ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និង រាជរដ្ឋាភិបាល;
ឯកអគ្គរាជទូត អគ្គរដ្ឋទូត នៃបណ្ដាប្រទេសនានាប្រចាំកម្ពុជា គណៈអធិបតី,
ភ្ញៀវកិត្តយស បណ្ដាដៃគូរអភិវឌ្ឍន៍ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិតនៃគ្រឹះស្ថានអប់រំ
បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ និងអង្គពិធីទាំងមូលជាទីមេត្រី!
ថ្ងៃនេះ, ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈលើកទី៩ ក្រោមប្រធានបទ«TVET ផ្តល់ ជំនាញ ការងារ និង ប្រាក់ចំណូល» នាពេលនេះ។
ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈ ជារៀងរាល់ឆ្នាំ បាននិងកំពុងឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល លើការកសាងមូលធនមនុស្សនៅកម្ពុជា ឱ្យក្លាយជាសសរទ្រូងដ៏ពិតប្រាកដ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយ ប្រសិទ្ធភាព បរិយាប័ន្ន និង ចីរភាព, សំដៅលើកកម្ពស់ជីវភាព និង សុខុមាលភាព របស់ប្រជាជនកម្ពុជា ជាបន្តបន្ទាប់, និង កាត់បន្ថយគម្លាតវិសមភាពសង្គមជាលំដាប់, ឆ្ពោះទៅការបង្កើតសង្គមមួយដែលមាន សិនិទ្ធភាព(សិ-ណិត-ធៈ-ភាប) សមធម៌ និង យុត្តិធម៌។
រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម–សេដ្ឋកិច្ច–ជាតិ»។ ការកែច្នៃប្រជាជនកម្ពុជាឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្រឱ្យភ្លឺត្រចះ និង មានតម្លៃឥតគណនា ចំពោះអត្ថិភាពនៃសង្គមស៊ីវិល័យនៅកម្ពុជា។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ១]
(១) មានសុខភាព ចំណេះដឹង/ជំនាញ និងការងារ/អាជីព ជាធនធានរបស់គ្រួសារនិងសង្គមជាតិ
(ក្នុងការកែច្នៃ)ធនធានមនុស្ស យើងផ្ដោតទៅលើការងារបី។ ទីមួយគឺសុខភាព, ទីពីរចំណេះដឹងជំនាញ និងទីបីគឺការងារឬអាជីព។ កសាងធនធានមនុស្ស(ឱ្យទៅ)ជាធនធានសំខាន់សម្រាប់ប្រទេសជាតិ ត្រូវយកចិត្តទុកដាក់ទៅលើសុខភាពរបស់គាត់តាំងពីតូចរហូតដល់គាត់ស្លាប់ទៅវិញ។ ធ្វើយ៉ាងណាឱ្យពលរដ្ឋម្នាក់ៗ ពោរពេញទៅដោយសុខភាពល្អ ជាធនធានរបស់គ្រួសារ មិនមែនជាបន្ទុករបស់គ្រួសារ ព្រោះសុខភាពមិនល្អគឺជានៅបន្ទុក។ ចំណេះដឹង បំណិន ក៏ចាំបាច់ ព្រោះមានសុខភាព ត្រូវមានសមត្ថភាព មានចំណេះដឹង និងបំណិនគ្រប់គ្រាន់ សម្រាប់ធានាការចូលរួមរបស់គាត់ក្នុងសង្គម។ បើមានសុខភាព ចំណេះដឹង បំណិនហើយ បើមិនអាចមានលទ្ធភាពនៅក្នុងការប្រើប្រាស់ឬចូលរួមកសាងប្រទេសគ្រប់សក្តានុពលនោះទេ ក៏មិនកើត។ បានន័យថាយើងប្រើប្រាស់ធនធានអត់អស់លទ្ធភាព។
(២) ពីកាត់ដេរនិងកម្មន្តសាល មកដល់ឧស្សាហកម្មបច្ចេកវិទ្យា និងIT ទាមទារការកសាងធនធានមនុស្ស
ការកសាងឱកាសការងារសំខាន់ណាស់។ ពីមួយឆ្នាំទៅមួយឆ្នាំ ការដាក់ចេញនូវការអនុវត្តនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលពីអាណត្តិ(មួយ)ទៅអាណត្តិ(មួយមានការ)ប្រែប្រួល។ យើងឃើញហើយថា ពី(ទសវត្ស)ឆ្នាំ១៩៩០ជាង វិស័យឧស្សាហកម្មដែលយើងរុញមុនដំបូង គឺខាងកាត់ដេរនិងកម្មន្តសាល ដែលត្រូវការជំនាញទាប។ ឥឡូវ យើងវិវត្តដល់ Automotive គឺដល់ឧស្សាហកម្មបច្ចេកវិទ្យា និងបន្តិចទៀតដល់ IT។ អញ្ចឹង ទាមទារការកសាងធនធានមនុស្សនិងបង្កើតការងារឱ្យស្រប(តាមសមត្ថភាពនិងការវិវត្តន៍នៃទីផ្សារ)។ យើងមិនអាចបង្រៀន Automotive នៅក្នុងស្រុក ហើយយើងមិនជំរុញឱ្យមានរោងចក្រផលិតរថយន្ត ដំឡើងរថយន្តក្នុងស្រុកនោះទេ។
បើ(ទុក)អញ្ចឹង (វា)ស្មើនឹងបណ្តុះបណ្តាល(អត់បានផល)។ ការបណ្តុះបណ្តាលជំនាញដែលគ្មាននៅក្នុងស្រុក ស្មើនឹងបណ្តុះបណ្តាលហើយទុកចោល ឬមួយបណ្តុះបណ្តាលហើយ បញ្ជូនទៅជួយនៅស្រុកគេ។ យើងចេញលុយបណ្តុះបណ្តាលមនុស្សចេះដំឡើងរថយន្ត តែដោយសារអត់មានការដំឡើងរថយន្តក្នុងស្រុក គឺរុញតែឱ្យទៅជួយនៅប្រទេសផ្សេង។ មកដល់ម៉ោងនេះ មានក្រុមហ៊ុនដំឡើងរថយន្ត ៨នៅក្នុងស្រុក ដែលមានរថយន្តធម្មតាប្រើប្រាស់សាំង ម៉ាស៊ូត និងរថយន្ត EV។ ទៅមុខ យើងនឹងខិតខំជំរុញការផលិតឱ្យកាន់តែច្រើនបន្ថែមទៀត និងទាញយកនូវបច្ចេកវិទ្យា AI ផ្សេងៗ មកប្រើ។ នេះគឺជានយោបាយរបស់រាជរដ្ឋាភិបាល។
[ចប់សេចក្ដីអធិប្បាយ១]
ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់យកការពង្រឹងគុណភាពអប់រំ និង ការបណ្តុះបណ្តាលជំនាញ, ទាំងជំនាញរឹង និង ជំនាញទន់, គឺជាផ្នែកមួយនៃគោលដៅយុទ្ធសាស្រ្តទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ គឺ «ការបង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព, ជូនដល់ប្រជាជនកម្ពុជា ជាពិសេស សម្រាប់យុវជន»។ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលក៏បានកំណត់យកការ-បណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស ដែលមានចំនួនសរុបប្រមាណជាង ១,៥ លាននាក់ នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈរបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និង វិជ្ជាជីវៈកម្រិត១ ដោយមិនបង់ថ្លៃសិក្សា និង ទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែ។ កិច្ចការនេះ គឺជាកម្មវិធីទី២ នៃកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាម ក្នុងឆ្នាំ២០២៣ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ២]
តាមរបាយការណ៍របស់ឯកឧត្តម ហេង សួរ គិតពីចន្លោះដែលយើងអនុវត្តផែនការនេះ ពីឆ្នាំ២០២៤ ដល់ខែ៥ នៃឆ្នាំ២០២៦ បានផ្ដល់ការបណ្ដុះបណ្ដាលដល់ជាង ២៧ម៉ឺននាក់ ជូនដល់កូនចៅប្រជាពលរដ្ឋ។ និយាយរួម គិតចាប់ពីចន្លោះឆ្នាំ២០២២ ដល់ពាក់កណ្ដាលឆ្នាំ២០២៦នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានធ្វើការបណ្ដុះបណ្ដាលជំនាញជូនដល់ប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺននាក់។ នេះគឺជាសមិទ្ធិផលមួយ ដែលខ្ញុំសូមធ្វើការកោតសរសើរចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
[ចប់សេចក្ដីអធិប្បាយ២]
