[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
អរគុណសន្តិភាព! អរគុណនយោបាយឈ្នះឈ្នះ!
ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព
និងការឯកភាពជាតិពេញលេញ!
ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល
គណៈធិបតី ភ្ញៀវកិត្តិយស និងអង្គពិធីជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានសេចក្ដីសប្បាយរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរទិវា អតីតយុទ្ធជន និង និវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី ១២ឧសភា ឆ្នាំ២០២៦ នេះ។ ខ្ញុំសូមអរគុណចំពោះឯកឧត្តម នាយឧត្តមសេនីយ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការនៃសមាគមអតីតយុទ្ធជន។ អម្បាញ់មិញ ចង់ភ័យឧទ្ទេសនាមច្រឡំ។ មិនដឹងថាពូច្រឡំយ៉ាងម៉េច(កើត) បើសម្ដេចតេជោ ច្បាស់ណាស់គាត់សក់ខ្មៅ ហើយសង្ហាជាងខ្ញុំឆ្ងាយ។ កាលខ្ញុំនៅសក់ខ្មៅ ថាច្រឡំចុះ ឥឡូវសក់ខ្ញុំឡើងសអស់ទៅហើយ។ សូមកោតសរសើរឯកឧត្តម គន់ គីម និយាយរួម ដែលគាត់មានសិល្បៈនៅក្នុងការចលនា។ កម្រមានអ្នកនិយាយថាទេ។ រាល់សកម្មភាព កម្មវិធីទាំងអស់ ចលនាឱ្យជួយឧបត្ថម្ភដល់អតីតយុទ្ធជន។ អម្បាញ់មិញ គាត់ថា (បាន) ២០០ផ្ទះបាត់។ ឥឡូវឡើង ៣០០ជាងហើយ។ គ្រាន់តែអានសុន្ទរកថាចេញជាង ១០០ផ្ទះបន្ថែម បានជាផលប្រយោជន៍អតីតយុទ្ធជនរបស់យើង។
(១) សម្ដេចតេជោផ្ដល់គោលការណ៍រៀបចំកែសម្រួលលក្ខន្តិកៈផ្ទេរអតីតយុទ្ធជនចូលនិវត្តទៅសង្គមកិច្ច
ទាក់ទងនឹងសមាគមអតីតយុទ្ធជន បើពាក់ព័ន្ធនឹងបទពិសោធន៍ខ្ញុំផ្ទាល់ ពេលដែលខ្ញុំនៅជើងគោក ខ្ញុំបានជួបជាមួយថ្នាក់ដឹកនាំកងទ័ពជាច្រើន។ ពេលនោះ មានការព្រួយបារម្ភអំពីការប្រទាក់ក្រឡាជាមួយអតីតយុទ្ធជន ដែលពេលនោះ ខាងកងកម្លាំងប្រដាប់អាវុធអត់បានចូលរួមផ្ទាល់ដូចឥឡូវទេ។ ឥឡូវ យើងមានប្រធានសមាគមតាមរាជធានីខេត្ត សុទ្ធតែពីកងកម្លាំងប្រដាប់អាវុធ។ ពីមុន គឺមានក្រសួងសង្គមកិច្ច ព្រោះជាយន្តការ បង្កើតឡើងដំបូង ដោយឯកឧត្តម អ៊ិត សំហេង កាលគាត់នៅជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន។ ពេលនោះ ប្រើយន្តការក្រសួងសង្គមកិច្ចពីលើដល់ក្រោម។ នៅស្រុកខ្លះ យើងក៏អត់មានការិយាល័យទៀត។ អញ្ចឹង ការប្រទាក់ក្រឡារាងលំបាក។ នៅតាមខេត្ត កាលនោះខាងកងកម្លាំងប្រដាប់អាវុធជាប្រធានកិត្តិយសទេ។
ពេលដែលអតីតយុទ្ធជនចូលនិវត្តន៍ គឺផ្ទេរទៅឱ្យសង្គមកិច្ច (ដែលនៅ)កន្លែងខ្លះមានអារម្មណ៍ថារងា។ រងាមិនមែនដោយសារសង្គមកិច្ចមិនយកចិត្តទុកដាក់នោះទេ ប៉ុន្តែរងាដោយសារមួយជីវិតធ្លាប់ធ្វើជាទាហាន ប៉ូលីស ដល់ចូលនិវត្តន៍ត្រូវផ្ដាច់ចេញពីទាហាន ប៉ូលីស អាវុធហត្ថ។ សម្ដេចតេជោក៏បានផ្ដល់គោលការណ៍ បានរៀបចំកែសម្រួលលក្ខន្តិកៈ ធ្វើវិសោធនកម្ម។ យើងបានរៀបចំកែសម្រួលនៅពេលនោះ ប៉ុន្តែអ្វីដែលលំបាកក្រោយពីរៀបចំយន្តការថ្មីហើយ គឺរកអគ្គលេខាធិការមួយដែលសកម្មក្នុងការដឹកនាំ។ តាមការជជែកគ្នាជាមួយឯកឧត្តម មាស សាវ៉ន និងឯកឧត្តមមួយចំនួន ក៏បាន(មូលមតិ)សំដៅឯកឧត្តម នាយឧត្តមសេនីយ គន់ គីម។ ដែលខ្ញុំថាលំបាកជាងគេ គឺ lobby ឱ្យគាត់ព្រមទទួលតួនាទីអគ្គលេខាធិការហ្នឹងឯង។ ពេលនោះ ខ្ញុំបានដើរមួយជំហានមុន កុំអីមិនជោគជ័យ។ គាត់នៅជាប្រធានគណៈសមរភូមិមុខនៅឡើយ។ ក្រោយពីសង្រ្គាមឆ្នាំ២០០៨ និងឆ្នាំ២០១១ នៃជម្លោះព្រំដែន។
(២) សមាគមអតីតយុទ្ធជនដំណើរការ និងមានសកម្មភាពមិនឈប់ឈរ
ខ្ញុំដឹងថា ពេលដែលអញ្ជើញគាត់មក(កាន់ការងារ)នេះ ប្រាកដជាគាត់បដិសេធហើយ។ ខ្ញុំដឹងថាមានតែ(មនុស្ស)ម្នាក់ទេ ដែល(និយាយទៅ) គាត់ស្ដាប់។ អញ្ចឹង ខ្ញុំទៅបញ្ចុះបញ្ចូលសម្ដេចតេជោមុន។ កាលហ្នឹង បញ្ចុះបញ្ចូលហើយ គាត់ក៏ថា “អើ! បើឱ្យ គន់ គីម ធ្វើក៏បាន”។ ខ្ញុំចាំក្នុងឡានជាមួយឯកឧត្តម គីម ប៊ុនថាន។ គ្រាន់តែលើកសំណួរហ្នឹងភ្លាម គាត់ប្រកែកភ្លាមថា រវល់ណាស់ជាប់ដឹកនាំបញ្ជានៅខាងមុខ។ អញ្ចឹងខ្ញុំក៏និយាយនឹងគាត់ថា “ខ្ញុំបានឆ្លងពុកហើយ។ គាត់ឯកភាពហើយ”។ សម្តីនេះបិទច្រកមិនឱ្យឆ្លើយ។ អត់ជម្រើសតែម្ដង។ គាត់(ឯកឧត្តមនាយឧត្តមសេនីយ គន់ គីម)ថា “បើសម្ដេចតេជោថាអញ្ចឹង! ធ្វើទៅ”។ អាចថាការបញ្ចុះបញ្ចូលឱ្យឯកឧត្តម នាយឧត្តមសេនីយ គន់ គីម ទទួលដឹកនាំជាអគ្គលេខាធិការ (ជា)មោទនភាពក្នុងកិច្ចការចូលរួមបង្កើតសមាគមអតីតយុទ្ធជន ហើយលទ្ធផលត្រូវមែន។ សមាគមបានដំណើរការ និងមាន សកម្មភាពមិនឈប់ឈរ ជំរុញរហូត បញ្ចុះបញ្ចូលរហូត បញ្ចុះបញ្ចូលទាំងរដ្ឋាភិបាល ខេត្ត និងអ្នកជួយសាងសង (ដើម្បីអតីតយុទ្ធជន)។ ឥឡូវបានច្រើន។
នេះគឺជាសមិទ្ធផលជាក់ស្ដែង។ ខ្ញុំសូមចូលរួមកោតសរសើរដោយស្មោះ ចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន នៅក្នុងការធ្វើពិត មិនមែននៅមុខសរសើរលើកជើងនោះទេ។ (គាត់)ដឹកនាំប្រតិបត្តិក្នុងការកៀរគរ(ជំនួយ)។ សូមអរគុណដល់ប្រធាន អនុប្រធាន ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនតាមបណ្ដារាជធានីខេត្តស្រុក រហូតទៅដល់ក្រោម។ បើគ្មានការចូលរួម និងការខិតខំប្រឹងប្រែងកៀរគរចលនាជាប្រចាំ របស់សមាគមអតីតយុទ្ធជនតាមបណ្ដារាជធានីខេត្ត តាមបណ្ដាស្រុកក្រុង ដែលនៅផ្ទាល់ជាមួយនឹងអតីតយុទ្ធជននោះ ក៏យើងមិនអាចបានសម្រេចនូវលទ្ធផលដ៏ត្រចះត្រចង់ ដែលសមាគមអតីតយុទ្ធជនបានសម្រេចក្នុងរយៈពេលកន្លងមកនេះដែរ …។
(ការជូនព័ត៌មានបន្ថែម) ថែមបានផ្ទះ ១០០ខ្នង ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ប្រហែលជាគាត់កំពុងមើលការផ្សាយផ្ទាល់ហើយ។ សូមអរគុណដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានថែម ១០០ខ្នងទៀតជូនអតីតយុទ្ធជន។ ឆ្នាំនេះ ចូលជាមួយចំនួនដែលរដ្ឋាភិបាលបានផ្ដល់ឱ្យ នឹងបាន(ប្រមាណ) ២០០០ខ្នងហើយ។ យើងនឹងបន្តកសាងបន្ថែមទៀតសម្រាប់អតីតយុទ្ធជន។ មិនត្រឹមតែផ្ទះទេ យើងនឹងឈានទៅជំរុញនិងបង្កើនជាបណ្ដើរៗ នូវគោលនយោបាយផ្សេងៗទៀត។ នេះជាអ្វីដែលជាការប្ដេជ្ញាចិត្តរបស់យើង។
ជាថ្មីម្ដងទៀត សូមអរគុណផងដែរចំពោះសប្បុរជន ដែលព្រឹកមិញនេះ មានការចូលរួមតាំងពីខេត្ត វិស័យឯកជន អ្នកឧកញ៉ា លោកអ្នកឧកញ៉ា ក៏ដូចជាប្រជាពលរដ្ឋជាច្រើន សហគមន៍នៅមូលដ្ឋានដែលបានជួយយកអាសារ និងផ្ដល់ការគោរពដល់អតីតយុទ្ធជនរបស់យើងនៅគ្រប់កន្លែង។ នៅក្នុងកម្មវិធីផ្លូវការផ្សេងៗ ឃើញថាមិនដែលចោលបណ្ដាអង្គភាពកងទ័ព អង្គភាពនគរបាល អង្គភាពកងរាជអាវុធហត្ថ។ ពេលមានកម្មវិធីផ្សេងៗ តែងតែអញ្ជើញអតីតយុទ្ធជនចូលរួមដើម្បីភ្ជាប់និងបន្តភ្ជាប់ទំនាក់ទំនង។ នេះគឺជាមោទនភាព និងការរៀបចំរួមគ្នា ដើម្បីជួយជំរុញនូវការរំលឹកដឹងគុណ។
ក្រសួងអភិវឌ្ឍន៍ជនបទ(បានសូមចូលរួម)បន្ថែម ៥ខ្នង។ សូមអរគុណ។ បើមានអ្នកណាចង់បន្ថែមទៀត ខ្ញុំស្វាគមន៍។ បើមានអ្នកថែម សូមឯកឧត្តម គន់ គីម មកប្រាប់ខ្ញុំចុះ។ កុំខ្លាចរំខានខ្ញុំ។ ឱ្យតែបានផ្ទះបន្ថែមជូនអតីតយុទ្ធជនរបស់យើង។ (យើង)នៅ(ខ្វះ)ច្រើន និងកសាងជាបណ្ដើរតទៅទៀត។
[ចប់សេចក្ដីអធិប្បាយ១]
ជាបឋម ខ្ញុំសូមសម្ដែងនូវការស្វាគមន៍ចំពោះ វត្តមានឯកឧត្តម លោកជំទាវ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់មកពីក្រសួង ស្ថាប័ន និងបណ្តារាជធានី ខេត្ដ ភ្ញៀវកិត្តិយសជាតិ កងកម្លាំងទាំងបីប្រភេទ យុវជន ស.ស.យ.ក. យុវជនកាកបាទក្រហមកម្ពុជា និងនិស្សិតមកពីវិទ្យាស្ថានជាតិសង្គមកិច្ច សរុបប្រមាណ ៣ ៥០០នាក់ ដែលបានអញ្ជើញចូលរួមក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រនាថ្ងៃនេះ។ ឆ្លៀតឱកាសនេះដែរ ខ្ញុំសូមពាំនាំនូវក្ដីនឹករឭក និងការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនចំពោះលោកតា លោកយាយ អ៊ំ ពូ មីង និងបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ដោយក្តីស្រឡាញ់រាប់អាន និងនឹករលឹក។
ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១២ ខែឧសភា គឺជាទិវាប្រវត្ដិសាស្ដ្រប្រកបដោយមោទនភាពបំផុត ដែលបងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ក្នុងគោលបំណងលើកតម្កើងវីរភាពដ៏អង់អាច និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីបុព្វហេតុជាតិមាតុភូមិ។ មួយវិញទៀត ដើម្បីឆ្លើយតបនឹងវីរភាពដ៏អង់អាចក្លាហាន និងគុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងនិវត្តជន ដែលបានធ្វើពលិកម្ម បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ជាទិដ្ឋភាពរួមទិវានេះនឹងធ្វើការផ្សព្វផ្សាយឱ្យប្រជាជនទូទាំងប្រទេស បានយល់ដឹងកាន់តែទូលំទូលាយបន្ថែមទៀតអំពីអតីតយុទ្ធជន និងនិវត្តជន បំផុសចលនាគាំទ្រអតីតយុទ្ធជន និងនិវត្តជន លើកកម្ពស់តួនាទីរបស់អតីតយុទ្ធជន និងនិវត្តជនក្នុងសង្គមជាតិ ជំរុញស្មារតីស្នេហាជាតិក្នុងស្រទាប់ប្រជាជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសស្រទាប់យុវជនដើម្បីប្រែក្លាយយុវជនឱ្យសក្តិសមជាសសរទ្រូង និងជាអ្នកបន្តវេនប្រកបដោយគុណភាព ឧត្តមគតិ មោះមុត រឹងមាំ និងសេចក្តីថ្លៃថ្នូរ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ជាអនុប្រធានទី១ សមាគម អតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធបងប្អូនវីរយុទ្ធជន វីរយុទ្ធនារីកម្ពុជា មន្ត្រីរាជការស៊ីវិល ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុការពារជាតិមាតុភូមិជាទីស្នេហានៃយើង។ ខ្ញុំក៏សូមផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ ដែលបាននឹងកំពុងបំពេញបេសកកម្មដ៏ឧត្ដុង្គឧត្ដមនៅទូទាំងប្រទេស និងកំពុងបំពេញបេសកកម្មថែរក្សាសន្ដិភាពនៅក្នុងក្របខណ្ឌជាតិ និងប្រតិបត្ដិការនៃអង្គការសហប្រជាជាតិផងដែរ។
អង្គពិធីទាំងមូលជាទីមេត្រី!
