ឯកឧត្តម, លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូត លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា
លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីរាប់អាន!
ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ “អគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារ” និងសូមចូលរួមសម្ដែងការអបអរសាទរចំពោះសមិទ្ធផលនេះ។
សមិទ្ធផលដ៏ស្គឹមស្កៃថ្មីសន្លាងនេះ ស្ដែងឱ្យឃើញពីវឌ្ឍនភាពជាបន្តបន្ទាប់ និងឥតឈប់ឈរនៃការអភិវឌ្ឍស្ថាប័នរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា និងជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព។
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) អគារទីស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានពន្ធដារ មិនត្រឹមតែទំនើប តែមានការគិតគូរគ្រប់ជ្រុងជ្រោយ
អម្បាញ់មិញ មុននឹងចាប់ផ្តើមកម្មវិធី (ខ្ញុំ)បានធ្វើទស្សនកិច្ចនៅជាន់មួយចំនួននៅក្នុងអគារ។ ខ្ញុំសូមធ្វើការកោតសរសើរចំពោះសមិទ្ធផលដ៏ធំធេងនេះ ដែលកើតឡើងពីការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ (រួមមាន)ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នពាក់ព័ន្ធដែលបានចូលរួមជំរុញ ជាពិសេសឯកឧត្តមអគ្គនាយកអគ្គនាយកដ្ឋានពន្ធដារផ្ទាល់តែម្តង។ សូម្បីតែ(ការ)រើសកៅអី ក៏រើសខ្លួនឯង តថ្លៃខ្លួនឯង។ សូមអរគុណចំពោះការគិតគូរ ហើយក៏សូមអរគុណ ហើយក៏សូមកោតសរសើរចំពោះក្រុមហ៊ុនសំណង់ (ដែលសម្រេចបានសមិទ្ធផល)ជាមោទនភាពមួយ។ សួរទៅថា សឹងតែ ១០០ភាគរយនៃអ្នកសាងសង់ ទាំង architect ជាដើម សុទ្ធតែជាកូនខ្មែរ និង(ប្រើ)ធនធានក្នុងស្រុក។ ផលិតផលភាគច្រើនដែលប្រើក្នុងអគារនេះ សុទ្ធតែជាផលិតផលក្នុងស្រុក ដូចជាតាមថ្មម៉ាប ថ្មឆ្លាក់ ស្អីផ្សេងៗ។ ខ្ញុំសូមអរគុណមិនត្រឹមតែចំពោះសោភ័ណភាព មិនត្រឹមតែភាពទំនើបប៉ុណ្ណោះទេ ប៉ុន្តែ(ក៏ទាំង)ការគិតគូរគ្រប់ជ្រុងជ្រោយ។
(២) អគារទីស្នាក់ការកណ្ដាលអគ្គនាយកដ្ឋានពន្ធដារ ជាអគារ multi-purpose គំរូមួយ
អម្បាញ់មិញបាននិយាយលេងថា (នឹងមាន)ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ឬមួយក៏វិស័យឯកជន (ដូចជា)អ្នកឧកញ៉ា គិត ម៉េង ជាដើម អាចមកទីនេះពីម៉ោង ៧ព្រឹករហូតដល់ម៉ោង ១០យប់។ កម្មវិធីពេញនៅហ្នឹងតែម្តង។ ប្រជុំក៏នៅហ្នឹង បាយថ្ងៃក៏នៅហ្នឹង កាហ្វេក៏នៅហ្នឹង។ ទស្សនាសារមន្ទីរនៅហ្នឹង ហើយយប់ កម្មវិធីជប់លៀងនៅហ្នឹង។ មានថត selfie, check in នៅហ្នឹងទៀត។ មានការរៀបចំសារមន្ទីរសម្រាប់សិស្សសាលាឬប្រជាពលរដ្ឋ(ផង)។ បាននិយាយជាមួយឯកឧត្តម គង់ វិបុល ថា ជាការល្អ សាលាអាចធ្វើ tour/ទស្សនកិច្ចសិក្សា។ មានធនាគារ មានកន្លែងបម្រើសេវាកម្ម កន្លែងប្រជុំ តាមរូបមន្តស្លឹកត្នោតខ្ចប់ស្ករត្នោត ឬយកអគារចិញ្ចឹមអគារ។ បានន័យថា អគារនេះមិនមែនត្រឹមតែជាកន្លែងធ្វើការទេ ប៉ុន្តែអាចជាកន្លែងប្រជុំ រៀបចំពិធីផ្សេងៗដែល(តាមរយៈនោះ)អាចប្រមូលចំណូលបន្ថែម ដើម្បីជួយធានានិរន្តរភាព។ ពេលជាមួយគ្នា (អគារនេះ)គឺផ្តល់ជាទីតាំងដ៏ទំនើបមួយសម្រាប់ប្រជាពលរដ្ឋទាំងសាធារណៈ ទាំងក្រសួង-ស្ថាប័ន ទាំងវិស័យឯកជនអាចប្រើប្រាស់បាន។ យើងអាចចាត់ទុកថាជាអគារ multi-purpose គំរូមួយ។ ជាអគារដែលមានការរៀបចំល្អ។ បើតាមឯកឧត្តម គង់ វិបុល និយាយអម្បាញ់មិញ (ដំណើរ)ការកសាងមិនមែនងាយស្រួលទេ … ប៉ុន្តែខ្ញុំសូមសរសើរដល់ការដោះស្រាយបញ្ហាដោយភាពវ័យឆ្លាត និងការធានាភាពច្បាស់លាស់ក្នុងការកសាងនេះ។
[ចប់សេចក្ដីអធិប្បាយ១]
សមិទ្ធផលនេះអាចសម្រេចបាន គឺអាស្រ័យដោយព្រះរាជាណាចក្រកម្ពុជា ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការពង្រឹងអភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរួមគ្នាលើគ្រប់វិស័យក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត បញ្ញាញាណឈ្លាសវៃរបស់សម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនីតិកាលទី ៧ នេះ រាជរដ្ឋាភិបាលមានភារកិច្ចបន្តថែរក្សាសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផលថ្មីៗ ដើម្បីនាំមកនូវវិបុលភាពរួម ដល់ជាតិមាតុភូមិទាំងមូល។ ជាមួយនឹងភារកិច្ចដ៏ធំធេងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់នូវ បាវចនា ៥ គឺ៖ កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព និងកំណត់អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា សម្រាប់ជាការងាររបស់ខ្លួន ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីសម្រេចបាននូវក្ដីសង្ឃឹម និងការចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
ក្នុងន័យនេះ ដើម្បីបន្តខិតខំសម្រេចនូវគោលដៅនៃគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការកៀរគរប្រមូលចំណូលពន្ធ ទាំងផ្នែកពន្ធផ្ទៃក្នុងនិងពន្ធគយ គឺជាការចាំបាច់ក្នុងការរួមចំណែកគាំទ្រដល់កិច្ចដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងទសវត្សរ៍ចុងក្រោយនេះ, ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់, ចំណូលពន្ធដារនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលការណ៍នេះបានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលមានលទ្ធភាព ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ ស្ពាន អគារ សាលារៀន, មន្ទីរពេទ្យ ជាដើម នៅទូទាំងប្រទេស។ ចំណូលពន្ធដារ ក៏បានអនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចកៀរគរទុនបម្រុងជាប្រាក់សន្សំ សម្រាប់ប្រើប្រាស់ក្នុងការអនុវត្តវិធានការនានាដើម្បីជម្នះនូវរាល់បញ្ហាប្រឈម និងអាចសម្របខ្លួនទៅតាមការប្រែប្រួលនៃសភាពការណ៍ក្នុងតំបន់ និងសកលលោក ដែលបានកើតឡើងជាបន្តបន្ទាប់ សំដៅការពារអធិបតេយ្យជាតិ បូរណភាពទឹកដី រក្សាលំនឹងជីវភាពប្រជាជន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងប្រែក្លាយបញ្ហាប្រឈមទាំងនោះ ឱ្យក្លាយទៅជាកាលានុវត្តភាពសម្រាប់ប្រទេសជាតិ។
