សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសឲ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវស្តីពី “ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា”

ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា, ព្រឹទ្ធសភា, រដ្ឋសភា និង រាជរដ្ឋាភិបាល;ឯកឧត្តម, លោកជំទាវ, ឯកអគ្គរាជទូត-ឯកអគ្គរដ្ឋទូត, តំណាងដៃគូអភិវឌ្ឍ;ឯកឧត្តម, លោកជំទាវ, លោក-លោកស្រី និង ភ្ញៀវកិត្តិយស ជាតិ និង អន្តរជាតិ, ជាទីមេត្រី! ខ្ញុំពិតជាមានក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានធ្វើជាអធិបតី ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នាថ្ងៃនេះ។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម, ដែលមាន ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន, ជាមួយនឹងការចូលរួមដែលមិនអាចខ្វះបានពីសំណាក់ក្រសួងសុខាភិបាល, ក្រោមការដឹកនាំរបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា, រដ្ឋមន្ត្រី ក្រសួងសុខាភិបាល, និង គ្រប់ក្រសួង-ស្ថាប័ន និង ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការរៀបចំផែនទីបង្ហាញផ្លូវនេះ រហូតសម្រេចបានជោគជ័យ និង ត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការដ៏មហោឡារិក នាពេលនេះ ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម, លោកជំទាវ,…

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបក្មេងទំនើង

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចាត់វិធានការឱ្យបានម៉ឹងម៉ាត់ ដើម្បីបង្ក្រាបក្រុមក្មេងទំនើង ដែលកំពុងបង្កអសន្តិសុខនៅក្នុងសង្គម។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥” នាព្រឹកថ្ងៃទី២៣ ឧសភា។ ប្រមុខរដ្ឋាភិបាល បានឃើញព័ត៌មានតាមបណ្ដាញសង្គមពីរូបភាពក្មេងទំនើងប្រើប្រាស់ដាវសាំម៉ូរ៉ៃ ដេញកាប់ចាក់គ្នាពេញផ្លូវយ៉ាងអនាធិបតេយ្យ។ សម្ដេច ហ៊ុន ម៉ាណែត ចាត់ទុករូបភាពបែបនេះ ជាការបង្កអសន្តិសុខក្នុងសង្គម ដែលប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រដ្ឋាភិបាល។ ដោយសារឃើញបញ្ហានេះ សម្ដេច បានបញ្ជាឱ្យអភិបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចុះបង្ក្រាប និងកំណត់មុខសញ្ញាក្មេងទំនើងទាំងនោះ ឱ្យបានម៉ឹងម៉ាត់ ដើម្បីធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានរៀបចំឱ្យកម្លាំងជំនាញចុះត្រួតពិនិត្យ និងឆែកឆេរលើក្មេងទំនើងផងដែរ ព្រោះពួកក្មេងទាំងនោះ តែងតែលាក់ដាវសាំម៉ូរ៉ៃ និងអាវុធតាមខ្លួន ដើម្បីធ្វើសកម្មភាពហិង្សា។ សម្ដេចធិបតី បានស្នើឱ្យស្ថាប័នអយ្យការ និងតុលាការ ចាត់វិធានការយ៉ាងម៉ឹងម៉ាត់តាមច្បាប់លើករណីក្មេងទំនើងនេះ ក្នុងករណីប្រព្រឹត្តទោសធ្ងន់ធ្ងរ។ ជាមួយគ្នានេះ សម្ដេច ហ៊ុន ម៉ាណែត ក៏ស្នើឱ្យអាណាព្យាបាលទាំងអស់ តាមដានការសិក្សា និងសកម្មភាពរបស់កូនៗ ជាពិសេសអប់រំពួកគេឱ្យដើរតាមគន្លងត្រឹមត្រូវ៕