ជារួម កម្ពុជាធ្លាប់បានហែលឆ្លងកាត់នូវដំណាក់កាលដ៏សែនជូរចត់ និងផ្លាស់ប្ដូរជាប្រវត្ដិសាស្ដ្រជាច្រើនលើក ដែលប្រជាជនកម្ពុជាមិនអាចបំភ្លេចបាន។ គិតត្រឹមការធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដឹកនាំដោយ លន់ នល់ ដែលរបបនេះត្រូវបានផ្ដួលរំលំវិញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពេលនោះប្រជាជនកម្ពុជាសង្ឃឹមបានរស់ក្នុងសុខសន្ដិភាព ប៉ុន្ដែសេចក្ដីសង្ឃឹមនោះក៏ត្រូវរលាយបាត់បង់ដោយការប្លន់អំណាច និងអនុវត្ដនូវនយោបាយគ្រប់គ្រងផ្ដាច់ការ ប្រល័យពូជសាសន៍របស់ប៉ុល ពត ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ កម្ពុជាបានក្លាយទៅជាគុកឥតជញ្ជាំង ជាវាលពិឃាតដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្រ្តនៃមនុស្សជាតិ។
ស្ថិតក្នុងកាលៈទេសៈដ៏លំបាកធ្ងន់ធ្ងរនេះ បណ្ដាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ ដែលសល់ពីការកាប់សម្លាប់នៃរបប ប៉ុល ពត បានក្រោកឈរតស៊ូប្រកបដោយវីរភាពប្រឆាំងនឹងរបបដ៏ខ្មៅងងឹតនេះ ហើយកងទ័ពរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានការគាំទ្រពីប្រជាជនគ្រប់ទិសទី និងទទួលបានការជួយឧបត្ថម្ភទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្ដវៀតណាមបានវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ទទួលបានជ័យជំនះដ៏ត្រចះត្រចង់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលនេះជាសច្ចធម៌ប្រវត្ដិសាស្ដ្រ ដែលមិនអាចបំភ្លេចបាន។ ជ័យជំនះ ៧ មករា បានសង្គ្រោះអាយុជីវិត បានផ្ដល់កំណើតទី២ ដល់ប្រជាជនកម្ពុជា និងនាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ធ្វើឱ្យសង្គមជាតិកម្ពុជារស់ឡើងវិញ និងបានរួមវិភាគទានដ៏សំខាន់ដល់ការកសាងសុខសន្ដិភាព ស្ថិរភាព និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមជូនដល់មាតុភូមិកម្ពុជានៃយើង។
ក្រោយថ្ងៃរំដោះ ៧ មករា កម្ពុជាត្រូវប្រឈមនឹងឧបសគ្គ និងការលំបាកជាច្រើនឥតគណនា ដែលជាផលវិបាកនៃសង្គ្រាម និងទប់ស្កាត់ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍។ ក្នុងដំណាក់កាលនោះ រដ្ឋដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដៃម្ខាងខិតខំស្ដារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនឡើងវិញ ពីបាតដៃទទេរ ហើយដៃម្ខាងទៀតត្រូវប្រយុទ្ធទប់ស្កាត់មិនឱ្យរបប ប៉ុល ពត វិលត្រឡប់មកវិញ នៅក្នុងស្ថានភាពដែលប្រទេសជាតិត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច និងនយោបាយពីខាងក្រៅយ៉ាងអយុត្ដិធម៌។ ដោយសារសង្គ្រាមមិនមែនជាដំណោះស្រាយដ៏ប្រសើរនាំមកនូវសន្ដិភាព និងការអភិវឌ្ឍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្ដិករនយោបាយ បានដាក់ចេញនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៨ ធ្វើឱ្យទឹកដីកម្ពុជាបានឯកភាពទាំងស្រុង គ្រប់កម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន នៃភាគីទាំងអស់នៅក្នុងជម្លោះបានធ្វើសមាហរណកម្មមកក្រោមដំបូលរាជរដ្ឋាភិបាលកម្ពុជាតែមួយ។ សុខសន្ដិភាព និងស្ថិរភាព នយោបាយ ដែលគ្របដណ្ដប់លើផ្ទៃប្រទេសទាំងមូលក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ បានបង្កលក្ខណៈសម្បត្ដិសំខាន់បំផុតសម្រាប់បន្ដការអភិវឌ្ឍលើគ្រប់វិស័យ និងបង្កើតសមិទ្ធផលជាច្រើននៅទូទាំងប្រទេសដូចសព្វថ្ងៃនេះ ជាពិសេសកាន់តែអនុគ្រោះដល់ការគិតគូរតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជនដែលបានធ្វើពលីកម្មក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនយើងនាពេលកន្លងមកក៏ដូចជាកសាងនូវវប្បធម៌ចែករំលែកមួយឈានទៅរកការកសាងសង្គម។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
(៣) អតីតយុទ្ធជនខ្មែរក្រហមនិងរដ្ឋកម្ពុជា អង្គុយជាមួយគ្នារំលឹកប្រវត្តិជាសត្រូវនឹងគ្នា
នេះគឺជាការងារជាក់ស្ដែង។ ខ្ញុំបានចុះទៅជួបអតីតយុទ្ធជននៅតាមមូលដ្ឋាន។ ពេលខ្លះអង្គុយជាប់គ្នា(នឹងពួកគាត់ ដែល)ម្នាក់ជាអតីត(យុទ្ធជន)ខ្មែរក្រហម និងម្នាក់ទៀតជាអតីត(យុទ្ធជន)រដ្ឋកម្ពុជា ដែលធ្លាប់មានប្រវត្តិរកសម្លាប់គ្នាទៅវិញទៅមក។ កាលពីមុនឯកឧត្តម ជុំ ខេង ជាមួយឯកឧត្តមៗ ខាងអតីតខ្មែរក្រហមបានអង្គុយជាមួយគ្នារំលឹកអនុស្សាវរីយ៍នៃការធ្វើផែនការរកសម្លាប់គ្នាទៅវិញទៅមកកាលពីគ្រាមួយ។ រឿងនេះមិនមែនមានតែនៅកម្ពុជាទេ។ ថ្ងៃមុន ខ្ញុំបានទៅប្រជុំ(អាស៊ាននៅ) Cebu (ប្រទេសហ្វីលីពីន) នាយករដ្ឋមន្ត្រីទីម័រខាងកើតបច្ចុប្បន្ននេះ ធ្លាប់ជា(មេដឹកនាំ)កម្លាំងរំដោះប្រឆាំងឥណ្ឌូនេស៊ី។ ឯប្រធានាធិបតីឥណ្ឌូនេស៊ីបច្ចុប្បន្នគឺជាអតីតមេទ័ពពិសេសដែលដឹកនាំកម្លាំងវាយ(ទីម័រឡែស្ត)។ គាត់បានអង្គុយទល់មុខគ្នា ពេលប្រជុំចង្អៀតដែលនិយាយអំពីសារៈសំខាន់នៃសន្តិភាព មិនចង់អោយមានការកាប់សម្លាប់គ្នានិងប្រធានបទព្រំដែនកម្ពុជា-ថៃ និងភូមា។ នាយករដ្ឋមន្ត្រីទីម័រខាងកើតបានលើកឡើងថា ប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីពេលមុន (ធ្លាប់)តាមសម្លាប់គាត់។ ប្រធានាធិបតីឥណ្ឌូនេស៊ីក៏តបវិញថា “កាលពីមុន(លោក)នាយករដ្ឋមន្ត្រីក៏តាមសម្លាប់ខ្ញុំដែរ”។ នេះគឺជាផលនៃសន្តិភាពដែលធ្វើឱ្យមនុស្សឈប់សម្លាប់គ្នា។ ឥណ្ឌូនេស៊ី និងទីម័រខាងកើតជាប្រទេសពីរសញ្ជាតិពីរ ប៉ុន្តែ(ឯកម្ពុជា) ខ្មែរសម្លាប់ខ្មែរ ខ្មែរធ្វើសង្គ្រាមផ្ទៃក្នុងកាប់ចាក់គ្នារាប់សតវត្ស។
(៤) វិមានឈ្នះឈ្នះរំលឹកដល់ប្រតិបត្តិករគ្រប់ភាគី ពីថ្នាក់ដឹកនាំរហូតដល់យោធិនម្នាក់ៗ និងប្រជាពលរដ្ឋ
ដោយសារការសម្របសម្រួលគ្នានៃនយោបាយឈ្នះឈ្នះនេះហើយ ដែលខ្មែរឈប់សម្លាប់គ្នា ងាកមករួមគ្នា។ អតីតកន្លែងច្បាំងគ្នា បានក្លាយទៅជាកន្លែងដែលអភិវឌ្ឍ ដែលយើងនឹងរៀបចំទុកជាប្រវត្តិសាស្ត្រ តាមរយៈការកសាងស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ ដើម្បីរៀបចំទុកនិងចរឹកដំណើរការជាច្រើន។ ដោយធ្លាប់លឺ និងមានការយល់ច្រឡំថាស្តូបវិមានឈ្នះឈ្នះ ធ្វើឡើងដើម្បីសំរាប់តែរំលឹកគុណសម្ដេចតេជោ និងថ្នាក់ដឹកនាំកំពូលៗ ខ្ញុំសូមបញ្ជាក់ថាមិនដូច្នោះទេ។ ពិតណាស់ រូបសម្ដេចតេជោ ត្រូវបានឆ្លាក់ច្បាស់ជាងគេមើលទៅឃើញរូបរបស់គាត់ ប៉ុន្តែវិមានឈ្នះឈ្នះគឺសំរាប់រំលឹកដល់ស្ថាបនិកមគ្គុទេសឯក ដែលសំខាន់បំផុតគឺប្រតិបត្តិករទាំងអស់នៃនយោបាយឈ្នះឈ្នះ។ ប្រតិបត្តិករនេះមានគ្រប់ភាគី តាំងពីថ្នាក់ដឹកនាំខាងលើរហូតទៅដល់យោធិនម្នាក់ៗ និងប្រជាពលរដ្ឋដែលចូលរួមធ្វើអោយនយោបាយឈ្នះឈ្នះជោគជ័យ … (នៅឆ្នាំ)១៩៩៣ យើង(បង្រួបបង្រួម)បាន៣(ភាគី) និងដល់ឆ្នាំ១៩៩៨ ខ្មែរក្រហមនិងរាជរដ្ឋាភិបាលត្រូវគ្នា។ យ៉ាងណាក្តី បើសិនជាជើងក្រោមដូចជាយោធិនមួយវរសេនាតូចមិនព្រមចូលរួមក៏វាលំបាកដែរ។
សភាពការណ៍ពេលនោះមិនដូចឥឡូវទេ។ ឥឡូវទៅព្រំដែនយើងឃើញមានផ្លូវកៅស៊ូនិងដំណាំ។ ពីមុនសុទ្ធតែព្រៃឫស្សីនិងមានមីន។ បើសិនជាមួយវរសេនាតូចនៅបន្តប្រយុទ្ធ ហើយពឹងផ្អែកទៅលើព្រំដែននោះ (សង្គ្រាម)អាចមិនចប់។ ប៉ុន្តែ ដែលចង់បញ្ជាក់នោះគឺថា “ស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ” (ត្រូវបានកសាងឡើង)សំដៅលើប្រជាជាតិខ្មែរទាំងមូល។ គោលនយោបាយនេះត្រូវបានផ្ដួចផ្ដើមស្ថាបនាឡើងដោយសម្ដេចតេជោ និងមានការដឹកនាំចូលរួមរបស់ប្រតិបត្តិករសំខាន់ៗ នៅខាងលើពីគ្រប់ភាគីទាំងអស់ ប៉ុន្តែគឺដើម្បីរំលឹកទៅអ្នកដែលចូលរួមដែលរួមមានយោធិនគ្រប់ភាគីទាំងអស់ រួមទាំងអតីតយុទ្ធជននៅទីនេះ ដែលធ្លាប់ឆ្លងកាត់សង្គ្រាម។
ដោយហេតុនេះហើយបានជាយើងឃើញថា នៅលើជញ្ជាំងនៃវិមានឈ្នះឈ្នះមានឆ្លាក់រូបជាច្រើន។ នៅអង្គរមានឆ្លាក់រូបជាច្រើន (ដែល)និយាយអំពីរឿងផ្សេងៗ … នៅលើជញ្ជាំងវិមានឈ្នះឈ្នះក៏ដូចគ្នា។ មិនទាន់អស់ទេ នៅសល់ប្រឡោះច្រើន។ ហេតុអីបានជាត្រូវទុកប្រឡោះ? គឺដើម្បីសរសេរបន្ថែមនូវព្រឹត្តការណ៍ផ្សេងៗក្រោយពីបញ្ចប់សង្គ្រាមឈ្នះឈ្នះ។ ដូច្នេះ យើងឃើញថានៅលើជញ្ជាំងខាងក្រៅមានរូបពីការចុះចូល ការបញ្ចប់សង្គ្រាម និងក្រោយមកមានការអភិវឌ្ឍប្រទេសរហូតទៅដល់ការបំបែកឯតទគ្គកម្មនៅអង្គរសង្ក្រាន្ត ធ្វើអន្សម គឺសំដៅទៅលើការផ្សព្វផ្សាយនិងការទទួលបានផលពីសុខសន្តិភាពនៃនយោបាយឈ្នះឈ្នះ។ យើងត្រូវបន្តព្រឹត្តការណ៍សំខាន់ៗសម្រាប់ជាតិ។
(៥) ឆ្លាក់ព្រឹត្តការណ៍ការពារអធិបតេយ្យជាតិឆ្នាំ២០២៥ ទុកជាប្រវត្តិសាស្ត្រជាតិ
ល្ងាចមិញ ខ្ញុំបានជជែកជាមួយឯកឧត្តម ទៀ សីហា និងឯកឧត្តម ណឹម សុវត្ថិ ដែលទទួលខុសត្រូវក្នុងការដឹកនាំ(រៀបចំស្តូប ដោយ)សុំអោយរៀបចំឆ្លាក់ព្រឹត្តការណ៍ការពារអធិបតេយ្យជាតិនៅឆ្នាំ២០២៥ លើហ្នឹងទុកផង ព្រោះវាជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រ។ យើងនឹងរៀបចំមួយទៀត។ ខ្ញុំអោយឆ្លាក់ទិដ្ឋភាព៣ ដោយយកគំរូពីគំនូរដែលប្អូន តាំង គីមសួរ និងអ្នកស្ម័គ្រចិត្តបានរៀបចំគូរជាគំនូរដំបូងនៅសៀមរាប។ ឥឡូវ កំពុងរៀបនៅ walk street។ គំនូរមានទិដ្ឋភាព៣។ ទី១ ការឈឺចាប់នៃសង្គ្រាមឈ្លានពាន (ដែលមាន)ជនភៀសសឹកផ្សេងៗ ការស្លាប់របួសកងទ័ពនិងប្រជាជនស៊ីវិល។ ទី២ ការបង្ហាញអំពីវីរភាពអង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថដែលបានចូលរួមក្នុងការការពារបូរណភាពទឹកដី។ ទី៣ រូបភាពនៃចលនាមហាគ្រួសារខ្មែរ ប្រជាពលរដ្ឋទូទាំងពិភពលោក … គ្រប់និន្នាការនយោបាយ និងគ្រប់សាសនា ចូលរួមគាំទ្រដល់វីរកងទ័ព វីរនគរបាលជាតិ វីរអាវុធហត្ថដែលការពារទឹកដី។ ទិដ្ឋភាពបីនេះ ត្រូវតែបាន(ឆ្លាក់និងកត់ត្រា)ដាក់នៅក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំបានអោយគិតគូរ ព្រោះទុកយូរអត់បាន … រក្សារូបគំនូរនោះអោយបានល្អ កុំអោយបន្តិចទៀតវាខូចបាត់។ មានរបៀបថែទាំ។ ប៉ុន្តែសំខាន់ត្រូវឆ្លាក់វាលើវិមានឈ្នះឈ្នះតែម្ដង ដើម្បីទុកជាកេរ្តិ៍ដំណែលរាប់រយតទៅទៀតជាប្រវត្តិសាស្ត្ររបស់យើង។
(៦) កងទ័ពជាអ្នកបង្កើតសង្គ្រាម ហើយកងទ័ពក៏ជាអ្នកបញ្ចប់សង្គ្រាម
កម្ពុជាស្គាល់សង្គ្រាមឆ្អែតឆ្អន់។ នៅទីនេះ អម្បាញ់មិញចូលមក បានសួរពូ(ម្នាក់ដែលបាន)ធ្លាក់ខ្លួនពិការតាំងពីឆ្នាំ១៩៨៦ នៅសំរោង។ ឯកឧត្តម ប្រាក់ សុវណ្ណា ដឹកនាំកាលពីពេលនោះ។ យើងបានសន្តិភាពមួយរយៈ តែអកុសល នៅសំរោង ក្រោយពីយើងបញ្ចប់សង្គ្រាម បានក្លាយទៅជាសមរភូមិ២ លើក (លើកទីមួយនៅ)ឆ្នាំ២០១១ និង(លើកទី២នៅឆ្នាំ)២០២៥។ សង្គ្រាមឈឺចាប់។ យោងលើមូលដ្ឋានសង្គ្រាម និងការឈឺចាប់នេះយើងត្រូវធ្វើតាមគ្រប់វិធីទាំងអស់ ពង្រឹងខ្លួន ដើម្បីកុំអោយសង្គ្រាមដែលមានការឈឺចាប់នេះ កើតមានលើទឹកដីរបស់យើង(ជាថ្មី)។ ថែរក្សាសន្តិភាពអោយបាន … វិមានឈ្នះឈ្នះមិនមែនធ្វើឡើងសម្រាប់តែសម្ដេចតេជោទេ គឺសម្រាប់ទាំងអស់គ្នា និយាយរួមប្រតិបត្តិករផ្ទាល់ មិនមែនមានតែថ្នាក់ដឹកនាំគ្រប់ភាគីថ្នាក់លើមេទ័ពនយោបាយទេ ប៉ុន្តែជាប្រជាពលរដ្ឋរួមជាមួយគ្រួសារនៃទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ភាគីទាំងអស់នៅក្នុងគ្រួសារ ដែលបានចូលរួមដោយផ្ទាល់ដើម្បីបញ្ចប់សង្គ្រាមមួយនេះ។ កងទ័ពសំខាន់។ កងទ័ព(ជាអ្នក)បង្កើតសង្គ្រាម តែកងទ័ពក៏ជាអ្នកបញ្ចប់សង្គ្រាម។ ឆ្នាំ១៩៧០ សង្គ្រាមចាប់ផ្ដើមផ្ទុះដោយសារកងទ័ពធ្វើរដ្ឋប្រហារ ប៉ុន្តែនៅឆ្នាំ១៩៩៨ សង្គ្រាមបានចប់ទៅវិញដោយសារកងទ័ពព្រមបញ្ចប់សង្គ្រាម។ បើទោះជាមេដឹកនាំនយោបាយខ្មែរក្រហមឯកភាពក៏ដោយ បើសិនជាមេកងពល មេវរសេនាតូចជាដើម មិនចូលរួម (តើនរណានឹង)ធ្វើអីគាត់? គាត់មានប្រជាជន និងគ្រួសារដូចជានៅអន្លង់វែង ឬប៉ៃលិន គឺនៅវាយគ្នាបានច្រើនឆ្នាំទៀត។ នេះជាការលះបង់ដ៏សំខាន់។
(៧) គិតគូរសង់ស្តូបរំលឹកដល់វីរយុទ្ធជន វីរនគរបាល វីរអាវុធហត្ថពលីក្នុងបុព្វហេតុការពារអធិបតេយ្យជាតិក្រោយសង្គ្រាមឈ្នះឈ្នះ
ក្រៅពីការប្រយុទ្ធ(ដើម្បីការពារ)បូរណភាពទឹកដី ខ្ញុំក៏បានពិភាក្សាជាមួយឯកឧត្តម ទៀ សីហា អោយឯកឧត្តម ណឹម សុវត្ថិ សិក្សាមួយជំហាន នូវគំនិតដែលខ្ញុំគាំទ្រអោយគិតគូរអំពីស្តូបរំលឹកដល់វីរយុទ្ធជន វីរនគរបាលជាតិ វីរអាវុធហត្ថដែលបានពលីនៅក្នុងបុព្វហេតុការពារអធិបតេយ្យជាតិក្រោយសង្គ្រាមឈ្នះឈ្នះនេះ … យើងមានស្តូបមួយសម្រាប់រំលឹកគុណបំណាច់វីរយុទ្ធជន វីរកងកម្លាំងប្រដាប់អាវុធគ្រប់ភាគីដែលបានឆ្លងកាត់ការលំបាកតាំងពីវាយគ្នារហូតដល់ចប់១៩៩៨។ ប៉ុន្តែ ក្រោយចប់ឆ្នាំ១៩៩៨នេះ (បន្ទាប់ពីមាន)សង្គ្រាមការពារបូរណភាពទឹកដី (យើងក៏គប្បី)រៀបចំជាស្តូបមួយ។ យើងនឹងកំណត់ដាក់នៅកន្លែងណាមួយ ដើម្បីរំលឹកជាប្រចាំសម្រាប់កូនចៅជំនាន់ក្រោយអំពីការលះបង់ដ៏ធំធេងរបស់បងប្អូន ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ …។
(៨) ក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រី សិក្សារៀបចំមេដាយសម្រាប់សមរភូមិនីមួយៗ
សម្រាប់កងទ័ពរបស់យើង ខ្ញុំបានអោយក្រសួងការពារជាតិ និងទីស្ដីការគណៈរដ្ឋមន្ត្រី សិក្សាអំពីមេដាយពិសេសសម្រាប់អ្នកចូលរួមក្នុងប្រតិបត្តិការឆ្នាំ២០២៥។ ទៅថ្ងៃក្រោយ រាល់សមរភូមិ រាល់ការប្រយុទ្ធនីមួយៗ ត្រូវមានមេដាយសម្រាប់ផ្ដល់ជូនអ្នកដែលចូលរួមប្រតិបត្តិការ គាំទ្រប្រយុទ្ធដោយផ្ទាល់ក្នុងបុព្វហេតុទាំងអស់នោះ។ យើងមានមេដាយការពារជាតិ ប៉ុន្តែមេដាយសម្រាប់សមរភូមិនីមួយៗ ត្រូវមានដើម្បីអោយដឹង និងមានមេដាយពិសេសសម្រាប់អ្នកមានរបួសពិការលើសមរភូមិដើម្បីជាការលើកទឹកចិត្ត។ មេដាយជាក្រណាត់មួយដុំមានរូបភាពស្អាត ប៉ុន្តែអ្វីដែលសំខាន់គឺតម្លៃដែលមានអត្ថន័យមិនអាចកាត់ថ្លៃបាន ដើម្បីអោយគ្រប់គ្នាឃើញនឹងអាចមើលឃើញការលះបង់របស់យោធិន នគរបាល អាវុធហត្ថ និងប្រជាជនដែលចូលរួមផ្ទាល់នៅក្នុងការការពារទឹកដី …។
អ្នកខ្លះស្រែកពីរាប់ពាន់គីឡូមកថារដ្ឋាភិបាលទុក ចោលកងទ័ព ទាហ៊ាន នគរបាល។ ខ្ញុំមិនចាំបាច់រំលេចប្រាប់ថាថ្ងៃនេះយើងចំណាយប៉ុន្មាន យើងធ្វើអីខ្លះ ជីវភាពក្នុងការបំពេញភារកិច្ចនៅជួរមុខ(យ៉ាងណាទេ)។ មិនចាំបាច់ទេ។ ប៉ុន្តែសូមគ្រាន់តែប្រាប់ថា គ្រប់វិនាទីទាំងអស់ សុខទុក្ខរបស់វីរកងទ័ព នគរបាលជាតិ វីរអាវុធហត្ថនិងអ្នកគាំទ្រ ត្រៀមឈរជើងការពារ កំពុងតែបំពេញភារកិច្ចត្រៀមការពារទឹកដី គឺមិនដែលភ្លេចទេ។ យើងបានយកចិត្តទុកដាក់ដោះស្រាយគ្រួសាររបស់យុទ្ធជន នគរបាល អាវុធហត្ថដែលពលី។ ខ្ញុំមិនបង្អួតចំនួនដែលប្រៀបជាមួយគេថាយើងអោយប៉ុន្មានទេ។ កូនចៅសាច់ញាតិរបស់ពួកគាត់បានគិតគូរចូលបម្រើបន្តវេន។ ការរៀនសូត្រ ខ្ញុំនិងគ្រួសារបានបង្កើតមូលនិធិមួយសម្រាប់បន្តជួយមើលថែដល់កូនចៅអ្នកពលីលើសមរភូមិរួចហើយ។ យើងបានក្ដាប់ជាប់អ្នកណាត្រូវរកការងារ អ្នកណាត្រូវធ្វើអី។
(៩) ខ្មែរគ្រប់និន្នាការ អាជីព ទីកន្លែង បន្តរួមគ្នាយកចិត្តទុកដាក់ដល់វីរកងទ័ព នគរបាល អាវុធហត្ថ និងក្រុមគ្រួសារ
សូមអរគុណដល់វិស័យឯកជនដែលបានចូលរួមផ្ទាល់ជួយដល់អ្នកដែលកំពុងឈរជើងនៅខាងមុខ។ ម្សិលឃើញមានផ្លែធុរេនទៅដល់។ ជួយសង់ផ្ទះជូនដើម្បីចូលរួមជាមួយរដ្ឋាភិបាលបន្ថែម។ ខាងធនាគារក៏បានជួយលុបបំណុល ដោះស្រាយការប្រាក់ ពន្ធផ្សេងៗ ពន្យារការបង់មួយចំនួន។ នេះគឺជាការចូលរួម។ តិចឬច្រើន វាជាការចូលរួមដោយទឹកចិត្ត។ ខ្មែរយើងគ្រប់និន្នាការ គ្រប់អាជីព គ្រប់ទីកន្លែងបានរួមគ្នានៅក្នុងបុព្វហេតុការពារប្រទេស តាមរយៈការយកចិត្តទុកដាក់ដល់វីរកងទ័ព នគរបាល អាវុធហត្ថដែលឈរជើង និងក្រុមគ្រួសាររបស់ពួកគាត់នៅក្នុងពេលនេះ។ ខ្ញុំសូមអោយស្មារតីនេះបន្តតទៅទៀត។ ឆ្នាំទៅយើងបាននិយាយតែពីអតីតកាលនៃការឈឺចាប់ដោយសារសង្គ្រាមកាលពីទសវត្សរ៍៨០ និង៩០។ ប៉ុន្តែនៅឆ្នាំ២០២៦ នេះ យើងបាននិយាយពីសង្រ្គាមដែលទើបនឹងកើត។ យើងអាចមើលឃើញផ្ទាល់អំពីការទម្លាក់គ្រាប់បែក ដែលកាលមុននិយាយតែ B-52។ ឥឡូវយើងស្គាល់ F-16។ យើងនិយាយតែពីការបំផ្លិចបំផ្លាញដោយសង្រ្គាម ដែលមានរូបក្នុងឯកសារចាស់ៗ ពីឆ្នាំ១៩៧០ តែឥឡូវយើងមានឯកសារឆ្នាំ២០២៥ … យើងធ្លាប់តែមានអតីតយុទ្ធជនពិការចុងក្រោយឆ្នាំ២០១១ ដែលយើងបានវាយគ្នាបន្តិចដែរ។ (ពេលនេះ)យើងមានអ្នកពលីពិការដោយសារសង្រ្គាមនៅឆ្នាំ២០២៥។ សួរថាយើងចង់បានទៀតឬទេ? ខ្មែរឆ្អែតឆ្អន់នឹងសង្រ្គាមហើយ។ យើងព្យាយាមគេចវា។
(១០) “បើមានឱកាសចាប់យកជំរើសដោះស្រាយដោយសន្តិវិធី ទោះសល់ត្រឹមតែ១% ក៏បើកទ្វារទៅចរចា”
យើងព្យាយាមដោះស្រាយដោយមិនចាំបាច់ចំណាយជីវិតប្រជាជននៅក្នុងបុព្វហេតុការពារទឹកដី។ មិនមែនបានន័យថា យើងដោះស្រាយមិនច្បាំងគ្នា យើងប្រគល់ដីឲ្យគេ លុតជង្គង់ស៊ីញ៉េកាត់ដីនោះទេ។ ត្រូវដោះស្រាយតាមផ្លូវច្បាប់ តាមយន្តការការទូតឲ្យអស់លទ្ធភាព។ ខ្ញុំនិយាយម្ដងទៀត ទោះបីនៅមានសង្ឃឹម ទ្វារនៅមិនទាន់បិទទាំងស្រុង ដោយនៅបើកតែ១% អោយមានការដោះស្រាយដោយសន្តិវិធី គឺយើងត្រូវប្រើវាឲ្យអស់លទ្ធភាព ជាជាងច្បាំងគ្នាជាត្រីមុខ។ អ្នកខ្លះអត់យល់ ពេលខ្ញុំនិយាយរឿងហ្នឹង ហើយតាំងខ្លួនជាបណ្ឌិតវិភាគបែកពពុះមាត់តាមហ្វេសប៊ុក។ ខ្ញុំមិនមែននិយាយថា១% ទទួលបានជោគជ័យនោះទេ។ រឿងជោគជ័យគឺយើងនឹងខិតខំព្យាយាមឲ្យបាន១០០% ការពារទឹកដី។ តែខ្ញុំនិយាយពីឱកាសដែលនៅមានក្នុងការចាប់យកជម្រើស(ដោះស្រាយ)សន្តិវិធី។ ទោះបីវានៅសល់ត្រឹមតែ១% ក៏យើងបើកទ្វារទៅអង្គុយតុចរចា ក៏យើងត្រូវតែប្រើ(លទ្ធភាពនោះ)។ (ឯ)រឿងលទ្ធផលចរចាជារឿងផ្សេង។
ជូនទៅបណ្ឌិតដែលពុលទឹកមាត់នៅក្រៅប្រទេស … ដែលថា “រាជរដ្ឋាភិបាលប្រើយុទ្ធសាស្រ្តខុស ក្នុងរឿងកុងតៃនឺរ ឬបន្លាលួសនេះ” បើ(លោក)ខ្លាំង សូមអញ្ជើញចូលមក ខ្ញុំនឹងឲ្យ(លោក)ទៅជួបជាមួយមេដឹកនាំកងទ័ពនៅជួរមុខ ដែលសម្រេចចិត្តថាយើងយកវិធីសាស្រ្តណាដើម្បីដោះស្រាយ។ ពេលខ្លះ ខ្ញុំឃើញថាល្ងង់ពេក មកតាំងខ្លួនជាបណ្ឌិត។ ចូលមើល comment សូម្បីតែប្រជាជនសាមញ្ញក៏យល់(ជាងផង)។ ១% នៃការដោះស្រាយដោយសន្តិវិធី បើសិនជាទ្វារនៅមិនទាន់បិទ ខ្ញុំត្រូវជ្រើសរើសវិធីហ្នឹង មុននឹងបញ្ជូនទាហានទៅ ដែលនាំឱ្យមានប្រជាពលរដ្ឋរបួស/ស្លាប់។ តែវាយគ្នាហើយ មិនមែនស្លាប់តែទាហានទេ ខ្ទេចផ្ទះ ស្លាប់ទាំងប្រជាពលរដ្ឋ។ អញ្ចឹង ១%ដែលនៅសល់ បានន័យថាសង្ឃឹម ១% យើងនៅតែអាចអង្គុយចរចា មិនមែន១% ថាទទួលជោគជ័យនោះទេ។
(ពួកគាត់)ស្ដាប់ប៉ុណ្ណឹង ក៏មិនច្បាស់ ស្ដាប់មិនយល់។ គេហៅ បណ្ឌិតស៊ីអារម្មណ៍។ (របៀបវិភាគរបស់ពួកគាត់គឺ)ចេញមកដាក់លទ្ធផលមុន ជាជាងប្រមូលទិន្នន័យមកវិភាគ មុននឹងចេញលទ្ធផល។ ដាក់លទ្ធផល និងស្អីដែលចង់បានមុន ហើយយកតែទិន្នន័យណាដែលស្របជាមួយ(បំណងដែលចង់បាន)ទៅបំភ្លៃបន្ថែម ឯទិន្នន័យផ្សេងទៀត ក៏ត្រូវទាត់ចោល។ (សូម)ធ្វើបណ្ឌិតស៊ីអារម្មណ៍បែបនេះទៀតទៅចុះ។ ខ្ញុំសុំបញ្ជាក់ឡើងវិញ “បើសិនជាការដោះស្រាយតាមសន្តិវិធីនៅមានឱកាស សូម្បីតែ១% ដែលយើងនៅអាចបើកទ្វារចរចាបញ្ចប់រឿង និងការពារបូរណភាពទឹកដីតាមសន្តិវិធី យើងត្រូវតែប្រើវាឲ្យអស់លទ្ធភាព”។ ១%នៃលទ្ធភាពបើកការចរចា។ មិនទាន់បិទ។ តាមសន្តិវិធី។ មិនមែន១% នៃការយកឈ្នះក្នុងការចរចានោះទេ។ ពិបាកពន្យល់ដែរ។ អ្នកខ្លះអស់សក់ទៅហើយ … ខ្ញុំមិនចង់និយាយទេ តែពេលខ្លះទាល់តែបញ្ជាក់។ វាទៅជាប្រជាពលរដ្ឋ(សាមញ្ញ)យល់ច្បាស់ជាង។ បងប្អូនយើងខ្លះមានទៅ(រៀន)បានបណ្ឌិតអី តែគាត់ទៅជាស្រួលស្ដាប់។ ឬប្រហែលមកពីភាសានិយាយរបស់ខ្ញុំមិនដល់កម្រិតបណ្ឌិត បានជាបណ្ឌិតខ្លះស្ដាប់មិនយល់ បែរជាប្រជាជនសាមញ្ញស្រួលយល់ …បានន័យថា ទ្វារមិនទាន់បិទ។
(១១) ការលុបចោល MoU 2001 តម្រូវឱ្យទៅរកការសម្របសម្រួលដោយចាប់បង្ខំ ដើម្បីតម្លាភាព និងយុត្តិធម៌ ដោយស្មើភាពនៅមុខច្បាប់អន្តរជាតិ UNCLOS
តែបើសិនជាបិទ យើងត្រូវរកច្បាប់។ ដូចជា UNCLOS អញ្ចឹង ដោយសារគេបានប្រកាសលុបចោល MoU 2001 ដែលជាយន្តការទ្វេភាគីតែមួយគត់ … បើចរចាគ្នាទៀត យើងនៅតែចរចាផ្អែកលើ២០០១។ តែឥឡូវគេលុបចោល។ បានន័យថា ទ្វារហ្នឹងបិទហើយ។ វា០%។ អញ្ចឹងយើងទៅផ្លូវច្បាប់ ទៅការសម្របសម្រួលដោយចាប់បង្ខំ ដើម្បីដោះស្រាយតាមតម្លាភាព និងយុត្តិធម៌ឲ្យស្មើភាពគ្នានៅមុខច្បាប់អន្តរជាតិ UNCLOS ជាមួយគ្នា។ នេះជាជំហររបស់រាជរដ្ឋាភិបាល។ បើមិនទាន់លុប MoU 2001 នោះទេ យើងនៅតែចរចាដោយយក(MoU 2001)ហ្នឹងជាគោលការណ៍ដោះស្រាយតាមសន្តិវិធី ព្រោះ(វាជាឯកសារចរចាមក) ២៥ឆ្នាំហើយ។ ឥឡូវបិទហើយ យើងត្រូវតែដំណើរការ(តាមផ្លូវច្បាប់អន្តរជាតិវិញ)។ អំពី(បន្ទាត់ព្រំដែន)គោក នៅមាន MoU2000 និង(កិច្ចព្រមព្រៀង)មួយចំនួនទៀត ដែលយើងបានធ្វើមក ២៥ឆ្នាំ។ នៅបន្តទៀត។ រឿងនេះមិនមែនមួយថ្ងៃចប់ទេ។ រឿងរយៈពេលវែង។ វាពន្លាតពីភូមិភាគ៤ ទៅដល់ភូមិភាគ៥ ប៉ុន្មានរយគីឡូម៉ែត្រ … យើងនៅតែខិតខំស្វែងរកការបញ្ចប់(ការប្រឈមមុខគ្នាខាងយោធា ដើម្បី)កុំឲ្យមានអ្នកពិការ និងក្មេងកំព្រា។
(១២) ការពារទឹកដីដោយស្របច្បាប់ តាមវិធីដែលមិនបង្ហូរឈាម និងជាដំណោះស្រាយយូរអង្វែង
