សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា ឆ្នាំ២០២៥

ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាល គណៈអធិបតី ភ្ញៀវកិត្តិយស ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកណ្ដាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធ​យុវជនកម្ពុជា ឆ្នាំ២០២៥ នៅលើទឹកដីអង្គរ នៅពេលនេះ។ ក្នុងនាមជាប្រធានកិត្តិយសហភាពសហព័ន្ធយុវជនកម្ពុជា ខ្ញុំសូមអរគុណ​ ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ និងបានផ្តល់នូវធាតុចូលសំខាន់ៗសម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅការងារបន្ត ហើយខ្ញុំក៏សូមអរគុណចំពោះគណៈកម្មការរៀបចំ ដែលបានចាត់ចែងសម្របសម្រួលកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឱ្យប្រព្រឹត្តទៅដោយរលូន ប្រកប​ដោយ​ភាពជោគជ័យគួរជាទីមោទនៈ។ ខ្ញុំសូមយកឱកាសនេះ ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែល ស.ស.យ.ក. សម្រេចបានរយៈកាលកន្លងមក ដូចដែល ឯកឧត្តម ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ក្នុងសេចក្តីរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ស.ស.យ.ក. អម្បាញ់មិញនេះ។ សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវកិច្ចខិតខំប្រឹងប្រែង និងការចូលរួមសហការ​គ្នាយ៉ាងជិតស្និទ្ធរបស់បងប្អូនយុវជនយើងពីគ្រប់មជ្ឈដ្ឋាន ក្នុងការបំពេញភារកិច្ចរៀងខ្លួនៗ ក្រោម​ស្មារតីសាមគ្គីភាព មិត្តភាព ភាតរភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរឆ្ពោះទៅការចូលរួម​ជ្រោង​ទង់ចលនាយុវជន ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនជាទីស្នេហានៃយើង។ ជាមួយគ្នានេះដែរ…

សម្ដេចមហាបវរធិបតី បញ្ជាឱ្យបិទច្រកទ្វារព្រំដែនចំនួន២ ជាអចិន្ត្រៃយ៍ក្នុងខេត្តឧត្តរមានជ័យ ឆ្លើយតបនឹងមេទ័ពយោធភូមិភាគ២ របស់ថៃ ដែលបិទច្រកសាយតាគូ-ជប់គគីរ

កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកងទ័ពថៃទើបបានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។ ខ្ញុំបានឯកភាពឱ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រកនេះខាងកម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជាឱ្យឯកឧត្តមអភិបាលខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយឱ្យជូនដំណឹងទៅភាគីថៃវិញផងដែរ។ ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែប្រែពេលវេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិនបានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។ កម្ពុជាមិនដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកងទ័ពថៃនៅបន្តប្រើវិធីបែបនេះដើម្បីដាក់គំនាបមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។ វាជារឿងចម្លែកមួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែស្នើសុំឱ្យមានការចរចាបើកច្រកព្រំដែនឱ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេលជាមួយគ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួលម៉ោងបិទបើកច្រកតាមចិត្តនឹកឃើញជាឯកតោភាគីទៅវិញ។ ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់សុំចរចាទ្វេភាគីដើម្បីបើកច្រកឱ្យប្រក្រតីឡើងវិញ រីឯម្នាក់ទៀតបន្តបិទបើកជាឯកតោភាគី។ ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយករដ្ឋមន្ត្រីចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំងកងទ័ពគឺអនុវត្តបទបញ្ជានោះដោយម៉ឺងម៉ាត់។ ចំពោះការបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែប្រកាន់ជំហរដដែលគឺ មិនមានការចាំបាច់ក្នុងការចរចាទ្វេភាគីរឿងបើកច្រកព្រំដែនរវាងប្រទេសទាំងពីរនោះទេ។ បើភាគីថៃពិតជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ…