុងស្រុក។ ជាជាងយកទៅរោងចក្រនៅក្រៅប្រទេស ដឹកកៅស៊ូពីកំពង់ចាម យកទៅរោងចក្រនៅស្វាយរៀងផលិតកង់ឡាន។ អញ្ចឹងគេ/អ្នកទិញហ៊ានឲ្យថ្លៃគួរសម។ ក្រសួងពាណិជ្ជកម្ម ក្រសួងជំនាញ ត្រូវរៀបចំការលើកទឹកចិត្តផ្សេងៗ ដើម្បីធានា(ខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងមានតម្លៃល្អសម្រាប់កសិករ)។
(៩) សូមក្រសួងកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ជំរុញសិក្សាការផលិតផលិតផលក្នុងស្រុក
ខ្ញុំគិតថា កង់ឡាន(មិន)គឺជាឧទាហរណ៍(តែ)មួយ(នៃការធ្វើឲ្យមានផលិតផលអំពីកៅស៊ូ)ទេ។ ខ្ញុំសុំឲ្យក្រសួងកសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម ជាពិសេសក្រសួងឧស្សាហកម្ម ដែលរដ្ឋមន្រ្តីមកដែរថ្ងៃនេះ (ធ្វើការ)សិក្សា។ យើងកំពុងជំរុញការផលិតផលិតផលក្នុងស្រុក។ ដូច្នេះ សូមគិតមើលអំពីខ្សែច្រវាក់និងការលើកទឹកចិត្តនេះ តើកៅស៊ូមាននៅក្នុងផលិតផលស្អីខ្លះ? តើអាចយកទៅជួយដល់សិប្បកម្មផលិតនានា ឧទាហរណ៍ ដូចជាគ្រឿងសម្ភារៈផ្ទះបាយ ចាន ស្លាបព្រាជ័រ ក្រដាស(ជាដើម និងតើការ)ដាំប្ញស្សីមួយចំនួនអាចធ្វើបានឬទេ (ដើម្បី)ភ្ជាប់(ខ្សែច្រវាក់ផ្គត់ផ្គង់)។ (តើគប្បី)លើកទឹកចិត្តកម្រិតណាដើម្បីជួយដល់ឧស្សាហកម្មក្នុងស្រុក។ អាចយក(ឧស្សាហកម្ម)កង់ឡានជាគំរូគោល។ យើងយករោងចក្រផលិតកង់ឡានមកដាក់នៅហ្នឹង។ អញ្ចឹង (ជាខ្សែច្រវាក់ផ្គត់ផ្គង់វត្ថុធាតុដើម)គាត់ទិញពីចម្ការ ធ្វើការជាមួយសហគមន៍។ ពិតណាស់ តម្លៃត្រូវចរចាមានជាកិច្ចសន្យា ហើយរដ្ឋ(ជួយធ្វើ)អ្វីដែលអាចធ្វើបាន ដូចយ៉ាងអ្វីដែលបានធ្វើជាមួយឧស្សាហកម្មមួយចំនួន ពេលមានបញ្ហាព្រំដែន។
(១០) ដើម្បីលើកទឹកចិត្តឲ្យពង្រីកផលិតកម្មក្នុងស្រុក រដ្ឋដាក់នយោបាយលើកទឹកចិត្តពន្ធមួយចំនួន
ខ្ញុំបានជំរុញឲ្យមើលនិងបង្កើនឧស្សាហកម្មយុទ្ធសាស្រ្ត ការវិនិយោគយុទ្ធសាស្រ្តមួយណាក្នុងស្រុកដែលអាចធ្វើបាន ដោយពង្រីកលទ្ធភាពក្នុងស្រុក ចាប់យកឱកាសដែលប្រជាពលរដ្ឋគាំទ្រផលិតផលក្នុងស្រុក។ ត្រូវ(ធ្វើឱ្យ)មានចីរភាពទាំងពីរ គឺទាំងផលិតផលដែលមានគុណភាព និងអ្នកទិញមានគុណភាពនិងចីរភាព … ទាំងពីរនេះកើតជាមួយគ្នា។ (ទោះបី)អ្នកចង់ទិញ/គាំទ្រយ៉ាងម៉េចក៏ដោយ បើផលិតផលអត់គុណភាព (មិនអាច)យកទៅហូប(បានទេ)។ ត្រូវតែគិតពីសុខភាពគ្រួសារ។ ក្នុងន័យនេះ យើងបានសាកល្បងរុញផលិតផលក្នុងស្រុក ដូចជាទឹកដោះគោ មី ស្ករស … ដែលរដ្ឋដាក់គោលដៅកាត់បន្ថយការនាំចូល (ពង្រីកការផលិត)ឈានទៅដល់ការកាត់ជាអតិបរមា។ ឧទាហរណ៍ ពេលដែលមានសភាពការណ៍ យើងឈប់ប្រើមីពីក្រៅ ប៉ុន្តែមីក្នុងស្រុកមានតែ២០% នៃទីផ្សារ។ អញ្ចឹង ដើម្បីលើកទឹកចិត្តឲ្យពង្រីក(ផលិតកម្ម) រដ្ឋត្រូវដាក់នយោបាយលើកទឹកចិត្តពន្ធមួយចំនួន ដើម្បីជួយសមត្ថភាពផលិតក្នុងស្រុក។ ឧទាហរណ៍ ១ឆ្នាំ ត្រូវការ ១លានកញ្ចប់ ហើយក្នុងស្រុកមានក្រុមហ៊ុន២ឬ៣ ផលិតបានតែ ២០ម៉ឺន (និងនាំចូល ៨០ម៉ឺន)។ បើយើងចង់ឲ្យថ្ងៃក្រោយមីនេះក្លាយជាផលិតផលដែលអាចកើនដល់ ៨០ម៉ឺន ហើយនាំចូលតែ ២០ម៉ឺនវិញ ទាល់តែជួយអ្នកក្នុងស្រុកផលិតឲ្យបានច្រើន។
(១១) ផ្តល់ដីដាំស្មៅឱ្យក្រុមហ៊ុនគិរីសួគ៌ Fresh Farm ដែលផលិតបានទឹកដោះគោខ្មែរមានគុណភាពអន្តរជាតិ
ដោយហេតុនេះហើយ យើងបានដាក់ចេញគោលការណ៍អនុគ្រោះពន្ធដើម្បីលើកទឹកចិត្ត។ យើងមិនអាចគ្រាន់តែនិយាយថាចង់បាន ហើយឲ្យចេញជារូបរាងទេ គឺត្រូវតែជួយ ហើយពិភាក្សានិងដឹកដៃធ្វើកន្លែងណាដែលអាចធ្វើបាន។ ទឹកដោះគោក៏ដូចគ្នា។ សួរទៅ ដូចក្រុមហ៊ុនគិរីសួគ៌ Fresh Farm ផលិតបានទឹកដោះគោខ្មែរមានគុណភាពអន្តរជាតិ តែសមត្ថភាពផលិតបានតិចនិងទុនមានកំណត់។ នៅពេលដែលទីផ្សារមាន១០០ យើងអាចផ្គត់ផ្គង់បានតែ២០។ ដោយសារក្រុមហ៊ុនមានសក្ដានុពលហើយ មានទីផ្សារហើយ អតិថិជនទុកចិត្តហើយ ដើម្បីឲ្យគាត់ពង្រីក(ផលិតកម្ម)បាន យើងជួយគាត់។ ឥឡូវយើងឲ្យដី free។ កន្លងទៅគាត់ត្រូវជួលដីរាប់រយហិកតាដាំស្មៅឲ្យគោ(ស៊ី)។ គាត់ត្រូវចំណាយ។ ឥឡូវរដ្ឋឲ្យដី free ដើម្បីក្រុមហ៊ុនក្នុងស្រុកហ្នឹងយកទៅដាំស្មៅ ហើយផលបានមកវិញគឺទឹកដោះគោមានតម្លៃសមរម្យនិងមានគុណភាព។ ខ្ញុំចង់ឃើញការប្រើប្រាស់ផលិតផលក្នុងស្រុកច្រើន។
(១២) គិតពីមាត្រដ្ឋាន … “ធំស្រួលជួយ ដាច់ដោយដុំតូចៗ ពិបាកជួយ”
ក្រៅពីផលិតផលហូបចុកប៉ុន្មានមុខហ្នឹង ចូរគិតមើល តើយើងអាចភ្ជាប់(ខ្សែច្រវាក់ផ្គត់ផ្គង់)គ្រឿងសង្ហារឹមមួយចំនួន ឬមួយក៏គ្រឿងផ្ទះបាយ គ្រឿងប្រើប្រាស់មួយចំនួនឬទេ (backward linkages)។ យើងមើលផង បើត្រូវការលើកទឹកចិត្ត កុំលើកទឹកចិត្តតែមួយៗ ត្រូវលើកទឹកចិត្តជាខ្សែច្រវាក់ ឱ្យមកភ្ជាប់ជាមួយឧស្សាហកម្ម សិប្បកម្ម នៅតាមកន្លែង ជួនកាលមួយស្រុក មួយខេត្ត ព្រោះភូមិមួយផលិតផលមួយក៏ជាគោលគំនិតដែលយើងបានធ្វើ។ ប៉ុន្តែ ក្នុងអាណត្តិនេះ ខ្ញុំឱ្យគិតពីមាត្រដ្ឋាន។ អញ្ចឹង ជួនកាល២ ឬ៣ស្រុក ឬតំបន់មួយ ឬក៏ខេត្តមួយផលិតផលិតផលមួយ … ឧទាហរណ៍ ត្បូងឃ្មុំ ទៅជាខេត្តដែលមានសក្តានុពលធំផ្គុំគ្នាផលិតកៅស៊ូសម្រាប់បម្រើឱ្យការផលិតកង់ឡាន និងផលិតផលអីផ្សេងទៀតពីកៅស៊ូ។ ជួនកាលពង្រីកឱ្យធំទៅជាមាត្រដ្ឋានមួយដែលយើងអាចជួយបាន។ បើធំអញ្ចឹងស្រួលជួយ។ បើជួយដាច់ដោយដុំតូចៗ ពិបាក។ តែបើគាត់ផ្គុំគ្នាជាបណ្តុំ ដែលភាសាសេដ្ឋកិច្ចគេហៅ Cluster ហ្នឹងគឺជាទាក់ទងជា Ecosystem ជាអី យើងជួយទាំងអស់តែម្តង។ យើងកំពុងសាកល្បងរុញស្វាយចន្ទី។ យើងអត់ឱ្យទៅរុញគ្រប់កន្លែងទេ។ យើងយកមួយកន្លែងធ្វើសួនឧស្សាហកម្ម។ រុញទៅមួយកន្លែងហ្នឹង។ រដ្ឋជួយភ្ជាប់ជួយឱ្យការអនុគ្រោះពន្ធ និងរុញទៅមួយកន្លែង។ សាកល្បងនៅកំពង់ធំ។ ឯកឧត្តម នួន ផារ័ត្ន នៅទីនេះ។ រដ្ឋឱ្យដី Free ក្នុងការវិនិយោគ។ អ្នកមកធ្វើនៅតំបន់សេដ្ឋកិច្ចពិសេសហ្នឹងគឺត្រូវកាត់បន្ថយតម្លៃជួលឱ្យក្រុមហ៊ុនសម្រាប់រោងចក្រកែច្នៃ។