ជាក់ស្តែង, រាជរដ្ឋាភិបាលបាននិងកំពុងខិតខំអភិវឌ្ឍប្រព័ន្ធអប់រំបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈមួយនៅកម្ពុជា ដែលនឹងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយ, ដោយបំពាក់ជំនាញពិតប្រាកដ, កសាងសីលធម៌ និងវិន័យ, ទាំងក្នុងជីវភាពប្រចាំថ្ងៃ និង នៅកន្លែងការងារ, ដល់ប្រជាពលរដ្ឋ តាមរយៈ ការរៀបចំកម្មវិធីអប់រំបណ្តុះបណ្តាល ដែលមានលក្ខណៈបត់បែន ស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេស យុវជន និង អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ឬ «មិនទុកឱ្យពលរដ្ឋណាម្នាក់គ្មានជំនាញនោះឡើយ»។
ក្រសួងការងារ និងក្រសួងអប់រំ បានសហការគ្នារៀបចំនូវគន្លងអប់រំថ្មីមួយ ដែលហៅថាគន្លងវិជ្ជាជីវៈ។ កន្លងទៅក្រសួងអប់រំមានគន្លងពីរ គន្លងវិទ្យាសាស្ត្រ និងគន្លងវិទ្យាសាស្ត្រសង្គម ឥឡូវគឺសុំឱ្យជំរុញមួយទៀត នៅក្នុងដើមអាណត្តិនេះ។ ខ្ញុំបានណែនាំឱ្យឯកឧត្តម ហេង សួរ និងឯកឧត្តម ហង់ជួន ណារ៉ុន ធ្វើការជាមួយគ្នា។ មកដល់ពេលនេះយើងក៏បានដាក់សាកល្បងនៅ ៤៩ វិទ្យាល័យ ធ្វើយ៉ាងណា ចង់ឱ្យមានគន្លងនៅក្នុងការជ្រើសរើសនៅក្នុងការបណ្ដុះបណ្ដាល។ គន្លងវិជ្ជាជីវៈមានគោលបំណងជួយតម្រង់ទិសសិស្ស នៅក្នុងការជ្រើសរើសអាជីពការងារ ដូចជានៅក្នុងបច្ចេកទេសផ្នែកឧស្សាហកម្ម កសិ-ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម ផលិតកម្ម កសិកម្ម សេវាកម្ម អ្នកគ្រប់គ្រងការដ្ឋាន ជំនួយការវិស្វករ អ្នកបច្ចេកទេសកម្រិតមធ្យម ជាមួយការបន្ថែមជំនាញឌីជីថល និងបញ្ញាសិប្បនិម្មិត ឬ AI ដោយអនុវត្តអនុញ្ញាតឱ្យសិស្សដែលប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ប៉ុន្តែបានចូលរៀន ឬប្រឡងជាប់កម្មវិធីស្ពានចម្លង ឬកម្មវិធីសមមូល អប់រំកម្រិតមូលដ្ឋាន BEEP – Basic Education Equivalency Program កម្មវិធីសមមូលអប់រំយុវជននិងកីឡា អនុញ្ញាតឱ្យយុវជនកម្ពុជាដែលមានអាយុចាប់ពី ១៤ឆ្នាំឡើងទៅ និងបានបោះបង់ការសិក្សារៀនបញ្ចប់ថ្នាក់ទី៩ និងទទួលបានសញ្ញាបត្រសមមូល អាចចូលរៀនឆ្នាំទី១ នៃគន្លងវិជ្ជាជីវៈ។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៣]
(៣) មិនទុកឱ្យយុវជនបោះបង់ការសិក្សា គ្មានស្ពានឆ្លងទៅចាប់ឱកាសនិងជំនាញ/បំណិន
(៤) រៀបចំកម្មវិធីគន្លងថ្មី ដើម្បីអ្នកមិនបានចូលមធ្យមសិក្សាទុតិយភូមិ ចាប់យកការបណ្តុះបណ្តាលបំណិន
ខ្ញុំជឿថា ទាំងអស់គ្នាមិនចាំបាច់ត្រូវតែរៀនរហូតដល់ថ្នាក់បាក់ឌូប្លិ៍ តាមគន្លងនៃក្រសួងអប់រំទាំងអស់នោះដែរ។ នៅច្រើនប្រទេស ជាក់ស្ដែងដូចជានៅសិង្ហបុរីជាដើម មានគន្លងតាមក្រសួងអប់រំនិងគន្លង Polytechnic។ ដូចនៅយើង មាន TVET ដើម្បីជា(ការបណ្តុះបណ្តាល)ជំនាញ។ ទីពីរ យើងក៏ចង់បានធនធានមនុស្សមានមូលដ្ឋាន(បណ្តុះបណ្តាល)សម្រាប់បម្រើឧស្សាហកម្ម បម្រើវិស័យផ្សេងៗទៀត។ មិនចាំបាច់(រៀន)ដល់ចប់ថ្នាក់ទី១២ ហើយបានយកទៅតម្រង់ទិសសម្រាប់បម្រើឧស្សាហកម្មនោះទេ។ (យើងត្រូវ)ធ្វើយ៉ាងណាជំរុញអនុវត្តរៀបចំគន្លងថ្មីនេះឱ្យបានលឿន ជាជាងទុកធនធានមនុស្សយើង ដែលឆ្លងមិនផុតចូលទៅមធ្យមសិក្សា(ទុតិយភូមិ) អាចចាប់យកឱកាសដើម្បីបណ្ដុះបណ្ដាលបន្ត/បន្ថែមទៀត។
[ចប់សេចក្ដីអធិប្បាយ៣]
ក្រសួងអប់រំ យុវជន និង កីឡា និង ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានចាប់ផ្តើមអនុវត្តសាកល្បងនូវ «គន្លងអប់រំថ្មីនៅកម្ពុជា» ចាប់ពីឆ្នាំសិក្សា២០២៥-២០២៦ នៅវិទ្យាល័យ ចំនួន ៤៩ ដោយផ្តល់ជម្រើសបន្ថែមដល់សិស្សវិទ្យាល័យ ដែលស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម និងមានបំណងចូលទៅកាន់ទីផ្សារការងារលឿន អាចជ្រើសរើសយក «គន្លងវិជ្ជាជីវៈ» នៅវិទ្យាល័យសាមី ទៅតាមឧបនិស្ស័យ និងបំណិនរបស់ខ្លួន។
សម្រាប់ឆ្នាំ២០២៧, ក្រសួងទាំងពីរកំពុងពិនិត្យវាយតម្លៃសាលាចំនួន ៥បន្ថែមទៀត ដែលមានទីតាំងក្បែរតំបន់សេដ្ឋកិច្ចពិសេស នៅខេត្តចំនួន៤ រួមមាន៖ វិទ្យាល័យទេព-ប្រណម្យ និង វិទ្យាល័យហ៊ុនសែនអង្គស្នួល(ខេត្តកណ្តាល), វិទ្យាល័យស្វាយរៀង(ខេត្ត-ស្វាយរៀង), វិទ្យាល័យហ៊ុនសែនក្រគរ(ខេត្តពោធិ៍សាត់), និង វិទ្យាល័យសម្តេចឪសម្តេចម៉ែបសេដ្ឋ(ខេត្តកំពង់ស្ពឺ)។
[ចាប់ផ្ដើមសេចក្ដីអធិប្បាយ៤]
(៥) គាំទ្រគំនិតផ្ដួចផ្ដើមបង្កើតថ្នាក់បណ្ដុះបណ្ដាលចល័ត រុញសាលាទៅដល់មូលដ្ឋានភូមិ/ឃុំ/ស្រុក
អម្បាញ់មិញ មុនចូលមក ក៏បានដើរទៅមើលឃើញ។ មិនតិចទេ។ ចប់ពីនេះ មានកម្មវិធីទៅមើលបន្ថែមទៀត។ ខ្ញុំសូមគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតថ្នាក់បណ្ដុះបណ្ដាលចល័ត និយាយជារួម មានគោលបំណងជំរុញសាលាទៅដល់មូលដ្ឋាន នាំការបណ្ដុះបណ្ដាលឲ្យរត់ទៅរកបងប្អូននៅនឹងភូមិ/ឃុំ/ស្រុក។ កម្មវិធីនេះជួយដោះស្រាយបញ្ហាបងប្អូននិងក្មួយៗ មួយចំនួន ដែលអាចមានកាតព្វកិច្ចនៅផ្ទះ ហើយឆ្លៀតមករៀនបាន ដោយមិនចាកចេញពីផ្ទះមករៀននៅភ្នំពេញ ឬនៅទីរួមខេត្ត។ បច្ចុប្បន្ន ថ្នាក់ចល័តនេះផ្ដោតទៅលើ(មុខជំនាញចំនួន)៨ រួមមានការថែទាំបរិក្ខារត្រជាក់ ធុរកិច្ច ភេសជ្ជៈ មានឆុងកាហ្វេ មានភេសជ្ជៈ … អម្បាញ់មិញ ឯកឧត្តម ហេង សួរ បានលើកឡើងហើយៗ គ្រោងគិតគូរបន្ថែមទៀតដើម្បីឲ្យស្របទៅតាមតម្រូវការទីផ្សារ។ ខ្ញុំសូមធ្វើការកោតសរសើរចំពោះ(ការរៀបចំនេះ) ព្រោះស្ថានភាពបច្ចុប្បន្ននេះខុសពីមុន។ ពីមុនយើងថា មនុស្សត្រូវជិះទូកកាត់ទន្លេមករៀននៅភ្នំពេញ មកស្នាក់នៅវត្ត មកស្នាក់នៅផ្ទះបងប្អូន ឬមួយនៅទីរួមខេត្ត។ ឥឡូវ យើងរុញសាលាទៅដល់ខេត្ត ទៅដល់ស្រុក។ បើបឋមសិក្សាមានរហូតដល់ឃុំ។
(៦) ថ្នាក់បណ្ដុះបណ្ដាលចល័ត នឹងធ្វើឲ្យយុវជនកាន់តែមានលទ្ធភាពឆ្លៀតពីការងារផ្ទះមករៀនបាន
ចំពោះ TVET ដែលយើងត្រូវពង្រីកនេះ កន្លងទៅ យើងបានរៀបចំជាកម្មវិធីមួយចំនួនមកបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលរបស់ខេត្តឬរាជធានីភ្នំពេញ។ យើងឃើញថា នៅក្នុងអាណត្តិនេះ ក្រៅពីគ្រាន់តែបង្កើតសាលា បង្កើតកម្មវិធីឲ្យរៀន free រាជរដ្ឋាភិបាលក៏បានដាក់ចេញការដោះស្រាយសម្រាប់ប្រជាពលរដ្ឋពីគ្រួសារក្រីក្រ ដែលមានបណ្ណក្រីក្រ ដោយយើងផ្ដល់នូវថវិកាបំប៉នបន្ថែមទៀត។ ទោះជាប៉ុណ្ណេះក៏ដោយ ការវិវត្តទៅមុខ គឺការច្នៃប្រឌិតដើម្បីធ្វើឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនកាន់តែមានលទ្ធភាព។ ក្រោយពីការធ្វើការវាយតម្លៃទៅ ក្រសួងការងារក៏បានឃើញថា ទោះបីជាយើងដាក់ចេញនូវកម្មវិធី រុញទៅដល់ខេត្ត មានប្រាក់បំប៉ន ក៏នៅមានក្មួយៗ ប្អូនៗ មួយចំនួនពិបាកនឹងបែងចែករវាងលទ្ធភាពបំពេញភារកិច្ចប្រចាំថ្ងៃនៅផ្ទះ និងការឆ្លៀតពេលមករៀន។ អញ្ចឹង ក្រសួងក៏ដាក់ចេញនូវកម្មវិធីជំនាញចល័ត រុញកម្មវិធីនេះទៅដល់ផ្ទះ ទៅដល់ស្រុក ហើយអនុវត្តសាកល្បងក្នុងពេលឆាប់ៗនេះ។
(៧) ការបណ្ដុះបណ្ដាលត្រូវផ្ដោតលើគុណភាពគ្រូ មេរៀន និងគ្រប់គ្រងវិន័យ
ឥឡូវ យើងនាំគ្នាសប្បាយចិត្តថាមានកម្មវិធីថ្មី ប៉ុន្តែដល់ ១០០នាក់ រៀនហើយស្រាប់តែធ្វើការបានតែ ២០នាក់ ឯប៉ុន្មាននាក់ទៀតទៅរៀនរបៀបលេងៗ ហើយគ្រូចិត្តល្អ ចេះតែឲ្យពិន្ទុទៅជាប់ដែរ (វានឹងមិនមានគុណភាពទេ)។ កុំអោយ(មានករណីដូចនេះឱ្យ)សោះ។ បើយើងចង់ឲ្យថ្នាក់រៀននេះមានតម្លៃ ទាល់តែពិនិត្យគុណភាព ព្រោះចុងបញ្ចប់ សូម្បីតែទៅដល់មូលដ្ឋានក៏ដោយ បើរៀនហើយមិនចេះ រៀនហើយមិនប្រាកដថាអាចធ្វើការបាន អញ្ចឹង(វាមិនមាន)តម្លៃ (រីឯ)ឪពុកម្ដាយក៏មិនឲ្យមករៀនទៀតដែរ។ ប៉ុន្តែ បើមករៀនហើយ ក្នុង ១០០នាក់ មាន៧០-៨០ នាក់មានសមត្ថភាព(រកការងារធ្វើបាន) និង ២០នាក់ដែលអត់បានការងារក៏ដោយ ប៉ុន្តែមានការយល់ដឹង បានប្រយោជន៍ហ្នឹង គាត់ប្រាកដជាមកហើយ។
(៨) កុំបារម្ភពីការមិនគ្រប់បរិមាណ
សូមកុំខ្លាចរឿង(មិនគ្រប់)បរិមាណ។ បើថាមិនគ្រប់ទេ ឲ្យផ្អាកទៅ។ ចាំចុះឈ្មោះពេលណាដែលគាត់មានលទ្ធភាពមកវិញ … យើងមិនអាចថាចូលទៅដល់មួយភូមិនេះ ឧទាហរណ៍ឲ្យទិន្នន័យថាមាន ១០០នាក់ មានសិស្ស ៦០នាក់ហើយបានរៀន(តាមកម្មវិធីហ្នឹង)ចប់ តែដល់ទៅរកមនុស្សមកធ្វើការមែនទែន អត់មាន បានតែ ១០នាក់ ឯក្រៅពីហ្នឹងធ្វើអីអត់បាននោះទេ។ ថារៀនឆុងកាហ្វេ ស្រាប់តែមកវិញអត់ស្គាល់ម៉ាស៊ីនមិនចេះចុចផង … សំខាន់បំផុត ក្រសួងត្រូវធ្វើការត្រៀមលក្ខណៈ ត្រៀមគ្រូឲ្យច្បាស់ គ្រូឲ្យប្រាកដ មេរៀនឲ្យចំ។ ជាក់ស្ដែង ក្នុងសប្ដាហ៍មុននេះ ខ្ញុំបានទៅលួចមើលវគ្គហ្វឹកហ្វឺនមួយ។ ក្នុងវគ្គហ្វឹកហ្វឺននេះ គ្រូមួយក្រុមបានស្រាវជ្រាវមេរៀនថ្មី តែក្រោយពីស្រាវជ្រាវបានហើយ ក៏ទម្លាក់ទៅឲ្យក្រុមមួយទៀតដើម្បីបើកថ្នាក់(បណ្តុះបណ្តាល) ២០០នាក់។
ពេលដែលខ្ញុំសួរទៅគ្រូដែលត្រូវបង្រៀនថាធ្លាប់បង្រៀន(មុខវិជ្ជាហ្នឹងឬ)អត់ ពួកគាត់ថា “អត់ធ្លាប់ទេ។ ខ្ញុំធ្លាប់បង្រៀនតែកម្រិតមួយ។ ប៉ុន្តែឥឡូវថ្នាក់លើទម្លាក់មេរៀនឲ្យកម្រិតពីរ ខ្ញុំត្រូវអង្គុយមើលសៀវភៅ ហើយត្រូវបង្រៀនកម្រិតពីរ”។ បើដូចហ្នឹងងាប់បាត់ហើយ។ វាគ្មានថ្នាក់រៀនណាដែលគ្រូមិនដែលបង្រៀនកម្រិតពីរ យកមេរៀនថ្នាក់ទីពីរឲ្យគ្រូអង្គុយអាន ហើយបង្រៀនទេ។ អញ្ចឹង (រៀបចំ)គ្រូឲ្យប្រាកដ។ ខ្វះគ្រូឆុងកាហ្វេ កុំយកគ្រូអគ្គិសនី(ទៅជំនួស ហើយ) ថាចេះអគ្គិសនីដែរ ចេះបើកម៉ាស៊ីនហើយ យកទៅឆុងកាហ្វេ។ បង្រៀនមិនស្រួល លាយរាគរូសអ្នកទទួលទាន។ ខ្ញុំនិយាយលេងសើចទេ ប៉ុន្តែមុនគេក្នុងការធានាគុណភាព គឺធានាគុណភាពគ្រូ។
(៩) បើគ្មានគ្រូគ្រប់ កុំបើកវគ្គបង្រៀនសិស្ស បើកវគ្គ training of trainers វិញ
បើសិនជាគ្រូមិនប្រាកដទេ សិស្សកាន់តែមិនប្រាកដទៅទៀត។ ជាជាងបើកថ្នាក់ប្រាំ បើគ្មានគ្រូគ្រប់ប្រាំ ដំបូងកុំបើកវគ្គបង្រៀនសិស្ស។ បើកវគ្គបង្រៀន training of trainers ទៅ។ គ្រូហ្នឹងត្រូវមានប្រឡងស្រួលបួល។ បើមិនអញ្ចឹងទេ កាលបើគ្រូអត់ចេះហើយ គ្មានអីក្រៅពីអង្គុយលេងជាមួយសិស្សទេ។ គាត់មាន ៥មេរៀន ដែលត្រូវបង្រៀន តែគាត់ច្បាស់តែ២ ដូច្នេះគាត់បង្រៀនតែ២ ឯ៣ ទៀតហ្នឹង គាត់(រំលង) ឬមិនស្រួលបង្រៀនរាំ។ ខ្ញុំសូមថា ខ្ញុំគាំទ្រគំនិតផ្ដួចផ្ដើម តែសូមធានាគុណភាពឲ្យបាន ព្រោះរៀនខុស គ្រោះថ្នាក់ទៀត។ សិស្សត្រូវជឿគ្រូ។ បើគ្រូទៅបង្រៀនមិនច្បាស់ សិស្សរៀនដំបូងយកក្បួនខុសហ្នឹង(មកហើយ)។ សូមធ្វើម៉េចយកចិត្តទុកដាក់ទៅលើការបណ្ដុះបណ្ដាលគ្រូ រៀបចំមេរៀនឲ្យត្រូវ។ តែមានគ្រូល្អ សម្ភារៈគ្រូច្នៃបាន។
តែបើមានសម្ភារៈល្អ គ្រូអត់ទាំងចេះប្រើសម្ភារៈ ហ្នឹងគឺបញ្ហាហើយ។ បទពិសោធនេះ ខ្ញុំទើបតែបានជួបថ្មីៗ កាលពីចុងសប្ដាហ៍មុនទេ។ ចុងសប្ដាហ៍ ខ្ញុំមានកម្មវិធីក្រៅផ្លូវការរបស់ខ្ញុំ។ ចុះទៅមើល ទៅឆ្មក់(តាមដាន)។ គេរាយការណ៍ឲ្យខ្ញុំវគ្គនេះអញ្ចេះៗ បានរៀបចំមេរៀនថ្មីអញ្ចេះៗ។ ខ្ញុំទៅដល់ ខ្ញុំហៅគ្រូមកសួរផ្ទាល់។ ទីបំផុត គ្រូថាខ្ញុំធ្លាប់តែបង្រៀនថ្នាក់ទីមួយ ដល់ឥឡូវថ្នាក់ទីពីរនេះ ខ្ញុំយកសៀវភៅទៅអង្គុយរៀន ហើយកាត់យល់ខ្លួនឯង ចាំយកទៅបង្រៀនគេស្អែក។ អត់បានទេ។ ដាច់ខាតត្រូវមានថ្នាក់បង្រៀនគ្រូឲ្យប្រាកដ។ ខ្ញុំអត់និយាយថ្នាក់ណា មេរៀនណា មុខវិជ្ជាអីទេ។ ហ្នឹងលាក់ការណ៍ … ប៉ុន្តែវាអត់ខុសពីជំនាញទេ។ គ្រប់វិស័យត្រូវធ្វើយ៉ាងម៉េច …
(១០) គ្រូគ្មានការបណ្ដុះបណ្ដាល ខ្ជះខ្ជាយពេលវេលា ខ្ជះខ្ជាយធនធាន និងបង្រៀនខុសគោលដៅ
ខ្ញុំជឿថា ក្រសួងការងារអត់ខ្វះគ្រូទេ។ យើងមានសាលាប៉ុន្មានហើយពីភ្នំពេញ។ ប៉ុន្តែ ប្រយ័ត្នបញ្ហាត្រង់ថា គ្រូពីភ្នំពេញអត់ព្រមទៅ។ ដល់ពេលគ្រូពីភ្នំពេញអត់ព្រមទៅ ផែនការមានហើយ ស្រាប់តែទៅយកគ្រូមិនច្បាស់លាស់នៅតាមមូលដ្ឋាន។ ហ្នឹងក៏មានបញ្ហា។ គ្រូនៅមូលដ្ឋានក៏ដោយ ឲ្យតែគាត់ច្បាស់លាស់ មានការបណ្ដុះបណ្ដាលឲ្យច្បាស់សិន ហើយមានសូចនាករវាយតម្លៃឲ្យច្បាស់។ ខ្ញុំសុំតែប៉ុណ្ណឹងទេ។ បើមិនអញ្ចឹង យើងនឹងចំណាយខ្ជះខ្ជាយពេលវេលា ខ្ជះខ្ជាយធនធាន បង្រៀនខុសគោលដៅ បង្រៀនខុសសមត្ថភាព … គឺជាធនធានមនុស្សរបស់ជាតិយើង។ ឥឡូវហាងកាហ្វេ គេជួលមនុស្សយ៉ាងម៉េច បើអ្នកចប់វគ្គរបស់ក្រសួងការងារ មក(ធ្វើការ)អត់ចេះ … ជាងម៉ាស៊ីនត្រជាក់បែបម៉េច បើមកជួសជុល តែវាខូចលើសដើម។ ដោះបាន តែដល់ទៅផ្គុំវិញសល់ខ្ចៅ។ ពីក្មេង ខ្ញុំឧស្សាហ៍យកឡាន(ល្បែង)មកហ្នឹងក៏ដោះ ដល់តែដោះៗ ផ្គុំទៅវិញសល់ខ្ចៅ។ ឧទាហរណ៍។
(១១) រៀនចប់ រៀនចេះ រៀនហើយផ្គុំជាមួយការងារបាន គឺជាគោលដៅសម្រាប់ TVET
គុណភាពនេះសំខាន់។ បរិមាណល្អហើយ ប៉ុន្តែគុណភាពនៃបរិមាណនេះ(ត្រូវតែច្បាស់) បានន័យថាមួយឲ្យដឹងមួយតែម្ដង។ យើងមិនអាចយកថ្នាក់កម្រិតខ្ពស់ទៅបង្រៀននៅមូលដ្ឋាន តែថ្នាក់មូលដ្ឋានហ្នឹង ឬបឋមហ្នឹង ឲ្យច្បាស់តែបឋមថាចេញមកអាចធ្វើអីបាន។ យើងបង្កើនទំនុកទុកចិត្ត។ បានន័យថា យើងបង្កើនឱកាសការងារឲ្យគាត់។ ពេលដែលសិស្សរៀនចប់ មានទឹកដៃ មានគុណភាព កន្លែង(ការងារ/ក្រុមហ៊ុន)គេចង់បាន/យក។ តែបើកាន់សញ្ញាបត្រ តែ(ចំណេះធ្វើ/ជំនាញ)ហ្នឹងអត់ច្បាស់ ប្រហែលជាក្រុមហ៊ុនមួយៗ ឬសិប្បកម្មមួយៗ មិនចង់យកទេ ព្រោះបើមួយមក (មាន)បញ្ហាដប់ (ជួយ)បានតែពីរបានតែបី អញ្ចឹងគេពិបាក។ តែបើមួយដឹងមួយ ហ្នឹងគឺបង្កើននូវឱកាសការងារ។ រៀនឲ្យចប់ រៀនឲ្យចេះ រៀនហើយឲ្យផ្គុំជាមួយការងារដែលអាចធ្វើទៅបាន។ ហ្នឹងគឺជាគោលដៅដែលយើងចង់បាន សម្រាប់ TVET។ ខ្ញុំសូមឲ្យយកចិត្តទុកដាក់ទៅលើចំណុចនេះ។
[ចប់សេចក្ដីអធិប្បាយ៤]
ទន្ទឹមនេះ, រាជរដ្ឋាភិបាលក៏បន្តរក្សាបាននូវ សុខសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខសង្គម, សណ្តាប់ធ្នាប់សាធារណៈ, ព្រមទាំងបន្តរក្សាបាននូវ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ភាពធន់នៃហិរញ្ញវត្ថុសាធារណៈ, កំណើននៃពាណិជ្ជកម្មអន្តរជាតិ, និង ការបណ្តាក់ទុនវិនិយោគ, ទាំងក្នុងស្រុក និង ពីបរទេស, ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតការងារថ្មី និង រក្សាការងារចាស់ ក៏ដូចជា ការធានានិរន្តរភាពនៃទីផ្សារសម្រាប់ផលិតផល និង កសិផលកម្ពុជា។ ជាក់ស្តែង, សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់ និង រឹងមាំ ជាងការរំពឹងទុក ក្នុងអត្រាប្រមាណ ៥,៣% នៅឆ្នាំ២០២៥ ជាមួយអត្រាអតិផរណាទាប, ស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក, ក៏ដូចជា កំណើនរឹងមាំនៃការនាំចេញ និង ទុនបម្រុងអន្តរជាតិ។
ក្នុងគោលបំណងជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និង វិជ្ជាជីវៈនៅកម្ពុជា ឱ្យផលិតបាននូវមូលធនមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយដែលមានជំនាញពិតប្រាកដ ព្រមទំាងមានសីលធម៌និងវិន័យល្អ, ខ្ញុំសូមដាក់ចេញជាអនុសាសន៍មួយចំនួន ដូចខាងក្រោម៖
ទី១. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តធ្វើបរិវត្តកម្មការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និង វិជ្ជាជីវៈ តាមរយៈ ការពង្រឹងប្រព័ន្ធអប់រំបណ្តុះបណ្តាលជំនាញ; កែលម្អប្រព័ន្ធអេកូឡូស៊ីសម្រាប់ការអភិវឌ្ឍជំនាញ, ផ្លាស់ប្តូរជំនាញ, និង បង្កើនជំនាញ តាមរយៈ ការកែតម្រង់កម្មវិធីបណ្តុះបណ្តាលជំនាញ, កម្មវិធីផ្លាស់ប្តូរជំនាញ, កម្មវិធីបង្កើនជំនាញ, កម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ, កម្មវិធីធ្វើតេស្តវាយតម្លៃសមត្ថភាពដែលមានពីមុន, និង កម្មវិធីបណ្តុះបណ្តាលនៅកន្លែងការងារ; ដោះស្រាយបញ្ហានៃភាពមិនស៊ីសង្វាក់គ្នារវាងការ-បណ្តុះបណ្តាល និង តម្រូវការទីផ្សារ, ទាំងប្រភេទ និង គុណភាពជំនាញ, តាមរយៈ ការ-ពង្រឹង កម្មវិធីហ្វឹកហ្វឺនកូនជាង, កម្មវិធីបណ្តុះបណ្តាលជំនាញផ្អែកលើការងារ, និង កម្មវិធីបណ្តុះបណ្តាលជំនាញ តាមបច្ចេកវិទ្យាឌីជីថល; និង ជំរុញការបណ្តុះបណ្តាលចល័ត, និង ការបង្កើនវេនសិក្សាឱ្យបានច្រើន ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេស យុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ទី២. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវសហការកាន់តែជិតស្និទ្ធជាមួយក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បន្តជំរុញការបង្កើតបរិយាកាសល្អ សម្រាប់ការអប់រំនិងការបណ្តុះបណ្តាល ប្រកបដោយគុណភាព និង ជំនាញខ្ពស់ តាមរយៈ ការពង្រឹងអភិបាលកិច្ចល្អនៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល, ការពង្រឹងគុណភាពនៃការអប់រំ បណ្តុះបណ្តាលគ្រប់កម្រិត, ការជំរុញការដាក់ឱ្យប្រើប្រាស់ «គន្លងអប់រំថ្មីនៅកម្ពុជា» ដោយបញ្ចូល «គន្លងវិជ្ជាជីវៈ» ទៅក្នុងការអប់រំនៅថ្នាក់មធ្យមសិក្សាទុតិយភូមិ, ការជំរុញការបង្កើតសាលារៀនជំនាន់ថ្មី និង សាលាគំរូ, និង ការលើកកម្ពស់ការអប់រំ ឌីជីថល រួមទាំង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាល។
ទី៣. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជំរុញប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ នៃការអនុវត្ត «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និង វិជ្ជាជីវៈ» និង «គោលនយោបាយជាតិស្ដីពីមុខរបរ និង ការងារ» ដោយត្រូវបន្ស៊ីគ្នាជាមួយគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មថ្មី។ ក្នុងន័យនេះ, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC) ត្រូវពន្លឿនការសិក្សារៀបចំ គោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មថ្មី (New IDP Policy) ដោយត្រូវកំណត់ឱ្យបានជាក់លាក់អំពីឧស្សាហកម្ម និង ផលិតកម្មអាទិភាព ដើម្បីជាមូលដ្ឋានក្នុងការសិក្សារៀបចំតម្រូវការជំនាញសម្រាប់រយៈពេល ខ្លី, មធ្យម និង វែង។
ទី៤. ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល បន្តជំរុញការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ ១,៥ លាននាក់ នៅត្រឹមឆ្នាំ២០២៨, ព្រមទាំងលើកកម្ពស់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ដោយផ្អែកលើតម្រូវការជាក់ស្តែង និង សក្តានុពលរបស់មូលដ្ឋានសាមី ដើម្បីគាំទ្រដល់យុទ្ធនាការបង្កើតការងារនៅហ្នឹងកន្លែង និង ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ ទន្ទឹមនេះ, ត្រូវបន្តរៀបចំការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង វិជ្ជាជីវៈ ជូនដល់ពលករត្រឡប់មកពីប្រទេសថៃ ដើម្បីជំរុញការផ្លាស់ប្តូរជំនាញ ឱ្យស្របតាមតម្រូវការការងារក្នុងស្រុក ព្រមទាំងអនុវត្តការវាយតម្លៃផ្អែកលើសមត្ថភាពទទួលស្គាល់ជំនាញ និងការសិក្សាដែលមានពីមុន ដោយឥតគិតថ្លៃសម្រាប់ពលករខ្មែរដែលទើប ត្រឡប់ពីប្រទេសថៃ។
(១២) មិនហាមឃាត់ឱកាសការងារក្រៅប្រទេស ប៉ុន្តែផ្តល់អាទិភាពដល់សក្តានុពលកម្លាំងពលកម្មបម្រើការអភិវឌ្ឍកម្ពុជា
កិច្ចការ(អនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ)នេះ ខ្ញុំក៏សូមអរគុណដល់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដែលបានជួយនៅក្នុងការភ្ជាប់ ជាពិសេសសមាហរណកម្ម បងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃបានច្រើនកាលពីឆ្នាំទៅ។ ការដោះស្រាយបញ្ហាអត្តសញ្ញាណជាឧបសគ្គដំបូងសំរាប់បងប្អូនទៅចុះឈ្មោះការងារ។ ពិតណាស់ យើងមិនអាចស្រូបម្តងបានទាំងអស់ទេ តែ(ធ្វើ)ជាបណ្តើរៗ។ ទោះជាយ៉ាងណា ខ្ញុំមានការសប្បាយរីករាយ ដែលកម្លាំងពលកម្មទាំងអស់នេះ បានចូលមកជួយជំរុញតាមវិស័យ(នានា)ក្នុងប្រទេស។ យើងត្រូវធ្វើកិច្ចការទាំងអស់នេះបន្ត។ ការពង្រឹងការរកឱកាសការងារក្រៅប្រទេស ក៏មិនមែនជាឧបសគ្គ ឬជាការហាមឃាត់ ប៉ុន្តែអ្វីដែលសំខាន់គឺពង្រឹងមូលដ្ឋាន ពង្រឹងសក្តានុពលនៃកម្លាំងពលកម្មរបស់កម្ពុជា សម្រាប់បម្រើឱ្យការអភិវឌ្ឍកម្ពុជាគឺជាអាទិភាព។
(១៣) យន្តការពាណិជ្ជកម្មសេរីបើកច្រកឱ្យប្រទាក់ក្រឡាជាមួយទីផ្សារ តែទាមទារសមត្ថភាពប្រកួតប្រជែង
យើងកំពុងជំរុញនិងសម្រួចបន្ថែម រៀបចំគោលនយោបាយឧស្សាហកម្មថ្មី ព្រោះឥឡូវស្ថានភាពវាវិវត្ត បច្ចេកវិទ្យាវិវត្ត ការប្រកួតប្រជែងលើពិភពលោកក៏វិវត្ត។ កម្ពុជាបានសមាហរណកម្មទៅក្នុងពិភពលោក ក្នុងយន្តការ WTO ក្នុងអាស៊ាន។ យើងចូលយន្តការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសមួយចំនួន ដូចជាយន្តការពាណិជ្ជកម្មសេរីនៅអាស៊ី អាស៊ាន នៅក្នុងតំបន់ដូចជា RCEP ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ទាំងនេះគ្រាន់តែបើកច្រកឱ្យយើងមានលទ្ធភាពប្រទាក់ក្រឡាជាមួយទីផ្សារដទៃប៉ុណ្ណោះ។ មិនមែនបានន័យថា បើកហើយធានាថាយើងមិនខំប្រឹងក៏ឈ្នះដែរទេ។ ផ្ទុយទៅវិញ ការចូលប្រទាក់ក្រឡានៅក្នុងផ្សារអន្តរជាតិ កាន់តែទាមទារឱ្យសម្រួចសមត្ថភាពប្រកួតប្រជែងរបស់យើង។ បើចង់លេងទីផ្សារសេរី ទាល់តែប្រកួតប្រជែង ទាល់តែប្រឹង។ រាជរដ្ឋាភិបាលច្រើនអាណត្តិមកនេះ តាំងពីអាណត្តិមុនៗ ក្រោមការដឹកនាំរបស់សម្តេចតេជោ តែងតែលើកកម្ពស់ការកែទម្រង់ ដើម្បីធ្វើឱ្យនយោបាយសេដ្ឋកិច្ច នយោបាយឧស្សាហកម្ម និងគ្រប់វិស័យទាំងអស់ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលប្រព័ន្ធការងារ និងលើកទឹកចិត្តឱ្យមានការទាក់ទាញមកកម្ពុជា។
(១៤) ការបណ្តុះបណ្តាលបត់បែនបង្កើតភាពទាក់ទាញ ទោះបីហេដ្ឋារចនាសម្ព័ន្ធមិនទាន់មានភាពប្រកួតប្រជែង
ជាគន្លឹះសំខាន់មួយនៃការទាក់ទាញគឺធនធានមនុស្សត្រឡប់មកវិញ។ បើគ្មានធនធានមនុស្សទេ កុំថាឡើយកម្ពុជាមានហេដ្ឋារចនាសម្ព័ន្ធល្អ ទោះកម្ពុជាចង់ចុះ(តម្លៃ)អគ្គិសនីទៅសូន្យ ក៏អត់មានគេមកធ្វើដែរ។ តែដោយសារការខិតខំប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ហើយការបណ្តុះបណ្តាលមានការបត់បែននេះហើយ ដែលបង្កើតភាពទាក់ទាញរបស់យើង ទោះបីជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនមិនទាន់មានភាពប្រកួតប្រជែងដូចប្រទេសផ្សេងក៏ដោយ។ ប្រព័ន្ធឡូជីស្ទីករបស់យើង បើប្រៀបធៀបជាមួយប្រទេសមួយចំនួន យើងនៅមានកម្រិត (ដូចជា)តម្លៃភ្លើង(ជាដើម) ប៉ុន្តែ(យើងមាន)ធនធានមនុស្ស។ មិនមែនមានធនធានមនុស្សដោយសារ(យក)តម្លៃកម្លាំងពលកម្មទាបទេ។
បើយើងនិយាយពីតម្លៃកម្លាំងពលកម្ម ប្រាក់បៀវត្សរ៍ អប្បបរមារបស់យើងខ្ពស់ជាងបណ្តាប្រទេសច្រើនណាស់ ដែលប្រកួតនៅក្នុងវិស័យផ្សេងៗ ដូចជាបង់ក្លាដែស ស្រីលង្កា សូម្បីតែប្រទេសវៀតណាម នៅតំបន់មួយចំនួនក៏ប្រាក់(ឈ្នួល)ទាបជាងយើងដែរ។ ប៉ុន្តែ គឺផលិតភាពរបស់យើងដែលអាចឱ្យយើងប្រែក្លាយពី(គ្រាមុនគ្រាន់តែជាឧស្សាហកម្ម)កាត់ដេរបឋម ឥឡូវអាចកាត់ដេរដល់ Brand … ហ្នឹងខ្ញុំនិយាយក្នុងវិស័យនាំចេញ(ដូចជា) បង្គុំអគ្គិសនីជាដើម។ យើងអាចធ្វើទៅដល់កង់ឡាន នាំចេញរាប់លានគ្រាប់។ យើងអាចធ្វើគ្រឿងអលង្ការ គ្រឿងសង្ហារិមប្រណិតមកពីអ៊ីតាលី ដោយសារគុណភាព ទឹកដៃ និងផលិតភាពរបស់ប្រជាពលរដ្ឋយើង។ សួរថាគ្រប់ឬនៅ? ថាអត់ទាន់គ្រប់ទេ។ យើងត្រូវបន្តតទៅទៀត។
(១៥) Soft Skills បំផុសឱ្យឃើញតម្លៃឱកាស និងជំរុញខ្លួនឱ្យធ្វើការ
ក្នុងការបណ្តុះបណ្តាល មានដាក់ចេញនូវការអប់រំ Soft Skills ប៉ុន្តែមិនដឹង Soft Skills កម្រិតណា។ សំខាន់ Soft Skills គឺអប់រំផ្នត់គំនិត/ការគិត។ ថ្ងៃមុន ខ្ញុំស្តាប់មនុស្សម្នាក់។ គាត់និយាយត្រូវម្យ៉ាង។ កាលជំនាន់ ៨០ជាង ជំនាន់ដែលប្រទេសលំបាក មិនសូវមានជំងឺបាក់ទឹកចិត្តហ្នឹងទេ។ ជំងឺ Depression ភាគច្រើនកើតនៅពេលដែលស្ថានភាព(ផ្លូវចិត្តស្មុកស្មាញ)។ ឥឡូវ មើលប្រទេសដែលកំពុងតែរង(គ្រោះពី)សង្គ្រាមអត់មានអ្នក Complain រឿង Depression ទេ។ មួយថ្ងៃៗ គិតតែ Survival គិតតែត្រូវរស់ ត្រូវតែតស៊ូ។ ជំងឺ Depression ឬជំងឺបាក់ទឹកចិត្តនេះ ពេលខ្លះរឿងតូច ក៏បង្កឱ្យមាន(ការបាក់ទឹកចិត្ត)។
មនុស្ស(មាន)សមត្ថភាពចេញពីសាលាជាមួយគ្នា រៀនដូចគ្នា ពេលដែលចេញទៅធ្វើការ ហេតុអ្វីខុសគ្នា គឺខុសនៅត្រង់ផ្នត់គំនិតនិងវិធីសាស្ត្រក្នុងការគិត។ គឺការងារនេះឯង។ ឧទាហរណ៍ ហ្នឹងជារឿងពិត មនុស្សពីរនាក់ វេជ្ជបណ្ឌិតដូចគ្នា តែចេញទៅ(ធ្វើការ) ប្រគល់ភារកិច្ចមួយដូចគ្នា។ អ្នកជំងឺថ្មីមកវិភាគ ម្នាក់អត់ធ្លាប់ឆ្លងកាត់គឺគ្រាន់(តែពិនិត្យ)ជួបឧបសគ្គភ្លាម។ តែម្នាក់ទៀត ចេញទៅគឺច្បាមភ្លាមថាហ្នឹង(ជារឿង)ថ្មី ទាក់ទងទៅគ្រូនៅបារាំង ទីនានា ស្រាវជ្រាវរកចម្លើយ …
ការគិតគូរ ការរៀនសូត្រ ធ្វើជាង មិនថាជាងសំណង់ មិនថាជាងអគ្គិសនី មិនថាគណនេយ្យ ការបណ្តុះបណ្តាលផ្នត់គំនិត Soft Skills នេះ គឺផ្តោតខ្លាំងទៅលើការជំរុញលើកទឹកចិត្តខ្លួនឯង។ នេះជាចំណុចសំខាន់។ អំពីការជំរុញនេះ ខ្ញុំឃើញមានថ្នាក់ Motivation ថ្នាក់លើកទឹកចិត្ត ឬមួយក៏កាលពីមុន គេហៅថាគឺថ្នាក់ជោគជ័យ។ គេយក CEO ដែលធ្លាប់ដឹកនាំ ឬមួយក៏មន្ត្រី បុគ្គលិក ដែលមានជំនាញហើយមក(ឱ្យរៀន)បន្ថែម អត់មានបង្រៀនរឿងគណនេយ្យអីទេ ព្រោះអ្នកហ្នឹងចេះជំនាញរឹង ប៉ុន្តែដែលសំខាន់គឺបណ្តុះឱ្យឃើញតម្លៃនៃឱកាសរបស់ខ្លួន ការជំរុញខ្លួនឱ្យធ្វើការ។
(១៦) TVET មានតម្លៃស្មើនឹងរៀនថ្នាក់បរិញ្ញាបត្រ ឬបាក់ឌូបិ៍
ថ្ងៃមុនខ្ញុំប្រាប់ជំនួយការ(ម្នាក់ថា) កាលបងធ្វើការឱ្យគេនៅធនាគារពិភពលោក ធ្វើការទល់ម៉ោង៤ ភ្លឺ ចប់ (ការងារ)ភ្លឺ ព្រឹកឡើងម៉ោង៦ ជិះរថភ្លើងទៅទៀត។ អត់មានរឿងបាក់បៀរទេ។ ការជំរុញ ការលើកទឹកចិត្តបែបនេះ (ជាការសំខាន់ ត្បិត)រាជរដ្ឋាភិបាល ក្រសួងការងារ និងគ្រូ មានឱកាសត្រឹមតែបង្រៀនទេ។ បើកថ្នាក់រៀនឱ្យ ប៉ុន្តែការជំរុញមករៀនខ្លួនឯង យកឱកាសដែលមករៀនមួយខែ ឬមួយក៏ពីរអាទិត្យនេះ ច្បាមយកប៉ុណ្ណា សមត្ថភាពយើងស្រូបបានប៉ុណ្ណា យកចេញទៅក្លាយទៅជាដុំពេជ្រ ភ្លឺកម្រិតណា គឺខ្លួនឯង។ ការបណ្តុះបណ្តាលវិជ្ជាជីវៈ TVET (សំខាន់ ត្បិត)នៅក្នុងសង្គម យុវជនយើងមួយចំនួនមានផ្នត់គំនិតថារៀន TVET ទៅ វាដូចជាថ្នាក់ទីពីរ កម្រិតពីរ វាមិនមែនកម្រិតមួយដូចបាក់ឌូបិ៍ ឬមួយក៏បរិញ្ញាបត្រ។ អត់ទេ។ ទីមួយ ត្រូវដុសខាត់ឱ្យគាត់ឱ្យយល់ថា បង្រៀន TVET នេះ មិនមែនជាការបង្រៀនស្តង់ដារកម្រិតពីរទេ។ មានតម្លៃស្មើនឹងរៀនថ្នាក់បរិញ្ញាបត្រ ឬមួយក៏រៀនយកបាក់ឌូបិ៍ដូចគ្នា។ កុំឱ្យមើលស្រាលលើជំនាញនេះ។
(១៧) តស៊ូធ្វើឱ្យ TVET ផ្លាស់ប្តូរការយល់ច្រឡំថាជាជំនាញកម្រិតទីពីរ ឬ second grade skills
ការដុសខាត់មួយនៅក្នុងការបង្រៀន មិនថាយើងបង្រៀនជាចល័ត ឬរៀននៅសាលា, ទីមួយ ត្រូវបញ្ចូលឱ្យគាត់យល់អំពីតម្លៃ Soft Skills និងទីពីរ ដែលគាត់មកអង្គុយនេះ មនុស្សច្រើនណាស់អត់ទាន់មានឱកាសអង្គុយនៅទីនេះ ដែលវានឹងប្រែក្លាយអនាគតរបស់គាត់។ ប៉ុន្តែមានតែខ្លួនគាត់ទេ ដែលអាចកែប្រែបានកម្រិតណា។ រដ្ឋបានត្រឹមតែឱ្យឱកាសរៀនប៉ុណ្ណឹង គ្រូខំប្រឹងហើយ ប៉ុន្តែចេញទៅធ្វើការយ៉ាងណាគឺសូមជំរុញខ្លួនឯងមករៀន។ ឥឡូវ បើថាមិនមករៀនដល់ខេត្ត ពេលមកត្រូវចំណាយពេល យើងរុញទៅដល់ហើយ។ សូមមករៀនឱ្យទៀងទាត់ សូមច្បាម(ចំណេះវិជ្ជាពី)ការបណ្តុះបណ្តាលហ្នឹង។ ហ្នឹងជាឧទាហរណ៍នៃការជំរុញ Soft Skills។ បើគ្មានការជំរុញលើកទឹកចិត្ត ការស្គាល់តម្លៃនៃឱកាស ការខិតខំប្រឹងប្រែងចាប់យកឱកាស ក្នុងការបណ្តុះបណ្តាល TVET នេះ (នឹងមិនប្រឹងប្រែងច្បាមយកចំណេះវិជ្ជាពីការបណ្តុះបណ្តាលទេ)។ យើងត្រូវតស៊ូធ្វើឱ្យ ១០ឆ្នាំទៀត TVET ក្លាយទៅជាជំនាញមួយ ដែល(ផ្លាស់ប្តូរ)ការយល់ច្រឡំនិងការគិតគូរដែលថា ជាជំនាញកម្រិតទីពីរឬ second grade skills។
(១៨) TVET ផ្តល់ជំនាញ/បំណិនត្រឹមត្រូវ ស្មោះត្រង់ និងជួយជំរុញសេដ្ឋកិច្ច
មិនដូចនោះទេ។ គឺជាជំនាញស្មើគេស្មើឯង។ ឥឡូវ មិនថាជាកម្មករជំនាញខាងសំណង់ ឬមួយក៏(ជំនាញអ្វីផ្សេង)ទេ ជំនាញរបស់យើងគឺមានតម្លៃដូចគេដូចឯង។ កុំគិតថានេះជាជំនាញ ដោយសារយើងប្រើកម្លាំងពលកម្មច្រើន ជាមិនដូចជំនាញដែលអង្គុយនៅក្នុងម៉ាស៊ីនត្រជាក់ វាយកុំព្យូទ័រ ធ្វើគណនេយ្យ។ វាគឺជាជំនាញត្រឹមត្រូវ ជំនាញស្មោះត្រង់ និងជួយយើងជំរុញសេដ្ឋកិច្ច បូកជាមួយអ្នកដែលមានសមត្ថភាពអង្គុយនៅអាគារទី១២ ហ្នឹងក៏ដោយសារជាងសំណង់ធ្វើត្រឹមត្រូវដែរ ដោយសារជាងភ្លើងដែលតភ្លើងត្រូវឱ្យអ្នកឯងដែរ ដោយសារជាងដែលចេះតម៉ាស៊ីនត្រជាក់ឱ្យអ្នកធ្វើការស្រួលដែរ។ ជំនាញ TVET មានតម្លៃមហិមាស្មើគេស្មើឯង។ មិនមែនតម្លៃ ឬមួយក៏ជំនាញកម្រិតពីរនោះទេ។ តម្រូវការស្មើគ្នាទាំងអស់។ ហ្នឹងគឺត្រូវឱ្យមាន Soft Skills ការប្តូរផ្នត់គំនិត ការចាប់យកឱកាសនេះហើយ ជាមូលដ្ឋានសម្រាប់រុញទឹកចិត្តឱ្យគាត់រៀនបន្ថែមទៀត។
(១៩) Soft Skills បង្កលក្ខណៈឱ្យចេះតស៊ូ ប្រើប្រាស់ឱកាស និងច្នៃប្រឌិត
ដូចខ្ញុំនិយាយកាលពីការលំបាក ម្នាក់ៗចង់រស់ ចង់បានឱកាស។ ពេលខ្លះឱកាសច្រើនពេក មនុស្សមានច្រើន ច្របូកច្របល់។ អង្គុយរៀនអត់ដឹងថារៀនចង់ធ្វើអី អត់មានទិសដៅពិតប្រាកដ។ គ្រាន់តែមករៀនបង្គ្រប់កិច្ចទៅ ម៉ែដេញឱ្យមករៀន។ គេមកដាស់ឱ្យទៅហើយ។ កុំដេកដល់ម៉ោង៨។ ងើបឡើងម៉ោង៧ ទៅរៀនទៅ។ ក្មួយៗ (ប្រហែលកើត)អត់ទាន់ទេ។ យើងក៏ធ្លាប់ក្មេងដូចគ្នាដែរ។ ពេលខ្លះអាយុ១៥, ១៦, ១៧ឆ្នាំហ្នឹង មិនទាន់បាន(រៀនជំនាញ)អីផង។ ប៉ុន្តែយុវជនទសវត្សឆ្នាំ១៩៩០ និងយុវជនទសវត្សឆ្នាំ២០២០ រាប់ទៅដល់ generation អីហើយ? យើង X, ឥឡូវដល់ Z ហើយ។ យុវជន Z នេះមានជម្រើសច្រើន។ ជំនាន់ខ្ញុំ អត់មានអ៊ីនធឺណិតមើលទេ មើលតែសៀវភៅ។ ជំនាន់នេះ អង្គុយមួយម៉ោងមើលអ៊ីនធឺណិត TikTok, Facebook ហ្នឹង ប្រហែល ៤៥នាទីហើយ។ អារម្មណ៍របស់គាត់បែកច្រើន។ ការប្រមូលផ្តុំ Soft Skills នេះសំខាន់។ នៅរៀន ជំរុញគាត់ ដាក់វិន័យឱ្យបានច្បាស់ ឱ្យមានការគ្រប់គ្រង ហើយធ្វើតេស្តស្រួលបួល (មាន)សូចនាករ … ទីពីរ Soft Skills ជួយជម្រុញគាត់ ដើម្បីបង្កលក្ខណៈឱ្យតស៊ូ ប្រើប្រាស់ឱកាស និងច្នៃប្រឌិតខ្លួនឯង។ កុំឆាប់បាក់ទឹកចិត្តពេក។ មិនគួរមានពាក្យថាបាក់ទឹកចិត្តទេ ព្រោះបើបាក់ទឹកចិត្ត បាក់តែខ្លួនឯងអត់មានអ្នកណាមកបាក់ជំនួសទេ ក្រៅតែពីបិទឱកាសខ្លួនឯង ក្នុងការដើរទៅមុខ។
(២០) ទោះរុញការបណ្តុះបណ្តាលដល់មូលដ្ឋាន បើមិនយល់តម្លៃនៃការអប់រំក៏នឹងមិនមានអ្នករៀន
ត្រូវចាប់(ឱកាស)។ មិនអាចថា អ្វីៗនៅក្នុងគោលដៅដែលយើងចង់បាននោះទេ។ ប៉ុន្តែប្រែក្លាយពីអ្វីដែលជាឱកាសពិតប្រាកដ ចាប់ឱកាស ឬបង្កើតឱកាសខ្លួនឯងគឺជាកិច្ចការសំខាន់។ យើងចង់ឱ្យយុវជនមានគុណភាពនិងការអប់រំ hard skill។ យើងត្រូវខិតខំពង្រីកបន្ថែម។ ប៉ុន្តែគ្រប់ការបណ្តុះបណ្តាលមិនថាតែនៅសាលារៀនទេ សូម្បីកន្លែងការងារក៏ត្រូវការដែរ។ ក្នុងវិស័យឯកជន ខ្ញុំមើលកន្លែងខ្លះមានទាំង CEO ទៅរៀន Soft Skills ព្រោះគាត់ចង់អភិវឌ្ឍ។ គាត់មានជំនាញមានអីហើយ ប៉ុន្តែប្រហែលជាត្រូវការអ្វីមួយ ដូចជារបៀបគិតគូរ។ Soft Skills គឺរបៀបជំរុញ។ ខ្ញុំឃើញក្រសួងការងារ កន្លងទៅមានការបញ្ចូលជំនាញ Soft Skills ការគិតគូរមុនពលករចេញទៅក្រៅ។ នៅតាមមូលដ្ឋាន ទោះរុញការបណ្តុះបណ្តាលដល់មូលដ្ឋានក៏ដោយ បើសិនជាគាត់មិនយល់តម្លៃនៃការអប់រំនេះទេ ឬមួយគិតថារៀនទៅវាបានតែត្រឹមនេះឬនោះ … ក៏នឹងអត់មានអ្នករៀនទេ។ រៀនហើយមិនផ្តោតអារម្មណ៍ ឬក៏រៀនមិនចប់។ សំខាន់ការសម្រួចឱ្យគាត់យល់។
(២១) ផ្សព្វផ្សាយឱ្យយល់អំពីតម្លៃ Soft Skills សហគមន៍នឹងគាំទ្រដល់ការបណ្តុះបណ្តាលជោគជ័យ
ជំនាន់ដើម ជំនាន់សម្តេចតេជោ ដោយសារឪពុកម្តាយយល់ពីតម្លៃ បានឱ្យកូនអាយុ ១៤ឆ្នាំ បែក(ឆ្ងាយ)មករៀននៅភ្នំពេញ។ នោះដោយសារគាត់យល់អំពីតម្លៃនៃការអប់រំនិងអនាគត។ សម័យថ្មី សាលារត់ទៅដល់ហើយ ប្រយ័ត្នអត់មនុស្សរៀន។ ខ្ញុំគិតថាគួរតែពន្យល់មុននឹងយើងទៅបើក។ អញ្ជើញមេភូមិអញ្ជើញអីទៅផ្សព្វផ្សាយសិន ពន្យល់ឪពុកម្តាយឱ្យដឹងពីសារៈសំខាន់ ពេលយើងដាក់ថ្នាក់ទៅគាត់អាច(ទុកចិត្តនិងជំរុញកូនចៅរៀនសូត្រ)។ ជួនកាលយើងផ្សាយតែលើ Facebook អត់មានអ្នកណាមើល ដល់ចុះទៅគេអត់ដឹងថាឡានហ្នឹងស្អីផង។ មិនដឹងរៀនអីផង។ ហ្នឹងហើយគឺការអប់រំ។ ការយល់ដឹងអំពីតម្លៃ Soft Skills (ផ្សព្វផ្សាយឱ្យ)សហគមន៍គាំទ្រទៅដល់ជំនាញហ្នឹងដើម្បីឱ្យការបណ្តុះបណ្តាលជោគជ័យ។ យើងឃើញថា មិនមែនឱ្យតែមានថ្នាក់ ឱ្យតែមានកម្មវិធី ឱ្យតែមានប្រាក់ឧបត្ថម្ភ មនុស្សមករៀនទេ ហើយក៏មិនប្រាកដថាគេយល់ពីតម្លៃដែរ។ តម្លៃឱ្យស្គាល់អំពីអ្វីដែលគាត់អាចទទួលបាន ដើម្បីជួយអនាគតរបស់គាត់ មិនមែនត្រឹមតែបាន(រៀន)ថ្នាក់មួយខែ បានលុយមួយខែប៉ុន្មាន ស្អីប៉ុន្មាននោះទេ។ បើអញ្ចឹង អត់ជោគជ័យទេ។ ខ្ញុំសុំឱ្យបញ្ចូល(ការគិតគូរពីSoft Skills)ទៅលើនេះ។
(២២) ប្រឹងប្រែងខ្លួនឯង មិនថាក្នុងការរៀន ឬក្នុងការងារ
ទីពីរ ខិតខំធ្វើការងារ បំពេញការងារ ជំរុញខ្លួនឯង មិនថារៀន ឬថាការងារ។ នៅក្នុងវិស័យអប់រំ ក៏ដូចជាការងារផ្សេងៗ ការជំរុញលើកទឹកចិត្ត និង Soft Skills នេះ ជាកិច្ចការសំខាន់។ ការជំរុញលើកទឹកចិត្ត និងការជំរុញរបៀបគិតគូរនៃផ្នត់គំនិតក្នុងការធ្វើការងារ ដែលមនុស្សពីរនាក់ចេញរៀនដូចគ្នា ពីសាលាតែមួយ តែពេលដែលធ្វើការងារខុសគ្នា នោះដោយសារផ្នត់គំនិត។ ខ្ញុំជឿ អ្នកដែលធ្លាប់ធ្វើការគ្រប់គ្រងគេ មានអ្នកនៅពីក្រោមប្រហែលជាអាចយល់ហើយ។ អ្នកខ្លះរៀនបានខ្ពស់ មិនប្រាកដថាពូកែធ្វើការជាងអ្នក(រៀនមិនបានខ្ពស់ទេ)។ ផ្នត់គំនិត មិនប្រាកដថារៀនកាន់តែខ្ពស់ឧស្សាហ៍ជាងអ្នកដែលរៀនបានតិច មិនទាន់បាន(បណ្តុះបណ្តាល) តែច្បាមរៀនពីការងារផ្ទាល់(ទេ)។ Soft Skills គឺច្បាមរៀនខ្លួនឯង។ មិនរៀនតែនៅក្នុងការបណ្តុះបណ្តាល TVET ដែលយើងបើកថ្នាក់នោះទេ តែជំរុញបន្ថែមទៀត។ យ៉ាងហោចណាស់ឱ្យយល់អំពីតម្លៃនៃថ្នាក់ដែលកំពុងរៀន ដើម្បីឱ្យរៀនចប់ រៀនចេះ ឱ្យមានសមត្ថភាពធ្វើការពេលដែលចេញទៅ។ ទាល់តែទាំងពីរគឺគ្រូ និងសាលា ត្រៀមលក្ខណៈគ្រប់គ្រាន់។ សិស្ស(ត្រូវប្រឹងខ្លួនឯង)ផង … បើយើងបណ្តុះបណ្តាលផ្នត់គំនិតបែបនេះបាន យើងជោគជ័យ។
(២៣) Soft Skills ធ្វើឱ្យផលិតភាពការងារខ្ពស់ ជំរុញភាពប្រកួតប្រជែង
វាត្រឹមហ្នឹង។ អត់មានអីទៀតទេ។ មេរៀនមិនអាចដោនឡូត (download) ចូលខួរក្បាលមនុស្សទេ។ ទោះជាដោនឡូតចូល ក៏មិនអាចជំរុញបេះដូងមនុស្សឱ្យខំប្រឹងធ្វើការដើម្បីជំនះខ្លួនឯងដែរទេ។ បើដោនឡូតពេញតែខួរក្បាល តែបន្តិចៗ ក៏បាក់ទឹកចិត្ត ដេកស្ពឹក បន្តិចបាក់ទឹកចិត្ត អត់ធ្វើ ធ្វើការតែត្រឹមម៉ោង៧ យប់ ស្រែកថាទៅលែងរួចហើយ បាក់ហើយ។ យុវជនជំនាន់ក្រោយត្រូវបន្តប្រឹងប្រែង។ យើងមើលប្រទេសអភិវឌ្ឍមួយចំនួន ដូចជាជប៉ុន ឬប្រទេសមួយចំនួន រឿងផ្នត់គំនិត/Mindset អត់ងាយដូរទេ។ របៀបធ្វើការតាំងពីជំនាន់មុនមកទល់ឥឡូវ។ ប្រទេសមួយចំនួនជំរុញផ្នត់គំនិត … ហ្នឹងវាទាក់ទងការបណ្តុះបណ្តាល និងការអប់រំរបស់យើងផង។ ខ្ញុំសុំឱ្យគិតគូរចំណុចនេះ។ ដែលខ្ញុំចង់និយាយថ្ងៃនេះ សំខាន់គឺ Soft Skills។ Soft Skills សំខាន់ណាស់។ ភាពប្រកួតប្រជែង(អាស្រ័យ)ទៅលើ Soft Skills ហ្នឹង ដែលខ្ញុំថាមានចំណេះដឹងដូចគ្នា ប៉ុន្តែចេញទៅធ្វើការ មួយពូកែជាងមួយ។ មួយចំនួន ផលិតភាពបានខ្ពស់ជាងអ្នកដទៃ គឺដោយសារផ្នត់គំនិតហ្នឹងឯង។ ប្រគល់ភារកិច្ចឱ្យថ្ងៃសុក្រដូចគ្នា មួយថ្ងៃច័ន្ទបានចាប់ផ្តើមធ្វើការ មួយធ្វើហើយតាំងពីយប់ថ្ងៃសុក្រ។ វាខុសគ្នាបន្តិចៗ អញ្ចឹង។
(២៤) Hard Skills គឺជំនាញបច្ចេកទេស ឯ Soft Skills គឺការជម្រុញខ្លួន
បន្តិចៗ អញ្ចឹង តែវាជួយឱ្យយើងជោគជ័យ។ សូម្បីតែកម្មករសំណង់ដូចគ្នា ក៏មានលក្ខណៈខុសគ្នាដែរ។ មិនបាច់ចាំថាជាតិខុសគ្នាទេ សូម្បីតែពីតំបន់ខ្លះ(ក៏ដូចគ្នាដែរ)។ មានម្តងខ្ញុំទៅខេត្តមួយ។ ខ្ញុំអត់បញ្ចេញឈ្មោះទេ … សួរការដ្ឋានសំណង់នៅហ្នឹង កម្មករមកពីខេត្តផ្សេងច្រើន។ ខ្ញុំសួរថាម៉េចបានជាមកពីខេត្តផ្សេង(ច្រើនទៅវិញ) គេថា “អ្នកស្រុកហ្នឹងធ្វើតែមួយខែបើកប្រាក់ខែហើយបាត់អស់។ ទាល់តែអស់ប្រាក់ខែ បានគាត់មកវិញ”។ តែបើអ្នកមកពីខេត្តផ្សេង ធ្វើការជាប់តែម្តង។ អញ្ចឹង ភាគច្រើនគេយកមកពីតំបន់នោះ។ ផ្នត់គំនិត ការបណ្តុះបណ្តាល វាប្រៀបបាននឹងការជំរុញឱ្យកើនផលិតភាពរបស់មនុស្ស។ ខ្ញុំសុំឱ្យឯកឧត្តម ហេង សួរ ពិនិត្យមើល Soft Skills របស់យើង។ ខ្ញុំអត់បានសួរលម្អិតរៀនអីទេ Soft Skills ហ្នឹង។ បកប្រែមកថាជំនាញទន់ ប៉ុន្តែវាពិបាក ជំនាញទន់ ជំនាញរឹង មិនដឹងបកយ៉ាងម៉េច អាទន់អារឹងហ្នឹង។ គ្រាន់តែយល់ថា រឹងហ្នឹងគឺជំនាញបច្ចេកទេស ដល់ទន់ហ្នឹងគឺជំនាញខ្លួនឯង។ វាជម្រុញខ្លួនឯង។ បកអញ្ចឹងមិនដឹងត្រូវអត់ទេ។ ប៉ុន្តែនេះគឺជាចំណុចមួយដែលខ្ញុំចង់លើករឿង TVET។ យើងផ្តោតទៅលើ បងប្អូនក្មួយៗ យុវជនរបស់យើងនៅតាមបណ្តាខេត្តផ្សេងៗ ជនបទដែលយើងត្រូវរុញ(កម្មវិធីបណ្តុះបណ្តាល)ទៅ។ នេះគឺការធានានូវគុណភាព។ យើងមិនចង់បានតែតួលេខទេ។ យើងមិនចង់បានតែតួលេខថា មួយឆ្នាំៗបាន ២៧ម៉ឺននាក់ តែតើក្នុង ២៧ម៉ឺននាក់ដែលយើងធ្វើហ្នឹងបានការងារប៉ុន្មាន? ហើយកម្រិតទឹកដៃគាត់ចូលទៅកន្លែងការងារ ដែលគេបានទទួលប៉ុន្មាន?
(២៥) គប្បីធ្វើ survey ដើម្បីដឹងថាការបណ្ដុះបណ្ដាលត្រូវតាមគោលដៅឬនៅ
មានធ្វើ survey អត់? បើយើងធ្វើ survey បានន័យថាវាយតម្លៃការងាររបស់ខ្លួន។ (ទីមួយ)ឧទាហរណ៍ ២៧ម៉ឺននាក់នឹង ចេញទៅបាន ការងារប៉ុន្មាននាក់? យើងមិនទៅសួរកន្លែងធ្វើការទាំង ២៧ម៉ឺន(នាក់)ទេ ធ្វើជា sample ទៅ តើអ្នកដែលយើងបណ្ដុះបណ្ដាលចេញទៅធ្វើការហ្នឹង ត្រូវ(តាមគោលដៅ)ឬនៅ? ដើម្បីយើងយកមកធ្វើផែនការពង្រឹង ថាតើអ្វីដែលយើងបង្រៀនហ្នឹងត្រូវឬនៅ? មេរៀនណាខ្លះដែលមិនសូវមានការងារធ្វើ យើងកែទៅហើយពង្រឹងមេរៀនណាដែលចាំបាច់។ ទី២៖ សិស្សដែលចេញទៅហ្នឹងពីសាលាណាដែលល្អ ខេត្តណាដែលខ្លាំង ហើយចេញទៅត្រូវឬអត់? គេយកទៅ(ប្រើការ) មេរៀនយើងគ្រប់ឬអត់? យកទៅធ្វើការងារខាងម៉ាស៊ីនត្រជាក់អីហ្នឹងតើចេញទៅគ្រប់ឬនៅ? ខ្ញុំថាគួរមានការស្ទាបស្ទង់មតិ ព្រោះអ្វីដែលសំខាន់សួរអ្នកប្រើប្រាស់ កុំសួរតែអ្នកធ្វើផែនការ។
ថ្ងៃមុន ខ្ញុំទៅកន្លែងហ្វឹកហ្វឺនមួយ។ ខ្ញុំមិនយកតែអ្នកផែនការទេ (ព្រោះ)អ្នកផែនការមករាយការណ៍ (យើង) ស្ដាប់ទៅល្អ។ ខ្ញុំហៅអ្នកប្រើប្រាស់មកតែម្ដង។ អ្នកប្រើប្រាស់គឺគ្រូដែលត្រូវបង្រៀនផ្ទាល់។ សួរ(គាត់)មើល តើការត្រៀមលក្ខណៈហ្នឹងគ្រប់ឬអត់? បើមិនគ្រប់ឲ្យកែភ្លាម។ យើងសួរទាំងគ្រូយើងផង។ កុំគិតថាដាក់អីចេញទៅដំបូង វាល្អឥតខ្ចោះ។ ត្រូវទទួលស្គាល់ថាការប្រែក្លាយពីការគិតទៅជាសកម្មភាពជាចំណុចវិជ្ជមានមួយខ្លាំង។ ក្នុងកិច្ចការនេះ ខ្ញុំសូមសរសើរដល់ក្រសួងការងារ ដែលបានរៀបចំផែនការ ចាត់តាំងគ្រូ ចាត់ចែងការបណ្តុះបណ្តាលធ្វើបាន ២៧ម៉ឺននាក់ តាមគោលនយោបាយដែលយើងបានដាក់ពីដើមអាណត្តិ។
(២៦) គុណភាពជាកត្តាកំណត់ភាពជោគជ័យក្នុងការអប់រំនិងបណ្តុះបណ្តាលធនធានមនុស្ស
ប៉ុន្តែ សូមកុំខ្លាចថាពេលដែលយើងបង្រៀនទៅ វានៅចំណុចចន្លោះប្រហោង។ ត្រូវធ្វើការវាយតម្លៃដើម្បីកែសម្រួលតទៅទៀតដើម្បីឱ្យការអប់រំពី ២៧ម៉ឺននាក់ ទៅ ១លាន ៥សែននាក់នេះ កាន់តែមានប្រសិទ្ធភាព (និងទាក់ទាញ)អ្នកដែលចេញបន្តទៀត។ (យើងត្រូវ)ធ្វើការវាយតម្លៃជាប់ជាប្រចាំ។ គុណភាពគឺជាកត្តាកំណត់នៃភាពជោគជ័យក្នុងការអប់រំធនធានមនុស្ស និងបណ្តុះបណ្តាលធនធានមនុស្ស។ ជាពិសេស TVET នេះតែម្តង។ TVET មានជម្រើសនិងជំនាញថ្មីៗច្រើន ត្រូវការបណ្តុះបណ្តាល(ប្រើ)រយៈពេលខ្លី មិនដល់ ៤ឆ្នាំ ឬមួយ ១២ឆ្នាំដូចក្រសួងអប់រំទេ។ សូមឱ្យធ្វើការគិតគូរ ការវាយតម្លៃនេះជាប្រចាំ ដើម្បីយើងពិនិត្យគុណភាព។ បើថា QC/Quality Control ឬការឆែកគុណភាពនៃការអប់រំ ទាំងមេរៀន គ្រូ និងគុណភាព សំខាន់បំផុត។
មនុស្សដែលចេញពីសាលាទៅ ទីមួយបានការងារ។ ប៉ុន្តែនៅក្នុងការងារហ្នឹង គេទទួលស្គាល់អត់? ហ្នឹងសំខាន់។ បើចេញទៅដូចអត់ចេញ រៀនក៏ដូចអត់រៀន។ ថ្ងៃក្រោយ គ្រាន់ឃើញសញ្ញាបត្រ គេលែងឱ្យតម្លៃ។ តែប្រសិនបើចេញទៅ អ្នកកាន់សញ្ញាបត្រហ្នឹងមួយៗ រៀនគ្រាន់បើ ហ្នឹងហើយដែលចាប់ផ្តើមមានមនុស្សឱ្យតម្លៃទៅលើ កម្មវិធីរបស់យើង។ បើឱ្យកូនគេមករៀនមួយខែហើយ ចេញទៅវិញដូចមិនប្រាកដប្រជា ហ្នឹងគេមិនឱ្យមកទេ ទុកឱ្យនៅជួយ(ការងារនៅផ្ទះ) ហើយក្មេងៗ ក៏ថា មិនដឹងមកធ្វើអី។
(២៧) គុណតម្លៃនៃ TVET គឺការងារសុច្ចរិត ជួយខ្លួនយើង ជួយគ្រួសារយើង និងជួយសង្គមជាតិ
សំខាន់បំផុតគឺគុណភាព។ រៀបចំទាំង hard skill ទាំង Soft Skills និងការវាយតម្លៃ ដើម្បីធ្វើឱ្យបរិមាណក្លាយទៅជាបរិមាណដែលមានគុណភាព។ មិនបាន ១លាន ៥សែននាក់ ក៏មិនបានចុះ។ កុំបង្ខំយកតួលេខ។ យឺតក៏យឺតចុះ។ បើមិនចប់ ១លាន ៥សែននាក់ក្នុងឆ្នាំ២០២៨ យើងបន្តទៅអាណត្តិក្រោយទៀត។ ឱ្យតែមួយៗចេញមកប្រាកដ។ នេះគឺជាអ្វីដែលខ្ញុំសូមណែនាំ ហើយខ្ញុំសូមអំពាវនាវឱ្យបងប្អូនក្មួយៗ ដែលចូលរៀនកម្មវិធី TVET យកចិត្តទុកដាក់ជំរុញខ្លួន។ សូមគ្រួសារកុំមានគំនិតថារៀន TVET គឺជារៀនថ្នាក់ជំនាញ អត់សូវមានតម្លៃដូចគេរៀនបាក់ឌូប្លិ៍ រៀនបរិញ្ញាអី។ អត់ទេ មានតម្លៃដូចគ្នា។ ជំនាញខុសគ្នា។
សង្គមមនុស្ស ការអភិវឌ្ឍប្រទេស មិនអាចរីកលូតលាស់ដោយសារមានតែអ្នក manager ទេ។ manager ស្អីបើគ្មានអ្នកសង់អគារ គ្មានអ្នកទទួលធ្វើ computer program គ្មានខាងបច្ចេកទេស ដើម្បីថែទាំអគ្គិសនី។ ដាក់ផែនការដឹកជញ្ជូនអី បើគ្មានអ្នកបើកបរ បើគ្មាន mechanic ជួសជុលរថយន្ត។ តម្លៃយើងគឺស្មើគេស្មើឯង។ កុំឱ្យតែទៅលួចគេ ប្លន់គេ។ ការងារស្មោះត្រង់សុច្ចរិតគឺត្រូវមានតម្លៃទាំងអស់គ្នា ហើយវានឹងជួយខ្លួនយើង ជួយគ្រួសារយើង និងជួយសង្គមជាតិ។ នេះគឺជាគុណតម្លៃនៃ TVET។ សូមឱ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនទាំងអស់ចាប់អារម្មណ៍។ អ្នកដែលចូលរៀនគឺសូមចូលរៀនដោយយកចិត្តទុកដាក់ ចាប់យកចំណេះដឹងពី TVET នេះ ដើម្បីបម្រើទៅដល់តម្រូវការរបស់ខ្លួន គ្រួសារ និងសង្គមជាតិ។
(២៨) រាជរដ្ឋាភិបាលគ្មានគម្រោងកាត់បន្ថយថវិកាក្នុងវិស័យអប់រំនិងសុខាភិបាលទេ ទោះបីជាត្រូវពង្រឹងវិស័យការពារជាតិក៏ដោយ
នេះគឺជាអ្វីដែលខ្ញុំសូមផ្ដាំផ្ញើ។ រាជរដ្ឋាភិបាលត្រៀមជួយឱ្យអស់លទ្ធភាពដែលអាចធ្វើទៅបាន។ ត្រៀមជួយដើម្បីឱ្យធនធានមនុស្សរបស់កម្ពុជា ក្លាយជាធនធានពិតប្រាកដសម្រាប់ជួយជំរុញប្រទេសជាតិ។ គ្រប់វិស័យទាំងអស់ ត្រូវការការរីកចម្រើនដើម្បីទាក់ទាញនិងបង្កើនភាពប្រកួតប្រជែង។ ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗ ត្រូវតែមានភាពប្រកួតប្រជែង ហើយការបណ្តុះបណ្តាលអប់រំ សុខភាពនេះ នៅតែជាអាទិភាពសំខាន់ របស់កម្ពុជា។ ថ្ងៃមុនខ្ញុំបញ្ជាក់ម្តងហើយ រាជរដ្ឋាភិបាលគ្មានគម្រោងក្នុងការកាត់បន្ថយចំណាយ ឬគម្រោងថវិកាសំរាប់វិស័យអប់រំ និងសុខាភិបាលនោះទេ គឺមានតែគ្រោងបង្កើន។ ទោះបីជាយើងត្រូវពង្រឹងវិស័យការពារជាតិក៏ដោយ។ សូម កុំឱ្យមានការយល់ច្រឡំ។ មានការយល់ច្រឡំថារាជរដ្ឋាភិបាលគ្រោងកាត់(ថវិកា)ឆ្នាំ២០២៧ នេះ ១៧០លានពីថវិកាអប់រំ និងសុខាភិបាល។ មិនដូច្នេះទេ។ មានតែបង្កើនបន្ថែមទៀត។
ធនធានមនុស្សគឺជាអ្វីដែលជួយយើងឱ្យមានភាពធន់។ ធនធានមនុស្សរឹងមាំ សេដ្ឋកិច្ចរឹងមាំ។ សេដ្ឋកិច្ចរឹងមាំ ការពារជាតិរឹងមាំ បានយូរអង្វែង។ នេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាល មិនមែនអត់មានធនធានមនុស្សដែលចេះគិតគូរអំពីអ្វីដែលជាវិស័យអាទិភាព អ្វីដែលជាវិស័យមិនអាទិភាពនោះទេ។ សូមកុំឱ្យមានការយល់ច្រឡំតទៅទៀត។ អប់រំ សុខាភិបាល និងធនធានមនុស្ស គឺវិស័យអាទិភាពទីមួយ របស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនិងនៅបន្តជាអាទិភាពទីមួយសម្រាប់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
[ចប់សេចក្ដីអធិប្បាយ៥]
ឆ្លៀតឱកាសនេះ, ខ្ញុំសូមអំពាវនាវដល់វិស័យឯកជន ដៃគូអភិវឌ្ឍ និង សង្គមស៊ីវិល ឱ្យបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា ឱ្យស្របតាមទិសដៅនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ, ព្រមទាំង ផ្តល់ការអប់រំបណ្តុះបណ្តាល តម្រង់ទិស និង កែលម្អផ្នត់គំនិត ដល់កម្មករ-និយោជិតសាមី ក្រោមរូបភាព «កន្លែងការងារមួយ គឺជាកន្លែងអប់រំបណ្តុះបណ្តាលមួយ»។ ជាមួយនេះ, ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនកម្មករ-និយោជិត ឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត, និង ចាត់ទុកកន្លែងធ្វើការ ឱ្យដូចជា ផ្ទះរបស់ខ្លួន ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ «ត្រូវចាត់ទុកសហគ្រាស ក្រុមហ៊ុន រោងចក្រ គឺជាឆ្នាំងបាយរបស់ខ្លួន»។
ជាទីបញ្ចប់, ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង អង្គពិធី សូមទទួលបាននូវសេចក្ដីសុខចម្រើន និង ជោគជ័យគ្រប់ភារកិច្ច, ព្រមទាំង សមប្រកបដោយពុទ្ធពរ និង ពរទាំងប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណកុំបីឃ្លៀងឃ្លាត៕