ជាមួយគ្នានេះ ស្របតាមបញ្ចកោណយុទ្ធសាស្ត្រទី ៣ នៃយុទ្ធសាស្ត្របញ្ចកោណ ដែលផ្ដោតលើ «ការអភិវឌ្ឍវិស័យឯកជននិងការងារ» កាលពីឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានរៀបចំ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលត្រូវបានចាត់ទុកថាជា «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបើកទូលាយ» ដែលបានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួន ដែលក្នុងនោះ មួយចំនួនធំជាវិធានការសម្រួលដល់ធុរកិច្ច ដែលរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនដល់អគ្គនាយកដ្ឋានពន្ធដារ។
ក្នុងក្របខ័ណ្ឌនេះ ក្នុងគោលដៅខិតខំចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ចនិងជំរុញកំណើនសេដ្ឋកិច្ច អគ្គនាយកដ្ឋានពន្ធដារបានប្រឹងប្រែងអនុវត្ត និងសម្រេចបានរួចរាល់ទាំងស្រុងនូវវិធានការចំនួន ៥៦ ដែលជាវិធានការក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងចំណោមវិធានការមុតស្រួចក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ ពោលគឺបានសម្រេច ១០០% តាំងពីដំណាច់ឆ្នាំ២០២៤ មកម្ល៉េះ។
ក្នុងន័យនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងខិតខំយកចិត្តទុកដាក់ ប្រកបដោយស្មារតីបុរេសកម្ម ក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់គោលនយោបាយកែទម្រង់មុតស្រួចនិងស៊ីជម្រៅដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល រហូតសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើននារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របតាមទិសស្លោកថា “ការកែទម្រង់ គឺជាគន្លឹះនៃការរីកចម្រើនសេដ្ឋកិច្ច”។ លទ្ធផលដ៏ល្អប្រសើរនៃការកែទម្រង់ក៏ត្រូវបានទទួលស្គាល់ កោតសរសើរ និងថ្លែងអំណរគុណ ជាបន្តបន្ទាប់ពីវិស័យឯកជនក្នុងនាមជាដៃគូសហការផងដែរ។
ស្របគ្នានេះ ខ្ញុំសូមឆ្លៀតឱកាសនេះធ្វើការវាយតម្លៃខ្ពស់ជូនដល់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដែលឯកឧត្តមទាំងពីរបានខិតខំបំពេញការងារនិងជាអ្នកប្រតិបត្តិដ៏ស្មោះស្ម័គ្រ នៃរាជរដ្ឋាភិបាលកម្ពុជា តាំងពីនីតិកាលមុនៗ រហូតមកដល់ក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ។ ក្រោមការដឹកនាំរបស់ឯកឧត្តម គង់ វិបុល, អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបាននិងកំពុងប្រែក្លាយជាស្ថាប័នដែលត្រូវបានជឿជាក់ និងត្រូវបានទទួលស្គាល់លើគុណភាពនិងជំនាញក្នុងការបំពេញភារកិច្ច និងមានការរីកចម្រើនជាបន្តបន្ទាប់។ គិតមកដល់បច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធដារបានក្លាយជាអង្គភាពប្រមូលចំណូលជូនជាតិធំជាងគេក្នុងប្រទេស ក្នុងចំណោមអង្គភាពប្រមូលចំណូលដទៃទៀត។ ដូចគ្នានេះ ខ្ញុំក៏សូមសម្ដែងការកោតសរសើរជូនចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់រូបនៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំប្រឹងប្រែងសម្រេចបានដោយជោគជ័យនូវបេសកកម្មប្រមូលចំណូលពន្ធដារជូនជាតិនាពេលកន្លងមក។
កន្លងមក អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានវិវត្តខ្លួនយ៉ាងខ្លាំង តាមរយៈការកែទម្រង់មុតស្រួចនិងស៊ីជម្រៅស្របតាមយុទ្ធសាស្ត្រនិងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល នីតិកាលមុនៗ និងរាជរដ្ឋាភិបាលបច្ចុប្បន្ន ដោយ (១). បានអនុវត្តនូវគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសការពង្រឹង “អភិបាលកិច្ចល្អ” (២). ការកែទម្រង់មុតស្រួចផ្នែកគោលនយោបាយនិងរដ្ឋបាលសារពើពន្ធ រួមទាំងការកែទម្រង់ច្បាប់និងបទប្បញ្ញត្តិស្ដីពីពន្ធដារ, (៣). ការកែទម្រង់ ការគ្រប់គ្រងធនធានមនុស្ស, (៤). ការកែទម្រង់និងធ្វើសាមញ្ញកម្មប្រព័ន្ធពន្ធដារ, (៥). ការចូលរួមកែលម្អនិងលើកកម្ពស់បរិយាកាសធុរកិច្ចតាមរយៈការកែសម្រួលនីតិវិធីដែលធ្លាប់មានភាពស្មុគស្មាញឱ្យមានភាពសាមញ្ញនិងងាយស្រួល ប្រកបដោយប្រសិទ្ធភាព និង (៦). ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងមុតស្រួច រហូតបានប្រែក្លាយរដ្ឋបាលសារពើពន្ធកម្ពុជាឱ្យទៅជារដ្ឋបាលសារពើពន្ធដែលមានលក្ខណៈទំនើប និងជាស្ថាប័នរដ្ឋដែលឈានមុខមួយក្នុងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថល។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(៣) វិភាគមុខងារនិងកំណែទម្រង់ស្ថាប័ន ជាកិច្ចការអាទិភាពនៃរាជរដ្ឋាភិបាល
សម្តេចតេជោ ធ្លាប់បានដាក់ចេញនូវពាក្យស្លោកថា «បើកែទម្រង់រស់ (បើ)មិនកែទម្រង់គឺស្លាប់»។ ពាក្យនេះមានអត្ថន័យនិងត្រឹមត្រូវគ្រប់កាលៈទេសៈ។ មិនថារដ្ឋនិងឯកជន គ្រប់ស្ថាប័នត្រូវធ្វើកំណែទម្រង់។ ថ្ងៃមុន ក្នុងទិវាអតីតយុទ្ធជន កាលពីថ្ងៃទី១៥ (ឧសភា) ខ្ញុំបាននិយាយអំពីការធ្វើកំណែទម្រង់ក្រសួងការពារជាតិដែលដាក់ទិសដៅបង្រួមក្បាលនិងពង្រីកខ្លួន តាមរយៈការកាត់បន្ថយនាយកដ្ឋាន/ការិយាល័យ និងផ្នែកមួយចំនួន បង្រួមបញ្ចូលគ្នាការិយាល័យមួយចំនួនដែលមានភារកិច្ចស្រដៀងគ្នា។ មានការសាទរជាច្រើន ប៉ុន្តែក៏មានការចោទជាសំណួរ។ ខ្ញុំឃើញមានការលើកសំណួរមួយនោះថា “ការកែទម្រង់(ដោយ)បង្រួម(ជាការ)ល្អហើយ។ ប៉ុន្តែ(តើ)ផ្អែកលើមូលដ្ឋានអី? តិចថា កាត់កន្លែងមនុស្សដែលខ្លួនឯងមិនស្រឡាញ់(ចូលចិត្ត) ដោយប្រធានស្ថាប័នថា មិនចូលចិត្តអ្នកហ្នឹង ក៏កាត់ចោលតែម្តងទៅ” … ខ្ញុំសូមបញ្ជាក់(អំពីថា)តើមូលដ្ឋានអី(ដែលយើងធ្វើ)កំណែទម្រង់? កំណែទម្រង់នៅអគ្គនាយកដ្ឋានពន្ធដារ ក៏មិនខុសពីការកំណែទម្រង់រដ្ឋ។ នៅក្នុងអាណត្តិនេះ អាទិភាពមួយសំខាន់ វិធានគន្លឹះមួយសំខាន់គឺ កំណែទម្រង់រដ្ឋបាលសាធារណៈ គឺយើងធ្វើវិភាគមុខងារ និងកំណែទម្រង់បណ្តាស្ថាប័នមួយចំនួន។
(៤) មូលដ្ឋានទាំង៤ នៃការធ្វើកំណែទំរង់