(១៣) ដែលធ្វើសួនឧស្សាហកម្ម គឺមានគោលដៅរកទីផ្សារមានតម្លៃខ្ពស់និងស្ថិរភាពឱ្យកសិករ
(ផ្អែកតាម)ក្រុមការងារដែលខ្ញុំបានឱ្យទៅសិក្សាជាង ១ឆ្នាំ តាមពិតត្រូវដើរ (តែ)ដោយសារ(មាន)សង្គ្រាមព្រំដែន ក៏ហាក់ដូចជា Delay។ ខ្ញុំបានសួរគាត់សាកមើលថាតើដឹងឬទេ ដែលឱ្យធ្វើសួនឧស្សាហកម្មហ្នឹង មានគោលដៅសំខាន់អ្វី? គាត់ថាគោលដៅសំខាន់គឺបង្កើតខ្សែច្រវាក់ និងលទ្ធភាពក្នុងការកែច្នៃក្នុងស្រុក ដើម្បីក្រុមហ៊ុននាំចេញ។ ខ្ញុំថារឿងហ្នឹងជាគោលដៅបន្ទាប់បន្សំ។ គោលដៅធំគឺរកទីផ្សារដែលមានតម្លៃខ្ពស់និងស្ថិរភាពឱ្យកសិករ។ បើខ្ញុំយកខ្សែច្រវាក់ផលិតកម្ម យកអ្នកទិញមកដាក់នៅក្នុងស្រុក ខ្ញុំជួយអ្នកហ្នឹងតាមរយៈការឱ្យពន្ធទាប។ គាត់យកទុនមកវិនិយោគមានទីផ្សារនៅក្រៅ។ គាត់មានលទ្ធភាពទៅទិញផលិតផលពីកសិករស្វាយចន្ទី ជាជាងនាំចេញទៅណាទៅណី។ ទិញឱ្យថ្លៃ។ គោលដៅសំខាន់គឺកសិករ។ មិនមែនត្រឹមតែយកមកឱ្យរោងចក្ររីកចម្រើន ហើយកសិករអត់រីកចម្រើនទេ។ គោលដៅធំបំផុតគឺឱ្យរោងចក្រមានលទ្ធភាព ហ៊ានទិញតម្លៃខ្ពស់ ហ៊ានធានា ហ៊ានកុងត្រា ហើយកសិករមានទីផ្សារថេរ ជាជាងចេញតាមព្រំដែន … នេះជាគោលដៅនៃកសិ-ឧស្សាហកម្ម។ ទីបំផុតគឺកសិករជាគោលដៅធំ ធ្វើឱ្យកសិ-ឧស្សាហកម្មដើរ គឺបង្កើតទីផ្សារនៅនឹងកន្លែង ទីផ្សារដែលមានខ្ពស់។
(១៤) តាមរយៈការអភិវឌ្ឍផែខេត្តព្រះសីហនុ កម្ពុជាមានអាចរុញទំនិញចេញត្រង់ទៅទូទាំងពិភពលោក
លើសពីនោះទៀត យើងមានផលិតផលនាំចេញទៅក្រៅត្រង់ មិនបាច់ឆ្លងកាត់អ្នកទី២ អ្នកទី៣ ហើយសមត្ថភាពរបស់យើងឥឡូវ លែងពឹងការដឹកជញ្ជូនតាមប្រទេសផ្សេងហើយ។ បច្ចុប្បន្ន ការដឹកធំៗ ពីសកលលោកចូលមកផែយើងបានតែត្រឹម១៥% ឬ១៦% ទេ។ ចតកប៉ាល់នៅប្រទេសនេះប្រទេសនោះ។ បន្តិចទៀត តាមការអភិវឌ្ឍផែខេត្តព្រះសីហនុ យើងអាច(មាន)សមត្ថភាពរុញ(ទំនិញចេញទៅ)ទូទាំងពិភពលោក Direct តែម្តង។ (ការនេះនឹង)កាត់បន្ថយ(ចំណាយដឹកជញ្ជូន)។ ឥឡូវ ដោយមានការច្នៃប្រឌិត មួយរយៈនេះយើងអាចដឹកផលិតផលកសិកម្ម Direct ទៅចិន។ កាលមុន យើងពឹងលើ(កំពង់ផែ) Laem Chabang ផ្ទេរចុះផ្ទេរឡើង (ធ្វើឱ្យការដឹកជញ្ជូន)ថ្លៃ ហើយមានបញ្ហា។ ឥឡូវអត់(ធ្វើដូចនោះទៀត)ទេ គឺត្រង់តែម្តង។
(១៥) ព្រែកជីកហ្វូណន នឹងធានាការដឹកជញ្ជូនគ្រប់ពេលវេលា ប្រព័ន្ធស្រោចស្រពដីកសិកម្ម និងឱកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេស
មានអ្នកមួយចំនួននៅមិនទាន់ជឿទុកចិត្តអំពីផលប្រយោជន៍នៃព្រែកជីកហ្វូណន។ គេអាចមើលមួយជ្រុងគឺផ្នែកធុរកិច្ច។ គេថាព្រែកជីកនេះធ្វើអស់ថ្លៃ (ដូច្នេះ ការ)ប្រតិបត្តិការអាចអស់ថ្លៃ។ អញ្ចឹងប្រហែលជាអត់ចំណេញ។ ខ្ញុំអត់ទាន់ដឹងទេ។ ចំណេញឬមិនចំណេញ(ជារឿង)សម្រាប់ក្រុមហ៊ុន។ តែរដ្ឋបានជួយអនុគ្រោះច្រើន។ យើងនឹងនៅជាមួយគ្នាដើម្បីឱ្យគម្រោងនេះដើរ និងដំណើរការបានយូរ។ ដោយខ្ញុំជាអ្នកសេដ្ឋកិច្ច ខ្ញុំអត់មើលតែរឿងចំណូលតាមគណនេយ្យ/Accounting benefit ទេ។ ខ្ញុំមើលផលប្រយោជន៍សេដ្ឋកិច្ច។ អ្នកសេដ្ឋកិច្ចមើល(ពីប្រសិទ្ធភាពនិងផលនៃ)គោលនយោបាយ … បានន័យថា ព្រែកជីកមួយនេះ ទោះបី ឯកឧត្តម ស៊ុន ចាន់ថុល បានវាយតម្លៃ គិតគូរពីភាពចំណេញពីគម្រោងថាមានប៉ុន្មានភាគរយៗ យ៉ាងម៉េចក៏ដោយ … ក៏អ្វីដែលខ្ញុំថាជាផលចំណេញសម្រាប់សេដ្ឋកិច្ចទាំងមូលគឺច្រើន។ ការធានាសមត្ថភាពដឹកជញ្ជូនគ្រប់ពេលវេលា។ នៅតាមបណ្តោយ(ព្រែកជីក)នោះ ហោចណាស់ក៏មានប្រព័ន្ធធារាសាស្ត្រសម្រាប់(ស្រោចស្រពដីកសិកម្ម)រាប់ពាន់ហិកតា តាមផ្លូវនោះក៏អាចនឹងបង្កើតនូវឱកាសធ្វើតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗ ឧស្សាហកម្មបន្ថែម …។
(១៦) ព្រែកជីកហ្វូណន ផ្តល់ប្រយោជន៍វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងដឹកជញ្ជូន ធានាភាពប្រកួតប្រជែង
បើមើលរយៈពេលវែង យើងអត់មើលត្រឹមតែរឿងចំណេញឬមិនចំណេញទេ។ បើអ្នករកស៊ីគេមើលអាហ្នឹងចំណេញ ឬមិនចំណេញ ប៉ុន្តែគម្រោងខ្លះត្រូវតែធ្វើដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទាំងមូលគឺជួយដល់វិស័យកសិកម្ម វិស័យកសិ-ឧស្សាហកម្ម គ្រប់វិស័យទាំងអស់ ពិសេសវិស័យដឹកជញ្ជូនដើម្បីធានាភាពប្រកួតប្រជែង។ ខ្ញុំហ៊ានធានាថា នេះជាផលដែលការធ្វើព្រែកជីកហ្វូណនអត់ខាតទេ គឺមានតែចំណេញ។ នេះបើយើងមើលទិដ្ឋភាពសេដ្ឋកិច្ច។ អំពីទិដ្ឋភាព Business (មិនថា)ការចាប់ផ្តើមដំបូងយ៉ាងម៉េច ឬយ៉ាងណា(ទេ) យើងនឹងទៅជាមួយគ្នា។ ការជួយពង្រីក ការរៀបចំនូវប្រព័ន្ធតភ្ជាប់នេះ នឹងជួយទៅដល់កសិកម្ម។ ខេត្តត្បូងឃ្មុំ គឺជាខេត្តកសិកម្មល្បី។ អម្បាញ់មិញ បានជួបជាមួយអ្នកតំបែរ អ្នកក្រូចឆ្មារ។ ខ្ញុំបានប្រាប់ឯកឧត្តម ឯកអគ្គរដ្ឋទូត ថា ស្រុកហ្នឹងស្រុកកំណើតខ្ញុំ។ ស្រុកកំណើតឪ ស្រុកកំណើតម៉ែ។ ស្រុកកំណើតម៉ែ នៅខាងជើងហ្នឹងបន្តិចគឺស្រុកក្រូចឆ្មារ។ ស្រុកកំណើតពុកគឺឆ្លង(ទន្លេមេគង្គ)ទៅម្ខាងទៀត។ ពីមុននៅក្នុងខេត្តជាមួយគ្នា។ ទើបត្រូវបានបំបែកនៅឆ្នាំ២០១៣ ហ្នឹងទេ។ កាលខ្ញុំចាប់ផ្តើមការងារយុវជនដំបូង បានចុះមកហ្នឹងមុនគេ។ កាលហ្នឹងយើងមាន ១៧ខេត្ត/ក្រុង … ពីមុនស្រុកនេនទុំក៏អញ្ចឹងដែរ។ ខ្ញុំចេះតែនិយាយ ថានេនទុំឆ្លាត។ ព្រោះពីដើម កូនស្រីគេឲ្យនៅក្នុងផ្ទះ។ មានអ្នកណាឲ្យមើលបាន ដូចឥឡូវតាមហ្វេសប៊ុកទេ។ អញ្ចឹង ដើម្បីបួស(ជាសង្ឃ) គេនិមន្ដចូល (ផ្ទះ)គេទៀត។ និយាយលេងទេ។