ខ្ញុំបានទៅជួប(អ្នករងរបួសនៅ)តាមមន្ទីរពេទ្យ ប្រពន្ធខ្ញុំក៏បានចុះទៅជួបគ្រប់ផ្ទះ (បានឃើញពី)ការលំបាកវេទនា។ គ្រួសារដែលបានបែកបាក់ លា(ទៅ)រហូត មិនស្រួលនោះទេ។ បើលាត្រឹមតែទៅមួយឆ្នាំពីរឆ្នាំមកវិញ ខ្លះទៅបេសកកម្មក្រៅប្រទេស ៤-៥ឆ្នាំមកវិញ ជារឿងមួយ តែនេះលារហូត។ អ្នកខ្លះកូនខ្ចី អ្នកខ្លះនៅក្មេង(នៅឡើយ)។ នេះជាការលះបង់ធំធេងណាស់របស់វីរកងទ័ព វីរនគរបាលជាតិ និងវីរអាវុធហត្ថ រួមទាំងការលះបង់របស់គ្រួសារ ដែលគាំទ្រឲ្យប្ដីទៅការពារទឹកដី។ ក្នុងនាមជាមេដឹកនាំ ខ្ញុំជឿថា ជនកម្ពុជា ១៧លាននាក់ គ្មាននរណាលុតជង្គង់កាត់ដីឲ្យទៅគេនោះទេ។ ១០-២០ឆ្នាំទៀត ឡើងដល់ ៣០ទៅ៥០លាននាក់ ប្រជាជនយើងនឹងកើន។ យើងចង់ការពារទឹកដីដោយស្របច្បាប់ តាមវិធីដែលខ្ញុំជឿថាជាជម្រើសធំបំផុត គឺវិធីសាស្រ្តមិនបង្ហូរឈាម និងដោះស្រាយបានយូរអង្វែង … ភរិយារបស់ខ្ញុំបានចុះទៅជួបអតីតយុទ្ធជន ជួបប្រពន្ធកងទ័ព(ពលី)។ គាត់ឈឺចាប់ ដែលបាត់ប្ដី។ គាត់ខឹង តែសួរគាត់ថា ចង់ឲ្យវាយគ្នាទេ? គាត់ថា អត់ចង់ទេ។ អត់ចង់ឲ្យប្រពន្ធអ្នកផ្សេងត្រូវឆ្លងកាត់ដូចគាត់។ គាត់មិនចង់ឃើញកូនអ្នកផ្សេងខូចចិត្ត ដូចកូនគាត់ដែលបាត់ឪពុកតាំងពីក្មេង។ នេះគឺជាការដោះស្រាយ។ យើងត្រូវតែការពារទឹកដី តែយើងក៏ត្រូវការពារប្រជាជនយើងដែរ។ យើងមិនមែនខ្លាចទេ តែបើមានជម្រើសការពារក្រៅពីវាយគ្នា យើងនឹងជ្រើស(យកជំរើស)បែបនោះ។ ខ្ញុំសូមបញ្ជាក់ម្ដងទៀត ទោះបីជាការចរចាតាមផ្លូវច្បាប់ ផ្លូវការទូត ដើម្បីទាញមកវិញនូវសិទ្ធិស្របច្បាប់ ដែនអធិបតេយ្យជាតិស្របច្បាប់ ទោះបីជានៅសល់ ១% ក្នុងការដោះស្រាយតាមរយៈនេះក៏ដោយ យើងត្រូវប្រកាន់យកជំហរនេះឲ្យអស់លទ្ធភាពដើម្បីចៀសវាងការប្រយុទ្ធគ្នា ចូលទៅតុចរចា។ មិនមែន១% ឈ្នះទេ ហើយក៏មិនមែនទៅដើម្បីតែបង្រ្គប់កិច្ចនោះដែរ។
(១៣) ចិញ្ចឹមស្មារតីសាមគ្គីឯកភាព ពង្រឹងសមត្ថភាពការពារជាតិ ធានាសន្តិភាពយូរអង្វែងរាប់ជំនាន់ទៅមុខ
ប្រទេសកម្ពុជាយើងដែលធ្លាប់វេទនាដោយសារសង្រ្គាម មានពូៗនៅទីនេះជាសក្ខីភាព។ ជាអកុសល ១ឆ្នាំនេះ យើងបានប្រែក្លាយពីអ្នករបួសពិការពីអតីតសង្រ្គាម មក(ជាអ្នករបួសពិការដោយសារ)សង្រ្គាមក្នុងពេលថ្មីៗ។ អ្វីដែលសំខាន់គឺយើងរួមគ្នា។ ខ្ញុំសូមអរគុណដល់ស្មារតីនៃការរួមគ្នារបស់ប្រជាជនយើង។ សូមអរព្រះគុណថ្វាយព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រីសម្ដេចយាយ សម្ដេច ឯកឧត្ដម អ្នកឧកញ៉ា ព្រះពេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ មន្រ្តីរាជការគ្រប់ក្រសួង/ស្ថាប័ន កងកម្លាំងប្រដាប់អាវុធទាំងអស់នៅខាងក្រោយ ជាពិសេសប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស គ្រប់និន្នាការទាំងអស់ ដែលបានចូលរួមមូលគ្នាការពារទឹកដី គាំទ្រដល់វីរយុទ្ធជន វីរកងកម្លាំងប្រដាប់អាវុធ និងជួយទៅដល់ជនភៀសសឹកដែលជួបការលំបាក។ នេះគឺជាបុព្វហេតុ ប៉ុន្តែកុំឲ្យវា(នៅត្រឹម)ជាភ្លើងចំបើង (ដែលឆេះសន្ធោសន្ធៅ)មួយដងមួយកាល។ ត្រូវចិញ្ចឹមស្មារតីសាមគ្គីឯកភាពគ្នានេះ ពង្រឹងជាតិខ្មែរ ពង្រឹងសមត្ថភាពការពារជាតិ ដើម្បីយើងអាចធានាបានសន្តិភាពយូរអង្វែងសម្រាប់រាប់ជំនាន់ទៅមុខ។
(១៤) ការដោះស្រាយ ៣ជំហាន របស់រាជរដ្ឋាភិបាល ជូនប្រជាជនភៀសសឹក
ខ្ញុំសូមអរគុណ ហើយកោតសរសើរដល់អគ្គលេខាធិការនៃសមាគមអតីតយុទ្ធជន ឯកឧត្ដម នាយឧត្ដមសេនីយ៍ ចំពោះការដោះស្រាយផ្ទះជូនភៀសសឹករាប់ម៉ឺននាក់ដែលមិនអាចត្រឡប់ទៅវិញដោយសារបច្ចុប្បន្ននៅមាន “រឿងកុងតៃនឺរ បន្លាលួស” ដែលត្រូវការដោះស្រាយ។ មិនមែនបានន័យថា យើងធ្វើផ្ទះថ្មីឲ្យគាត់ហើយ ឈប់ទារ(ផ្ទះចាស់)នោះទេ។ យើងនៅតែបន្តធ្វើ។ ឥឡូវយើងច្បាំងក្នុងសមរភូមិការទូត។ ការច្បាំងលើសមរភូមិការទូតត្រូវការប្រើពេល … (ដូច្នេះ)យើងមិនអាចទុកគ្រួសារទាំងនោះនៅហាលភ្លៀងនោះទេ។ ត្រូវទុកដាក់គាត់ឲ្យស្រួលសិន។ តាំងពីផ្ទុះអាវុធមកភ្លាម យើងបានដោះស្រាយ ៣ជំហាន។ ជំហានទី១ គឺការពារអាយុជីវិត។ ពេលដែលវាយគ្នាភ្លាម ត្រូវធ្វើម៉េចជម្លៀសឲ្យចេញផុតពីរង្វង់គ្រាប់ប្លោង ដោះស្រាយបឋមកន្លែងស្នាក់នៅ ទឹក និងស្បៀង។ រាជរដ្ឋាភិបាល និងបណ្ដារាជធានី/ខេត្ត បានធ្វើ។ ខ្ញុំនិយាយថា រាជធានី/ខេត្ត ព្រោះមានជនភៀសសឹកខ្លះក៏មកដល់រាជធានីភ្នំពេញដែរ ត្បិតគាត់មានបងប្អូនអីនៅឯនេះ។ ពេលដែលកើនខ្លាំងដល់ក្បែរ ៧០ម៉ឺននាក់ ខេត្តជាប់ព្រំដែនទប់មិនរួច ហៀរមកដល់សៀមរាប កំពង់ស្ពឺអី។ ជំហានទី២ គឺធ្វើឲ្យប្រសើរឡើង។ រៀបចំជាតង់នៅកន្លែងបណ្ដោះអាសន្នភ្លាម … នៅក្នុងជុំរុំភៀសសឹកក៏ដោយ តែធ្វើតង់ពង្រីកបន្ថែម និងទី ៣ ស្ដារឡើងវិញ។ កន្លែងណាដែលគាត់អាចទៅផ្ទះវិញបាន កន្លែងដែលយើងបានបោសសម្អាតគ្រាប់ប្លោងរួច មិនជាប់ក្នុងរង្វង់ព័ទ្ធបន្លាលួស ឬមួយនៅក្រៅតំបន់ទឹកក្រូចមិនអាចទៅបានដោយសារខ្លាចគេបាញ់អីជាដើម យើងបានអនុញ្ញាតឲ្យគាត់ទៅ។ CMAC ក៏សកម្មសហការជាមួយខេត្តដែលរងប៉ះពាល់ផ្ទាល់ មានព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់អីក្នុងការដោះមីន/គ្រាប់មិនទាន់ផ្ទុះ។ ការស្ដារឡើងវិញនេះ បានជួយឲ្យគាត់ទៅដើម្បីបង្កើតសកម្មភាពសេដ្ឋកិច្ច។ អ្នកដែលនៅមិនទាន់អាចត្រឡប់វិញបាន យើងបានធ្វើផ្ទះរាប់ពាន់ខ្នង ក្នុងពេលដ៏ខ្លី(ជូនស្នាក់នៅ)។
(១៥) អរគុណប្រជាពលរដ្ឋប្រាប់ជាដំណឹងតាមបណ្ដាញសង្គមពីការខ្វះខាតក្នុងលំនៅដ្ឋានបណ្តោះអាសន្ន
ថ្ងៃមុន ឃើញគេដាក់លូ។ (មានអ្នក)ចេញមក(ស្រែក) ហេតុអីរដ្ឋាភិបាលធ្វើផ្ទះហើយ ទើបដាក់លូតាមក្រោយទៅវិញ? បើជាបងប្អូនជាអ្នកធ្វើ ប្រហែលជាដឹង។ ហេដ្ឋារចនាសម្ព័ន្ធមានច្រើនគន្លាក់។ រយៈពេលមានតែ ២ខែទេ។ តើធ្វើអីមុន ធ្វើអីក្រោយ? ធ្វើអ្វីសំខាន់មុន គឺមានដំបូលជ្រកសិន ឲ្យមានផ្លូវ មានភ្លើង និងទឹក។ រឿងដាក់លូ យើងនឹងដាក់បណ្ដើរៗ ព្រោះត្រូវការទាំងថវិកា និងពេលវេលាធ្វើ។ អញ្ចឹង ធ្វើផ្លូវឲ្យគាត់ចូលទៅសិន។ អញ្ចឹង សូមយោគយល់ផង។ ខ្ញុំអរគុណប្រជាពលរដ្ឋដែលផ្សព្វផ្សាយតាមបណ្ដាញសង្គម។ មិនមែនគាត់បន្ទោសទេ អ្នកដែលបន្ទោស រិះគន់យកទៅចំណេញ មិនមែនអ្នកក្នុង(កន្លែង)ហ្នឹងទេ ច្រើនតែអ្នកបន្ទរពីក្រៅប្រទេស ហើយខ្លះយកទៅធ្វើជាអាជីវកម្មនយោបាយ។ អ្នកនៅក្នុង(កន្លែងកំពុងធ្វើ)នោះ គាត់បង្ហោះដើម្បីឲ្យគេដឹងថា ផ្ទះគាត់ពេលភ្លៀងមកលិចអញ្ចេះៗ។ គេត្រូវទៅជួសជុលបន្ថែម។ រាប់ពាន់ផ្ទះមិនអាចល្អទាំងអស់នោះទេ។ បើមិនអញ្ចឹង មិនមែនមានតែ ៥ផ្ទះ ចេញមករអ៊ូពេលភ្លៀងទឹកសាចនោះទេ។ សូមសរសើរជាងដែលក្នុងរយៈពេលដ៏ខ្លីធ្វើផ្ទះបានរហូតរាប់ពាន់ខ្នងជូនជនភៀសសឹកឲ្យបាន(រស់នៅ) … តើយើងគួរធ្វើអ្វីមុននិងក្រោយ។ អញ្ចឹង សូមធ្វើការយោគយល់។
យើងស្រង់(ឈ្មោះ) ហេតុអ្វីមានអ្នកបានមានអ្នកអត់? ដូចឯកឧត្តម គន់ គីម បានលើកអញ្ចឹង បើចាំស្រង់សុក្រឹតទាំងអស់(ទាល់តែ)ចាំចុះឈ្មោះទាំងអស់ ចាំអ្នកមកពីថៃទាំងអស់បានចាប់ផ្ដើមធ្វើ។ (បើដូច្នេះ)ប្រហែលជាមិនបានធ្វើទេមើលទៅដល់ថ្មើរនេះ ព្រោះនឹងមានអ្នកមកបណ្ដើរៗ។ អញ្ចឹងបានថាឥឡូវអ្នកណាមកមុនស្រង់ឈ្មោះធ្វើមុន។ បានន័យថាស្រួលបំផុតគឺអ្នកនៅក្នុងកន្លែង។ ធ្វើម៉េចឲ្យចំគោលដៅ អ្នកនៅក្នុងមណ្ឌលជនភៀសសឹក ហើយកុំឲ្យជាន់គ្នា។ មួយគ្រួសារបានមួយ។ ជួនកាលប្ដីនៅជុំរុំភៀសសឹកមួយ ប្រពន្ធនៅជុំរុំមួយ(ផ្សេង)។ ដល់ពេលចុះឈ្មោះបានដល់ទៅពីរ។ យើងដកមួយវិញ ទុកឲ្យអ្នកដែលអត់ទាន់បាន។ អ្នកដែលមានពិតប្រាកដ ឧទាហរណ៍ មានដីនៅហ្នឹង (ប៉ុន្ដែ)គាត់ទៅធ្វើពលកម្មនៅថៃ ឬភ្នំពេញ។ ពេលដែលស្រង់ឈ្មោះ គាត់អត់ជាប់ ប៉ុន្ដែគាត់បាត់ដីដែរ។ អញ្ចឹងឲ្យស្រង់ទៅដើម្បីធ្វើ។ អ្នកដែលត្រូវបាន ត្រូវតែបានឲ្យមានតម្លាភាព ទទួលខុសត្រូវ។
យើងនឹងជួយបន្ដ។ កុំឲ្យអ្នកដែលត្រូវបាន(បែរ)ជាមិនបាន។ អញ្ចឹងមិនចេះចប់រឿង។ សូមធ្វើ (ឲ្យបានច្បាស់លាស់)។ ខ្ញុំសរសើរដល់គណៈកម្មការខេត្តស្រុក និងសូមសមាគមអតីតយុទ្ធជនត្រួតពិនិត្យ។ ក្នុងរយៈពេលខ្លី វា(អាច)មានការឆកល្វែងខ្លះ។ ការផ្ដល់ព័ត៌មានរបស់ប្រជាជនជាការ ស្វាមគមន៍។ អរគុណណាស់សំរាប់ការយោគយល់។ មានអ្នកខ្លះរអ៊ូថាធ្វើផ្ទះហើយក្ដៅហែង។ បើចាំដាំដើមឈើហើយឲ្យចូលទៅនៅ វាចប់ហើយ។ ទម្រាំដើមឈើដុះ ទុកឲ្យបងប្អូននៅរ៉ាំរ៉ៃនៅមណ្ឌលជនភៀសសឹកទឹកលិចឬអី? អញ្ចឹង សូមយោគយល់ … ខ្ញុំសរសើរបងប្អូនដែលចូលនៅក្នុងមណ្ឌលជនភៀសសឹក គាត់មិនរង់ចាំថាយើងត្រូវផ្ដល់ឲ្យគាត់ទាំងអស់ទេ។ គាត់ចូលទៅ កន្លែងខ្លះគាត់បើកហាងលក់កាហ្វេលក់អីភ្លាម។ ស្មារតីម្ចាស់ការនេះសំខាន់។ ចូលរួមជាមួយរាជរដ្ឋាភិបាល …។
(១៦) ការរៀបចំលំនៅដ្ឋានបណ្ដោះអាសន្ន មិនមែនបោះបង់សិទ្ធិការពារដីក្នុងដែនអធិបតេយ្យភាពទេ
សូមបញ្ជាក់ម្ដងទៀត ការរៀបចំលំនៅដ្ឋានបណ្ដោះអាសន្ននេះ មិនមែនបានន័យថា យើងបោះបង់សិទ្ធិការពារដីនៅក្នុងដែនអធិបតេយ្យភាពរបស់យើងទេ។ យើងនៅបន្ដទាមទារ។ ប្រើគ្រប់មធ្យោបាយ ហើយអាទិភាពធំបំផុតគឺមធ្យោបាយដែលមិនត្រូវ(បាន)បំផ្លាញឡើងវិញ។ ផ្ទះ ២ពាន់ខ្នងនេះ ត្រូវបានសង់ក្នុងរយៈពេល ២ខែ។ ខ្ញុំសរសើរថាលឿន ប៉ុន្ដែ(បើសិនជាកំទេចវិញ) ត្រូវការយន្ដហោះទម្លាក់តែ ២០យន្ដហោះអីទេ មួយព្រឹកខ្ទេចអស់។ ពេលដែលយើងវាយគ្នា ព្រឹកខ្លះនៅភូមិជោគជ័យ តាមការរាយការណ៍ដែលខ្ញុំទទួលបាន ថ្ងៃខ្លះមកចង់ ២០គ្រឿងទំលាក់គ្រាប់ មានមីស៊ីលមានគ្រាប់។ អញ្ចឹង សូមឲ្យយល់។ ការរៀបចំនេះនៅតែបន្ដធ្វើគ្រប់កន្លែង។ បានធ្វើនៅបន្ទាយមានជ័យ ឧត្ដរមានជ័យ ព្រះវិហារជូនពួកគាត់បានច្រើនហើយ។ កន្លែងខ្លះនៅកៀកខាងមុខ អញ្ចឹងរៀបកន្លែងសុវត្ថិភាពនៅខាងក្រោយ។
នៅតាមបណ្ដាយព្រំដែន ដូចនៅពោធិ៍សាត់ មើលអភិបាលខេត្តមកទេ? មើលដាំដើមឈើឡើងវិញ កុំឲ្យត្រងិលអញ្ចឹង។ កាលពីមុនព្រៃ។ មួយរយៈដែលមានការអភិវឌ្ឍ (កាប់)ដើមឈើធ្វើរីសតអី។ ឥឡូវ ចាប់ផ្ដើមដាំដើមឈើឡើងវិញគ្រប់កន្លែងទាំងអស់ ដើម្បីបានម្លប់ផងអីផង។ ខេត្តជាប់ព្រំដែនត្រូវគិតគូរមើល។ នៅខាងភូមិភាគ៤ ដូចគ្នា។ កន្លែងខ្លះត្រូវកែសំរួលប្រជាពលរដ្ឋដើម្បីសុវត្ថិភាពបណ្ដោះអាសន្ន រៀបចំទីតាំង ជម្រកសុវត្ថិភាព ទាំងសំរាប់ប្រជាពលរដ្ឋ។ ជួសជុលសាលារៀនឡើងវិញជាតំរូវការ ហើយការដោះស្រាយសំខាន់បំផុតគឺកុំយកអន្ទង់វែងឆ្នាំងវែង បានន័យថាទាល់តែដូចស្ដង់ដារដើម។ អញ្ចឹង សាលាមុនធ្វើពីក្បឿង គេបាញ់ខ្ទេចអស់ហើយ។ អញ្ចឹងមិនអាចចាំពីរឆ្នាំទៀតបានឲ្យកូនក្មេងទៅរៀនទេ។ ពិនិត្យមើល(ជួសជុល)ទៅ។ ឥឡូវ ឃើញសំណង់ថ្មីៗក្រោយ ប្រើបច្ចេកវិទ្យាធ្វើរាប់សិបទសវត្សរ៍។ អគារពីមុនមួយ ១០ម៉ឺន បន្ទប់ធ្វើពីឥដ្ឋ ចាក់គ្រឹះ … ឥឡូវគេធ្វើសំណង់ទំនើប។ ប្រទេសនានាក៏ធ្វើដែរ។ មួយអស់តែ២ ឬ៣ម៉ឺនទេ ដោយគេកាត់ពុម្ពពីក្រៅយកមកផ្គុំតែម្ដង …។
(១៧) រួមគ្នាជាធ្លុងមួយកុំឲ្យមានសង្គ្រាមផ្ទៃក្នុង និងការពារប្រទេសជាតិពីការគំរាមកំហែងពីខាងក្រៅ
ចំពោះស្ដង់ដារសាលា ខ្ញុំបានឲ្យក្រសួងអប់រំគិតដែរ។ យើងកុំមានស្ដង់ដារតែមួយគ្រប់កន្លែង។ ស្ដង់ដារនៅក្រុងមួយទៅ ជាយក្រុងមួយទៅ កន្លែងជនបទមួយទៅ។ បើមិនអញ្ចឹង យើងរង់ចាំថវិកាច្រើន ប៉ុន្ដែមិនមែនធ្វើឈិនឆៃទេ។ នៅតែត្រូវស្ដង់ដារទំនើបនិងមានគុណភាពខ្ពស់ គ្រាន់តែ(ដូរ)របៀបសាងសង់និងចំណាយ។ ត្រូវមានការគិតគូរអំពីជម្រកសុវត្ថិភាពនៅតាមសាលា ជាពិសេសកន្លែងដែលមានគ្រាប់ផ្លោង។ ជាអកុសល ដូចដែលខ្ញុំបាននិយាយ កាលពី(ជំនួប)សមាគមអតីតយុទ្ធជនពីឆ្នាំទៅ ប្រទេសយើងមានសន្ដិភាព យើងច្បាំងគ្នាចុងក្រោយបំផុតឆ្នាំ២០១១។ ប៉ុន្ដែឥឡូវវាកើតឡើងវិញ។ យើងកុំឲ្យវាកើតឡើងទៀត។ ខិតខំដោះស្រាយឲ្យអស់លទ្ធភាព។ រួមគ្នាជាធ្លុងមួយនៅក្នុងប្រទេសកុំឲ្យសង្គ្រាមផ្ទៃក្នុងផ្ទុះឡើងវិញ រួមគ្នាគ្រប់និន្នាការទាំងអស់ការពារប្រទេសជាតិពីការគំរាមកំហែងពីខាងក្រៅ។ រាប់រយឆ្នាំមកហើយដែលយើងច្បាំងគ្នាតែខាងក្នុង បែកបាក់ផ្ទៃក្នុង ធ្វើឲ្យប្រទេសយើងទន់ខ្សោយ។ នេះជាចំណុចដែលកូនខ្មែរត្រូវចងចាំទាំងអស់គ្នា។
