ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៖ ៣ ចំណុចអំពីការបង្កើតការងារ និង៥ចំណុច អំពីគុណភាពការងារ

ថ្មីៗនេះ ថ្លែងទៅកាន់កម្មករ និយោជិត និងថ្នាក់ដឹកនាំគ្រប់គ្រងរោងចក្រ OIJ Group ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានលើកឡើងពីសារសំខាន់ ៣ ដែលដើរតួជាសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេស។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានចង្អុលបង្ហាញថា ទី១ កម្ពុជាត្រូវបង្កើនបរិមាណការងារ ដោយមិនត្រូវប្រមូលផ្តុំតែនៅភ្នំពេញ ឬនៅតែទីណាមួយនោះទេ។ បរិមាណការ​ងារមានគោលដៅបង្កើតការងារឱ្យបានច្រើននិងរុញការងារឱ្យដល់មូលដ្ឋាន ដើម្បីមនុស្សភាគច្រើនមានឱកាសទទួលបាន។ ចំណុចទី២ ស្តីពីតម្រូវ​ការការងារដែលមានគុណភាព ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានទាញអារម្មណ៍អ្នកចូលរួមលើ ៥ ចំណុចគឺ ការវិនិយោគត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់និងយូរអង្វែង ដែលមិនមែនដាក់(ទុនមក)ដើម្បីបានចំណេញ ហើយលើកទៅបាត់នោះទេ, ផ្តល់ឱកាសឱ្យកម្មករនិយោជិកទទួលបានបៀវត្សរ៍និងអត្ថប្រយោជន៍ល្អ រួមជាមួយនឹងលទ្ធភាពនិងឱកាសដើម្បីឱ្យគាត់បង្កើនសមត្ថភាព, ការវិនិយោគនិងបង្កើតការងារ ដែលការពារសិទ្ធ និងយកចិត្តទុកដាក់ទៅលើសុខុមាលភាពកម្មករ និយោជិត, ការវិនិយោគដែលយកចិត្តទុកដាក់លើបរិស្ថាន សហគមន៍ និងសង្គមជាតិ ក៏ដូចជាពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព ផលិត​ភាពការងារ តាមរយៈការនាំចូលនូវបច្ចេកវិទ្យាទំនើប និងការពង្រឹងរបៀបរបបការងារថ្មី។ នៅក្នុងចំណុចទី៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់យ៉ាងច្បាស់ថា “ក្រៅពីបរិមាណ និងគុណភាពការងារ អ្វីដែលជាការចាំបាច់ត្រូវយកចិត្តទុកដាក់គឺសមធម៌ […] បើយើងគិតតែពីមួយអត់មួយ អត់កើតទេ។ បើយើងគិតតែពីក្រុមហ៊ុន យើងអត់បានគិតពីកម្មករ/ការិនី យើងនឹងពិបាក។ បើយើងបង្ខំកម្មករ/ការិនី អត់គិតពីសុខុមាលភាពនិងច្បាប់ការពារប្រជាពល​រដ្ឋ​ យើងនឹងជួបបញ្ហាហើយ។ បើយើងគិតតែពីកម្មករ/ការិនី យើងអត់គិតពីបង្កលក្ខណៈដល់ក្រុមហ៊ុនដើម្បីដំណើរការ…

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត៖ “កិច្ចការធំ៣ ដើម្បីបង្កើតការងារ សំដៅកាត់បន្ថយភាពក្រីក្រ លើកស្ទួយជីវភាពប្រជាពលរដ្ឋ”

[…] គោលដៅរបស់កម្ពុជាគឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងទូទាំងប្រទេស។ មិនមែនសម្រាប់តែ(ការមានបានរបស់)ក្រុមហ៊ុន អ្នកវិនិយោគ ឬអ្នកមានទុននោះទេ។ យើងត្រូវវិនិយោគ […] ដើម្បីពង្រីកនូវសក្តានុពលរបស់ជាតិ […] ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើងបច្ចុប្បន្ន ១៧លាននាក់។ អញ្ចឹង កិច្ចការសំខាន់មួយក្នុងការកាត់បន្ថយភាពក្រីក្រគឺការបង្កើតការងារ។ ជាទស្សនៈរបស់ខ្ញុំ ការបង្កើតការងារនេះគឺមានគោលដៅ […] ធ្វើកិច្ចការធំៗ ៣ […]។ ទី១៖ គឺ(បង្កើន)បរិមាណ(ការងារ)។ បរិមាណ(ការងារនេះ)គឺយើងមិនត្រូវតែប្រមូលផ្តុំតែនៅភ្នំពេញទេ ​មិនត្រូវប្រមូលផ្តុំនៅ(តែ)ខេត្តព្រះសីហនុ ឬមិនត្រូវប្រមូលផ្តុំនៅ(តែ)ទីណា(មួយនោះ)ទេ។ បរិមាណ(ការ​ងារជា)គោលដៅគឺបង្កើតការងារឱ្យបានច្រើន និងរុញការងារឱ្យដល់មូលដ្ឋាន។ នេះគឺជាកិច្ចការសំខាន់។ ពីដើមឆ្នាំ ១៩៩០ នៅទីនេះជាវាលស្រែ។ ភ្នំពេញមានតែមួយដុំទេ។ នៅទីនេះគឺផ្លូវជាតិលេខ៤ តូចមួយ […] ពេលនោះ រាជរដ្ឋាភិបាលរបស់យើងចាប់ផ្តើមធ្វើឯកជនភាវរូបនីយកម្ម។ យើងបើកឱ្យប្រជាពលរដ្ឋមានសិទ្ធិទិញដូរលក់ដីដើម្បីបើក(អោយមានការ)ធ្វើវិនិយោគ។ ពេលនោះមានការរិះគន់ច្រើនណាស់ថា កម្ពុជាបើកលក់ដី (នាំ)ឱ្យខ្មែរលក់ដីឱ្យចិន ឱ្យបរទេស។ មានការវាយប្រហារនិងរិះគន់ច្រើន។ ប៉ុន្តែបើយើងមិនបើកឱ្យទីផ្សារក្នុងការដំណើរការ ថ្ងៃនេះយើងគ្មានតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះទេ គ្មានការកម្មករជាង ៣ម៉ឺននាក់ ធ្វើការនៅទីនេះទេ ហើយគ្មានប្រាក់បៀវត្សរ៍រាប់លានដុល្លារដែលចូលទៅក្នុងហៅប៉ៅប្រជាពលរដ្ឋនៅទីនេះ និងនៅគ្រប់ខេត្ត រួមទាំងជាពិសេសខេត្តកំពង់ស្ពឺ ខេត្តកណ្តាលនេះ។ មិនត្រឹមតែ(នៅ)ទីនេះទេ យើង(នឹង)រុញ(ការវិនិយោគ)ទាំងអស់(ទៅគ្រប់ទិសទី)ឥឡូវ។ ថ្ងៃមុនខ្ញុំទៅបាវិត…