ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសនានា ប្រចាំកម្ពុជា
គណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូជាតិ–អន្តរជាតិ និងអង្គសន្និសីទទាំងមូលជាទីមេត្រី!
ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបានចូលរួមជាអធិបតី ជាលើកទី ២ ក្នុងពិធីបើកនៃសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាលើកទី១៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុទ្ធសាស្រ្តកំណើនថ្មីរបស់ប្រទេសកម្ពុជា៖ អាទិភាពសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងនិរន្តរភាព»។ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) ដោយមានការសហការជាពិសេសពីកម្មវិធីភាពជាដៃគូប្រទេសកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) ដែលបានរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង។
ខ្ញុំក៏សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល អង្គទូត ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ និងគ្រឹះស្ថានសិក្សានានា ដែលបានអញ្ជើញចូលរួមដោយផ្ទាល់ក្នុងសន្និសីទនាពេលនេះ។ ជាមួយគ្នានេះ ខ្ញុំក៏សូមលើកទឹកចិត្តឱ្យមានការចូលរួមពីសំណាក់យុវជន និងនិស្សិត ដែលជាមូលធនមនុស្ស និងជាអនាគតអ្នកដឹកនាំបន្តវេនរបស់យើង ដើម្បីជាឱកាសក្រេបយកចំណេះដឹងពាក់ព័ន្ធនឹងការអភិវឌ្ឍទៅអនាគតរបស់កម្ពុជា។
ឆ្លៀតឱកាសនេះ ខ្ញុំសូមចូលរួមអបអរសាទរចំពោះ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលត្រូវបានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន CDRI បានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថាន។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោមការចង្អុលបង្ហាញរបស់ លោកជំទាវបណ្ឌិត វិទ្យាស្ថាន CDRI នឹងទទួលបានការរីកចម្រើនបន្ថែមទៀតទាំងផ្នែកសមត្ថភាពស្ថាប័ន និងទាំងផ្នែកគុណភាព និងគុណតម្លៃខ្ពស់នៃកិច្ចការស្រាវជ្រាវ សម្រាប់ជាធាតុចូលដល់ការរៀបចំ និងតាក់តែងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាឧត្តមប្រយោជន៍ដល់សាធារណជនទូទៅ ជាពិសេស អ្នកស្រាវជ្រាវ និងសិស្ស-និស្សិតរបស់យើង ផងដែរ។
ខ្ញុំអាចនិយាយបានថា សន្និសីទឆ្នាំ២០២៥ នេះ គឺមានសារៈសំខាន់ និងរឹតតែវិសេស ជាងសន្និសីទរាល់ដង ក្នុងន័យថា សន្និសីទឆ្នាំនេះ បានប្រមូលផ្តុំធាតុចូលទាំងឡាយពីសន្និសីទមុនៗកន្លងទៅ និងបូកផ្សំនឹងការសិក្សាស្រាវជ្រាវបន្ថែមពីអ្នកស្រាវជ្រាវជំនាញរបស់វិទ្យាស្ថាន CDRI ពីនិន្នាការបច្ចុប្បន្ន ដើម្បីធ្វើការវែកញែកពិភាក្សា ក្នុងគោលបំណងកំណត់នូវទស្សនៈរួម អំពីទិសដៅអភិវឌ្ឍន៍កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការពិភាក្សាដេញដោលយ៉ាងផុលផុស ពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមានចូលរួមសនិ្នសីទនាថ្ងៃនេះ។ មតិយោបល់ដែលបានមកពីការពិភាក្សាដេញដោលក្នុងថ្ងៃនេះ នឹងក្លាយជាធាតុចូលប្រកបដោយសារវន្ត និងគុណតម្លៃ ដែលសបញ្ជាក់ឱ្យឃើញពីការចូលរួមឈឺឆ្អាល គិតគូរតម្រែតម្រង់ទិស ក្នុងការកំណត់ជោគវាសនារួមរបស់ប្រទេសជាតិ ក្នុងស្មារតីភាពជាម្ចាស់ការ និងសាមគ្គីភាពជាតិ។
ជាការពិត ដើម្បីគិតគូររៀបចំយុទ្ធសាស្រ្តកំណើនសម្រាប់អនាគត ជាពិសេសកំណើនក្នុងរយៈពេលវែងខាងមុខ យើងចាំបាច់ពិនិត្យ និងត្រូវឈរលើមូលដ្ឋាននៃកំណើនក្នុងអតីតកាល និន្នាការកំណើនក្នុងពេលបច្ចុប្បន្ន និងសក្តានុពលកំណើននាពេលអនាគត។
