យុទ្ធសាស្ត្របញ្ចកោណសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ និងអនុវត្តជា ៥ដំណាក់កាលបន្តបន្ទាប់

ព្រឹកថ្ងៃទី២៤ សីហា ២០២៣, នៅវិមានសន្តិភាព, ក្នុងឱកាសអញ្ជើញនាំសម័យប្រជុំគណៈរដ្ឋមន្រ្តីលើកដំបូង ​ឯកឧត្ដមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងឧទ្ទេសនាមអំពី “យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១” និង “វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា” ជូនជនរួមជាតិកម្ពុជានិងតួអង្គពាក់ព័ន្ធទាំងអស់ឲ្យបានជ្រាប។ យុទ្ធសាស្ត្របញ្ចកោណសម្លឹងទៅមុខសម្រាប់រយៈពេល ២៥ ឆ្នាំ និងអនុវត្តជា ៥ដំណាក់កាលបន្តបន្ទាប់ តម្រង់និងសម្របសំរួលទៅតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនៃនីតិកាលនីមួយៗ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែល ទី១. ពង្រឹងនិងពង្រីកសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបាននៅក្នុងនីតិកាលកន្លងមក ក្នុងក្របខណ្ឌយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្តចតុកោណទាំង ៤ដំណាក់កាល, ទី២. បន្តកែទម្រង់ស្ថាប័ននិងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់, ខ្លាំង, វៃឆ្លាត និងស្អាតស្អំ, ទី៣. កសាងនិងពង្រឹងមូលដ្ឋានគ្រឹះ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ដោយផ្តោតជាសំខាន់លើការកសាងមូលធនមនុស្សរឹងមាំ, ទី៤. ធ្វើពិពិធកម្មសេដ្ឋកិច្ចនិងភាពប្រ​កួតប្រជែងរបស់កម្ពុជា កសាងភាពធន់នឹងការប្រែប្រួលកត្តាសង្គម-សេដ្ឋកិច្ចនិងកត្តាបរិស្ថានធម្មជាតិ និងទី៥. ដាក់ចេញរបៀបវារៈគោលនយោបាយសង្គមសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

សុន្ទរកថា ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១” និង “វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា” ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា

ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្តី រដ្ឋមន្តី សមាជិក-សមាជិកា នៃអង្គគណៈរដ្ឋមន្ត្រីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ជាថ្ងៃប្រវត្តិសាស្ត្រ ដែលខ្ញុំមានកិត្តិយស និងសេចក្តីរីករាយបំផុត សូមយកឱកាសនៃអង្គប្រជុំលើកដំបូងនៃគណៈរដ្ឋមន្ត្រីរបស់យើងនាពេលនេះ ប្រកាសជូនជនរួមជាតិកម្ពុជា និងតួអង្គពាក់ព័ន្ធទាំងអស់ជ្រាបអំពី​អាទិភាពគោលនយោបាយសំខាន់ៗ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តនូវកម្មវិធីកែទម្រង់សំខាន់ៗ លើគ្រប់វិស័យក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និង ឆ្លើយតបទៅនឹងសំណូមពរ និង សេចក្តីត្រូវការរបស់ប្រជាជន។ ផ្អែកលើ “កម្មវិធីនយោបាយ សម្រាប់ការកសាង និង ការការពារមាតុភូមិឆ្នាំ ២០២៣- ២០២៨” របស់គណបក្សប្រជាជនកម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេសបានផ្ដល់ការគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតនាថ្ងៃទី ២៣ ខែ កក្កដា កន្លងទៅនេះ, រាជរដ្ឋាភិបាលបានរៀបចំ “កម្មវិធីនយោបាយ” របស់ខ្លួន សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។ ឈរលើមូលដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយ នៃលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជាបរិការណ៍ជាតិ និង អន្តរជាតិនាបច្ចុប្បន្ន និង ទៅអនាគត ព្រមទាំងដោយយកចិត្តទុកដាក់ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន, “កម្មវិធីនយោបាយ” នេះ…