[ចប់សេចក្ដីអធិប្បាយ២]
អញ្ចឹង នៅក្នុងចំណុចនេះពាក់ព័ន្ធការដាក់ចេញគោលនយោបាយរបស់រាជរដ្ឋាភិបាល ទោះបីជារាជរដ្ឋាភិបាលមានការគិតគូរ និងបានដាក់ចេញនូវវិធានការ និងមានយន្តការគ្រប់ជ្រុងជ្រោយយ៉ាងណាក្ដី ដើម្បីគោរពនូវវីរភាពដ៏អង់អាចក្លាហាន ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិរបស់អតីតយុទ្ធជន និងនិវត្តជន ខ្ញុំសូមផ្ដល់នូវអនុសាសន៍មួយចំនួន ដើម្បីតម្រង់ទិសធានាដល់ការសម្រេចបាននូវគោលដៅជាយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាលដូចខាងក្រោម៖
១. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា រៀបចំកម្មវិធីជាក់ស្តែងរបស់ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងត្រូវយកចិត្តទុកដាក់ធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផលការងារវិស័យអតីតយុទ្ធជន និងនិវត្តជនឆ្នាំ២០២៥ កន្លងទៅ និងកំណត់ទិសដៅភារកិច្ចសម្រាប់អនុវត្តបន្ត។
២. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញការបង្កើតគណៈកម្មការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជន និងនិវត្តជន ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត ចុះប្រមូលទិន្នន័យអំពីស្ថានភាព ជីវភាព បញ្ហាប្រឈម និងតម្រូវការរបស់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារ និងរៀបចំកម្មវិធីអភិវឌ្ឍន៍សហគមន៍ អតីតយុទ្ធជន និងនិវត្តជន ឃុំ សង្កាត់ នៅតាមរាជធានី ខេត្ត ឱ្យមានដំណើរការល្អ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាគាំពារសុខុមាលភាពអតីតយុទ្ធជន និងនិវត្តជន ឱ្យបានកាន់តែប្រសើរឡើងស្របតាមស្នាដៃ គុណបំណាច់ដ៏ធំធេងរបស់អតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។
៣. ក្រសួងព័ត៌មានត្រូវណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងឯកជនផ្សព្វផ្សាយសារលិខិតក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ និងខ្លឹមសារឯកសារនានាពាក់ព័ន្ធនឹងទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏ដូចជាសកម្មភាពសង្គមរបស់អតីតយុទ្ធជន និងនិវត្តជនឱ្យបានទូលំទូលាយ។
៤. រដ្ឋបាលរាជធានី ខេត្ត ត្រូវសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជានៅតាមរាជធានី ខេត្ត ដើម្បីរៀបចំពិធីសំណេះ សំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន និងរៀបចំទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ឱ្យបានសមរម្យទៅតាមស្ថានភាព និងលទ្ធភាពជាក់ស្តែង។
៥. គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវរៀបចំគណៈប្រតិភូចុះសួរសុខទុក្ខអតីតយុទ្ធជន និវត្តជននៅតាមមូលដ្ឋាន និងយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(១៨) បន្ដជាប់ជាប្រចាំ ការជ្រោងខឿនការពារជាតិរបស់ប្រជាពលរដ្ឋ
គ្រាន់តែថា ទៅជួរមុខពេលនេះ កុំថតបង្ហាញទីតាំងយោធា។ មិនហាមបងប្អូនទៅជួប(សួរសុខទុក្ខទេ)។ ខ្ញុំឃើញបងប្អូនទៅលេង។ យើងមិនអាចហៅកងទ័ពចុះទៅស្វាគមន៍ ហើយសូមមានកុំមានការអន់ចិត្ត ប៉ុន្ដែឥឡូវបងប្អូនសប្បុរសជនមានការយល់ច្រើន។ ខុសពីកាលឈប់ប៉ះគ្នាលើកទី១។ ពេលនោះបងប្អូនខ្លះទៅដល់សែលហ្វី live នៅលេណដ្ឋានជួរមុនតែម្ដង។ ធ្វើដូចនោះវាស្មើនឹងឲ្យគេស្គាល់ប្រភេទលេណដ្ឋានយើង ហើយពេលប្រយុទ្ធគ្នា រថក្រោះ(របស់បច្ចាមិត្តនឹង)បុកបាញ់កំទេចលេណដ្ឋានកន្លែងហ្នឹងតែម្ដង។ ទាហានយើងជួរមុខក៏បានយល់ច្រើន។ កុំភ្លេច(ការជួយ)បងប្អូនយើងខាងមុខ។ រដ្ឋាភិបាល ក្រសួងការពារជាតិយកចិត្តទុកដាក់ធានាគោលរបប និងរបស់បន្ថែមជាប្រចាំ មានស្បៀងបំរុងប្រចាំថ្ងៃ។ កន្លែងខ្លះនៅចំណុចខ្ពស់មួយចំនួនមានការលំបាករឿងទឹក ប៉ុន្ដែយើងខិតខំបុកអណ្ដូង តែកន្លែងខ្លះបុកអណ្ដូងក៏មិនចេញដោយខ្ពស់។ មានតែ(វិធី)លីទឹកឡើង។ អ្នកខ្លះថាឱ្យយកដ្រូនហោះទំលាក់(ទឹក/ស្បៀង)។ ត្រូវយល់ថាដ្រូនមានមុខពីរ។ ទំលាក់នៅកន្លែងណា ស្មើនឹងឲ្យគេចុចនិយាមការនៅកន្លែងនោះ។ ពេលខ្លះ បងប្អូនគាត់លីឡើង ព្រោះកន្លែងឈរជើងរបស់យើងអត់មានផ្លូវបេតុងអីទេ។ កន្លែងខ្លះយើងមានអេស្កាទៅជីក។ យើងដាក់អេស្កា ទិញថែមច្រើន។ ប៉ុន្ដែអត់អាចឡើងទៅដល់ចំណុចខ្ពស់បំផុតបាន។ ខាងគេដូចគ្នា។ (ប្រើ)ចបដូចគ្នា។ អញ្ចឹង សូមបន្ដខឿនការពារជាតិរបស់ប្រជាពលរដ្ឋ កុំឈប់ កុំមានតែពេលវាយគ្នា។ នៅបន្ដជាប់ជាប់ជាប្រចំា។ ការចូលរួមលើកទឹកចិត្ត របស់របរស្បៀងជាចំណុចមួយហើយ ប៉ុន្ដែអ្វីដែលសំខាន់គឺ(ឲ្យ)គាត់(ដឹង)ថាមានខ្មែរទូទាំងប្រទេសនៅគាំទ្រដល់បុព្វហេតុរបស់គាត់ មិនភ្លេចគាត់ទេ។ នេះជាការលើកទឹកចិត្តធំណាស់ ចូលរួមក្នុង (ខឿន)ការពារជាតិ។
[ចប់សេចក្ដីអធិប្បាយ៣]
សូម (ផ្ញើការ) សួរសុខទុក្ខ ដល់យុទ្ធជន/នារី ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងជនពិការនៅតាមមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនា និងលើកទឹកចិត្តដល់អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីទាំងអស់ឱ្យកាន់តែល្អប្រសើរថែមទៀត។
សូមអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បងប្អូនជនរួមជាតិ ដៃគូ-អភិវឌ្ឍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ព្រមទាំងវិស័យឯកជន សូមចូលរួមអបអរសាទរ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ក្នុង ក្តីសោមនស្សរីករាយ ដោយប្រែក្លាយទិវានេះឱ្យទៅជាមហាចលនាសាមគ្គីភាព ជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈបរិក្ខារ និងផ្សារភ្ជាប់ជាមួយអតីតយុទ្ធជន និងនិវត្តជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិក៏ដូចជាយុទ្ធជន យុទ្ធនារី ដែលកំពុងបំពេញបេសកកម្មនៅតំបន់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីមាតុភូមិអង្គរដ៏បវរនៃយើង។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(១៩) កំណែទំរង់និងទំនើបកម្មកងទ័ពពីពេលនេះ ដើម្បីពង្រឹងសមត្ថភាព ២០ឆ្នាំខាងមុខ
មុននឹងបញ្ចប់ ខ្ញុំសូមបន្ថែមចំណុចតូចមួយ។ យើងនិយាយអំពីអតីតយុទ្ធជន កងកំលាំងប្រដាប់អាវុធ អំពីការការពារជាតិពីអតីតកាល។ ការចូលរួមលះបង់របស់អតីតយុទ្ធជន និងក្រុមគ្រួសារនៅអតីតកាល ប៉ុន្ដែការការពារជាតិមិនចប់ទេ ទាំងបច្ចុប្បន្នកាល និងអនាគតកាល។ សូមបន្ថែមបន្ដិចដោយឃើញមានការជជែកគ្នាក្នុងបណ្ដាញសង្គម ដោយមិនមានព័ត៌មានគ្រប់គ្រាន់។ ខ្ញុំសូមនិយាយជាគោល មិននិយាយលំអិតទេ ព្រោះនិយាយលំអិតទុកនិយាយក្របខណ្ឌកងទ័ពបិទទ្វារ គឺការកែទំរង់ និងទំនើបកម្មកងទ័ព ដើម្បីពង្រឹងសមត្ថភាពការពារជាតិ។ ធ្លាប់លឺហើយគោលបំណងគឺដើម្បីបង្កើនសមត្ថភាពការពារជាតិរយៈពេលវែង ដើម្បីពង្រឹងសមត្ថភាពក្នុងរយៈពេល ២០ឆ្នាំ(ខាងមុខ) ត្រូវធ្វើពីឥឡូវ។ កំណែទំរង់ទំនើបកម្មនេះ យើងមិនមែនទើបធ្វើទេ។ យើងធ្វើជាប់ជាប្រចំា តាំងពីបែក១៩៧៩ មក។ កែទំរង់ ពង្រឹង ប៉ុន្ដែស្ថានភាពវាប្រែប្រួលខុសគ្នា ទាំងកំរិតហានិភ័យ សមត្ថភាព និងការចាំបាច់ក្នុងការកសាងកំលាំង។ ពេលសង្គ្រាមនៅទសវត្សរ៍ទី ៨០ និងទី៩០ យើងចំណាយច្រើនទៅលើវិស័យការពារជាតិ។ ក្រោយពីចប់(សង្គ្រាមផ្ទៃក្នុង) តាមរយៈនយោបាយឈ្នះឈ្នះ យើងបានបង្វែរ(ការចំណាយ)ច្រើន(ចេញពីវិស័យការពារជាតិ)។ ចប់ដំណាក់កាលទី១ ១៩៩៣ យើងរំសាយទ័ព។ កាលហ្នឹង អ៊ុនតាក់ ដឹកនាំរំសាយ។ ទ័ពប៉ុន្មានភាគីចូលមកជាមួយគ្នា។ ដំណាច់ឆ្នាំ ១៩៩៨ យើងបង្វែរធនធានថវិកាពីវិស័យការពារជាតិ ទៅវិស័យសេដ្ឋកិច្ចសង្គម ដើម្បីបង្កើនការយកចិត្តទុកដាក់ដល់អតីតយុទ្ធជន គ្រួសារពលី អប់រំ សុខាភិបាល …។
(២០) គោលដៅនៃការកែទម្រង់គឺបង្រួមក្បាលនិងពង្រីកខ្លួន
ទោះជាយ៉ាងណាក៏ដោយ វិស័យការពារជាតិមិនមែនភ្លើងចំបើងទេ។ ត្រូវប្រើរយៈពេលវែង។ អញ្ចឹង ការកំណែទម្រង់របស់យើង គឺផ្អែកទៅលើកិច្ចការសំខាន់ៗ ដូចជាការពង្រឹងរចនាសម្ព័ន្ធ ការហ្វឹកហ្វឺន បំពាក់(សព្វាវុធ)ជាដើម ប៉ុន្តែអ្វីដែលគោលដៅធំគឺការបង្កើនប្រសិទ្ធភាព រចនាសម្ព័ន្ធ ជាសាមញ្ញគឺបង្រួមក្បាល ពង្រីកខ្លួន … តែនិយាយថាកែទម្រង់ៗ ទិសដៅអី? កែទម្រង់ អ្នកណាក៏និយាយបាន ប៉ុន្តែធ្វើទិសដៅអី។ កែទម្រង់ដើម្បីគោលដៅចុងក្រោយ គឺបង្រួមក្បាល ពង្រីកខ្លួន ព្រោះខ្លួននិងជើង ជាអ្វីដែលជាប់ដៃ ហើយជាអ្វីដែលត្រូវដើរជាប្រចាំ។ ដោយសារយើងផ្អាកតាំងពី១៩៩៨ មក ការរើសទ័ពថ្មីក៏យើងមានចំនួនកំណត់ … ពីមួយឆ្នាំទៅមួយឆ្នាំ យោធិន នគរបាលជាតិ តាមបណ្តាអង្គភាពមានឋានន្តរសក្តិកាន់តែកើន។ ពិតណាស់នៅអង្គភាពជើងក្រោមមានកំណត់ឋានានុក្រម។ មិនអាចថាឲ្យតែដល់ឆ្នាំឡើង(សក្តិទេ)។ ជាយុទ្ធជនពាក់ផ្កាយ៣ មិនកើត(ទេ)។ ត្រូវមានឋានានុក្រមពីមេពួក មេក្រុម មេកងតូច មេកងអនុសេនាធំ មេវរ … ប៉ុន្តែការរៀបចំបច្ចុប្បន្នអត់ទាន់ត្រូវទេ។ ធម្មតាសក្តិ១ គឺមេកងអនុសេនាតូច កាន់ទ័ព ៣០នាក់ជាង មិនមែនសក្តិ១ ជាយុទ្ធជនទេ។ ប៉ុន្តែ ដោយសារយើងអត់មាន(ទ័ព)ចូល អញ្ចឹងបានកន្លែងខ្លះ យុទ្ធជនឡើងសក្តិ២ សក្តិ៣ ឬមួយក៏មេកងតូច ស្មើនឹងមេកងអនុសេនាធំ។ នេះជាតម្រូវការស្ថានភាពជាក់ស្តែង។ ប៉ុន្តែទៅថ្ងៃមុខ យើងនឹងរៀបទ័ពឲ្យបានតាមលំដាប់លំដោយ។ ទី២ ក្បាលធំ បង្រួមឲ្យតូច បានន័យថា ស្ថាប័នដឹកនាំបញ្ជានិងគាំទ្រ ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានប្រភេទទ័ព បញ្ជាការដ្ឋានភូមិភាគ បញ្ជាការដ្ឋានកងពល បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក សេវានឹងឲ្យថយ។ មួយការិយាល័យខ្លះ ឥឡូវឡើង ៥០នាក់។ ត្រូវការតែ ១០នាក់។ យកតែ ១០នាក់ទៅថ្ងៃក្រោយ តែពង្រឹងទៅដល់កម្លាំងប្រតិបត្តិការវរសេនាតូចស្អីៗ នៅខាងក្រោមនោះ។
(២១) គ្រោងលុបនាយកដ្ឋាន កាត់ការិយាល័យនិងផ្នែកមួយចំនួន ដើម្បីឲ្យក្បាលតូច