ខ្ញុំសូមសង្ខេបឡើងវិញនូវនិន្នាការសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលជាចំណុចរបត់ថ្មីនៃវដ្ដកំណើនរបស់កម្ពុជាតែម្តង។ ក្រោយពីបានយកឈ្នះលើសមរភូមិជំងឺកូវីដ-១៩ ដែលកាលនោះ កម្ពុជាមិនត្រឹមតែប្រយុទ្ធក្នុងសមរភូមិសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែក៏បានប្រយុទ្ធក្នុងសមរភូមិអប់រំ គាំពារសង្គម ហិរញ្ញវត្ថុ ក៏ដូចជាសេដ្ឋកិច្ច ដែលកម្ពុជាបានបើកប្រទេសទាំងស្រុងវិញ នៅចុងឆ្នាំ២០២១ និងបានអនុញ្ញាតឱ្យសកម្មភាពសង្គម-សេដ្ឋកិច្ច វិលទៅរកប្រក្រតីភាពឡើងវិញបន្តិចម្តងៗ។ ជាក់ស្តែង កំណើនសេដ្ឋកិច្ច បានវិលត្រលប់ទៅរកគន្លងសក្តានុពលវិញជាសន្សឹមៗ ក្នុងអត្រា ៣,១% ៥,១% ៥% ៦% ក្នុងឆ្នាំ២០២១ ២០២២ ២០២៣ និង ២០២៤ រៀងគ្នា។ ក្នុងឆ្នាំ២០២៥ នេះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តរក្សាបានចលនការរឹងមាំ ជាមួយនឹងអត្រាកំណើន ក្នុងរង្វង់ ៦,៣% ដែលបន្តទ្រទ្រង់ដោយវិស័យបម្រើការនាំចេញ តួយ៉ាងដូចជាវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ ការបន្តនិន្នាការកើនឡើងនៃវិស័យទេសចរណ៍ និងសេវាកម្មគាំទ្រ គួបផ្សំនឹងការបន្តរក្សាបានស្ថិរភាពកំណើននៃវិស័យកសិកម្ម។
ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ រាជរដ្ឋាភិបាលនៅតែមានសុទិដ្ឋិនិយមខ្ពស់ ថាកំណើនសេដ្ឋកិច្ចនៅមានលទ្ធភាពបន្តសម្រេចបាន ក្នុងរង្វង់ ៦,៥% មធ្យមប្រចាំឆ្នាំ ។ យ៉ាងណាមិញ កំណើននេះនឹងមិនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែទាមទារការខិតខំប្រឹងប្រែងពីភាគីពាក់ព័ន្ធ មិនត្រឹមតែពីសំណាក់រាជរដ្ឋាភិបាលនោះឡើយ ក្នុងការពង្រឹងការអនុវត្តគោលនយោបាយ និងការដ្ឋានកែទម្រង់គន្លឹះៗ។ ការវាយតម្លៃនេះ ក៏មានសង្គតិភាពទៅនឹងរបាយការណ៍សិក្សារបស់វិទ្យាស្ថាន CDRI ដែលនឹងត្រូវផ្សព្វផ្សាយក្នុងសន្និសីទនាថ្ងៃនេះ ដោយបានលើកឡើងថា កម្ពុជាអាចសម្រេចបានក្នុងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ប្រមាណ ៦,៤% ក្នុងទសវត្សរ៍ខាងមុខ ក្នុងករណីមានការរៀបចំគោលនយោបាយជាក់លាក់ ចំៗ និង ជាក់ស្តែងនិយម អមជាមួយការអនុវត្តប្រកបដោយប្រសិទ្ធភាព ហើយទាំងនោះក៏ជាអ្វីដែលខ្ញុំសង្ឃឹមថានឹងទទួលបានចេញពីលទ្ធផលនៃសន្និសីទថ្ងៃនេះផងដែរ។
ត្រង់ចំណុចនេះ ខ្ញុំសូមទាញចំណាប់អារម្មណ៍នូវទិដ្ឋភាពសំខាន់ៗ ចំនួន ២ ដែលបង្កើតជាចំណុចរបត់ថ្មីនៃការគិតគូររៀបចំគោលនយោបាយ ដែលនោះគឺ៖ (១). បើទោះសេដ្ឋកិច្ចកម្ពុជាបានវិលត្រលប់ទៅរកកំណើនសក្តានុពលវិញក៏ពិតមែន ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានបន្សល់ស្លាកស្នាម និងបន្ទច់បង្អាក់ដល់ល្បឿនអភិវឌ្ឍន៍របស់កម្ពុជា ជារួម និង (២). កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកល និងតំបន់ គឺនៅបន្តស្ថិតក្នុងអន្តរកាលនៃពហុវិបត្តិ ក្នុងន័យថា វិបត្តិមួយមិនទាន់ចប់រលត់ផង វិបត្តិមួយទៀតក៏បានកើតឡើង សង្រ្គាមមួយមិនទាន់បិទបញ្ចប់ផង សង្រា្គមមួយទៀតក៏បានកើតឡើង។ ក្នុងនោះ ហានិភ័យ និងភាពមិនប្រាកដប្រជា កើតមានកាន់តែច្រើនឡើងៗ រួមមាន៖ (១). ការកើនឡើងនូវគោលនយោបាយគាំពារនិយម (Protectionism) និងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងកើតមានក្នុងពេលថ្មីៗនេះនិងកំពុងចេញជារូបរាងបន្ដបន្ទាប់ ២). ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ (៣). ការបែកខ្ញែកភូមិសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម និង (៤). ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ។ អន្តរកាលនៃពហុវិបត្តិនេះ បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងមិនអាចរំពឹងទុកជាមុនបាន ហើយនឹងបង្កជាកម្មវិបាក ទាំងវិជ្ជមាន និងអវិជ្ជមាន ទាំងផ្ទាល់ និងប្រយោល ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាផងដែរ។
ជារួម និន្នាការទាំងនេះ ជាកាលានុវត្តភាពផង និងជាហានិភ័យផង តម្រូវឱ្យយើងគិតគូរឡើងវិញនូវយុទ្ធសាស្រ្តកំណើនក្នុងរយៈពេលវែង ដោយធានាសម្រេចឱ្យបាននូវគោលដៅកំណើនដែលគ្រោងទុកផង និងបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ផងដែរ។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ព្រមទាំងកំណត់យកនូវ ឤទិភាពគន្លឹះ ចំនួន ៥៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលមានការគិតគូរជាលក្ខណៈយុទ្ធសាស្រ្ត ដោយឈរលើគោលការណ៍ ២ សំខាន់ៗ គឺ៖ (ទី១). បន្តថែរក្សាឱ្យបាននូវសន្តិភាព ដែលជាកត្តាសត្យានុម័ត ក្នុងការកសាងខឿនអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និង (ទី២). បន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ពន្លឿនកិច្ចអភិវឌ្ឍប្រទេសជាតិ ក្នុងដំណើរឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។
ផ្អែកលើយុទ្ធសាស្រ្តនេះ ក្នុងរយៈពេលជាង ១៩ ខែកន្លងទៅនេះ រាជរដ្ឋាភិបាល បានបន្តដាក់ចេញ និងអនុវត្តកម្មវិធី យន្តការកែទម្រង់ និងវិធានការឆ្លើយតបជាបន្តបន្ទាប់។ ជាក់ស្តែង ពាក់ព័ន្ធនឹង «កម្មវិធីគោលនយោបាយអាទិភាព ៦» និង«វិធានការគន្លឹះទាំង ៥» រាជរដ្ឋាភិបាលបានដាក់ចេញយន្តការអនុវត្ត និងបន្តតាមដាន និងវាយតម្លៃ ដែលកន្លងទៅនេះ យើងអាចនិយាយបានថា ទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនេះ ក្នុងគោលដៅជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើនភាពប្រកួតប្រជែង និងពង្រឹងភាពធន់ រាជរដ្ឋាភិបាលត្រៀមនឹងដាក់ឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ២០២៥ – ២០២៨» ដោយផ្តោតលើសសរស្តម្ភ៣ សំខាន់ៗ៖
(ទី១). កម្មវិធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពេលខ្លីទៅមធ្យម តាមរយៈការដាក់ចេញនូវវិធានការគោលនយោបាយមុតស្រួច និងចំគោលដៅ (ទី២). កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីដោះស្រាយបញ្ហាប្រឈម ដែលមានលក្ខណៈជារចនាសម្ព័ន្ធ ស្មុគស្មាញ និងអន្តរវិស័យ និង (ទី៣). កម្មវិធីត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ដើម្បីធានានូវការចាកចេញដោយរលូន។
ងាកមកសន្និសីទយើងក្នុងថ្ងៃនេះវិញ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើលទ្ធផលនៃការសិក្សារបស់វិទ្យាស្ថាន CDRI និងប្រធានបទទាំង ៣ ដែលនឹងលើកយកមកពិភាក្សា ។ ការសិក្សាបានលើកឡើងពី «យុទ្ធសាស្រ្ដនៃកំណើនថ្មី» ដែលការគួបផ្សំគ្នារវាងគោលនយោបាយកំណើនសេដ្ឋកិច្ចតាមវិស័យអាទិភាព ជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ។ ជារួម យុទ្ធសាស្ត្រនេះផ្ដល់សារៈសំខាន់លើតុល្យភាពរវាងល្បឿននៃកំណើនសេដ្ឋកិច្ច ទៅនឹងគុណភាពនៃកំណើន