សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាននាពេលកន្លងមក បានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាប្រឈមនឹងវិបត្តិសកលនានា ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើន ប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល

[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនេះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកទ្បើងថា សមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបាននាពេលកន្លងមក បានសបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់មិនអាចខ្វះបានក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ជីវភាព និងរក្សាស្ថិរភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជួយអ្នកក្រីក្រពេលមានគ្រោះមហន្តរាយ ក៏ដូចជាប្រឈមនឹងវិបត្តិសកលនានា ព្រមទាំងកសាងសង្គមជនបទឱ្យមានភាពរីកចម្រើន ប្រកបដោយវិបុលភាព ផាសុកភាព និងសុភមង្គល ។ ជាក់ស្តែង តំបន់ជនបទកម្ពុជាបាន និងកំពុងផ្លាស់ប្តូរមុខមាត់ថ្មី ពីមួយថ្ងៃទៅមួយថ្ងៃ ហើយកំពុងឈានឆ្ពោះទៅរកការអភិវឌ្ឍ និងភាពស៊ីវិល័យ​លើគ្រប់វិស័យ ដោយមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រទាក់ក្រឡាជាសរសៃឈាមនៃសេដ្ឋកិច្ច ជាមួយអត្រាគ្របដណ្តប់នៃការប្រើប្រាស់ទឹកស្អាត និងបង្គន់អនាម័យ បានកើនប្រមាណ ៨៥% រួមនឹងមានមុខរបរ និងសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពប្រជាជន និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ។ សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភាបានប្តេជ្ញាចិត្តប្រកបដោយ ឆន្ទៈមោះមុតឥតងាករេ…

សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤

ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា រាជរដ្ឋាភិបាល;ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានាប្រចាំនៅកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ–អន្តរជាតិ តំណាងដៃគូអភិឌ្ឍន៍ និងអង្គសន្និបាត​ទាំងមូល ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយបានចូលរួមជាអធិបតីក្នុង «ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអភិវឌ្ឍន៍ជនបទឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤»  នាពេលនេះ។ អង្គ​សន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ នាឱកាសនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការឆ្លុះបញ្ចំាងលទ្ធផលការងារសម្រេចបាន និងកំណត់ទិសដៅការងារបន្តសម្រាប់ឆ្នាំបន្ទាប់  បន្ទាប់ពីការជួបជុំពិភាក្សា និងផ្លាស់ប្តូរយោបល់តាមជំនាញ និងបទពិសោធន៍រវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងភាគីពាក់ព័ន្ធនានាគ្រប់លំដាប់​ថ្នាក់ រយៈពេល ១ ថ្ងៃកន្លះ មកនេះ។ យោងតាមរបាយការណ៍បូកសរុប និងទិសដៅការងាររបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ចំពោះលទ្ធផលធំៗ ដែលក្រសួងសម្រេច​បានក្នុងឆ្នាំ២០២៣ ជាមួយនឹងកិច្ចសហការជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនានា  រដ្ឋបាលថ្នាក់ក្រោមជាតិ  ដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិ  វិស័យឯកជន និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ [ផ្ដើមសេចក្ដីអធិប្បាយ១] ឆ្លៀតក្នុងឱកាសនេះផងដែរ…