(១៧) កំណាត់ផ្លូវជាតិលេខ៧ នឹងបង្កើតសក្ដានុពលបន្ថែមដល់កសិ-ឧស្សាហកម្ម និងឧស្សាហកម្ម
ពេលដែលបំបែកជាពីរនេះ សក្ដានុពលកសិកម្មមកខាងកើតទន្លេទាំងអស់។ ឯកឧត្តម អ៊ុន ចិន្ដា នៅសល់តែហាងតាម៉ាប់។ ប៉ុន្ដែឥឡូវខាងហ្នុងក៏រីកដែរ។ រីកពីភ្នំពេញមកវិញ បុកមកទិសខាងជើង។ ត្រូវទៅសម្ពោធផ្លូវជាតិលេខ ៧ ថ្ងៃ៧ ខែ៧ ឆ្នាំ២០២៦។ ឯកឧត្តម ប៉េង ពោធិ៍នា ថាអត់ហ៊ានដាក់ឆ្នាំ២០២៧ ទេ ចាំយូរពេក។ ការតភា្ជប់នេះ នឹងបង្កើតសក្ដានុពលបន្ថែម (ដល់)កសិ-ឧស្សាហកម្ម និងឧស្សាហកម្មដែលប្រែក្លាយពីស្រូវ ៣តោនឬ ៥តោន (ដែលទិន្នផលខ្ពស់គុណ ១ហិកតា) ឱ្យអាចបង្កើតការងារជារោងចក្រ តំបន់សេដ្ឋកិច្ចពិសេសបានរាប់រយ បង្កើតចំណូលជូនគ្រួសាររាប់រយរាប់ពាន់នាក់។ នេះជាការអភិវឌ្ឍ។ យើងមិនភ្លេចសន្ដិសុខស្បៀងនោះទេ។ ខ្ញុំបានប្រាប់ឯកឧត្តម ឌិត ទីណា ថាត្រូវទទួលស្គាល់ថាការផលិតស្រូវរបស់យើងមួយឆ្នាំៗ លើសដូចជាចង់ ៧លានតោន សម្រាប់នាំចេញ។ អញ្ចឹង សន្ដិសុខស្បៀងគឺមិនខ្វះទេ។ ត្រូវហ៊ាននិយាយថា ថ្ងៃក្រោយដីស្រែមួយចំនួននឹងប្រែក្លាយទៅ(ដី)ដាំ(ដំណាំ)អ្វី(ផ្សេង)ឬក្លាយជាតំបន់ឧស្សាហកម្ម។ ជួនកាលជាចំការធុរេន ម្រេច ក្នុងមួយហិកតាឲ្យ(ចំណូល)កសិករបានច្រើនជាង។ យើងឲ្យគាត់ដាំហើយយើងជួយគាត់។ មិនមែនថាកសិករដីហ្នឹងប៉ុន្មានលានហិកតា ត្រូវតែធ្វើស្រែរហូតទេ។
(១៨) កាត់បន្ថយការនាំចេញវត្ថុធាតុដើម ប្ដូរជាការនាំចេញផលិតផលពាក់កណ្ដាលសម្រេច ឬសម្រេច ដែលធានាតម្លៃថេរ
យើងមានភារកិច្ចធ្វើឱ្យក្នុងវិស័យកសិកម្ម ចំណូលរបស់កសិករកើន។ មិនថាដំណាំណានោះទេ។ នេះជាគោលដៅសំខាន់។ ការរៀបចំជំរុញឲ្យមានរោងចក្រកែច្នៃ មិនថាកៅស៊ូ ឬស្វាយចន្ទី គោលដៅសំខាន់បំផុតគឺផលចំណូលចូលដល់កសិករ។ នេះជាគោលបំណង។ មធ្យោបាយគឺជួយជំរុញឲ្យរោងចក្រដើរ បង្កើតការងារបន្ថែម។ ជាការងារល្អសម្រាប់ប្រជាពលរដ្ឋ។ ប៉ុន្ដែអ្វីដែលសំខាន់ កសិករមានទីផ្សារមានស្ថិរភាព និងហ៊ានឲ្យតំម្លៃខ្ពស់ ជាជាងនាំចេញទៅក្រៅប្រទេស។ នេះគឺជាគោលដៅ។ នេះជាគោលនយោបាយធ្វើទំនើបកម្ម ធ្វើឧស្សាហកម្ម ឲ្យកម្ពុជាកាន់តែមានលទ្ធភាពកាត់បន្ថយការនាំចេញវត្ថុធាតុដើម (ប្ដូរ)ទៅជាការនាំចេញនូវផលិតផលពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច ដែលអាចធានាតម្លៃ ព្រោះនៅក្រៅប្រទេសតម្លៃអង្ករអាចឡើងចុះបាន ប៉ុន្ដែខ្ញុំមិនងាយឃើញពោតកំប៉ុងចុះឬថ្លៃឡើងថ្លៃទេ។ ផលិតផលសម្រេចធានា(ថ្លៃ) ថេរជាង។ បើផលិតផលកសិកម្មឆៅឡើងចុះច្រើន ក្នុងការនាំចេញនាំចូល។ អញ្ចឹងយើងដើរត្រូវហើយ។ នេះជាឧទាហរណ៍មួយជាក់ស្ដែង។ ឲ្យតែយើងនិយាយ អ្នកខ្លះថា “ទ្រឹស្ដីបានណាស់ ធ្វើឲ្យបានសិនទៅ”។ តើការចុះមកសម្ពោធនេះ មិនកំពុងតែ(ធ្វើបាន)មែនទែនទេឬ?