ខ្ញុំសូមបញ្ជាក់ ទី១ កំណែទម្រង់មិនមែនជារឿងថ្មីទេ។ ទី២ (កំណែទម្រង់)ក៏មិនមែនទើបតែចាប់ផ្តើមក្រោយពីមានសង្គា្រមនោះទេ។ គ្រប់ស្ថាប័នរដ្ឋ បានដាក់ចេញ(កំណែទម្រង់)តាំងពីដើមអាណត្តិម្ល៉េះ។ មកដល់ម៉ោងនេះ ក្រសួងមុខងារសាធារណៈ គណៈកម្មាធិការកំណែទម្រង់ បានធ្វើការកែសម្រួល។ ក្នុងនោះ ក្រោយពីការពិនិត្យទូទាំងរដ្ឋាភិបាល មកដល់ម៉ោងនេះ (ក្នុងចំណោម) ១៦ក្រសួង/ស្ថាប័ន យើងមានគម្រោងកែសម្រួលកាត់បន្ថយ ៣អគ្គនាយកដ្ឋាន ៣០នាយកដ្ឋាន ហើយនៅបន្តធ្វើតទៅទៀត។ (មូលដ្ឋាន)ទី៣ (គឺ)ការកែសំរួលកាត់បន្ថយ ឬកែសម្រួលមុខងារតួនាទី ឬបង្កើត(មុខងារ/តួនាទីថ្មី)។ បានន័យថា ថ្វីបើយើងបានដាក់អភិក្រមពង្រឹងជាជាងពង្រីក(ក្តី) កន្លែងខ្លះ ក៏ចាំបាច់ត្រូវតែបង្កើត(មុខងារ/តួនាទីថ្មី) ដើម្បីឱ្យទាន់សភាពការណ៍។ ឧ. (ដូចដែល)យើងដើរទៅអម្បាញ់មិញ … ឥឡូវ(ដំណើរ)វិវត្តន៍ទៅ AI។ បើយើងមិនរៀបចំបង្កើតយន្តការ ឬមួយក៏ផ្នែកទទួលបន្ទុក AI សម្រាប់ពន្ធដារទេ គឺយើងនឹងនៅចង(មិនទៅមុខទេ)។
ដោយហេតុនេះ អ្វីដែលសំខាន់គឺយើងមានយន្តការច្បាស់លាស់ មិនមែនធ្វើឡើងដោយផ្អែកលើ(ការគិតរបស់)ប្រធានស្ថាប័ន ថាបង្កើត(មុខងារ/តួនាទី)នេះ ដើម្បីលើកទឹកចិត្តអ្នកនោះ ឬបង្កើតនាយកដ្ឋានមួយ ឬមួយក៏មិនចូលចិត្តអ្នកណាមួយ ក៏លុបនាយកដ្ឋានចោលនោះទេ។ (មតិ)ហ្នឹង ជាការលើកក្នុងការចោទសួរតាមប្រព័ន្ធបណ្តាញសង្គម។ ខ្ញុំទទួលស្គាល់ពីកង្វល់ ប៉ុន្តែយើងក៏អាចយកមកបញ្ជាក់ប៉ុណ្ណេះជូន គឺយើងមានការវាយតម្លៃច្បាស់លាស់(ដោយ)ក្រសួងមុខងារសាធារណៈ ពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ(មុន)ធ្វើការសម្រេចឆ្លង ដើម្បីធ្វើឱ្យការងារនេះបានសុក្រឹត ដូចជាតើត្រូវលុប ត្រូវកែមុខងារ ត្រូវបង្រួមគ្នា ឬត្រូវបង្កើន? នៅក្នុងរដ្ឋាភិបាល យើងបានកែសម្រួលច្រើន។ នៅក្នុងអាណត្តិនេះ យើងនឹងជំរុញឱ្យគ្រប់ស្ថាប័ន(បន្ត)ធ្វើ(ការកែសម្រួល លុប ឬបង្កើត)។ ក្រសួងខ្លះនៅរក្សាដដែល។ ក្រសួងខ្លះកាត់បន្ថយអគ្គនាយកដ្ឋាន ឬមួយបង្រួម។ ទី៤ មូលដ្ឋានច្បាស់លាស់ក្នុងការសម្រេចចិត្តគឺយើងមិនយកមនុស្សជាគោលទេ។ យើងមិនកាត់ជើងតម្រូវស្បែកជើងទេ។ យើងកាត់ស្បែកជើងតម្រូវជើង ដើម្បីឱ្យយើងពាក់ទៅស្រួល ដើរទៅលឿន កុំឱ្យឈឺជង្គង់។
(៥) “រៀបចំប្រព័ន្ធការងារមុន រៀបចំមនុស្សក្រោយ” មិនរៀបចំនាយកដ្ឋានដើម្បីតម្រូវចិត្តមនុស្សទេ
ដូចនេះ ការកែសម្រួលរចនាសម្ព័ន្ធ ស្ថាប័ន តួនាទី ភារកិច្ច របស់អង្គភាពចំណុះគឺផ្អែកទៅលើលទ្ធផលជាគោលថាតើយើងចង់បានអី? ឧទាហរណ៍ អគ្គនាយកដ្ឋានពន្ធដារ (ដែល)ចង់់(ធ្វើការ)កែសម្រួល មិនមែនចង់តាមការនឹកឃើញ(ទេ) គឺ(មានគោលបំណង)ចង់ធ្វើឱ្យសេវា(ដែលបាន)ផ្តល់ទៅឱ្យអតិថិជនកាន់តែសុក្រឹត កាន់តែលឿន និងកាន់តែបង្កភាពសប្បាយ(រីករាយ)។ ធម្មតា (ការ)ជាប់ពន្ធវាមិនសប្បាយ(រីករាយ)ទេ ប៉ុន្តែបើគង់តែបង់ដដែល កុំឱ្យនីតិវិធីវាស្មុគស្មាញពេក។ បើគាត់អាចបង់ខ្លួនឯងពីផ្ទះមក ជាជាងជិះឡានមកផ្ទាល់(ក៏វាបានបន្ធូរអារម្មណ៍គាត់ដែរ)។ បានន័យថា (អ្នកជាប់ពន្ធ)ពេញចិត្តក្នុងការបំពេញកាតព្វកិច្ច។ ធ្វើហើយមិនឈឺក្បាល។ បានន័យថាច្បាស់លាស់។ បានលទ្ធផលជាគោលហ្នឹងទៅរៀបចំជារចនាសម្ព័ន្ធ និងប្រព័ន្ធការងារដែលមានពីរគឺមនុស្សនិងប្រព័ន្ធការងារ។ (រៀបចំ)ប្រព័ន្ធការងារមុនបានរៀបចំមនុស្សក្រោយ។
(៦) មិនកែដើម្បីមនុស្សមានមុខងារ/តួនាទី ហើយមិនកាត់ដោយសារមន្ត្រីមិនខំធ្វើការ ឬអសមត្ថភាពទេ
យើងមិនរៀបចំនាយកដ្ឋានមួយដើម្បីតម្រូវចិត្តមនុស្សទេ។ ដូចជាថា មានគ្នា ៥នាក់ ត្រូវរៀបចំ ៥នាយកដ្ឋាន ឱ្យគាត់មានការងារ មានតួនាទីដូចគ្នានោះទេ។ យើងត្រូវគិតថា ដើម្បីឱ្យសេវាហ្នឹងល្អ តើស្ថាប័នណាទទួល តើរៀបរចនាសម្ព័ន្ធយ៉ាងម៉េច ប្រព័ន្ធការងារឌីជីថលយ៉ាងម៉េច នីតិវិធីកាត់បន្ថយយ៉ាងម៉េច? អម្បាញ់មិញ ឯកឧត្តម គង់ វិបុល បានលើកអំពីជំហានប៉ុន្មានឆ្នាំ ប៉ុន្មានដំណាក់កាល។ យើងរៀបចំកែសម្រួលបែបនេះ។ ពេលដើរមើលអគារ ឃើញការប្រមូលពន្ធពីពេលមុនសុទ្ធតែដាក់កេសដែក ជិះម៉ូតូមក។ យកមកដល់ មានមនុស្សអង្គុយរាប់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានប្រាប់ថា ឥឡូវបានដូរទៅ FMIS (Financial Management Information System) គឺប្រើឌីជីថលទាំងអស់។ សូម្បីតែអគារនេះ គឺមិនមានលុយផង។ គាត់បានដើរទៅបង្រៀនអ្នកបង់ពន្ធ ដោយយកតែក្រដាសមួយសន្លឹកទៅផ្ទៀងផ្ទាត់។ ធ្វើការជាមួយមន្ត្រីពន្ធដារចប់ កាន់តែក្រដាសមួយសន្លឹកទៅបង់(ប្រាក់នៅ)ធនាគារ … ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យថា នៅរតនាគារធ្លាប់មាននាយកដ្ឋានមួយគឺនាយកដ្ឋានរាប់លុយ ព្រោះកាលមុន លុយមកទាំងកេសទាំងបាវដើម្បីរាប់។ អញ្ចឹង នៅពេលធ្វើការកែទម្រង់មកប្រើឌីជីថល យើងត្រូវលុបនាយកដ្ឋានរាប់លុយចេញ ព្រោះអត់ការងារធ្វើ។
យើងកែសម្រួលប្តូរភារកិច្ចពួកគាត់ឱ្យសម្របទៅតាមការងារ ដែលដូរពីរាប់នឹងដៃមកដោយ(ម៉ាស៊ីន)ឌីជីថល។ ត្រូវបង្កើតការគ្រប់គ្រងសាច់ប្រាក់តាមឌីជីថល។ បើសិនជាយើងមិនកែ មិនហ៊ានកាត់ទេ តែទៅបង្កើតនាយកដ្ឋានមួយ ឬផ្នែកមួយដែលទទួលបន្ទុក(គ្រប់គ្រងសាច់ប្រាក់)តាមប្រព័ន្ធថ្មី ហើយនៅរក្សានាយកដ្ឋានរាប់់លុយ នោះគឺ ទី១ ខាតមនុស្ស ធនធានថវិកាជាតិ បើកតែប្រាក់ខែឱ្យ តែគាត់លែងរាប់(លុយ)ហើយ។ ឬមួយត្រូវតម្រូវឱ្យគាត់មានការងារធ្វើ គឺត្រូវតែដូរនីតិវិធីឱ្យរាប់លុយដដែល។ (ធ្វើដូចនេះ)វាយឺត។ ទី២ មន្ត្រីនៅ(ក្នុងផ្នែក)ហ្នឹង អត់ការងារធ្វើ ក៏មានសតិអារម្មណ៍ដែរ។ គេរវល់គ្រប់គ្នា យើងអត់មានលុយឱ្យរាប់ (ដោយសារតែបាន)ដូរទៅឌីជីថលអស់ហើយ។ នេះជាឧទាហរណ៍ផ្អែកទៅលើការជាក់ស្តែងនៃកំណែទម្រង់។ យើងកែបែបនេះនៅគ្រប់ស្ថាប័នទាំងអស់។ យើងមិនកែ/រៀបចំដើម្បី(ឱ្យ)មនុស្ស(មានមុខងារ/តួនាទីទេ)។ (ឯ)ការកាត់នេះ (ក៏)មិនមែនដោយសារមន្ត្រីមិនខំធ្វើការ ឬមួយក៏មួយនាយកដ្ឋានអសមត្ថភាពទេ។ ប៉ុន្តែ (ជា)ការប្រែប្រួល(ដែល)ទាមទារឱ្យប្រសិទ្ធភាពនៃការបម្រើសេវាឱ្យរដ្ឋ កាន់តែប្រសើរ។
(៧) FMIS ធ្វើឱ្យការគ្រប់គ្រងលំហូរចំណូលចំណាយមានភាពងាយស្រួលនិងប្រសិទ្ធភាព