យើងបានធ្វើ តែកំណែទម្រង់មិនទាន់ចប់ទេ។ នៅធ្វើបណ្តើរៗ។ ឯកឧត្តម ទៀ សីហា ថ្ងៃនេះអត់បានចូល ត្បិតគាត់នៅសៀមរាប តែក្រសួងបានកំពុងពិចារណា។ ឥឡូវ យើងគ្រោងលុបចោលនាយកដ្ឋានមួយចំនួន កាត់ការិយាល័យមួយចំនួន ផ្នែកមួយចំនួនចោល បង្រួមការិយាល័យមួយចំនួនដែលមានតួនាទីដូចគ្នា ដាក់ក្រោមតែមួយប្រភេទទ័ព កម្លាំងប្រយុទ្ធមុខងារដូចគ្នាប៉ុន្មាន យើងលុប។ បើលុបពីក្រសួងហើយ ជំនាញខ្លះត្រូវលុបពីលើដល់ក្រោម។ ការងារខ្លះ ការិយាល័យមួយអាចធ្វើបាន មិនចាំបាច់មានការិយាល័យពីរទេ។ លុបចោលមួយទៅ បង្រួមតួនាទីមកមួយទៅ ឲ្យក្បាលកាន់តែតូច។ កាលពីខ្ញុំធ្វើមេជើងគោក យើងបានធ្វើនៅជើងគោក នៅអគ្គបញ្ជាការ មួយជំហាន។ កាលនោះ យើងបានបញ្ឈប់ទី១ ការផ្ទេរពីក្រោមឡើងលើ តែពីលើទៅក្រោមបាន។ បើចង់ផ្ទេរពីបញ្ជាការដ្ឋានជើងគោកទៅភូមិភាគ ទៅស៊ប់យើងឲ្យ តែបើសុំពីក្រោមមកសំចតនៅការិយាល័យខាងលើ មិនអនុញ្ញាឲ្យទេ។ តឹងណាស់។ អគ្គបញ្ជាការដូចគ្នា។
ខ្ញុំសូមអរគុណឯកឧត្តម វង្ស ពិសេន ដែលជំរុញការងារនេះ។ ល្ងាចមិញ ខ្ញុំឆែកជាមួយឯកឧត្តម ឈុំ សុខ អគ្គបញ្ជាការពីអាណត្តិមុន ពេលដែលចាប់ផ្តើមមាន ៦ពាន់នាក់។ ឥឡូវសល់តែជាង ២ពាន់នាក់ទេ។ ផែនការទៅមុខ នឹងកាត់បន្ថយឲ្យនៅសល់តែជាង ៦០០នាក់ទេ សម្រាប់អគ្គបញ្ជាការ។ កែទម្រង់ពី ៦០០០ទៅ ៦០០ មិនត្រឹមតែនិយាយទេ គឺបានកែពី ៦០០០ មក ២០០០ រួចទៅហើយ។ អស់ ២/៣ ហើយ។ អ្នកចេញៗ ឯអ្នកចូលមិនមានទេ … បើសិនជាផ្ទេរពីក្រោមឡើង នៅតែជើងស្តួច ប៉ោងនៅលើដដែល។ អត់ធ្វើអីទេ បើកតែប្រាក់ខែ ចិញ្ចឹមការិយាល័យ ចិញ្ចឹមទីបញ្ជាការ អត់កន្លែងអង្គុយទៀត។ នៅពេលដែលអ្នកប្រឈមមុខផ្ទាល់ត្រូវការល្បាត ទទួលខុសត្រូវ ១០០គីឡូម៉ែត្រ ត្រូវការ ៥០គីឡូម៉ែត្រ ការល្បាតប្រចាំថ្ងៃ កាន់តែខ្សត់ទៅៗ។
(២២) មិនថាក្មេងឬចាស់ អោយតែជាបេក្ខជនអាចសំរេចបានលទ្ធផលដើម្បីកងទ័ពជាតិ
ដូច្នេះ ក្របខណ្ឌដែលរៀបថ្មីនេះ ទីបញ្ជាការគ្រប់ទាំងអស់ពីលើដល់ក្រោម អត់មានឲ្យច្រើនទៀតទេ។ យើងនឹងធ្វើការកាត់បន្ថយជាជំហាន។ ឥឡូវអ្នកដែលលើសហើយ តិចទៀតចូលនិវត្តន៍អី ឲ្យបំពេញឲ្យថែម តាមហ្នឹង។ កន្លែងណាដែលអាចផ្ទេរនៅខាងក្នុង។ ថ្ងៃមុន ឯកឧត្តម ម៉ក់ សារុន ឡើងជាអគ្គសំភារៈបច្ចេកទេស។ អ្នកខ្លះសួរថាម៉េចដូរក្មេងដាក់ចាស់? ខ្ញុំអត់ដឹងក្មេងឬចាស់ទេ ខ្ញុំដឹងតែលទ្ធផលដើម្បីកងទ័ពរបស់ជាតិរបស់យើង។ ក្នុងនាមជានាយករដ្ឋមន្ត្រី (និងរដ្ឋមន្ត្រីការពារជាតិ)ឯកឧត្តម ទៀ សីហា ការដឹកនាំរបស់យើងគឺទទួលខុសត្រូវចំពោះមុខជាតិ។ អញ្ចឹង ជំនាញបច្ចេកទេសត្រូវដាក់នៅក្នុងដំណាក់កាលកែទម្រង់ ដំណាក់កាលអន្តរកាល ដាច់ខាតត្រូវរកបេក្ខជនដែលត្រឹមត្រូវ។ ក្នុងកងទ័ពអ្នកណាក៏ស្គាល់ ឯកឧត្តម ម៉ក់ សារុន ដែរ។ រៀនជំនាញនេះច្បាស់លាស់តាំងពីរ៉ូស្ស៊ី។ ពេលប្រយុទ្ធ គាត់នៅមុខ។ ក្តាប់បានទាំងអស់។ ពិតណាស់ ឯកឧត្តម ចៅ ភិរិទ្ធ នៅក្មេង គាត់ធ្វើការ គាត់មានបទពិសោធច្រើនឆ្នាំ ប៉ុន្តែក្នុងដំណាក់កាលដែលជាតិត្រូវការ យើងត្រូវរើសអ្នកដែលល្អបំផុតសម្រាប់ប្រទេសជាតិ ចាស់ទុំដែលមានបទពិសោធ មានឆន្ទៈ មានគំនិតអភិវឌ្ឍ។ ឯកឧត្តម ម៉ក់ សារុន អត់អភិរក្សទេ។ គាត់បើកឱ្យមានការគិតគូរអំពីបច្ចេកវិទ្យាថ្មីៗ នៅក្នុង(វិស័យ)ការពារជាតិ។ អ្នកខ្លះថាម៉េចដាក់អ្នកចាស់ ក្រែងគាត់មិនកែ … យើងរៀបចំពង្រឹងដើម្បីផលប្រយោជន៍ជាតិ និងដើម្បីជាថ្នាលមួយរៀបចំផ្ទេរឲ្យអ្នកជំនាន់ក្រោយ …។
(២៣) សព្វាវុធ បច្ចេកវិទ្យាសន្តិសុខ បច្ចេកវិទ្យាការពារជាតិ ទំនើបត្រូវការការចេះដឹងនិងហ្វឹកហ្វឺន
យើងត្រូវធ្វើការរៀបចំបែបនេះ និងត្រូវពង្រឹងកិច្ចការមួយចំនួន … យើងត្រូវធ្វើម៉េចដើម្បីឲ្យខ្លួនធំ រឹងមាំ និងរស់រវើក មិនមែនបានន័យថាខ្លួនធំហើយសុទ្ធតែខ្លាញ់នោះទេ។ ខ្លួនធំត្រូវជាសាច់ដុំដែលអាចទ្រខ្លួន ឆ្លើយតបតាមសភាពការណ៍ ត្រូវលោតៗ ត្រូវហក់ៗ។ បានន័យថា អង្គភាពជាប់ដីនៅខាងក្រោម ដឹកនាំបញ្ជាត្រូវបង្កើនឲ្យមានប្រសិទ្ធភាពក្នុងការដឹកនាំទ្រទ្រង់សភាពការណ៍។ ថ្នាក់ដឹកនាំបញ្ជាតាមកម្រិត បញ្ជាការប្រភេទទ័ព អគ្គបញ្ជាការ ក្រសួងការពារជាតិ ស្ថាប័នបំរើ ស្ថាប័ននយោបាយ ត្រូវដើរតួនាទីរបស់ខ្លួន ធ្វើម៉េចឲ្យជើងក្រោមខ្លាំង។ ការហ្វឹកហ្វឺន និងបំពាក់ជាប្រចាំ កុំឲ្យដុះពោះ កុំឲ្យដុះខ្លាញ់។ នេះគឺជាការកែទម្រង់ក្បាលតូចជាងខ្លួន ពង្រីកខ្លួនឲ្យកាន់តែរឹងមាំ ហើយឲ្យរស់រវើក ប្រកបដោយសាច់ដុំ ពេលដែលជាតិត្រូវការ រត់ចំងាយណា រត់រយៈពេលណា នៅតែទៅបាន។
ខ្ញុំលេងពាក្យបន្តិចហើយ។ ខ្ញុំអត់ពន្យល់ថាត្រូវធ្វើស្អីៗ ទេ។ រឿងហ្នឹងទុកឲ្យប្រជុំបិទទ្វារផ្ទៃក្នុងចុះ។ អង្គភាពណាត្រូវធ្វើម៉េច ស្អីយ៉ាងម៉េច បំពាក់ស្អី បង្កើតស្អី លុបស្អី … ការប្រែប្រួលនៃបច្ចេកវិទ្យា។ សង្គ្រាមឥឡូវស៊ើបការណ៍ មិនមែនប្រដាប់អាវុធលូនទៅទៀតទេ។ លូនពេលយប់ក៏គេមើលឃើញ ពេលថ្ងៃក៏គេមើលឃើញ។ វាត្រូវប្រើបច្ចេកវិទ្យា … ទាហានយើងត្រូវចេះអីខ្លះ។ អញ្ចឹងបានបងប្អូនខ្លះយល់ច្រឡំថា អត់រៀនចូលទាហាន។ អត់ទេ ទាហាន ប៉ូលីស ប៉េអឹម ជាពិសេសក្នុងសម័យថ្មីនេះ កងកម្លាំងប្រដាប់អាវុធត្រូវតែទំនើប ព្រោះសព្វាវុធ បច្ចេកវិទ្យាសន្តិសុខ បច្ចេកវិទ្យាការពារជាតិត្រូវការអ្នកចេះដឹង និងការហ្វឹកហ្វឺនខ្លាំង។ នេះគឺជាការវិនិយោគរបស់រដ្ឋាភិបាលក្នុងការបង្កើនសមត្ថភាពយោធិន កងនគរបាលជាតិ និងកងរាជអាវុធហត្ថ ដែលត្រូវធ្វើទៅមុខ ជាការវិនិយោគសម្រាប់ជាតិ។ ធ្វើអ្វីខ្លះ ទុកនិយាយបិទទ្វារ តែបងប្អូនចាំមើលចុះ ទុកឲ្យឆ្ងល់សិន។ អ្វីដែលខ្ញុំនិយាយគឺការពង្រឹងសមត្ថភាព។
(២៤) ច្បាប់កាតព្វកិច្ចយោធានឹងជួយកាត់បន្ថយយុទ្ធជនមានសក្តិធំ
កិច្ចការនេះក៏វាពាក់ព័ន្ធទៅនឹងច្បាប់កាតព្វកិច្ច។ ឥឡូវយើងមានសាជីផ្កាប់។ យើងនឹងធ្វើឲ្យសាជីផ្ងារ។ ខ្ញុំបាននិយាយមូលហេតុអ្វីបានជាយើងមានសាជីផ្កាប់។ បានសក្តិធំៗ ច្រើនជាងសក្តិតូច ដោយសារតាំងពីយើងនយោបាយឈ្នះឈ្នះមក យើងអត់សូវមានការរើសទ័ពថ្មី។ ការបញ្ចេញទ័ពក៏អត់មាន ហើយយូរឆ្នាំ។ តាមច្បាប់នៃលក្ខន្តិកៈ ច្បាប់ពីលក្ខន្តិកៈកងយុទ្ធពលខេមរភូមិន្ទ គឺដល់ឆ្នាំ បើសិនមិនកល់ប្រអប់ទេគឺគាត់ឡើង។ យើងមិនអាចអយុត្តិធម៌មិនឲ្យគាត់ឡើងទេ។ ទោះបីឡើងក្នុងកម្រិតណាមួយក៏ដោយ។ អញ្ចឹងមានពេលខ្លះយុទ្ធជនដល់នាយចំណង់ ឬមួយអីនោះ។ យុទ្ធជនបានន័យថាគាត់នៅទាបជាងគេ បន្ទាប់មកមានមេពួក តែយើងត្រូវតែឲ្យគាត់។ ទៅថ្ងៃមុខ ច្បាប់កាតព្វកិច្ចនេះនឹងជួយពង្រាយ បានន័យថាអ្នកដែលចូលកាតព្វកិច្ចគឺអត់មានសក្តិទេ។ តាមការគិតគូរដំបូង ទាល់តែគាត់ចប់ ២ឆ្នាំ ទើបពេលដែលចូលនិវត្តមានសក្តិស្អីមួយ។ អ្នកនឹងអាចដាក់ពាក្យសុំជាទាហានអាជីព។ ចូលមកតាមហ្នឹងទៅ រហូតដល់ពេលចូលនិវត្ត ចូលជាយោធិនបំរុង … ឥឡូវនេះ បូកសរុបទៅ នាយទាហាន នាយទាហានរងយើងប៉ុន្មានហើយ? ឯកឧត្តម ម៉ៅ សុផាន់ នៅជើងគោកដូចចង់ ៧០% ឬជាង ៧៥% ឬដល់ ៨០% ជានាយទាហានរង។ ទៅដល់នាយទាហាន ពលទាហានមានតែ១៥% ទេ។ ទៅថ្ងៃក្រោយយើងនឹងពង្រីកពលទាហានឲ្យច្រើន តាមរយៈការបំពេញកាតព្វកិច្ច។ទី២ យើងនឹងមានកងទ័ពបំរុង អ្នកដែលចប់ ២ ឆ្នាំនេះ គាត់នឹងចូលទៅក្នុងយោធិនបំរុងរហូតដល់អាយុ ៤៥ ឆ្នាំ។
មានអ្នកខ្លះសួរថា ម៉េចក៏ ៤៥ឆ្នាំ ម៉េចមិន៤០ ឆ្នាំ ម៉េចមិន ៥០ឆ្នាំ។ ប្រទេសនេះអញ្ចេះ ឯប្រទេសនោះអញ្ចុះ។ រឿងប្រទេសគេ គេធ្វើរឿងគេ។ កម្ពុជាធ្វើតាមរបៀបកម្ពុជា។ រយៈពេល ៤៥ឆ្នាំ ខ្ញុំថាពេញកម្លាំងល្មម។ ប្រជាពលរដ្ឋយើងអត់ខ្វះទេ។ អ្នកដែលគ្រប់អាយុ គ្រាន់តែប្រុសៗ មួយឆ្នាំៗ ១៥ម៉ឺននាក់។ អញ្ចឹង ក្នុង ៤៥ឆ្នាំ គាត់នៅមានកម្លាំងរឹងមាំនៅអាចធ្វើបាន។ អញ្ចឹង យោធិនបំរុងនេះ យើងនឹងត្រូវបង្កើតអង្គភាពបំរុង។
(២៥) ទាហានបំរុងជាធនធានហ៊ានលះបង់គ្រប់ពេលវេលា ពេលជាតិត្រូវការដោយគ្មានលក្ខខណ្ឌ និងប្រកបដោយជំនាញ
ក្រៅពីអង្គភាពអាជីពពេញម៉ោង គឺអង្គភាពបំរុង ដែលមួយឆ្នាំៗ ឧទាហរណ៍កងពលបំរុង យើងមាននាយទាហានអាជីពប៉ុន្មានភាគរយជាក្បាលម៉ាស៊ីន។ ក្នុងនោះ យោធិនកាតព្វកិច្ចនេះដែល(ក្រោយបំពេញកាតព្វកិច្ចក្លាយ)ទៅជាយោធិនបំរុង ម្នាក់ៗ ក្នុងមួយឆ្នាំ ត្រូវមកបំពេញកាតព្វកិច្ចមួយសប្តាហ៍ ឬពីរសប្តាហ៍។ យើងកំពុងគិតគូរគ្នា។ គាត់នឹងវិលជុំមក។ គាត់ហាត់ចប់មួយឆ្នាំ ដុសខាត់មួយឆ្នាំ បាន ២អាទិត្យក៏បាន។ នេះគឺជាការរៀបចំ។ យើងអត់ចាំបាច់មើលថែទាំ ២០កងពលទេ។ យើងថែទាំតែ ១៤កងពល សល់៦ យើងបំរុង។ មានការយើងបង្កើនភ្លាម។ អត់មានដំឡូងមូលទេ។ មកសុទ្ធតែអ្នកធ្វើកើត។ ក្រៅពីនោះ បើសិនជាប៉ុណ្ណឹងកងពលហើយអត់គ្រប់ យើងនឹងមានប្រជាពលរដ្ឋដែលមានចំណេះដឹង ជំនាញរួចហើយ។
នៅសឹង្ហបុរី ទ័ពអាជីពមានតែ ៨ម៉ឺននាក់ទេ។ បើមានសភាពការណ៍ ហៅអង្គភាពបំរុងដែលអាចកើនដល់ ២០ម៉ឺននាក់។ តែបើប្រទេសជាតិចាំបាច់ គាត់មាន ១លាននាក់នៅក្នុងប្រទេសដែលបានហ្វឹកហ្វឺនត្រៀមរួចហើយ។ នេះគឺជាការត្រៀមលក្ខណៈរយៈពេលវែង។
សួរថា តើយើងត្រៀមធ្វើតែសង្គ្រាមឬអី? ក្រែងយើងចង់បានសន្តិភាព។ អ្នកដែលបណ្តុះបណ្តាលជាទាហានបំរុងចប់ ២៤ខែនេះ គឺជាធនធានមួយដែលរដ្ឋបានវិនិយោគ ២៤ខែនៅក្នុងការបណ្តុះបណ្តាល ក្នុងការបំប៉នការងារ ឱ្យគាត់មានជំនាញដើម្បីចេញទៅជាធនធានរបស់ប្រទេសជាតិ។ អញ្ចឹងយើងអត់ខាតទេ យើងចំណេញ។ ប៉ុន្តែ អ្វីដែលចំណេញធំបំផុត គឺការបណ្តុះគំនិតស្នេហាជាតិ ហ៊ានលះបង់គ្រប់ពេលវេលានៅពេលជាតិត្រូវការ ការពារទឹកដីដោយគ្មានលក្ខខណ្ឌ ប្រកបដោយជំនាញ។ ទោះថាចង់មិនចង់ ចូលដោយស្ម័គ្រចិត្ត ចូលដោយចាប់បង្ខំ ខ្ញុំជឿថា ២៤ខែនៅក្នុងកងទ័ព គាត់នឹងយល់អំពីស្អីទៅការពារជាតិ។ ខ្ញុំជឿថា ឯកឧត្តមពូៗ នេះ មិនស្រួលអ្នកខ្លះមិនមែនស្ម័គ្រចិត្តទេ។ ជួនកាលទ័ពកែន។ ប៉ុន្តែពេលដែលចូលទៅយល់អំពីការលះបង់ អំពីការការពារមិត្ត អំពីការការពារយុទ្ធមិត្ត ការការពារទីតាំង …។
(២៦) ដែលថាស្នេហាជាតិ គ្មានអ្វីធំជាងការត្រៀមលក្ខណៈលះបង់អាយុជីវិតការពារទឹកដីនោះទេ
ខ្ញុំសុំកុំឲ្យមើលការអនុវត្តកាតព្វកិច្ចជាបន្ទុកថាជាការធ្វើឲ្យមនុស្សខាតពេល ខាតរៀន តែថាជាឱកាសសំរាប់យើងតបស្នងទៅប្រទេសកម្ពុជាដ៏កំសត់មួយនេះ។ ថ្ងៃមុន ខ្ញុំឃើញ ម៉ាលីសុជាតា សរសេរប៉ុន្មានឃ្លា។ គាត់ថាប្រទេសមួយនេះ បានផ្តល់ឲ្យយើងច្រើនណាស់ វាគួរតែយើងចូលរួមការពារវា។ យើងទាំងអស់គ្នាជាម្ចាស់ប្រទេសនេះ។ អញ្ចឹងគ្មានអ្នកណាចូលរួមការពារប្រទេសនេះ ធ្វើឲ្យប្រទេសនេះល្អក្រៅពីយើងទេ។ យើងមានចំណែកក្នុងប្រទេស ហើយប្រទេសមួយនេះផ្តល់ឲ្យយើងនូវអត្តសញ្ញាណ និងកិត្តិយសជាខ្មែរ។ បើប្រទេសនេះរឹងមាំ ប្រទេសនេះមានកេរ្តិ៍ឈ្មោះល្អ យើងទៅណាក៏មានកេរ្ត៍ឈ្មោះរឹងមាំល្អដែរ។ អញ្ចឹងវាជាកាតព្វកិច្ច។ កាតព្វកិច្ចយោធានេះជាមធ្យោបាយមួយ ជាយន្តការមួយសំរាប់ឲ្យអ្នកទាំងអស់គ្នា មានឱកាសបំរើប្រទេសជាតិ។ ដែលថាស្នេហាជាតិ គ្មានអ្វីធំជាងការត្រៀមលក្ខណៈក្នុងការលះបង់អាយុជីវិតការពារទឹកដីនោះទេ។