(១៩) រដ្ឋាភិបាលនៅជាមួយការធ្វើកសិ-ឧស្សាហកម្មកែច្នៃក្នុងស្រុក ដើម្បីឲ្យវិនិយោគជោគជ័យ និងបង្កើនការជឿទុកចិត្ត
មុននេះខ្ញុំទៅពន្ធដារ។ ខ្ញុំប្រាប់ថារដ្ឋាភិបាលធ្វើការកែទម្រង់មួយជំហាន។ យើងកាត់បន្ថយប៉ុន្មានអគ្គនាយដ្ឋាន។ នាយកដ្ឋានអីទៅ? អ្នកខ្លះសួរថា “កុំបានតែទ្រឹស្ដី អនុវត្ដផង”។ ចុះក្រែងហ្នឹងទើបប្រាប់ថា “ធ្វើបាន” ហើយតើ។ មិនមែនគ្រាន់តែជាការគិតទេ … អត់សំខាន់រឿងអីខ្ញុំនិយាយទេ សំខាន់លទ្ធផលលើដី។ ថ្ងៃនេះរោងចក្រមានតម្លៃ ៣០លានដុល្លារ មានលទ្ធភាពកែច្នៃ និងទិញផលិតផលកៅស៊ូពីអ្នកត្បូងឃុំនៅទីនេះជាលទ្ធភាពជាក់ស្ដែង មិនមែនក្ដីស្រម៉ៃ មិនមែនរោងចក្រក្រដាសទេ។ ខ្ញុំគាំទ្រក្រុមហ៊ុនឲ្យពង្រីកនៅរតនគិរីបន្ថែមទៀត ដើម្បីយើងជំរុញការធ្វើកសិ-ឧស្សាហកម្មកែច្នៃក្នុងស្រុកឲ្យបានច្រើន។ រាជរដ្ឋាភិបាលលើកទឹកចិត្ត និងនៅជាមួយដើម្បីឲ្យការវិនិយោគមានជោគជ័យ និងបង្កើនការទុកចិត្តមកកាន់កម្ពុជា។
(២០) ជានិច្ចកាល អ្នកវិនិយោគចិនឈរលំដាប់លេខមួយ ដែលជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី
ខ្ញុំសូមអរគុណប្រទេសចិន ដែលជានិច្ចកាលជាអ្នកវិនិយោគលំដាប់លេខមួយនៅ(នៅកម្ពុជា) បង្កើនការទុកចិត្ត ហើយរាជរដ្ឋាភិបាលនឹងនៅជាមួយគ្នា។ នេះជាផ្នែកមួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី។ យើងរួមគ្នាពង្រឹង។ សូមឲ្យពិនិត្យមើលផលិតផលផ្សេងៗទៀត។ មើលផលិតផលដែលត្រូវការកៅស៊ូ ឬវត្ថុធាតុដើមក្នុងប្រទេស។ មើលជា ecosystem ថាតើយើងត្រូវជួយឬអនុគ្រោះកម្រិតណាដល់សិប្បកម្មប្រភេទណា ព្រោះតាម QIP (Qualified Invesment Project) យើងគិតគូរពីការលើកទឹកចិត្តវិនិយោគទាំងក្រៅនិងក្នុងប្រទេស កម្រិតធំមួយ ប៉ុន្ដែយើងអាចមើលដែរ។ បើខ្សែច្រវាក់នឹងប្រទាក់ក្រឡាគ្នា ហើយបើឲ្យតែមួយ ហើយផ្នែកប្រ ទាក់ខាងក្រោយជាប់គ្នាដែរ តែមិនបានលើកទឹកចិត្ត (មិនអាចជួយជំរុញបានទេ) … យើងមើលជា ecosystem ជាខ្សែច្រវាក់ ហើយយើងដៅតែម្ដង។ រដ្ឋមិនខ្លាចខាតទេ (ដោយសារ)ឲ្យលុយនឹងទៅប្រជាពលរដ្ឋតែដដែល។
(២១) ដោយសារផលប៉ះពាល់ពីសង្គ្រាមនៅអ៊ីរ៉ង់ រដ្ឋចេញខាតថ្លៃអគ្គិសនី មិនឲ្យប្រជាជនចេញលុយពីហោប៉ៅបន្ថែម
តាំងពីអាណត្ដិមុនមក រដ្ឋបានទម្លាក់ពន្ធច្រើន សូម្បីពន្ធដីធ្លី។ គណបក្សប្រជាជនដឹកនាំប្រទេសដោយអត់យកពន្ធលើដីកសិកម្មទេ។ ទុកលុយហ្នឹងឲ្យប្រជាពលរដ្ឋចុះ ព្រោះឧទាហរណ៍ ១ឆ្នាំ បង់ពន្ធតែ ១ពាន់រៀល ក៏ប្រជាកសិករត្រូវបង់ ១ពាន់មកឲ្យ(រដ្ឋ)។ តែរដ្ឋទុក ១ពាន់រៀលហ្នឹងឲ្យកសិករធ្វើអីផ្សេង ដាក់ចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ឬធ្វើវិនិយោគ។ យើងកាត់បន្ថយថ្លៃភ្លើង។ បើយើងមើលលំដាប់ពីមួយ ឬពីរទសវត្សរ៍មុន យើងបានបន្ថយហើយៗ កំពុងរកវិធីកាត់បន្ថយ(តម្លៃ)ទៅថ្ងៃមុខទៀត។ ការជួយលើកទឹកចិត្ត ឧទាហរណ៍មួយពេលនេះដែលមានបញ្ហានៅអ៊ីរ៉ង់ ច្រើនប្រទេសណាស់ដែលភ្លើងឡើងថ្លៃ។ រដ្ឋសុខចិត្តចេញខាត តាមរយៈ EDC ដើម្បីកុំឲ្យប្រជាជនត្រូវចាយលុយពីហោប៉ៅបន្ថែម។ ការខិតខំទប់សភាពការណ៍ ទុកថវិកា ឲ្យប្រជាពលរដ្ឋជាការងារសំខាន់។
(២២) នាំចេញកង់ឡានមិនជាប់ពន្ធ អាចប្រកួតប្រជែង និងជួយទិញកៅស៊ូពីកសិករក្នុងតម្លៃសមរម្យ