ជាជាងការផ្ដោតតែលើកំណើនខ្ពស់។ មានន័យថា ទោះបីការកែទម្រង់រចនាសម្ព័ន្ធគ្រប់ជ្រុងជ្រោយ អាចបណ្ដាលឱ្យកំណើនសេដ្ឋកិច្ចមានកម្រិតទាបជាងកំណើនសក្តានុពលក្ដី ក៏ចាំបាច់ត្រូវទទួលយក ដើម្បីជំរុញលើកកម្ពស់គុណភាព ចីរភាព និងបរិយាប័ន្ននៃកំណើនដែរ។ យុទ្ធសាស្ត្រនេះ ក៏មានភាពស៊ីចង្វាក់ទៅនឹង «យុទ្ធសាស្រ្តបញ្ចកោណ» ជាច្រើន ហើយដើម្បីសម្រេចបានកំណើនខ្ពស់ និងមានចីរភាព ការកែទម្រង់រចនាសម្ព័ន្ធត្រូវតែធ្វើជាចាំបាច់ និងកាន់តែឆាប់ កាន់តែប្រសើរ។ ទោះបីជាយ៉ាងនេះក្ដី ការកែទម្រង់មិនគួរត្រូវធ្វើដោយតក់ក្រហល់ពេល រហូតប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពជារួមនោះទេ។
ខ្ញុំក៏មានការចាប់អារម្មណ៍ចំពោះប្រធានបទនីមួយៗ ក្នុងកិច្ចពិភាក្សាទាំង ៣ វគ្គថ្ងៃនេះ ដែលមានជាអាទិ៍៖ សមិទ្ធកម្ម និងទស្សនៈវិស័យកំណើន ការកែទម្រង់រចនាសម្ព័ន្ធ សម្រាប់កំណើនរយៈពេលវែង និងការផ្សារភ្ជាប់គ្នាចក្ខុវិស័យកំណើនទៅនឹងអាទិភាពគោលនយោបាយ។ ខ្ញុំសង្ឃឹមថា វគ្គពិភាក្សាដ៏មានសារៈសំខាន់ និងប្រទាក់ក្រឡាគ្នានេះ នឹងអាចកំណត់ឱ្យកាន់តែច្បាស់នូវលំដាប់លំដោយអាទិភាព តុល្យភាព និងភាពអនុវត្តបាននូវបណ្ដាគោលនយោបាយទាំងឡាយ។
ដើម្បីបំផុសគំនិតសម្រាប់ការពិភាក្សាបន្ថែម ខ្ញុំសូមលើកនូវការអង្កេតមួយចំនួនពាក់ព័ន្ធនឹងបរិការណ៍ថ្មី ដោយតម្រង់ការពិភាក្សាលើទស្សនៈ និងកម្មវិបាកមកលើសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។ បរិការណ៍សកលសំខាន់ៗ ដែលគួរផ្តោតការយកចិត្តទុក រួមមាន៖ (១). ការកើនឡើងនូវចរន្តគាំពារនិយម ដែលអាចឈានទៅដល់សង្គ្រាមពាណិជ្ជកម្ម និងសង្រ្គាមបច្ចេកវិទ្យាកិច្ចការងារនេះមិនមែនជាទ្រឹស្ដីទេគឺជាអ្វីដែលយើងបានឃើញ និងវិវត្ដជាប្រចាំនៅក្នុងរយៈពេលជាងមួយខែនេះ (២). ការចាប់ផ្ដើមពឹងផ្អែកកាន់តែខ្លាំងឡើងលើសេដ្ឋកិច្ចក្នុងតំបន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច នៅពេលដែលប្រទេសក្នុងតំបន់កាន់តែរីកចម្រើនឡើង និងសមាហរណកម្មកាន់តែស៊ីជម្រៅ ខណៈដែលសេដ្ឋកិច្ចធំៗសម្រេចបានកំណើនទាប (៣). សម្ទុះនៃការធ្វើបរិវត្តកម្មឌីជីថលកាន់តែលឿន ជាពិសេសលើបញ្ញាសិប្បនិមិ្មត រ៉ូបូត និងស្វ័យប្រវត្តិកម្ម ដែលបើកលទ្ធភាពក្នុងការជំរុញផលិតភាពឱ្យមានសម្ទុះខ្ពស់ឡើង និង (៤). និន្នាការកើនឡើងនៃអន្តរកាលបៃតង តួយ៉ាងដូចជាការវិនិយោគលើថាមពលកកើតឡើងវិញ និងរថយន្តអគ្គិសនី ជាដើម។
ក្នុងបរិការណ៍កម្ពុជា ខ្ញុំចង់ឱ្យមានការពិភាក្សាផុលផុសលើចំណុច ៤៖ (១). ការកំណត់ និងអភិវឌ្ឍន៍វិស័យដែលជាប្រភពកំណើនថ្មី ជាពិសេសឧស្សាហកម្មយុទ្ធសាស្រ្តលេចឡើងថ្មីៗ និងការទាក់ទាញវិនិយោគដែលមានតម្លៃបន្ថែមខ្ពស់បន្ថែម (២). ការត្រៀមលក្ខណៈចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (LDC) (៣). យុទ្ធសាស្ត្រក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម និងធុរកិច្ចបង្កើតថ្មី តាមរយៈការបន្តពង្រឹងប្រព័ន្ធអេកូឡូស៊ី និងការបង្កើនសមត្ថភាព និងផលិតភាព និង (៤). ការអភិវឌ្ឍជំនាញបច្ចេកទេស បំពេញគម្លាតនៃជំនាញ (Skill gap) និងការបំពេញតម្រូវការនាពេលអនាគត។