យើងនឹងខិតខំគិតគូរអំពីថាផ្តល់អ្វី កុំឲ្យប៉ះពាល់អ្វី ប៉ុន្តែមិនអាចឲ្យដូចគ្នាទាំងអស់នោះទេ មិនអាចថាគ្រប់ពេលទាំងអស់ មិនអាចថាដល់ពេលហើយ ខ្ញុំជាប់ប្រពន្ធពោះធំ សុំផ្អាក ម្តាយឈឺធ្ងន់ ឬខ្ញុំជាប់គំរោងនេះ ២ ឆ្នាំទៀតបានចប់។ អញ្ចឹង ដើម្បីយុត្តិធម៌ទាំងអស់គ្នា … សូមកុំឲ្យមើល(កាតព្វកិច្ចយោធា)ជាការខាតបង់របស់ខ្លួន។ សូមមើលវាជាឱកាសដែលខ្លួនឯងជាកូនប្រុសម្នាក់ ដែលមានសមត្ថភាព និងដើមទ្រូង ៥ហត្ថ ចូលបំរើជាតិមាតុភូមិ ហើយត្រៀមរហូតដល់ ៤៥ឆ្នាំ ពេលជាតិត្រូវការហ៊ានមក។ បើសិនជាយើងយករឿងហ្នឹងជាគោល យើងលែងបារម្ភរឿងខាតអ្វីបន្តិចបន្តួចហើយ។ កាលខ្ញុំរៀននៅសាលាទាហាន ខ្ញុំមានមិត្តភក្តិម្នាក់កាន់សាសនា Mormons។ គាត់ធ្វើគ្រូសាសនា ដើរទូទាំងពិភពលោក។ នៅក្នុងមួយជីវិត កាតព្វកិច្ចរបស់គេគឺត្រូវតែចំណាយលុយខ្លួនឯង ចំណាយពេលខ្លួនឯងរយៈពេល ២ឆ្នាំ ដើរផ្សព្វផ្សាយសាសនាគ្រិស្ត។ សាលាអនុញ្ញាត។ សាលាទាហានមិនងាយទេ។ សាលាអនុញ្ញាត វាសុខចិត្តខាត ២ឆ្នាំ។ មកទទួលសញ្ញាបត្រក្រោយ ២ឆ្នាំ។ តែកាតព្វកិច្ចលះបង់។ ធ្វើដំណើរលុយខ្លួនឯងទៀត។ ហ្នឹងរឿងសាសនា … ប៉ុន្តែរឿងលះបង់សម្រាប់អ្វី ខ្ញុំមិនដឹង។
(២៧) កុំមើលកាតព្វកិច្ចយោធាជាបន្ទុក ឬជាការខាតបង់ តែជាមហាកិត្តិយស
លះបង់ដើម្បីជាតិ ជាពិសេសបទពិសោធន៍ថ្មីៗ ដែលយើងទើបនឹងឆ្លងកាត់នេះ កុំអាលភ្លេច។ យើងត្រូវត្រៀមលក្ខណៈកុំឲ្យវាកើតមានក្នុងអនាគតទៀត។ គ្មានអ្នកណាក្រៅពីកូនខ្មែរ យុវជនខ្មែរ ចូលរួមការពារទឹកដីរបស់យើងនោះទេ។ ការរៀបចំកាតព្វកិច្ចយោធា កុំមើលវាជាបន្ទុក ឬជាការខាតបង់ សូមមើលវាជាមហាកិត្តិយសមួយ។ សូមឲ្យគ្រួសារនីមួយៗ សូមឲ្យក្មួយៗនារីៗដែលមានសង្សារ លើកទឹកចិត្តឲ្យចូល ហើយឪពុកម្តាយ អ្នកណាដែលជាប់កាត្វកិច្ចហើយលើកកូនឲ្យផង ដើម្បីបំផុសស្មារតីរួមគ្នាការពារជាតិ។ សង្ឃឹមថានៅក្នុង ១០ ឆ្នាំទៀត យើងនឹងមានយុវជនជាច្រើនបានបំរើជាតិមាតុភូមិ មិនមែនតែក្នុងជួរអាជីពនោះទេ ប៉ុន្តែទាំងអស់គ្នា … នៅសិង្ហបុរី មើលទៅបុគ្គលិកស៊ីវិលអីទាំងអស់ យើងអាចដឹងថាអ្នកទាំងនេះធ្លាប់ហាត់ ពត់ លត់ដំ ក្នុងជួរទាហាន ២៤ខែ ប្រជាជនណាមួយក៏អាច(ចូលរួមក្នុងវិស័យ)ការពារជាតិ …។
ទី២ អង្គភាពបំរុងនេះគឺសំរាប់អតីតយុទ្ធជន។ យោធិនរបស់យើង ប៉ូលីសរបស់យើង ជាពិសេសយោធិន យើងនិយាយតែកងទ័ពទេ ដល់អាយុមួយត្រូវចូលនិវត្ត ផ្អែកទៅលើស័ក្តិ។ អ្នកខ្លះចូលនិវត្តិអាយុ៣២ ឆ្នាំដោយសារស័ក្តិគាត់ពេញ។ អ្នកខ្លះចូលនិវត្តអាយុ៣៦ ឆ្នាំ៤២ ឆ្នាំ ដោយសារកល់ស័ក្តិ ឡើងលែងរួច។ ឥឡូវគាត់ចូលទៅសង្គមកិច្ច ក្លាយជាជនស៊ីវិល ភ្ជាប់តែមួយគត់គឺតាមសមាគមអតីតយុទ្ធជនដែលជាសមាគមក្រៅរដ្ឋាភិបាល។ តែពេលដែលយើងបង្កើតអង្គភាពនេះ គាត់ក្លាយទៅជាផ្នែកមួយនៃបងប្អូន យុទ្ធមិត្តកងទ័ពបំរុង។ អ្នកដែលចូលកាតព្វកិច្ច ចប់ ២៤ខែ គាត់ទៅជាពលទាហាន។ ចុះរៀបចំនាយទាហានយ៉ាងម៉េច? នាយទាហានគឺសម្រាប់អ្នកអាជីពដែលចូលនិវត្ត។ ទាហានអាជីពចូលនិវត្តស័ក្តិណា ទៅស័ក្តិហ្នឹង។ រៀបចំក្របខណ្ឌស្រដៀងគ្នា។ រៀបចំឱ្យមួយឆ្នាំមកពីរអាទិត្យដូចគ្នា។ យើងនឹងមានយន្តការគ្រួសារយោធិនបំរុងមួយទៀត។ គាត់ទៅធ្វើស៊ីវិល ធ្វើអ្វីមែន ប៉ុន្តែមួយឆ្នាំគាត់បានមកពាក់ឯកសណ្ឋានបំពេញការងារជាទ័ពបំរុង ២អាទិត្យ (ដើម្បី)សម្រួច(សមត្ថភាព)។ យើងកំពុងតែគិតមើលថាតើស័ក្តិប៉ុន្មានត្រូវជាប់បំរុងដល់អាយុប៉ុន្មាន? ដើម្បីរៀបចំជាយន្តការបែបនេះ …។
(២៨) កំណែទម្រង់កងទ័ពមានគោលដៅបង្កើនប្រសិទ្ធភាព បង្រួមរចនាសម្ព័ន្ធដឹកនាំ ពង្រឹងជើងក្រោម
ឃើញមានការបកស្រាយច្រើនលើបណ្តាញសង្គម ជាពិសេសអ្នកអត់ដឹងរឿងនិយាយឮជាងគេ … អ្នកខ្លះ(ពូកែ)និយាយ។ សូម្បីតែខ្ញុំអ្នកដឹងរឿងក៏ចង់ជឿគាត់ដែរ … ខ្ញុំសូមជូនប៉ុណ្ណឹង។ នេះជាដំណាក់កាលនៃការរៀបចំ និងការប្រកាសទៅខាងមុខ មិនទាន់ជាគោលដៅចុងក្រោយអំពីអត្ថប្រយោជន៍ទេ។ នៅជជែកគ្នាអំពីគោលការណ៍មួយចំនួន។ តែសូមឲ្យយល់ថា កំណែទម្រង់កងទ័ពគឺមានគោលដៅបង្កើនប្រសិទ្ធភាព បង្រួមរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំរៀបចំឲ្យស្រួល ពង្រឹងជើងក្រោមឲ្យរឹងមាំ។ រៀបចំសាច់ទ័ពបូកជាមួយឱកាសចូលរួមរបស់យុវជន និងគ្រួសារដែលជួយទៅដល់។ ថ្ងៃក្រោយ ប្រមាណជា ២០ឆ្នាំទៀត នៅទូទាំងប្រទេស យុវជនភាគច្រើនដឹង ដោយសារបានឆ្លងកាត់។ យើងអត់អាចយកទាំងអស់គ្នាបានទេ ព្រោះមួយឆ្នាំអ្នកគ្រប់អាយុ ប្រហែលជា ១៥ម៉ឺននាក់ប្រុសៗ។ ពី ១៨ ទៅ ២៥ឆ្នាំ។ បើយើងគុណទៅ យើងយកទាំងអស់គ្នា គឺត្រូវយកមួយលាននាក់ជាទាហានកាតព្វកិច្ច។ ទៅអត់រួចទេ។ អត់មានអគារនៅទេ។ អត់មានកន្លែងហ្វឹកហ្វឺនទេ។ យើងនឹងយកតាមតម្រូវការ។ តម្រូវការផ្អែកទៅលើសន្ទស្សន៍ដែលក្រសួងការពារជាតិដាក់ចេញ រៀបទ័ពយ៉ាងម៉េច បំពេញយ៉ាងណា? យើងចាប់ផ្តើមអនុវត្តសំរាប់យោធា។
(២៩) នគរបាល និងអាវុធហត្ថ រើសកម្លាំងតាមយន្តការដែលមានស្រាប់
ដោយឡែកនគរបាល និងអាវុធហត្ថគឺរៀបចំរើសតាមយន្តការដែលមានស្រាប់។ ឧទាហរណ៍នគរបាលត្រូវរើសតាមការប្រឡង។ ប្រឡងតាមយន្តការហ្នឹង។ ទៅថ្ងៃក្រោយយើងគិតថាចង់អនុវត្ត ហើយរើសចូល។ ហ្នឹងរឿងមួយ។ មុខងារខុសគ្នា។ ឥឡូវ យើងផ្តោតទៅលើការគ្រប់គ្រងកងទ័ពសិន។ ជាមន្រ្តីនគរបាលយុត្តិធម៌ត្រូវរើសលក្ខណ្ឌផ្សេង។ ឧទាហរណ៍ អាវុធហត្ថរើសសុទ្ធតែ ១ម៉ែត្រ ៨០។ ថ្ងៃមុនគេដាក់មេយោធាខេត្តណាទេ កោះកុងទៅរើសអ្នកស្ម័គ្រចិត្តចូលហើយវាស់កម្ពស់ ឬមួយក៏ស្នងការខេត្តសៀមរាប។ អ្នកទៅរើសគេ ១ម៉ែត្រ៥០ជាង ដល់អ្នកដែលត្រូវរើស ១ម៉ែត្រ៧០ឡើង។ ខ្ញុំថាសម័យហ្នឹងសម័យរើសយប់។ សម័យសង្រ្គាមគ្រាប់ប្លោង។ តែខ្ញុំធ្លាប់មានបទពិសោធន៍ ពេលដែលខ្ញុំប្រឡង commando រើសទ័ព កាលខ្ញុំកាន់អង្គភាពប្រឆាំងភេរវកម្ម កុំមើលងាយអ្នកតូចៗ ហ្នឹង។ លឿនណាស់។ ដំបូងខ្ញុំមើលចេញពីជើងភ្នំឡើងទៅលើ ដើរប្រហែលជាជាប់ប៉ុន្មានគីឡូម៉ែត្រ។ ខ្ញុំគិតថាអ្នកខ្ពស់ៗ ជើងវែងដើរដល់មុន។ មិនដូច្នោះទេ។ ទៅដល់លើសុទ្ធតែអ្នកតូចៗ។ គាត់ដើរអត់ឈប់ ឡើងដល់លើតែម្តង។ ឥឡូវគេមានស្តង់ដាររបស់គេ។ ប៉ុន្តែទាហានកាតព្វកិច្ចហ្នឹងស្តង់ដារដូចមិនច្រើនទេ …។
(៣០) ពង្រឹងអភិបាលកិច្ច ការគ្រប់គ្រងនិងលក្ខការណ៍យោធា ព្រមទាំងសុខភាពទ័ព
ទី២ កំណែទម្រង់ត្រូវពង្រឹងអភិបាលកិច្ចក្នុងការគ្រប់គ្រង។ ការពង្រឹងការគ្រប់គ្រងទ័ពរុញទៅក្រោម ត្រូវមានយន្តការការគ្រប់គ្រង។ ក្នុងនោះ យើងបានគិតច្រើនណាស់។ មួយគឺការរៀបចំបើកបៀវត្សតាមប្រព័ន្ធធនាគារ។ ក្រុមការងារក្រសួងការពារជាតិ ក្រសួងហិរញ្ញវត្ថុកំពុងតែសិក្សា ដើម្បីរៀបចំបើកបៀវត្សជូនយោធិនទាំងអស់តាមប្រព័ន្ធធនាគារ។ ហ្នឹងយើងបានធ្វើហើយ មិនត្រឹមតែដាក់គោលនយោបាយទេ យើងធ្វើការគិតគូរថាធ្វើយ៉ាងណា។ ទី៣ ការធានាយ៉ាងណាដើម្បីឲ្យមានតុល្យភាពរវាងតម្លាភាព រវាងប្រសិទ្ធភាពការគ្រប់គ្រងនិងការលក្ខណ៍ការយោធា។ រូបមន្តមានហើយ មិនមែនអត់ទេ។ យើងរកដំណោះស្រាយ។ ក្រុមបច្ចេកទេសធ្វើ។ នេះសម័យបច្ចេកទេស អាចធ្វើបាន។
ទី៤ គឺសុខភាពកងទ័ព។ កងទ័ពយើងអត់មាន បសស ដោយសារយើងមានកន្លែងសុខាភិបាលតាមអង្គភាពទ័ពនៅគ្រប់កន្លែងទាំងអស់បច្ចុប្បន្ន។ អញ្ចឹង សូមឲ្យក្រសួងការពារជាតិ ក្រសួងហិរញ្ញវត្ថុ ក្រសួងសុខាភិបាលពិនិត្យមើលដើម្បីបង្កើនសមត្ថភាព បង្កើនថ្នាំ បង្កើនគុណភាព ផ្តល់សេវានៅតាមគ្លីនិកតាមបណ្តាអង្គភាព ជាជំហានមួយក្នុងការធ្វើឱ្យទទួលបានការព្យាបាលជាអង្គភាពគំរូ។ អង្គភាពទ័ពកន្លែងខ្លះ ព្យាបាលទាំងប្រជាពលរដ្ឋនៅជិតហ្នឹងទៀត។ អញ្ចឹងពិនិត្យមើលថ្នាំផង។ សូមឲ្យអគ្គភស្តុភារ ដែលទទួលបន្ទុកលើផ្នែកសុខាភិបាលហ្នឹង ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ពិនិត្យមើលបង្កើនគុណភាព បង្កើនបរិមាណដល់បណ្តាអង្គភាពទ័ពដែលបំពេញភារកិច្ច។ មើលគ្លីនិករបស់អាវុធហត្ថ និងប៉ូលីសផងដែរ … ខាងប៉ូលីសដូចជាមាន ប.ស.ស អាចទៅក្រៅផ្សេង ប៉ុន្តែដូចមានកន្លែងសុខាភិបាលនៅក្នុង។ ឥឡូវ កងទ័ពយើងពង្រឹងគុណភាព។ យើងមានស្រាប់នៅហ្នឹងកន្លែងឲ្យបានច្រើន។ កិច្ចការទាំងអស់នេះ យើងបានធ្វើ យើងបានជំរុញច្រើនហើយ នៅក្នុងប្រទេសរបស់យើង។
(៣១) ធ្វើឲ្យប្រជាពលរដ្ឋមានសេវាសុខាភិបាលគ្របដណ្តប់កម្រិតណាមួយ
មើលទៅសឹងតែគ្រប់វិស័យទាំងអស់ប្រជាជនយើងមានការគ្របដណ្តប់ដោយប្រព័ន្ធសុខាភិបាល។ ប្រព័ន្ធសុខាភិបាលខ្លះគឺដោយរដ្ឋចេញលុយ ១០០ភាគរយ តាមគោលនយោបាយសមធម៌ សម្រាប់អ្នកក្រីក្ររដ្ឋចេញលុយឲ្យ។ កន្លែងខ្លះតាមរយៈបដិភាគ តាម ប.ស.ស។ មន្រ្តីរាជការរដ្ឋចេញ។ ក្រុមហ៊ុនខ្លះ ក្រុមហ៊ុនចេញបដិភាគមួយចំនួន។ យើងមានគោលការណ៍ដោយស្ម័គ្រចិត្តសម្រាប់គ្រួសារមន្រ្តីរាជការដែលបង់ ១៥,៦០០ រៀល ក្នុងមួយខែ។ ខាងកងទ័ព ជំហាននេះ យើងពង្រឹងសមត្ថភាព។ ឥឡូវយើងកំពុងពិនិត្យមើល កន្លែងខ្លះដូចប្រជាពលរដ្ឋមានមុខរបរក្រៅប្រព័ន្ធ ដូចអ៊ំៗធាក់ស៊ីក្លូក៏បានដែរខាងប័ណ្ណសមធម៌។ ប័ណ្ណសមធម៌ក៏ជាការគ្របដណ្តប់សុខភាពមួយ។ យើងនឹងពង្រីកបន្ថែមទៀតទៅថ្ងៃក្រោយ។ អតីតយុទ្ធជនបាន ប.ស.ស។ យើងនឹងខិតខំធ្វើម៉េចឲ្យទូទាំងប្រទេស ប្រជាពលរដ្ឋមានលទ្ធភាព មានសេវាគ្របដណ្តប់(សុខាភិបាល)កម្រិតណាមួយ ហើយសេវាព្យាបាលហ្នឹង មិនឡើងមិនចុះ។ ចង់បានគុណភាពទាល់តែវិនិយោគ។ ថ្នាំថ្មីក៏ឡើង ឧបករណ៍ថ្មីក៏ឡើង ទាំងឯកជនទាំងរដ្ឋ។ អ្វីសំខាន់ គឺការចេញពីហោប៉ៅប្រជាជនកុំឲ្យវាឡើងខ្លាំងតាមរយៈយន្តការអស់នេះ។ បានន័យថាប្រជាជនអាចចេញកម្រិតណាមួយ តែរដ្ឋអាចជួយចេញតាមយន្តការបន្ថែម។ ថ្លៃវាគិតតែឡើងហើយ ដូចថ្លៃភ្លើងអញ្ចឹង។ រាល់ថ្ងៃនេះ វាយគ្នានៅអ៊ីរ៉ង់ ប្រេងវាឡើងថ្លៃ។ អញ្ចឹងជាទូទៅគ្រប់ប្រទេសទាំងអស់ ទាំងសិង្ហបុរីទាំងប្រទេសជិតខាងយើង អគ្គិសនីឡើងថ្លៃ។ តែយើងទប់កុំឲ្យអគ្គិសនីយើងឡើងថ្លៃ។ រដ្ឋត្រូវចេញទប់មួយចំនួន។ ឥឡូវ EDC ដូចចេញចង់ ១០០លានបាត់ហើយ ដើម្បីទប់តម្លៃហ្នឹង ដើម្បីកុំឲ្យប្រជាជនចេញពីហោប៉ៅខ្លួនឯងច្រើន។
(៣២) បង្កើនវិនិយោគវិស័យសុខាភិបាល ពង្រឹងសមត្ថភាពព្យាបាលនៃមណ្ឌលនិងពេទ្យបង្អែកស្រុក
សុខាភិបាលដូចគ្នា។ មិនថាតែអតីតយុទ្ធជន កងកម្លាំងប្រដាប់អាវុធ គ្រួសារប្រជាពលរដ្ឋមន្រ្តីរាជការ យើងនឹងបន្តធ្វើខិតខំរកគ្រប់វិធីឲ្យមានចីរភាព ដើម្បីយើងអាចធានានូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះជាអ្វីដែលយើងបានធ្វើ ៤០ ឆ្នាំមកហើយ។ ខ្ញុំតែងតែនិយាយ អាយុខ្ញុំជិតកន្លះសតវត្សទៅហើយ តែបើលាបសក់ប្រហែលជាមើលទៅដូចអាយុ ៣០ ជាង … បានន័យថា អាយុប៉ុនខ្ញុំ បើសិនជាជំនាន់ឆ្នាំ៨០ ប្រហែលជាមើលទៅដូចអាយុ ៨០ឆ្នាំ។ មែនទេ? ដោយសារអាហារូបត្ថម្ភចេញពី ប៉ុល ពត ផងអីផង។ ឥឡូវប្រជាពលរដ្ឋយើងខ្លះ អាយុ ៥០ឆ្នាំជាង បង្ហោះអួតតាមហ្វេកប៊ុក មើលទៅក្មេងជាងខ្ញុំទៅទៀត។
ប្រជាពលរដ្ឋសាមញ្ញធម្មតា មានសុខភាព អាហារូបត្ថម្ភ សុខាភិបាល។ យើងមិនទាន់ល្អឥតខ្ចោះដូចគេទេ ប៉ុន្តែការវិវត្តរបស់យើងបានរីកចម្រើនទៅមុខ ហើយគួរជាទីមោទនភាព ជាពិសេសពេទ្យដែលព្យាបាលរបួសធ្ងន់ៗ ពេលដែលវាយគ្នានេះជួយសង្គ្រោះបានច្រើន។ មើលរូបតាមហ្វេកប៊ុក អ្នកខ្លះឡើងអស់មួយចំហៀងមុខ តែពេទ្យយើងជួយសង្គ្រោះបាន។ មិនមែនបញ្ជូនទៅក្រៅទេ វះកាត់នៅខាងក្នុង។ នេះខ្ញុំមិននិយាយពីរឿងកូវីដ-១៩ អ្នកខ្លះធ្ងន់រលាក(សួត)ស្ទើរ ៩០% តែយើងព្យាបាលជា ដោយពេទ្យទាំងយោធាទាំងស៊ីវិល។