វាត្រូវពឹងផ្អែកទៅលើការប្តូរនីតិវិធី ភារកិច្ច ប្រព័ន្ធការងារ ហើយត្រូវសម្របតាមហ្នឹង … នេះគឺជាកត្តាជាក់ស្ដែងដែលយើងធ្វើ ពាក់ព័ន្ធទៅនឹងកំណែទម្រង់។ ខ្ញុំសូមសរសើរចំពោះអគ្គនាយកដ្ឋានពន្ធដារ ដែលបានធ្វើកិច្ចការនេះ។ (យោង)តាមរបាយការណ៍ និងតាមបទបង្ហាញអម្បាញ់មិញ (កិច្ចការដែល)យើងបានធ្វើជាផ្នែកមួយនៃកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំធ្វើ ទាំងពន្ធដារនិងគយ រតនាគារ ទាំងការគ្រប់គ្រង។ កាលពីមុនពេលមាន App FMIS ពន្ធចូលពីតាមខេត្តនីមួយៗ មក ទម្រាំមកដល់លើ (មិន)ដឹង(ថាត្រូវឆ្លងកាត់)កន្លែងណាខ្លះ និងមិនដឹង(ថាត្រូវប្រើពេល)ប៉ុន្មានថ្ងៃ។ ឥឡូវ គ្រាន់តែល្ងាចឡើងបិទបញ្ចប់ គឺបានទទួល(តួលេខហើយស្រេច)។ (ជារៀង)រាល់ថ្ងៃ ឯកឧត្តម វង្ស ប៊ុនឥន្ទ្រាវុធ (បាន)បាញ់ឱ្យខ្ញុំនូវចំនួនលុយចូល (ដូចជាថា)ថ្ងៃហ្នឹងចូលរតនាគារប៉ុន្មានចេញប៉ុន្មាន (និងមាន)អតិផរណាសាច់ប្រាក់(ដូចម្តេច)។ ការគ្រប់គ្រងបែបនេះ ជាដំណើរការធានាភាពងាយស្រួល និងការគ្រប់គ្រងដោយប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ដែលទាមទារត្រូវបង្កើតជាមួយនឹងកំណែទម្រង់រដ្ឋ រចនាសម្ព័ន្ធ ប្រព័ន្ធការងារ។ (បង្កើត)រួចហើយ បានយើងរៀបមនុស្សឱ្យចំប្រព័ន្ធការងារ។ កន្លែងដែលមិនគ្រប់លក្ខណៈ ត្រូវចាត់តាំង បណ្ដុះបណ្ដាល កែសម្រួលឱ្យចំ។
(៨) តម្រូវមនុស្សឱ្យត្រូវការងារ និងប្រព័ន្ធការងារ និងមានការអប់រំនិងបណ្ដុះបណ្ដាល
ម្សិលម្ង៉ៃ បានជួបជាមួយឯកឧត្តមម្នាក់មកពីស្ថាប័នមួយ … យើងមិនបានរើសមន្រ្តីក្នុងរយៈពេល ៣ឆ្នាំ ប៉ុន្តែគ្រប់ក្រសួងស្ថាប័ននៅមាន(មន្ត្រី)ប្រើ។ គាត់(ប្រាប់)ថា នៅកន្លែងធ្វើការរបស់គាត់ ខ្វះមនុស្ស។ អ្នកចូលនិវត្តក៏(បាន)ចូល(ហើយ) ប៉ុន្តែមិនទាន់បានរើសថ្មី។ គាត់ថា មានមនុស្សតែ ៣នាក់ធ្វើការ។ ខ្ញុំបានបញ្ជាក់ជាមួយគាត់ថា តើ ៣នាក់ធ្វើការហ្នឹង មានតែ(មនុស្ស) ៣នាក់ ឬយ៉ាងម៉េច? គាត់ថា មាន ៧នាក់ ប៉ុន្តែមានតែ ៣នាក់ទេ ដែលធ្វើការបាន ឯ ៤នាក់ទៀត បានតែថតចម្លងឯកសារ។ សួរថា (ក្នុងស្ថានភាពនេះ)តើរដ្ឋត្រូវបន្ថែមមនុស្សទៅឱ្យគាត់ ឬមួយក៏យ៉ាងណា? ខ្ញុំថា ទី១ រកវិធីបណ្ដុះបណ្ដាលផ្ទៃក្នុងឱ្យ៤នាក់ហ្នឹង ព្រោះអ្នកខ្លះនៅមានឱកាសបណ្ដុះបណ្ដាលបាន ដើម្បីឱ្យទទួលការងារលើសពី(អ្វីដែលធ្លាប់ធ្វើ)នៅក្នុងនាយកដ្ឋាន ឬការិយាល័យទៅ។ គាត់ថា អ្នកខ្លះ(បានឆ្លងការ)បណ្ដុះបណ្តាល ៥ដងហើយ (តែ)អត់ចេញ(ពីអសមត្ថភាព)។ (បើដូច)ហ្នឹង ចាំយើងគិតរឿងមើលភារកិច្ចឱ្យស្រប។ ប៉ុន្តែ ខ្ញុំជឿថា បើយើងកែសម្រួល គឺ(ត្រូវ)តម្រូវមនុស្សឱ្យត្រូវការងារ និងប្រព័ន្ធការងារ ហើយអប់រំនិងបណ្ដុះបណ្ដាលគាត់។ មិនមែនថា កាត់ កាត់នាយកដ្ឋានមួយនេះ ត្រូវបោះចោលមួយផ្ទាំងនោះទេ។ (តែ)បានន័យថា មន្រ្តីនៅក្នុងហ្នឹង នឹងត្រូវសម្របសម្រួលអោយមាន retraining (គឺធ្វើវិក្រឹតការ ឬ)បណ្ដុះបណ្ដាលឡើងវិញឱ្យទៅទទួលការងារផ្សេង ឬមួយយ៉ាងណា។
ខ្ញុំសូមបញ្ជាក់ឡើងវិញ កំណែទម្រង់រដ្ឋ ឬមួយរចនាសម្ព័ន្ធប្រព័ន្ធការងារ មិនមែនផ្អែកទៅលើការស្រលាញ់ ឬស្អប់មនុស្សនោះទេ ប៉ុន្តែ(កំណត់)យកលទ្ធផលរបស់ស្ថាប័ននោះជាគោល ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចរបស់ស្ថាប័ន។ យកមកដើម្បីកែសម្រួលឱ្យស្របទៅតាមស្ថានភាព ការប្រែប្រួលនៃពិភពលោក បច្ចេកវិទ្យា និងការប្រែប្រួលនៃប្រសិទ្ធភាព និងប្រសិទ្ធផលការងារ។ (ធ្វើបាន)ចប់ហើយ បានយើងរៀបចំមនុស្សដើម្បីតម្រូវ។ បើកន្លែងថ្មី បង្កើតនាយកដ្ឋាន AI មិនមែនបង្កើតឡើង ដើម្បីអ្នកណាទេ គឺបង្កើតហើយ រើសមនុស្សដែលមានចក្ខុវិស័យ និងមានបទពិសោធ ចេះជំនាញខាង AI មកដឹកនាំធ្វើប្រតិបត្តិតាមហ្នឹង។ មិនមែនថា គាត់មិនចេះ AI ផង គាត់ជំនាញខាងភាសា តែបង្កើតនាយកដ្ឋាន AI ដើម្បីឱ្យគាត់សប្បាយចិត្ត ដោយដាក់គាត់(អោយទៅកាន់ការនៅ)ហ្នឹងនោះទេ។ ត្រូវរៀបចំមនុស្សឱ្យត្រូវ។
(៩) ក្រោយវិភាគមុខងារ ក្រសួងស្ថាប័នរៀបចំរចនាសម្ព័ន្ធរួច ការរើសមនុស្សចូលគឺស្របតាមតម្រូវការ
អញ្ចឹង ការរើសមន្រ្តី(ធ្វើជា)ក្រោយ។ ឥឡូវនេះ ក្នុងរយៈពេលក្រោយពី(យើងធ្វើ)ការវិភាគមុខងារហើយ ក្រសួង-ស្ថាប័ននីមួយៗ (បានរៀបចំ)រចនាសម្ព័ន្ធហើយ ការរើសមនុស្សចូលគឺស្របទៅតាមតម្រូវការ។ អគ្គនាយកដ្ឋានពន្ធដារ ឆ្នាំទៅដូចជារើសប្រមាណ ១០០នាក់ ដែលជាកូតាចាស់។ គាត់ដាក់និយាម សុទ្ធតែអ្នកជំនាញដែលមូលដ្ឋានត្រូវការចំតែម្ដងក្នុងការបំពេញភារកិច្ចក្នុងអគ្គនាយកដ្ឋាន ឬនាយកដ្ឋានចំណុះ។ យើងធ្វើបែបនេះ ទើប(រើស)មនុស្សមកមានប្រសិទ្ធភាព។ កុំឱ្យមាន ៧នាក់ តែមានតែ ៣នាក់ធ្វើការ ហើយថាខ្វះមនុស្ស។ យើងត្រូវរើសឱ្យចំ(សេចក្តីត្រូវការ)។ បើគាត់មិនទាន់(ចេះ)គ្រប់ បណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីឱ្យអ្នកទាំងអស់នោះមានឱកាសការងារ។ គ្មានអ្នកណាចង់ឆុងទឹកតែមួយជីវិតទេ។ លើកលែងតែអ្នកហ្នឹងខ្ជិល។ មនុស្សទាំងអស់សុទ្ធតែចង់មានជំនាញ ចង់មានឱកាសទទួលការងារបន្ថែម មិនថាមន្រ្តីកម្រិតណាទេ។ អង្គភាពក៏ដូចគ្នាដែរ។ មិនចង់ឱ្យមន្រ្តីម្នាក់ហ្នឹងធ្វើតែមួយមុខទេ។ គាត់អាចមានសមត្ថភាពធ្វើពីរមុខ។ ឆុងទឹកតែម្ដងម្កាល តែគាត់អាចជួយវាយកុំព្យូទ័រអី(បន្ថែម)មួយចំនួន វាយផ្លាកវាយអីពេលប្រជុំបាន កាន់តែល្អ ឧទាហរណ៍ជាមន្រ្តីសេវា។ អញ្ចឹង ការរៀបចំនៅក្នុងការពង្រឹងស្ថាប័នរដ្ឋគឺបែបនេះ។
(១០) កំណែទំរង់បើកច្រកឱ្យរាជរដ្ឋាភិបាលទទួលយកធនធានមនុស្សជាមន្រ្តីកិច្ចសន្យាបច្ចេកទេស
(ក៏ក្នុង)ការរៀបចំមនុស្ស(នេះដែរ) បើយើងបើកច្រកមួយទៀត (ហើយក៏)បានអនុវត្តហើយ ពីដើមអាណត្តិ គឺកំណែទម្រង់មន្រ្តីកិច្ចសន្យាជំនាញ។ (មន្ត្រី)កិច្ចសន្យាជំនាញនេះ អនុញ្ញាតឱ្យរាជរដ្ឋាភិបាលអាចយកធនធានពីក្រៅរដ្ឋចូលមក ដោយមិនចាំបាច់(យកចូល)តាមច្រកធម្មតា ដែលមានលក្ខខណ្ឌ។ ឧទាហរណ៍ថា អាយុត្រឹម ៣០ឆ្នាំ ហើយជាមន្រ្តីថ្មី។ ជួនកាល មន្រ្តីចូលនិវត្តពីក្រសួងស្ថាប័នមាន(ជំនាញ)កម្រិតខ្ពស់មួយ។ ពេលគាត់ចូល(និវត្តន៍)ទៅ រើសមន្រ្តី(មក)បន្ថែមតែចំនួន តែជាមន្រ្តី(មានជំនាញ)កម្រិតទាប យកមកបណ្ដុះបណ្ដាល។ មិនមានអ្នកណាជំនួស(គាត់)បាន។ ដោយច្បាប់(សហ)លក្ខន្តិកៈមន្រ្តីរាជការ គាត់ត្រូវចូល(និវត្តន៍) អញ្ចឹងយើងដាក់ប្រភេទថ្មីនេះ((មន្ត្រី)កិច្ចសន្យា) គឺអនុញ្ញាតឱ្យ(ទទួលយក)ជាមន្រ្តីកុងត្រាបច្ចេកទេស។ បានន័យថា គាត់ចូលមកបំពេញការងារក្នុងក្រសួង-ស្ថាប័នក្នុងតួនាទីដែលចាំបាច់។ អាចទាញយកមក។ ឧ. ថា នៅពន្ធដារ។ ជួនកាលការបណ្ដុះបណ្ដាល(អ្នកថ្មី)ពិបាក។ ដូចអម្បាញ់មិញ ខ្ញុំទៅមើលអង្គភាពពន្ធពិសេស។ យកមន្រ្តីមកពី (The) Big 4 គឺជាក្រុមហ៊ុនគណនេយ្យធំបួន ដែលវិស័យឯកជនគេបណ្ដុះបណ្ដាលហើយ។