ដូចនេះ សន្និសីទរបស់យើងនាថ្ងៃនេះ គឺត្រូវតែជាវេទិកានៃការផ្តោះប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយស្មារតីស្ថាបនា និងចូលរួមគិតគូរ អនុវត្ត និងទទួលខុសត្រូវរួមគ្នាលើជោគវាសនារបស់កម្ពុជា។ ហើយធាតុចូលដែលបានមកពីការពិភាក្សាទាំង ៣ វគ្គនេះ នឹងផ្តល់ជាមូលដ្ឋានដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការបំពេញបន្ថែមនូវចំណុចខ្វះចន្លោះ ផ្នែកគោលនយោបាយ និងវិធានការ ក្នុងន័យកែលម្អ សម្រួច និង តម្រង់ទិសគោលនយោបាយឱ្យកាន់តែមានភាពប្រាកដនិយមខ្ពស់ និងចំគោលដៅ ក៏ដូចជាការពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។
ឆ្លៀតឱកាសនេះ ខ្ញុំក៏សូមកត់សម្គាល់ឡើងវិញអំពីតួនាទីដ៏សំខាន់នៃ «ស្ថាប័នស្រាវជ្រាវ» រួមទាំង វិទ្យាស្ថាន CDRI ក្នុងដំណើរការរៀបចំគោលនយោបាយ ក៏ដូចជាការអភិវឌ្ឍសង្គម–សេដ្ឋកិច្ចកម្ពុជាទាំងមូល។ ដូចនេះខ្ញុំសូមផ្តល់ជាអនុសាសន៍ជូន វិទ្យាស្ថានCDRI ដើម្បីបន្តពង្រឹងសមត្ថភាពស្ថាប័ន ជាពិសេសលើកិច្ចការស្រាវជ្រាវរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ប្រកបដោយគុណវុឌ្ឍិ សម្រាប់រាជរដ្ឋាភិបាល ក៏ដូចជាសាធារណជនទូទៅ ដូចខាងក្រោម៖
ទី១). ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នស្រាវជ្រាវក្នុងតំបន់ ដើម្បីទទួលបាននូវទស្សនាទានបន្ថែម ជាមួយនឹងចក្ខុវិស័យកាន់តែទូលំទូលាយ ក្នុងគោលដៅបង្កើនសមត្ថភាពរបស់ស្ថាប័ន សម្រាប់បម្រើដល់ការវិភាគ និងសិក្សាស្រាវជ្រាវ
ទី២). ការបំផុសគំនិតជជែកពិភាក្សាអំពីកិច្ចអភិវឌ្ឍសង្គម–សេដ្ឋកិច្ចកម្ពុជា ដើម្បីបន្តលើកកម្ពស់ការបំផុសស្មារតីចូលរួមជជែកពិភាក្សា ផ្តោះប្តូរយោបល់ និងហ៊ានលើកជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលម្អនិង
ទី៣).ការបន្តបំពេញតួនាទីជាសេវាមជ្ឈមណ្ឌលប្រមូលទិន្នន័យ និងបោះពុម្ពផ្សាយឯកសារស្រាវជ្រាវបែបបរិមាណវិស័យ និងគុណវិស័យ ដើម្បីបន្តលើកកម្ពស់ការសិក្សាស្រាវជ្រាវដែលប្រើប្រាស់ព័ត៌មាន និងទិន្នន័យបឋម (Primary data) តាមរយៈការចុះប្រមូលទិន្នន័យ និងស្ទង់មតិ។ ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ថា សុក្រឹតភាព និងសង្គតិភាពនៃទិន្នន័យបឋម ឬអាចហៅថាទិន្នន័យកម្រិតមីក្រូ (Micro data) គឺមានសារសំខាន់ណាស់សម្រាប់ជា ធាតុចូលក្នុងការរៀបចំគោលនយោបាយ ឬតម្រង់ទិសវិធានការគោលនយោបាយឱ្យកាន់តែចំគោលដៅ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ស្របតាមស្មារតីរបស់រាជរដ្ឋាភិបាល ដែលតែងតែចុះទៅស្តាប់ផ្ទាល់ និងប្រឡូកផ្ទាល់ជាមួយនឹងបញ្ហារបស់ប្រជាពលរដ្ឋ ហើយចូលរួមដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋឱ្យចំគោលដៅ និងឱ្យចំឬសគល់នៃបញ្ហា។
[ផ្ដើមសេចក្ដីអធិប្បាយ]
(១) ប្រមូលព័ត៌មានដើម្បីរៀបចំគោលនយោបាយនិងបំរើការសម្រេចចិត្ត
ការដាក់ចេញនូវគោលនយោយបាយនានា ការដាក់ចេញនូវវិធានអភិវឌ្ឍ ត្រូវផ្អែកទៅលើវិទ្យាសាស្ដ្រ មិនមែនទៅលើអារម្មណ៍ទេ។ ការស្រាវជ្រាវ ការប្រមូល និងវិភាគ(ទិន្នន័យ)ឲ្យបានច្បាស់លាស់ និងការបង្កើនសមត្ថភាពរបស់ស្ថាប័នដែលទទួលខុសត្រូវជាកិច្ចការសំខាន់។ ប្រសិនបើយើងប្រមូលព័ត៌មានខុស ការសម្រេចចិត្តក៏ខុស ការរៀបចំគោលនយោបាយក៏ខុស។ នេះនឹងធ្វើឲ្យយើងខាតបង់។ ខាតទី១ គឺខាតពេលវេលា ខាតធនធាន ប៉ុន្ដែអ្វីដែលសំខាន់នោះគឺចំណុចដែលយើងចង់អន្ដរាគមន៍ជួយពិតប្រាកដគឺត្រូវបានទុកចោល។ ពេលខ្លះ ការធ្វើអន្ដរាគមន៍ខុសគោលដៅ ធ្វើឲ្យមានបញ្ហាលើសដើម … រាជរដ្ឋាភិបាលកំពុងចាត់វិធានការកែទម្រង់ស្ថាប័នទទួលខុសត្រូវ ដើម្បីពង្រឹង ប្រមូល និងវិភាគព័ត៌មាន ដើម្បីឲ្យបានសង្គតិភាព និងគុណភាព នៅក្នុងការរៀបចំគោលនយោបាយរបស់យើងបន្ថែមទៀត។
