ឯកឧត្តមអនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរនាពេលកន្លងមក
[ពី ផេច សម្តេចធិបតី] នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្របតាមស្មារតីនៃការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ។ ទន្ទឹមនឹងនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និង…