(១១) រៀបចំប្រព័ន្ធការងារ រៀបចំមនុស្ស ផ្អែកលើលទ្ធផលការងារ រចនាសម្ព័ន្ធ និងរបៀបរបបការងារ
កាលមុន វិស័យឯកជនទៅចាប់ពីរដ្ឋ ព្រោះវិស័យឯកជនអត់មានកម្រិតអាយុអីទេ។ ឥឡូវរដ្ឋទៅចាប់យកពីឯកជនមកវិញ។ (នេះជាដំណើរនៃ)ទីផ្សារសេរី។ កុំបន្ទោសរដ្ឋ។ ដូចជាពេលខ្លះ មន្រ្តីស្ម័គ្រចិត្តចង់ធ្វើការរដ្ឋឬមួយអី ហ្នឹងជាមួយសិទ្ធិសេរីភាពរបស់គាត់។ ពិតណាស់ គាត់មានកុងត្រាការងារនៅកន្លែងផ្សេងៗ។ គឺច្រកបែបនេះហើយ ដែលកំណែទម្រង់របស់យើងត្រូវមានភាពបត់បែន ដាក់គោលដៅ យកលទ្ធផលការងារជាគោល ហើយបានយកមកកែសម្រួលរចនាសម្ព័ន្ធ បង្កើត បង្រួម ឬមួយលុប ហើយរៀបចំមនុស្ស (បញ្ចូលឱ្យ)ស្រប(តម្រូវការ) បើក្នុងនាយកដ្ឋានដែលមានការកែសម្រួលត្រូវបណ្ដុះបណ្ដាលអីបន្ថែម។ ហ្នឹងជាការរៀបចំតាមដំណាក់កាល។ ការរៀបចំកែសម្រួលនៅតាមក្រសួង-ស្ថាប័ន ឧទាហរណ៍នៅក្រសួងការពារជាតិ ថ្ងៃមុនដែលបានលើកហ្នឹង មានបងប្អូនខ្លះបញ្ចេញមតិថា ប្រយ័ត្នការកែសម្រួលហ្នឹង ដាក់ទៅដោយសារស្អប់អ្នកណាមួយ ក៏កាត់គេចោលស្អីៗ។ មិនដូច្នោះទេ។ យើងរៀបចំប្រព័ន្ធការងារ ហើយរៀបចំមនុស្ស ផ្អែកទៅលើលទ្ធផលការងារនិងរចនាសម្ព័ន្ធ របៀបរបបការងារដែលយើងដាក់។
[ចប់សេចក្ដីអធិប្បាយ២]
ខ្ញុំជឿជាក់ថា រាល់ការខិតខំប្រឹងប្រែងរហូតដល់សម្រេចបាននូវសមិទ្ធផលទាំងនេះ គឺមិនងាយស្រួលឡើយ ដោយម្ខាងរាជរដ្ឋាភិបាលត្រូវការចំណូលដើម្បីអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រដើម្បីអភិវឌ្ឍជាតិ រក្សាលំនឹងជីវភាពនិងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងម្ខាងទៀត ការប្រមូលចំណូលក៏ត្រូវមានការចូលរួមពីវិស័យឯកជន ហេតុនេះ អគ្គនាយកដ្ឋានពន្ធដារក្នុងនាមជាអ្នកអនុវត្តការងារនេះ គឺមានការលំបាក។ យ៉ាងណាមិញ ដូចខ្ញុំធ្លាប់បានលើកកន្លងមក «ត្រឹមមានគំនិតនិងឆន្ទៈមិនគ្រប់គ្រាន់ទេ បើយើងមិនធ្វើ ឬមិនហ៊ានធ្វើ» ហើយកន្លងមកនេះ អគ្គនាយកដ្ឋានពន្ធដារបានបំពេញតួនាទីជាសេនាធិការរាជរដ្ឋាភិបាលក្នុងការប្រមូលចំណូលប្រកបដោយប្រសិទ្ធភាព ដោយរាល់ការងារកែទម្រង់ខាងលើ គឺសុទ្ធតែក្នុងក្របខ័ណ្ឌកែទម្រង់មុតស្រួចនិងស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(១២) ការកែទម្រង់មិនងាយស្រួល ប៉ុន្តែជាមូលដ្ឋានសម្រាប់ដើរទៅមុខទៀត
ការកែទម្រង់មិនងាយស្រួល(ទេ)។ ការកែទម្រង់ ហើយ(អោយអាច)អនុវត្តដោយប្រសិទ្ធភាព និងមានចីរភាព (ក៏)កាន់តែលំបាក។ ការធ្វើអ្វីមួយថ្មី បើយើងនិយាយ(អោយដល់ទៅ)ជាការប្រថុយ។ ទោះបីជាមានការរៀបចំគិតគូរច្បាស់លាស់ក៏ដោយ កែសម្រួលឱ្យមានការអនុវត្តដែលខុសពីគន្លងដែលធ្លាប់(ធ្វើគន្លង)ដែលមានហើយ គឺជាការប្រថុយប្រថាន។ ជោគជ័យ មិនជោគជ័យ ល្អជាងមុន មិនល្អជាងមុន ជាការគិតមួយ ប៉ុន្តែ(ក្នុងការ)អនុវត្តជាក់ស្តែង ការកែទម្រង់មិនមែនជោគជ័យ ១០០ភាគរយ គ្រប់ពេលនោះទេ។ ប៉ុន្តែ បើសិនជាយើងមិនធ្វើសោះ ក៏បានន័យថា zero ហើយ។ បើយើងកែទម្រង់ ហ៊ានដើរមួយជំហាន វានឹងជាមូលដ្ឋានសម្រាប់យើងកែទម្រង់តទៅមុខទៀត និងដើរទៅមុខទៀត។ នេះគឺជាស្ថានភាពជាក់ស្តែងនៅក្នុងការបំពេញការងារ និងកំណែទម្រង់របស់រដ្ឋ។
[ចប់សេចក្ដីអធិប្បាយ៣]
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានទាំងឡាយ ខ្ញុំសូមគាំទ្រនិងលើកទឹកចិត្តអគ្គនាយកដ្ឋានពន្ធដារឱ្យបន្តយកចិត្តទុកដាក់លើការធ្វើបរិវត្តកម្មឌីជីថល សំដៅប្រែក្លាយខ្លួនទៅជា រដ្ឋបាលសារពើពន្ធទំនើប ស្របតាមឧត្តមានុវត្តន៍ក្នុងតំបន់និងសកល ជាពិសេស ខណៈដែលកម្ពុជាត្រូវការជាចាំបាច់នូវរដ្ឋបាលសារពើពន្ធមួយដែលកាន់តែទំនើប និងឆ្លាតវៃ ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព គណនេយ្យភាព និងភាពប៉ានប្រមាណបាន (Predictability) បន្ថែមទៀតជូនអ្នកជាប់ពន្ធ។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(១៣) គយនិងរដ្ឋាករកម្ពុជា ធានាប្រសិទ្ធភាពប្រមូលថវិកាជូនជាតិ និងលើកកម្ពស់បរិយាកាសវិនិយោគ
ប្រសិទ្ធភាពនៃស្ថាប័នដូចជាអគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺមិនត្រឹមតែធានាប្រសិទ្ធភាពនៃការប្រមូលថវិកាជូនជាតិប៉ុណ្ណោះទេ ប៉ុន្តែចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា កាត់បន្ថយថ្លៃសេវាពាក់ព័ន្ធ និងប្រតិបត្តិករវិនិយោគ ក៏ដូចជាការធានាភាពប្រកួតប្រជែងដោយស្មើភាព សុចរិតភាព និងអនុលោមភាពស្របតាមច្បាប់ជាធរមាន។ ភាពមិនច្បាស់លាស់ ភាពមិនអាចប៉ាន់ប្រមាណបានដែលអង់គ្លេសថា unpredictability ភាពមិនប្រាកដប្រជា uncertainty នៅក្នុងការអនុវត្តកាតព្វកិច្ចពន្ធដារ ជាពិសេសលើកិច្ចការសវនាកម្មពន្ធដារនៅកម្ពុជា គឺជាឧបសគ្គមិនសម្រាប់តែសហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែជាការរារាំងស្ទះដល់ដំណើរការលើកកម្ពស់ភាពប្រកួតប្រជែងឲ្យកម្ពុជាថែមទៀត។
នៅក្នុងន័យនេះ ខ្ញុំសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ជាថ្មីម្តងទៀតចំពោះក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានធ្វើកំណែទម្រង់ជាប្រចាំ កំណែទម្រង់ទាំងបទដ្ឋានគតិយុត្តិ បទដ្ឋានប្រតិបត្តិ កំណែទម្រង់ទាំងវិធីសាស្រ្ត ទំនើបកម្ម ទាំងបច្ចេកវិទ្យា ប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រមូលពន្ធ និងការបង្កើតភាពប្រកួតប្រជែងដែលយើងទទួលស្គាល់។ សូម្បីតែវិស័យឯកជនក៏មានការចូលរួមនិងកោតសរសើរផងដែរ។ ករណីជាក់ស្តែងពាក់ព័ន្ធនឹងពន្ធដារ កាលពីដើមអាណត្តិ នៅក្នុងបទបង្ហាញក៏មានកាលពីវេទិកាជួបវិស័យឯកជន ខែ១១ ឆ្នាំ២០២៣ ពេលដែលខ្ញុំទទួលការងារដំបូង ជួបជា មួយទូតបណ្តាប្រទេសមួយចំនួន ពីជប៉ុន ពីអឺរ៉ុប ពីអី ក៏ដូចជាសហគមន៍ធុរកិច្ច AmCham, EuroCham ជាដើម ពួកគាត់ទទួលស្គាល់ការខិតខំប្រឹងប្រែងកែសម្រួលជាប្រចាំរបស់យើង។ ប៉ុន្តែពេលនោះ ក៏មានការលើកនូវបញ្ហាមួយចំនួនទាក់ទងនឹងពន្ធដារគឺភាព unpredictability ហើយនិង uncertainty ដែលនៅសល់ខ្លះៗ ពីការអនុវត្តនីតិវិធីរបស់យើង។
(១៤) អង្គភាពពន្ធដារពិសេសជាជាកម្មវិធីគំរូ អនុវត្តបានលឿន ព្រោះកាត់នីតិវីធីច្រើន