(២) របៀបធ្វើការរបស់រាជរដ្ឋាភិបាលផ្អែកលើក្រុមមនុស្សមានធនធាន បញ្ញាញាណ ជំនាញ
ក្នុងនោះ ដៃគូរបស់យើងដូចជា CDRI ជាតួអង្គសំខាន់។ នេះជារបៀបដែលរាជរដ្ឋាភិបាលធ្វើការ។ មិនមែនផ្អែកលើមនុស្សម្នាក់ចេះគ្រប់នោះទេ គឺផ្អែកទៅលើក្រុមមនុស្សដែលមានធនធាន បញ្ញាញាណ ជំនាញ ប្រមូលផ្ដុំគ្នា ពិគ្រោះគ្នា រៀបចំនិងដាក់ចេញនូវគោលនយោបាយ។ ក្រោយការដាក់ឱ្យអនុវត្ដ យើងតែងតែវាយតម្លៃជាប្រចាំដើម្បីពិនិត្យមើល។ គោលនយោបាយអីក៏ដោយ សំខាន់បំផុតទី១ ផ្ដើមចេញពីការវិភាគសភាពការណ៍បានច្បាស់លាស់ ដែលនោះគឺផ្អែកលើទិន្នន័យ។ វិភាគបានច្បាស់លាស់ហើយ ត្រូវដាក់ចេញនូវគោលនយោបាយឱ្យស្របតាមស្ថានភាពភូមិសាស្ដ្រនិងប្រជាសាស្ដ្រ។ មិនអាចកូពីគោលនយោបាយដែលធនាគារពិភពលោកសរសេរដាក់ឲ្យប្រទេសផ្សេងមកដាក់នៅកម្ពុជានោះទេ។ យើងប្រាកដជាយកបទពិសោធខ្លះពីនោះជាមូលដ្ឋាន ប៉ុន្ដែសម្របទៅតាមស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ស្ថានភាពដែលយើងចុះផ្ទាល់ ប្រមូលផ្ទាល់ពីប្រជាពលរដ្ឋតែម្ដង។
(៣) ការរីកចម្រើនឬកំណើនសេដ្ឋកិច្ចកម្រិតម៉ាក្រូ មិនឆ្លើយតបនឹងទិដ្ឋភាពមីក្រូក្នុងវិស័យនីមួយៗ
អម្បាញ់មិញ ដើរចូលមក ក៏បានជួបជជែកជាមួយលោកជំទាវ ជា សិរី ក៏ដូចជាលោកស្រី នេត្រា ពិនិត្យមើលការអង្កេតពីសា្ថនភាពសេដ្ឋកិច្ចរបស់យើង។ បើមើលទិដ្ឋភាពម៉ាក្រូ(សេដ្ឋកិច្ច) ត្រូវហើយ យើងឃើញការរីកចម្រើនឬកំណើនសេដ្ឋកិច្ច។ ប៉ុន្ដែ ម៉ាក្រូវាមិនឆ្លើយតបនឹងទិដ្ឋភាពមីក្រូក្នុងវិស័យនីមួយៗទេ។ ធម្មតា មិនអាចថាសេដ្ឋកិច្ចគ្រប់វិស័យ(មានកំណើន)៦% ទាំងអស់នោះទេ។ ខ្លះអាចមានលើស៦% ខ្លះក៏ក្រោម៦%។ ដោយហេតុនេះ បានជាត្រូវតែធ្វើអង្កេត ពិសេសវិស័យលក់រាយ វិស័យតូចតាច(ជា)សេដ្ឋកិច្ចក្រៅប្រព័ន្ធ (Informal sector) ព្រោះពាក់ព័ន្ធនឹងជីវភាពរស់នៅ ការលក់ដូរប្រជាពលរដ្ឋ។ ខ្ញុំបានតាមដានជាប្រចាំ។ កាលពី ៦ឬ ៧ខែមុន យើងបានសួរព័ត៌មានប៉ុន្មានកន្លែងនោះ ដែលចេះតែឃើញមានហាងបិទជាបន្ដបន្ទាប់។ បច្ចុប្បន្ន ឃើញហាងបើកជាបន្ដបន្ទាប់វិញ។
(៤) ត្រូវទិន្នន័យអភិវឌ្ឍគោលដៅណា ត្រូវចុះស្រាវជ្រាវ ប្រមូល និងវិភាគទិន្នន័យពីគោលដៅនោះ
នេះជាសញ្ញាមួយសំខាន់ ដែលពេលខ្លះមិនឆ្លើយតបតាមទិន្នន័យ ឬមួយក៏អត្រានៃកំណើនប្រចាំឆ្នាំទេ ព្រោះអត្រានៃកំណើន យើងបូកបញ្ចូលគ្នាទាំងវិស័យទេសចរណ៍ កម្មន្ដសាល ឧស្សាហកម្ម និងវិស័យកសិកម្ម … បើចង់បាន(ទិន្នន័យ)អភិវឌ្ឍលើគោលដៅណាពិតប្រាកដ ត្រូវចុះស្រាវជ្រាវ និងច្បាមយក។ ការប្រមូលទិន្នន័យ ការវិភាគ ពិគ្រោះយោបល់ ជាការងារសំខាន់។ ទៅពិគ្រោះជាមួយតួអង្គនោះតែម្ដង។ កុំយកទិន្នន័យក្នុងវិស័យឧស្សាហកម្ម កម្មន្ដសាល ទៅវាយតម្លៃពីសតិអារម្មណ៍ និងការចង់បានរបស់វិស័យសេវាកម្ម។ ត្រូវតែចុះ survey … យើងធ្វើការតាមដាន ត្រួតពិនិត្យការអភិវឌ្ឍផែនការគោលនយោបាយ ដែលហេតុនេះហើយបានជា(មាន)ការធ្វើវេទិកាដូចថ្ងៃនេះ។ រាជរដ្ឋាភិបាលបានធ្វើការជាប់ជាប្រចាំ ជាពិសេសការជួបប្រាស្រ័យទាក់ទងតាមយន្ដការរបស់យើងជាមួយវិស័យឯកជន។ ឆ្នាំ២០២៣ ខ្ញុំធ្វើម្ដងថ្នាក់ជាតិ ហើយអាចឆ្នាំនេះ ឬឆ្នាំក្រោយ យើងធ្វើការជួបវិស័យឯកជនម្ដងទៀត។
(៥) ប្រមូលទិន្នន័យដោយការធ្វើ survey ផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងប្រភពទិន្នន័យផ្លូវការ