ប្រទេសខ្លះធ្វើខុសគ្នា។ គេមិនឲ្យទម្លាក់ពន្ធទេ។ ពន្ធបង់ដដែល តែគេឲ្យជាក្រេឌីតទៅវិញ។ ប្រទេសខ្លះ បើថ្លៃភ្លើង ត្រូវតែឡើងទៅ ដូចនៅសិង្ហបុរី។ ជួបជាមួយនាយករដ្ឋមន្ត្រី គាត់ថាសុខចិត្តឲ្យជាក្រេឌីតវិញ តែពន្ធអីធម្មតា។ ឡើងទៅ។ អញ្ចឹងលុយយកមកដាក់ហោប៉ៅរដ្ឋសិន បានរដ្ឋឲ្យទៅវិញ។ កម្ពុជាយើងអត់ធ្វើដូចនោះទេ។ យើងកាត់បន្ថយពន្ធ យើងអនុគ្រោះពន្ធ ជាពិសេសកសិកម្ម យើងទម្លាក់ពន្ធច្រើន សូម្បីតែផលិតផលសម្រេចនេះ ដូចកង់ឡាននាំទៅក្រៅ អត់ជាប់ពន្ធផង។ បានន័យថាយើងទម្លាក់ពន្ធ។ អត់យកពន្ធទេ ដើម្បីផលិតផលនេះប្រកួតប្រជែង។ អញ្ចឹងផលិតផលកង់ឡានយើង ដែលរដ្ឋមិនយកពន្ធ អាចលក់បានចំណេញហើយតម្លៃសមរម្យនិងប្រកួតប្រជែង។ គាត់មានលទ្ធភាពមកទិញកៅស៊ូ ទិញអីតម្លៃខ្ពស់។ អញ្ចឹង យើងទប់ ជួយដល់កសិករតាមហ្នឹង។
(២៣) ដរាបណាមានការគាំទ្រឲ្យដឹកនាំប្រទេស រដ្ឋាភិបាលគណបក្សប្រជាជននៅតែមិនយកពន្ធលើដីកសិកម្ម
ជាការលើកទឹកចិត្ត យើងគិតគូរពីខ្សែច្រវាក់នេះ។ បើយើងមើលសេដ្ឋកិច្ចទាំងមូល កន្លែងខ្លះខាត កន្លែងខ្លះចំណេញ បូកទៅឲ្យវាចំណេញ។ រដ្ឋសុខចិត្តខាត ចេញលុយជួយថ្លៃភ្លើង កុំឲ្យភ្លើងឡើង តែប្រជាពលរដ្ឋដោយសារភ្លើងមិនឡើង គាត់អាចរក្សាលុយបានចំណូលចំណេញមួយចំនួន។ អាចស្ថិរភាព។ អញ្ចឹងបូកទៅសម្រាប់យើងគឺសេដ្ឋកិច្ចសង្គម ជីវភាពរបស់ប្រជាជនបានធូរស្បើយ។ ហ្នឹងហើយជាផលសេដ្ឋកិច្ច ដែលថាយើងចំណេញ។ គិតជាផល ដូចក្រុមហ៊ុន EDC ថ្ងៃមុនសួរដូចអស់ក្រែលដែរ។ ៨០លានអីដែរក្នុងមួយ project ហ្នឹង។ យើងឲ្យ។ បើពន្ធលើឧបករណ៍អគ្គិសនី លើប្រេង យើងទម្លាក់ចុះ មួយខែរដ្ឋត្រូវខាតប្រហែលជា ៦០លានដុល្លារ ក្នុងរយៈពេលតាំងពីខែ៤ ខែ៥ មកនេះ ដើម្បីធានាទប់សភាពការណ៍។ បើសិនជាយើងមិនជួយប៉ុណ្ណឹង ប្រេងឡើងថ្លៃកាន់តែខ្លាំងជាងនេះ យើងមិនអាចទប់ឲ្យថេរបាននោះទេ។
ប៉ុន្តែរដ្ឋបានជួយច្រើន ធ្វើយ៉ាងណា(ឱ្យប្រាក់)នៅក្នុងហោប៉ៅប្រជាពលរដ្ឋ ដើម្បីប្រជាពលរដ្ឋអាចធានាលំនឹងជីវភាពបាន។ លំបាកទាំងអស់គ្នា។ វាយគ្នារាប់រយ រាប់ពាន់គីឡូ អត់មានអ្នកណាស្រួលទេ។ ប្រទាក់ក្រឡាទាំងអស់។ ដឹកជញ្ជូនពី ១ខែទៅ ២ខែ ថ្លៃឡើងប្រកួតប្រជែង តែពេលដែលលំបាករដ្ឋនៅជាមួយ។ យើងអាចជួយដល់កម្រិតណា យើងជួយនៅកម្រិតនោះ។ រាជរដ្ឋាភិបាលនឹងបន្តជួយ ជាពិសេសក្នុងវិស័យកសិកម្ម ការមិនយកពន្ធទៅលើដីកសិកម្ម ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែមានការគាំទ្ររបស់ប្រជាជនឲ្យដឹកនាំប្រទេស យើងនៅតែមិនយកពន្ធនេះ។ នេះគឺជាគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល ហើយនេះគឺជាអ្វីដែលការជួយសម្រួលទៅដល់កសិករ។
[ចប់សេចក្តីអធិប្បាយទី១]
ទី៤. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការងារពិសោធ និងការងារស្រាវជ្រាវកៅស៊ូ តាមរយៈ ការពង្រឹងមន្ទីរពិសោធជាតិ និងមន្ទីរពិសោធមូលដ្ឋាន, ព្រមទាំង ការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យា, ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវអន្តរជាតិ ដើម្បីពង្រឹងគុណភាពកៅស៊ូឱ្យស្របតាមស្តង់ដាបច្ចេកទេសកម្រិតអន្តរជាតិ, និងជំរុញអនុលោមភាពតាមវិធានដើមកំណើតទំនិញ ដែលជាបុរេលក្ខខណ្ឌនៃទីផ្សារនាំចេញ, សំដៅរក្សាទីផ្សារចាស់ និងបង្កើតទីផ្សារថ្មី ក្នុងបរិការណ៍នៃការកើនឡើងកាន់តែខ្លាំងនូវការប្រកួតប្រជែង។
ទី៥. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវពិនិត្យលទ្ធភាពបង្កើនថវិកាវិនិយោគ សម្រាប់ជំរុញការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងទ្បូជីស្ទីក ប្រកបដោយភាពប្រទាក់ក្រឡា, ការកសាងបណ្តាញអគ្គិសនី ដែលពេញលេញ និងមានថ្លៃទាបសមរម្យ, និងការបង្កើតសួនឧស្សាហកម្ម សួនកសិ-ឧស្សាហកម្ម និងតំបន់ពាណិជ្ជកម្មសេរីក្នុងស្រុក ប្រកបដោយភាពប្រកួតប្រជែង សំដៅកាត់បន្ថយថ្លៃដើមផលិតកម្ម, ធ្វើពិពិធកម្មផលិតកម្ម, ប្រមូលផ្តុំរោងចក្រ, និងកែច្នៃផលិតផលកសិកម្ម។