ក្នុងពេលនោះ គឺក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ខ្ញុំនិយាយពន្ធដារដោយឡែក ក៏បានរៀបចំជាបទដ្ឋានប្រតិបត្តិ SOP ដើម្បីងាយស្រួលក្នុងការធ្វើប្រតិបត្តិការ (ដើម្បីឱ្យ)ងាយស្រួលយល់គ្នា ព្រោះ tax code ពេលខ្លះវាស្មុគស្មាញ ហើយ(មានការ)បកស្រាយ។ ការវាយតម្លៃអីហ្នឹងមាននិតីវិធី គន្លីកគន្លាក់ច្រើន។ ពេលខ្លះមិនធ្វើការផ្ទាល់ជាមួយគ្នា … តួអង្គសំខាន់គឺសេវាពន្ធដារដែលដើរតួនាទី។ បទពិសោធដែលខ្ញុំបានជួបប៉ុន្មានករណី ដែលអគ្គនាយកដ្ឋានពន្ធដារបានរាយការណ៍ រឿងខ្លះវាសាមញ្ញបំផុត តែនីតិវិធីនិយាយគ្នាអត់ច្បាស់លាស់ វាបង្កើតនូវភាពស្រពេចស្រពិល។ ការដែលអត់និយាយគ្នា ឬនិយាយដោយប្រយោលទៀត កាន់តែមានការយល់ច្រឡំមិនទុកចិត្តគ្នា។
អញ្ចឹងកិច្ចការនេះគឺបានធ្វើ(អោយប្រសើរឡើងហើយ) ក្នុងនោះគឺការរៀបចំ SOP ដែលបានដាក់ឲ្យអនុវត្តហើយ។ ឧទាហរណ៍មួយទៀត គឺការបង្កើតអង្គភាពពន្ធដារពិសេស ដែលខ្ញុំបានឡើងទៅមើល។ ក៏សូមធ្វើការកោតសរសើរចំពោះអង្គភាពដែលជាងមួយឆ្នាំនេះបានខិតខំប្រឹងប្រែង ជាពិសេសមានការយកចិត្តទុកដាក់ផ្ទាល់ពីឯកឧត្តម គង់ វិបុល។ និយាយនេះ មិនមែនបានន័យថា អង្គភាពពិសេសធ្វើការល្អជាងអ្នកផ្សេងទៀតទេ។ បានន័យថា គ្រប់ស្ថាប័ន គ្រប់នាយកដ្ឋាន ការអនុវត្ត SOP ជាឆន្ទៈដែលយើងបានធ្វើ ដំណើរការទៅមុខ។ ប៉ុន្តែ អង្គភាពពន្ធដារពិសេសនេះ ជាកម្មវិធីគំរូមួយ/pilot program ដើម្បីអនុវត្តឲ្យលឿន ព្រោះអង្គភាពពន្ធដារពិសេសនេះអនុវត្តដោយកាត់នីតិវីធីច្រើន។
(១៥) កុំមានការគិតថា “អ្នកបង់ពន្ធជាអ្នកមានកំហុស ហើយពន្ធដារជាអ្នកចាប់កំហុស”
កាលនោះ(យើងបាន)សម្រេចថា បើអនុវត្ត SOP ត្រូវការពេលវេលាមួយចំនួនដើម្បីកែសម្រួលពន្ធដារទូទាំងប្រទេស ហើយបើកាត់ពីការរងសវនកម្ម ៣កង់ មកត្រឹមតែ ១កង់ ដាក់ទៅមិនស្រួល(មិនអាចដំណើរការបាន) ពីព្រោះមានរាប់ម៉ឺនក្រុមហ៊ុន។ ឯកឧត្តម ស៊ុន ចាន់ថុល និង ឯកឧត្តម សុខ ចិន្ដាសោភា ជាសាក្សីមុនគេ ស្តីពីការគិតនិងការរៀបចំរឿងនេះ។ ពេលនោះ នៅកូរ៉េ ចេញពីជណ្ដើរយន្ដ ក៏ហៅមកជួបគ្នាទាំងពីរ ថាឥឡូវយើងមកគិតគូររកវិធីសាស្ដ្រអីសាកល្បងមើល។ ការសាកល្បងគឺ(ដើម្បីឱ្យដឹងថា)តើវាទៅមុខ ឬយ៉ាងណា ដើម្បីសំរួលនីតិវិធី បូកនឹងកុំឲ្យវាប៉ះពាល់ដល់ប្រព័ន្ធពន្ធដារទាំងមូល។ ហ្នឹងជា pilot project។ យើងនិយាយថាកម្មវិធីគំរូនៅក្នុង tax code របស់យើង។ អញ្ចឹង សូមសរសើរការរៀបចំនេះ។
យើងឃើញ ថាក្នុង(រយៈពេល)មួយឆ្នាំ មន្ដ្រីថា្នក់ដឹកនាំ ក្នុងអង្គភាព តែ ៤០នាក់ជាង មួយចំនួនមកពី (The) Big4 នៅវ័យក្មេងៗ (មិនមែនគេក្មេងៗទេ មកពីយើងចាស់បានមើលទៅដូចក្មេង) តាមពិត (ពួកគាត់មានអាយុ)២០ ឬជាង ៣០ឆ្នាំ ទៅហើយ។ ជាយុវជន។ បងវិបុល ថា ខំប្រឹងធ្វើអគារនេះឡើងស្ដើងសក់។ ការងារនេះ ជាផ្នែកមួយនៃកំណែទំរង់ ដើម្បីឈានទៅដល់ការបង្កើនប្រសិទ្ធភាព និងបង្កើតទំនុកទុកចិត្ត សំខាន់បំផុតគឺការប្រែក្លាយផ្នត់គំនិត កុំឲ្យមានការគិតថា “អ្នកបង់ពន្ធជាអ្នកជាប់ទោស ជាអ្នកមានកំហុស ហើយពន្ធដារជាអ្នកចាប់កំហុស”។ មិនដូច្នោះទេ។ ត្រូវធ្វើឲ្យមានទំនុកចិត្តរវាងគ្នាទៅវិញទៅមក (មាននិងគោរព)កាតព្វកិច្ចរៀងៗខ្លួន។
(១៦) ពន្ធគឺជាការផ្ទេរធនធាន ដោយអ្នកមានច្រើនបង់ច្រើន
អ្នកបង់ពន្ធគឺបង់មកដើម្បីរដ្ឋយកទៅកសាងធនធាន កសាងហេដ្ឋារចនាសម្ព័ន្ធសង្គមបន្ថែមទៀត ចូលរួមកសាងជាតិ និងបង្កើតនូវការប្រកួតប្រជែងស្មើភាពគ្នា។ និយមន័យសេដ្ឋកិច្ចមួយ ពន្ធគឺជាការផ្ទេរនៃធនធាន។ អ្នកដែលមានធនធានច្រើនបង់ច្រើន។ លុយហ្នឹងយកទៅជួយអ្នកដែលអត់។ ឧទាហរណ៍ថាកម្មវិធីសមធម៌ អ្នកក្រីក្រទៅព្យាបាលអត់អស់ប្រាក់ តែ(ការពិតគឺ)រដ្ឋចេញឲ្យ។ (តើរដ្ឋបាន)លុយហ្នឹងពីណា? គឺបានមកពីការប្រមូលពន្ធចូលរដ្ឋ។ ប្រសិនបើយើងមិនបង្កើតការប្រមូលពន្ធនេះទេ យើងនៅពឹងចំណូលពីខាងក្រៅ ឬពីជំនួយនោះមិនកើតទេ។ វាត្រូវតែផ្ទៃក្នុងម្ចាស់ការខ្លួនឯង។ អញ្ចឹងការវិលធនធាននេះ រដ្ឋយកទៅវិនិយោគលើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាល។
សូម្បីតែឡានក្រុងនៅរាជធានីភ្នំពេញ រដ្ឋត្រូវចេញឧបត្ថម្ភទុនមួយចំនួនដើម្បីឲ្យប្រជាជន(បានជិះក្នុងតម្លៃទាប)។ មានក្រុមហ៊ុនច្រើនចង់ដេញថ្លៃវិនិយោគធ្វើ(សេវា)ឡានក្រុង។ ខ្ញុំមិនឲ្យ។ បើឲ្យឡានក្រុងទៅឯកជន ក្រុមហ៊ុនត្រូវដំឡើងតំលៃសំបុត្រដើម្បីចំណេញ។ ដូច្នេះពេលដែលរដ្ឋមានការចំាបាច់(ផ្ដល់អាទិភាពឱ្យ)សិស្សជិះ free ក្រុមហ៊ុនឯកជន(មិនព្រមឱ្យ)បានទេ។ អញ្ចឹង សេវាសាធារណៈមួយចំនួនត្រូវតែរដ្ឋជាអ្នកគ្រប់គ្រង។ ឧទាហរណ៍ ដូចជា EDC ជាក្រុមហ៊ុនរបស់រដ្ឋដែលសុខចិត្តចំណាយទុនអស់ជិត ១០០លាន ដុល្លារដើម្បីកុំឲ្យអគ្គិសនីឡើងថ្លៃ។ ប្រសិនបើ EDC ជាឯកជនវិញ (ច្បាស់ថា)មួយរយភាគរយ យើងពិបាកគ្រប់គ្រង។ យើងមិនអាចទៅបង្ខំក្រុមហ៊ុនឯកជនឲ្យខាតលុយទេ។
សេវាមួយចំនួនជាសេវាសាធារណៈ ដែលរដ្ឋត្រូវចេញ(ខាត)។ (ការចំណាយនោះត្រូវបាន)ទប់ទល់ដោយចំណូលដែលយើងប្រមូលនេះឯង។ ដោយហេតុនេះ ការរៀបចំឲ្យពន្ធដារនិងគយកាន់តែមានប្រសិទ្ធភាព តម្លាភាព ប្រសិទ្ធផល ធ្វើយ៉ាងណាជួយឱ្យប្រព័ន្ធប្រមូលពន្ធ ដែលអតិថិជនជាអ្នកបង់ពន្ធមានភាពងាយស្រួលនិងទុកចិត្តបាន ហើយមន្រ្តីពន្ធក៏មិនលំបាក។ ថ្ងៃមុន អ្នកឧកញ៉ា គិត ម៉េង បាននិយាយរឿងសុំលាងបាប(អំពីការបង់ពន្ធ)។ ឯកឧត្ដម គង់ វិបុល ថា “លាងបាបឲ្យហើយ”។ ប៉ុន្តែ អ្នកខ្លះដូចជាលាងអត់អស់។ យើងឈប់និយាយពីរឿងបាប។ មកនិយាយពីកាតព្វកិច្ច យល់គ្នាទៅវិញទៅមក។ ពេលហ្នឹងវាស្រួល។
(១៧) យល់ពី Tax Code កាតព្វកិច្ចនិងការទទួលខុសត្រូវ ការយោគយល់កាន់តែតិច ការអនុវត្តគោលការណ៍ស្មើភាពគ្នាច្រើន
ខ្ញុំយល់ស្របដូចពាក្យរបស់ឯកឧត្ដម គង់ វិបុល ថា “គ្មានពន្ធដារស្រុកណាស្រួលដូចពន្ធដារនៅកម្ពុជា” ទេ ដែលអាចជជែកគ្នា និងយោគយល់បាន។ ខ្ញុំរស់នៅអាមេរិក ក៏ឃើញថា IRS (Internal Revenue Service) អង្គភាពពន្ធរបស់អាមេរិកហ្នឹង ហ្នឹងតឹងណាស់ … ឧទាហរណ៍ គេមាន deduction។ បើបង់ចូលទៅ ច្បាប់អនុញ្ញាតឲ្យអ្នកឯងកាត់ពន្ធប៉ុន្មាន តែលើសពីនេះ IRS មិនយោគយល់ទេ។ គឺបង់ពេញ។ ឯយើង(អាចមាន)ការគិតគូរ(ខ្លះ)។ តែយ៉ាងណាក៏ដោយ ការយោគយល់ជាដំណាក់កាលអន្តរកាល។ ដល់ពេលមួយគឺគ្រប់គ្នាទាំងអ្នកបង់ពន្ធ ទាំងមន្រ្តីពន្ធដារ យល់ដូចគ្នា code ដូចគ្នា កាតព្វកិច្ចនិងការទទួលខុសត្រូវ ការយោគយល់តិច ទៅតាមគោលការណ៍ស្មើភាពគ្នាច្រើន។ នេះជាអ្វីដែលពន្ធដារយើងចង់បាន ឲ្យមានការយល់គ្នារវាងមន្រ្តីនិងអ្នកបង់ពន្ធ ជាជាងអ្នកចាប់កំហុសនិងអ្នកខុស ទៅជាដៃគូក្នុងការអនុវត្តគោលការណ៍នេះឲ្យបានច្រើន តាមកាតព្វកិច្ចរៀងៗខ្លួនដែលយើងចង់បាន។