ក្រៅពីនោះ មានយន្ដការវេទិកាជាងដប់ក្រុមរបស់វិស័យឯកជន ដែល(ខ្ញុំ)បានជួបជាប្រចំាជាមួយតំណាងវិស័យនីមួយៗ ដើម្បីគិតគូរថាត្រូវដោះ(ស្រាយ)អីទៀត សម្រួលអី ស្រាយអី។ ម្សិលម្ង៉ៃ (ឬ)អាទិត្យមុន បានជជែកជាមួយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ (ពី)ប្រតិបត្តិការក្រុមហ៊ុនយន្តហោះ (នៅកម្ពជា ថាតើ)យើងត្រូវបន្ថែមអីទៀតជួយគាត់។ ទម្លាក់ពន្ធកាត់ទុកឬទេ? ក្នុងរយៈពេលប៉ុន្មាន ដើម្បីឲ្យគាត់អាចហោះហើយបាន និងប្រមូលទេសចរមក។ ដូចជាធ្វើ charter flight អី។ ការធ្វើ survey ការជួបជាប្រចាំនេះ គឺជាការប្រមូលទិន្នន័យ។ ទិន្នន័យបឋម (primary data) នេះ សំខាន់ ប៉ុន្ដែត្រូវមានការសិក្សាច្បាស់លាស់ ហើយទាញមកផ្អែកលើមូលដ្ឋានវិទ្យាសាស្ដ្រ។ ការវិភាគមានច្រើន ដែលខ្ញុំតែងលើកឡើងថាមានពីរ គឺវិភាគបែបវិទ្យាសាស្ដ្រ និងវិភាគស៊ីអារម្មណ៍។ កុំយកការវិភាគស៊ីអារម្មណ៍មកដាក់ជាមូលដ្ឋាននៃការធ្វើគោលនយោបាយ។ ការប្រមូលទិន្នន័យ ក៏មិនមែនយកទិន្នន័យពី Google យកមកធ្វើការវិភាគទេ។ ប្រាកដណាស់ ត្រូវទាញយកទិន្នន័យផ្លូវការណាមួយ ដែលអាចធ្វើបាន ឬចុះ Survey …។
(៦) ទទួលយកនិងធ្វើសំយោគមតិទូទៅ ដោយផ្ទៀងផ្ទាត់ជាមួយដំណើរការគោលនយោបាយ
រាជរដ្ឋាភិបាលរង់ចាំទទួលលទ្ធផលពីវេទិកានេះ ដើម្បីធ្វើការសំយោគមតិទូទៅរបស់អ្នកជំនាញ អ្នកពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយផ្ទៀងផ្ទាត់ជាមួយដំណើរការគោលនយោបាយរបស់យើងផងដែរ ដើម្បីកំណត់បានថា “ដើរដល់ណា មានបញ្ហាអី នៅវិស័យណា ធ្វើការកែសម្រួល និងពង្រឹងយ៉ាងណា”។ នេះជារបៀបរបបដែលរដ្ឋាភិបាលធ្វើការ។ មិនមែនធ្វើដោយមនុស្សម្នាក់ក្នុងបន្ទប់ ៤ម៉ែត្រក្រឡា ហើយវិភាគគ្រប់រឿងនោះទេ … ពិតណាស់ ខ្ញុំមានសញ្ញាបត្របណ្ឌិតខាងសេដ្ឋកិច្ច ប៉ុន្ដែសួរថា ខ្ញុំដឹងពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ននេះនៅក្នុងវិស័យនេះ ជាងអ្នកដែលធ្វើផ្ទាល់ ប្រមូល(ទិន្នន័យ)ផ្ទាល់ និងជាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយជំនាញដែលធ្វើផ្ទាល់ឬទេ? ខ្ញុំមិនដឹងជាងទេ។ អញ្ចឹងបានជាយើងមានឋានានុក្រមនៃការចូលរួមពីវិស័យឯកជនពីគ្រប់ប្រភព ដើម្បីយករឿងដែលពួកគាត់ដឹងរៀងៗខ្លួន ម្នាក់មួយជ្រុងៗ មកផ្គុំគ្នា សំយោគជាជម្រើសគោលនយោបាយ។ គ្មានអ្វីល្អឥតខ្ចោះទេ ប៉ុន្ដែក្នុងចំណោមបញ្ហាដែលយើងដោះស្រាយបាន និងសុំការសម្រេច។
(៧) ទោះបានប្រុងប្រៀបល្អិតល្អន់រៀបចំគោលនយោយបាយយ៉ាងណា ក៏ស្ថានភាពសេដ្ឋកិច្ចនៅតែប្រែប្រួល
នេះជាផលសំខាន់។ យើងទទួលស្គាល់ថាគោលនយោយបាយ ទោះបីខិតខំធ្វើយ៉ាងណាក៏ដោយ សំយោគយ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ចក៏នឹងនៅតែប្រែប្រួលរហូត ។ ពេលដែលយើងធ្វើគោលនយោបាយ អត់មានសង្គ្រាមពាណិជ្ជកម្មទេ។ ឥឡូវ ក្នុងរយៈពេលមួយខែនេះ យើងហាក់ដូចជាមានសង្គ្រាមពាណិជ្ជកម្ម។ តើ បើមានសង្គ្រាមពាណិជ្ជ ស្ថានភាពវានឹងឈានទៅដល់ការប៉ះពាល់យ៉ាងណាលើសេដ្ឋកិច្ចប្រទេសមហាអំណាច? តើប៉ះឬទេ? ការដាក់ tariff ទៅវិញទៅមកនេះ វានឹងបង្កអោយមានផលប៉ះពាល់យ៉ាងណា? នេះជាសំណួរមួយចំនួន។ កាលពីយើងដាក់ចេញគោលនយោបាយ យើងបានព្យាករពី ២ ឬ៣ឆ្នាំមុន ពីការបង្កើតនិងប្រើប្រាស់ AI។ ប៉ុន្ដែ AI បានចូលមកលឿនជាងការដែលយើងបានព្យាករនេះ។ នេះជាការតាមដាន ធ្វើការវាយតម្លៃជាប្រចាំ ដើម្បីយើងពិនិត្យមើលថា តើស្អីខ្លះដែលយើងអាចធ្វើ? ស្អីខ្លះដែលយើងអាចជំរុញឲ្យមានចីរភាព?