ទី៦. ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំកម្មវិធីអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ បង្កើតជំនាញ, បង្កើនជំនាញ, និងផ្លាស់ប្តូរជំនាញ សំដៅអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យកសិ-ឧស្សាហកម្ម ដែលមានជំនាញបច្ចេកទេសពិតប្រាកដ និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដែលអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងស្រុក និងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។
មុននឹងបញ្ចប់, ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលបាន បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដោយបង្កើតរោងចក្រផលិតកែច្នៃជ័រកៅស៊ូកម្រិតអន្តរជាតិ និងតាមស្តង់ដារបស់សហភាពអឺរ៉ុប, និងសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន ជំរុញការសាងសង់រោងចក្រ ផលិតកែច្នៃកៅស៊ូទី២ ក្នុងខេត្តរតនគិរី, ជាមួយការប្តេជ្ញារបស់រាជរដ្ឋាភិបាល ក្នុងការបន្តកែលម្អបរិយាកាស ធុរកិច្ច និងវិនិយោគនៅកម្ពុជា ឱ្យមានភាពប្រកួតប្រជែង ពិពិធភាព និងនវានុវត្តន៍។ ទន្ទឹមនេះ, ខ្ញុំសូមអំពាវនាវដល់ វិនិយោគិន ធុរជន និងប្រជាពលរដ្ឋ ឱ្យក្តាប់យកឱកាសពីគម្រោង វិនិយោគនេះ និងគម្រោងវិនិយោគដទៃទៀត តាមរយៈ ការប្រតិបត្តិនូវការធ្វើអាជីវកម្ម និងការបំពេញការងារ ប្រកបដោយ សុចរិតភាព, សច្ចធម៌ និងគុណធម៌ ចំពោះដៃគូអាជីវកម្ម និងថៅកែ របស់យើង។
ជាទីបញ្ចប់, ជាមួយនឹងការសម្ពោធជាផ្លូវការ «រោងចក្រផលិតកែច្នៃជ័រកៅស៊ូរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)», ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធី, ជាពិសេស ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា សហការី និងអ្នកជំនាញការចិនទាំងអស់ ដែលកំពុងបំពេញបេសកកម្មនៅក្នុងប្រទេសកម្ពុជា, សូមមានសុខភាពល្អបរិបូរណ៍ សុភមង្គលក្នុងគ្រួសារ និងសម្រេចបានជោគជ័យលើគ្រប់ភារកិច្ចការងារ, និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាត។ សូមអរគុណ!
[ចាប់ផ្តើមសេចក្តីអធិប្បាយទី២]
សម្រាប់ថ្ងៃនេះក៏មានយុវជនកាយឬទ្ធិ យុវជនកាកបាទក្រហម សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនសមាគមរាជសី យុវជន អ.ម.ទ យុវជនបញ្ញវន្តក្មេងវត្ត យុវជនទិសអាគ្នេយ៍ សរុប ៣១០នាក់ ម្នាក់ៗថវិកា ២ ម៉ឺនរៀល។ ជូនបុគ្គលិកកម្មករសរុប ៣៣៧ នាក់ ម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនសាលាស្រុកត្បូងឃ្មុំថវិកា ២លានរៀល។ ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៥លានរៀល។ ក្រុមតន្រ្តីសម័យថវិកា ១០លានរៀលផងដែរ។ ចូលមកិងឮការប្រគុំតន្រ្តី សំឡេងប្រហែលៗ ថ្ងៃនេះមានលោកស្រី ឆោម ឆវិន លោក យ៉ែម សំអូន លោក អ៊ិន ច័ន្ទរតនា (សម្តេចនិយាយលេងជាមួយក្រុមតន្រ្តី) … អរគុណណាស់បានចូលរួមថ្ងៃនេះ ហើយក៏មានក្រុមតន្ត្រីពីអង្គភាពប្រឆាំងភេរវកម្មផងដែរ អរគុណណាស់ ដែលបានជុំគ្នា ហើយសង្ឃឹមថា នឹងចូលរួមបានច្រើនទៀតនូវសមិទ្ធផលធំៗជាច្រើន សម្រាប់ប្រទេសជាតិ អរគុណ។ អរគុណផងទៅដល់ កុល សុភូ … អរគុណណាស់ដែលបានរៀបចំ។ សូមអរគុណសាជាថ្មីទៅដល់គណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈរៀបចំពិធីនេះ ដែលបានរៀបចំកម្មវិធីដ៏រលូន ហើយសំខាន់សម្ពោធសមិទ្ធផលសម្រាប់ខេត្ត។ ហើយអរគុណជាថ្មី សម្រាប់ប្រជាជនខេត្តត្បូងឃ្មុំ និងប្រជាជនកម្ពុជាយើង ចំពោះសមិទ្ធផលថ្មីនៃរោងចក្រមួយនេះ៕
[ចប់សេចក្តីអធិប្បាយទី២]