(១៨) ដើម្បីទទួលបានប្រសិទ្ធភាព ត្រូវមានការចូលរួមពីក្រុមហ៊ុនសហគ្រាស និងពីភ្នាក់ងារសេវាកម្មពន្ធដារ
នៅក្នុងអង្គភាពពិសេសនេះ អ្នក Gold បានន័យថា អ្នកមានឧត្ដមភាព(?)ខ្ពស់ដើម្បីយល់គ្នាទៅវិញ ខុសគ្នាពីក្រុមហ៊ុនធម្មតា តាមដែលសួរទៅគឺអ្នកបាន Gold នេះគឺគាត់បានសិទ្ធមួយចូលទៅក្នុងអង្គភាពហ្នឹងធ្វើសវនកម្មតែម្ដងទេគឺចប់។ បើសិនជាមិនចូលទៅកន្លែងហ្នឹងទេ អាចរង ៣ប្រភេទសវនកម្ម។ តែ SOP យើងទៅមុខនឹងធ្វើយ៉ាងណាដើម្បីពង្រីក(ការបង្រួម)នីតិវិធី កាត់បន្ថយឲ្យបានច្រើន ព្រោះទៅថ្ងៃមុខយើងមិនចង់ឲ្យមានស្មុគស្មាញទេ កុំឲ្យមានភាពមិនប្រាកដប្រជា។ ក្នុងន័យនេះ សូមឲ្យយល់គ្នា(ដល់)កិច្ចការខាងមុខ។ ខ្ញុំឃើញអគ្គនាយកដ្ឋានពន្ធដារខិតខំធ្វើការបង្រៀនផង គឺមិនត្រឹមតែបង្រៀនដល់អ្នកបង់ពន្ធទេ ដល់មន្រ្តី បូកទាំង tax agents/ភ្នាក់ងារសេវាពន្ធដារទាំងអស់ដើម្បីឲ្យយល់គ្នា។
ក្នុងការអនុវត្ត ដើម្បី(ឱ្យទទួលបាន)ប្រសិទ្ធភាព ពន្ធដារបានខំប្រឹងហើយ តែមិនទាន់គ្រប់ទេ។ ត្រូវមានការចូលរួម ទី១ ពីក្រុមហ៊ុន–សហគ្រាស … ដើម្បីថ្ងៃក្រោយមិនបាច់ទៅអង្គុយសុំលាងបាប មិនលាងបាបអីទេ បំពេញតែកាតព្វកិច្ចទៅ លែងបាបហើយ។ យើងបំពេញកាតព្វកិច្ច ស្មើភាពគ្នាតាមគោលការណ៍ច្បាប់ និងលក្ខខណ្ឌនៃពន្ធដារ។ ទី២ ពីភ្នាក់ងារសេវាកម្មពន្ធដារ ក៏ជាតួអង្គមួយសំខាន់ដែរ។ ឥឡូវក្រុមហ៊ុនខ្លះអត់ចាំបាច់ទៅផ្ទាល់។ (ដោយវា)ស្មុគស្មាញពេក គាត់មាន tax agent ដូចមេធាវីអញ្ចឹង ធ្វើការឲ្យខាងពន្ធដារ ជាអ្នករៀនសូត្រយល់ពីរឿងពន្ធដារ។ ក្រុមហ៊ុនខ្លះធំ មានភ្នាក់ងារផ្ទាល់របស់គាត់។ អញ្ចឹង តួអង្គនេះសំខាន់ ហើយភ្នាក់ងារសេវាពន្ធដារបានដើរតួនាទីច្រើនក្នុងការជួយសម្រួល។
(១៩) គាំទ្រការបង្កើតឲ្យមានភ្នាក់ងារសេវាកម្មពន្ធដារ តែត្រូវមានស្តង់ដាច្បាស់លាស់
ខ្ញុំបានទទួលព័ត៌មាន ហើយសូមវាយតម្លៃខ្ពស់ ចំពោះការបណ្ដុះបណ្ដាល ការចេញអាជ្ញាបណ្ណអីផ្សេងៗ មានការគ្រប់គ្រងជាដើម។ ប៉ុន្តែ នៅមានចំណុចចន្លោះប្រហោងមួយចំនួន ដែលកន្លងទៅនេះធ្លាប់ឃើញករណី ៣ ធំៗ។ ពេលខ្ញុំចូលមក ជួបជាមួយទូតមួយចំនួន គាត់លើកតែរឿងហ្នឹងដដែលៗ។ ខ្ញុំសួរ ឯកឧត្ដម គង់ វិបុល ថារឿងហ្នឹងយ៉ាងម៉េច។ បីបួនប្រាំឆ្នាំហើយដូចដោះមិនចេញ? ចុះឡើងៗ ដោយសារតួអង្គទាំង២ គឺសហគ្រាសនិងខាងពន្ធដារមិនដែលជួបគ្នា និយាយគ្នាតាមតែអ្នកទី៣ គឺភ្នាក់ងារសេវាពន្ធដារ។ ភ្នាក់ងារនោះមិនមែនតូចទេ ដូចធ្វើការឲ្យក្រុមហ៊ុន The Big 4 ទៀត។ ករណីតូចទេ មិនមែនគ្រប់ករណីនោះទេ។ ដល់តែចុះឡើងៗ វាទៅជារឿងខ្វះឯកសារ រឿងពន្យល់គ្នា យូរៗពេកទៅ ក្រុមហ៊ុនគិតថាមន្រ្តីពន្ធដារចង់កោសរូសក៏បានបង្កើតជារឿងថាមិនដោះ(ស្រាយ)ឲ្យគេ។ ឯខាងពន្ធដារថា(ក៏ប្រកែកថា)អត់ទេ រឿងអញ្ចេះ(ទេ)។ និយាយជាមួយភ្នាក់ងារ តែព័ត៌មានទៅមិនដល់(ក្រុមហ៊ុន)។
អាចថាមកពីកង្វះសមត្ថភាពគ្រប់ជ្រុងជ្រោយរបស់ភ្នាក់ងារសេវាពន្ធដារឬក៏ការធ្វើដោយចេតនាណាមួយដែលព័ត៌មានទៅមិនដល់ ឬក៏ការផ្ដល់យោបល់ខុស។ ចុងក្រោយ គ្រាន់តែហៅក្រុមហ៊ុនមកជួបជាមួយពន្ធដារ (ក្នុង)តែ ១ទៅ ២ខែ ក៏ដោះចេញ។ ក្រុមហ៊ុនបានសុំទោសដល់មន្រ្តីពន្ធដារថា ដំបូងគាត់យល់ច្រឡំព្រោះព័ត៌មានដែលបានមកគឺអញ្ចេះ។ ដល់ពេលបានជួបមន្រ្តីពន្ធដារពន្យល់តាមច្បាប់ ហើយក្រុមហ៊ុនកម្រិតអន្តរជាតិយល់ណាស់អំពី tax code។ ដល់បាននិយាយផ្ទាល់ គាត់បង់ពន្ធលើសពីអ្វីដែលគាត់ទាមទារចរចាផង ដោយគាត់ទទួលស្គាល់ថាត្រឹមត្រូវតាម code។ នេះជាគន្លឹះមួយនៅក្នុងភ្នាក់ងារសេវាពន្ធដារ។ ខ្ញុំមិនសំដៅទៅទាំងអស់ទេ។ មួយចំនួនតូច។
អាស្រ័យហេតុនេះ វាទាមទារឲ្យបង្កើនសមត្ថភាពវិជ្ជាជីវៈនិងការគ្រប់គ្រង។ ខ្ញុំមិនដឹងថាមានគណៈគ្រប់គ្រងវិជ្ជាជីវៈនៅនេះឬទេ។ បើខាងសំណង់អី មានគណៈគ្រប់គ្រងវិជ្ជាជីវៈ។ ចំពោះការបង្កើតឲ្យមានភ្នាក់ងារសេវាកម្មពន្ធដារនេះ ខ្ញុំអត់មានអីជំទាស់ទេ។ ខ្ញុំគាំទ្រ។ បានជួយច្រើន។ សេវាករជាច្រើនបានធ្វើការត្រឹមត្រូវ តែអាចថា នៅមានកម្រិតមួយចំនួន។ ត្រូវធ្វើម៉េចឲ្យមានស្តង់ដា។ ការ(ធ្វើ)ឲ្យយល់(អំពី)ការដោះស្រាយបញ្ហាពន្ធនេះ មិនមែនត្រឹមតែរឿងប្រមូលពន្ធនោះទេ។ ឧទាហរណ៍ ក្រុមហ៊ុនអន្តរជាតិមិនខ្លាចនឹងបង់ទេ តែសំខាន់ឲ្យច្បាស់។ អញ្ចឹង បើដោះមិនស្រួល ធ្វើអោយក្រុមហ៊ុនហ្នឹងយល់ច្រឡំមកលើស្ថាប័នរដ្ឋរបស់យើង គឺវាប៉ះពាល់ទៅដល់បរិយាកាសនៃការវិនិយោគ។
(២០) ពង្រឹងនិងគ្រប់គ្រងពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួល ឱ្យមានសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវច្បាស់លាស់
ទាំងមន្រ្តីរបស់យើង ត្រូវមានជំនាញ វិជ្ជាជីវៈច្បាស់លាស់ ទាំងអ្នកដែលទទួលខាងភ្នាក់ងារសេវាពន្ធដារក៏សុំឲ្យទទួលខុសត្រូវ ព្រោះគាត់ដើរតួនាទីជាអ្នកសម្របសម្រួល ឲ្យយល់ បូកនឹងក្រុមហ៊ុនក៏ត្រូវមានការយកចិត្តទុកដាក់លើចំណុចនេះ ដើម្បីចៀសវាងផ្នត់គំនិតដែលថាជាអ្នកខុសនិងអ្នកចាប់កំហុស និងទៅជាអ្នកដែលមកអង្គុយនិយាយគ្នាច្បាស់លាស់អំពីកាតព្វកិច្ច។ មន្រ្តីពន្ធដារពន្យល់ពីកាតព្វកិច្ចតាមតម្លាភាព តាមច្បាប់ អនុវត្តត្រឹមត្រូវ។ ក្រុមហ៊ុនយល់ពីសិទ្ធ និងការទទួលខុសត្រូវរបស់ខ្លួន។ បើពឹងសេវានៅកណ្ដាល អ្នកនោះគឺស្ពានដែលមានសមត្ថភាព វិជ្ជាជីវៈ ក្រមសីលធម៌ច្បាស់លាស់ ដែលភ្ជាប់ទំនាក់ទំនង ការចរចាដោយស្មោះត្រង់។ តួអង្គ៣ នេះសំខាន់ណាស់ ដើម្បីឲ្យប្រព័ន្ធពន្ធបានល្អ បានន័យថាលែងលំបាក។ ខ្ញុំជឿថា មិនមែនតែក្រុមហ៊ុនអន្តរជាតិមួយឬពីរដែលខ្ញុំដឹងនោះទេ។ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏ត្រូវប្រើមន្រ្តី និងសេវាពន្ធដារ។ អញ្ចឹង ការពង្រឹងនិងការគ្រប់គ្រងបន្ថែមជាកត្តាធ្វើយ៉ាងណាឲ្យមុំចង្រ្កានទាំង៣ ពន្ធដារ សហគ្រាស និងអ្នកសម្របសម្រួលយល់គ្នា (ធ្វើការដោយមាន)ប្រសិទ្ធភាពទាំងអស់គ្នា មានសមត្ថភាព ក្រមសីលធម៌ វិជ្ជាជីវៈ និងការទទួលខុសត្រូវច្បាស់លាស់។ នេះជាចំណុចនៅសេសសល់។