(៨) កំណើនខ្ពស់ មិនមានមូលដ្ឋាន ល្អតែមួយរយៈ តែមិនមានភាពធន់ មិនមែនជាកំណើនពិត
សូមឯកភាពចំពោះការដែលដាក់ចេញ(ការនិទ្ទស្សន៍)ថា “កំណើនយឺតបន្ដិចចុះ ប៉ុន្ដែឲ្យមានចីរភាព និងភាពធន់” តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ។ ឯកឧត្តម សាយ សំអាល់ បានផ្ញើសារមកខ្ញុំថា ឥឡូវនេះ ការលក់ផ្ទះ អចលនទ្រព្យ បានកើនឡើងវិញហើយ ប៉ុន្ដែមិនកើនដូចមុនកូវីដ-១៩ទេ។ ខ្ញុំថា ត្រូវហើយ។ ពីមុនកើនក្នុងរបៀបដែលភាគច្រើនជា speculation។ ម្នាក់ៗ ទិញ ១០០ផ្ទះអីនោះ។ កំណើនឥឡូវនេះ គឺកំណើនពិតប្រាកដ។ កំណើនចំនួនអ្នកទិញគឺបែបនេះឯង។ កំណើនខ្ពស់មិនមានមូលដ្ឋាន អាចល្អក្នុងមួយរយៈ តែមិនមានភាពធន់ទេ។ កំណើនដែលមានមិនច្រើនក៏ដោយ តែមានមូលដ្ឋានច្បាស់លាស់ ជាកំណើនពិត។ តែយ៉ាងណាក្តី ពិភពលោកយើងមិនអាចហាមបានទេ។ វដ្ដនៃសេដ្ឋកិច្ចគឺអញ្ចឹង។ ទាល់តែអញ្ចឹងបានមានកំណើន។ ទោះជាយ៉ាងណាក៏ដោយ ការថែរក្សា និងការគិតគូរពីរចនាសម្ព័ន្ធមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ច ចាំបាច់ត្រូវតែរៀបចំ ត្រូវតែពិនិត្យមើល កែសម្រួលរចនាសម័ន្ធរបស់យើង។
(៩) ធាតុចូលពីប្រជាពលរដ្ឋ អ្នកជំនាញ មន្រ្តីរាជការ អ្នកស្រាវជ្រាវ វិស័យឯកជន ជាមជ្ឈមណ្ឌលសមាហរណកម្មគោលគំនិត
ដើម្បីធានាចីរភាពកំណើនរយៈពេលវែង ខ្ញុំសូមលើកទឹកចិត្តទៅដល់អ្នកដែលចូលរួម ធ្វើការពិភាក្សាគ្នាឲ្យបានផុសផុល។ យើងស្វាគមន៍ទស្សនៈរបស់បងប្អូន(អ្នកសិក្សាស្រាវជ្រាវ)។ កុំគិតថា ខ្លួនគ្រាន់តែជាអ្នក research តូចមួយ រាជរដ្ឋាភិបាលមិនអាចយក(លទ្ធផលនៃការរកឃើញទៅប្រើប្រាស់)។មិនដូចនោះទេ។ យើងត្រូវជជែកគ្នាពីធាតុផ្សំនីមួយៗ ព្រោះនេះជាប្រទេសរបស់យើងទាំងអស់គ្នា។ រដ្ឋាភិបាលស្ដាប់ប្រជាពលរដ្ឋ ស្ដាប់អ្នកជំនាញដើម្បីរកវិធីដោះស្រាយការប្រឈម។ យើងស្ដាប់ប្រជាពលរដ្ឋនូវអ្វីដែលគាត់ត្រូវការ។ យើងស្ដាប់អ្នកជំនាញថាតើជួយគ្នាដោះយ៉ាងម៉េច។ យើងឲ្យមានការចូលរួមពីគ្រប់វិស័យ ពីអ្នកជំនាញ ពីមន្រ្តីរាជការ ពីអ្នកស្រាវជ្រាវ ពីវិស័យឯកជន រួមទាំងពីប្រជាពលរដ្ឋផង ដើម្បីជាមជ្ឈមណ្ឌលសមាហរណកម្មគោលគំនិត …។
[ចប់សេចក្ដីអធិប្បាយ]
ខ្ញុំសង្ឃឹមជឿជាក់ថា សន្និសីទនាថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា ។ ជាថ្មីម្តងទៀត ខ្ញុំសូមលើកទឹកចិត្ត ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ ចូលរួមឱ្យបានសកម្ម និងផុសផុល […] នូវធាតុផ្សំទាំងអស់។
ជាចុងបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ាអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ឱ្យទទួលបានជោគជ័យ ក្នុងគ្រប់ភារកិច្ច និងជួបប្រទះនឹងពរ និងពុទ្ធពរទាំងប្រាំប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមប្រកាសបើក សន្និសីទប្រចាំឆ្នាំចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២៥ ចាប់ពីពេលនេះតទៅ៕ សូមអរគុណ!