នេះគឺជាមោទនភាព។ យើងមិនទាន់ស្កប់ទេ។ យើងមិនទាន់បានទៅដល់កំពូលដូចដែលយើងចង់ទេ។ យើងវិនិយោគថែមទៀត ឱ្យវិស័យឯកជន ដៃគូពីក្រៅប្រទេសយកបច្ចេកវិទ្យាមកវិនិយោគបន្ថែមក្នុងវិស័យសុខាភិបាលនៅកម្ពុជា ដើម្បីពេលជាមួយគ្នារដ្ឋវិនិយោគបន្ថែម ពង្រឹងមូលដ្ឋានការអភិវឌ្ឍសុខាភិបាល ទាំងមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព សមត្ថភាពព្យាបាលពេទ្យបង្អែកស្រុកបណ្តើរៗ។ ក្នុងឆ្នាំនេះយើងចំណាយច្រើនទៅលើថ្នាំលើសឈាម ថ្នាំទឹកនោមផ្អែម ឱ្យបានច្រើនជូនប្រជាពលរដ្ឋ។ កន្លែងខ្លះប្រជាពលរដ្ឋលែងទៅគ្លីនិកជិតមណ្ឌលសុខភាពហើយ។ គេទៅយកថ្នាំពីមណ្ឌលសុខភាព ព្រោះយើងបានរីកចម្រើន។
ឥឡូវយើងដាក់់សុខាភិបាល/ពេទ្យជាមួយអប់រំ។ ជាជាងរើសពេទ្យដែលខ្វះនៅមូលដ្ឋាន យើងឱ្យកុងត្រាអ្នកដែលមានសមត្ថភាពកុងត្រារយៈពេលខ្លីនៅហ្នឹងតែម្តង។ អ្នកខ្លះបញ្ជូនទៅអត់ទៅ។ អ្នកខ្លះសុំមកវិញ។ អញ្ចឹង យើងដាក់កុងត្រាតែម្តង។ បានន័យថា វេជ្ជបណ្ឌិតចូលនិវត្តន៍ ធ្វើកុងត្រានៅមណ្ឌលសុខភាពហ្នឹង។ បញ្ជូនវេជ្ជបណ្ឌិតវះកាត់ពីភ្នំពេញទៅពិបាកណាស់។ ទៅដល់ស្រុកមួយនៅលំផាត់ ឬមួយស្អី តែបើមានវេជ្ជបណ្ឌិតនៅជិតហ្នឹងចូលនិវត្តន៍ ឬមួយអត់ចូលនិវត្តន៍ចង់ស្ម័គ្រចិត្តរយៈពេលខ្លី គាត់អាចធ្វើកុងត្រាទៅបាន។ ទាំងអស់នេះ យើងរុញវិស័យពាក់ព័ន្ធនឹងសុខភាព ដែលខ្ញុំសូមនិយាយ គឺសុខភាពទ័ព គ្រួសារទ័ព គ្រួសារនគរបាល អាវុធហត្ថ មិនខុសពីប្រជាពលរដ្ឋទេ។ យើងត្រូវតែធ្វើ ហើយក៏មិនភ្លេចអតីតយុទ្ធជន និងគ្រួសារផងដែរ អតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារផងដែរ ព្រោះរដ្ឋនឹងបន្ថែមតាមលទ្ធភាពដែលអាចធ្វើទៅបាន។ តិចច្រើនយើងមាន។
(៣៣) បន្តគោលនយោបាយ “គ្មានប្រជាជនណាមិនបានទទួលការយកចិត្តទុកដាក់ ទោះក្នុងកាលៈទេសៈណាក៏ដោយ”
ប្រាក់បៀវត្សរ៍ខ្លះនៅក្រោម ១លានរៀល។ យើងនឹងគិតគូរ។ តែខ្ញុំសួរពូៗ ខ្លះ ចូលដំបូងប្រាក់សោធនបានតែ ៤ម៉ឺនរៀលទេ។ ឥឡូវ យើងបង្កើន ប៉ុន្តែក្រៅពីប្រាក់យើងមាន កន្លែងខ្លះមានរបបផ្ទះ របបជីវភាព របបសន្តិសុខសង្គម ប.ស.ស។ យើងពង្រីកបន្ថែម។ នេះគឺជាការប្តេជ្ញាចិត្ត។ យើងមិនឈប់ទេ។ យើងនៅបន្តតទៅទៀត។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើតាំងពីសម្តេចតេជោ។ ខ្ញុំដឹកនាំបន្ត។ គណបក្សប្រជាជននឹងបន្តដាក់គោលនយោបាយមិនឱ្យប្រជាជនណាអត់បានការទទួលយកចិត្តទុកដាក់នោះទេ ទោះក្នុងកាលៈទេសៈណាក៏ដោយ។ មិនបានត្រឹមតែនិយាយទ្រឹស្តី Zero ទេ។ អ្នកណាថា Zero។ មិនបើកភ្នែកមើលទេ ក៏អត់ទៅ។ តែប្រជាជនបានផល។ សំខាន់អ្នកបានផលសប្បាយចិត្ត។ គាត់មិនទាន់សប្បាយចិត្ត ដាក់សារមក យើងទៅដោះស្រាយជូន។ និយាយគ្នាខ្មែរនិងខ្មែរជួយដូចគ្នា។ អត់មានថាគាត់រអ៊ូមកទៅរករឿងគាត់ទេ។ បើថាផ្ទះ(ដែលធ្វើជូនស្នាក់នៅ)ហ្នឹងលិចទឹក ខ្ញុំដាក់ទៅ ឯកឧត្តម គន់ គីម ភ្លាម ដាក់ទៅ ឯកឧត្តម អ៊ុំ រាត្រី ភ្លាម ចុះទៅមើលជួសជុលភ្លាម។ ផ្ទះរាប់ពាន់ខ្នងវាមិនអាចមិនមានបញ្ហាទេ។ សូម្បីតែឡានទំនើបផលិតនៅជប៉ុន នៅអាមេរិក ចេញមកក៏មានខ្លះខូចដែរ។ យានអាវកាសមួយៗ ធ្វើរាប់ឆ្នាំ ចំណាយរាប់ពាន់លានពេលហោះទៅក៏មានកន្លែងខ្លះហោះធ្លាក់ផ្ទុះងាប់។ សូមយោគយល់។ យើងធ្វើ ២ខែ នៅកន្លែងហ្នឹងចង់ឱ្យដូចបុរី ប៉េងហួត ទៅអត់បានទេ មានដើមឈើដុះ មានលូ មានផ្លូវបេតុងអីអត់បានទេ។ យើងត្រូវធ្វើស្អីមុន។ សំខាន់ជាងគេគឺធ្វើជម្រកសិន។ មានដំបូលជ្រកកុំឱ្យគាត់់នៅក្នុងតង់ហ្នឹងពេលភ្លៀងមកលិច ភ្លើងទឹក អត់ទុយោទឹក ដាក់ពាងទឹកថែម បន្ទាប់មកយើងធ្វើបណ្តើរៗ ហើយចែកដើមឈើបងប្អូនខ្លះគាត់បានដាំនៅមុខផ្ទះ។
(៣៤) ខេត្តនីមួយៗ រើសដីដែលអាចបង្កបង្កើនផលបានសំរាប់រៀបចំភូមិដ្ឋានអតីតយុទ្ធជន
ខ្ញុំសូមអរគុណចំពោះការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង។ អតីតយុទ្ធជនកន្លែងខ្លះ ខ្ញុំចូលនៅផ្ទះរបស់គាត់គឺដាំគ្រប់មុខ។ ថ្ងៃមុនទៅបឹងជង្រុកផ្ទះគាត់ដាំគ្រប់មុខ។ អតីតយុទ្ធជនភាគច្រើនខុសពីជនភៀសសឹក។ ជនភៀសសឹកនៅក្មេងនៅមានទុនខ្លះ។ គាត់ធ្លាប់ធ្វើអាជីវកម្ម អញ្ចឹងគាត់ធ្វើលឿន … សូមទោសនិយាយដើមពូមួយនោះបន្តិច។ គាត់់នៅជាមួយ(ភរិយាដែល)ហៅយាយមិនកើត ដោយសារមីងក្មេង។ សួរទៅថាមីងទី៣ អីអញ្ចឹងទៅ។ គាត់នៅជាមួយគ្នា គាត់បង្កបង្កើនផលក្នុងហ្នឹងទៅ។ ជាការផ្តួចផ្តើម រដ្ឋាភិបាល សូមឱ្យមើលកន្លែងរៀបចំ … ខេត្តនីមួយៗ រើសដីដែលអាចបង្កបង្កើនផលបាន។ កន្លែងខ្លះយើងប្រញាប់ពេកទៅកន្លែងថ្មកន្លែងអីហ្នឹងធ្វើពិបាក។ រៀបចំកន្លែងណាដែលមានដីអាចបង្កបង្កើនផលបាន។ សុខភាព ក៏ដូចកាយសម្បទានៅមានកម្លាំង … យើងអត់ទៅរកការងារដូចក្មេងៗ ឬមួយក៏ដូចអ្នកនៅក្រុងអីបានទេ។ ភាគច្រើនយើងធ្វើបានល្អប៉ុន្តែនៅកន្លែងខ្លះនៅតិច ពេលខ្លះលឿន …។
អភិបាលខេត្តមកទាំងអស់គ្នាទេ? កន្លែងខ្លះមានដីមួយចំនួនអាចសម្រាប់សមាគមអតីតយុទ្ធជនធ្វើស្នាក់ការ ហើយមានសប្បុរសជនជួយទៀត។ រដ្ឋចេញដី សប្បុរសជនចេញអគារ។ អញ្ចឹង យើងរួមគ្នាបានសម្រាប់អតីតយុទ្ធជន។ សូមអរគុណដែលកន្លងទៅបានរួមគ្នាធ្វើបែបនេះ។ ឯកឧត្តម គន់ គីម មកស្នើសុំខ្ញុំ សុំដីកងទ័ពកាលនៅជើងគោក។ ខ្ញុំថា ពូដីកងទ័ពអត់មានទេ។ ទីបញ្ជាការហ្នឹង បន្តិចទៀតទ័ពពេញហ្នឹង អត់កន្លែងនៅទេ។ ឥឡូវទ័ពតែ ៥០%ចង់ខ្វះផង។ បន្តិចទៀតថែមទ័ពឱ្យពេញ។ ឥឡូវកែទម្រង់ក្រោយនេះ ទ័ពត្រូវលុបចោលផ្នែកសឹងរង ត្រូវបង្កើនវីរសេនាតូចចំណុះ។ កន្លែងគឺកើនមួយចង់ជាពីរឯណោះ។ ១ភាគ៣។ អញ្ចឹងប្រយ័ត្នអត់មានកន្លែងនៅ។ តិចលោកន្លែងទ័ព អគារទាល់តែដុះឡើងលើដែរ។ ត្រូវធ្វើរោងឡាន បំពាក់រថយន្ត បំពាក់អីឱ្យគ្រប់។ អញ្ចឹង យើងត្រូវរួមគ្នាធ្វើ។ នៅខេត្តកណ្តាលនេះ ពូៗចេះតែមកចែចូវ។ តែក៏បានធ្វើតាមខេត្តបានច្រើន។
ខ្ញុំកាលនៅជើងគោកមានសេរីភាពច្រើន។ ជួនកាលទៅឡានតែមួយពីរហ្នឹងប្រុច។ បាយក្នុងឡាន។ ឥឡូវចេញទៅណាហ្នឹងសុទ្ធតែលាក់គេទៀត។ ថ្ងៃមុនទៅកំពត លួចទៅ ដល់ចុះមកវិញប្រាប់ចៅហ្វាយខេត្តថាមកដល់ហើយ។ (គាត់ថា)ខ្ញុំដឹងបងមកដែរ … បងលួចមកខ្ញុំលួចដឹងដែរ … តែគេដឹង គឺមិនមែនរឿងបែកការទេ គឺលំបាក ១០០គីឡូម៉ែត្រ ឬ ២០០គីឡូម៉ែត្រ បងប្អូនត្រូវពង្រាយកម្លាំង។ ទុកពេលឱ្យគាត់ធ្វើការងារប្រចាំថ្ងៃទៅ។ ប៉ូលីស ប៉េអឹម ទាហាន … ធ្លាប់ធ្វើមេជើងគោក ទៅណាឡានតែ ២គ្រឿង … ធម្មតាទេ ទាហានសុវត្ថិភាពបំផុត។ អត់ឱ្យគេដឹងមែនទេ? បើទៅហើយប្រកាសមុនអាហ្នឹងកាន់តែអត់សុវត្ថិភាព ទាល់តែប្រើកម្លាំងច្រើន …។
សូមបន្តរៀបចំជួយដល់សមាគមអតីតយុទ្ធជន។ ខេត្តនីមួយៗដូចជាប្រធានកិត្តិយសផង។ ទី២ តាមកំណែទម្រង់ ខ្ញុំបានបញ្ជាក់ប៉ុណ្ណេះ (…) ឥឡូវសូមបន្ថែមបន្តិច។ ឯកឧត្តម ចាយ បូរិន ជួយខ្នងបន្ថែម។ សមាគមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថែម ២ខ្នង ស្នងការខេត្តកំពតជួយ ២ខ្នង ឯកឧត្តម នូ ស៊ីថា ជួយទីស្នាក់ការខេត្តតាកែវ និងកោះកុង សូមអបអរសាទរ។ ឯកឧត្តម ឧកញ៉ា ម៉ម វណ្ណឌី ១០ម៉ឺនដុល្លារ ធ្វើរោងគោផងដែរ សូមអរគុណ។ មុនហ្នឹង ឯកឧត្តម គន់ គីម ខ្សឹបថានៅខ្វះកំពតនិងភ្នំពេញ។ ជួយមើលផងទៅ … ជួយមើលៗអាចកន្លែងណា ជាពិសេសកំពត។ នៅភ្នំពេញអាចថាពិបាក ប៉ុន្តែអាចជួយរក។ កំពតជួយមើលដីអាស្នាក់ការ … គាត់ឱ្យដីហើយ ខ្វះតែអ្នកជួយ … (ជួយហើយ)។ អរគុណថែមអគារជូនទៅទៀត។ នៅ ឯកឧត្តម ឃួង ស្រេង (មានទីតាំងហើយ) នៅខ្វះអគារ។ អញ្ចឹង សង្ឃឹមថាឆ្នាំក្រោយគឺគ្រប់ហើយ លែងនៅរងាម្នាក់ឯងហើយ … រកម៉ូយដូរមិនទាន់បាន អញ្ចឹងធ្វើការ Lobby បន្ថែមប៉ុណ្ណឹងទៅ … យើងបាន ២៤រាជធានី/ខេត្ត នៅសល់រាជធានីភ្នំពេញ … ការរៀបចំស្នាក់ការបញ្ជាក់អី? បញ្ជាក់អំពីការប្តេជ្ញាចិត្តរយៈពេលវែង មិនមែនធ្វើរយៈពេលខ្លីនោះទេ។ នេះគឺជាការប្តេជ្ញាចិត្ត និងការរៀបចំបន្តទៅទៀត។ សមាគមអតីតយុទ្ធជន ដែលចូលរួមជាមួយរាជរដ្ឋាភិបាលជួយថែទាំអតីតយុទ្ធជន។ អញ្ចឹង ប៉ុណ្ណេះទៅចុះ។ ដូចខ្លីដែរ។ ឥឡូវដូចនិយាយចង់បែកញើស។ ចង់ថែមបន្តិចអតីតកាលយើងក៏និយាយ ឥឡូវនិយាយពីពាក់ព័ន្ធយោធាទៅមុខ ។
[ចប់សេចក្តីអធិប្បាយ៤]
ឥឡូវនៅទៅបញ្ចប់នេះខ្ញុំជាមួយនឹងការអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា លើកទី១៩ នាពេលនេះនេះ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនអតីតយុទ្ធជន និវត្តជន ភ្ញៀវកិត្តិយសជាតិ កងកម្លាំងទាំងបីប្រភេទ យុវជន ស.ស.យ.ក. និងយុវជនកាកបាទក្រហមកម្ពុជា ទាំងអស់ សូមសមប្រកបដោយពុទ្ធពរ និងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!!!
[ចាប់ផ្តើមសេចក្តីអធិប្បាយ៥]
ថ្ងៃនេះយើងមានការរៀបចំឧបត្ថម្ភជូនសមាគមអតីតយុទ្ធជន សមាជិកអតីតយុទ្ធជន ៥៥៥នាក់ និងនិវត្តន៍ជនចំនួន ៥១៥នាក់ សរុបចំនួន ១០៦៥នាក់ម្នាក់ៗថវិកា ៥០ម៉ឺនរៀល ជូនគណៈកម្មាការរៀបចំអង្គវិធីថវិកា ២០លានរៀល ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គវិធីថវិកា ៥លានរៀល។ ឥឡូវអញ្ចេះ ខ្ញុំនឹងគ្រួសារសូមជូន ៤០ខ្នងបន្ថែមទៀត អញ្ចឹងចាំចូលរួមដើម្បីយើងធ្វើការងារនេះជាមួយគ្នា។ បន្ថែមរឿងអីដែលរាជរដ្ឋាភិបាលប៉ុន្មានរយខ្នង។ នេះរឿងខាងក្រៅ ហើយបន្ថែមទៅលើតាមមូលនិធិផ្សេងៗដែលយើងរុញទៅឱ្យអតីតយុទ្ធជនហើយជាពិសេសកូនចៅ គ្រួសាររបស់យោធិនពលីនៅសមរភូមិឆ្នាំ២០២៥ ត្រូវបន្តថែទាំតទៅទៀត។ ខ្ញុំដូចមានប៉ុណ្ណឹង (៤០ដូចនេះយក ៥០ខ្នងតែម្តងទៅ) លេខ ៥០គត់ ជិតដល់អាយុ ៥០ឆ្នាំ។ ទម្រាំតែធ្វើហើយគ្រប់អាយុល្មម។ ឥឡូវលែងប្រាប់គេ ៥០ឆ្នាំហើយ ថាអាយុកន្លះសតវត្សរ៍។ អរគុណសាជាថ្មីចំពោះការរៀបចំនៅថ្ងៃនេះដល់ អគ្គលេខាធិការសមាគមអតីតយុទ្ធជន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទាំងអស់ បណ្តាក្រសួងសង្គមកិច្ច មន្ទីរសង្គមកិច្ច ការិយាល័យសង្គមកិច្ចពាក់ព័ន្ធ បូកជាមួយនឹងសមាគមនៅតាមរាជធានី/ខេត្ត/ស្រុក/ក្រុង ទាំងអស់ដែលបានខិតខំរួមគ្នានៅក្នុងការជួយថែរក្សាអតីតយុទ្ធជន អតីតមន្ត្រីរាជការ។ សូមអរគុណដល់ប្រជាពលរដ្ឋ សប្បុរសជនទាំងអស់ ដែលបានជួយ និងជាពិសេសអ៊ំពូមីង បងប្អូន ដែលជាអតីតយុទ្ធជន អតីតមន្ត្រីរាជការទាំងអស់ដែលបានគាំទ្រចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិ ទាំងស៊ីវិល ទាំងក្នុងកងកម្លាំងប្រដាប់អាវុធ ហើយក៏បន្តរួមពួនជ្រុំដើម្បីកសាងសហគមអតីតយុទ្ធជន និងក្រុមគ្រួសាររបស់ខ្លួនដែលជាកោសិការបស់ជាតិ។ សូមអរគុណ និងសូមអញ្ជើញធ្វើដំណើរដោយសុវត្ថិភាពទៅតាមលំនៅដ្ឋានរៀងៗខ្លួន។ សូមអរគុណ៕


