សុន្ទរកថានិងសេចក្ដីអធិប្បាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង«គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន»
ឯកឧត្តម លោកជំទាវ សមាជិក សមាជិការាជរដ្ឋាភិបាលឯកអគ្គរាជទូត/រដ្ឋទូត តំណាងស្ថានអង្គទូតនានាប្រចាំកម្ពុជាគណៈអធិបតី ភ្ញៀវកិត្តិយស តំណាងដៃគូអភិវឌ្ឍន៍បងប្អូនប្រជាពលរដ្ឋតំណាងអ្នកទទួលកម្មវិធីជំនួយសង្គម ក៏ដូចជាអ្នកមានបណ្ណសមធម៌ដែលចូលរួមព្រឹកនេះ ព្រមទាំងជនរួមជាតិទាំងអស់ ជាទីមេត្រី! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្ស ដោយបានចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង«គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាឯកសារដ៏សំខាន់ចំនួន២ ក្រោមកម្មវិធីគោលនយោបាយអាទិភាពទី៣ គឺ ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ [ចាប់ផ្ដើមសេចក្ដីអធិប្បាយ១] (១) កូវីដ-១៩ ធ្វើឲ្យអត្រានៃភាពក្រីក្រដែលនៅក្រោម ១០% ក្នុងឆ្នាំ ២០១៧ ហក់ឡើងដល់ ១៧% វិញ កម្មវិធីគោលនយោបាយអាទិភាពនេះ ត្រូវបានផ្ដួចផ្ដើមឡើងនៅអាណត្តិទី៦ ដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្រ្តី និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ តាំងពីយើងបានបញ្ចប់សង្រ្គាមមក ជាមោទនភាពដែលប្រទេសយើងបានទទួលនូវការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងនោះ ជីវភាពរបស់ប្រជាពលរដ្ឋយើងបានរីកចម្រើន ដែលជាក់ស្ដែង អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ ក្នុងរយៈពេលជាង១៥ ឆ្នាំនេះ អត្រានៃភាពក្រីក្រកាលពីឆ្នាំ២០០៧ ដែលមានជាង ៤៧ភាគរយ ដល់ឆ្នាំ២០១៧ ត្រូវបានកាត់បន្ថយនៅក្រោម ១០ភាគរយ។ ប៉ុន្តែបាតុភាពនៃកូវីដ-១៩…