(២១) កាលបើត្រូវប្រើការសម្របសម្រួលនិងចរចាដោយមនុស្ស ចាំបាច់ត្រូវពង្រឹងក្រមសីលធម៌
យើងត្រូវពង្រឹងបន្ថែម។ ចុងក្រោយវាអាស្រ័យលើមនុស្ស។ ចង់ប្រព័ន្ធល្អម៉េចក៏ដោយ លើកលែងតែដកមនុស្សចេញ ប្រើ AI ឬឌីជីថលទាំងអស់។ ពេលណាដែលយើងត្រូវប្រើការសម្របសម្រួល ចរចាដោយមនុស្ស ត្រូវពង្រឹងក្រមសីលធម៌របស់គាត់។ ជាថ្មីម្តងទៀត ខ្ញុំសូមកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីពន្ធដារទាំងអស់ ដែលបានខិតខំធ្វើកំណែទម្រង់ជាច្រើនឆ្នាំ ច្រើនអាណត្តិ កន្លងហើយ ជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តម គង់ វិបុល ក៏មានការធ្វើកំណែទម្រង់ច្រើន។ ខ្ញុំចូលដំបូង គាត់អង្គុយមួយម៉ោងពន្យល់ខ្ញុំអំពីការធ្វើកំណែទម្រង់យ៉ាងម៉េច ឧបសគ្គយ៉ាងណាអីយ៉ាងណា។ ប៉ុន្តែ បើមិនហ៊ានធ្វើ បានត្រឹមតែថា។ ត្រូវតែពង្រឹងប្រសិទ្ធភាព តែមិនហ៊ានធ្វើ ខ្លាចអ្នកនេះខឹង អ្នកនោះខឹង ខ្លាចធ្វើទៅវាបាត់អានេះ បាត់អានោះ វាមានបញ្ហា។ អញ្ចឹង ឯកឧត្តម គង់ វិបុល បានជួបខ្ញុំ។ បើថាតឹងទ្រូង គាត់ជាអ្នកតឹងទ្រូងច្រើនជាងគេ។ ប៉ុន្តែ អ្វីដែលសំខាន់ បង្កើតនូវទម្លាប់មួយដែលទាំងអស់គ្នាយល់ មានភាពច្បាស់លាស់ យុត្តិធម៌ ឲ្យស្មើភាពគ្នា ដែលសហគ្រាស ក្រុមហ៊ុនវិស័យឯកជនអាចទទួលយកបាន។ នេះគឺជាការបង្កើតមិត្តភាពដៃគូរវាងរដ្ឋនិងវិស័យឯកជន ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ ពង្រឹងបរិស្ថាននៃការប្រកួតប្រជែងរបស់កម្ពុជា និងពង្រឹងប្រសិទ្ធភាពប្រមូលពន្ធរដ្ឋផងដែរ។ ខ្ញុំសូមលើកទឹកចិត្តឲ្យបន្តនូវកិច្ចការទាំងអស់នេះបន្ថែមទៀត។
[ចប់សេចក្ដីអធិប្បាយ៤]
ជាមួយនឹងការសាទរ ចំពោះសមិទ្ធផលនេះ ខ្ញុំសូមយកនូវឱកាសនេះ ផ្ដល់នូវអនុសាសន៍មួយចំនួនជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារ ដើម្បីបន្តអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់ ក៏ដូចជាជូនដល់ភាគីពាក់ព័ន្ធ ដើម្បីផ្ដល់កិច្ចសហការឱ្យបានជិតស្និទ្ធ ដូចខាងក្រោម៖
ទី១. សូមបន្តការងារកែទម្រង់ អនុលោមតាមទិសដៅដែលបានកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, យុទ្ធសាស្រ្តកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, និងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
ទី២. សូមបន្តខិតខំបំពេញភារកិច្ចប្រមូលចំណូលពន្ធដារ និងបន្តលើកកម្ពស់ការផ្ដល់សេវាជូនអ្នកបង់ពន្ធប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព
ទី៣. សូមបន្តពង្រឹងធនធានមនុស្សរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយបន្តការបណ្ដុះបណ្ដាល ធានាសមត្ថភាពក្នុងការបំពេញការងារក្នុងបរិបទការងារដែលមានការអភិវឌ្ឍជាលំដាប់ជាបន្តបន្ទាប់ និងបន្តពង្រឹងការប្រតិបត្តិតាមក្រមសីលធម៌ វិន័យ និងវិជ្ជាជីវៈមន្ត្រីពន្ធដារ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុក «មនុស្ស» ជាអាទិភាពគន្លឹះទី១
ទី៤. សូមបន្តធ្វើទំនើបកម្មពន្ធដារ និងបន្តខិតខំអភិវឌ្ឍខ្លួនជារដ្ឋបាលសារពើពន្ធទំនើប ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបន្តចាប់យកកាលានុវត្តភាពនៃបច្ចេកវិទ្យាព័ត៌មានឌីជីថល ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (Artificial Intelligence-AI)
ទី៥. ត្រូវបន្តពង្រឹងការលើកកម្ពស់ការប្រកួតប្រជែងដោយស្មើភាព និងអនុលោមភាពនិងវប្បធម៌បង់ពន្ធនៅកម្ពុជា តាមរយៈការពង្រឹងការអនុវត្តច្បាប់និងការចាត់វិធានការសមស្របឱ្យបានទាន់ពេលវេលា
ទី៦. សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ បន្តចូលរួមសហការឱ្យអស់លទ្ធភាពដើម្បីគាំទ្រ ដល់ការប្រមូលពន្ធជូនជាតិ និងលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ រួមទាំងការបន្តសហការចែករំលែកទិន្នន័យពាក់ព័ន្ធមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាមូលដ្ឋានក្នុងការប្រមូលចំណូលតាមច្បាប់ឱ្យបានត្រឹមត្រូវនិងអស់សក្ដានុពលផង និងធានាការប្រកួតប្រជែងដោយស្មើភាពផង
- តាមការទទួលបានរបាយការណ៍ បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារ បាននិងកំពុងសហការជាមួយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការតភ្ជាប់ប្រព័ន្ធនិងគាំទ្រដល់ដំណើរការផ្ដល់សេវាតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។ ក្នុងន័យនេះ ខ្ញុំសូមជំរុញឱ្យអង្គភាពទាំងបីសហការគ្នាឱ្យបានល្អ និងបញ្ចប់ការងារនេះឱ្យបានឆាប់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសាធារណៈកាន់តែប្រសើរឡើង។
- ខ្ញុំក៏សូមស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាអាទិ៍អាជ្ញាធរមូលដ្ឋានគ្រប់ខេត្ត-ក្រុង ស្ថាប័នតុលាការ ចូលរួមគាំទ្រដល់ការអនុវត្តការងាររបស់អគ្គនាយកដ្ឋានពន្ធដារក្នុងប្រមូលពន្ធ ដោយហេតុថាការប្រមូលចំណូលពន្ធគឺពិតជាមិនងាយស្រួលទេប្រសិនបើមិនមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនោះទេ។
ទី៧. សូមវិស័យឯកជនពង្រឹងអភិបាលកិច្ចសាជីវកម្ម (Corporate Governance) របស់ខ្លួន ក្នុងតួនាទីជាដៃគូសហការជាមួយរាជរដ្ឋាភិបាល និងអគ្គនាយកដ្ឋានពន្ធដារ និងចូលរួមលើកកម្ពស់អនុលោមភាពសារពើពន្ធឱ្យបានត្រឹមត្រូវទាំងអស់គ្នា
ទី៨. សូមថ្នាក់ដឹកនាំនិងមន្ត្រីរាជការពន្ធដារទាំងអស់ថែរក្សាសមិទ្ធផលអគារនេះ ឱ្យបានគង់វង្សនិងស្ថិតស្ថេរយូរអង្វែង។
មុននឹងបញ្ចប់ ជាថ្មីម្តងទៀត, ខ្ញុំសូមចូលរួមអបអរសាទរចំពោះសមិទ្ធផលសម្រេចបាននាពេលនេះ និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងសាងសង់រហូតទទួលបានសមិទ្ធផលនេះ។ ជាទីបញ្ចប់ ខ្ញុំសូមប្រកាសសម្ពោធជាផ្លូវការនូវអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចាប់ពីពេលនេះតទៅ។
ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ សូមមានសុខភាពល្អបរិបូណ៌ ជោគជ័យក្នុងគ្រប់ការងាររៀងៗខ្លួន និង បានប្រកបដោយពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕


