- ឯកឧត្តមនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង,
- ឯកឧត្តមនាយករដ្ឋមន្ត្រី,
- អគ្គលេខាធិការអាស៊ាន
- លោកជំទាវ, លោក, លោកស្រី!
ជាកិច្ចចាប់ផ្តើម, ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះ ជូនចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញខ្ញុំមកចូលរួមក្នុងវេទិកាអនាគតអាស៊ានលើកទី ៣ ជាមួយនឹងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។
ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះគំនិតផ្តួចផ្តើមរបស់វៀតណាម ក្នុងការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង។
ក្នុងរយៈពេលដ៏ខ្លី, វេទិកាអនាគតអាស៊ាន បានក្លាយជាវេទិកាដ៏សំខាន់មួយ សម្រាប់ការផ្លាស់ប្តូរយោបល់ត្រង់ទៅត្រង់មក ប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ លើបញ្ហាប្រឈមចម្បងៗ ដែលតំបន់របស់យើង និងពិភពលោកទាំងមូល កំពុងជួបប្រទះ។ វេទិកានេះអនុញ្ញាតឱ្យយើងវាយតម្លៃ លើបញ្ហាដែលយើងកំពុង ប្រឈមចំពោះមុខ និងស្វែងរកផ្លូវដើរទៅមុខ ប្រកបដោយភាពជាក់ស្តែងនិយម តាមរយៈ កិច្ចសន្ទនា, កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមគ្នា។
ការកំណត់មូលបទនៃវេទិកា «រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាព វិបុលភាព ប្រជាជនជាស្នូល» ពិតជាចំពេល និងមានភាពចាំបាច់ណាស់។
ដើម្បីពិភាក្សាអំពីអនាគត, ជាដំបូង, យើងត្រូវវាយតម្លៃ ឱ្យបានច្បាស់លាស់ អំពីស្ថានភាពបច្ចុប្បន្ននៃកិច្ចការពិភពលោក ដែលជះឥទ្ធិពលដល់សន្តិភាព, សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងន័យនេះ, ខ្ញុំយល់ស្របជាមួយនឹងការវាយតម្លៃរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានថ្លែងក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡាលើក ទី២៣ (23rd Shangri-La Dialogue)។ ឯកឧត្តមបានពិពណ៌នាយ៉ាងច្បាស់ពីវិបត្តិពាក់ព័ន្ធចំនួន ៣ រួមមាន៖ វិបត្តិនៃសណ្តាប់ធ្នាប់អន្តរជាតិ, វិបត្តិនៃគំរូអភិវឌ្ឍន៍ និងវិបត្តិនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រ (Strategic Trust)។
ឈរលើការវាយតម្លៃស្រដៀងគ្នា, សម្រាប់វេទិកានេះ, ខ្ញុំចង់ឆ្លុះបញ្ចាំងពីបញ្ហាសំខាន់ៗចំនួន ៣ ពាក់ព័ន្ធនឹងសន្តិភាព, សេដ្ឋកិច្ច, និងប្រជាជន។
ទី១. សន្តិភាព
ក្នុងពេលអតីតកាល, អាស៊ីអាគ្នេយ៍ គឺជាតំបន់ ដែលពោរពេញទៅដោយជម្លោះ, ការមិនជឿទុកចិត្តគ្នា, ការបែងចែកមនោគមវិជ្ជា និងភាពក្រីក្រ។ តាមរយៈកិច្ចសន្ទនា, ការកសាងទំនុកចិត្ត, ការគោរពអធិបតេយ្យភាព, ការមិនជ្រៀតជ្រែក, និងការដោះស្រាយជម្លោះ ដោយសន្តិវិធី ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន, តំបន់របស់យើងបានផ្លាស់ប្តូរបន្តិចម្តងៗ ទៅជាតំបន់មួយ ក្នុងចំណោមតំបន់ ដែលមានស្ថិរភាព និងជវភាពបំផុត នៅលើពិភពលោក។
ការផ្លាស់ប្តូរនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ, ប៉ុន្តែជាលទ្ធផលនៃការជ្រើសរើស ដោយផ្ទាល់ របស់ថ្នាក់ដឹកនាំ និងប្រជាជនរបស់យើង ពោលគឺ៖ ការជ្រើសរើសយកកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា, កិច្ចសហប្រតិបត្តិការ ជាជាងការបែកបាក់, និងវឌ្ឍនភាពរួម ជាជាងការប្រកួតប្រជែង។
ទោះជាយ៉ាងណាក្តី, ក្នុងពេលបច្ចុប្បន្ន, សន្តិភាពមិនមែនជាអ្វី ដែលយើងអាចមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ។
នៅទូទាំងពិភពលោក, យើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរ នៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា។ បច្ចុប្បន្ន, កម្រមានជម្លោះណា មិនរីកសាយភាយចេញពីតំបន់ដែលជម្លោះបានចាប់ផ្តើមពីដំបូងណាស់។ ជម្លោះសម័យទំនើបនេះ ក៏មានលក្ខណៈពហុវិមាត្រ ផងដែរ។
ភាពតានតឹង ដែលកំពុងកើតមានឡើងនៅមជ្ឈិមបូព៌ា គឺជាឧទាហរណ៍ជាក់ស្តែង។ ក្រៅពីការបំផ្លាញសន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់, ភាពតានតឹងនេះ ក៏បានរំខានដល់ការដឹកជញ្ជូនធនធានសំខាន់ៗ, ជាពិសេស ប្រេង និងឧស្ម័ន, និងបានរួមចំណែកដល់ការកើនឡើងនៃថ្លៃថាមពល, ថ្លៃស្បៀងអាហារ, សម្ពាធលើខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពមិនប្រាកដប្រជា នៅក្នុងទីផ្សារសកល។
ទោះបីជាកម្មវិបាក នៅមិនទាន់លេចចេញទាំងស្រុងនៅឡើយ, តថភាពដ៏ច្បាស់លាស់មួយនោះគឺ៖ អស្ថិរភាពនៅកន្លែងមួយ ជះឥទ្ធិពលកាន់តែខ្លាំងឡើងៗ ដល់វិបុលភាពនៅគ្រប់ទីកន្លែងទាំងអស់។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
បើក្រឡេកមកតំបន់យើងវិញ, បទឈប់បាញ់រវាងកម្ពុជា និងថៃ នៅបន្តមាន ប៉ុន្តែ កំពុងស្ថិតក្នុងសភាពមួយដ៏ផុយស្រួយ។ កម្ពុជានៅតែមានក្តីព្រួយបារម្ភ ចំពោះស្ថានការណ៍លើដីជាក់ស្តែង នៅក្នុងតំបន់កាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ ព្រំដែន និងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬ ការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្តែង។
ទាំងកម្ពុជា និងថៃ បានបង្ហាញយ៉ាងច្បាស់នូវការប្តេជ្ញាចិត្ត ចំពោះការដោះស្រាយដោយសន្តិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ ទៅជាសន្តិភាពអចិន្ត្រៃយ៍។ ជាក់ស្តែង ភាគីទាំងពីរបន្តបង្ហាញការប្រកាន់ខ្ជាប់នូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ហេតុដូច្នេះ ភាគីទាំងពីរចាំបាច់ត្រូវអនុវត្តសេចក្តីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្តើមឡើងវិញជាបន្ទាន់ នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។
កម្ពុជានៅតែបន្តផ្តល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្តិភាព និងវិបុលភាពនៅក្នុងតំបន់របស់យើង។
ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀង ដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា, ស្មារតីសុចរិតភាព (good faith) និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព, បូរណភាពទឹកដី, និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរព ដែលឈានទៅស្តារឡើងវិញនូវទំនុកចិត្ត, ការធានាបាននូវសន្តិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើង ដែលបានភៀសសឹក អាចត្រឡប់ទៅផ្ទះសម្បែងវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងអាចស្តារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ។
សេចក្តីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្តួចផ្តើមយន្តការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពី នីតិសមុទ្រ (UNCLOS) បានបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះរបស់យើង ក្នុងការស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដែលឈរផ្អែកលើមូលដ្ឋានរឹងមាំលើច្បាប់អន្តរជាតិ។ ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃ ក្នុងការចូលរួមក្នុង កិច្ចសម្របសម្រួលក្រោមក្របខ័ណ្ឌ UNCLOS នេះ គឺជាជំហានគួរឱ្យស្វាគមន៍មួយ ឆ្ពោះទៅរកការដោះស្រាយដោយសន្តិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា។
ដំណោះស្រាយនេះ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។
ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្តាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។
ទី២. សេដ្ឋកិច្ច
បច្ចុប្បន្ន, ពិភពលោក បាន និងកំពុងរងការញាំញីដោយពហុវិបត្តិ ដែលកើតឡើងជាបន្តបន្ទាប់។ ការណ៍នេះធ្វើឱ្យបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាព លែងសូវមានភាពលេចធ្លោ នៅលើឆាកអន្តរជាតិ។ ជាការពិត, យើងកំពុងមើលឃើញ នូវការដើរថយក្រោយនៃដំណើរការអភិវឌ្ឍ របស់រដ្ឋតូចៗ ដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើសន្តិភាព, ភាពបើកចំហ, ពាណិជ្ជកម្មអន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ដើម្បីឈានជើងឡើងជាបណ្តើរៗ លើជណ្តើរនៃការអភិវឌ្ឍ។
ក្នុងការពិភាក្សា អំពីអនាគតនៃសេដ្ឋកិច្ចអាស៊ាន, យើងមិនអាចបំភ្លេចបាននូវ សារៈសំខាន់ នៃការការពារសមិទ្ធផល ដែលអាស៊ានសម្រេចបានរួមគ្នា ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកាន់តែមានសមាហរណកម្មនោះទេ។
ទស្សនៈដែលថា រដ្ឋជាសមាជិកមួយ អាចពឹងផ្អែកលើខ្លួនឯងទាំងស្រុង នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ។
ដើម្បីជាប្រយោជន៍ ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន, យើងមិនត្រូវរំលាយ និងផ្តាច់ខ្លួនចេញពីប្រព័ន្ធ ដែលបាននាំមកនូវកាលានុវត្តភាពសេដ្ឋកិច្ចរួម សម្រាប់សហគមន៍ទាំងមូលនោះឡើយ។ ក្នុងន័យនេះ អាស៊ានត្រូវតែ៖
- បន្តដើរតួជា អ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី, បើកចំហ, បរិយាបន្ន និងផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល;
- ទាញយកប្រយោជន៍ ឱ្យបានអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ តាមរយៈការដំឡើងកម្រិត និងការអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព;
- បន្តធ្វើសមាហរណកម្មតំបន់ ឱ្យកាន់តែស៊ីជម្រៅ; និង
- វិនិយោគលើវិស័យ ដែលកំណត់អនាគតនៃកំណើន រួមមាន៖ បញ្ញាសិប្បនិម្មិត (AI), បរិវត្តកម្មឌីជីថល, អន្តរកាលបៃតង, ខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់, សេដ្ឋកិច្ចពណ៌ខៀវ, សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy), វិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍។
ទី៣. ប្រជាជន
នៅពេលយើងព្យាយាមជំរុញកំណើនសេដ្ឋកិច្ច ក្នុងគ្រប់គោលនយោបាយ ដែលយើងបង្កើតឡើង,យើងត្រូវចងចាំជានិច្ចថា វិបុលភាព ដែលមានអត្ថន័យ លុះត្រាតែ បម្រើដល់ប្រជាជន។
ជារួម, ទាំងសន្តិភាព ទាំងវិបុលភាព មិនមែនជាគោលដៅចុងក្រោយ នោះទេ។ តម្លៃពិតប្រាកដ ស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ, សេចក្តីថ្លៃថ្នូរ, សន្តិសុខ និងកាលានុវត្តភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង។
ការវាយតម្លៃលើសមិទ្ធផលរបស់អាស៊ាន មិនគួរពិនិត្យ ត្រឹមតែលើផលិតផលក្នុងស្រុកសរុប, ទំហំពាណិជ្ជកម្ម ឬរំហូរវិនិយោគនោះទេ។ យើងក៏គួរវាយតម្លៃថាតើប្រជាជនរបស់យើងមានជីវភាពរស់នៅកាន់តែប្រសើរ, មានសុវត្ថភាព និងសុខភាពល្អជាងមុន, និងមានជីវិតពោរពេញទៅដោយក្តីសង្ឃឹមជាងមុនដែរឬទេ។
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ, អាស៊ានបានជួយប្រជាជនរាប់លាននាក់ ឱ្យរួចផុតពីភាពក្រីក្រ, ពង្រីកការទទួលបានការអប់រំ និងការថែទាំសុខភាព, លើកកម្ពស់ការតភ្ជាប់, បង្កើតការងារ, បង្កើនការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងគាំទ្រដល់ការលេចកាន់តែច្រើនឡើងៗនៃវណ្ណៈកណ្តាល (Middle Class)។
ទោះជាយ៉ាងណាក្តី, នៅពេលដែលការរំពឹងទុកមានការកើនឡើង ហើយបញ្ហាប្រឈមកាន់តែមានភាពស្មុគស្មាញ, អាស៊ាន ត្រូវបន្តផ្តល់ផលប្រយោជន៍ ឱ្យកាន់តែមានប្រសិទ្ធភាព ដល់ប្រជាជនរបស់ខ្លួន។
ការណ៍នេះ តម្រូវឱ្យអាស៊ានបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់ខ្លួន នៅគ្រប់សសរស្ដម្ភទាំងអស់។
ទិដ្ឋភាពដ៏សំខាន់មួយ ក្នុងការកសាងសហគមន៍ ប្រកបដោយភាពសុខដុម និងការយកចិត្តទុកដាក់ គឺការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋជាសមាជិក។ ការខ្វះខាតការយល់ដឹងពីគ្នាទៅវិញទៅមកនេះ បានធ្វើឱ្យចំណងមិត្តភាព, ការការពារការរស់នៅរួមគ្នា ប្រកបដោយសន្តិភាព និងភាពជាអ្នកជិតខាងល្អ ក៏ដូចជាស្មារតីសាមគ្គីភាពនៃភាពជាសហគមន៍ កាន់តែចុះខ្សោយ។
ជាងនេះទៅទៀត, ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក អនុញ្ញាតឱ្យមាននូវលទ្ធិជាតិនិយម (Nationalism), លទ្ធិប្រជាភិថុតិ (Populism), លទ្ធិកែប្រែនិយម (Revisionism) ដ៏តូចចង្អៀត ព្រមទាំង ការឃោសនា ដែលនាំឱ្យមានការបែកបាក់ កាន់តែមានអំណាច ដែលអាចប៉ះពាល់ដល់ការកសាងសហគមន៍។
ដើម្បីទប់ទល់នឹងនិន្នាការដ៏គ្រោះថ្នាក់នេះ, អាស៊ានត្រូវពង្រីកការផ្លាស់ប្តូររវាងយុវជន និងការផ្លាស់ប្តូរផ្នែកការសិក្សាអប់រំ, កិច្ចសហប្រតិបត្តិការវប្បធម៌, ការចូលរួមផ្នែកសេដ្ឋកិច្ច, ភាពជាដៃគូប្រព័ន្ធផ្សព្វផ្សាយ និងអន្តរកម្មផ្សេងឱ្យបានរឹងមាំ។ សកម្មភាពទាំងនេះនឹងធានាថា មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ យល់ដឹងពីគ្នាទៅវិញទៅមកកាន់តែច្បាស់។
- ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី!
បទពិសោធន៍របស់អាស៊ាន បានបង្ហាញថា សន្តិភាពបង្កើតលក្ខខណ្ឌសម្រាប់ វិបុលភាព ហើយជាគោលដៅចុងក្រោយ វិបុលភាពត្រូវតែបម្រើដល់ប្រជាជន។
ការណ៍នេះគឺជា ស្នូលដ៏សំខាន់ ក្នុងការបង្កើតអនាគតរួមគ្នារបស់យើង។
ក្នុងពិភពលោក ដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់, អាស៊ានត្រូវតែរក្សាការរួបរួមគ្នា, ភាពធន់, ការគិតគូរវែងឆ្ងាយ និងការជឿទុកចិត្តលើសមត្ថភាព ក្នុងការកំណត់ជោគវាសនារបស់ខ្លួន។
យើងត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ ដែលបានតម្រង់ទិសភាពជោគជ័យរបស់យើង ពោលគឺ៖ ការគោរពអធិបតេយ្យភាព, ការដោះស្រាយជម្លោះដោយសន្តិវិធី, កិច្ចសន្ទនា, កិច្ចសហប្រតិបត្តិការ, បរិយាបន្ន និងការទទួលខុសត្រូវរួមគ្នា។
ការណ៍នេះ នឹងអនុញ្ញាតឱ្យអាស៊ាន បន្តដើរតួជាកម្លាំងនៃស្ថិរភាព, ជាស្នូលនៃកំណើន, និងជាតំបន់នៃកាលានុវត្ត និងក្តីសង្ឃឹម។

